មេរៀនទី ១៣៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១
បុព្វកថា
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១ រួមមាននូវការបកស្រាយមួយអំពីគោលការណ៍ដែលព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនកាលនៅរ៉ាមូស រដ្ឋ អិលលីណោយ នៅថ្ងៃទី ១៦–១៧ ខែ ឧសភា ឆ្នាំ ១៨៤៣ ។ លោកបានបង្រៀនអំពីសេចក្ដីសញ្ញាថ្មី ហើយអស់កល្បជានិច្ចនៃអាពាហ៍ពិពាហ៍ និង ការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ចសម្រាប់អ្នកស្មោះត្រង់ ។ លោកក៏បានបង្រៀនថាវិញ្ញាណទាំងអស់គឺជាធាតុ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១-៤
យ៉ូសែប ស៊្មីធបង្រៀនអំពីសារៈសំខាន់នៃសេចក្តីសញ្ញាអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច
សូមបង្ហាញដល់សិស្សនូវ សោដែលមានលេខសម្ងាត់សាមញ្ញមួយ ។ អ្នកអាចគិតប្រើវាដើម្បីចាក់សោគម្របប្រអប់មួយឲ្យមានសុវត្ថិភាព ។ បើសិនអ្នកគ្មានសោទេនោះ សូមគូររូបសោនេះលើក្តារខៀន ។ សូមអញ្ជើញសិស្សប្រុសម្នាក់ និង សិស្សស្រីម្នាក់ឲ្យឈរនៅខាងមុខក្តារខៀន ។ សូមឲ្យក្រដាសមួយសន្លឹកដែលមានផ្នែកដំបូងនៃលេខសម្ងាត់សរសេរនៅលើនោះទៅសិស្សម្នាក់ ។ សូមឲ្យក្រដាសមួយសន្លឹកទៀត ដែលមានផ្នែកនៅសល់នៃលេខសម្ងាត់មួយទៀតសរសេរនៅលើនោះឲ្យទៅសិស្សម្នាក់ទៀត ។ បើសិនអ្នកបាននាំយកសោមួយមកថ្នាក់រៀន សូមឲ្យសិស្សម្នាក់បើកសោនៅដោយពុំឲ្យសិស្សផ្សេងទៀតជួយឡើយ ។ បន្ទាប់មកសូមឲ្យពួកគេធ្វើការជាមួយគ្នាដើម្បីបើកសោនោះ ។
សូមសរសេរសំណួរខាងក្រោមលើក្តារខៀន ( ឬ សូមសរសេរវានៅក្រដាសមួយនៅក្នុងប្រអប់ដែលសិស្សពីរនាក់ទើបតែបានចាក់សោ ) ៖ បើសិនសោតំណាងឲ្យច្រកចូលទៅក្នុងកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល តើលេខសម្ងាត់នោះតំណាងឲ្យអ្វី ? សូមឲ្យសិស្សអានរកមើលចម្លើយចំពោះសំណួរនេះនៅពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១ ។
សូមពន្យល់ថានៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៨៤៣ យ៉ូសែប ស្ម៊ីធ បានធ្វើដំណើរទៅកាន់ រ៉ាមូស រដ្ឋ អិលលីណយ ។ ខណៈនៅផ្ទះរបស់បេនយ៉ាមីន និងមីលីសា ចនសិន លោកបានធ្វើពិធីផ្សារភ្ជាប់ឲ្យពួកគេជាស្វាមី និង ភរិយាសម្រាប់ភាពអស់កល្បជានិច្ច ។ លោកក៏បានបង្រៀនពួកគេពី របៀបដែលអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ចទាក់ទងនឹងនគរសេឡេស្ទាល ។ សេចក្ដីពិតទាំងនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១:១–៤ ។ ( សូមមើល History of the Church, ៥:៣៩១-៩២ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសេចក្តីពិតដែលព្យាការីបានបើកសម្តែងអំពី នគរសេឡេស្ទាល ។
-
តើយ៉ូសែប ស្ម៊ីធបានបើកសម្តែងអ្វីខ្លះអំពីនគរសេឡេស្ទាល ?
សូមពន្យល់ថាជាញឹកញាប់យើងនិយាយពី ការទទួលកម្រិតនៃសិរីរុងរឿងដ៏ខ្ពស់បំផុតនៅក្នុងនគរសេឡេស្ទាល ថាជាភាពតម្កើងឡើង ឬ ជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមសរសេរពាក្យ ភាពតម្កើងឡើង នៅលើក្ដារខៀន ។ សូមពន្យល់ថាអស់អ្នកដែលទទួលកម្រិតនៃសិរីរុងរឿងនៃនគរសេឡេស្ទាលនេះនឹងរស់នៅដូចជាព្រះវរបិតាសួគ៌ទ្រង់រស់នៅដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យ អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:២–៤ ឲ្យឮៗ, ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលយើងត្រូវតែធ្វើដើម្បីទទួលបានកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល ។
-
តើយើងត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល ? ( សិស្សគួររកឃើញគោលលទ្ធិខាងក្រោម ៖ ដើម្បីទទួលបានកម្រិតខ្ពស់បំផុតនៃនគរសេឡេស្ទាល នោះយើងត្រូវតែចូលទៅក្នុងសេចក្តីសញ្ញាថ្មី ហើយដ៏អស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍) ។
-
តើអ្នកគិតថាវាមានន័យដូចម្តេចនៅក្នុង ខ ៤ ដែលថាបើសិនយើងមិនបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធដោយសិទ្ធិអំណាចត្រឹមត្រូវនោះយើង « ពុំអាចបានភាពចម្រើនឡើយ ? » ( ដើម្បីជួយសិស្សឲ្យយល់ខនេះអ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ចម្រើន សំដៅលើឱកាសដើម្បីបន្តមានកូនចៅនៅក្នុងនគរសេឡេស្ទាល ) ។
ដើម្បីជួយសិស្សឲ្យយល់ឃ្លា « សេចក្តីសញ្ញាថ្មី ហើយដ៏អស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ » សូមពន្យល់ពាក្យ ថ្មី នៅក្នុងបរិបទនេះមានន័យថា សេចក្ដីសញ្ញានេះត្រូវបានស្ដារឡើងវិញថ្មីនៅក្នុងសម័យកាន់កាប់ត្រួតត្រារបស់យើង ។ ពាក្យ ដ៏អស់កល្បអស់កាលជានិច្ច មានន័យថាសេចក្ដីសញ្ញាដ៏ចាំបាច់នេះនឹងបន្ដឆ្ពោះទៅរកភាពអស់កល្ប ។ សូមរំឭកសិស្សថា ពួកគេចូលទៅក្នុងសេចក្តីសញ្ញានៃអាពាហ៍ពិពាហ៍សេឡេស្ទាលនេះនៅក្នុងព្រះវិហារបរិសុទ្ធ ) ។
-
តើអ្នកគិតថាអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់រៀបចំពួកគេសម្រាប់ភាពតម្កើងឡើងតាមរបៀបណាខ្លះ ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖ សូមឲ្យសិស្សស្ដាប់ដោយរកមើលពីរបៀបដែលអាពាហ៍ពិពាហ៍ជួយយើងរៀបចំខ្លួនសម្រាប់ជីវិតដ៏នៅអស់កល្បជានិច្ច ។
រូបភាពអែលឌើរ ដាវីឌ អេ បែដណា« ហេតុផលខាងគោលលទ្ធិពីរជួយយើងឲ្យយល់ដឹងពីហេតុផលដែលអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចគឺជារឿងដ៏សំខាន់នៅក្នុងផែនការរបស់ព្រះវរបិតា ។
« មូលហេតុទី ១ ៖ ធម្មជាតិនៃវិញ្ញាណភេទប្រុស និងភេទស្រី បំពេញកង្វះគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមកឲ្យល្អឥតខ្ចោះ ហេតុដូច្នោះហើយ បុរស និងស្ត្រី គឺមានបំណងចង់រីកចម្រើនទៅជាមួយគ្នាឆ្ពោះទៅរកភាពតម្កើងឡើង ។…
« តាមរយៈការរចនាដ៏ទេវភាព បុរស និង ស្ត្រី ត្រូវបានតាំងចិត្តដើម្បីរីកចម្រើនជាមួយគ្នាឆ្ពោះទៅកាន់ភាពល្អឥតខ្ចោះ និង ភាពដ៏ពេញលេញនៃសិរីល្អ ។ ដោយសារភាពខុសគ្នានៃនិស្ស័យ និង សមត្ថភាពរបស់ខ្លួន បុរស និង ស្ត្រីគ្រប់រូបនាំមកកាន់ទំនាក់ទំនងអាពាហ៍ពិពាហ៍នូវទស្សនវិស័យ និង បទពិសោធន៍ដ៏ពិសេស ។ បុរស និង ស្ត្រីមានលក្ខណៈផ្សេងគ្នា ប៉ុន្តែមានភាពស្មើគ្នាតែមួយ និង សាមគ្គីភាព ដែលកិច្ចការទាំងនេះមិនអាចទទួលបានជោគជ័យបានតាមវិធីផ្សេងឡើយ ។ បុរសបំពេញ និងធ្វើឲ្យស្រ្ដីបានគ្រប់លក្ខណ៍ ហើយស្ត្រីបំពេញ និងធ្វើឲ្យបុរសបានគ្រប់លក្ខណ៍ នៅពេលពួកគេរៀនពីគ្នា ហើយពង្រឹង និងប្រទានពរដល់គ្នាទៅវិញទៅមកនោះ ។
« ហេតុផលទី ២ ៖ តាមរយៈការតាក់តែងដ៏ទេវភាពទាំងបុរស និង ស្ត្រីគឺចាំបាច់ត្រូវនាំកូនចូលមកក្នុងជីវិតរមែងស្លាប់នេះ ហើយផ្តល់គំរូដ៏ល្អបំផុតដើម្បីចិញ្ចឹម និង ថែទាំកូនចៅ » (« Marriage Is Essential to His Eternal Plan » Ensign, ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣–៨៤ អក្សដិត និង ទ្រេតត្រូវបានដកចេញ ) ។
-
យោងតាមអែលឌើរ បែដណា ហេតុអ្វីអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និង ស្ត្រីម្នាក់ចាំបាច់សម្រាប់ភាពតម្កើងឡើងរបស់ពួកគេ ?
-
តើការយល់ដឹងពីគោលលទ្ធិដែលថាអាពាហ៍ពិពាហ៍សេឡេស្ទាលចាំបាច់សម្រាប់ភាពតម្កើងឡើងអាចជះលទ្ធិពលលើអ្វីដែលអ្នកស្វែងរកចំពោះអនាគតស្វាមី ឬ ភរិយាយ៉ាងដូចម្តេច ?
-
ហេតុអ្វីបានជាវាសំខាន់ដែលនៅក្នុងវ័យរបស់អ្នក ត្រូវដាក់ផែនការការរៀបអាពាហ៏ពិពាហ៏អស់កល្បជានិច្ចក្នុងព្រះវិហារបរិសុទ្ធ គឺជាអាទិភាពយ៉ាងដូច្នេះ ?
អ្នកអាចពន្យល់ថាពរជ័យនៃភាពតម្កើងឡើងនឹងមានដល់មនុស្សទាំងអស់ដែលពុំមានឱកាសសម្រាប់អាពាហ៍ពិពាហ៍សេឡេស្ទាលនៅក្នុងជីវិតនេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ដកស្រង់ពីសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ៖
« សមាជិកសាសនាចក្រខ្លះនៅតែនៅលីវ ដោយមិនមែនជាកំហុសរបស់គេ ទោះបីជាពួកគេចង់រៀបការក្ដី ។ ប្រសិនបើអ្នកឃើញខ្លួនអ្នកស្ថិតនៅក្នុងស្ថានភាពនេះ សូមប្រាកដថា ‹ គ្រប់ការណ៍ទាំងអស់ផ្សំគ្នាសម្រាប់សេចក្តីល្អ ដល់ពួកអ្នកដែលស្រឡាញ់ព្រះ › ( រ៉ូម ៨:២៨ ) ។ នៅពេលអ្នកបន្ដមានភាពសក្ដិសម នោះនៅថ្ងៃណាមួយ នៅក្នុងជីវិតនេះ ឬជីវិតបន្ទាប់ អ្នកនឹងបានពរជ័យទាំងឡាយនៃទំនាក់ទំនងគ្រួសារដ៏អស់កល្ប » ( ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងដំណឹងល្អ [ ឆ្នាំ ២០០៤ ], ទំព័រ ៩៩ ) ។
-
តើការរក្សាសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់អ្នកក្នុងពេលនេះ អាចជួយអ្នករៀបចំខ្លួនដើម្បីទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធរបៀបណា ? តើយុវជន និងយុវនារីអាចធ្វើអ្វីខ្លះក្នុងពេលឥឡូវនេះ ដើម្បីធ្វើឲ្យអាពាហ៏ពិពាហ៏សេឡេស្ទាលនៅក្នុងព្រះវិហារបរិសុទ្ធក្លាយជាអាទិភាពមួយ ? ( អ្នកអាចសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀន ។)
សូមលើកទឹកចិត្តសិស្សឲ្យដាក់អាពាហ៏ពិពាហ៏ដ៏អស់កល្បជានិច្ចនៅក្នុងព្រះវិហារបរិសុទ្ធជាអាទិភាពសម្រាប់ពួកគេ ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យទាំងឡាយដែលបានមកពីលទ្ធផលនៃអាពាហ៍ពិពាហ៍សេឡេស្ទាល ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៥-៦
ព្យាការីពន្យល់ពី « ពាក្យព្យាការណ៍ដ៏ពិតជាង »
សូមបង្ហាញសំបុត្រធានាខុសត្រូវ ឬ សំបុត្រធានាមួយច្បាប់ ។
-
តើការមានអ្នកធានាម្នាក់វាមានប្រយោជន៍អ្វីខ្លះ ?
-
ហេតុអ្វីបានជាការធានាមួយមកពីព្រះវរបិតាសួគ៌ មានតម្លៃពិសេសយ៉ាងដូច្នេះ ?
សូមពន្យល់ថានៅរ៉ាមូស រដ្ឋ អិលលីណោយ នៅព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ១៨៤៣ យ៉ូសែប ស៊្មីធ បានបង្រៀនឃ្លាមួយដែលមាននៅក្នុង ពេត្រុសទី ២ ១:១៩ ដែលតំណាងឲ្យអ្នកធានាមួយមកពីព្រះ ( សូមមើល History of the Church, ៥:៣៩២ ) សូមអញ្ជើញសិស្សឲ្យអាន ពេត្រុសទី ២ ១:១៩ ដោយស្ងាត់ស្ងៀម ហើយរកមើលឃ្លានោះ ។ ( ពាក្យទំនាយដ៏ពិតជាង » ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៥ ហើយរកមើលអត្ថន័យនៃឃ្លា « ពាក្យព្យាការណ៍ដ៏ពិតជាង » ។ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាម ខ ៥, តើព្រះវរបិតាសួគ៌ធានាអ្វីខ្លះដល់មនុស្សម្នាក់តាមរយៈពាក្យព្យាការណ៍ដ៏ពិតជាងនោះ ? ( ជីវិតដ៏នៅអស់កល្បជានិច្ច) ។
-
តើអ្នកគិតថាអ្នកនឹងមានអារម្មណ៍ដូចម្ដេចដើម្បីទទួលការធានាបែបនោះ ? ហេតុអ្វី ?
កំណត់ចំណាំ ៖ សូមកុំមើលស្រាលបុគ្គលដែលនៅរស់ដែលអាចនឹងទទួលបាន « ពាក្យព្យាការណ៍ដ៏ពិតជាង »ឡើយ ។ ទោះជាយ៉ាងណាក៏ដោយព្រះគម្ពីរប្រាប់យើងពី បុគ្គលមួយចំនួនដែលបានទទួលការធានានៃជីវិតដ៏នៅអស់កល្បជានិច្ច អំឡុងពេលនៅក្នុងជីវិតរមែងស្លាប់នេះនៅឡើយ ។ ឧទាហរណ៍ ព្រះអម្ចាស់បានបង្ហាញនៅក្នុងការធានាអះអាងនេះចំពោះយ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៤៩) និង ចំពោះអាលម៉ា ( សូមមើល ម៉ូសាយ ២៦:២០) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៦ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលនឹងរារាំងមនុស្សម្នាក់ពីការទទួលជីវិតអស់កល្បជានិច្ច ។
-
តើយ៉ូសែប ស៊្មីធបានមានប្រសាសន៍ពីកិច្ចការអ្វីខ្លះ ដែលធ្វើឲ្យយើងមិនបានសង្គ្រោះ ឬ ទទួលជីវិតអស់កល្បជានិច្ច ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្ដែសូមប្រាកដថាពួកគេយល់ថា យើងមិនអាចបានសង្គ្រោះនៅក្នុងភាពល្ងង់ខ្លៅឡើយ ។ អ្នកអាចសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យអានការពន្យល់ខាងក្រោម អំពីសេចក្តីពិតដែលបានផ្តល់ឲ្យដោយប្រធាន ម៉ារ៉ុន ជី រ៉មនី នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សស្តាប់រកមើលចំណេះវិជ្ជាបែបណាដែលយើងត្រូវការ ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
រូបភាពប្រធាន ម៉ារុន ជី រ៉មនី« ចំណេះវិជ្ជានៃការ ‹ ស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែមួយ និង ព្រះយេស៊ូវគ្រីស្ទ › (យ៉ូហាន ១៧:៣) គឺជាចំណេះវិជ្ជាដ៏សំខាន់បំផុតនៅលើសាកលលោកនេះ វាគឺជាចំណេះវិជ្ជាដែលយ៉ូសែប ស្ម៊ីធបានមានប្រសាសន៍ថាបើគ្មានចំណេះនេះ នោះគ្មាននរណាបានសង្គ្រោះឡើយ ។ ការខ្វះនូវចំណេះវិជ្ជានេះគឺជាភាពល្ងង់ខ្លៅសំដៅទៅក្នុងវិវរណៈដែលបានសរសេរក្នុងនោះថា ៖ ‹ គឺគ្មានផ្លូវទេសម្រាប់ឲ្យមនុស្សបានសង្គ្រោះក្នុងការល្ងង់ខ្លៅឡើយ › ។ ( គ. និង ស. ១៣១:៦ ) » ។ (« Except a Man Be Born Again »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ១៤ ) ។
-
តើចំណេះវិជ្ជាបែបណាដែលយើងត្រូវតែមាន ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ? តើអ្នកគិតថា ហេតុអ្វីចំណេះវិជ្ជាបែបនេះចាំបាច់សម្រាប់សេចក្តីសង្គ្រោះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបង្កើនចំណេះវិជ្ជារបស់យើងអំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៧-៨
យ៉ូសែប ស្ម៊ីធបង្រៀនថាវិញ្ញាណទាំងអស់គឺជាធាតុ
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៧-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើវិញ្ញាណផ្សំឡើងពីអ្វីខ្លះ ។
-
តើអ្នករៀនអ្វីខ្លះពីខគម្ពីរទាំងនេះ ? ( គ្រប់អស់ទាំងការបង្កបង្កើតផ្សំពីធាតុនានា ប៉ុន្តែធាតុនៃវិញ្ញាណគឺ « ហ្មត់ ឬ សុទ្ធសាធ » ) ។
សូមថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានពិភាក្សានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១, ហើយសូមលើកទឹកចិត្តសិស្សឲ្យបន្តទទួលចំណេះវិជ្ជាអំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ដូច្នេះពួកគេអាចប្រែក្លាយកាន់តែដូចពួកទ្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១-៤ ។ « សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ខាងអាពាហ៏ពិពាហ៏ »
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីតំណរវាង អាពាហ៍ពិពាហ៍សេឡេស្ទាល និង ការហៅហើយរើសតាំងរបស់បុគ្គលម្នាក់មានពិតប្រាកដមែន ។
រូបភាពអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី« នៅក្នុងន័យដូចគ្នាដែលថាពិធីបុណ្យជ្រមុជទឹកបើកទ្វារ ហើយចាប់ផ្តើមប្រែចិត្តនោះមនុស្សធ្វើដំណើរលើផ្លូវនាំទៅរកជីវិតដ៏អស់កល្ប វាក៏ដូចគ្នាទៅនឹង អាពាហ៍ពិពាហ៍សេឡេស្ទាលដែរ ។ របៀបដ៏ពិសិដ្ឋនៃអាពាហ៍ពិពាហ៍នេះក៏នឹងបើកទ្វារនាំទៅរកភាពតម្កើងឡើងសេឡេស្ទាលដែរ ។…
« ដូចដែលមនុស្សគ្រប់រូបដែលបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធដឹងស្រាប់ហើយ គឺអ្នកទាំងនោះពិតជាសាមគ្គីគ្នាណាស់—ដោយសារអំណាច និង សិទ្ធិអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ និង ដោយគុណធម៌នៃអំណាចផ្សារភ្ជាប់ដែលបានស្តារឡើងវិញដោយអេលីយ៉ា—ត្រូវបានសន្យានូវមរតដនៃសិរិល្អ កិត្តិយស អំណាច និង ការត្រួតត្រានៅក្នុងនគររបស់ព្រះ ។ ប៉ុន្តែ ដូចជាពិធីបុណ្យជ្រមុជទឹកដែរ គ្រប់ការសន្យាទាំងអស់ត្រូវមានលក្ខខណ្ឌ វាត្រូវបានថ្លែងយ៉ាងជាក់លាក់ និង ច្បាស់លាស់ថានៅក្នុងលក្ខខណ្ឌនៃភាពស្មោះត្រង់ដែលបានមកពីការចូលរួមពីគ្រប់គូភាគី ។ បើសិនពួកគេរក្សាបទបញ្ញាត្តិបន្ទាប់ពីអាពាហ៍ពិពាហ៍សេឡេស្ទាល នោះការជួបជុំពួកគេបន្តនៅក្នុងជីវិតបន្ទាប់ បើសិនពួកគេពុំបានធ្វើតាមបទដ្ឋាននៃភាពសុចរិតផ្ទាល់ខ្លួនដែលទាក់ទងទេ នោះអាពាហ៍ពិពាហ៍របស់ពួកគេនឹងក្លាយជាឥតប្រយោជន៍នៅពេលពួកគេស្លាប់ ហើយពួកគេត្រឡប់ទៅក្នុងស្ថានភាពបែកបាក់គ្នា និង ឯកោ ។…
« … ដោយសារការហៅ និង ការរើសតាំងរបស់បុគ្គលម្នាក់ គឺដើម្បីប្រាកដថា ទទួលនូវការធានាមួយនៃជីវិតអស់កល្ប—វាគឺជារឿងសាមញ្ញបំផុតនៅលើពិភពលោកនេះសម្រាប់ព្រះអម្ចាស់ដើម្បីបើកសម្តែងទាំងគោលលទ្ធិអាពាហ៍ពិពាហ៍ដ៏អស់កល្ប និង គោលលទ្ធិនៃការផ្សារភ្ជាប់ឆ្ពោះទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ( មានន័យថាការហៅ និង រើសតាំងរបស់បុគ្គលម្នាក់គឺដើម្បីធ្វើឲ្យប្រាកដ ) នៅក្នុងវិវរណៈតែមួយ និង ដូចគ្នា ។ ជាលទ្ធផលវាបានរីកចម្រើនចេញពីអ្វីមួយផ្សេងទៀត ។ មានមួយនៅក្នុងលក្ខខណ្ឌនៃការសន្យានៃជីវិតអស់កល្បជានិច្ច មួយទៀតពុំនៅក្នុងលក្ខខណ្ឌនៃការសន្យាឡើយ ។…
« …យើងត្រូវតែរស់នៅដើម្បីទទួលការធានា ដែលយើងត្រូវបានហៅ ហើយការអះអាងដែលទាក់ទងនឹងការរើសតាំងរបស់យើង ហើយដែលបានផ្តល់ឲ្យនូវលក្ខខណ្ឌមួយដែលផ្តោតតែលើអាពាហ៍ពិពាហ៍សេឡេស្ទាលតែមួយប៉ុណ្ណោះ ។ ដូចនឹងបុណ្យជ្រមុជទឹកដែរ អាពាហ៍ពិពាហ៍សេឡេស្ទាល ដោយមានការសន្យាដ៏រុងរឿងនៃជីវិតអស់កល្បដែលជាផ្នែកមួយនៃសេចក្តីសញ្ញាទាំងនេះ នោះយើងត្រូវឈានទៅមុខដោយសេចក្តីសុចរិត រហូតដល់ការហៅ និង រើសតាំងរបស់យើងត្រូវបានធ្វើឡើង ហើយថាការសម្រេចបាននូវការរីកចម្រើនដ៏ខ្ពស់ ហើយនឹងបានបំពាក់មកុដដែលជារង្វាន់នៃអាពាហ៍ពិពាហ៍សេឡាស្ទាល » (Doctrinal New Testament Commentary, វគ្គ ៣. [ ឆ្នាំ ១៩៦៥–១៩៧៣ ], ៣:៣៣១, ៣៣២, ៣៣៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៥ ។ « ពាក្យព្យាករណ៍ដ៏ពិតជាង » ។
« ពាក្យព្យាករណ៍ដ៏ពិតជាង មានន័យពីមនុស្សដែលដឹងថាខ្លួនបានភ្ជាប់ទុក ចំពោះជីវិតដ៏នៅអស់កល្បជានិច្ចដោយវិវរណៈ និង វិញ្ញាណនៃការព្យាករណ៍តាមរយៈអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ » (គ. និង ស. ១៣១:៥) ។ ពរជ័យនេះក៏សំដៅដូចទៅនឹងការធ្វើឲ្យ « ការហៅ ហើយរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង » (ពេត្រុសទី ២ ១:១០) ។
« អ្នកដើរតាមដ៏សុចរិតរបស់ព្រះគ្រីស្ទ អាចត្រូវបានរាប់ក្នុងចំណោមអ្នករើសតាំងដែលទទួលការធានាអះអាងនៃភាពតម្កើងឡើង ។ ការហៅ និង ការរើសតាំងនេះបានចាប់ផ្តើមជាមួយនឹងការប្រែចិត្ត និង បុណ្យជ្រមុជទឹក ។ វានឹងប្រែជាពេញលេញនៅពេលពួកគេ ‹ ខំជឿនទៅមុខដោយទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត › (នីហ្វៃទី ២ ៣១:១៩–២០) ។ ព្រះគម្ពីរបានហៅដំណើរការនេះថាជាការធ្វើឲ្យការហៅ និង ការរើសតាំងអ្នករាល់គ្នាបានពិតប្រាកដឡើង (ពេត្រុសទី ២ ១:៤–១១; គ. និង ស. ១៣១:៥–៦) » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការហៅ និង ការរើសតាំង » scriptures.lds.org ) ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ដូចនេះ ៖
រូបភាពអែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី« សមាជិកសាសនាចក្រទាំងនោះដែលបានលះបង់ខ្លួនរបស់ពួកគេទាំងស្រុងចំពោះភាពសុចរិត រស់នៅតាមគ្រប់ព្រះបន្ទូលដែលចេញពីព្រះឱសរបស់ព្រះ នោះនឹងធ្វើឲ្យ ការហៅ និង ការរើសតាំងរបស់ពួកគេបានប្រាកដឡើង ។ នោះហើយដែលពួកគេទទួលពាក្យព្យាករណ៍ដ៏ពិតជាង ដែលមានន័យថាព្រះអម្ចាស់ផ្សារភ្ជាប់ភាពតម្កើងឡើងរបស់ពួកគេលើពួកគេ ខណៈដែលពួកគេមិនទាន់នៅក្នុងជីវិតនេះម្ល៉េះ ។ ពេត្រុសបានមានសង្ខេបដំណើរនៃភាពសុចរិតដែលពួកបរិសុទ្ធត្រូវតែធ្វើតាមដើម្បីធ្វើឲ្យការហៅ និង ការរើសតាំងរបស់ពួកគេត្រូវបានប្រាកដឡើង ហើយបន្ទាប់មក ( សំដៅលើបទពិសោធន៍របស់លោកនៅលើភ្នំប្រែរូបជាមួយ យ៉ាកុប និង យ៉ូហាន ) បានមានប្រសាសន៍ថា អ្នកទាំងបី នាក់នោះបានទទួលពាក្យព្យាករណ៍ដ៏ពិតជាងនេះ ។ (ពេត្រុសទី ២ ១) ។
« យូសែប ស្ម៊ីធ បានបង្រៀនថា ៖ ‹ បន្ទាប់ពី មនុស្សម្នាក់មានសេចក្តីជំនឿលើព្រះគ្រីស្ទ ប្រែចិត្តពីអំពើបាបរបស់ខ្លួន ហើយបានជ្រមុជទឹកសម្រាប់ការផ្តាច់បាបខ្លួន ហើយទទួលព្រះវិញ្ញាណបរិសុទ្ធ ( ដោយការការដាក់ដៃលើក្បាល ) ដែលជាព្រះដ៏ជាជំនួយដំបូងគេ បន្ទាប់មកទុកឲ្យគាត់បន្តបន្ទាបខ្លួនចំពោះព្រះ ដោយស្វែងរកសេចក្តីសុចរិតដោយអន្ទះសា ហើយរស់នៅតាមគ្រប់ទាំងព្រះបន្ទូលនៃព្រះ នោះមិនយូរប៉ុន្មានព្រះអម្ចាស់នឹងមានបន្ទូលទៅគាត់ថា កូនប្រុស សូមឯងទទួលភាពតម្កើងឡើងចុះ ។ នៅពេលព្រះអម្ចាស់បានធ្វើការសាកល្បងយ៉ាងខ្លាំងជាមួយគាត់ ហើយឃើញថាគាត់សម្រេចចិត្តដើម្បីបម្រើទ្រង់គ្រប់យ៉ាង នោះគាត់នឹងឃើញថាការហៅ និង ការរើសតាំងរបស់ខ្លួនត្រូវបានប្រាកដឡើង បន្ទាប់មកវាគឺជាឯកសទ្ធិរបស់គាត់ដើម្បីទទួលព្រះដ៏ជាជំនួយផ្សេងទៀត ។› ដើម្បីទទួលព្រះដ៏ជាជំនួយផ្សេងទៀត គឺដើម្បីមានព្រះគ្រីស្ទបង្ហាញអង្គទ្រង់ដល់គាត់ ហើយឃើញពីទស្សនៈនិមិត្តនៃភាពអស់កល្បជានិច្ច ។ [ការបង្រៀនរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ជ្រើសរើសចេញដោយ យ៉ូសែប ហ្វីលឌិង ស៊្មីធ [ ឆ្នាំ ១៩៧៦ ] ទំព័រ ១៤៩–៥១ បានបន្ថែមអក្សរទ្រេត ] ។
« ដូច្នោះ ដូចព្យាការីបានមានប្រសាសន៍ ‹ ពាក្យព្យាករណ៍ដ៏ ពិតជាង មានន័យពីមនុស្សដែលដឹងថាខ្លួនបានភ្ជាប់ទុកចំពោះជីវិតដ៏នៅអស់កល្បជានិច្ចដោយវិវរណៈ និង វិញ្ញាណនៃការព្យាករណ៍ តាមរយៈអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ › ។ (គ. និង ស. ១៣១:៥) ។ អស់អ្នកដែលពេញចិត្តនឹងព្រះអម្ចាស់ត្រូវបានការពារចំពោះគ្រប់រូបភាពទាំងអស់នៃអំពើបាប និង ពាក្យត្មេះតិះដៀល លើកលែងតែពាក្យត្មេះតិះដៀលប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ និង ការបង្ហូរឈាមនៃជនស្លូតត្រង់ ។ ភាពតម្កើងឡើងរបស់ពួកគេត្រូវបានធានាថាការហៅ និង ការរើសតាំងត្រូវបានប្រាកដឡើង ដោយសារពួកគេបានធ្វើតាមក្រឹត្យវិន័យរបស់ព្រះដ៏ពោរពេញ ហើយបានយកឈ្នះលោកិយ ។…
«…ដ្បិតមានតែព្យាការី ម្នាក់គត់ដែលបានទទួលការផ្សារភ្ជាប់នេះលើលោក ។ ការណ៍នេះហើយដែលលោកបានដឹងថា ‹ តាមរយៈវិវរណៈ និង វិញ្ញាណនៃការព្យាករណ៍ តាមរយៈអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធ › នោះលោកនឹងទទួលភាពជាព្រះនៅក្នុងជីវិតបន្ទាប់ ។ ចំពោះទ្រង់ ព្រះបានមានព្រះបន្ទូល ៖ ‹ យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ហើយនឹងបានដល់អ្នកដរាបដល់បំផុតលោក និង រហូតដល់អស់ភាពអស់កល្បជានិច្ចផង ដ្បិតយើងប្រាកដ ជាភ្ជាប់មកលើអ្នកនូវភាពតម្កើងឡើងរបស់អ្នក ហើយរៀបចំបល្ល័ង្កមួយសម្រាប់អ្នកនៅនគរនៃព្រះវរបិតារបស់យើងជាមួយលោកអ័ប្រាហាំ ជាអយ្យកោរបស់អ្នក › (គ. និង ស. ១៣២:៤៩បានបន្ថែមអក្សរទ្រេត ) ។
« វាគួរតែយល់ច្បាស់ថាពរជ័យដ៏ខ្ពស់ទាំងនេះ គឺពុំមែនជាផ្នែកនៃអាពាហ៍ពិពាហ៍សេឡេស្ទាលឡើយ ។ ‹ ពរជ័យដែលបានប្រទានដល់គូស្វាមីភរិយានៅក្នុងការផ្សារភ្ជាប់ជាមួយ អាពាហ៍ពិពាហ៍សេឡេស្ទាលគឺនៅក្នុងលក្ខខណ្ឌនៃភាពស្មោះត្រង់ដែលបានមកពីការចូលរួមពីសំណាក់គូភាគីនោះ › ។ (Doctrines of Salvation, ភាគទី ២ ទំព័រ ៤៦–៤៧ ) » ( Mormon Doctrine កំណែលើកទី២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ១០៩-១០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៦ ។ « គឺគ្មានផ្លូវទេសម្រាប់ឲ្យមនុស្សបានសង្គ្រោះក្នុងការល្ងង់ខ្លៅ » ។
នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៨៤៤ ព្យាការីយ៉ូសែប ស្ម៊ីធ ចែកចាយទេសនាកថាមួយនៅក្នុងពិធីបុណ្យសពរបស់មិត្តភក្តិលោកឈ្មោះ ឃីង ហ្វូលែត ។ នៅក្នុងទេសនាកថានោះលោកបានបង្រៀនអំពីតម្លៃនៃចំណេះវិជ្ជា ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« ចំណេះវិជ្ជាសង្គ្រោះមនុស្ស ហើយនៅក្នុងពិភពវិញ្ញាណគ្មាននរណាអាចត្រូវបានតម្កើងឡើងឡើយ ប៉ុន្តែអាចត្រូវបានទទួលចំណេះវិជ្ជា ។ ដូច្នេះ បើសិនមនុស្សម្នាក់ដែលពុំស្តាប់តាមព្រះបញ្ញត្តិ នោះគាត់នឹងរស់នៅដោយគ្មានសេចក្តីសង្គ្រោះហើយ ។ បើសិនមនុស្សម្នាក់មានចំណេះវិជ្ជា នោះគាត់អាចត្រូវបានសង្គ្រោះ » (The King Follett Sermon » Ensign, ខែ ឧសភា ឆ្នាំ ១៩៧១ ទំព័រ ១៥ ) ។