មេរៀនទី ៦៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៦៥
បុព្វកថា
ជាការឆ្លើយតបចំពោះសំណួររបស់ពួកអែលឌើរ អំពីរបៀបដើម្បីដំណើរការស្ថាបនាទីក្រុងនៃស៊ីយ៉ូន ព្រះអម្ចាស់បានប្រទានវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨ថ្ងៃទី ១ ខែសីហា ឆ្នាំ ១៨៣១ ។ ខ ៣៤-៦៥មាននូវការណែនាំស្ដីអំពីការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយចំពោះអ្នកទាំងឡាយដែលបានផ្លាស់ទៅកាន់ស៊ីយ៉ូន ។ នៅក្នុងខគម្ពីរទាំងនេះ ព្រះអម្ចាស់ក៏បានបង្រៀនផងដែរអំពីគោលការណ៍នៃការប្រែចិត្ត ដែលបានបញ្ជាឲ្យពួកអែលឌើរ ផ្សាយដំណឹងល្អ ហើយទូន្មានពួកគេទាក់ទងនឹងរបៀបដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ។
យោបល់សម្រាប់ការបង្រៀន
នៅក្នុងមេរៀនមុនៗ សិស្សត្រូវបានអញ្ជើញឲ្យប្រើសិទ្ធិសេរីភាពរបស់ពួកគេឲ្យធ្វើអ្វីមួយដែលល្អមុនពេលចាប់ផ្ដើមថ្នាក់នៅថ្ងៃនេះ ។ សូមតាមដានការអញ្ជើញនេះ ដោយសុំឲ្យសិស្សចែកចាយបទពិសោធន៍របស់ពួកគេអំពីការជ្រើសរើស « ឧស្សាហ៍ចូលរួម » (គ. និង ស. ៥៨:២៧) ក្នុងប្រយោជន៍ល្អ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៤៣
ព្រះអម្ចាស់បានប្រទានការណែនាំស្ដីអំពីស៊ីយ៉ូន ហើយបង្រៀនគោលការណ៍នៃការប្រែចិត្ត
មុនពេលចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖តើការប្រែចិត្តមានន័យយ៉ាងណា ?
សូមឲ្យសិស្សពីរបីនាក់ឆ្លើយតបសំណួរនេះ ។ បន្ទាប់មកសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើខ្ញុំអាចដឹងថា ខ្ញុំបានប្រែចិត្តពេញលេញដោយរបៀបណា ? តើខ្ញុំអាចដឹងថា ព្រះអម្ចាស់អភ័យទោសចំពោះអំពើបាបខ្ញុំយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសរសេរសំណួរទាំងនេះក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមឲ្យពួកគេចំណាយពេលពីរបីនាទី ដើម្បីសរសេរចម្លើយចំពោះសំណួរនិមួយៗ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមប្រាប់ពួកគេថា ពួកគេនឹងមានឱកាសមួយដើម្បីមើលចម្លើយពួកគេនៅពេលក្រោយក្នុងមេរៀន ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៣៧ដោយការពន្យល់ថា ពួកអែលឌើរជាច្រើន ដែលបានធ្វើដំណើរទៅរដ្ឋ មិសសួរី ហើយនឹងរស់នៅទីនោះ ចង់ដឹងពីអ្វីដែលពួកគេចាំបាច់ត្រូវធ្វើដើម្បីរៀបចំ ដាក់ផែនការ និងស្ថាបនាក្រុងស៊ីយ៉ូន ។ ព្រះអម្ចាស់បានណែនាំដល់អ្នកទាំងឡាយដែលផ្លាស់ទៅរដ្ឋ មិសសួរី ឲ្យផ្ដល់ប្រាក់ និងទ្រព្យសម្បត្តិរបស់ពួកគេសម្រាប់ជាបុព្វហេតុនៃការស្ថាបនាស៊ីយ៉ូនឡើង ។ ម៉ាទីន ហារិស ត្រូវបានណែនាំឲ្យធ្វើជាគំរូនៅក្នុងការប្រគល់ប្រាក់ទៅឲ្យប៊ីស្សព ។ គាត់បានបរិច្ចាគប្រាក់យ៉ាងច្រើនដើម្បីជួយប៊ីស្សព អែតវឹត ប៉ាទ្រិច ទិញដីសម្រាប់សាសនាចក្រ ។
សូមសរសេរឈ្មោះដូចខាងក្រោមនៅលើក្ដារខៀន ៖ម៉ាទីន ហារិស, វិលាម ដ័បុលយូ ហ្វែប្សនិងសេបា ភីតើសុន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៨-៤១, ៦០ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការទូន្មានដែលព្រះអម្ចាស់បានប្រទានដល់ ម៉ាទីន ហារិស, វិលាម ដ័បុលយូ ហ្វែប្ស និង សេបា ភីតើសុន នៅពេលពួកគេបានរៀបចំដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ។
នៅពេលសិស្សឆ្លើយតបចំពោះសំណួរដូចខាងក្រោម សូមសរសេរចម្លើយរបស់ពួកគេនៅក្រោមឈ្មោះត្រឹមត្រូវនៅលើក្ដារខៀន ។
-
តើអំពើបាបអ្វីខ្លះដែលព្រះអម្ចាស់មានបន្ទូលថាជាកំហុសរបស់ ម៉ាទីន ហារីស ? តើព្រះអម្ចាស់ប្រាប់គាត់ឲ្យធ្វើអ្វីខ្លះ ?
-
តើអំពើបាបអ្វីខ្លះ ដែលព្រះអម្ចាស់មានបន្ទូលថាជាកំហុសរបស់ វិលាម ដ័បុលយូ ហ្វែប្ស ? តើព្រះអម្ចាស់ប្រាប់គាត់ឲ្យធ្វើអ្វីខ្លះ ? ( អ្នកអាចចាំបាច់ត្រូវពន្យល់ថា ឃ្លា « ស្វែងរកដើម្បីតម្កើងខ្ពស់ » [ខ ៤១] ពុំមានន័យថាធ្វើ ឬព្យាយាមដើម្បីកែលម្អដោយអស់ពីលទ្ធភាពរបស់យើងទេ ។ តែឃ្លានេះចង់សំដៅទៅលើបំណងប្រាថ្នាឥតសុចរិត និងប្រកបដោយអំនួត ដើម្បីបង្ហាញថាល្អប្រសើរ ឬសំខាន់ជាងមនុស្សដទៃទៀត ) ។
-
តើសេបា ភីតើសុន ព្យាយាមធ្វើអ្វីខ្លះជាមួយនឹងអំពើបាបរបស់គាត់ ?
សូមចង្អុលបង្ហាញថា អំពើបាបទាំងឡាយរបស់មនុស្សទាំងនេះបានគំរាមគំហែងដើម្បីរារាំងពួកគេពីការជួយស្ថាបនាស៊ីយ៉ូន ។
-
តើអំពើបាបរបស់យើងអាចនឹងដាក់កំហិតលើសមត្ថភាពរបស់យើងដើម្បីបម្រើព្រះអម្ចាស់តាមវិធីមួយចំនួនណាខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពីការប្រែចិត្ត ។
-
យោងតាមខគម្ពីរនេះ តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់យើង បើយើងប្រែចិត្តពីអំពើបាបរបស់យើង ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងប្រែចិត្តពីអំពើបាបរបស់យើង នោះព្រះអម្ចាស់នឹងអភ័យទោសដល់យើង ហើយពុំចងចាំអំពើបាបរបស់យើងទៀតឡើយ ។ សូមសរសេគោលការណ៏នេះនៅលើក្តាខៀន។ អ្នកក៏អាចឲ្យយោបល់សិស្សឲ្យគូសចំណាំឃ្លាដែលបង្រៀនគោលលទ្ធិទាំងនេះនៅក្នុង ខ ៤២ ) ។
-
តើអំពើបាបរបស់យើងមួយណា ដែលការសន្យានេះត្រូវបានអនុវត្ត ? ( អំពើបាបទាំងអស់ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យ អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកពាក្យ ឬឃ្លាដែលទាក់ទងទៅនឹងគោលការណ៍ដែលបានសរសេរនៅលើក្ដារខៀន ។
« មិនថាការរំលងរបស់យើងជាអ្វីនោះទេ មិនថាសកម្មភាពរបស់យើងធ្វើឲ្យអ្នកដទៃឈឺចាប់យ៉ាងណាទេ កំហុសទាំងនោះ អាច ត្រូវបានលុបចោល ។ ចំពោះខ្ញុំ ឃ្លាដែលល្អបំផុតនៅក្នុងបទគម្ពីរទាំងអស់ គឺនៅពេលព្រះអម្ចាស់មានបន្ទូលថា ‹ មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់ មិនចាំពីអំពើបាបទាំងនោះទៀតទេ › [គ. និង ស. ៥៨:៤២] ។
« នោះគឺជាការសន្យានៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួន » (The Atonement, »Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧៧ ) ។
សូមនាំសិស្សមើលទៅសំណួរនៅលើក្ដារខៀន ។
-
តើការសន្យារបស់ព្រះអម្ចាស់នៅក្នុងខ ៤២ជួយឆ្លើយសំណួរទីបីយ៉ាងដូចម្ដេច ៖តើខ្ញុំអាចដឹងថា ព្រះអម្ចាស់បានអភ័យទោសចំពោះអំពើបាបរបស់ខ្ញុំយ៉ាងដូចម្ដេច ? ( ការសន្យារបស់ព្រះអម្ចាស់ ជួយយើងដឹងថា ទ្រង់តែងតែប្រទាននូវការអភ័យទោសជានិច្ច នៅពេលយើងបានប្រែចិត្តដោយពេញលេញ ) ។
-
បន្ថែមពីលើការដឹងថា ព្រះអម្ចាស់ បានសន្យាថាអភ័យទោសដល់យើង នៅពេលយើងប្រែចិត្តដោយពេញលេញ តើយើងអាចដឹងថា យើងត្រូវបានអភ័យទោសយ៉ាងដូចម្ដេច?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរអេស្វ.អុជដូហ្វ នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សស្ដាប់អំពីរបៀបដែលពួកគេអាចដឹងថា តើនៅពេលណាព្រះអម្ចាស់បានអភ័យទោសដល់អំពើបាបរបស់ពួកគេ ។
« នៅពេលយើងពិតជាបានប្រែចិត្តនោះ ព្រះគ្រីស្ទនឹងដកចេញនូវបន្ទុកនៃទោសដែលជាបាបទាំងឡាយរបស់យើង ។ យើងអាចដឹងដោយខ្លួនឯងថា យើងត្រូវបានអត់ឱនឲ្យ ហើយបានធ្វើឲ្យស្អាត ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ពីការណ៍នេះដល់យើង ។ទ្រង់គឺជាអ្នកញែកឲ្យបរិសុទ្ធ ។ គ្មានទីបន្ទាល់ណាផ្សេងទៀតនៃការអភ័យទោស អាចអស្ចារ្យជាងនេះនោះទេ » « Point of Safe Return, »Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ ) ។
-
តើការដឹងថាអ្នកអាចត្រូវបានអភ័យទោសចំពោះអំពើបាបរបស់អ្នកទាំងអស់ ប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
សូមពន្យល់ដល់សិស្សថា មនុស្សមួយចំនួនបានគិតដោយខុសឆ្គងថា បើពួកគេអាចនៅតែចងចាំអំពើបាបរបស់ពួកគេ នោះពួកគេពុំទាន់បានប្រែចិត្តពេញលេញទេ ។ សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះឲ្យឮៗដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ពីមូលហេតុដែលយើងអាចនៅចងចាំអំពើបាបរបស់យើង ទោះជាយើងបានប្រែចិត្តរួចហើយក្ដី ។
«សាតាំងនឹងព្យាយាមធ្វើឲ្យយើងជឿថា អំពើបាបរបស់យើងមិនត្រូវបានអត់ទោសទេ ដោយសារយើងអាចចាំវា ។ សាតាំងជាមេកុហក វាព្យាយាមធ្វើឲ្យទស្សនៈរបស់យើងស្រអាប់ ហើយដឹកនាំយើងចេញពីផ្លូវនៃការប្រែចិត្ត និង ការអត់ទោស ។ ព្រះពុំបានសន្យាថាយើងនឹងមិនចងចាំអំពើបាបរបស់យើងទៀតនោះទេ ។ ការចងចាំនឹងជួយយើងឲ្យចៀសវាងពីការធ្វើកំហុសដដែលៗម្ដងទៀត ។ ប៉ុន្តែ បើយើងនៅតែពិត និង ស្មោះត្រង់ នោះការចងចាំពីអំពើបាបរបស់យើងនឹងត្រូវបានបន្ទន់ ចំពោះពេលវេលាទៅមុខទៀត ។ នេះនឹងជាចំណែកនៃដំណើរការនៃការព្យាបាល និងការញែកចេញឲ្យបរិសុទ្ធ » ( « Point of Safe Return,» ទំព័រ ១០១ ) ។
សូមចង្អុលបង្ហាញថា ការសន្យាដែលបានសរសេរនៅលើក្ដារខៀន គឺមានលក្ខខណ្ឌ ។ យើងអាចទទួលបានការអភ័យទោសពីព្រះអម្ចាស់ បើសិនជាយើងធ្វើនូវអ្វីៗគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីប្រែចិត្តពីអំពើបាបរបស់យើងដោយពេញលេញតែប៉ុណ្ណោះ ។
-
តើការប្រែចិត្តមានអត្ថន័យយ៉ាងណា ? ( អ្នកអាចអញ្ជើញសិស្សឲ្យយោងទៅលើចម្លើយដែលពួកគេសរសេរ ឆ្លើយនឹងសំណួរនៅលើក្ដារខៀន ) ។
បន្ទាប់ពីសិស្សឆ្លើយតប សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ នូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមមកពីកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រឿងបន្ថែមទៀត ដើម្បីពួកគេអាចរៀនអំពីអត្ថន័យនៃការប្រែចិត្ត ។
« ការប្រែចិត្តគឺសំខាន់ជាងការទទួលស្គាល់កំហុសដ៏សាមញ្ញ ។ វាជាការផ្លាស់ប្តូរនៃគំនិត និង ដួងចិត្ត ។ វារួមមានការបែរចេញពីអំពើបាប ហើយបែរទៅរកព្រះសម្រាប់ការអភ័យទោស ។ វាត្រូវបានជម្រុញដោយសេចក្ដីស្រឡាញ់ដល់ព្រះ និង បំណងដ៏ស្មោះត្រង់ក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ » (ដើម្បីកម្លាំងនៃយុវជនកូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២៨ ) ។
សូមពន្យល់ថា ការប្រែចិត្តពិត រួមមាននូវតម្រូវការមួយចំនួន ។ តម្រូវការចំនួនពីរនៃតម្រូវការទាំងនេះ មានប្រាប់នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣ ។ សូមឲ្យសិស្សម្នាក់អានខគម្ពីរនោះឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរឿងពីរយ៉ាងដែលយើងត្រូវធ្វើដើម្បីប្រែចិត្តពេញលេញពីអំពើបាបរបស់យើង ។
-
ស្របតាមខ ៤៣ តើរឿងពីរយ៉ាងដែលយើងត្រូវធ្វើដើម្បីប្រែចិត្តពីអំពើបាបរបស់យើងពេញលេញមានអ្វីខ្លះ ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ ដើម្បីប្រែចិត្ត យើងត្រូវតែសារភាព ហើយលះបង់ចោលនូវអំពើបាបទាំងឡាយរបស់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើសេចក្ដីពិតនេះ ជួយយើងឲ្យឆ្លើយចំពោះសំណួរថាតើយើងអាចដឹងថា បើយើងបានប្រែចិត្តបានពេញលេញដោយរបៀបណា ? ( សូមជួយសិស្សឲ្យយល់ថា ការសារភាព និងការលះបង់ចោលអំពើបាបទាំងឡាយ គឺសំខាន់ចំពោះការប្រែចិត្តពេញលេញ ) ។
-
តើការសារភាពអំពើបាបរបស់យើងមានន័យដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរអំពីអត្ថន័យនៃការសារភាពអំពើបាបរបស់យើង សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ការសារភាព និងការលះបង់ចោល គឺជាគោលគំនិតដ៏មានអានុភាព ។ វាមានន័យច្រើនជាងពាក្យថា ‹ ខ្ញុំព្រមទទួលកំហុស ខ្ញុំសូមទោស › ។ ការសារភាព គឺជាការទទួលស្គាល់ដោយអស់ពីចិត្ត ពេលខ្លះ ដោយការឈឺចាប់ចំពោះកំហុស និងការធ្វើទាស់នឹងព្រះ និងមនុស្ស » (« The Divine Gift of Repentance » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤០ ) ។
-
តើការសារភាពអំពើបាបរបស់យើងជួយយើងងាកចេញពីអំពើបាប ហើយបែរទៅរកព្រះសុំការអភ័យទោសយ៉ាងដូចម្ដេច ?
ជាចំណែកនៃការពិភាក្សានេះ សិស្សអាចនឹងងឿងឆ្ងល់ថា អំពើបាបអ្វីខ្លះដែលចាំបាច់ត្រូវសារភាព ហើយត្រូវសារភាពដល់នរណា ។ សូមពន្យល់ថា យើងចាំបាច់ត្រូវសារភាពចំពោះអំពើបាបទាំងអស់របស់យើងចំពោះព្រះវរបិតាសួគ៌ ។ ការរំលងធ្ងន់ធ្ងរ ដូចជាអំពើរំលងខាងផ្លូវភេទ ឬការប្រើរូបអាសគ្រាម គួរតែត្រូវសារភាពដល់ប៊ីស្សព ឬប្រធានសាខាផងដែរ ។
សូមនាំសិស្សទៅកាន់សេចក្ដីពិតចុងក្រោយដែលអ្នកបានសរសេរនៅលើក្ដារខៀន ។
-
តើការលះបង់ចោលអំពើបាបរបស់យើងមានន័យដូចម្ដេច ? ( ដើម្បីងាកចេញពីអំពើបាបទាំងស្រុង ហើយឈប់ធ្វើវាតទៅទៀត ) ។
សូមថ្លែងទីបន្ទាល់អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងគោលការណ៍នានានៃការប្រែចិត្ត និងការអភ័យទោសដែលអ្នកបានពិភាក្សា ។ សូមអញ្ជើញសិស្សឲ្យពិចារណាថាតើពួកគេមានអំពើបាបណាដែលពួកគេចាំបាច់ត្រូវប្រែចិត្តឬទេ ហើយលើកទឹកចិត្តពួកគេឲ្យប្រែចិត្តដោយការធ្វើតាសេចក្ដីពិតដែលពួកគេបានរៀន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៤-៦៥
ព្រះអម្ចាស់បញ្ជាឲ្យពួកអែលឌើរផ្សាយដំណឹងល្អ ហើយប្រឹក្សាពួកគេស្ដីអំពីរបៀបដើម្បីស្ថាបនាស៊ីយ៉ូនឡើង
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៩-៦២ដោយពន្យល់ថា ព្រះអម្ចាស់បានប្រាប់ពួកអែលឌើរ ដែលស្នាក់នៅរដ្ឋ មិសសួរី ថាពួកគេគួរតែទិញដី ហើយរៀបចំសម្រាប់ការប្រមូលផ្ដុំនៃពួកបរិសុទ្ធនៅរដ្ឋ មីសសួរី ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៦-៤៧ ,៦៣-៦៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលនូវដំបូន្មាន ដែលព្រះអម្ចាស់បានប្រទានដល់ពួកអែលឌើរ ដែលត្រឡប់ទៅកាន់រដ្ឋ អូហៃអូ ។
-
ស្របតាមខ ៤៦-៤៧តើពួកអែលឌើរត្រូវធ្វើអ្វីខ្លះ នៅពេលពួកគេបានត្រឡប់ទៅរដ្ឋ អូហៃអូ វិញ ?
-
ស្របតាមខ ៦៤តើដំណឹងល្អត្រូវផ្សាយទៅដល់នរណា ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងអំពីសេចក្ដីពិតដូចខាងក្រោម ៖ដំណឹងល្អ ត្រូវតែផ្សាយដល់មនុស្សគ្រប់រូប ។ អ្នកក៏អាចឲ្យយោបល់សិស្សឲ្យគូសចំណាំឃ្លាដែលបង្រៀនសេចក្ដីពិតនេះ នៅខ ៦៤) ។
សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណដើម្បីចែកចាយសេចក្ដីពិតនៃដំណឹងល្អជាមួយនឹងអ្នកទាំងឡាយដែលនៅជុំវិញពួកគេ ។