មេរៀនទី ៨២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧
បុព្វកថា
នៅខែកុម្ភៈ និង ខែមិនា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បានបន្ដធ្វើកំណែថ្មីនៃព្រះគម្ពីរសញ្ញាថ្មីដ៏បំផុសគំនិតរបស់លោក ។ នៅពេលលោកបានចាប់ផ្ដើមធ្វើការទៅលើគម្ពីរនៃវិវរណៈ នោះលោកបានងឿងឆ្ងល់អំពីអត្ថន័យនៃបទគម្ពីរមួយចំនួន ។ លោកបានទូលសួរដល់ព្រះអម្ចាស់ដើម្បីបកប្រែនិមិត្តរូប និងព្រឹត្តការមួយចំនួន ដែល យ៉ូហាន ជាអ្នកទទួលវិវរណៈ បានពិពណ៌នា ។ ជាការឆ្លើយតបចំពោះសំណួររបស់ យ៉ូសែប ស៊្មីធ អំពីជំពូក ១-១១ នៃព្រះគម្ពីរវិវរណៈ នោះព្រះអម្ចាស់បានប្រទានវិវរណៈដែលត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧។
កំណត់ចំណាំ ៖ខណៈដែលមេរៀននេះថ្លែងអំពីមាតិកានៅក្នុងគម្ពីរនៃវិវរណៈ នោះវាពុំមែនជាមេរៀនមួយអំពីព្រះគម្ពីរវិវរណៈទេ ។ សូមចំណាយពេលក្នុងមេរៀនភាគច្រើន ពិភាក្សាអំពី គោលលទ្ធិ និង គោលការណ៍ដែលបានបង្ហាញនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ពុំមែនជាព្រះគម្ពីរវិវរណៈ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១-១៥
ព្រះអម្ចាស់ឆ្លើយតបចំពោះសំណួររបស់ យ៉ូសែប ស៊្មីធ អំពីព្រះគម្ពីរនៃវិវរណៈ
សូមឲ្យសិស្សពិចារណាដោយស្ងាត់ស្ងៀមអំពីអ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ អំឡុងពេលពីរបីថ្ងៃកន្លងទៅនេះ ។ សូមឲ្យពួកគេពីរបីនាក់ចែកចាយគំនិតដែលពួកគេបានទទួល ។ បន្ទាប់មក សូមឲ្យសិស្សមួយចំនួនចែកចាយចម្ងល់ដែលពួកគេមាន អំឡុងពេល ឬបន្ទាប់ពីការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេនោះ ។ ទាំងនេះអាចរួមមាន ចម្ងល់អំពីអត្ថន័យនៃពាក្យ ឬឃ្លាណាមួយ ជីវប្រវត្តិខាងប្រវត្តិសាស្ត្រ អំពីអ្វីដែលពួកគេអាន ឬសារៈសំខាន់នៃខគម្ពីរជាក់លាក់មួយ ។ ( គោលបំណងនៃការអនុវត្តនេះ គឺពុំមែនឆ្លើយដល់សំណួររបស់សិស្សអំពីបទគម្ពីរនោះទេ ប៉ុន្តែគឺដើម្បីគូសបញ្ជាក់អំពី សារៈសំខាន់នៃការសួរសំណួរ នៅពេលយើងសិក្សា ) ។ បន្ទាប់ពីសិស្សពីរបីនាក់បានចែកចាយរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្វីខ្លះដែលបានជួយអ្នកឲ្យរកឃើញចម្លើយចំពោះ សំណួររបស់អ្នក និងជួយឲ្យការយល់ដឹងរបស់អ្នកអំពីបទគម្ពីរកាន់តែល្អប្រសើរឡើង ?
ដើម្បីជួយសិស្សយល់បរិបទនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧សូមអញ្ជើញពួកគេឲ្យអានសេចក្ដីណែនាំកណ្ឌ ហើយរកមើលអ្វីដែលព្យាការី យ៉ូសែប ស៊្មីធ បានកំពុងធ្វើ នៅពេលលោកបានទទួលវិវរណៈនេះ ។ បន្ទាប់ពីសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញហើយ នោះអ្នកអាចចង្អុលបង្ហាញថាឃ្លា « ទាក់ទងទៅនឹងការបកប្រែព្រះគម្ពីរ » គឺសំដៅទៅលើបញ្ជារបស់ព្រះអម្ចាស់ថា យ៉ូសែប ស៊្មីធត្រូវធ្វើកំណែថ្មីដែលបានបំផុសគំនិតចំពោះព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ ។ កំណែថ្មីទាំងនេះ ឥឡូវត្រូវបានស្គាល់ថាជាការបកប្រែរបស់យ៉ូសែប ស៊្មីធ ។ សូមពន្យល់ថាអំឡុងពេលដែលយ៉ូសែប ស៊្មីធកំពុងធ្វើការបកប្រែគម្ពីរវិវរណៈ នោះលោកបានទូលសួរព្រះអម្ចាស់អំពីអត្ថន័យនៃខគម្ពីរមួយចំនួន ។ សំណួរដែលលោកបានសួរ និងចម្លើយដែលព្រះអម្ចាស់បានបើកសម្ដែង គឺត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលគំនិតនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ដែលអាចជួយពួកគេឲ្យយល់ដឹងអំពីព្រះគម្ពីរកាន់តែជ្រៅជ្រះ ។
សូមអញ្ជើញសិស្សឲ្យបើកទៅគោលលទ្ធិ និងសេចក្ដីសញ្ញា ៧៧ ហើយសុំឲ្យពួកគេពន្យល់អំពី របៀបដែលទម្រង់នៃកណ្ឌនេះ មានភាពខុសគ្នាពីកណ្ឌផ្សេងទៀតនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ។ ពួកគេគួរតែកត់សម្គាល់អក្សរសនិងច នៅជិតនឹងខគម្ពីរ ឬឃ្លា និមួយៗ នៅក្នុងកណ្ឌនោះផងដែរ ។ សូមពន្យល់ថាអក្សរ សនិមួយៗ នាំមុខនូវសំណួរមួយមកពី យ៉ូសែប ស៊្មីធ ហើយអក្សរចនិមួយៗ នាំមុខដោយចម្លើយរបស់ព្រះអម្ចាស់ ។
សូមសួរដល់សិស្ស បើមានពួកគេណាម្នាក់បានអានគម្ពីរនៃវិវរណៈខ្លះៗ ឬទាំងអស់រួចហើយ ។
-
តើការអានគម្ពីរវិវរណៈអាចមានឧបសគ្គអ្វីខ្លះ ? ( បើសិស្សពុំបានប្រាប់ទេ អ្នកអាចពន្យល់ថា គម្ពីរវិវរណៈអាចនឹងពិបាកយល់ ដោយសារតែមាននូវនិមិត្តរូប ) ។
ដើម្បីផ្ដល់នូវឧទាហរណ៍អំពីរូបភាពនៃនិមិត្តរូបនៅក្នុងគម្ពីរវវិរណៈ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យផ្លាស់វេនគ្នាអានឲ្យឮៗចេញមកពីវិវរណៈ ៤:២-៨ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនិមិត្តរូបនៅក្នុងខគម្ពីរទាំងនេះ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យប្រាប់ពីនិមិត្តរូបទាំងនេះ ហើយសុំឲ្យសិស្សម្នាក់សរសេរវានៅលើក្ដារខៀន ។ ( ចម្លើយអាចរួមមាន ឥន្ទធនូព័ទ្ធជុំវិញបល្ល័ង្គ បល្ល័ង្កម្ភៃបួន មកុដមាស ចង្កៀងប្រាំពីរឆេះ សមុទ្រកែវ និង តួមានជីវិតបួន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសំណួររបស់ យ៉ូសែប ស៊្មីធ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១។ សូមឲ្យសិស្សម្នាក់គូសរង្វង់និមិត្តសញ្ញានៅលើក្ដារខៀន ដែល យ៉ូសែប ស៊្មីធ បានទូលសួរដល់ព្រះអម្ចាស់ដើម្បីជួយគាត់យល់ ( សមុទ្រកែវ ) ។ បន្ទាប់មកឲ្យសិស្សម្នាក់ទៀតអានការពន្យល់របស់ព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១។
-
តើចម្លើយនេះជួយយើងយល់កាន់តែប្រសើរឡើងពី វិវរណៈ ៤:៦យ៉ាងដូចម្ដេច ?
សូមបែងចែកសិស្សជាគូៗ ។ សូមឲ្យគូនិមួយៗអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:២-៥ជាមួយគ្នា រកមើលនូវសំណួរបន្ថែមដែល យ៉ូសែប ស៊្មីធ បានសួរអំពីនិមិត្តរូបនៅក្នុងវិវរណៈ ៤និងចម្លើយដែលព្រះអម្ចាស់បានប្រទានឲ្យចំពោះសំណួរទាំងនោះ ។ បន្ទាប់មានពេលគ្រប់គ្រាន់ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអំពីរបៀបដែលចម្លើយរបស់ព្រះអម្ចាស់ឆ្លើយចំពោះសំណួររបស់ យ៉ូសែប ស៊្មីធ ជួយពួកគេឲ្យយល់អំពីរូបភាពនិមិត្តរូបមួយចំនួននៅក្នុងវិវរណៈ ៤:២-៨។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេនឹងប្រើអ្វីដែលពួកគេបានរៀនពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ ដើម្បីសង្ខេបអ្វីដែលយ៉ូហានបានពិពណ៌នានៅក្នុង វិវរណៈ ៤:២-៨។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយការសង្ខេបរបស់ពួកគេ ។ បន្ទាប់មកសូមសួរសំណួរខាងក្រោមនេះ ៖
-
តើយើងអាចរៀនអ្វីខ្លះដកស្រង់ពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧អំពីតួនាទីរបស់ព្យាការីម្នាក់នៅក្នុងការជួយយើងឲ្យយល់អំពីអត្ថន័យនៃបទគម្ពីរ ? ( ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងក្ដី ក៏ពួកគេគួរបង្ហាញនូវគោលលទ្ធិដូចខាងក្រោម ៖ព្រះអម្ចាស់បើកសម្ដែងការបកប្រែអំពីបទគម្ពីរត្រឹមត្រូវ តាមរយៈពួកព្យាការីរបស់ទ្រង់ ។ ( អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យសរសេរគោលលទ្ធិនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
ដើម្បីជួយសិស្សយល់ពីគោលលទ្ធិនេះ សូមសួរសំណួរដូចខាងក្រោម៖
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីរៀននូវអ្វីដែលពួកព្យាការីបានបង្រៀនទាក់ទងនឹងអ្វីដែលយើងសិក្សានៅក្នុងបទគម្ពីរដូច្នេះ ?
ដើម្បីជួយសិស្សឲ្យទទួលបានគំនិតយោបល់បន្ថែមចំពោះសំណួរនេះ សូមសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមឲ្យឮៗ ដោយអែលឌើរ ប្រូស អរ ម៉ាក់ខនគី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ពួកព្យាការីបានផ្ដល់ព្រះគម្ពីរឲ្យ ហើយពួកព្យាការី ត្រូវតែបកប្រែវា ។ បុរសបរិសុទ្ធជំនាន់ដើម បានទទួលវិវរណៈមកពីព្រះវិញ្ញាណបរិសុទ្ធ ដែលពួកលោកបានកត់ត្រាជាគម្ពីរ ឥឡូវមនុស្សត្រូវតែមានព្រះវិញ្ញាណបរិសុទ្ធដូចគ្នា ដើម្បីបើកសម្ដែងនូវអត្ថន័យរបស់វាតាមរយៈព្រះគម្ពីរ-- បើមិនដូច្នោះទេ នឹងមាននូវការដឹកនាំទៅរកការបកប្រែផ្ទាល់ខ្លួន ហើយលទ្ធផល នឹងនាំឲ្យមានព្រះវិហារខុសគ្នាជាច្រើន ហើយមិនចុះសម្រុងជាច្រើន ដែលជាស្ថានភាពជាក់ស្ដែងនៅក្នុងពិភពលោកខាងសាសនានាសព្វថ្ងៃនេះ » ( នៅក្នុងConference Report, ខែ តុលា ឆ្នាំ ១៩៦៤, ទំព័រ ៣៨) ។
-
ស្របតាមអែលឌើរ ម៉ាក់ខនឃី ហេតុអ្វីក៏យើងត្រូវការព្យាការីម្នាក់ដើម្បីបកប្រែអត្ថន័យត្រឹមត្រូវក្នុងព្រះគម្ពីរ ?
-
តើយើងអាចរកបានការបង្រៀនរបស់ពួកព្យាការីអំពីអត្ថន័យនៃអ្វីដែលយើងអាននៅក្នុងព្រះគម្ពីរនៅកន្លែងណា ? ( ចម្លើយអាចរួមមាន យើងរកបានការបង្រៀនដូច្នេះ នៅក្នុងសុន្ទរកថាសន្និសីទទូទៅ និងនៅក្នុងទស្សនាវដ្ដីសាសនាចក្រ និងការបោះពុម្ពរបស់សាសនាចក្រផ្សេងៗទៀត ) ។
នៅពេលសិស្សឆ្លើយតបចំពោះសំណួរនេះ សូមចង្អុលបង្ហាញថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧បង្ហាញថា ពាក្យសម្ដីរបស់ពួកព្យាការី ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរអាចជួយពន្យល់បទគម្ពីរផ្សេងទៀត ។ ជាច្រើនលើកច្រើនគ្រា ពាក្យសម្ដីរបស់ព្យាការីម្នាក់ ដែលបានកត់ត្រានៅក្នុងវគ្គបទគម្ពីរមួយ នឹងពន្យល់ ឬបកប្រែនូវអ្វីដែលបានបើកសម្ដែងនៅក្នុងវគ្គបទគម្ពីរមួយទៀត ។ សូមពន្យល់ថា លេខយោងមាននូវក្នុងបទគម្ពីរ ជាញឹកញាប់ផ្ដល់ជាសេចក្ដីយោងចំពោះវគ្គបទគម្ពីរដ៏ជាជំនួយទាំងនេះ ។
ដើម្បីបង្ហាញអំពីចំណុចនេះ សូមអញ្ជើញសិស្សឲ្យអាន វិវរណៈ ៥:១ ដោយស្ងៀមស្ងាត់ រកមើលអ្វីដែលយ៉ូហានបានឃើញនៅក្នុងដៃរបស់មនុស្សម្នាក់ដែលអង្គុយនៅលើបល្ល័ង្គ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ បើសិស្សកំពុងប្រើការបោះពុម្ពរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៃកំណែថ្មីនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ សូមអញ្ជើញពួកគេឲ្យបើកទៅបទគម្ពីរដែលបានយោងនៅក្នុងលេខយោងខនៅក្នុង វិវរណៈ ៥:១(គ. និង ស. ៧៧:៦) ។ បើសិស្សពុំមានកំណែថ្មីនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍របស់ ពួកបរិសុទ្ធថ្ងៃចុងក្រោយទេ សូមអញ្ជើញពួកគេឲ្យបើកទៅកាន់គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:៦ដោយផ្ទាល់ បន្ទាប់ពីពួកគេបានពិពណ៌នានូវអ្វីដែលពួកគេបានរកឃើញនៅក្នុងវិវរណៈ ៥:១។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:៦-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសំណួររបស់ យ៉ូសែបស៊្មីធ អំពីវិវរណៈ ៥:១ក៏ដូចជាចម្លើយរបស់ព្រះអម្ចាស់ផងដែរ ។ ( វាអាចនឹងជាប្រយោជន៍ដើម្បីពន្យល់ថា ៧០០០ ឆ្នាំ សំដៅទៅលើគ្រា ចាប់តាំងពីការធ្លាក់នៃលោកអ័ដាម និង អេវ៉ាមកម្ល៉េះ ។ វាពុំសំដៅទៅលើអាយុកាលពិតប្រាកដនៃផែនដី រួមទាំងអាយុកាលនៃការបង្កបង្កើតនោះទេ ) ។
សូមឲ្យសិស្សប្រើពាក្យសម្ដីផ្ទាល់របស់ពួកគេដើម្បីសង្ខេបសំណួរ និងចម្លើយទាំងឡាយ ។ បន្ទាប់ពីបញ្ចប់សកម្មភាពនេះ សូមចង្អុលបង្ហាញពីរបៀបដែលការប្រើប្រាស់លេខយោង នៅពេលយើងសិក្សាបទគម្ពីរ អាចជួយយើងឲ្យរកឃើញអ្វីដែលព្រះអម្ចាស់បានមានបន្ទូល អំពីបទគម្ពីរដែលយើងកំពុងអាន ។
សូមចង្អុលបង្ហាញថា ទោះបីជាមានតែព្យាការីម្នាក់គត់ដែលមានសិទ្ធិអំណាចដើម្បីបកប្រែព្រះគម្ពីរសម្រាប់ពិភពលោកក្ដី ក៏យើងម្នាក់ៗគួរតែស្រាវជ្រាវដើម្បីមានការយល់ដឹង និង អនុវត្តផ្ទាល់ខ្លួននៅពេលសិក្សាព្រះគម្ពីរដោយខ្លួនឯង ។
-
តើយើងអាចប្រៀបប្រដូចអ្វីដែលយ៉ូសែប ស៊្មីធបានធ្វើនៅពេលលោកបានសិក្សា និង ពិចារណាអំពីគម្ពីរវិវរណៈទៅនឹងការសិក្សាគម្ពីរផ្ទាល់ខ្លួនរបស់យើងយ៉ាងដូចម្តេច ? ( សិស្សអាចនឹងរកឃើញគោលការណ៍មួយដូចខាងក្រោមនេះ ៖ ប្រសិនបើយើងទូលសុំដល់ព្រះអម្ចាស់ នោះទ្រង់អាចជួយយើងឲ្យយល់បទគម្ពីរទាំងឡាយ )។
-
ហេតុអ្វីវាសំខាន់ដើម្បីស្រាវជ្រាវរកអត្ថន័យត្រឹមត្រូវនៃបទគម្ពីរ រួចហើយព្យាយាមអនុវត្តដោយផ្ទាល់ខ្លួនដូច្នេះ ?
សូមឲ្យសិស្សពិចារណាអំពីគ្រាមួយ នៅពេលដែលពួកគេបានសុំព្រះអម្ចាស់ឲ្យជួយពួកគេយល់នូវបទគម្ពីរ និង របៀបដើម្បីអនុវត្តការបង្រៀននៅក្នុងបទគម្ពីរចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។
សូមពន្យល់ថា អ្វីដែលនៅសល់ក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧មាននូវសំណួរជាច្រើនទៀតដែល យ៉ូសែប ស៊្មីធ បានសួរអំពីគម្ពីរវិវរណៈ និងចម្លើយរបស់ព្រះអម្ចាស់ ចំពោះសំណួរទាំងឡាយនេះ ។ សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:៨-១៥ដោយការប្រាប់សិស្សថា វិវរណៈនេះ បានអនុញ្ញាតឲ្យ យ៉ូសែប ស៊្មីធ រៀនអំពីព្រឹត្តការណ៍មួយចំនួនដែលនឹងកើតឡើង មុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
សូមប្រាប់សិស្សថា នៅពេលពួកគេសិក្សាគម្ពីរវិវរណៈនាពេលអនាគត នោះចម្លើយរបស់ព្រះអម្ចាស់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧អាចជួយពួកគេយល់អំពីអត្ថន័យនៃរូបភាពជានិមិត្តរូបនៅក្នុងគម្ពីរ ។
សូមបញ្ចប់មេរៀននេះដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀននេះ ឬដោយការចែកចាយបទពិសោធន៍មួយ ដែលអ្នកមាន ជាលទ្ធផលមកពី ការងាកទៅរកព្រះអម្ចាស់សុំជំនួយដើម្បីយល់បទគម្ពីរ ។