មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦៤ ( មេរៀនទី ១៤ )
សេចក្តីផ្ដើម
នៅក្នុងរដូវក្ដៅឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ គឺជាអ្នកមើលការខុសត្រូវលើការឧទ្ទិសឆ្លងទឹកដីដែលពួកបរិសុទ្ធត្រូវសាងសង់ទីក្រុងស៊ីយ៉ូននៅក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ។ អវត្តមានរបស់ព្យាការី បានធ្វើឲ្យសមាជិកសាសនាចក្រមួយចំនួននៅរដ្ឋ អូហៃអូ បានងាកចេញពីបទបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរ ។ មេរៀននេះផ្តោតលើព្រះបញ្ញត្តិមួយចំនួន ដែលព្រះអម្ចាស់បានគូសបញ្ជាក់ថា បន្ទាប់ពីយ៉ូសែប ស្ម៊ីធ បានត្រឡប់ទៅរដ្ឋអូហៃអូវិញ—រួមមានទាំងព្រះបញ្ញត្តិដើម្បីចៀសវាងពីតម្រេកសម្រើបចង់បាន និង ការអភ័យទោសដល់មនុស្សដទៃ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១-២១
ព្រះអម្ចាស់ព្រមានពួកបរិសុទ្ធអំពីផលវិបាកនៃសេចក្ដីទុច្ចរិត និង ការបះបោរ
សូមសរសេរសំណួរខាងក្រោមនេះលើក្តារខៀន ៖ ហេតុអ្វីអ្នកគិតថាវាសំខាន់ ដែលយើងត្រូវរស់នៅឲ្យស្របតាមជំនឿរបស់យើងក្នុងនាមជា សមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ? សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។
សូមពន្យល់ថានៅក្នុងរដូវក្ដៅឆ្នាំ ១៨៣១ ខណៈដែលយ៉ូសែប ស្ម៊ីធ និង អ្នកដឹកនាំសាសនាចក្រដទៃទៀតស្ថិតនៅក្នុងរដ្ឋមិសសួរី ដើម្បីឧទ្ទិសឆ្លងទឹកដី និងទីតាំងព្រះវិហារបរិសុទ្ធនៅស៊ីយ៉ូន នោះមានសមាជិកសាសនាចក្រមួយចំនួនបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរដោយសម្ងាត់ ។ បន្ទាប់ពីព្យាការីបានត្រឡប់ទៅដល់រដ្ឋអូហៃអូវិញ នោះលោកបានទទួលវិវរណៈ ដែលបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៣ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលរបៀបដែលព្រះអម្ចាស់មានព្រះបន្ទូលអំពីសមាជិកសាសនាចក្រនៅក្នុងខគម្ពីរទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
តើ ការហៅ ខ្លួនយើងថាជារាស្ត្រនៃព្រះអម្ចាស់ ខុសគ្នាពី ការធ្វើជា រាស្ត្រនៃព្រះអម្ចាស់យ៉ាងដូចម្ដេច ? ( នៅពេលសិស្សពិភាក្សាពីសំណួរនេះ អ្នកអាចបង្ហាញថា ពួកបរិសុទ្ធជាច្រើនបានធ្វើអ្វីៗជាច្រើនទៀត ជាជាងគ្រាន់តែហៅខ្លួនគេថាជាព្រះរាស្ត្ររបស់ព្រះអម្ចាស់ ។ ពួកគេបន្តនៅស្មោះត្រង់ ) ។
សូមឲ្យសិស្សអាន ខ ១ ចុះឡើងម្ដងទៀត ហើយរកមើលការបញ្ជារបស់ព្រះអម្ចាស់ដល់អ្នកទាំងឡាយដែលហៅខ្លួនគេថាជារាស្ត្ររបស់ទ្រង់ ។
-
តើព្រះអម្ចាស់មានព្រះទ័យឲ្យយើងធ្វើអ្វីខ្លះក្នុងនាមជារាស្ត្ររបស់ទ្រង់ ? ( សូមសង្ខេបចម្លើយរបស់សិស្សដោយការសរសេរនូវគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ក្នុងនាមជារាស្ត្ររបស់ព្រះអម្ចាស់ នោះយើងបើកដួងចិត្តរបស់យើង ហើយស្ដាប់តាមព្រះបន្ទូល និងព្រះឆន្ទៈរបស់ទ្រង់ស្ដីអំពីយើង) ។
-
តើអ្នកគិតថាការបើកដួងចិត្តរបស់យើងមានន័យយ៉ាងដូចម្ដេច ?
-
តើការបើកដួងចិត្តរបស់យើង រៀបចំយើងឲ្យស្ដាប់តាមសំឡេងរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើអ្នកធ្វើអ្វីខ្លះដើម្បីជួយអ្នកឲ្យបើកដួងចិត្តរបស់អ្នក ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:២-២១ ដោយពន្យល់ថា ព្រះអម្ចាស់បានស្តីបន្ទោសដល់អស់អ្នកដែលមិនជឿ ហើយបានព្យាយាមស្វែងរកទីម្គាល់ ហើយបានប្រព្រឹត្តិអំពើកំផិត និង អំពើបានធ្ងន់ធ្ងរដទៃទៀត ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:១៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលការព្រមានមួយ ដែលព្រះអម្ចាស់បានប្រទានឲ្យ ។
-
តើការព្រមានអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុង ខ ១៦?
-
តើវាមានន័យយ៉ាងណា ដែលក្រឡេកមើលនរណាម្នាក់ ហើយមានតម្រេកសម្រើបចង់បាន ? ( ពាក្យថា តម្រេកសម្រើបចង់បាន មានន័យថា « ការមានបំណងប្រាថ្នាដោយពុំត្រឹមត្រូវយ៉ាងលើសលប់ចំពោះអ្វីមួយ » ឬ នរណាម្នាក់ [ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, « តម្រេកសម្រើបចង់បាន » scriptures.lds.org ] ។ ការមើលទៅនរណាម្នាក់ដោយមានតម្រេកសម្រើបចង់បាន មានន័យថាមើលទៅរូបរាងកាយរបស់នរណាម្នាក់ដោយពុំត្រឹមត្រូវ ឬតាមវិធីមួយដែលដាស់អារម្មណ៍ខាងផ្លូវភេទ ។ ការណ៍នេះជាប់ទាក់ទងនឹងការមើលការណ៍ភាពអាសគ្រាម ) ។
-
តើមានគោលការណ៍អ្វីខ្លះដែលអ្នកមើលឃើញនៅក្នុងការព្រមានរបស់ព្រះអម្ចាស់ នៅក្នុង ខ ១៦? ( សិស្សអាចប្រើពាក្យផ្សេងទៀត ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ ប្រសិនបើយើងមើលទៅនរណាម្នាក់ដោយតម្រេកសម្រើបចង់បាន នោះយើងនឹងគ្មានព្រះវិញ្ញាណ ហើយយើងនឹងបដិសេធសេចក្ដីជំនឿ ។ អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំគោលការណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
ហេតុអ្វីក៏អ្នកគិតថា ការមានតម្រេកសម្រើបចង់បានចំពោះនរណាម្នាក់ បណ្ដាលឲ្យមនុស្សម្នាក់នោះបាត់បង់ព្រះវិញ្ញាណយ៉ាងដូច្នេះ ?
-
តើយើងអាចយកឈ្នះលើការល្បួងនៃតម្រេកសម្រើបចង់បានចំពោះអ្នកដទៃយ៉ាងដូចម្តេច ?
ជាចំណែកនៃការពិភាក្សាអំពីការចៀសវាងពីតម្រេកសម្រើបចង់បាន អ្នកអាចឲ្យច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ខាងក្រោមដល់សិស្សម្នាក់ៗដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យប្ដូរវេនគ្នាអានកថាខណ្ឌទាំងនោះឲ្យឮៗ ។ បន្ទាប់ពីអានកថាខណ្ឌនិមួយៗចប់ហើយ សូមសួរសិស្សឲ្យពន្យល់ពីរបៀបដែលការទូន្មានខាងក្រោមនេះ អាចជួយយើងឲ្យយកឈ្នះលើការល្បួងនៃតម្រេកសម្រើបចង់បាននេះ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា ៖
« សំខាន់បំផុតនោះ ចាប់ផ្ដើមដោយការញែកខ្លួនអ្នកចេញពីមនុស្ស សម្ភារ និងស្ថានភាពនានាដែលនឹងគ្រោះថ្នាក់ដល់អ្នក ។…
« … ប្រសិនបើឃើញកម្មវិធីទូរទស្សន៍មិនត្រឹមត្រូវនោះសូមបិទវា ។ ប្រសិនបើខ្សែភាពយន្ដពុំស្អាតស្អំទេ នោះសូមដើរចេញ ។ ប្រសិនបើទំនាក់ទំនងមិនត្រឹមត្រូវកើតមានឡើង សូមបញ្ចប់ទំនាក់ទំនងនោះ ។ យ៉ាងហោចណាស់នៅគ្រាដំបូងឡើយ ឥទ្ធិពលទាំងនេះអាចនឹងមិនអាក្រក់ខ្លាំងទេ ប៉ុន្តែវាអាចនឹងធ្វើឲ្យវក់វីដល់ការវិនិច្ឆ័យរបស់យើង ធ្វើឲ្យជីវភាពខាងវិញ្ញាណរបស់យើងស្រអាប់ ហើយដឹកនាំទៅរកអ្វីមួយដែលអាចនឹងអាក្រក់ ។
« សូមជំនួសគំនិតតម្រេកសម្រើបដោយរូបភាពនៃក្ដីសង្ឃឹម និងអានុស្សារីយ៍ប្រកបដោយក្ដីអំណរ រូបភាពនៃទឹកមុខរបស់អ្នកទាំងឡាយដែលអ្នកស្រឡាញ់ ថាអ្វីៗទាំងនោះនឹងត្រូវបំផ្លាញបង់ ប្រសិនបើអ្នកបណ្តែតបណ្តោយខ្លួនតាមតណ្ហាបែបនេះ ។… មិនថាអ្នកមានគំនិតអ្វីនោះទេ សូមប្រាកដថា វាស្វាគមន៍មកក្នុងចិត្តរបស់អ្នកដោយការអញ្ជើញតែប៉ុណ្ណោះ ។
« សូមបណ្ដុះវាឡើង និងនៅកន្លែងដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ ។ សូមប្រាកដថាគេហដ្ឋាន ឬផ្ទះជួលរបស់អ្នកផ្ទាល់មាននូវប្រភេទនៃតន្ត្រី សិល្បៈ និងអក្សរសាស្ត្រដែលរក្សាការពារអ្នកនៅទីនោះ »(Place No More for the Enemy of My Soul »Ensignឬ Liahona, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៤៥, ៤៦ ) ។
សូមសួរប្រសិនបើមានសិស្សណាមានបំណងចង់ ចែកចាយទីបន្ទាល់របស់ពួកគេអំពីរបៀបដែលពួកគេបានទទួលពរជ័យចំពោះកិច្ចខិតខំរបស់ខ្លួន ដើម្បីរស់នៅតាមច្បាប់ព្រហ្មចារីភាព ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨-១៩
ព្រះអម្ចាស់បញ្ជាពួកអ្នកបម្រើទ្រង់ឲ្យអភ័យទោសដល់គ្នាទៅវិញទៅមក
សូមរំឭកសិស្សអំពីការចាត់តាំងរបស់ពួកគេពីថ្ងៃទី ៣នៃមេរៀននេះ ដើម្បីព្យាយាមទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១, ដែលជាវគ្គចំណេះចំណាខគម្ពីរមួយ ។ សូមអញ្ជើញសិស្សឲ្យទន្ទេញខគម្ពីរទាំងនេះឲ្យឮៗជាមួយគ្នា ។ ( សិស្សអាចមើលគម្ពីររបស់ខ្លួនសម្រាប់ជាជំនួយ ) ។ សូមសួរ ប្រសិនបើមានសិស្សដែលចង់សូត្រខគម្ពីរទាំងនេះឲ្យឮៗដោយខ្លួនឯងដល់សិស្សផ្សេងទៀតនៅក្នុងថ្នាក់ ។ សូមសរសេរព្រះបញ្ញត្តិខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ចេញបញ្ជាដល់យើងឲ្យអភ័យទោសដល់មនុស្សគ្រប់គ្នា ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដើម្បីអភ័យទោសមនុស្សទាំងអស់ មិនថាពួកគេមកសុំអភ័យទោសចំពោះកំហុសរបស់ពួកគេឬអត់នោះ ?
-
តើវាជួយយើងដើម្បីទុកឲ្យព្រះ ជាអង្គជំនុំជម្រះដល់អស់អ្នកដែលធ្វើឲ្យយើងឈឺចាប់យ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថាបានទទួលពរ ដោយសារតែការអភ័យទោសឲ្យនរណាម្នាក់នោះ ?
សូមចង្អុលបង្ហាញថា ពេលខ្លះយើងមានឆន្ទៈអភ័យទោសឲ្យមនុស្សដទៃ ប៉ុន្តែយើងលំបាកដើម្បីអភ័យទោសឲ្យខ្លួនឯង ។
-
ហេតុអ្វីក៏យើងត្រូវអភ័យទោសឲ្យខ្លួនឯង ?
សូមចង្អុលបង្ហាញទៅគោលការណ៍ទីមួយដែលអ្នកសរសេរនៅលើក្ដារខៀន នៅពេលចាប់ផ្ដើមថ្នាក់រៀន ៖ ក្នុងនាមជារាស្ត្ររបស់ព្រះអម្ចាស់ យើងត្រូវបើកដួងចិត្តរបស់យើង និងស្ដាប់ព្រះបន្ទូលរបស់ទ្រង់ និងព្រះទ័យរបស់ទ្រង់ចំពោះយើង ។ សូមអញ្ជើញសិស្សឲ្យគិតថា តើដួងចិត្តរបស់ពួកគេបើកចំហរចំពោះការបំផុសគំនិត ឬចំណាប់អារម្មណ៍អំឡុងការសិក្សាអំពីព្រះគម្ពីរនាថ្ងៃនេះរបស់ពួកគេដែរឬទេ ។ សូមលើកទឹកចិត្តពួកគេធ្វើសកម្មភាពតាមការបំផុសគំនិត និងចំណាប់អារម្មណ៍ដែលពួកគេបានទទួលមកពីព្រះអម្ចាស់ ហើយថ្លែងទីបន្ទាល់ថានៅពេលពួកគេធ្វើដូច្នោះ នោះពួកគេនឹងក្លាយជារាស្រ្តរបស់ព្រះអម្ចាស់ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៧១)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ខ្លួន អំឡុងពេលនៃសប្តាហ៍នេះ អ្នកក៏អាចអញ្ជើញពួកគេឲ្យពិចារណាពីសំណួរខាងក្រោម ៖ តើថ្មមួយអាចរមៀលចេញទៅរហូតដល់បានពេញផែនដីទាំងមូលបានយ៉ាងដូចម្តេច ? តើព្រះអម្ចាស់ស្គាល់យើងម្នាក់ៗយ៉ាងច្បាស់ដោយរបៀបណា ? ហេតុអ្វីឪពុកម្តាយមានកាតព្វកិច្ចជាទម្ងន់ ដើម្បីបង្រៀនដំណឹងល្អដល់កូនចៅរបស់ខ្លួន ? តើមានលទ្ធផលអ្វីខ្លះកើតឡើងដល់ឪពុកម្តាយដែលពុំបានធ្វើការណ៍នោះ ? សូមប្រាប់ដល់សិស្សជាមុនថា អំឡុងពេលនៃការសិក្សាព្រះគម្ពីររបស់ពួកគេនៅសប្តាហ៍នេះ នោះពួកគេនឹងរកឃើញចម្លើយចំពោះសំណួរទាំងនេះ ។