មេរៀនទី ៩៦
គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩២
បុព្វកថា
នៅថ្ងៃទី ៨ ខែ មិនា ឆ្នាំ ១៨៣៣ ព្រះអម្ចាស់បានប្រទានវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩០។ វិវរណៈនេះមាននូវការណែនាំដល់គណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ និងជា « ជំហានបន្ដ » នៅក្នុងការបង្កើតនៃគណៈប្រធានទីមួយ ( សូមមើល សេចក្ដីណែនាំកណ្ឌ ) ។ នៅថ្ងៃទី ៩ ខែ មិនា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បានទូលសួរបើសិនជាលោកគួរតែបញ្ចូលអាប៉ូគ្រីផានៅក្នុងការបកប្រែព្រះគម្ពីរប៊ីបរបស់លោកឬអត់ ។ ព្រះអម្ចាស់បានឆ្លើយតបចំពោះសំណួររបស់ យ៉ូសែប ស៊្មីធ តាមរយៈវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩១ហើយប្រាប់លោកថា វាពុំចាំបាច់ត្រូវបកប្រែទេ ។ គ្រាន់តែប៉ុន្មានថ្ងៃក្រោយមក នៅថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ១៨៣៣ ព្យាការីបានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩២ ដែលណែនាំដល់ ហ្រ្វែឌើរិក ជី វិលលាម្ស ជាទីប្រឹក្សាម្នាក់របស់ យ៉ូសែប ស៊្មីធ ឲ្យធ្វើជាសមាជិកសកម្មម្នាក់នៃក្រុមហ៊ុនសហភាព ដែលបានស្ថាបនាឡើងដើម្បីមើលខុសត្រូវលើសុខុមាលភាព និងកិច្ចការអាជីវកម្មរបស់សាសនាចក្រ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១-១៨
ព្រះអម្ចាស់បានណែនាំដល់គណៈប្រធានអំពីបព្វជិតភាពជាន់ខ្ពស់ស្តី អំពីទំនួលខុសត្រូវរបស់ពួកគេ
សូមចាប់ផ្ដើមមេរៀនដោយការសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើអំណោយដ៏មានតម្លៃបំផុត ដែលអ្នកធ្លាប់បានទទួលគឺជាអ្វី ? តើហេតុអ្វីវាមានតម្លៃ ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១-៣ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីមួយដែលមានតម្លៃ ដែលព្រះអម្ចាស់បានប្រទានដល់ យ៉ូសែប ស៊្មីធ ។
-
តើយ៉ូសែប ស៊្មីធ បានកាន់កាប់អ្វី ? ( កូនសោនៃនគរ ដែលមានន័យថា ជាសិទ្ធិទាំងឡាយនៃគណៈប្រធាន ឬព្រះចេស្ដា ដែលព្រះប្រទានដល់មនុស្សដើម្បីគ្រប់គ្រង និងដឹកនាំនគររបស់ទ្រង់នៅលើផែនដី ) ។ ហេតុអ្វីក៏របស់នោះមានតម្លៃ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:៤-៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីការព្រមានដែលព្រះអម្ចាស់បានប្រទានដល់ពួកអ្នកបរិសុទ្ធ ។ ( អ្នកអាចត្រូវពន្យល់ថា ដូចបានប្រើនៅក្នុងខ ៤-៥ពាក្យព្រះបន្ទូលទាំងឡាយសំដៅទៅលើវិវរណៈទាំងឡាយមកពីព្រះតាមរយៈពួកព្យាការីរបស់ទ្រង់ ) ។
-
តើការព្រមានអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ ? តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីការព្រមាននេះ ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ដូចខាងក្រោម ៖បើយើងរាប់វិវរណៈទាំងឡាយដែលព្រះប្រទានឲ្យតាមរយៈពួកព្យាការីរបស់ទ្រង់ជាឥតការ នោះ យើងនឹងជំពប់ ហើយដួល ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើអ្នកគិតថា ការរាប់វិវរណៈទាំងឡាយ ដែលព្រះប្រទានឲ្យតាមរយៈពួកព្យាការីរបស់ទ្រង់ជា«ឥតការ» វាមានន័យយ៉ាងណា ? តើគំរូនៃវិវរណៈមួយចំនួនដែលមនុស្សអាចនឹងត្រូវបានល្បួងឲ្យរាប់ជាឥតការមានអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:៦ដោយស្ងាត់ស្ងៀម រកមើលអ្នកណាផ្សេងទៀតដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា នឹងកាន់កូនសោទាំងឡាយនៃនគរនោះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថា នៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ ១៨៣៣ ជារយៈពេលដប់ថ្ងៃបន្ទាប់ពីកណ្ឌទី ៩០ត្រូវបានប្រទានឲ្យ នោះ យ៉ូសែប ស៊្មីធ បានញែក ស៊ីឌនី រិកដុន និង ហ្រ្វែឌើរិក ជី វិលលាម្ស ជាទីប្រឹក្សានៅក្នុងគណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ ដែលក្រោយមកត្រូវបានហៅថាជាគណៈប្រធានទីមួយនៃសាសនាចក្រ ។
-
តើគោលលទ្ធិអ្វីដែលយើងរៀនមកពី ខ ៦នេះ ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងអំពីគោលលទ្ធិដូចខាងក្រោម ៖គណៈប្រធានទីមួយ កាន់កូនសោទាំងឡាយនៃនគរ ។ សូមប្រាកដថា សិស្សយល់ថា ទោះបីជាសមាជិកម្នាក់ៗនៃគណៈប្រធានទីមួយ កាន់កូនសោទាំងឡាយនៃនគរក្ដី ក៏ប្រធានសាសនាចក្រ គឺជាមនុស្សតែម្នាក់គត់ដែលអាចទទួលវិវរណៈសម្រាប់សាសនាចក្រទាំងមូល ) ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:៧-១០ដោយការពន្យល់ថា គណៈប្រធានទីមួយ ត្រូវបានណែនាំឲ្យរៀបចំសមាជិកនៃសាលានៃពួកព្យាការី ដើម្បីផ្សាយដំណឹងល្អទៅទូទាំងពិភពលោក ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១១ដោយស្ងាត់ស្ងៀម ហើយពិចារណាអំពីរបៀបដែលខគម្ពីរនេះ ត្រូវបានបំពេញនៅសព្វថ្ងៃនេះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
អ្នកក៏អាចនឹងចង់សង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១២-១៨ផងដែរ ។ ខគម្ពីរទាំងនេះ បង្រៀនថា ព្យាការី យ៉ូសែប ស៊្មីធ និងទីប្រឹក្សារបស់លោក គឺត្រូវរៀបចំឲ្យកិច្ចការនៃសាសនាចក្រមានរបៀបរៀបរយ ។
អ្នកអាចថ្លែងទីបន្ទាល់ថា គណៈប្រធានទីមួយ កាន់កូនសោទាំងឡាយនៃនគរ ហើយចែកចាយអារម្មណ៍របស់អ្នក អំពីសារៈសំខាន់នៃការស្ដាប់តាមពាក្យសម្ដីរបស់ពួកលោក។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១៩-៣៧
ព្រះអម្ចាស់ណែនាំដល់ពួកបរិសុទ្ធនៅក្រុងស៊ីយ៉ូន
សូមពន្យល់ថា នៅពេលយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩០ លោក និងអ្នកដឹកនាំសាសនាចក្រដទៃទៀត ស្ថិតនៅក្នុងស្ថានភាពលំបាកមួយ ដោយសារតែសាសនាចក្រខ្វះធនធានហិរញ្ញវត្ថុ ។
-
តើអ្នកត្រូវធ្វើយ៉ាងណា នៅពេលស្ថានភាពនានានៅក្នុងជីវិតរបស់អ្នកកាន់តែយ៉ាប់យ៉ឺនទៅៗនោះ ?
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:១៩-៣៧មាននូវការណែនាំរបស់ព្រះអម្ចាស់ចំពោះអ្នកដឹកនាំជំនាន់មុនអំពីរបៀបដើម្បីគ្រប់គ្រងស្ថានភាពពិបាកៗដែលពួកគេជួបប្រទះ ។ សូមឲ្យអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:២៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីការប្រឹក្សាដែលអាចលួងលោមចិត្តដល់បុគ្គលម្នាក់ៗដែលកំពុងឆ្លងកាត់គ្រាលំបាកៗ ។
-
តើការប្រឹក្សានៅក្នុងខ ២៤អាចលួងលោមចិត្តបុគ្គលទាំងឡាយដែលកំពុងឆ្លងកាត់គ្រាលំបាកៗយ៉ាងដូចម្តចេខ្លះ ? តើអ្នកនឹងថ្លែងអំពីសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរនេះ ជាគោលការណ៏យ៉ាងដូចម្ដេច ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖បើយើងស្រាវជ្រាវដោយឧស្សាហ៍ព្យាយាម អធិស្ឋានជានិច្ច ជឿ និងរក្សាសេចក្ដីសញ្ញាទាំងឡាយរបស់យើង នោះគ្រប់អ្វីៗទាំងអស់ នឹងធ្វើការរួមគ្នាសម្រាប់សេចក្ដីល្អរបស់យើង )។
-
តើអ្នកគិតថា រឿងគ្រប់យ៉ាងនឹងធ្វើការជាមួយគ្នាសម្រាប់សេចក្ដីល្អរបស់យើង មានន័យយ៉ាងដូចម្តេច?
-
តើនៅពេលណាដែលអ្នកព្យាយាមមានភាពស្មោះត្រង់ អំឡុងគ្រាលំបាក ហើយមានអារម្មណ៍ថាបានទទួលពរជ័យ ដែលជាលទ្ធផលតបវិញនោះ ?
សូមពន្យល់ថា សមាជិកនៃសាសនាចក្រម្នាក់ ដែលបង្ហាញនូវសេចក្ដីជំនឿដ៏អស្ចារ្យអំឡុងគ្រាពិបាក គឺ វីអែណា ចាកស៍ ។ សូមចាត់ឲ្យសិស្សធ្វើការជាដៃគូ ។ សូមផ្ដល់ច្បាប់ចម្លងនៃព័ត៌មានដូចខាងក្រោមដល់សិស្សម្នាក់មួយច្បាប់ៗអំពី វីអែណា ចាកស៍ ។ សូមអញ្ជើញដៃគូទាំងឡាយឲ្យសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៩០:២៨-៣១ជាមួយគ្នា ហើយប្រាប់អំពីការណែនាំជាក់លាក់ ដែលព្រះអម្ចាស់បានប្រទានដល់ វីអែណា ។ បន្ទាប់មក សូមឲ្យពួកគេសិក្សាឯកសារដែលចែកឲ្យនោះ ហើយរកមើលរបៀបដែលវីអែណាមានភាពស្មោះត្រង់ ។
នៅពេលដៃគូទាំងឡាយបានបញ្ចប់ការអាន សូមពិភាក្សាអំពីសំណួរដូចខាងក្រោមជាមួយសិស្សក្នុងថ្នាក់ ៖
-
តើវីអែណា ចាកស៍ បំពេញតាមការណែនាំដែលព្រះអម្ចាស់បានប្រទានដល់គាត់យ៉ាងដូចម្ដេច ? តើមានអ្វីខ្លះ ដែលបានធ្វើឲ្យអ្នកចាប់អារម្មណ៍អំពី វីអែណា ចាកស៍ ?
-
តើអ្នកបានរៀនអ្វីខ្លះមកពីអ្វីដែលអ្នកអានអំពី វីអែណា ចាកស៍ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩១
ព្រះអង្គសង្គ្រោះណែនាំដល់ យ៉ូសែប ស៊្មីធ កុំឲ្យបកប្រែអាប៉ូគ្រីផា
បើអាចធ្វើទៅបាន សូមបង្ហាញប្រភពនៃព័ត៌មានដែលបានកត់ត្រាទុកផ្សេងៗមួយចំនួន ដូចជាសៀវភៅ កាសែត ឬទស្សនាវដ្ដី ឬទូរសព្ទ ។
-
តើអ្នកអាចដឹងយ៉ាងដូចម្ដេច ថាអ្វីមួយដែលអ្នកបានអានពីធនធានទាំងនេះគឺជាការពិត ?
សូមពន្យល់ថា វិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩១ បានណែនាំយ៉ូសែប ស្ម៊ីធ ពីរបៀបដើម្បីញែកឲ្យដឹង ថាអ្វីដែលគាត់កំពុងអានគឺត្រឹមត្រូវ ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីណែនាំកណ្ឌឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែល យ៉ូសែប បានកំពុងធ្វើ ក្នុងពេលដែលលោកបានទទួលវិវរណៈនេះ ។ សូមអញ្ជើញពួកគេឲ្យរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
សូមពន្យល់ថា អាប៉ូគ្រីផា គឺជាការប្រមូលផ្ដុំនៃសៀវភៅពិសិដ្ឋៗរបស់ប្រជាជនយូដា ដែលពុំត្រូវបានដាក់បញ្ចូលនៅក្នុងគម្ពីរហេព្រើរ ( សញ្ញាចាស់ ) ប៉ុន្តែត្រូវបានដាក់បញ្ចូលទៅក្នុងការបកប្រែភាសាក្រិចនៃគម្ពីរប៊ីប មិនយូរប៉ុន្មានបន្ទាប់ពីជំនាន់របស់ព្រះគ្រីស្ទ ។ គម្ពីរមួយចំនួនជាស្ពានភ្ជាប់ពេលវេលា ចម្លោះគ្រាព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ។ នៅពេលពួកសាសនិកជនជំនាន់មុនបានប្រមូលផ្ដុំគម្ពីរទាំងឡាយនៃព្រះគម្ពីរប៊ីប ប៉ុន្មានសតវត្សរ៍ក្រោយ នោះពួកគេបានដាក់បញ្ចូលគម្ពីរនៃអាប៉ូគ្រីផាចូលគ្នា ប៉ុន្តែមានសំណួរទាំងឡាយថាតើគម្ពីរទាំងនេះស្ថិតនៅខាងណានៃព្រះគម្ពីរ ។ ព្រះគម្ពីរបរិសុទ្ធដែលយ៉ូសែប ស្ម៊ីធ បានប្រើដើម្បីបង្កើតការបកប្រែដ៏បំផុសគំនិតរបស់លោកនោះមាននូវគម្ពីរអាប៉ូគ្រីផាផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែសុពលភាពនៃអាប៉ូគ្រីផា ស្ថិតនៅក្នុងចម្ងល់ នោះ យ៉ូសែប បានទូលសួរដល់ព្រះអម្ចាស់ បើសិនជាការបកប្រែព្រះគម្ពីរប៊ីបរបស់គាត់ គួរតែដាក់បញ្ចូលនូវគម្ពីរទាំងនេះឬទេ ។
សូមឲ្យសិស្សម្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩១:១-៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលនូវអ្វីដែល យ៉ូសែប ស៊្មីធ បានរៀនអំពីអាប៉ូគ្រីផា ។ ( អ្នកចាំបាច់ត្រូវពន្យល់ថា ពាក្យបញ្ចេញបញ្ចូល គឺជាអ្វីមួយដែលបានដាក់ចូលទៅក្នុងការសរសេរដោយដៃ ពេលខ្លះវាបណ្តាលឲ្យបង្ខូចអត្ថន័យនៃអត្ថបទដើម ) ។
បន្ទាប់ពីសិស្សរាយការណ៍នូវអ្វីដែលពួកគេរកឃើញហើយ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៩១:៤-៦ឲ្យឮៗ ។ សូមឲ្យសិស្សប្រាប់អំពីរបៀបដែល យ៉ូសែប ស៊្មីធ អាចដឹងនូវអ្វីដែលពិតនៅក្នុងអាប៉ូគ្រីផា ។
-
តើយ៉ូសែប អាចដឹងថាអ្វីជាការពិតនៅក្នុងអាប៉ូគ្រីផាយ៉ាងដូចម្ដេច ?
-
តើការប្រឹក្សានៅក្នុងខ ៤–៦ អាចជួយយើងយល់អ្វីដែលយើងអានយ៉ាងដូចម្ដេច ? ( សិស្សគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ព្រះវិញ្ញាណបរិសុទ្ធ អាចជួយយើងដឹង បើសិនជាអ្វីដែលយើងបានអានជាការពិត )។
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍មួយ ដែលពួកគេបានមាន នៅពេលពួកគេទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ បញ្ជាក់ថា អ្វីដែលពួកគេបានអានជាការពិត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩២
ហ្រ្វែឌើរិក ជី វិលលាម្ស គឺត្រូវទទួលឲ្យចូលទៅក្នុងសហសមាគម
សូមពន្យល់ថា វិវរណៈដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៩២បានណែនាំដល់ពួកអ្នកដឹកនាំសាសនាចក្រ ដែលមានចំណែកនៅក្នុងសហសមាគម ( ក៏បានហៅថាជាសណ្ដាប់រួម ) ដើម្បីទទួល ហ្រ្វែឌើរិក ជី វិលលាម្ស ចូលក្នុងសហសមាគម ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩២:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីរបៀបដែលព្រះអម្ចាស់ចង់ឲ្យ ហ្រ្វែឌើរិក ជី វិលលាម្ស ធ្វើជាសមាជិកក្នុងសមាគម ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថា ហ្រ្វែឌើរិក ជី វិលលាម្ស ជា « សមាជិកសកម្ម » មានន័យយ៉ាងណា ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីអាចធ្វើជាសមាជិកសកម្មរបស់សាសនាចក្រសព្វថ្ងៃនេះ ?
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនមកពីខ ២អំពីពរជ័យទាំងឡាយដែលបានសន្យាដល់ពួកស្មោះត្រង់ ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ដូចខាងក្រោម ៖បើសិនជាយើងស្មោះត្រង់នៅក្នុងការរក្សាបទបញ្ញត្តិរបស់ព្រះអម្ចាស់ នោះយើងនឹងត្រូវបានប្រទានពរជារៀងរហូត )។
សូមបញ្ចប់ជាមួយនឹងទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបានប្រាប់នៅក្នុងមេរៀននេះ ។