មេរៀនទី ១៤៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤
បុព្វកថា
នៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៨៣៥ ការប្រជុំទូទៅមួយនៃសាសនាចក្របានធ្វើឡើងនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ដើម្បីពិចារណាលើមាតិកាដែលបានស្នើ សម្រាប់ការបោះពុម្ពលើកដំបូងនៃគោលលទ្ធិ និង សេចក្តីសញ្ញា ។ ដោយសារតែព្យាការី យ៉ូសែប ស៊្មីធ កំពុងតែទៅសួរសុខទុក្ខដល់ពួកបរិសុទ្ធនៅ ទីក្រុងមីឈីហ្កេន នោះ អូលីវើរ ខៅឌើរី បានធ្វើជាអធិបតីក្នុងការប្រជុំនេះ ។ នៅក្នុងការប្រជុំ ពួកបរិសុទ្ធបានបោះឆ្នោតដោយអនាមិកដើម្បីដាក់បញ្ចូលនូវសេចក្តីប្រកាសមួយ ដែល អូលីវើរ ខៅឌើរី បានបង្ហាញទាក់ទងនឹងជំនឿនៃសាសនាចក្រ ពាក់ព័ន្ធនឹងរដ្ឋាភិបាល និងច្បាប់ទាំងឡាយ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:១-៤
ទំនួលខុសត្រូវទាំងឡាយរបស់រដ្ឋាភិបាលត្រូវបានស្ថាបនាឡើង
សូមអញ្ជើញសិស្សឲ្យនឹកស្រមៃថា ពួកគេកំពុងតែបង្កើតប្រទេសថ្មីមួយ ។ សូមតែងតាំងសិស្សម្នាក់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងរដ្ឋាភិបាលថ្មីនេះ ។ សូមអញ្ជើញសិស្សឲ្យយកគម្ពីររបស់ពួកគេមកខាងមុខសិស្សក្នុងថ្នាក់ ។ សូមសួរដល់សិស្សដែលជាអ្នកដឹកនាំនោះ នូវសំណួរដូចខាងក្រោម ៖
-
តើច្បាប់ណាខ្លះ ដែលអ្នកចង់អនុមតិឲ្យប្រជាជននៅក្នុងប្រទេសថ្មីនេះអនុវត្តតាម ? ( អ្នកអាចនឹងសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ។ )
សូមសួរសិស្ស ៖
-
តើអ្នកគិតថា ច្បាប់ណាខ្លះដែលអ្នកដឹកនាំរបស់អ្នកបានបង្កើតឡើង ? តើអ្នកមានផែនការធ្វើតាមច្បាប់ទាំងនោះឲ្យបានល្អកម្រិតណា ?
-
តើអ្នកគិតថា គោលបំណងរបស់រដ្ឋាភិបាលមួយគឺជាអ្វី ?
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤មាននូវឯកសារមួយដែលប្រកាសអំពីជំនឿរបស់សាសនាចក្រ ទាក់ទងនឹងរដ្ឋាភិបាល និងច្បាប់ទាំងឡាយ ។ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ១៨៣៥ ខណៈពេលការរៀបចំចុងក្រោយត្រូវបានធ្វើឡើងដើម្បីបោះពុម្ពច្បាប់ដំបូងនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា នោះអូលីវើរ ខៅឌើរី បានធ្វើជាអធិបតីនៅក្នុងការប្រជុំទូទៅមួយ នៃសមាជិកសាសនាចក្រ ។ លោកបានបង្ហាញឯកសារ ហើយសមាជិកបានចូលរួមបោះឆ្នោតដោយអនាមិកដើម្បីដាក់បញ្ចូលវាទៅក្នុងព្រះគម្ពីរ ។ យ៉ូសែប ស៊្មីធ និង ហ្រ្វែឌើរិក ជី វិលលាម្ស ដែលជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ ពុំមានវត្តមាននៅក្នុងការប្រជុំនេះទេ ។ ពួកលោកកំពុងផ្សាយដំណឹងល្អនៅរដ្ឋ មីឈីហ្កេន ។ នៅពេលពួកលោកបានត្រឡប់មកវិញ យ៉ូសែប ស៊្មីធ បានអនុញ្ញាតឲ្យឯកសារនោះត្រូវបានដាក់បញ្ចូលទៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ។
សូមអញ្ជើញឲ្យសិស្សដែលជាអ្នកដឹកនាំអាននូវសេចក្ដីណែនាំក្នុងកណ្ឌគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវមូលហេតុដែលពួកបរិសុទ្ធមានអារម្មណ៍ថា ការប្រកាស គឺចាំបាច់ត្រូវបានបោះពុម្ព ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់រកមើលថា តើនរណាជាអ្នកបង្កើតគំនិតអំពីរដ្ឋាភិបាល ហើយនឹងគោលបំណងចម្បងនៃ រដ្ឋាភិបាលទាំងឡាយ ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ទៀតឲ្យរកមើលអ្វីដែលព្រះកាន់ទំនួលខុសត្រូវជាផ្លូវការរបស់រដ្ឋាភិបាល ។ សូមអញ្ជើញក្រុមនីមួយៗឲ្យរាយការណ៍អំពីអ្វីដែលពួកគេរកឃើញ ។ នៅពេលសិស្សប្រាប់អំពីសេចក្ដីពិតដូចខាងក្រោម សូមសរសេរវានៅលើក្ដារខៀន ៖
រដ្ឋាភិបាលទាំងឡាយ ត្រូវបានបង្កើតឡើងដោយព្រះសម្រាប់ជាប្រយោជន៍ដល់មនុស្ស ។
មន្ត្រីរដ្ឋាភិបាល គឺទទួលខុសត្រូវចំពោះព្រះសម្រាប់ការណ៍ល្អ និងសន្ដិសុខក្នុងសង្គម ។
-
តើមានវិធីណាខ្លះ ដែលអ្នកដឹកនាំក្នុងរដ្ឋាភិបាលអាចធ្វើសម្រាប់ការល្អ និងសន្ដិសុខក្នុងសង្គម ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសិទ្ធិរបស់រដ្ឋាភិបាលបីយ៉ាង គប្បីការពារដល់បុគ្គលម្នាក់ៗ ។ ពីមុនសិស្សអាន អ្នកអាចនឹង ពន្យល់ថា ពាក្យធានាមានន័យថា សុវត្ថិភាព ឬមិនល្មើស ។
-
ស្របតាមខ ២តើសិទ្ធិអ្វីខ្លះ ដែលរដ្ឋាភិបាលគប្បីមានដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋរបស់ពួកគេ ? ( « សេរីភាពខាងសតិសម្បជញ្ញៈខាងសិទ្ធិ, សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ និង សិទ្ធិការពារជីវិត » ។ អ្នកអាចនឹងប្រាប់សិស្សថា ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានមានប្រសាសន៍ថា « ជីវិត, សេរីភាព [ និង ] ទ្រព្យសម្បត្តិ [គឺជា] សិទ្ធិដ៏ធំបីយ៉ាងរបស់មនុស្សលោក » [«Our Divine Constitution»Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៤ ] ) ។
-
តើអ្នកគិតថា ការអនុវត្តខាងសតិសម្បជញ្ញៈរបស់អ្នក មានន័យយ៉ាងដូចម្ដេច ? ហេតុអ្វីវាសំខាន់ ដើម្បីមានសិទ្ធិអនុវត្តខាងសតិសម្បជញ្ញៈរបស់អ្នកដោយសេរីនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសិទ្ធិផ្សេងទៀត ដែលរដ្ឋាភិបាលគប្បីការពារ ។ ( ពីមុនសិស្សអាន អ្នកអាចនឹងពន្យល់ថា ពាក្យទទួលខុស ត្រូវមានន័យថា ចេះទទួលខុសត្រូវ ហើយថាអ្នកកាន់អំណាចរដ្ឋបាលស៊ីវិល គឺជាមន្ត្រីសាធារណៈមួយ ដែលគ្រប់គ្រងច្បាប់ ) ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ ចំពោះមនុស្សត្រូវទទួលខុសត្រូវចំពោះព្រះ ពុំមែនរដ្ឋាភិបាល ចំពោះរបៀបដែលពួកគេអនុវត្តសាសនារបស់ពួកគេ ?
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដើម្បីបង្រ្កាបលើឧក្រិដ្ឋកម្ម ហើយដាក់ទោសកំហុស ដោយពុំព្យាយាមគ្រប់គ្រងលើមនសិកា ឬបំផ្លាញសេរីភាពរបស់មនុស្សនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ដើម្បីស្វែងរកមើលអ្វីមួយដែលពលរដ្ឋនៃប្រទេសមួយចំនួនអាចធ្វើ ដើម្បីជួយមើលឲ្យប្រាកដថា អ្នកដឹកនាំក្នុងរដ្ឋាភិបាលរបស់ពួកគេនឹងជួយលើកកម្ពស់ដល់ច្បាប់ ។ ( ដើម្បីជួយសិស្សឲ្យយល់នូវខគម្ពីរអ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា សាធារណរដ្ឋ គឺជារដ្ឋាភិបាលមួយដែលប្រជាជនជ្រើសរើសអ្នកដឹកនាំឲ្យធ្វើជាតំណាងរបស់ពួកគេ ហើយថាមហាក្សត្រគឺជាអ្នកគ្រប់គ្រងដ៏ខ្ពស់ខ្ពង់ ដូចជាស្ដេច ឬម្ចាស់ក្សត្រី ) ។
-
តើ « សំឡេងរបស់ប្រជាជន » ស្វែងរក និងលើកកម្ពស់ដល់អ្នកដឹកនាំល្អយ៉ាងដូចម្ដេច ? ( បើចាំបាច់ សូមចង្អុលបង្ហាញថា ឃ្លា « សំឡេងរបស់ប្រជាជន » សំដៅទៅលើការអនុវត្តនៃការបោះឆ្នោតរើសអ្នកដឹកនាំ ) ។
សូមយោងទៅលើសិស្សដែលអ្នកបានចាត់តាំងឲ្យធ្វើជាអ្នកដឹកនាំលើប្រទេសថ្មីកាលពីពេលចាប់ផ្ដើមមេរៀនដំបូង ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យដាក់បញ្ចូលឈ្មោះសិស្សច្រើនទៀតដើម្បីជួយដល់អ្នកដឹកនាំនេះ ។ បន្ទាប់មកធ្វើការបោះឆ្នោតមួយ ដើម្បីសិស្សក្នុងថ្នាក់អាចជ្រើសរើសសិស្សពីរនាក់ដែលត្រូវបានដាក់បញ្ចូលឈ្មោះនោះ ។ សូមអញ្ជើញអ្នកដឹកនាំថ្មីទាំងនេះ ឲ្យយកព្រះគម្ពីររបស់ពួកគេមក ហើយចូលរួមនឹងអ្នកដឹកនាំទីមួយ ( ជាមនុស្សម្នាក់ដែលអ្នកបានតែងតាំងមុនគេ ) មកខាងមុខថ្នាក់ ។ សូមឲ្យអ្នកដឹកនាំទាំងបីនាក់នេះ ពន្យល់អំពីអ្វីដែលពួកគេបានរៀនរហូតមកដល់ពេលនេះ អំពីទំនួលខុសត្រូវរបស់ពួកគេក្នុងនាមជាមន្ត្រីរដ្ឋាភិបាល ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៥-៦, ៨
ទំនួលខុសត្រូវទាំងឡាយរបស់ពលរដ្ឋត្រូវបានរៀបចំឡើង
សូមឲ្យអ្នកដឹកនាំទាំងបីរូបនោះ សរសេរនូវទំនួលខុសត្រូវមួយចំនួនដែលពលរដ្ឋគួរតែមាននៅក្នុងប្រទេសថ្មីរបស់ពួកគេ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ បន្ទាប់មក សូមសួរសិស្ស ៖
-
តើអ្នកគិតថាបញ្ជីនៃទំនួលខុសត្រូវនេះយ៉ាងម៉េចដែរ ? តើអ្នកនឹងផ្លាស់ប្ដូរបញ្ជីនេះយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៥-៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលនូវទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋ ។ ( នៅពេលសិស្សអាន អ្នកអាចនឹងសុំពួកគេឲ្យផ្អាកមួយភ្លែតសិន ដើម្បីអ្នកអាចឲ្យន័យនៃពាក្យដូចខាងក្រោម ៖ ឥតដកចេញបានសំដៅទៅលើអ្វីមួយដែលពុំអាចយកចេញបាន ពាក្យ ការចាក់រុក សំដៅទៅលើការបះបោរទាស់នឹងអ្នកដឹកនាំរដ្ឋាភិបាល ពាក្យ ព្រមធ្វើតាមមានន័យថា យល់ព្រម ឬចុះចូល ពាក្យបានជំនួស មានន័យថាបានជួស អនាធិបតេយ្យ មានន័យថាភាពគ្មានច្បាប់ទម្លាប់--ភាពអវត្តមាននៃច្បាប់ និងរដ្ឋាភិបាល ឬការបះបោរទាស់នឹងច្បាប់ និងរដ្ឋាភិបាល ) ។
-
ស្របតាមខ ៥-៦ តើយើងមានទំនួលខុសត្រូវអ្វីខ្លះចំពោះរដ្ឋាភិបាលរបស់យើង ? ( សិស្សគួរតែបង្ហាញពីអ្វីមួយស្រដៀងគ្នាទៅនឹងសេចក្ដីពិតដូចខាងក្រោម ៖ យើងត្រូវគាំទ្រ និងលើកកម្ពស់ដល់រដ្ឋាភិបាលដែលយើងរស់នៅ ។ សូមពិចារណាសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ សូមចង្អុលបង្ហាញថា គោលការណ៍នេះរួមមានទាំង ការសន្មត់ថារដ្ឋាភិបាលរបស់យើង រក្សាច្បាប់ទាំងឡាយដែលការពារយើងនៅក្នុង « សិទ្ធិកំណើត និងឥតអាចដកចេញបាន » ) ។
-
តើមាត្រានៃសេចក្ដីជំនឿមួយណា ដែលគោលការណ៍នេះរំឭកអ្នកអំពីវា ? ( អ្នកអាចអញ្ជើញសិស្សឲ្យអាន ឬសូត្រមាត្រានៃសេចក្ដីជំនឿទីដប់ពីរ )។
-
តើក្នុងនាមជាប្រជាពលរដ្ឋយើងអាចធ្វើដូចម្ដេច ដើម្បីគាំទ្រ និងលើកកម្ពស់ដល់រដ្ឋាភិបាល ? ( ចម្លើយអាចរួមមានថា យើងអាចគោរពច្បាប់ លើកទឹកចិត្តអ្នកដទៃឲ្យគោរពតាម បម្រើនៅក្នុងសហគមន៍ បង្ហាញការគោរពដល់មន្ត្រីរដ្ឋាភិបាល និងការបោះឆ្នោត ) ។
ដើម្បីជួយសិស្សប្រាប់អំពីសេចក្ដីពិតផ្សេងទៀត អំពីការលើកកម្ពស់ដល់រដ្ឋាភិបាល និងច្បាប់ទាំងឡាយ សូមសួរសំណួរដូចខាងក្រោម ៖
-
ស្របតាមខ ៦តើព្រះមានព្រះទ័យយ៉ាងណាអំពីការគោរពប្រតិបត្តិរបស់យើងចំពោះក្រឹត្យវិន័យរបស់ព្រះ និងច្បាប់របស់មនុស្ស ? ( បន្ទាប់ពីសិស្សបានឆ្លើយតប សូមសរសេរដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះចង់ឲ្យយើងធ្វើតាម និងគោរពដល់ក្រឹត្យវិន័យរបស់ព្រះ និងច្បាប់របស់មនុស្ស ) ។
ដើម្បីជួយសិស្សឆ្លើយសំណួរពីមុន សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវរបៀបដែលយើងគប្បីប្រព្រឹត្តចំពោះច្បាប់នៃដែនដី នៅពេលវាទាស់នឹងជំនឿរបស់យើង ៖
« នៅក្នុងករណីមានទំនាស់រវាងការទាមទារដែលធ្វើឡើងពីព្រះបន្ទូលនៃព្រះដែលបានបើកសម្ដែង និង ពីស្ថានភាពដែលត្រូវបានបង្ខំដោយច្បាប់លោកិយ តើភាគីណាមួយដែលសមាជិកសាសនាចក្រត្រូវគោរពតាម ?…
« ទន្ទឹមនឹងការរង់ចាំ [ ព្រះ ] ទ្រង់គ្រប់គ្រងលើអ្វីទាំងអស់ ដើម្បីមានសេរីភាពខាងសាសនានោះ វាគឺជាករណីយកិច្ចរបស់ពួកបរិសុទ្ធ ដែលត្រូវចុះចូលទៅនឹងច្បាប់នៃប្រទេសរបស់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេគួរតែប្រើប្រាស់គ្រប់វិធី ក្នុងនាមជាប្រជាពលរដ្ឋ ឬ ដាក់សំណើទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីធានាដល់ពួកគេ និង ដល់មនុស្សទាំងពួង ឲ្យទទួលបានគុណប្រយោជន៍នៃសេរីភាពខាងកិច្ចការសាសនា ។ វាពុំតម្រូវពួកគេឲ្យទទួលការរងទុក្ខដោយគ្មានការប្រឆាំងតវ៉ាចំពោះការធ្វើទុក្ខពីអ្នកបៀតបៀនដែលគ្មានច្បាប់ ឬតាមរយៈការប្រតិបត្តិច្បាប់ដោយអយុត្តិធម៌ឡើយ ប៉ុន្តែការប្រឆាំងតវ៉ារបស់ពួកគេ គប្បីផ្ដល់ឲ្យតាមច្បាប់ និងលំដាប់ត្រឹមត្រូវ ។ ពួកបរិសុទ្ធពិតជាបានបង្ហាញនូវការទទួលយកគោលលទ្ធិរបស់ពួកគេតាមការប្រតិបត្តិ ដែលវាល្អប្រសើរជាងដើម្បីរងទុក្ខទង្វើអាក្រក់ ជាជាងការធ្វើខុស ដោយការប្រឆាំងចំពោះអ្នកមានសិទ្ធិអំណាចដែលអយុត្តិធម៌ដោយពុំត្រឹមត្រូវនោះ » (មាត្រានៃសេចក្ដីជំនឿទី ១២ បានបោះពុម្ព [ឆ្នាំ ១៩២៤] ទំព័រ ៤២២, ៤២៣ ] ) ។
សូមអញ្ជើញសិស្សឲ្យគិតអំពី មនុស្សដែលពួកគេស្គាល់ ដែលគោរពតាមគោលការណ៍ទាំងឡាយនៃការគាំទ្រ និងការលើកកម្ពស់ដល់រដ្ឋាភិបាល និងច្បាប់របស់ពួកគេ ។ អ្នកអាចនឹងសុំឲ្យសិស្សពីរបីនាក់ចែកចាយរបៀបដែលពលរដ្ឋទាំងនេះលើកកម្ពស់ដល់រដ្ឋាភិបាល ។ បន្ទាប់មកសូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ អំពីអ្វីមួយដែលពួកគេនឹងធ្វើដោយខ្លួនឯងដើម្បីគាំទ្រ និងលើកកម្ពស់ដល់រដ្ឋាភិបាល និងច្បាប់ ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៨ដោយការពន្យល់ថា រដ្ឋាភិបាលមានទំនួលខុសត្រូវមួយដើម្បីដាក់ទោសដល់អស់អ្នកទាំងឡាយណាដែលប្រព្រឹត្តបទឧក្រិដ្ឋ ហើយថាប្រជាពលរដ្ឋ មានទំនួលខុសត្រូវមួយដើម្បីជួយ « នាំអ្នកមានទោសដែលទាស់នឹងច្បាប់ល្អត្រឹមត្រូវមកដាក់ទោស » ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៧, ៩-១០, ១២
ទំនាក់ទំនងរវាងសាសនា និងរដ្ឋាភិបាលត្រូវបានពិពណ៌នា
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៧, ៩-១០, ១២ដោយការពន្យល់ថា អូលីវើរ ខៅឌើរី បានសរសរថា រដ្ឋាភិបាលគប្បីតែបង្កើតច្បាប់ដែលការពារដល់គោរពខាងសាសនា ប៉ុន្តែពួកគេពុំគប្បីលំអៀងទៅលើសាសនាមួយជាងសាសនាមួយទៀតឡើយ ។ បន្ថែមពីលើនោះ លោកបានសរសេរថា សង្គមសាសនាទាំងឡាយ មានសិទ្ធិដើម្បីដាក់ទោសចំពោះសមាជិកដែលពុំគោរពតាមរបស់ពួកគេ ដោយការកាត់កាលពួកគេចេញ ឬដកសមាជិកភាពរបស់ពួកគេចេញ ប៉ុន្តែសង្គមដូច្នេះ ពុំមានសិទ្ធិធ្វើការវិនិច្ឆ័យ ឬដាក់ទណ្ឌកម្មនានា ដែលនឹងដកហូរយកទ្រព្យសម្បត្តិរបស់សមាជិកពួកគេ ឬធ្វើឲ្យគ្រោះថ្នាក់ដល់រាងកាយពួកគេឡើយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៤:១១
សិទ្ធិដើម្បីអំពាវនាវសុំជំនួយមកពីរដ្ឋាភិបាល គឺត្រូវបានពន្យល់
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:១១ ដោយការពន្យល់ថា ស្របតាមខគម្ពីរនេះ ពលរដ្ឋគប្បីអនុញ្ញាតឲ្យសុំដល់រដ្ឋាភិបាលរបស់ពួកគេដើម្បី « កែកំហុស » បើពួកគេបានធ្វើខុស ។ ពាក្យ កែកំហុស មានន័យថា បានធ្វើអ្វីមួយត្រូវ ។ ខគម្គីរក៏មានបញ្ចូលទាំងការប្រកាសមួយ ដែលពលរដ្ឋមានមូលហេតុត្រឹមត្រូវនៅក្នុងការការពារខ្លួន និងអ្នកដទៃ នៅពេលដែលមានតម្រូវការបន្ទាន់មួយ ហើយរដ្ឋាភិបាលពុំអាចជួយបាន ។
សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេថ្លែងអំណរគុណចំពោះប្រទេស និងសហគមន៍របស់ពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការគាំទ្រ និងការលើកកម្ពស់រដ្ឋាភិបាល និងច្បាប់ទាំងឡាយ ។