មេរៀនទី ៥៥
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៧-៤៨
បុព្វកថា
នៅក្នុងខែ មីនា ឆ្នាំ ១៨៣១ ជិតរយៈពេលមួយឆ្នាំ បន្ទាប់ពីការរៀបចំសាសនាចក្រឡើង នោះព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលឥឡូវត្រូវបានកត់ត្រានៅជា កណ្ឌ ៤៧ និង ៤៨ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ។ ពីមុនគ្រានេះ អូលីវើរ ខៅឌើរី ត្រូវបានដើរតួជាអ្នកប្រវត្តិសាស្ត្រ និងជាអ្នកកត់កំណត់ត្រាសម្រាប់សាសនាចក្រ ។ នៅក្នុងតួនាទីនេះ លោកបានរក្សាកំណត់ត្រាមួយអំពី វិវរណៈនានា ដែលព្យាការីបានទទួល ។ ទោះជាយ៉ាងណាក៏ដោយ អូលីវើរ ខៅឌើរី បានចេញបេសកកម្ម ចាប់តាំងពីខែតុលា ឆ្នាំ ១៨៣០ ហេតុដូច្នោះ លោកពុំអាចបន្ដកិច្ចការជាអ្នកប្រវត្តិសាស្ត្រ និងអ្នកកត់កំណត់ត្រាបានទៀតទេ ។ នៅក្នុងវិវរណៈបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៧ ព្រះអម្ចាស់ បានហៅ យ៉ូហាន វិតមើរ ឲ្យជំនួសអូលីវើរ ក្នុងតំណែងនេះ ។ អំឡុងគ្រានេះ ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ក៏បានស្វែងរកការដឹកនាំ ស្ដីអំពីរបៀបដើម្បីជួយដល់សមាជិកសាសនាចក្រ ផ្លាស់ចេញពីរដ្ឋនូវយ៉ោក ។ នៅក្នុងវិវរណៈ ឥឡូវត្រូវបានដាក់បញ្ចូលនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៨ ព្រះអម្ចាស់បានណែនាំដល់ពួកបរិសុទ្ធឲ្យចែកដីរបស់ពួកគេជាមួយនឹងអ្នកដែលខ្វះខាត ហើយរៀបចំដើម្បីដាក់គ្រឹះនៃក្រុងស៊ីយ៉ូន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដី សញ្ញា ៤៧
ព្រះអម្ចាស់ បានតែងតាំង យ៉ូហាន វិតមើរ ឲ្យកត់ត្រាប្រវត្តិនៃសាសនាចក្រ
សូមឲ្យសិស្សគិតអំពីបទពិសោធន៍សំខាន់ៗខាងវិញ្ញាណ ដែលពួកគេបានមាន ដែលពួកគេមានអារម្មណ៍ថាមានតម្លៃក្នុងការចងចាំ ។ ( ឧទាហរណ៍ ពួកគេអាចគិតអំពីព្រឹត្តការនានា ដូចជា ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ឬការប្រជុំសាសនាចក្រមួយ ឬពួកគេអាចនឹងនឹកគិតអំពីគ្រាមួយ ដែលពួកគេបានទទួលចម្លើយចំពោះការអធិស្ឋានមួយ ឬទទួលអារម្មណ៍ពីវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ) ។ សូមអញ្ជើញសិស្សពីរបីនាក់ចែកចាយបទពិសោធន៍ទាំងនេះ ។ សូមសួរដល់សិស្សម្នាក់ៗនូវសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីក៏បទពិសោធន៍នេះ មានអត្ថន័យចំពោះអ្នក ?
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីចងចាំពីបទពិសោធន៍នេះ ?
-
តើកំណត់ត្រាអំពីបទពិសោធន៍នេះ ប្រទានពរដល់កូនចៅជំនាន់ក្រោយរបស់អ្នកយ៉ាងដូចម្ដេច ?
សូមអញ្ជើញឲ្យសិស្សម្នាក់អាននូវការណែនាំ នៃក្បាលកណ្ឌសម្រាប់គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាព្រះអម្ចាស់បានបង្គាប់ឲ្យរាស្ត្ររបស់ទ្រង់ធ្វើអ្វីខ្លះ ។ បន្ទាប់មកសូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៧:១–៣ ដោយស្ងៀមស្ងាត់ ហើយរកមើលព័ត៌មានលម្អិតអំពីការបម្រើរបស់ យ៉ូហាន វិតមើរ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។ ( អ្នកអាចនឹងចង់រំឭកសិស្សថា នៅក្នុងវិវរណៈមុន ព្រះអម្ចាស់បានមានបន្ទូលថា « នឹងមានបញ្ជីមួយកត់ទុក នៅក្នុងចំណោមអ្នករាល់គ្នា » [គ. និង ស. ២១:១] ។ សូមពន្យល់ថា នៅក្នុងសាសនាចក្រសព្វថ្ងៃ គណៈប្រធានទីមួយ បានហៅអ្នកប្រវត្តិសាស្ត្រសាសនាចក្រ និងអ្នកកត់កំណត់ត្រាម្នាក់ [ តាមធម្មតា សំដៅទៅលើ អ្នកប្រវត្តិសាស្ត្រសាសនាចក្រ ] ហើយណែនាំគាត់ជាសាធារណៈ ដើម្បីលើកដៃគាំទ្រ ) ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដែលប្រវត្តិនៃសាសនាចក្រត្រូវបានកត់ត្រាទុក ?
-
តើរឿងមួយចំនួនអ្វីខ្លះ ចេញមកពីប្រវត្តិសាសនាចក្រ ដែលបានបំផុសគំនិតអ្នកជាពិសេស ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ នូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ម៉ាលីន ឃេ ជែនសិន នៃពួកចិតសិបនាក់ ដែលបម្រើជាអ្នកប្រវត្តិសាស្ត្រសាសនាចក្រ ចាប់ពីឆ្នាំ ២០០៥ ដល់ ឆ្នាំ ២០១២ ៖
« មានរឿងអស្ចារ្យផ្សេងៗជាច្រើននៅក្នុងប្រវត្តិរបស់យើង ដែលមានតម្លៃដើម្បីដឹង ហើយបង្រៀននៅព្រះវិហារ និងនៅក្នុងគេហដ្ឋាន ។ មេរៀនអំពីទីក្រុងខឺតឡង់ ការសាកល្បងនៅរដ្ឋមីសសួរី ជ័យជំនះ និងទីបំផុតជាការបណ្ដេញពួកបរិសុទ្ធពីរដ្ឋ ណៅវូ ហើយនឹងការធ្វើដំណើររបស់ពួកអ្នកត្រួសត្រាយផ្លូវទៅកាន់ទិសខាងលិច គឺជារឿងដ៏បំផុសគំនិតដល់ពួកបរិសុទ្ធនៅក្នុងគ្រប់ផែនដី និងភាសា ។ ប៉ុន្តែមាននូវរឿងនៃការឆ្ពោះទៅមុខដូចគ្នាផងដែរ អំពីការរីកចម្រើន និងការអភិវឌ្ឍន៏នៃសាសនាចក្រ និងឥទ្ធិពលនៃដំណឹងល្អនៅក្នុងជីវិតរបស់សមាជិកសាមញ្ញៗនៅគ្រប់ជាតិសាសន៍ ដែលត្រូវបានប៉ះដួងចិត្តដោយដំណឹងល្អដែលបានស្ដារឡើងវិញ ។ រឿងទាំងនេះ ត្រូវការនូវការកត់ត្រា និងរក្សាទុកឲ្យល្អផងដែរ ។
« … រឿងដ៏អស្ចារ្យៗជាច្រើនរបស់សាសនាចក្រ គឺមាននៅក្នុងប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិគ្រួសារ ហើយទាំងនេះគឺជាចំណែកមួយនៃកេរដំណែលគ្រួសារ និងបុគ្គលម្នាក់ៗ » (There Shall Be a Record Kept among You » Ensign ខែ ធ្នូ ឆ្នាំ ២០០៧, ទំព័រ ៣១ ) ។
-
ហេតុអ្វីក៏អ្នកគិតថាប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិគ្រួសារសំខាន់ ?
យោងទៅលើបទពិសោធន៍ទាំងឡាយដែលសិស្សបានចងចាំ នៅពេលចាប់ផ្ដើមថ្នាក់រៀន ។ សូមពួកគេឲ្យនឹកស្រម៉ៃថា កូនចៅរបស់ពួកគេ និងចៅៗរបស់ពួកគេកំពុងអានដំណើររឿងផ្ទាល់ខ្លួនទាំងឡាយរបស់ពួកគេអំពីបទពិសោធន៍ទាំងនោះ ។ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីសំណួរខាងក្រោមនេះ ៖
-
តើចំណែកបទពិសោធន៍ណាមួយ ដែលអ្នកនឹងគូសបញ្ជាក់ ? តើអ្នកចង់ឲ្យគ្រួសាររបស់អ្នកមានអារម្មណ៍ និងដឹងពីលទ្ធផលនៃការអានដំណើររឿងរបស់អ្នកឬទេ ?
សូមពន្យល់ថា គោលការណ៍ទាំងឡាយដែលយ៉ូហាន វិតមើរបានធ្វើតាម ក្នុងនាមជាអ្នកប្រវត្តិសាស្ត្រសាសនាចក្រ និងអ្នកកត់កំណត់ត្រា អាចអនុវត្តចំពោះប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិគ្រួសាររបស់យើងផងដែរ ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៧:៤ ដោយស្ងាត់ស្ងៀម ដើម្បីរៀននូវអ្វីដែលព្រះអម្ចាស់បានសន្យា បើ យ៉ូហាន វិតមើរ នឹងស្មោះត្រង់នៅក្នុងកិច្ចខិតខំរបស់គាត់នោះ ។
-
តើព្រះអម្ចាស់សន្យាអ្វីខ្លះដល់យ៉ូហាន វិតមើរ? ( ព្រះអម្ចាស់ បានសន្យាថា អង្គលួងលោមចិត្ត--ព្រះវិញ្ញាណបរិសុទ្ធ-- នឹងជួយគាត់នៅក្នុងកិច្ចខិតខំដើម្បីសរសេរប្រវត្តិនៃសាសនាចក្រ ) ។
-
តើយើងអាចភ្ជាប់រឿងនេះទៅនឹងកិច្ចខិតខំរបស់យើងដើម្បីរក្សាប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិគ្រួសារយ៉ាងដូចម្ដេច ? ( សូមជួយសិស្សឲ្យស្គាល់គោលការណ៍ដូចខាងក្រោម ៖ បើយើងស្មោះត្រង់នៅក្នុងកិច្ចខិតខំរបស់យើង ដើម្បីរក្សាប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិគ្រួសារ នោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើង ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀន) ។
-
តើព្រះវិញ្ញាណបរិសុទ្ធអាចជួយមនុស្សម្នាក់ នៅពេលគាត់ រក្សាប្រវត្តិផ្ទាល់ខ្លួន ឬគ្រួសារយ៉ាងដូចម្ដេច ?
នៅពេលសិស្សពិភាក្សាគ្នាអំពីសំណួរនេះ សូមជួយពួកគេឲ្យមើលឃើញថា ព្រះវិញ្ញាណបរិសុទ្ធ អាចនាំរឿងទាំងឡាយមកក្នុងការចងចាំរបស់យើង ( សូមមើល យ៉ូហាន ១៤:២៦) ហើយជួយយើងឲ្យសរសេរអំពីព្រឹត្តការណ៍ និងស្ថានភាពនានា ក្នុងរបៀបមូយ ដែលនឹងប្រទានពរដល់សមាជិកគ្រួសារ និងអ្នកដទៃទៀត ។
សូមលើកទឹកចិត្តដល់សិស្សឲ្យសុំជំនួយពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេរក្សាប្រវត្តិផ្ទាល់ខ្លួន និងប្រវត្តិគ្រួសាររបស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៨
ព្រះអម្ចាស់ណែនាំដល់ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូឲ្យជួយដល់អ្នកទាំងឡាយដែលមកពីរដ្ឋនូវយ៉ោក
សូមឲ្យសិស្សនឹកស្រម៉ៃថា ពួកបរិសុទ្ធនៅក្នុងតំបន់ឆ្ងាយៗ គឺត្រូវតែជម្លៀសចេញពីគេហដ្ឋានរបស់ពួកគេ ។ អ្នកដឹកនាំសាសនាចក្រ បានសុំឲ្យគ្រួសាររបស់សិស្សផ្ដល់ជាម្ហូបអាហារ និងជម្រកដល់ក្រុមគ្រួសារដែលគ្មានកន្លែងស្នាក់នៅមួយចំនួនសម្រាប់រយៈពេលច្រើនខែ ។
-
តើសំណួរ និងកង្វល់អ្វីខ្លះ ដែលអ្នក និងគ្រួសាររបស់អ្នក អាចមានចំពោះសំណើរបែបនេះ ?
-
តើកង្វល់ និងអារម្មណ៍អ្វីខ្លះ ពេលដែលអ្នកគិតអំពីអ្នកទាំងឡាយ ដែលផ្លាស់មកនៅក្នុងផ្ទះអ្នក ?
សូមអញ្ជើញសិស្សឲ្យបើកទៅទំព័រ ផែនទី ទី៣ ( « រដ្ឋនូវយ៉ោក ផែនសិលវេញ៉ា និង អូហៃអូ នៃសហរដ្ឋអាមេរិក » ) នៅក្នុងវគ្គផែនទីប្រវត្តិសាសនាចក្រក្នុងគម្ពីររបស់ពួកគេ ។ សូមឲ្យពួកគេរកមើល ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក និង ទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ ហើយកំណត់ចម្ងាយប្រហាក់ប្រហែលរវាងទីក្រុងទាំងនេះ ( ប្រហែល ២៥០ ម៉ែល ឬ ៤០០ គ.ម ) ។ សូមរំឭកសិស្សថា នៅខែធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធនៅរដ្ឋ នូវ យ៉ោក ឲ្យប្រមូលគ្នីគ្នាមកឯរដ្ឋ អូហៃអូ ( សូមមើល គ. និង ស. ៣៧:៣) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៨:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់ បានប្រាប់ដល់ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ឲ្យធ្វើសម្រាប់សមាជិកនៃសាសនាចក្រ ដែលបានផ្លាស់ចូលមកតំបន់នោះ ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។
-
តើព្រះអម្ចាស់បញ្ជាឲ្យពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ធ្វើអ្វីខ្លះ ? ( ទ្រង់បញ្ជាឲ្យអ្នកទាំងឡាយដែលមានដី ឲ្យចែកជាមួយនឹងពួកបរិសុទ្ធដែលផ្លាស់ចូលមកក្នុងតំបន់ ) ។ តើគោលការណ៍មួយដែលយើងអាចរៀនមកពីបទបញ្ញត្តិនេះគឺជាអ្វី ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់ បញ្ជាឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយចែកចាយនូវអ្វីដែលពួកគេមានជាមួយនឹងអ្នកខ្វះខាត ។ វាអាចនឹងជាប្រយោជន៍ដើម្បីចង្អុលបង្ហាញថា ពុំមែនគ្រប់ពួកបរិសុទ្ធនៅក្នុងរដ្ឋអូហៃអូ មានដីចែកទេ ហើយថាសមាជិកមួយចំនួនមកពីរដ្ឋ នូវ យ៉ោក គឺតម្រូវឲ្យទិញដីផ្ទាល់ខ្លួនរបស់ពួកគេ ) ។
-
តើវិធីមួយចំនួនដែលយើងអាចចែកចាយនូវអ្វីដែលយើងមានជាមួយអ្នកដទៃមានអ្វីខ្លះ ?
សូមឲ្យសិស្សចែកចាយនូវបទពិសោធន៍ដែលពួកគេមាន នៅពេលពួកគេធ្វើជាសាក្សីពីមនុស្សដែលចែករំលែកជាមួយអ្នកទាំងឡាយដែលខ្វះខាត ។ អ្នកក៏អាចនឹងចង់អញ្ជើញពួកគេឲ្យពិពណ៌នាអំពីគ្រានានា ដែលពួកគេទទួលបានប្រយោជន៍មកពីសេចក្ដីសប្បុរស និងការបម្រើរបស់អ្នកដទៃ ។
ដើម្បីផ្ដល់ជាឧទាហរណ៍មួយចំពោះការជួយដល់អ្នកទាំងឡាយដែលខ្វះខាត សូមឲ្យសិស្សម្នាក់អាននូវដំណើររឿងខាងក្រោម ដោយប្រធាន ថូម៉ាស អេស ម៉នសុន អំពីបទពិសោធន៍មួយ ដែលលោកបានមានជាមួយនឹងថ្នាក់អង្គការបឋមសិក្សារបស់លោក កាលនៅកុមារភាព ។
« យើងបានធ្វើគម្រោងមួយដើម្បីសន្សំប្រាក់ចំនួនមួយកាក់មួយសេនសម្រាប់ធ្វើពិធីជប់លៀងបុណ្យគ្រីស្ទម៉ាសដ៏ធំមួយ ។ បងស្រី ហ្គើស្ទ បានកត់ត្រាយ៉ាងប្រុងប្រយ័ត្ននូវការរីកចម្រើនរបស់យើង ។ កាលនៅជាក្មេងតូចៗអ្វីដែលចង់បរិភោគក្នុងគំនិតរបស់យើងគឺគិតដល់ នំឃុកគី នំផៃ និងការ៉េមបានច្រើនប៉ុណ្ណា ដែលប្រាក់ទាំងអស់របស់យើងអាចទិញបាន ។ នេះគឺជាព្រឹត្តការណ៍ដ៏រុងរឿងមួយ ។ យើងពុំធ្លាប់មានគ្រូបង្រៀនណាម្នាក់របស់យើងកាលពីមុន ផ្ដល់យោបល់អំពីព្រឹត្តការណ៍ដូចនេះទេ ។
« រដូវក្ដៅបានកន្លងផុតឈានចូលដល់រដូវស្លឹកឈើជ្រុះ ។ រដូវស្លឹកឈើជ្រុះឈានចូលដល់រដូវរងារ ។ គោលដៅពិធីជប់លៀងរបស់យើង ត្រូវបានសម្រេច ។ សិស្សក្នុងថ្នាក់បានធំៗ ។ អារម្មណ៍ល្អបានគ្របដណ្ដប់ ។
« គ្មានគ្នាយើងណាម្នាក់នឹងបំភ្លេចបាននូវព្រឹកព្រលឹមដ៏សែនសោកសៅ ពេលដែលគ្រូបង្រៀនបានប្រកាសប្រាប់យើងថា ម្ដាយមិត្តរួមថ្នាក់របស់យើងម្នាក់បានទទួលមរណៈភាពនោះទេ ។ យើងបានគិតអំពីម្ដាយរបស់យើងផ្ទាល់ ហើយថាតើពួកគាត់មានអត្ថន័យខ្លាំងប៉ុណ្ណាចំពោះយើង ។ យើងបានមានអារម្មណ៍សោកសៅអស់ពីដួងចិត្តចំពោះ ប៊ីលី ឌីវិនផត នៅក្នុងការបាត់បង់ដ៏ធំរបស់គាត់នោះ ។
« មេរៀនថ្ងៃអាទិត្យមួយនេះ គឺចេញមកពីសៀវភៅ កិច្ចការ ជំពូកទី ២០ ខ ៣៥ ៖ ‹ នឹកចាំពីព្រះបន្ទូលនៃព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា ដែលឲ្យ នោះបានពរជាជាងទទួល › ។ នៅចុងបញ្ចប់នៃការធ្វើបទបង្ហាញនៃមេរៀនដែលបានរៀបចំដ៏ល្អនោះ លូស៊ី ហ្គើស្ទ បានថ្លែងអំពីស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ ប៊ីលី ។ ទាំងនេះគឺជាគ្រាដ៏មានវិបត្តិធំ ហើយប្រាក់កាសក៏មានតិចតួចស្ដួចស្ដើង ។ ដោយការព្រិចភ្នែក គាត់បានសួរថា ៖ ‹ តើអ្នកនឹងធ្វើតាមការបង្រៀននេះរបស់ព្រះអម្ចាស់របស់យើងយ៉ាងដូចម្ដេច ? តើអ្នកនឹងមានអារម្មណ៍យ៉ាងណាក្នុងការដកប្រាក់សម្រាប់ពិធីជប់លៀងរបស់យើង ហើយយើងទាំងអស់គ្នាតំណាងថ្នាក់ទាំងមូលផ្ដល់ប្រាក់នោះទៅឲ្យគ្រួសារ ឌីវិនផត ជាការសម្ដែងសេចក្ដីស្រឡាញ់របស់យើងវិញនោះ ? › ការសម្រេចចិត្តគឺត្រូវបានធ្វើឡើងជាឯកឆ័ន្ទ ។ យើងបានរាប់វាយ៉ាងយកចិត្តទុកដាក់ នូវកាក់និមួយៗ ហើយបានដាក់ចំនួនសរុបនៅក្នុងស្រោមសំបុត្រធំមួយ ។ កាតដ៏ស្អាតមួយ ត្រូវបានទិញ ហើយសរសេរឈ្មោះរបស់ពួកយើង ។
« ទង្វើនៃសន្ដានចិត្តល្អដ៏សាមញ្ញនេះ បានចងភ្ជាប់ពួកយើងជាមួយគ្នា » (« Your Personal Influence, » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ២១--២២ ) ។
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីដំណើររឿងទាំងនេះ ? តើសន្ដានចិត្តល្អ និងការបម្រើ ប្រទានពរដល់ជីវិតនៃអ្នកផ្ដល់ឲ្យ ក៏ដូចជាអ្នកទទួលយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យចែកចាយនូវបទពិសោធន៍មួយ ដែលពួកគេបានមាន នៅពេលពួកគេបានជួយ ( ឬបានឃើញអ្នកដទៃជួយ ) ដល់អ្នកទាំងឡាយដែលមានការខ្វះខាត ។ សូមលើកទឹកចិត្តសិស្សឲ្យគិតអំពីរបៀបមួយ ដែលពួកគេអាចជួយនរណាម្នាក់នៅក្នុងសប្ដាហ៍ក្រោយ ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៨:៤-៦ ដោយការពន្យល់ថា ព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធត្រៀមខ្លួនដើម្បីទិញដី ពេលទ្រង់នឹងបើកសម្ដែងពីទីតាំងនៃទីក្រុងស៊ីយ៉ូន ឬទីក្រុងយេរូសាឡិមថ្មី ។ ព្រះអម្ចាស់ បានបញ្ជាពួកបរិសុទ្ធឲ្យសន្សំប្រាក់ទាំងអស់ ដែលពួកគេអាចធ្វើបាន ដើម្បីត្រៀមចាក់គ្រឹះនៃទីក្រុងនោះ ( សូមមើល គ. និង ស. ៤៨:៤-៦ ) ។ សូមប្រាប់សិស្សថា ពួកគេនឹងរៀនកាន់តែច្រើនថែមទៀតអំពីកិច្ចខិតខំរបស់ពួកបរិសុទ្ធ ដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូននៅក្នុងមេរៀនក្រោយៗ ។