មេរៀនទី ៨៦
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១-៤៤
បុព្វកថា
នៅខែកញ្ញា ឆ្នាំ ១៨៣២ ពួកអ្នកផ្សព្វផ្សាយសាសនា បានត្រឡប់ទៅកាន់ទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ បន្ទាប់ពីការផ្សាយដំណឹងល្អ នៅក្នុងសហរដ្ឋអាមេរិកប៉ែកខាងកើត ។ នៅក្នុងការជួបជុំដ៏រីករាយរបស់ពួកលោក ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលឥឡូវនេះ បានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤ ។ លោកបានទទួលវិវរណៈអស់រយៈពេលពីរថ្ងៃ ៖ ថ្ងៃទី ២២ និងទី ២៣ ខែ កញ្ញា ឆ្នាំ ១៨៣២ ។ នៅក្នុងសៀវភៅសិក្សានេះ កណ្ឌ ៨៤ ត្រូវបានបែងចែកជាបីមេរៀន។ មេរៀនទីមួយនេះ ផ្ដោតទៅលើការណែនាំរបស់ព្រះអម្ចាស់អំពីបព្វជិតភាព និងអំពីរបៀបដែលបព្វជិតភាពអាចរៀបចំយើងដើម្បីទទួលនូវអ្វីៗទាំងអស់ដែលព្រះវរបិតាសួគ៌មាន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១-៣០
ព្រះអម្ចាស់ប្រកាសថា ព្រះវិហារបរិសុទ្ធមួយ នឹងត្រូវបានសាងសង់ឡើង ហើយពន្យល់អំពីគោលបំណងនៃបព្វជិតភាព
បើអាចធ្វើទៅបាន សូមយកច្បាប់ចម្លងខ្សែស្រឡាយនៃសិទ្ធិអំណាចបព្វជិតភាពរបស់នរណាម្នាក់មកក្នុងថ្នាក់ ( ជារបស់អ្នក ឬរបស់សមាជិកគ្រួសារម្នាក់ ) ។ ( អ្នកអាចថតចម្លងខ្សែស្រឡាយនៃសិទ្ធិអំណាចនៅលើក្ដារខៀន ) ។ សូមជួយសិស្សឲ្យយល់ថា ខ្សែស្រឡាយនៃសិទ្ធិអំណាចបព្វជិតភាព បង្ហាញពីសិទ្ធិអំណាចបព្វជិតភាពដែលត្រូវបានប្រគល់ ពីសំណាក់អ្នកកាន់បព្វជិតភាពម្នាក់ទៅដល់ម្នាក់ទៀត ចាប់តាំងពីព្រះយេស៊ូវគ្រីស្ទ ទៅឲ្យអ្នកកាន់បព្វជិតភាពនាសព្វថ្ងៃនេះ ។
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤ មាននូវវិរណៈមួយ អំពីបព្វជិតភាព និងរបៀបដែលវាប្រទានពរដល់កូនចៅរបស់ព្រះវរបិតាសួគ៌ ។ ផ្នែកទីមួយនៃវិវរណៈ បើកសម្ដែងអំពីខ្សែស្រឡាយបព្វជិតភាពរបស់ ម៉ូសេ ។ សូមអញ្ជើញសិស្សឲ្យមើលត្រួសៗនូវគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦-១៩ដោយស្ងាត់ស្ងៀម ហើយរកមើលរបៀបដែលម៉ូសេ អាចគូសដានសិទ្ធិអំណាចបព្វជិតភាពរបស់លោកទៅដល់ព្រះ ។
-
ហេតុអ្វីក៏អ្នកគិតថាវាសំខាន់ ដែលសិទ្ធិអំណាចបព្វជិតភាពត្រូវប្រទានឲ្យតាមខ្សែត្រង់ត្រឡប់ទៅរកព្រះវិញដូច្នេះ ? ( សូមមើល ហេព្រើរ ៥:៤ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវឃ្លាដែលពិពណ៌នាអំពីលក្ខណៈដ៏អស់កល្បនៃបព្វជិតភាព ( « ដោយគ្មានថ្ងៃចាប់ផ្ដើម ឬឆ្នាំបញ្ចប់ឡើយ » ) ។ អ្នកអាចនឹងចង់ថ្លែងទីបន្ទាល់ថា បព្វជិតភាព គឺជាអំណាច និងសិទ្ធិអំណាចដ៏អស់កល្បជានិច្ចនៃព្រះ ហើយចែកចាយនូវការដឹងគុណរបស់អ្នកចំពោះព្រះ ដែលបានប្រទានអំណាចនេះ មកលើមនុស្សលោកសម្រាប់ជាប្រយោជន៍នៃកូនចៅរបស់ទ្រង់ ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩-២២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវពរជ័យទាំងឡាយដែលយើងអាចទទួលបាន តាមរយៈបព្វជិតភាពមិលគីស្សាដែក ។
-
ស្របតាមខ ១៩-២២តើពរជ័យអ្វីខ្លះ ដែលយើងអាចទទួលបានតាមរយៈបព្វជិតភាពមិលគីស្សាដែក ? ( សិស្សអាចចែកចាយនូវចម្លើយមួយចំនួន ។ សូមប្រាកដថា ពួកគេប្រាប់ពីគោលលទ្ធិដូចខាងក្រោម ៖ នៅក្នុងពិធីបរិសុទ្ធនៃបព្វជិតភាពមិលគីស្សាដែក អំណាចនៃភាពជាព្រះត្រូវបានសម្ដែងឡើង ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
តើពិធីបរិសុទ្ធនៃការសង្គ្រោះមួយណា ដែលត្រូវធ្វើឡើង ដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ? ( ពិធីបញ្ជាក់ ការប្រគល់នៃបព្វជិតភាពមិលគីស្សាដែក អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និងការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមសរសេរពិធីបរិសុទ្ធទាំងនេះនៅលើក្ដារខៀន ) ។ តើអ្នកបានឃើញអំណាចនៃភាពជាព្រះសម្ដែងឲ្យឃើញនៅក្នុងពិធីបរិសុទ្ធទាំងនេះយ៉ាងដូចម្ដេច ?
-
ស្របតាមខ ២២ហេតុអ្វីក៏វាសំខាន់ ដែលយើងទទួលពិធីបរិសុទ្ធនៃបព្វជិតភាពមិលគីស្សាដែក ? ( « អំណាចនៃភាពជាព្រះ » ដែលសម្ដែងឡើងនៅក្នុងពិធីបរិសុទ្ធទាំងនេះ នឹងអនុញ្ញាតឲ្យយើងមើលឃើញព្រះភ័ក្រ្តរបស់ព្រះ ហើយរស់ ) ។
សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ដើម្បីក្លាយដូចជាព្រះ ហើយរស់នៅក្នុងវត្តមានរបស់ទ្រង់ នោះយើងត្រូវទទួលពិធីបរិសុទ្ធនៃបព្វជិតភាពមិលគីស្សាដែក ។
សំដៅទៅលើបញ្ជីនៃពិធីបរិសុទ្ធនៃបព្វជិតភាពមិលគីស្សាដែកនៅលើក្ដារខៀន ។
-
តើពិធីបរិសុទ្ធទាំងនេះណាមួយ ដែលអាចត្រូវបានទទួលតែនៅក្នុងព្រះវិហារបរិសុទ្ធ ?
បន្ទាប់ពីសិស្សឆ្លើយតប សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា ៖
« ព្រះវិហារបរិសុទ្ធជាគោលបំណងនៃរាល់សកម្មភាព រាល់មេរៀន រាល់ជំហានដែលរីកចម្រើននៅក្នុងសាសនាចក្រ ។… ពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ គឺសំខាន់ខ្លាំងណាស់ ។ យើងពុំអាចត្រឡប់ទៅរកសិរីល្អនៃព្រះដោយគ្មានវាបានឡើយ » (Prepare for the Blessings of the Temple, » Ensign ខែ តុលា ឆ្នាំ ២០១០ ទំព័រ ៤១ ) ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់នូវអ្វីដែលម៉ូសេបានធ្វើដើម្បីរៀបចំរាស្ត្ររបស់លោកឲ្យមើលឃើញព្រះភ័ក្រ្តរបស់ព្រះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចនឹងចង់ពន្យល់ថា ពាក្យញែកចេញ មានន័យថា ស្អាតស្អំ ហើយធ្វើឲ្យបរិសុទ្ធ ។ យើងអាចត្រូវបានញែកចេញតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:២៤-៣០ដោយការពន្យល់ថា ដោយសារកូនចៅនៃអ៊ីស្រាអែលមានចិត្តរឹងរូសពេក នោះពួកគេបានបាត់បង់ឱកាសដើម្បីទទួលបព្វជិតភាពមិលគីស្សាដែក និងពិធីបរិសុទ្ធទាំងឡាយដែលជាប់ទាក់ទងនឹងវានៅក្នុងជីវិតនេះ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានបន្ដជួយពួកគេឲ្យរីកចម្រើន ។ ទ្រង់បានអនុញ្ញាតឲ្យមានបព្វជិតភាពទាបជាង ឬបព្វជិតភាពអើរ៉ុន ដើម្បីបន្ដមានជាមួយពួកគេ ( សូមមើលគ. និង ស. ៨៤:២៦-២៧) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១-៤៤
ព្រះអម្ចាស់បង្រៀនអំពីសម្បថ និង សេចក្តីសញ្ញានៃបព្វជិតភាព
សូមសួរដល់សិស្សម្នាក់ដែលកាន់បព្វជិតភាពឲ្យឆ្លើយតបចំពោះសំណួរដូចខាងក្រោម ៖
-
តើអ្នកត្រូវបានប្រទានពរ ដោយសារអ្នកកាន់បព្វជិតភាពយ៉ាងដូចម្ដេច ? តើអ្នកត្រូវបានប្រទានពរ ដោយសារអ្នកដទៃកាន់បព្វជិតភាពយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣១-៣២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលដែលព្រះអម្ចាស់បានប្រើដើម្បីសំដៅទៅលើអ្នកទាំងឡាយដែលកាន់បព្វជិតភាព ។
-
តើព្រះអម្ចាស់សំដៅទៅលើអ្នកទាំងឡាយដែលកាន់បព្វជិតភាពយ៉ាងដូចម្ដេច ? ( សូមជួយសិស្សយល់ថា ឃ្លា « កូនប្រុសរបស់លោកម៉ូសេ » សំដៅទៅលើអ្នកទាំងឡាយដែលកាន់បព្វជិតភាពមិលគីស្សាដែក ហើយថា ឃ្លា « កូនប្រុសរបស់អើរ៉ុន » សំដៅទៅលើអ្នកទាំងឡាយដែលកាន់បព្វជិតភាពអើរ៉ុន ) ។
សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្ដារខៀន ៖សម្បថ និងសេចក្ដីសញ្ញា នៃបព្វជិតភាព ។
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣-៤៤ត្រូវបានស្គាល់ថាជា សេចក្ដីសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព ។ ខគម្ពីរទាំងនេះ ចែងថា (១) ជាសេចក្ដីសញ្ញាដែលមនុស្សម្នាក់ធ្វើ នៅពេលគាត់ទទួលបានបព្វជិតភាព ហើយ (២) ការសន្យាដែលព្រះអម្ចាស់បានធ្វើជាមួយពួកអ្នកកាន់បព្វជិតភាពស្មោះត្រង់។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោម នៅលើក្ដារខៀន៖ បើអ្នកទាំងឡាយដែលទទួលបព្វជិតភាពនឹង នោះព្រះនឹង .
សូមអញ្ជើញសិស្សឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣-៤៤ ដោយស្ងៀមស្ងាត់ ឬជាគូៗ ។ សូមពួកគេឲ្យបំពេញសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀនដោយផ្អែកទៅលើខគម្ពីរទាំងនោះ ។
-
តើអ្នកបំពេញសេចក្ដីថ្លែងការណ៍យ៉ាងដូចម្ដេច ? ( សិស្សគួរតែស្គាល់គោលការណ៍ដូចខាងក្រោម ៖បើអ្នកទាំងឡាយណាដែលទទួលបព្វជិតភាព នឹងតម្កើងការហៅរបស់ពួកគេ ធ្វើតាមព្រះអម្ចាស់ និងពួកអ្នកបម្រើទ្រង់ ហើយស្ដាប់ឮព្រះបន្ទូលនៃជីវិតដ៏អស់កល្បជានិច្ច នោះព្រះនឹងញែកពួកគេចេញ ហើយប្រទានដល់ពួកគេនូវអ្វីៗទាំងអស់ដែលទ្រង់មាន )។
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖
« យើងតម្កើងបព្វជិតភាពយើង ហើយពង្រីកការហៅរបស់យើង នៅពេលយើងបម្រើដោយមានចិត្តឧស្សាហ៍ព្យាយាម និង សេចក្ដីសោមនស្សក្នុងការទទួលខុសត្រូវដែលយើងត្រូវបានហៅដោយសិទ្ធអំណាចត្រឹមត្រូវ ។… យើងតម្កើងការហៅយើង យើងពង្រីកសក្ដានុពលនៃបព្វជិតភាពយើង នៅពេលយើងឈោងទៅជួយអ្នកដែលមានទុក្ខព្រួយ ហើយចម្រើនកម្លាំងដល់អ្នកដែលជំពប់ជើងដួល ។… យើងតម្កើងការហៅរបស់យើង នៅពេលយើងដើរដោយទៀងត្រង់ និងសេចក្ដីសុចរិត » (Magnify Your Calling, »Ensignខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៤៨-៤៩ ) ។
សូមពន្យល់ថា នៅពេលយើងទទួលការហៅនៅក្នុងសាសនាចក្រ នោះយើងមានឱកាសដើម្បីរៀបចំខ្លួនយើង និងអ្នកដទៃឲ្យទទួលពិធីបរិសុទ្ធនៃការសង្គ្រោះនៃបព្វជិតភាព ។ សូមសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ថូម៉ាស អេស ម៉នសុន ៖
« ហើយតើមនុស្សម្នាក់តម្កើងការហៅមួយដោយរបៀបណា ? វាសាមញ្ញណាស់ គឺតាមរយៈការបំពេញការបម្រើដែលទាក់ទងទៅនឹងការហៅនោះ ។… ខ្ញុំសង្ឃឹមដោយអស់ពីដួងចិត្ត និងព្រលឹងរបស់ខ្ញុំថា យុវជនគ្រប់រូបដែលទទួលបព្វជិតភាព នឹងផ្តល់តម្លៃឲ្យបព្វជិតភាពនោះ ហើយស្មោះត្រង់ចំពោះទំនុកចិត្តដែលត្រូវបានទទួលនៅពេលវាត្រូវបានប្រគល់ឲ្យ » (Priesthood Power »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៤៩, ៥១ ) ។
-
តើមានវិធីមួយចំនួនណាខ្លះ ដែលអ្នកកាន់បព្វជិតភាពអើរ៉ុនតម្កើងការហៅរបស់ពួកគេក្នុងបព្វជិតភាព ?
-
តើនៅពេលណាដែលអ្នកត្រូវបានប្រទានពរ ដោយសារតែនរណាម្នាក់បានតម្កើងការហៅបម្រើរបស់ពួកគេនោះ ?
សូមជួយសិស្សឲ្យមើលឃើញថា ពរជ័យនៃសេចក្ដីសម្បថ និងសេចក្ដីសញ្ញាបព្វជិតភាព គឺពុំគ្រាន់តែសម្រាប់អ្នកកាន់បព្វជិតភាពនោះទេ ។ ពរជ័យដ៏ធំបំផុតរបស់ព្រះ កើតមានដល់បុរស និងស្ត្រី ដែលត្រូវបានផ្សាភ្ជាប់នឹងគ្នាទៅវិញទៅមកក្នុងព្រះវិហារបរិសុទ្ធ ។ សូមអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយ អែលឌើរ រ័សុល អិម ណិលសុន ៖
« នៅថ្ងៃណាមួយ ស៊ីស្ទើរ ណិលសុន និងខ្ញុំ នឹងរស់នៅជុំគ្នាក្នុងវត្តមាននៃគ្រួសាររបស់យើង និងព្រះអម្ចាស់ជារៀងរហូត ។ យើងនឹងស្មោះត្រង់ចំពោះសេចក្ដីសញ្ញាទាំងឡាយដែលយើងបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ ហើយស្មោះត្រង់ចំពោះសម្បថ និងសេចក្ដីសញ្ញានៃបព្វជិតភាព ដែលបានអះអាងដល់យើង នៅក្នុងព្រះបន្ទូលនៃព្រះអម្ចាស់ថា ‹ គ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាយើងមាន នោះនឹងត្រូវបានប្រទានដល់ [អ្នក] នោះដែរ › (គ. និង ស. ៨៤:៣៨) ។
« ស្ត្រីស្មោះត្រង់ចែករំលែកពរជ័យនៃបព្វជិតភាព ។ សូមគិតអំពីពាក្យទាំងនេះថា ‹ គ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាយើងមាន › ។… វាមានន័យថា គ្មានរង្វាន់ខាងលោកិយ៏ណា -- គ្មានជោគជ័យណា-- អាចសងថ្លៃចំពោះពរជ័យទាំងឡាយ ដែលព្រះនឹងចាក់ស្រោចមកលើអ្នកទាំងឡាយដែលស្រឡាញ់ទ្រង់ រក្សាបទបញ្ញត្តិរបស់ទ្រង់ឡើយ ( សូមមើលមរ៉ូណៃ ៤:៣ហើយកាន់ខ្ជាប់ដល់ចុងបំផុតនោះទេ » ( សូមមើលគ. និង ស. ១៤:៧Identity, Priority, and Blessings,» Ensignខែ សីហា ឆ្នាំ ២០០១ ទំព័រ ១០ ) ។
ដើម្បីជួយសិស្សយល់នូវការសន្យាជាក់លាក់ដែលព្រះអម្ចាស់បានធ្វើ ជាចំណែកនៃសេចក្ដីសម្បថ និងសេចក្ដីសញ្ញា នៃបព្វជិតភាព សូមសរសេរនូវសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ដែលព្រះអម្ចាស់សន្យាចំពោះ…
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឡើងវិញនូវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៣-៣៤ ,៣៨,៤២ ដោយស្ងាត់ស្ងៀម ។ សូមពួកគេឲ្យប្រាប់ពីពរជ័យទាំងឡាយដែលព្រះអម្ចាស់សន្យា ដែលជាចំណែកនៃសេចក្ដីសម្បថ និងសេចក្ដីសញ្ញា នៃបព្វជិតភាព ។ អ្នកគួរតែសរសេរចម្លើយរបស់ពួកគេ នៅលើក្តារខៀន ។ ពួកគេអាចប្រាប់ថា ព្រះអម្ចាស់នឹង ៖ ( ១) ញែកយើងជាបរិសុទ្ធដោយព្រះវិញ្ញាណ ( សូមមើលខ ៣៣) (២) កសាងរូបកាយរបស់យើងជាថ្មី ( សូមមើលខ ៣៣) (៣) រាប់យើងនៅក្នុងចំណោមពូជរបស់អ័ប្រាហាំ --ជាពាក្យម្យ៉ាងទៀតថា ប្រទានដល់យើងនូវពរជ័យដែលបានសន្យាដល់អ័ប្រាហាំ និងពូជរបស់លោក ( សូមមើលខ ៣៤) (៤) ធ្វើឲ្យយើងក្លាយជាពួកជម្រើស ឬពួកដែលត្រូវបានជ្រើសរើសរបស់ទ្រង់ ( សូមមើលខ ៣៤) (៥) ប្រទានដល់យើងនូវអ្វីៗទាំងអស់ដែលព្រះបិតាមាន ( សូមមើលខ ៣៨) ហើយ (៦) ប្រទានពួកទេវតារបស់ទ្រង់ឲ្យមើលថែយើង ( សូមមើលខ ៤២) ។ ( នៅពេលសិស្សប្រាប់ពីការសន្យានៅក្នុងខ ៣៨អ្នកអាចនឹងចង់លើកទឹកចិត្តពួកគេឲ្យគិតអំពីលក្ខណៈ និងសិរីល្អរបស់ព្រះ ពុំមែនការមានបានទ្រព្យសម្បត្តិ និងសម្ភារនោះទេ ។ ឧទាហរណ៍ យើងអាចទទួលសេចក្ដីពិតរបស់ទ្រង់ សេចក្ដីស្រឡាញ់របស់ទ្រង់ ក្ដីអំណររបស់ទ្រង់ និងភាពសុខសាន្ដរបស់ទ្រង់ ។ យើងអាចត្រូវបានប្រទានពរដោយភាពពេញលេញនៃព្រះចេស្ដាទ្រង់ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយថា ហេតុអ្វីបានជាបព្វជិតភាពមានន័យចំពោះពួកគេ ។ សូមពិចារណាចែកចាយពីទីបន្ទាល់របស់អ្នកអំពីពរជ័យនៃបព្វជិតភាព ។