មេរៀនទី ១២៥
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩-១២០
បុព្វកថា
នៅក្នុងរដូវក្ដៅឆ្នាំ ១៨៣៨ ពួកបរិសុទ្ធកំពុងជួបវិបត្តិខាងផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង នៅពេលពួកគេព្យាយាមស្ថាបនាសាសនាចក្រនៅក្នុងរដ្ឋ មិសសួរីភាគខាងជើង ។ ព្យាការី យ៉ូសែប ស៊្មីធ បានព្យាយាមសុំការណែនាំពីព្រះអម្ចាស់ ហើយនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ លោកបានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩ និង ១២០ ។ នៅក្នុងវិវរណៈទាំងនេះ ព្រះអម្ចាស់បានបង្រៀនច្បាប់ដង្វាយមួយភាគក្នុងដប់ និង បានផ្តល់សិទ្ធិជាក់លាក់ដល់ថ្នាក់ដឹកនាំសាសនាចក្រ ដើម្បីសម្រេចពីរបៀបដែលមូលនិធិនៃដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើប្រាស់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:១-៤
ព្រះអម្ចាស់បើកសម្ដែងពីច្បាប់ដង្វាយមួយភាគក្នុងដប់
សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងខាងក្រោមឲ្យឮៗ ដែលបានប្រាប់ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖
« ស្ត្រីម្នាក់នៅក្នុងទីក្រុង សៅ ផាឡូ ប្រទេសប្រេស៊ីល…បានធ្វើការផង និង រៀនផងដើម្បីផ្គត់ផ្គង់គ្រួសារនាង ។ ខ្ញុំសូមប្រើពាក្យពេចន៍ផ្ទាល់របស់នាងក្នុងការប្រាប់រឿងនេះ ។ នាងថ្លែងថា ៖
« សាកលវិទ្យាល័យដែលខ្ញុំបានសិក្សានោះ មានច្បាប់មួយដែលហាមឃាត់សិស្សដែលមិនទាន់បង់លុយឲ្យធ្វើការប្រឡងនោះឡើយ ។…
« ‹ ខ្ញុំបានចាំពីពេលមួយ នៅពេលដែលខ្ញុំ … មានបញ្ហាលំបាកខ្លាំងខាងផ្នែកហិរញ្ញវត្ថុ ។… នៅពេលដែលខ្ញុំចាត់ចែងថវិកាប្រចាំខែរបស់ខ្ញុំ នោះខ្ញុំចាប់អារម្មណ៍ថា គ្មានប្រាក់គ្រប់គ្រាន់ដើម្បីបង់ [ ទាំង ] ដង្វាយមួយភាគក្នុងដប់ និង ថ្លៃសាកលវិទ្យាល័យរបស់ខ្ញុំ ។ ខ្ញុំត្រូវតែជ្រើសរើសរវាងតម្រូវការទាំងពីរនោះ ។ ការប្រឡងរៀងរាល់ពីរខែម្តង នឹងចាប់ផ្តើមនៅសប្តាហ៍បន្ទាប់ ហើយបើសិនខ្ញុំមិនបានប្រឡងទេ នោះខ្ញុំនឹងធ្លាក់ក្នុងឆ្នាំនោះ ។ ខ្ញុំមានអារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំង ។… ខ្ញុំមានការសម្រេចចិត្តដ៏ពិបាកក្រៃលែងនៅចំពោះមុខ ហើយខ្ញុំមិនដឹងថាត្រូវសម្រេចចិត្តយ៉ាងណានោះទេ › » (We Walk by Faith »Ensign, ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៧៣ ) ។
-
តើអ្នកនឹងនិយាយយ៉ាងដូចម្តេចទៅកាន់មនុស្សម្នាក់ដែលស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបែបនេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងបន្តទៀត ៖
« ‹ អារម្មណ៍នេះបាននៅតែដក់ក្នុងគំនិតខ្ញុំ ហើយនៅជាប់នឹងខ្ញុំ [ អស់ជាច្រើនថ្ងៃ ] ។ បន្ទាប់មក ខ្ញុំបានចងចាំថា នៅពេលខ្ញុំបានជ្រមុជទឹក ខ្ញុំបានយល់ព្រមដើម្បីរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ។ ខ្ញុំបានលើកដាក់មកលើខ្លួនខ្ញុំនូវកាតព្វកិច្ចនេះ មិនមែនជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនានោះទេ ប៉ុន្ដែជាមួយនឹងព្រះវរបិតាសួគ៌របស់ខ្ញុំ ។ នៅពេលនោះ ការឈឺចាប់បានចាប់ផ្ដើមវិនាសបាត់ទៅ ដោយបន្សល់ទុកនូវអារម្មណ៍ដ៏រីករាយនៃភាពស្ងប់ស្ងាត់ និងការប្ដេជ្ញាចិត្ត ។…
« ‹ នាយប់នោះ នៅពេលខ្ញុំបានអធិស្ឋាន ខ្ញុំបានទូលសុំព្រះអម្ចាស់ឲ្យអភ័យទោសឲ្យខ្ញុំចំពោះការសម្រេចចិត្តរបស់ខ្ញុំ ។ នៅថ្ងៃអាទិត្យ…ខ្ញុំបានបង់ដង្វាយមួយភាគក្នុងដប់ និង ដង្វាយតមអាហារដោយក្តីរីករាយបំផុត ។ នោះគឺជាថ្ងៃមួយដ៏ពិសេស ។ ខ្ញុំមានអារម្មណ៍រីករាយ និង មានភាពសុខសាន្តនៅក្នុងដួងចិត្តខ្ញុំជាមួយនិង ព្រះវរបិតាសួគ៌ › » (We Walk by Faith »ទំព័រ ៧៣ ) ។
សូមឲ្យសិស្សសញ្ជឹងគិតពីរបៀបដែលពួកគេអាចឆ្លើយតបចំពោះស្ថានភាពនេះ ។ សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍នានាអំឡុងពេលពួកគេសិក្សាខគម្ពីរថ្ងៃនេះ ដែលអាចជួយពួកគេនៅពេលពួកគេជួបស្ថានភាពស្រដៀងគ្នានេះ ។
សូមពន្យល់ថានៅដើមឆ្នាំ ១៨៣៧ សាសនាចក្រកំពុងជួបវិបត្តិខាងផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ព្រមទាំងសមាជិកនៃសាសនាចក្រជាច្រើននាក់ទៀតផងដែរ ។ បញ្ហាហិរញ្ញវត្ថុនេះបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេស មនុស្សកំណាចប្រើអំពើហិង្សានៅក្នុងរដ្ឋ មិសសួរី និង រដ្ឋ អូហៃអូ ដែលបណ្តេញពួកបរិសុទ្ធចេញពីផ្ទះសម្បែងរបស់ខ្លួន និងពួកបរិសុទ្ធមួយចំនួនគ្មានឆន្ទៈដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ នៅឆ្នាំ ១៨៣៨ ជាមួយនឹងការប្រមូលផ្តុំនៃពួកបរិសុទ្ធទៅកាន់ឃុំ ខលវ៉េល រដ្ឋ មិសសួរី សាសនាចក្រត្រូវការប្រាក់ដើម្បីសម្រេចចំពោះអ្វីដែលព្រះអម្ចាស់បានចេញបញ្ជាដល់ពួកគេឲ្យធ្វើ ដូចជាការសាងសង់ព្រះវិហារបរិសុទ្ធនៅហ្វា វេស ។ ប៊ីស្សពនៅក្នុងរដ្ឋ អូហៃអូ និង មិសសួរី ត្រូវបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យនាំដង្វាយមួយភាគក្នុងដប់ និង ដង្វាយផ្សេងៗរបស់ខ្លួនទៅទុកក្នុងឃ្លាំង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីណែនាំ នៃក្បាលកណ្ឌ គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្អៀងតាម រកមើលអ្វីដែលយ៉ូសែប ស៊្មីធបានទូលសួរនៅពេលនោះ ។
-
តើយ៉ូសែប ស្ម៊ីធ បានសួរអ្វីខ្លះដល់ព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:១-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលចម្លើយរបស់ព្រះអម្ចាស់ ចំពោះការស្នើសុំរបស់យ៉ូសែប ស្ម៊ីធ ។
-
យោងតាម ខ ៤, តើដង្វាយមួយភាគក្នុងដប់គឺជាអ្វី ? ( សិស្សគួរតែរកឃើញព្រះបញ្ញត្តិខាងក្រោមនេះ ៖ ព្រះអម្ចាស់បញ្ជាឲ្យពួកយើងបង់មួយភាគក្នុងដប់នៃនូវធនធានរបស់យើងថ្វាយទ្រង់ ទុកជាដង្វាយមួយភាគក្នុងដប់ ។ អ្នកអាចសរសេរព្រះបញ្ញត្តិនេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សឲ្យយល់អត្ថន័យនៃពាក្យ ធនធាន នៅក្នុង ខ ៤សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហាវើដ ដបុលយូ ហឹនធើរ ឲ្យឮៗ ៖
« ក្រឹត្យវិន័យនេះគឺថ្លែងយ៉ាងសាមញ្ញថា ‹ មួយភាគដប់នៃធនធានទាំងអស់របស់ពួកគេ › ។ ធនធានមានន័យថា ប្រាក់ចំណេញ ប្រាក់សំណង ប្រាក់កំណើន ។ វាគឺជាប្រាក់ខែរបស់និយោជិតមួយរូប ជាប្រាក់ចំណេញពីការធ្វើអាជីវកម្ម ជាប្រាក់កំណើនរបស់បុគ្គលម្នាក់ដែលរីកចម្រើន ឬ រកបាន ឬ ជាប្រាក់ចំណូលរបស់មនុស្សម្នាក់ទោះមកពីប្រភពណាក៏ដោយ ។ ព្រះអម្ចាស់បានមានបន្ទូលថា វាជាក្រឹត្យវិន័យដែលនៅ ‹ អចិន្ត្រៃយ › ដូចដែលវាមានពីបុរាណកាលផងដែរ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៦៤, ទំព័រ ៣៥ ) ។
-
តើអ្នករៀនអ្វីខ្លះពីការបញ្ជារបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធឲ្យថ្វាយដង្វាយមួយភាគក្នុង នៅចំពេលដែលវាមានការលំបាកចំពោះពួកគេដើម្បីធ្វើការណ៍នោះដូច្នេះ ?
-
តើការបង់ដង្វាយមួយភាគក្នុងដប់ជាទង្វើធ្វើឡើងដោយសេចក្តីជំនឿតាមរបៀបណាខ្លះ ?
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបបង់ដង្វាយមួយភាគក្នុងដប់ សូមបង្ហាញក្រដាសបង់ដង្វាយមួយភាគក្នុងដប់ និង ដង្វាយផ្សេងៗ ។ សូមឲ្យសិស្សស្រមៃថា ពួកគេទើបតែរកបានប្រាក់មួយចំនួន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យប៉ាន់ស្មានពីចំនួនប្រាក់នោះ ។
-
តើប្រាក់ចំនួនប៉ុណ្ណឹងត្រូវបង់ដង្វាយមួយភាគដប់ប៉ុន្មាន ?
សូមកត់ចំនួនប្រាក់នៃដង្វាយមួយក្នុងដប់នោះនៅកន្លែងត្រឹមត្រូវនៅលើក្រដាសនោះ ហើយសួរសំណួរខាងក្រោម ៖
-
ប្រសិនបើយើងចែក ១០ភាគរយនៃប្រាក់ចំណូលរបស់យើងក្នុងចំណោមខ្ទង់បរិច្ចាគផ្សេងៗទៀតនៅលើក្រដាសនេះ តើយើងបានបង់ដង្វាយមួយភាគក្នុងដប់ពេញលេញដែរឬទេ ? ( សូមប្រាកដថាសិស្សយល់ថា ១០ភាគរយនៃប្រាក់ចំណូលរបស់យើងគួរតែត្រូវដាក់ក្នុងខ្ទង់ដង្វាយមួយភាគក្នុងដប់ ។ ការបរិច្ចាគផ្សេងៗទៀតដែលពួកគេបរិច្ចាគ គឺជាមូលនិធិផ្សេងទៀតក្រៅពី ១០ភាគរយនោះ ) ។
សូមចែកសិស្សជាគូៗ ។ សូមឲ្យពួកគេពន្យល់គ្នាទៅវិញទៅមកអំពីការយល់ដឹងរបស់ពួកគេ អំពីរបៀបដែលមូលនិធិនៃដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើប្រាស់ ។ បន្ទាប់មកសូមអញ្ជើញសិស្សម្នាក់ឲ្យអានការពន្យល់របស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:២។
-
យោងតាម ខ ២, តើមូលនិធិដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើសម្រាប់អ្វីខ្លះ ? ( ដង្វាយមួយភាគក្នុងដប់ ត្រូវបានប្រើ ‹ សម្រាប់ការកសាងដំណាក់របស់ [ ព្រះអម្ចាស់ ] [ កសាងព្រះវិហារបរិសុទ្ធ ] និង « សម្រាប់ការសង់គ្រឹះនៃស៊ីយ៉ូន និងសម្រាប់បព្វជិតភាព » [ ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ផ្នែកផ្សេងទៀតនៃកិច្ចការរបស់ព្រះអម្ចាស់ ដូចជាការសាងសង់ និងការថែរក្សាសាលាប្រជុំ ការបកប្រែ និងបោះពុម្ពព្រះគម្ពីរ និងការឧបត្ថមដល់អ្នកផ្សព្វផ្សាយសាសនា និងកិច្ចការពង្សប្រវត្តិនៅទូទាំងពិភពលោក ] ។ អ្នកអាចចង្អុលបង្ហាញថា សព្វថ្ងៃនេះសាសនាចក្រពុំជំពាក់បំណុលរបស់គេទេ ។ សូមសរសេរសេចក្តីពិតខាងក្រោមនៅលើក្ដារខៀន ៖ មូលនិធិនៃដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើប្រាស់ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ និង ដើម្បីសម្រេចកិច្ចការរបស់ព្រះអម្ចាស់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៥-៧
ព្រះអម្ចាស់ពន្យល់ពីច្បាប់ដង្វាយមួយភាគក្នុងដប់
សូមអញ្ជើញសិស្សពីរនាក់ឲ្យចូលរួមក្នុង ការសម្ដែងមួយ ។ សូមចាត់តាំងឲ្យសិស្សម្នាក់ធ្វើសមាជិកស្មោះត្រង់នៃសាសនាចក្រ ហើយសិស្សទីពីរដើរតួជាម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ។ សូមឲ្យសិស្សទីពីរនូវក្រដាសមួយសន្លឹកដោយសរសេរសំណួរខាងក្រោមនៅលើក្រដាសនោះ ៖ ខ្ញុំបានឮថាអ្នកបានបង់ ១០ភាគរយនៃប្រាក់ចំណូលរបស់អ្នកទៅក្នុងសាសនាចក្ររបស់អ្នក ។ ហេតុអ្វីអ្នកចង់ធ្វើបែបនោះ ?
សូមឲ្យសិស្សទីពីរអានសំណួរឲ្យឮៗ ហើយអញ្ជើញសិស្សទីមួយឲ្យឆ្លើយ ។ បន្ទាប់ពីសម្តែងចប់ សូមសួរសិស្សក្នុងថា្នក់ពីរបៀបដែលពួកគេអាចឆ្លើយចំពោះសំណួរនោះ ។ សូមចង្អុលបង្ហាញថាមានចម្លើយល្អៗជាច្រើនចំពោះសំណួរនេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៦-៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្វែងរកអ្វីដែលបានសម្រេចដោយការធ្វើតាមច្បាប់ដង្វាយមួយភាគក្នុងដប់នេះ ។
-
យោងតាម ខ ៦តើមានអ្វីខ្លះដែលសម្រេចបានតាមរយៈការគោរពប្រតិបត្តិចំពោះច្បាប់ដង្វាយមួយភាគក្នុងដប់ ? ( ញែកដែនដីស៊ីយ៉ូនចេញជាបរិសុទ្ធដល់ព្រះអម្ចាស់ ) ។
ដើម្បីជួយសិស្សឲ្យយល់ខគម្ពីរនេះ សូមពន្យល់ថាការញែកចេញជាបរិសុទ្ធ សំដៅលើការគ្មានអំពើបាប—បរិសុទ្ធ ស្អាតស្អំ និង បរិសុទ្ធតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះ សូមរំឭកសិស្សថាស៊ីយ៉ូនគឺជាមានន័យលើសពីទីតាំងទៅទៀត វាគឺជាមនុស្សដែលជា« អ្នកដែលមានចិត្តល្អសុទ្ធសាធ » (គ. និង ស. ៩៧:២១) ។
សូមអញ្ជើញសិស្សឲ្យសង្ខេបឥទ្ធិពលនៃការគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់ជាពាក្យសម្តីផ្ទាល់របស់ខ្លួន ។ ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នាក្តី ពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោម ៖ ការបង់ដង្វាយមួយភាគក្នុងដប់ញែកយើងម្នាក់ៗ និង សាសនាចក្រចេញជាបរិសុទ្ធ ។ សូមសរសេគោលការណ៏នេះនៅលើក្តារខៀន ។ អ្នកអាចស្នើថា សិស្សគួរតែសរសេរវានៅក្បែរគែមទំព័រនៃព្រះគម្ពីររបស់ពួកគេ ។
ដើម្បីជួយសិស្សឲ្យយល់ និងទទួលអារម្មណ៍ពីភាពសំខាន់នៃគោលការណ៍នេះ សូមឲ្យពួកគេឆ្លើយសំណួរមួយខាងក្រោមនេះនៅក្នុងសៀវភៅកត់ត្រាក្នុងថ្នាក់របស់ពួកគេ ឬ សៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ខ្លួន ៖
-
តើការបង់ដង្វាយមួយភាគក្នុងដប់បានជួយញែកអ្នកចេញជាបរិសុទ្ធយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាការបង់ដង្វាយមួយភាគក្នុងដប់នឹងជួយមនុស្សម្នាក់ឲ្យត្រូវបានញែកចេញជាបរិសុទ្ធតាមវិធីណា ?
ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់ពីអ្វីដែលពួកគេបានសរសេរ ។ អ្នកក៏អាចចែកចាយនូវបទពិសោធន៍មួយ និង ថ្លែងទីបន្ទាល់របស់ខ្លួនអំពីច្បាប់ដង្វាយមួយភាគក្នុងដប់នេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២០
ព្រះអម្ចាស់បង្កើតក្រុមប្រឹក្សា លើការរៀបចំដង្វាយមួយ ភាគក្នុងដប់
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីណែនាំក្បាលកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២០ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលគោលបំណងនៃវិវរណៈនេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២០:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលថានរណាដែលព្រះអម្ចាស់បានជ្រើសរើសដើម្បីធ្វើជាផ្នែកមួយនៃក្រុមប្រឹក្សាដែលសម្រេចពីរបៀបដែលមូលនិធិនៃដង្វាយមួយភាគក្នុងដប់ត្រូវចំណាយ ។
-
តើនរណាជាអ្នកសម្រេចពីរបៀបដើម្បីប្រើប្រាស់មូលនិធិនៃដង្វាយមួយភាគក្នុងដប់ ?
អ្នកអាចពន្យល់ថាក្រុមប្រឹក្សាដែលបាននិយាយនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២០ គឺមានទំនួលខុសត្រូវសម្រាប់គ្រប់គ្រងលើការបង់ និង ការចំណាយទាំងអស់សម្រាប់សាសនាចក្រទាំងមូល ។ បច្ចុប្បន្នក្រុមប្រឹក្សានេះត្រូវបានស្គាល់ថាជាក្រុមប្រឹក្សាលើការរៀបចំដង្វាយមួយភាគក្នុងដប់ ហើយរួមមាន គណៈប្រធានទីមួយ កូរ៉ុមសាវកដប់ពីរនាក់ និង គណៈប៊ីស្សពជាអធិបតី ។
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២០:១, តើសមាជិកនៃក្រុមប្រឹក្សានេះសម្រេចពីរបៀបប្រើមូលនិធិដង្វាយមួយភាគក្នុងដប់នេះដោយរបៀបណា ? ( តាមរយៈ« សំឡេងព្រះអង្គសង្គ្រោះផ្ទាល់ចំពោះពួកលោក » ។ ឬនិយាយម្យ៉ាងទៀតថា តាមរយៈវិវរណៈ ) ។
សូមឲ្យសិស្សសង្ខេបជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ ពីអ្វីដែលវិវរណៈនេះបង្រៀនអំពីនរណាដែលដឹកនាំការប្រើប្រាស់មូលនិធិដង្វាយមួយភាគក្នុងដប់នេះ ។ ( ទោះបីជាសិស្សអាចប្រើពាក្យផ្សេងគ្នាក្ដី ក៏ពួកគេគួរតែរកឃើញគោលការណ៍ខាងក្រោមនេះ ៖ ព្រះអម្ចាស់ដឹកនាំការប្រើប្រាស់មូលនិធិដង្វាយមួយភាគក្នុងដប់តាមរយៈអ្នកបម្រើជម្រើសរបស់ទ្រង់) ។
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលគោលការណ៍នេះដំណើរការនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ សូមពន្យល់ថាវួដ ឬ សាខានិមួយៗបានផ្ញើមូលនិធិដែលប្រមូលបានទៅកាន់ទីស្នាក់ការកណ្តាលរបស់សាសនាចក្រ ។ ពួកអ្នកដឹកនាំប្រចាំមូលដ្ឋាន ពុំសម្រេចពីរបៀបដែលមូលនិធិពិសិដ្ឋទាំងនេះត្រូវបានប្រើប្រាស់ឡើយ ។ ក្រុមប្រឹក្សា លើការរៀបចំដង្វាយមួយភាគក្នុងដប់នេះធ្វើការសម្រេចចិត្តទាំងនោះក្រោមការដឹកនាំពីព្រះអម្ចាស់ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លីបានមានប្រសាសន៍អំពីការគោរពដ៏ជ្រាលជ្រៅចំពោះ ក្រុមប្រឹក្សាលើការរៀបចំដង្វាយមួយភាគក្នុងដប់ សម្រាប់មូលនិធិ ដង្វាយមួយភាគក្នុងដប់ ៖
« ខ្ញុំបានរក្សាប្រាក់ស្លឹងមួយរបស់ស្ត្រីមេម៉ាយ នៅលើទូក្រោយតុរបស់ខ្ញុំដែលគេបានឲ្យខ្ញុំនៅក្នុងទីក្រុង យេរូសាឡិមកាលពីច្រើនឆ្នាំមុនទុកជាវត្ថុរំឭក រំឭកជានិច្ចនៃការញែកមូលនិធិដែលយើងត្រូវចែកចាយ ។ ប្រាក់ដង្វាយនោះមកពីស្ត្រីមេម៉ាយ វាគឺជាការបូជារបស់នាងព្រមទាំង ដង្វាយមួយភាគដប់របស់អ្នកមានទ្រពនោះ ហើយវាត្រូវបានប្រើប្រាស់ដោយការយកចិត្តទុកដាក់ និង ដោយការសម្រេចចិត្តសម្រាប់គោលបំណងនានារបស់ព្រះអម្ចាស់ ។ យើងប្រើវាដោយប្រុងប្រយ័ត្ន និង ការពារវា ហើយព្យាយាមគ្រប់បែបយ៉ាងដែលយើងអាចធ្វើបាន ដើម្បីឃើញថាយើងបានប្រើប្រាស់វាដូចដែលយើងមានអារម្មណ៍ថាព្រះអម្ចាស់សព្វព្រះទ័យឲ្យប្រើវាសម្រាប់ការលើកស្ទួយកិច្ចការរបស់ទ្រង់ និង ផ្តល់ប្រយោជន៍ដល់មនុស្ស » (This Thing Was Not Done in a Corner » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៥០ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹង ឬ ទីបន្ទាល់បន្ថែមទៀតរបស់ខ្លួនអំពីច្បាប់ដង្វាយមួយភាគក្នុងដប់នេះ ។