មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨-១០១:៤២ ( មេរៀនទី ២១ )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបនៃព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨-១០១:៤២ ( មេរៀនទី ២១ ) មិនមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀនផ្ដោតលើគោលលទ្ធិ និង គោលការណ៍តែពីរបីទាំងនេះប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨)
នៅពេលសិស្សបានសិក្សាអំពីពួកជនកំណាចមួយចំនួនបានធ្វើអំពើឃោឃៅព្រៃផ្សៃចំពោះពួកបរិសុទ្ធដែលបានជួបនៅក្នុងឃុំ ចាកសុន រដ្ឋមិសសួរី នោះពួកគេបានរៀនថា យើងបង្ហាញខ្លួនយើងចំពោះព្រះអម្ចាស់តាមរយៈការរក្សានូវសេចក្តីសញ្ញារបស់យើង សូម្បីតែវាលំបាកដើម្បីធ្វើវាក្តី ។ សិស្សក៏បានរៀនផងដែរថា ប្រសិនបើយើងស៊ូទ្រាំនឹងចំពោះការបំពានខុសឆ្គងដោយអត់ធ្មត់ និង ដោយគ្មានការសងសឹងតបវិញ នោះព្រះអម្ចាស់នឹងប្រទានរង្វាន់ដល់យើង ។ ជាចុងក្រោយ ពួកគេបានរៀនថាការចូលរួមក្នុងសង្គ្រាមអាចជាការត្រឹមត្រូវនៅក្រោមកាលៈទេសៈដែលបានដាក់បញ្ញត្តិដោយព្រះអម្ចាស់ប៉ុណ្ណោះ ។
ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩-១០០)
នៅក្នុងមេរៀននេះសិស្សបានរៀនថា យើងតំណាងឲ្យព្រះអម្ចាស់ នៅពេលយើងបម្រើបេសកកម្ម ហើយថាអស់អ្នកដែលទទួលយកដំណឹងល្អ « ដូចជាកូនក្មេងមួយ » (គ. និង ស. ៩៩:៣) ទទួលបានសេចក្តីមេត្តាករុណា ។ ពួកគេក៏បានរៀនផងដែរថា ប្រសិនបើយើងនឹងបន្លឺសំឡេងរបស់យើងដើម្បីចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ដោយចិត្តម៉ឹងម៉ាត់ និង ដោយនូវវិញ្ញាណស្លូតបូត នោះព្រះអម្ចាស់នឹងជួយយើងឲ្យដឹងពីអ្វីដើម្បីនិយាយ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់នៃសារលិខិតរបស់យើង ។ សិស្សក៏បានឃើញផងដែរថាគ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អដល់យើង ប្រសិនបើយើងដើរដោយទៀងត្រង់នៅចំពោះព្រះអម្ចាស់នោះ ។
ថ្ងៃទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១-១៦)
នៅពេលសិស្សបានសិក្សាអំពីការបណ្តេញចេញរបស់ពួកបរិសុទ្ធពីឃុំចាកសុន រដ្ឋមិសសួរី នោះពួកគេបានរៀនថា នៅពេលយើងរំលងព្រះបញ្ញត្តិ នោះព្រះបណ្តោយយើងរងទុក្ខ ការណ៍នេះគឺខុសពីការសាកល្បង និង បទពិសោធន៍លំបាកៗនានានៃអស់អ្នកដែលសុចរិត ។ ពួកគេក៏បានរៀនផងដែរថា ប្រសិនបើយើងមិនស៊ូទ្រាំនឹងការវាយផ្ចាលទេនោះ យើងនឹងពុំអាចញែកចេញបានឡើយ ។ សិស្សបានឃើញថាសូម្បីតែនៅពេលយើងបានធ្វើអំពើបាប នោះព្រះអម្ចាស់នឹងមានសេចក្តីអាណិតអាសូរចំពោះយើង ។ នៅពេលយើងរស់នៅដោយសុចរិត នោះយើងអាចស្វែងរកការលួងលោមនៅក្នុងការចេះដឹងថាមនុស្សទាំងអស់គឺនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។
ថ្ងៃទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៤២)
ជាផ្នែកនៃមេរៀននេះ សិស្សបានរៀនពីរបៀបនានាដែលយើងអាចត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ ពួកគេក៏បានរកឃើញគោលការណ៍ដែលថា អស់អ្នកដែលស៊ូទ្រាំនឹងការបៀតបៀន ដោយព្រោះព្រះនាមរបស់ព្រះអង្គសង្គ្រោះ ហើយកាន់ខ្ជាប់ក្នុងសេចក្តីជំនឿនឹងបានទទួលនូវសិរីល្អរបស់ព្រះ ។ ក្រៅពីនេះទៀត ពួកគេរកឃើញថាដើម្បីជួយមនុស្សនៅលើផែនដីនេះឲ្យទទួលពរជ័យរបស់ព្រះ នោះយើងត្រូវតែប្រែចិត្តពីអំពើបាបរបស់យើង និង មានការបន្ទាបខ្លួន ។
សេចក្តីផ្ដើម
មេរៀននេះផ្តោតលើការណែនាំមួយចំនួននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨ ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធដែលកំពុងត្រូវបានបៀតបៀនដោយពួកជនកំណាច ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលយើងគួរតែមានប្រតិកម្មតបតចំពោះស្ថានភាពលំបាកៗ ហើយវាអាចជួយពង្រឹងទីបន្ទាល់របស់ពួកគេអំពីព្រះចេស្តា និង សេចក្តីសប្បុរសរបស់ព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨
ព្រះអម្ចាស់លើកទឹកចិត្តដល់ពួកបរិសុទ្ធអំឡុងពេលនៃការរងទុក្ខរបស់ពួកគេ
មុនពេលចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ តើអ្នកនឹងមានអារម្មណ៍បែបណា ? តើអ្នកនឹងធ្វើអ្វីខ្លះ ?
សូមពន្យល់ថានៅក្នុងមេរៀនថ្ងៃនេះ ពួកគេនឹងរៀនអំពីការសាកល្បង និង ការបៀតបៀនមួយចំនួនមកលើពួកបរិសុទ្ធដែលរស់នៅក្នុងឃុំ ចាកសុន រដ្ឋមិសសួរី ដែលបានជួបនៅក្នុងខែ កក្កដា ឆ្នាំ ១៨៣៣ ។ សូមពន្យល់ថាពួកមិសសួរីមួយចំនួនបានប្រែជាខឹងនឹងពួកបរិសុទ្ធ ដោយសារតែភាពខុសគ្នានៃរឿងនយោបាយ សង្គម សេដ្ឋកិច្ច និង សាសនា ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាខណ្ឌខាងក្រោមឲ្យឮៗ ៖
នៅថ្ងៃសៅ ទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ ប្រជាពលរដ្ឋមិសសួរីដែលមានកំហឹងប្រមាណជា ៤០០ទៅ ៥០០នាក់បានជួបប្រជុំគ្នានៅសាលាក្តីនៅក្នុងទីក្រុងអ៊ីនឌីប៉េនឌិន រដ្ឋមិសសួរី ។ ពួកគេបានជ្រើសរើសគណៈកម្មការមួយ ដើម្បីព្រៀងឯកសារមួយដែលសង្ខេបពីការទាមទារចង់បានរបស់ខ្លួនពីពួកមរមន ។ ពួកគេបានទាមទារថា ពុំអនុញ្ញាតឲ្យមានពួកបរិសុទ្ធថ្ងៃចុងក្រោយផ្លាស់ប្តូរទីលំនៅទៅឃុំចាកសុនទៀតឡើយ ហើយបាននិយាយថាអស់អ្នកដែលកំពុងរស់នៅទីនោះត្រូវតែសច្ចាថាចាកចេញពីទីនោះឲ្យបានឆាប់តាមដែលអាចធ្វើបាន ។ លើសពីនោះទៀត ពួកគេបានទាមទារសាសនាចក្រឲ្យបញ្ឈប់ការបោះពុម្ពផ្សាយកាសែត ។ នៅពេលការទាមទារនេះត្រូវបានដាក់បង្ហាញដល់ថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងរដ្ឋមិសសួរី ថ្នាក់ដឹកនាំសាសនាចក្រមានការភ្ញាក់ផ្អើល ហើយបានស្នើសុំរយៈពេលបីខែដើម្បីពិចារណាពីសំណើនោះ និង ដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៅក្នុងរដ្ឋអូហៃអូ ។ ក្រុមប្រជាពលរដ្ឋនៃរដ្ឋមិសសួរីបានបង្ហាញពីការទាមទារដែលបដិសេធនឹងការស្នើសុំរបស់ថ្នាក់ដឹកនាំសាសនាចក្រ ។ ក្រោយមកពួកបរិសុទ្ធបានស្នើសុំរយៈពេល ១០ថ្ងៃ ប៉ុន្តែពួកគេបានអនុញ្ញាតឲ្យរយៈពេលតែ ១៥នាទីប៉ុណ្ណោះដើម្បីឆ្លើយតប ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [ Church Educational System manual ឆ្នាំ ២០០៣ ], ទំព័រ ១៣២-៣៣ ) ។
បន្ទាប់មកសូមឲ្យសិស្សឆ្លើយសំណួរនៅលើក្ដារខៀន ។
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យអានកថាខណ្ឌខាងក្រោមឲ្យឮៗ ៖
ពួកមិសសួរីដែលនៅឯការប្រជុំនៅក្នុងសាលាក្តីទីក្រុងអ៊ិនឌីប៉ែនដែនស៍ បានប្រែជាពួកជនកំណាចមួយពព្រិចភ្នែក ហើយបានសម្រេចចិត្តបំផ្លាញការិយាល័យបោះពុម្ព និង កាសែតចោល ។ ពួកជនកំណាចបានទំលាយទ្វារចូលទៅក្នុងការិយាល័យបោះពុម្ព គ្រវែងគ្រឿងសង្ហារិមទៅលើផ្លូវ និង សួនច្បារ ហែកកំទេចកាសែត ពង្រាយឯកសារនានា ហើយបានបំផ្លាញសមិទ្ធផលនៃការបោះពុម្ពស្ទើរតែទាំងស្រុង រួមទាំងក្រដាសនៃព្រះគម្ពីរនៃបទបញ្ញត្តិដែលមិនទាន់បានផ្គុំបញ្ចូលគ្នាស្ទើរតែទាំងអស់ ។ បន្ទាប់មកពួកជនកំណាចបានចង់បំផ្លាញហាងរបស់គិលបឺត និង វិតនី ។ ប៉ុន្តែ ស៊ិឌនី គិលបឺតបានជួបពួកជនកំណាចពីមុនពួកគេអាចធ្វើតាមគម្រោងការ និង ការសន្យារបស់ខ្លួនដែលថា លោកនឹងវេចខ្ចប់ឥវ៉ាន់ទាំងនោះ ហើយចាកចេញក្នុងរយៈពេលបីថ្ងៃ ។ ( សូមមើល Church History in the Fulness of Times,ទំព័រ ១៣៣ ) ។
បន្ទាប់មកសូមឲ្យសិស្សឆ្លើយសំណួរនៅលើក្ដារខៀនម្តងទៀត ។
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យអានកថាខណ្ឌខាងក្រោមឲ្យឮៗ ៖
បីថ្ងៃក្រោមមក នៅថ្ងៃទី ២៣ ខែ កក្កដា ពួកជនកំណាចបានលេចមុខម្តងទៀតនៅឃុំចាកសុន រដ្ឋមិសសួរី ម្តងនេះពួកវាប្រដាប់ដោយកាំភ្លើងវែង កាំភ្លើងខ្លី ខ្សែតី និង ដំបង ។ ពួកជនកំណាចបានដុះគំនរចំបើង និង វាលស្រែ ហើយបានបំផ្លាញផ្ទះជាច្រើនខ្នង ជង្រុកស្រូវ និង អ្វីៗជាច្រើនទៀត ។ ទីបំផុតពួកជនកំណាចបានប្រឈមមុខគ្នាជាមួយថ្នាក់ដឹកនាំសាសនាចក្រប្រាំមួយនាក់ ដោយឃើញថាទ្រព្យសម្បត្តិ និង ជីវិតនៃពួកបរិសុទ្ធបានធ្លាក់ក្នុងភាពគ្រោះថ្នាក់ ដោយបានប្រគល់ជីវិតរបស់ខ្លួនជាថ្លៃលោះនៃអ្វីៗទាំងនោះ ។ ពួកជនកំណាចបានបដិសេធការផ្តល់ឲ្យនោះ ពួកអ្នកដឹកនាំពួកជនកំណាចនោះបានគំរាមថា បុរស ស្ត្រី និង កូនក្មេងគ្រប់រូបនឹងវាយនឹងខ្សែតី ប្រសិនបើពួកគេមិនយល់ព្រមចាកចេញពីឃុំនោះទេ ។ ដោយការគាបសង្កត់ បងប្អូនប្រុសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចាកចេញពីឃុំចាកសុន—សមាជិកសាសនាចក្រពាក់កណ្តាល និង ថ្នាក់ដឹកនាំស្ទើរតែទាំងអស់គ្នាបានចាកចេញនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ១៨៣៤ ហើយអ្នកនៅសល់បានចាកចេញនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ១៨៣៤ ។ ពួកជនកំណាចបានអនុញ្ញតឲ្យ យ៉ូហាន ខូរិល និង ស៊ិឌនី គិលបឺត ឲ្យបន្តនៅលក់ទ្រព្យសម្បត្តិរបស់ពួកបរិសុទ្ធដែលត្រូវបានបណ្តេញចេញនោះ ។ ( សូមមើល Church History in the Fulness of Timesទំព័រ ១៣៤ ) ។
បន្ទាប់មកសូមឲ្យសិស្សឆ្លើយសំណួរនៅលើក្ដារខៀនម្តងទៀត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវការណែនាំនៃក្បាលកណ្ឌសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាមរកមើលអ្វីដែលបានបំផុសគំនិតឲ្យមានវិវរណៈនេះ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាមការណែនាំនៃក្បាលកណ្ឌ តើអ្វីទៅដែលជាអព្ភូហេតុដ៏អស្ចារ្យអំពីការកំណត់ពេលវេលានៃវិវរណៈនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលព្រះឱវាទដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ ។ ( វាអាចមានប្រយោជន៍ដើម្បីពន្យល់ថា សាបោត, នៅក្នុង ខ ២, គឺជាពាក្យរបស់ភាសាហេព្រើរដែលតែងតែមានន័យថា បរិវារ ឬ ពលទ័ព ។ ការប្រើពាក្យនេះនៅក្នុងខគម្ពីរនេះ បញ្ជាក់ឲ្យឃើញថាព្រះអម្ចាស់មានពលទ័ពនៃពួកទេវតា ឬ បរិវារ និង ពលទ័ពនៃសាសន៍អ៊ីស្រាអែល ឬ ពួកបរិសុទ្ធតាមការបញ្ជារបស់ទ្រង់ ។ [ សូមមើល Bible Dictionary, « Sabaoth »] ) ។
-
តើព្រះអម្ចាស់បានប្រទានព្រះឱវាទអ្វីខ្លះដល់ពួកបរិសុទ្ធ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
ហេតុអ្វីវាសំខាន់ដើម្បីឲ្យពួកបរិសុទ្ធថ្លែងអំណរគុណអំឡុងគ្រាដ៏លំបាកនេះ ?
-
តើអ្នកគិតថាដោយអត់ឱនរង់ចាំព្រះអម្ចាស់ មានន័យដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ៉ូបឺត ឌី ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖ សូមឲ្យសិស្សក្នុងថា្នក់ស្ដាប់រកអត្ថន័យនៃឃ្លា ដោយអត់ឱនរង់ចាំព្រះអម្ចាស់ ។
រូបភាពអែលឌើរ រ៉ូបឺត ឌី ហ៊ែល« តើ…ដោយអត់ឱនរង់ចាំព្រះអម្ចាស់មានន័យដូចម្តេច ? នៅក្នុងព្រះគម្ពីរពាក្យ រង់ចាំ មានន័យថា សង្ឃឹម ចូលរួម និង ទុកចិត្ត ។ សង្ឃឹម និង ទុកចិត្តលើព្រះអម្ចាស់តម្រូវឲ្យមានសេចក្តីជំនឿ ការអត់ធ្មត់ ការបន្ទាបខ្លួន ភាពស្លូតបូត ការអត់ទ្រាំ រក្សាព្រះបញ្ញត្តិ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត » (« Waiting upon the Lord: Thy Will Be Done » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧២ ) ។
-
តើសេចក្តីថ្លែងការណ៍របស់អែលឌើរ ហែលជួយអ្នកឲ្យយល់ពីអត្ថន័យនៃឃ្លា ដោយអត់ឱនរង់ចាំព្រះអម្ចាស់យ៉ាងដូចម្តេច ?
-
ហេតុអ្វីបានជាព្រះឱវាទដើម្បីអត់ឱនរង់ចាំព្រះអម្ចាស់មានសារៈសំខាន់ចំពោះពួកបរិសុទ្ធនៅក្នុងរដ្ឋមិសសួរី ?
-
តើព្រះបន្ទូលលួងលោមអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានឲ្យដល់ពួកបរិសុទ្ធនៅក្នុង ខ ២?
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញខាងក្រោមនៅលើក្ដារខៀន ៖ ប្រសិនបើយើងថ្លែងអំណរគុណនៅក្នុងគ្រប់ការណ៍ទាំងអស់ ហើយអត់ឱនរង់ចាំព្រះអម្ចាស់ នោះ…
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:៣ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពីអ្វីដែលព្រះអម្ចាស់បានសន្យាចំពោះពួកបរិសុទ្ធ ប្រសិនបើពួកគេគោរពតាមព្រះឱវាទរបស់ទ្រង់ ។
-
តើអ្នកនឹងបំពេញគោលការណ៍នៅលើក្តារខៀននេះយ៉ាងដូចម្តេច ដោយផ្អែកលើ ខ ៣? ( ខាងក្រោមនេះគឺជារបៀបមួយដើម្បីបំពេញគោលការណ៍នេះ ៖ ប្រសិនបើយើងថ្លែងអំណរគុណនៅក្នុងគ្រប់ការណ៍ទាំងអស់ ហើយអត់ឱនរង់ចាំព្រះអម្ចាស់ នោះព្រះអម្ចាស់អាចធ្វើឲ្យការរងទុក្ខរបស់យើងផ្សំគ្នាសម្រាប់ជាសេចក្តីល្អរបស់យើង) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលបានអត់ឱនរង់ចាំព្រះអម្ចាស់ អំឡុងពេលលំបាកនានា ហើយបានរកឃើញហេតុផលដើម្បីថ្លែងអំណរគុណ ។
-
តើការរងទុក្ខបាននាំមកនូវសេចក្តីល្អនៅក្នុងជីវិតរបស់មនុស្សម្នាក់នោះតាមរបៀបណាខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យដែលពួកស្មោះត្រង់នឹងទទួលបាន ។
សូមបញ្ចប់ដោយថ្លែងទីបន្ទាល់អំពីគោលការណ៍ទាំងឡាយដែលអ្នកបានពិភាក្សាគ្នានៅក្នុងថ្នាក់រៀនថ្ងៃនេះ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១; ១០២-១០៥)
សូមអញ្ជើញសិស្សឲ្យស្រមៃពីរបៀបដែលពួកគេអាចឆ្លើយតប ប្រសិនបើពួកគេត្រូវបានហៅដោយព្រះអម្ចាស់ ឲ្យធ្វើដំណើររាប់រយគីឡូម៉ែត្រ អស់រយៈពេលជាច្រើនខែដើម្បីជួយសមាជិកសាសនាចក្រដែលទីទ័លក្រ ។ សូមពន្យល់ថានៅពេលពួកគេសិក្សាខគម្ពីរដែលនៅសល់នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ និង កណ្ឌទី ១០២ រហូតដល់ ១០៥ អំឡុងសប្តាហ៍ខាងមុខនេះ នោះពួកគេនឹងរៀនអំពីក្រុមមនុស្សដែលស្ម័គ្រចិត្តធ្វើដំណើរពីរដ្ឋអូហៃអូ ទៅរដ្ឋមិសសួរីដើម្បីជួយសមាជិកសាសនាចក្រ ។ ក្រុមនេះត្រូវបានគេស្គាល់ថាជាជំរំស៊ីយ៉ូន ។