មេរៀនទី ១៣៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១២-២១
បុព្វកថា
មេរៀននេះមានគោលលទ្ធិដែល យ៉ូសែប ស្ម៊ីធបានបង្រៀននៅក្នុងការប្រជុំសាសនាចក្រមួយនៅរ៉ាមូស រដ្ឋ អិលលីណោយ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។ ការបង្រៀនទាំងនេះបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០ ។ ព្យាការីបានបង្រៀនអំពីព្រឹត្តិការណ៍នាពេលអនាគត រួមទាំងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកក៏បានបង្រៀនពួកគេអំពីសមត្ថភាពរបស់យើង ដើម្បីរក្សាចំណេះដឹង និង បញ្ញាបន្ទាប់ពីយើងស្លាប់ទៅ ហើយបានពន្យល់ពីរបៀបដែលយើងអាចទទួលពរជ័យរបស់ព្រះ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១២-១៧
យ៉ូសែប ស៊្មីធ បង្រៀនអំពីការយាងមកជាលើកទីពីរ
ពីមុនរៀន សូមសរសេរសេចក្តីថ្លែងការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ មនុស្សជាច្រើនបានឆ្ងល់អំពីកាលបរិច្ឆទជាក់លាក់នៃការយាងមកជាលើកទីពីរ ។
-
តើអ្នកធ្លាប់ ចង់ដឹងជាក់លាក់ពីពេលនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
សូមពន្យល់ថានៅសម័យយ៉ូសែប ស៊្មីធ អ្នកផ្សព្វផ្សាយគ្រិស្តសាសនាល្បីល្បាញម្នាក់ឈ្មោះ វីល្លាម មីលល័រ បានប្រកាសអំពី ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនឹងកើតឡើងនៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៤៣ ។ មួយថ្ងៃមុនកាលបរិច្ឆេទនៃការព្យាករណ៍របស់មីលល័រអំពីការយាងមកជាលើកទីពីរ ព្យាការីយ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ទៅកាន់ពួកបរិសុទ្ធនៅ រ៉ាមូស រដ្ឋ អិលលីណោយ ហើយបានបញ្ជាក់ថា លោកបានអធិស្ឋានដើម្បីដឹងពីពេលនៃការយាងមកជាលើកទីពីរ ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១៤-១៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលយ៉ូសែប ស្មីបានរៀននៅពេលលោកបានអធិស្ឋានអំពីពេលវេលានៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើព្រះអម្ចាស់បានបើកសម្ដែងដល់យ៉ូសែប ស៊្មីធ អំពីកាលបរិច្ឆេទច្បាស់លាស់អំពីការយាងមកជាលើកទីពីរដែរឬទេ ?
-
តើព្រះអម្ចាស់បានប្រាប់ឲ្យ យ៉ូសែប ស៊្មីធធ្វើអ្វីខ្លះ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ អ្នកអាចផ្តល់យោបល់ឲ្យពួកគេគូសចំណាំឃ្លា « សូមកុំរំខានយើងពីការណ៍នេះទៀតឡើយ » នៅក្នុងបទគម្ពីររបស់ពួកគេ ។ សូមពិចារណានាំសិស្សមើល លេខយោងនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៥ ក ដើម្បីគូសបញ្ជាក់បន្ថែមទៀតថាគ្មាននរណាម្នាក់ដឹងដោយជាក់លាក់ពីពេលវេលាដែលព្រះអង្គសង្គ្រោះនឹងត្រឡប់មកវិញឡើយ ) ។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« ខ្ញុំត្រូវបានហៅជាសាវកម្នាក់ដើម្បីធ្វើជាសាក្សីពិសេសរបស់ព្រះគ្រីស្ទ…ហើយខ្ញុំមិនដឹងពីពេលវេលាដែលទ្រង់នឹងយាងមកម្តងទៀតឡើយ ។ អ្វីដែលខ្ញុំដឹង គឺថាគ្មានបងប្អូនណាម្នាក់នៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ឬ សូម្បីតែនៅក្នុងគណៈប្រធានទីមួយបានដឹងឡើយ ។ ហើយខ្ញុំចង់ប្រាប់ដោយរាបទាបថា បើសិនយើងមិនដឹងពីរឿងនោះទេនោះគ្មាននរណាដឹងឡើយ ។… ព្រះអង្គសង្គ្រោះបានមានបន្ទូលថា ‹ អំពីថ្ងៃ និង កាលវេលានោះ គឺគ្មាននរណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃព្រះនៅឯសួគ៌ ប៉ុន្តែមានតែព្រះវរបិតាយើងមួយអង្គគត់ › [ Joseph Smith—Matthew ១:៤០
« ខ្ញុំជឿថា នៅពេលព្រះអម្ចាស់មានបន្ទូលថា ‹ គ្មានអ្នកណា › ដឹង ទ្រង់ពិតជាមានន័យថា គ្មានម្នាក់ដឹងឡើយ » (When Shall These Things Be ? » Ensignខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៥៦) ។
-
តើយើងរៀនបានអ្វីខ្លះពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១៤–១៧ និង សេចក្តីថ្លែងការណ៍របស់អែលឌើរ បាឡឺដ ? ( សិស្សអាចរកឃើញសេចក្តីពិតផ្សេងៗគ្នា ប៉ុន្តែពួកគេគួររកឃើញសេចក្តីពិតខាងក្រោមនេះ ៖ មានតែព្រះប៉ុណ្ណោះដែលដឹងច្បាស់លាស់ពី ពេលវេលានៃការយាងមកជាលើកទីពីរនឹងកើតឡើង) ។
សូមចង្អុលបង្ហាញថានៅក្នុងសម័យរបស់យើងនេះ មនុស្សមួយចំនួនព្យាយាមព្យាករណ៍ពីពេលវេលាជាក់លាក់នៃការយាងមកជាលើកទីពីរ ឬ ចុងបំផុតនៃលោកិយ ។
-
តើការចងចាំពីគោលការណ៍នេះ អាចជួយអ្នកកុំឲ្យត្រូវបានដឹកនាំដោយខុសឆ្គងដោយការប្រកាសក្លែងក្លាយដោយរបៀបណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១៨-១៩
យ៉ូសែប ស៊្មីធបង្រៀនអំពីសារៈសំខាន់នៃការទទួលបានចំណេះដឹង និង បញ្ញានៅក្នុងជីវិតនេះ
បើសិនអាចធ្វើបាន សូមបង្ហាញវ៉ាលី ឬ កាបូបមួយ ។ សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថាពួកគេកំពុងចាកចេញពីផ្ទះ ហើយទៅកន្លែងមួយដែលពួកគេមិនធ្លាប់ទៅពីមុន ។ ពួកគេត្រូវបានអនុញ្ញាតឲ្យយកតែរបស់របបល្មមពេញតែវ៉ាលី ( ឬ កាបូប ) នេះប៉ុណ្ណោះ ។
-
តើអ្នកនឹងចង់វិចខ្ចប់ឥវ៉ាន់អ្វីខ្លះដាក់នៅក្នុងវ៉ាលីនេះ ? ( សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ) ។
សូមឲ្យសិស្សស្រមៃថាគោលដៅរបស់ពួកគេគឺពិភពវិញ្ញាណ ជាកន្លែងដែលពួកយើងនឹងទៅនៅពេលយើងស្លាប់ ។
-
តើឥវ៉ាន់អ្វីខ្លះនៅពេលធ្វើដំណើរ ដែលអ្នកនឹងអាចយកតាមខ្លួនបាននៅពេលអ្នកស្លាប់ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១៨-១៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលអ្វីដែលយើងអាចនាំទៅជាមួយយើងពីក្នុងជីវិតនេះនៅពេលយើងស្លាប់ ។
-
យោងតាម ខ ១៨-១៩, តើមានអ្វីខ្លះដែលយើងអាចយកទៅជាមួយពេលយើងស្លាប់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួររកឃើញសេចក្ដីពិតខាងក្រោមនេះ ៖ ចំណេះវិជ្ជា និង បញ្ញានានាដែលយើងទទួលនៅក្នុងជីវិតនេះ នឹងមាននៅជាប់ជាមួយយើងនៅពេលយើងរស់ឡើងវិញ ។
ដើម្បីជួយសិស្សឲ្យយល់ពី អត្ថន័យនៃពាក្យ ចំណេះវិជ្ជា និង បញ្ញា, សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ដោយ អែលឌើរ នែល អេ ម៉ាក់ស្វែលនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« បើសិនយើងពិចារណាពីអ្វី ដែលនឹងមានជាប់ជាមួយយើងនៅពេលរស់ឡើងវិញនោះ វាហាក់បីដូចជាច្បាស់ថាបញ្ញារបស់យើងនឹងមាននៅជាប់ជាមួយយើង មិនមែនជាបញ្ញាសាមញ្ញរបស់យើងឡើយ ប៉ុន្តែគឺជាសមត្ថភាពរបស់យើងដើម្បីទទួល ហើយអនុវត្តសេចក្តីពិតរបស់យើង ។ ទេពកោសល្យ លក្ខណៈ និងជំនាញរបស់យើងនឹងក្រោកឡើងជាមួយយើង ពិតណាស់រួមទាំងសមត្ថភាពរបស់យើងដើម្បីរៀន កម្រិតនៃទំនុកចិត្តរបស់យើង និង សមត្ថភាពធ្វើការរបស់យើងផងដែរ » ( We Will Prove Them Herewithឆ្នាំ ១៩៨២ ] ទំព័រ ១២ ) ។
-
យោងតាមអែលឌើរ ម៉ាក់ស្វែលតើពាក្យ បញ្ញា មានន័យដូចម្តេចដែរនៅក្នុង ខ១៨–១៩ ?
-
យោងតាម ខ ១៩, តើយើងអាចទទួលចំណេះវិជ្ជា និង បញ្ញាកាន់តែប្រសើរឡើងដោយរបៀបណា ? ( អ្នកអាចចង់ចង្អុលបង្ហាញថាចំណេះវិជ្ជា និង បញ្ញាមួយចំនួនអាចត្រូវបានទទួលតែ « ដោយសារ … ការព្យាយាម និង ការគោរព » ) ប៉ុណ្ណោះ ។
-
តើនៅពេលណាដែលអ្នកបានទទួលចំណេះវិជ្ជា ឬ បញ្ញាដោយសារការព្យាយាម និង ការគោរពប្រតិបត្តិ ? ( អ្នកក៏អាចចែកចាយបទពិសោធន៍មួយផងដែរ ) ។
សូមចង្អុលបង្ហាញថាយោងតាម ខ ១៩, អ្នកទាំងឡាយណាដែលទទួលចំណេះវិជ្ជា និង បញ្ញាកាន់តែច្រើននៅក្នុងក្នុងជីវិតនេះ នឹងមានប្រៀបច្រើននៅពិភពខាងមុខ ។
-
តើអ្នកគិតថាការទទួលចំណេះវិជ្ជា និង បញ្ញានៅក្នុងក្នុងជីវិតនេះអាចមានប្រៀបកាន់តែច្រើននៅពិភពខាងមុខយ៉ាងដូចម្តេច ?
សូមពន្យល់ថាអ្វីដែលយើងរៀននៅក្នុងជីវិតនេះទាំងខាងសាច់ឈាម និង ខាងវិញ្ញាណនឹងមានប្រយោជន៍ចំពោះយើងរហូតដល់អស់កល្បជានិច្ច ។ យើងនឹងអាចស្ថាបនាលើចំណេះវិជ្ជាដែលយើងទទួលបានក្នុងជីវិតនេះ ដើម្បីប្រែក្លាយខ្លួនឲ្យកាន់តែដូចព្រះវរបិតាសួគ៌ ។
ដើម្បីជួយសិស្សឲ្យបន្តទទួលបានចំណេះវិជ្ជា និង បញ្ញា សូមលើកទឹកចិត្តពួកគេឲ្យបន្ដចូលរួមនៅក្នុងថ្នាក់សិក្ខាសាលាឥឡូវនេះ ហើយដើម្បីគ្រោងចូលរួមថ្នាក់វិទ្យាស្ថាន បន្ទាប់ពីពួកគេបញ្ចប់ពីថ្នាក់សិក្ខាសាលា ។ សូមអញ្ជើញសិស្សឲ្យសរសេរគោលដៅមួយ ដែលនឹងជួយពួកគេទទួលបានចំណេះវិជ្ជា និង បញ្ញាបន្ថែមទៀត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០-២១
យ៉ូសែប ស៊្មីធ ពន្យល់ពីរបៀបដែលយើងទទួលបានពរជ័យ
សូមអញ្ជើញសិស្សឲ្យស្រមៃថាពួកគេចង់អភិវឌ្ឍជំនាញការសរសេររបស់ពួកគេ ដូច្នេះពួកគេសម្រេចចិត្តរត់ចម្ងាយបីម៉ាយប្រាំថ្ងៃក្នុងមួយសប្តាហ៍រយៈពេលមួយខែ ។
-
តើលទ្ធផលនឹងទៅជាយ៉ាងណា ? ហេតុអ្វី ?
-
តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីឲ្យជំនាញការសរសេររបស់អ្នកបានកាន់តែប្រសើរឡើង ?
សូមចង្អុលបង្ហាញថា គឺដូចជាយើងត្រូវយល់ពីរបៀបទទួលលទ្ធផលដែលយើងចង់បាន នោះយើងត្រូវយល់ពី របៀបដើម្បីទទួលពរជ័យដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ប្រទានឲ្យយើង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០-២១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលយើងអាចទទួលពរជ័យដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ប្រទានឲ្យយើង ។ ( អ្នកអាចចង់ពន្យល់ថាពាក្យ« ផ្អែក » មានន័យថា « ផ្អែកទៅលើ » ហើយថាក្រឹត្យវិន័យមួយដែល « ពុំអាចដកចេញបាន » មានន័យថានៅជាអចិន្ត្រៃ ហើយពុំប្រែលប្រួលឡើយ ) ។
-
យោងតាម ខ ២០–២១, តើយើងអាចទទួលពរជ័យពីព្រះតាមរៀបណា ?
សូមអញ្ជើញឲ្យសិស្សសរសេរគោលការណ៍ « បើសិន–នោះ » ដោយផ្អែកលើ ខ ២០-២១ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ ហើយសូមឲ្យសិស្សពីរបីនាក់អានសេចក្តីថ្លែងការណ៍របស់ពួកគេឲ្យឮ ។ សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោមនេះ ៖ បើសិនយើងចង់ទទួលបានពរជ័យពីព្រះ នោះយើងត្រូវតែគោរពតាមក្រឹត្យវិន័យដែលគ្រប់ព្រះពរទាំងអស់ផ្អែកទៅលើ ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែជ្រាលជ្រៅអំពីសេចក្តីពិតនេះ សូមសរសេរ តារាងខាងក្រោម លើក្តារខៀន ( អ្នកអាចធ្វើវាពីមុនចាប់ផ្តើមថ្នាក់រៀន ) ។ សូមអញ្ជើញសិស្សឲ្យចម្លងតារាងចូលក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អានវគ្គព្រះគម្ពីរទីមួយដែលបានសរសេរឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលក្រឹត្យវិន័យមួយ និង ពរជ័យដែលទាក់ទងនោះ ។ នៅពេលពួកគេប្រាប់ពីចម្លើយ សូមបំពេញវានៅក្នុងចន្លោះដែលត្រឹមត្រូវនៅលើតារាង ។ សូមអញ្ជើញសិស្សឲ្យបំពេញតារាងរបស់ខ្លួនដោយខ្លួនឯង ។
បើសិនយើងចង់ទទួលបានពរជ័យពីព្រះ នោះយើងត្រូវតែគោរពតាមក្រឹត្យវិន័យដែលគ្រប់ព្រះពរទាំងអស់ផ្អែកទៅលើ ។
វគ្គបទគម្ពីរ |
ក្រឹត្យវិន័យ |
ពរជ័យ |
---|---|---|
បន្ទាប់ពីសិស្សបញ្ចប់សកម្មភាពនេះ សូមឲ្យពួកគេគិតពីពរជ័យដែលពួកគបានទទួលពីព្រោះពួកគេបានធ្វើតាមក្រឹត្យវិន័យ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីបទពិសោធន៍របស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យសរសេរពរជ័យដែលពួកគេចង់បាន ។ រួចសូមអញ្ជើញពួកគេសរសេរពីក្រឹត្យវិន័យមួយ ឬ ច្រើនដែលពួកគេត្រូវតែគោរពតាមដើម្បីទទួលបានពរជ័យទាំងនោះ ។
សូមចង្អុលបង្ហាញថាក្រឹត្យវិន័យ និង ពរជ័យមួយចំនួនគឺពិសេសណាស់ខណៈដែលក្រឹត្យវិន័យ និង ពរជ័យផ្សេងទៀតមានភាពសាមញ្ញ ។ សូមចង្អុលបង្ហាញផងដែរថាពរជ័យដែលបានសន្យាមួយចំនួនអាចទទួលបាននៅជីវិតបន្ទាប់ ។
ដើម្បីបញ្ចប់មេរៀនថ្ងៃនេះ សូមអញ្ជើញសិស្សរំឮកពីសេចក្តីពិតមួយចំនួនដែលពួកគេបានរៀនពីការបង្រៀនរបស់ព្យាការី យ៉ូសែប ស៊្មីធ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០ ។
-
តើសេចក្ដីពិតនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០ ជួយអ្នកឲ្យមានអំណរគុណចំពោះយ៉ូសែប ស្ម៊ីធយ៉ាងដូចម្តេច ?
សូមបញ្ចប់មេរៀនដោយអញ្ជើញសិស្សឲ្យអានសេចក្តីថ្លែងការណ៍ខាងក្រោយដោយប្រធាន ព្រិកហាំ យ៉ង់ អំពីសមត្ថភាពរបស់យ៉ូសែប ស្ម៊ីធ ដើម្បីពន្យល់ពីការណ៍នានារបស់ព្រះ ។
« សិរីល្អដ៏អស្ចារ្យបំផុតនៃអកប្បកិរិយារបស់បងប្រុស យ៉ូសែប ស៊្មីធ គឺថាលោកអាចប្រាប់ការណ៍ផ្សេងៗពីឋានសួគ៌ដើម្បីឲ្យមនុស្សធម្មតាយល់បាន ។ នៅពេលលោកបង្រៀនមនុស្ស—ទាក់ទងនឹងរឿងរបស់ព្រះ ព្រះឆន្ទៈរបស់ព្រះ ផែនការនៃសេចក្តីសង្គ្រោះ គោលបំណងនៃព្រះយេហូវ៉ា ទំនាក់ទំនងដែលយើងមានចំពោះទ្រង់ និងចំពោះតួអង្គសួគ៌ាទាំងអស់ លោកបានសម្របការបង្រៀនរបស់លោកទៅ នឹងសមត្ថភាពរបស់បុរស ស្ត្រី និង កូនក្មេងគ្រប់រូប ដោយធ្វើឲ្យពួកគេយល់ច្បាស់ដូចជាផ្លូវដែលមានផ្លាកសញ្ញាយ៉ាងច្បាស់ ។ ការណ៍នេះគួរតែបានបញ្ចុះបញ្ចូលមនុស្សគ្រប់រូបដែលធ្លាប់បានឮពីលោកអំពីសិទ្ធិអំណាច និង អំណាចដ៏ទេវភាពរបស់លោក ដ្បិតគ្មានមនុស្សណាម្នាក់ផ្សេងទៀតអាចបង្រៀនយើងដូចលោកបានធ្វើឡើយ ហើយគ្មានបុគ្គលណាបើកសម្តែងពីការណ៍របស់ព្រះឡើយ ប៉ុន្តែដោយវិវរណៈអំពីព្រះយេស៊ូវគ្រីស្ទ » (Teachings of Presidents of the Church: Brigham Young [ ឆ្នាំ ១៩៩៧ ] ទំព័រ ៣៤៧) ។
សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នកអំពីការហៅបម្រើរបស់យ៉ូសែប ស្ម៊ីធ ក្នុងនាមជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមគោលលទ្ធិ និង គោលការណ៍នានាដែលពួកគេបានរៀនពីការបង្រៀនរបស់ព្យាការីនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០ ។