មេរៀនទី ៤៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៧-៤២
បុព្វកថា
មេរៀនមុន បានគ្របដណ្ដប់ខគម្ពីរចំនួន ១៦ ខដំបូងនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨ ។ មេរៀននេះបង្រៀននូវផ្នែកដែលនៅសេសសល់ទាំងប៉ុន្មាននៃកណ្ឌនោះ ។ នៅក្នុងការឆ្លើយតបចំពោះបំណងប្រាថ្នារបស់ពួកបរិសុទ្ធ ដើម្បីដឹងបន្ថែមអំពីបទបញ្ញត្តិដើម្បីប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ នោះព្រះអម្ចាស់បានបើកសម្ដែងនូវពរជ័យមួយចំនួនដែលនឹងកើតមានចំពោះពួកសុចរិត អំឡុងពេលសហស្សវត្សរ៍ ។ រួចទ្រង់បានបង្រៀនពួកបរិសុទ្ធឲ្យមានសាមគ្គីភាព ហើយបានពន្យល់ពីមូលហេតុដែលទ្រង់បានបញ្ជាពួកគេឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ ។ ទីបំផុត ព្រះអម្ចាស់ បានប្រទានបទបញ្ញត្តិដើម្បីជួយដល់ពួកបរិសុទ្ធឲ្យដឹងរបៀបដើម្បីចាប់ផ្ដើមការប្រមូលគ្នីគ្នា ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៧-២២
ព្រះអម្ចាស់ បើកសម្ដែងពរជ័យមួយចំនួនដែលនឹងកើតមានចំពោះពួកសុចរិតក្នុងពេលឥឡូវនេះ និងអំឡុងពេលសហស្សវត្សរ៍ ។
សូមសួរដល់សិស្សថាតើមរតកមួយគឺជាអ្វី ហើយជាធម្មតាតើនរណាទទួលបានវា ។
-
ហេតុអ្វីអ្នកចង់បានមរតកមួយដូច្នេះ ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៧-២២។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីមរតកដែលព្រះអម្ចាស់បានសន្យានឹងប្រទានឲ្យរាស្ត្ររបស់ទ្រង់ ។
-
តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះ ទៅកាន់រាស្ត្រទ្រង់ដែលនឹងចាំបាច់ត្រូវធ្វើ ដើម្បីទទួលបានមរតក ដែលបានថ្លែងនៅក្នុងខគម្ពីរទាំងនេះ ? ( សូមស្វែងរកវាដោយអស់ពីដួងចិត្តរបស់ពួកគេ [ សូមមើល គ. និង ស. ៣៨:១៩] ស្ដាប់សំឡេងទ្រង់ ហើយធ្វើតាមទ្រង់ [ គ. និង ស. ៣៨:២២] ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យរៀបរាប់ពីប្រវត្តិនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨ ដែលពួកគេបានរៀនអំឡុងមេរៀនមុន ។ បើចាំបាច់ សូមរំឭកសិស្សថា ពួកបរិសុទ្ធមួយចំនួននៅរដ្ឋ នូវ យ៉ោក បានស្នើសុំព័ត៌មានបន្ថែមស្ដីអំពីបទបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីផ្លាស់ទៅកាន់រដ្ឋ អូហៃអូ ។
-
តើអ្នកគិតថា ការបង្រៀនដល់ពួកបរិសុទ្ធអំពីមរតកដ៏អស់កល្បរបស់ពួកគេ អាចមានឥទ្ធិពលលើអារម្មណ៍របស់ពួកគេអំពីបទបញ្ជាឲ្យផ្លាស់ទៅរដ្ឋ អូហៃអូ យ៉ាងដូចម្ដេច ?
សូមលើកទឹកចិត្តដល់សិស្សឲ្យស្វែងរកមូលហេតុបន្ថែមថា ហេតុអ្វីព្រះអម្ចាស់បានប្រទានបទបញ្ញត្តិដល់ពួកបរិសុទ្ធឲ្យប្រមូលគ្នីគ្នាទៅរដ្ឋ អូហៃអូ នៅពេលពួកគេសិក្សាអ្វីដែលនៅសល់ទាំងប៉ុន្មានក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៣-២៧
ព្រះអម្ចាស់ បញ្ជាពួកបរិសុទ្ធឲ្យមានសាមគ្គីភាព
មុនចាប់ផ្ដើមថ្នាក់រៀន សូមគូរូបភាពផ្នែកខាងក្រៅនៃអគារមួយ ដែលមាននៅក្នុងតំបន់របស់អ្នកដោយសាមញ្ញនៅលើក្ដារខៀន ។ ឬគូរូប ផ្ទះដ៏សាមញ្ញមួយដូចបានបង្ហាញនៅទីនេះ ។ សូមបញ្ចូលនូវធាតុសំខាន់ៗនៃអគារ រួមមានទាំងច្រកទ្វារចូល បង្អួច ជញ្ជាំង និងតំបូល ។ សូមសួរដល់សិស្សថា ផ្នែកណាមួយនៃអគារដែលសំខាន់បំផុត ។ នៅពេលសិស្សឆ្លើយ សូមជួយពួកគេមើលឃើញថា ផ្នែកនីមួយៗនៃអគារធ្វើឡើងសម្រាប់គោលបំណងចាំបាច់មួយ ។
-
តើផ្នែកទាំងឡាយនៃអគារមួយ អាចប្រៀបធៀបទៅនឹងសមាជិកក្នុងគ្រួសារមួយ ឬសមាជិកនៅក្នុងវួដ ឬសាខាមួយបានយ៉ាងដូចម្ដេច ? ( ក៏ដូចជាផ្នែកនីមួយៗនៃអគារមួយគឺវាសំខាន់ នោះសមាជិកម្នាក់ៗក្នុងគ្រួសារ ឬវួដ ឬសាខាមួយ គឺមានតម្លៃ ហើយអាចប្រើក្នុងតួនាទីសំខាន់មួយ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៣-២៥ ដោយស្ងាត់ស្ងៀម ហើយរកមើលនូវឃ្លាមួយ ដែលបង្រៀនពីរបៀប ដែលយើងអាចមើលទៅមនុស្សដទៃយ៉ាងណា ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ចំពោះមនុស្សម្នាក់ឲ្យ « គោរពបងប្អូនខ្លួន ឲ្យដូចជាខ្លួនឯង » ? ( បន្ទាប់ពីសិស្សបានឆ្លើយហើយ សូមសរសរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ យើងត្រូវឲ្យតម្លៃអ្នកដទៃឲ្យបានច្រើនដូចជាយើងឲ្យតម្លៃដល់ខ្លួនយើងដែរ )
ដើម្បីជួយសិស្សចងចាំគោលការណ៍នេះ សូមសរសេរ សេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅលើក្ដារខៀន ។ អ្នកអាចឲ្យយោបល់ដល់សិស្សឲ្យចម្លងវាដាក់ក្នុងព្រះគម្ពីរសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ។ ( សេចក្ដីថ្លែងការណ៍ រកបាននៅក្នុង « The Weak and the Simple of the Church » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧,ទំព័រ ៧ ) ។
-
តើមានអ្វីកើតឡើងខ្លះពេលមនុស្សគិតថា ខ្លួនគេមានតម្លៃច្រើនជាង ឬល្អប្រសើរជាងអ្នកដទៃនោះ ?
-
តើសាសនាចក្រ ត្រូវបានប្រទានពរយ៉ាងដូចម្ដេច នៅពេលយើងពុំចាត់ទុកខ្លួនយើងថាមានតម្លៃជាងអ្នកដទៃនោះ ?
សូមប្រាប់ដល់សិស្សថា ព្រះអង្គសង្គ្រោះ បានបង្រៀននូវរឿងប្រៀបធៀបមួយ ដែលបង្ហាញពីមូលហេតុដែលយើងគួរតែគោរពដល់អ្នកដទៃឲ្យដូចជាខ្លួនយើង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានរឿងប្រៀបធៀបនេះចេញមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៦ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម ហើយរកមើលរបៀបដែលបុរសក្នុងរឿងប្រៀបធៀបនេះ បានប្រព្រឹត្តចំពោះកូនប្រុសៗរបស់គាត់ ។
-
តើអ្នកមានអារម្មណ៍យ៉ាងណា បើអ្នកជាកូនប្រុសដែលបានពាក់កន្ទបនៅក្នុងរឿងប្រៀបធៀបនេះ ?
-
តើកូនប្រុសដែលពាក់ខោរអាវអាចធ្វើអ្វីខ្លះដើម្បីកែលម្អស្ថានភាពនេះ ?
-
តើអ្នកគិតថា សារលិខិតរបស់ព្រះអម្ចាស់មួយនេះ បង្កប់ន័យអ្វីខ្លះនៅក្នុងរឿងប្រៀបធៀបនេះចំពោះយើង ?
សូមសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៧ ដោយស្ងាត់ស្ងៀម ហើយរកមើលគោលការណ៍មួយ ដែលព្រះអម្ចាស់ចង់ឲ្យយើងយល់ដកស្រង់ចេញពីរឿងប្រៀបធៀបនេះ ។ ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែបង្ហាញពីអ្វីមួយ ដែលមានលក្ខណៈដូចខាងក្រោមនេះ ៖ បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងព្រះអម្ចាស់ឡើយ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ក្បែរនឹងគោលការណ៍ដែលអ្នកបានសរសេរពីដំបូង ។ អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សគូសចំណាំពាក្យនៅក្នុងគម្ពីររបស់ពួកគេ ដែលបង្រៀនពីគោលការណ៍នេះ ) ។
-
នៅក្នុងបរិបទនៃ ខ ២៧តើវាមានន័យយ៉ាងណាដើម្បីបាន « រួមគ្នាតែមួយ » ? ( ដើម្បីមានសាមគ្គីភាពនឹងអ្នកដទៃ ហើយនឹងជាមួយព្រះអម្ចាស់នៅក្នុងសេចក្ដីសុចរិត ) ។
-
តើការឲ្យតម្លៃអ្នកដទៃឲ្យច្រើនដូចជាយើងឲ្យតម្លៃលើខ្លួនយើង អាចជួយយើងឲ្យប្រែក្លាយទៅជារួមគ្នាតែមួយយ៉ាងដូចម្ដេច ? តើការណ៍នេះអាចជួយយើងក្លាយទៅជារួមគ្នាតែមួយនឹងព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
ហេតុអ្វីក៏អ្នកគិតថា យើងពុំអាចក្លាយជារាស្ត្ររបស់ព្រះអម្ចាស់បានឡើយ ប្រសិនបើយើងពុំបានរួមគ្នាតែមួយនោះ ?
សូមពន្យល់ថា សមាជិកសាសនាចក្រជំនាន់មុន ដែលត្រូវបានហៅឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ គឺមានជីវប្រវត្តិផ្សេងៗគ្នា ។ អ្នកខ្លះជាម្ចាស់ចម្ការដ៏មានជោគជ័យ ហើយត្រូវបានគេគោរពរាប់អាននៅក្នុងសហគមន៍របស់ពួកគេ ខណៈដែលអ្នកដទៃទៀតមានទ្រព្យបន្ដិចបន្ដួច ហើយត្រូវបានចាត់ទុកថាមានវណ្ណៈទាបក្នុងសង្គម ។
-
តើគោលការណ៍ទាំងឡាយនៅលើក្ដារខៀន បានប្រទានពរដល់ពួកបរិសុទ្ធ នៅពេលដែលពួកគេប្រមូលគ្នីគ្នាជាមួយនឹងសមាជិកដទៃទៀតនៃសាសនាចក្រនៅក្នុងរដ្ឋ អូហៃអូ យ៉ាងដូចម្ដេច ?
ពីមុនចាប់ផ្ដើមថ្នាក់រៀន អ្នកអាចរៀបចំដើម្បីចែកក្រដាសមួយដល់សិស្សម្នាក់ៗ ដែលមាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍នេះឲ្យឮៗ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលវិធីដែលបទបញ្ញត្តិឲ្យរួមគ្នាតែមួយ ដែលមានជាប់ទាក់ទងទៅនឹងបទបញ្ញត្តិរបស់ព្រះសម្រាប់រាស្ត្ររបស់ទ្រង់ឲ្យប្រមូលផ្ដុំគ្នា ។
« យើងបានដឹងមកពីបទបពិសោធន៍ដែលថាក្ដីអំណរកើតមាន នៅពេលយើងត្រូវបានប្រទានពរជាមួយនឹងភាពសាមគ្គីគ្នា ។… បំណងប្រាថ្នា [ ព្រះវរបិតាសួគ៌របស់យើង ] គឺត្រូវបានប្រទានដល់យើងនូវបំណងដ៏ពិសិដ្ឋឲ្យមានសាមគ្គីភាពដែលវាចេញមកពីក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ។
« ទ្រង់ពុំអាចប្រទានវាដល់យើងម្នាក់ៗនោះទេ ។ ក្ដីអំណរនៃសាមគ្គីភាព ដែលទ្រង់ចង់ប្រទានឲ្យយើងយ៉ាងខ្លាំងនោះ គឺមិនឲ្យយើងតែម្នាក់ឯងទេ ។ យើងត្រូវតែស្វែងរកវា ហើយនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មានវា ជាមួយនឹងអ្នកផ្សេងទៀត ។ វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលព្រះជម្រុញយើងឲ្យប្រមូលផ្ដុំគ្នា ដូច្នេះទើបទ្រង់អាចប្រទានពរដល់យើង ។ ទ្រង់ចង់ឲ្យយើងរួបរួមគ្នានៅក្នុងក្រុមគ្រួសារ ។ ទ្រង់បានបង្កើតថ្នាក់ វួដ និងសាខាជាច្រើន ហើយបានបញ្ជាយើងឲ្យជួបជុំគ្នាជារឿយៗ ។ នៅក្នុងការរួបរួមគ្នាទាំងនោះ ដែលព្រះបានរៀបចំសម្រាប់យើង នោះជាឱកាសដ៏អស្ចារ្យរបស់យើង ។ យើងអាចអធិស្ឋានហើយធ្វើការស្វែងរកភាពសាមគ្គី ដែលនឹងនាំយើងនូវសេចក្ដីអំណរ និងពង្រីកអំណាចរបស់យើងដើម្បីបម្រើ » (« Our Hearts Knit as One » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦៩ ) ។
-
យោងតាមប្រធាន អាវរិង ហេតុអ្វីព្រះអម្ចាស់ចង់ឲ្យយើងប្រមូលផ្ដុំគ្នីគ្នា ? ( ដូច្នេះទ្រង់អាចប្រទានពរដល់យើង ហើយជួយយើងឲ្យធ្វើការរួមគ្នាឆ្ពោះទៅរកសាមគ្គីភាព ) ។ តើពរជ័យនៃសាមគ្គីភាពមានន័យយ៉ាងណា ? ( ក្ដីអំណរ និងអំណាចទ្វេភាគដើម្បីបម្រើរបស់យើង ) ។
-
តើសេចក្ដីថ្លែងការរបស់ប្រធាន អាវរិង ជួយយើងឲ្យយល់ពីមូលហេតុដែលយើងត្រូវរួបរួមគ្នាជាក្រុមគ្រួសារយ៉ាងដូចម្ដេច ? ជាសមាជិកសាសនាចក្រយ៉ាងដូចម្ដេច ? ជាសិស្សថ្នាក់សិក្ខាសាលាមួយយ៉ាងដូចម្ដេច ?
-
តើអ្នកមានបទពិសោធន៍នៃការទទួលពរជ័យទាំងឡាយ ដែលកើតមានមកពីការរួបរួមគ្នានឹងអ្នកដទៃទៀតនៅពេលណា ?
សូមអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទីសរសេរ នៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ អំពីអ្វីដែលពួកគេអាចធ្វើដើម្បីរួមគ្នាតែមួយជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ជាមួយយុវជន និងយុវនារីនៅក្នុងកូរ៉ុម និងថ្នាក់រៀននៅព្រះវិហាររបស់ពួកគេ ហើយនឹងជាមួយព្រះអម្ចាស់ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៨-៣៣
ព្រះអម្ចាស់ពន្យល់ពីមូលហេតុដែលទ្រង់បានបញ្ជាឲ្យសាសនាចក្ររបស់ទ្រង់ត្រូវប្រមូលគ្នីគ្នានៅឯរដ្ឋ អូហៃអូ
សូមពន្យល់ថា ព្រះអម្ចាស់ បានបើកបង្ហាញនូវមូលហេតុផ្សេងទៀតថា ហេតុអ្វីបានជាទ្រង់បញ្ជាឲ្យពួកបរិសុទ្ធចាកចេញពីរដ្ឋ នូវ យ៉ោក ហើយប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៨-៣០ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលមូលហេតុផ្សេងទៀត ដែលពួកបរិសុទ្ធត្រូវបានបញ្ជាឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ ។
-
តើព្រះអម្ចាស់បានព្រមានដល់ពួកបរិសុទ្ធអំពីអ្វីខ្លះ ?
-
ស្របតាម ខ ៣០តើរាស្ត្ររបស់ព្រះអម្ចាស់អាចធ្វើអ្វីខ្លះ ដើម្បីកុំឲ្យភ័យខ្លាចពួកខ្មាំងសត្រូវរបស់ពួកគេ ? ( អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សគូសចំណាំពាក្យដែលបង្រៀនគោលការណ៍ដូចខាងក្រោម ៖ បើយើងបានត្រៀមខ្លួន នោះយើងនឹងពុំភ័យខ្លាចឡើយ )។
ដើម្បីជួយសិស្សយល់ ហើយអនុវត្តសេចក្ដីពិតដែលពួកគេទើបតែប្រាប់ សូមបំបែកពួកគេជាគូៗ ហើយអញ្ជើញឲ្យគូនីមួយៗ ពិភាក្សារកចម្លើយចំពោះសំណួរដូចខាងក្រោម ។ ( អ្នកអាចនឹងចង់សរសេរសំណួរទាំងនេះលើក្ដារខៀន ) ។
-
ហេតុអ្វីក៏អ្នកគិតថា ការរៀបចំខ្លួនផ្ដល់នូវទំនុកចិត្តដល់យើង នៅពេលប្រឈមមុខនឹងភាពអវិជ្ជមាន ឬគ្រោះថ្នាក់ ?
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនទប់ទល់នឹងកម្លាំងរបស់ខ្មាំងសត្រូវដែលចង់បំផ្លាញយើងនោះ ?
សូមរំឭកសិស្សថា នៅក្នុងឆ្នាំ ១៨៣១ ពួកបរិសុទ្ធមួយចំនួននៅរដ្ឋនូវយ៉ោក បានមានចម្ងល់ថាហេតុអ្វីក៏ពួកគេត្រូវបានបញ្ជាឲ្យទៅរដ្ឋ អូហៃអូ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣១-៣៣ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយប្រាប់ពីរបៀបដែលពួកបរិសុទ្ធត្រូវបានប្រទានពរ បើពួកគេបានគោរពតាមបទបញ្ញត្តិឲ្យប្រមូលគ្នីគ្នានៅឯរដ្ឋ អូហៃអូ នោះ ។ សិស្សគួរតែប្រាប់អំពីពរជ័យចំនួនបួន ៖ ( ១ ) ពួកគេ « អាចនឹងគេចផុតពីអំណាចរបស់ខ្មាំងសត្រូវ » ( ២ ) ពួកគេនឹង « ត្រូវបានប្រមូលគ្នាទៅរក [ ព្រះ ] ជារាស្រ្តសុចរិតមួយ » ( ៣ ) ពួកគេនឹងទទួលបានក្រឹត្យវិន័យរបស់ព្រះ ហើយ ( ៤ ) ពួកគេនឹង « ប្រទានឲ្យនូវព្រះចេស្ដាមកពីស្ថានលើ » ។
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់ប្រមូលរាស្ត្ររបស់ទ្រង់ ដើម្បីការពារពួកគេ ហើយពង្រឹងដល់ពួកគេខាងវិញ្ញាណ ។
-
តើការប្រមូលផ្ដុំជាមួយនឹងអ្នកទាំងឡាយដែលចែកចាយបទដ្ឋានរបស់អ្នក ជួយអ្នកមានអារម្មណ៍ថាត្រូវបានការពារពីអំណាចរបស់សាតាំងយ៉ាងដូចម្ដេច ?
-
តើការទទួលក្រឹត្យវិន័យរបស់ព្រះ ជួយពង្រឹងយើងខាងវិញ្ញាណដូចម្ដេចខ្លះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣៤-៤២
សាសនាចក្រត្រូវបានផ្ដល់ឲ្យនូវបទបញ្ញត្តិទាំងឡាយទាក់ទងនឹងការប្រមូលផ្ដុំទៅឯរដ្ឋអូហៃអូ
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣៤-៤២ ដោយការពន្យល់ថា ព្រះអម្ចាស់បានប្រទានបទបញ្ញត្តិមួយចំនួន ហើយប្រឹក្សាដល់ពួកបរិសុទ្ធថា បញ្ញត្តិទាំងនោះនឹងជួយពួកគេនៅក្នុងការផ្លាស់លំនៅទៅកាន់រដ្ឋអូហៃអូ ។ សូមពន្យល់ផងដែរថា សម្រាប់ពួកបរិសុទ្ធភាគច្រើន ប្រភពនៃការចិញ្ចឹមជីវិតរបស់ពួកគេ គឺចម្ការរបស់ពួកគេ ។ ដោយមានសមាជិកជាច្រើនក្នុងសាសនាចក្រត្រូវលក់ទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងពេលតែមួយ នោះមានពួកបរិសុទ្ធជាច្រើន បានប្រឈមមុខនឹងការខាតបង់ប្រាក់ទៅលើចម្ការរបស់ពួកគេ ឬពួកគេពុំអាចលក់វាដាច់ទាល់តែសោះ ។ ដោយមានដីជាច្រើនត្រូវលក់ នោះវានឹងនាំឲ្យថ្លៃធ្លាក់ចុះ ហើយអនុញ្ញាតឲ្យពួកអ្នកទិញចម្ការរបស់ពួកបរិសុទ្ធទិញបានក្នុងតម្លៃថោកបំផុត ។
សូមអញ្ជើញសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣៧, ៣៩ ដោយស្ងាត់ស្ងៀម ហើយរកមើលដំបូន្មានរបស់ព្រះអម្ចាស់ ទាក់ទងទៅនឹងចម្ការ និងភាពមានបានរបស់ពួកបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើការដឹងពីការសន្យាដ៏អស់កល្បជានិច្ច ដែលព្រះអម្ចាស់បានប្រទានដល់អ្នក ជួយអ្នកឲ្យគោរពតាមបទបញ្ញត្តិរបស់ទ្រង់យ៉ាងដូចម្ដេច ?
សូមពន្យល់ថា មានពួកបរិសុទ្ធមួយចំនួនមានការលំបាកក្នុងការលក់ចម្ការរបស់ពួកគេ បន្ទាប់ពីបទបញ្ញត្តិត្រូវបានប្រទានឲ្យ ។ មួយចំនួនបានលក់ចម្ការរបស់ពួកគេខាត អ្នកដទៃទៀតពុំអាចលក់អចលនទ្រព្យដាច់តែម្ដង ។ មានសមាជិកស្មោះត្រង់មួយចំនួនត្រូវ បានចាកចោលផ្ទះ និងទ្រព្យសម្បត្តិដែលលក់មិនដាច់ ហើយចេញដំណើរទៅរដ្ឋអូហៃអូ។
អ្នកអាចបញ្ចប់មេរៀន ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិត ដែលបានប្រាប់នៅក្នុងមេរៀន ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមរឿងទាំងឡាយដែលពួកគេបានទទួលអារម្មណ៍ និងបានកត់ត្រានៅក្នុងអំឡុងពេលមេរៀន ។