មេរៀនទី ១២១
សាសនាចក្រប្តូរទៅរដ្ឋមិសសួរីភាគខាងជើង
បុព្វកថា
ក្នុង ១៨៣៧ និង ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ និង ពួកអ្នកដឹកនាំដទៃទៀតនៃសាសនាចក្របានដឹកនាំសាសនាចក្រឆ្លងកាត់គ្រាដ៏លំបាកមួយ ។ ជាលទ្ធផលនៃវិបត្តិសេដ្ឋកិច្ច សេចក្តីលោភលន់ ការស្វែងរកកំហុស និង ការបៀតបៀន នោះពួកបរិសុទ្ធ ១០ ទៅ ១៥ ភាគរយនៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ និង រដ្ឋមិសសួរីភាគខាងជើងបានក្បត់សាសនា រួមមានទាំងថ្នាក់ដឹកនាំសាសនាចក្រដែលលេចធ្លោមួយចំនួនផងដែរ ។ ពួកបរិសុទ្ធស្មោះត្រង់នៅក្នុងរដ្ឋអូហៃអូ បានចាប់ផ្តើមប្តូរទីលំនៅទៅចូលរួមជាមួយពួកអ្នកដែលនៅក្នុងរដ្ឋមិសសួរីភាគខាងជើង ។ មេរៀននេះអាចជួយសិស្សឲ្យយល់ និង រៀនពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា ហើយផ្តល់ការយល់ដឹងដល់ពួកគេអំពីវិវរណៈដែលបានទទួលអំឡុងពេលនោះ ។
យោបល់សម្រាប់ការបង្រៀន
ការក្បត់សាសនា និង ទីក្រុងនៃភូមិ ហ្វា វែស្ទ
អំឡុងពេលនៃការក្បត់សាសនា និង ការបៀតបៀន ពួកបរិសុទ្ធស្មោះត្រង់បានប្តូរទីលំនៅទៅរដ្ឋ មិសសួរីភាគខាងជើង
ពីមុនចាប់ផ្ដើមបង្រៀន សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ តើការលំបាក និង ការសាកល្បងជួយពង្រឹងសេចក្តីជំនឿរបស់យើង ឬក៍បណ្តាលឲ្យយើងបាត់បង់សេចក្តីជំនឿ ? អ្នកក៍អាច គូរផែនទីមួយ នៅលើក្តារខៀនបង្ហាញពីទីតាំងនៃទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ និង ការតាំងទីលំនៅផ្សេងទៀតនៅរដ្ឋមិសសួរីភាគខាងជើងផងដែរ ។
សូមចាប់ផ្ដើមថ្នាក់ដោយអញ្ជើញសិស្សឲ្យឆ្លើយសំណួរនៅលើក្ដារខៀន ។ បន្ទាប់ពី សិស្សបានចែកចាយការយល់ដឹងរបស់ខ្លួនរួចហើយ សូមពន្យល់ថានៅក្នុងឆ្នាំ ១៨៣៧ និង ១៨៣៨ ជារយៈពេលមួយនៃការសាកល្បងដែលបាននាំឲ្យពួកបរិសុទ្ធជាច្រើនប្រឈមមុខនឹងសំណួរដូចគ្នានេះផងដែរ ។ សូមពន្យល់ថា នៅក្នុងមេរៀននេះសិស្សនឹងរៀនអំពីព្រឹត្តិការណ៍លំបាកៗទាំងនេះ និង របៀបដែលពួកបរិសុទ្ធឆ្លើយតបទៅនឹងការលំបាកទាំងនោះ ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពី របៀបដែលយើងមានប្រតិកម្មចំពោះការសាកល្បងអាចពង្រឹងជំនឿ ឬ ក៏ធ្វើឲ្យជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទទន់ខ្សោយ ។
អ្នកអាចពន្យល់ដល់សិស្សផងដែរថា មេរៀននេះអាចជួយពួកគេឲ្យយល់ពីទិដ្ឋភាពប្រវត្តិនៃវិវរណៈនានាដែលពួកគេនឹងសិក្សានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣ -១២៣ ។
សូមចង្អុលទៅរដ្ឋមិសសួរីនៅលើផែនទី ។ សូមពន្យល់ថា នៅពេលពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីឃុំ ចាកសុន រដ្ឋ មិសសួរី នៅក្នុងឆ្នាំ ១៨៣៣ ប្រជាពលរដ្ឋនៃឃុំ ក្លេ ដែលជាអ្នកភូមិជិតខាងផងរបងក្បែរ បានស្វាគមន៍ពួកគេជាច្រើននាក់ ហើយបានធ្វើឲ្យពួកគេធូរស្បើយ ដោយគិតថាពួកបរិសុទ្ធនឹងស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ ពួកបរិសុទ្ធបានរស់នៅទីនោះអស់រយៈពេលជិតបីឆ្នាំប៉ុណ្ណោះ ប្រជាពលរដ្ឋទាំងនេះបានចាប់ផ្តើមគាបសង្កត់ពួកគេឲ្យចាកចេញពីឃុំនោះ ។
សូមចង្អុលទៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូនៅលើផែនទី ។ សូមពន្យល់ថានៅក្នុង ១៨៣៧ ជាឆ្នាំបន្ទាប់ពីព្រះវិហារបរិសុទ្ធ ខឺតឡង់ ត្រូវបានឧទ្ទិសឆ្លង នោះពួកបរិសុទ្ធបានជួបការសាកល្បងដែលពិសោធន៍ពីសេចក្តីជំនឿរបស់ពួកគេ ។ ពួកបរិសុទ្ធមួយចំនួនបានក្បត់សាសនា ហើយបានចាកចេញពីសាសនាចក្រ រួមមានថ្នាក់ដឹកនាំសាសនាចក្រដែលលេចធ្លោមួយចំនួនផងដែរ ។
សូមចែកសិស្សជាពីរក្រុម ។ សូមផ្តល់ឲ្យនូវច្បាប់ចម្លងនៃ សេចក្តីសង្ខេបប្រវត្តិសាស្ត្រខាងក្រោម មួយច្បាប់ដល់ក្រុមនិមួយៗ ។ ( បើសិនអ្នកមានសិស្សច្រើន អ្នកអាចចង់ចែកសិស្សជាបួន ឬ ប្រាំមួយក្រុម ហើយឲ្យសេចក្តីសង្ខេបមួយច្បាប់ដល់ក្រុមនិមួយៗ ។ ការណ៍នេះនឹងធ្វើឲ្យសិស្សច្រើនទៀតចូលរួមនៅក្នុងការពិភាក្សានេះ ) ។ សូមឲ្យក្រុមនិមួយៗអានសេចក្តីសង្ខេបនោះជាមួយគ្នា ហើយពិភាក្សាសំណួរនៅពេលអានសេចក្តីសង្ខេបនោះចប់ ។ សូមចាត់សិស្សម្នាក់នៅក្នុងក្រុមនិមួយៗឲ្យដឹកនាំការពិភាក្សា ហើយជួយក្រុមឲ្យសរសេរគោលការណ៍មួយចែកចាយជាមួយសិស្សក្នុងថ្នាក់នៅពេលក្រោយ ។
សេចក្តីសង្ខេបប្រវត្តិសាស្ត្រទី ១—ការក្បត់សាសនានៅទីក្រុង ខឺតឡង់
ក្នុងឆ្នាំ ១៨៣៧ ពួកបរិសុទ្ធនៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូបានជួបនឹងបញ្ហាហិរញ្ញវត្ថុខ្លះៗ ។ ដើម្បីជួយដល់ពួកបរិសុទ្ធឲ្យកាន់តែមានភាពពឹងផ្អែកខ្លួនឯងលើផ្នែកហិរញ្ញវត្ថុ នោះយ៉ូសែប ស្ម៊ីធ និងពួកអ្នកដឹកនាំដទៃទៀតនៃសាសនាចក្របានស្ថាបនាក្រុមហ៊ុនមួយ ដែលស្រដៀងទៅនឹងធនាគារ ហើយត្រូវបានហៅថា ក្រុមហ៊ុនសុវត្ថិភាពទីក្រុងខឺតឡង់ ។ ដោយសារតែការរីករាលដាលនៃការធ្លាក់ចុះខាងសេដ្ឋកិច្ចអំឡុងពេលនោះ ធនាគារជាច្រើនបានដួលរលំទូទាំងប្រទេស ។ សមាគមសង្គមសុវត្ថិភាពទីក្រុងខឺតឡង់ ក៏បានដួលរលំនៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ១៨៣៧ ដែរ ។ អ្នកវិនិយោគពីររយនាក់នៅក្នុងធនាគារបានបាត់បង់អ្វីៗស្ទើរតែទាំងអស់ ដោយមាន យ៉ូសែប ស្ម៊ីធ ទទួលរងការការខូចខាតខ្លាំងជាងគេ ។ ទោះបីជាក្រុមហ៊ុនសុវត្ថិភាពទីក្រុងខឺតឡង់មិនត្រូវបានឧបត្ថម្ភដោយសាសនាចក្រក្ដី ក៏ពួកបរិសុទ្ធខ្លះបានគិតថាវាជាធនាគាររបស់សាសនាចក្រមួយ ឬធនាគាររបស់ព្យាការីមួយ ហើយបានបន្ទោស ដល់យ៉ូសែប ស្ម៊ីធ ចំពោះបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ។ អ្នកខ្លះថែមទាំងចាប់ផ្ដើមហៅលោកថាជាព្យាការីបរាជ័យម្នាក់ ។ ប៉ុន្ដែ ថ្វីបើធនាគារបានបរាជ័យក៏អ្នកដទៃផ្សេងទៀតជាច្រើន ដែលបានខាតបង់ប្រាក់កាក់នោះ បានបន្ដនៅក្នុងសេចក្ដីជំនឿ និងបានបន្ដស្មោះត្រង់លើព្យាការីដដែល ។ ( សូមមើល Church History in the Fulness of Times Student Manual, [Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ១៧១-៧៣ ) ។
វិញ្ញាណនៃការក្បត់សាសនា និងការស្វែងរកកំហុសបានចាប់ផ្ដើមរីករាលដាលនៅក្នុងចំណោមពួកបរិសុទ្ធជាច្រើន ។ ព្រិកហាំ យ៉ង់ បានពិពណ៌នាពីគ្រាមួយនៅពេលដែលអ្នកដឹកនាំសាសនាចក្រ និង សមាជិកមួយចំនួន បានជួបដើម្បីបដិសេធព្យាការីយ៉ូសែប ស៊្មីធ ហើយបានតែងតាំងព្យាការីថ្មីម្នាក់ទៀត ៖
រូបភាពប្រធាន ព្រិកហាំ យ៉ង់« ពួកដប់ពីរនាក់មួយចំនួនដែលជាសាក្សីនៃព្រះគម្ពីរមរមន និង អ្នកផ្សេងទៀតដែលមានសិទ្ធិអំណាចនៃសាសនាចក្រ បានប្រជុំក្រុមប្រឹក្សានៅបន្ទប់ខាងលើនៃព្រះវិហារបរិសុទ្ធ ។ សំណួរដែលចោទសួរនោះ គឺថាតើព្យាការី យ៉ូសែប អាចត្រូវទម្លាក់ ហើយតែងតាំង ដាវីឌ វិតមើរ ជាប្រធានសាសនាចក្រជំនួសវិញដោយរបៀបណា ។… ខ្ញុំបានក្រោកឈរឡើង ដោយច្រឡោត ហើយបានប្រាប់ទៅពួកគេថា ខ្ញុំដឹងថា យ៉ូសែប គឺជាព្យាការីម្នាក់ ហើយពួកគេអាចតិះដៀល និងនិយាយបង្ខូចលោកបានតាមពួកគេត្រូវការ ប៉ុន្ដែពួកគេមិនអាចបំផ្លាញការជ្រើសតាំងរបស់ព្យាការីនៃព្រះបានទេ ពួកគេអាចត្រឹមតែបំផ្លាញសិទ្ធិអំណាចរបស់ខ្លួនឯង និងកាត់ចំណងដែលចងពួកគេទៅនឹងព្យាការី និងព្រះ ហើយពន្លិចខ្លួនទៅក្នុងនរកប៉ុណ្ណោះ » ( Manuscript History of Brigham Young, ១៨០១–១៨៤៤,ed. Elden Jay Watson [១៩៦៨], ទំព័រ ១៥-១៦ ) ។
នៅត្រឹមខែ មិថុនា ឆ្នាំ ១៨៣៨ មានអ្នកក្បត់សាសនាប្រហែលជា ២០០ ឬ ៣០០ នាក់បានចាកចេញពីសាសនាចក្រ រួមមានទាំងពួកសាវកបួនរូប ដែលជាសាក្សីបីនាក់នៃព្រះគម្ពីរមរមន និងសមាជិកម្នាក់នៃគណៈប្រធានទីមួយផងដែរ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៧៧ ) ។ ទោះជាយ៉ាងណាក្ដី ពួកបរិសុទ្ធភាគច្រើនបានឆ្លើយតបទៅនឹងរយៈពេលនៃការសាកល្បងនេះដោយសេចក្ដីជំនឿ គឺដូចជាព្រិកហាំ យ៉ង់ បានធ្វើដែរ ។ ពួកគេត្រូវបានពង្រឹងដោយព្រះអម្ចាស់ ហើយពួកគេនៅតែស្មោះចំពោះទីបន្ទាល់របស់ពួកគេ ។ មានមនុស្សបួនប្រាំនាក់នៃអស់អ្នកដែលបានចាកចេញពីសាសនាចក្រអំឡុងពេលនៃការក្បត់សាសនានេះ ក្រោយមកបានត្រឡប់មកវិញ និងបានស្នើសុំរួបរួមគ្នាជាថ្មីម្ដងទៀតជាមួយនឹងសាសនាចក្ររបស់ព្រះអម្ចាស់ ។ នៅក្នុងចំណោមពួកគេនោះគឺមាន អូលីវើរ ខៅឌើរី ម៉ាទីន ហារីស លូកា ចនសុន និងហ្វ្រែឌើរិក ជី វិលលាម្ស ។
នៅអំឡុងពេលនៃការលំបាកទាំងនេះនៅក្នុងទីក្រុងខឺតឡង់ នោះពួកអ្នកក្បត់សាសនាពីរបីនាក់បានចង់សម្លាប់ យ៉ូសែប ស្ម៊ីធ ។ ដោយត្រូវបានព្រមានពីព្រះវិញ្ញាណ នោះលោក និង ស៊ីឌនី រិកដុន បានចាកចេញនាយប់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ១៨៣៨ ។ សត្រូវបានដេញតាមពួកលោកជាច្រើនថ្ងៃ ប៉ុន្ដែព្រះអម្ចាស់បានការពារពួកលោក ។ ពួកលោកបានមកជួបជុំគ្រួសាររបស់ខ្លួននៅក្នុង ហ្វា វែស្ទ រដ្ឋមិសសូរី នៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ១៨៣៨ ។
សូមពិភាក្សាសំណួរខាងក្រោមនេះជាក្រុម ៖
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះ ?
-
តើអ្នកនឹងធ្វើអ្វីដើម្បីបន្តនៅស្មោះត្រង់ចំពោះព្យាការីអំឡុងពេលនៃការស្វែងរកកំហុស ?
-
តើពេលណាដែលការស៊ូទ្រាំចំពោះការសាកល្បងដោយសេចក្តីជំនឿបានពង្រឹងសេចក្តីជំនឿរបស់អ្នកលើព្រះអង្គសង្គ្រោះ ?
-
តើការធ្វើតាមព្យាការីបានក្លាយជាការការពារខាងវិញ្ញាណមួយសម្រាប់អ្នកដោយរបៀបណា ?
សេចក្តីសង្ខេបប្រវត្តិសាស្ត្រទី ២—ថ្នាក់ដឹកនាំរដ្ឋ មិសសួរីភាគខាងជើង
នៅក្នុងរដូវក្តៅ ឆ្នាំ ១៨៣៦ នៅពេលប្រជាពលរដ្ឋនៃឃុំ ក្លេ រដ្ឋ មិសសួរី កំពុងគាបសង្កត់ពួកបរិសុទ្ធឲ្យស្វែងរកផ្ទះសម្បែងដែលកាន់តែអចិន្ត្រៃយ៍ នោះយ៉ូហាន វិតមើរ និង វិលលាម ដ័បបុលយូ ហ្វែប្សដែលជាទីប្រឹក្សាទាំងពីរនៅក្នុងគណៈប្រធានស្តេក មិសសួរី បានចំណាយលុយរបស់សាសនាចក្រដើម្បីទិញដីនៅទីតាំងមួយដែលបានស្គាល់ថា ហ្វា វេស រដ្ឋ មិសសួរី ភាគខាងជើង ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលពួកគេបានផ្តល់ឲ្យនូវដីមួយផ្នែកដល់ពួកបរិសុទ្ធដែលនឹងចូលមក នោះពួកគេបានលក់ដីនោះសម្រាប់តែប្រយោជន៍តូចមួយ ដែលពួកគេបានទុកសម្រាប់ខ្លួនគេតែប៉ុណ្ណោះ ។ ការអាក់អន់ចិត្តដោយការណ៍នេះ និង ការទាស់ចិត្តផ្សេងៗទៀត នោះក្រុមប្រឹក្សាជាន់ខ្ពស់នៅ ក្នុងរដ្ឋ មិសសួរីបានទម្លាក់គណៈប្រធានស្តេកចេញពីតំណែង ។
យ៉ូសែប ស៊្មីធ បានគាំទ្រវិធានការរបស់ក្រុមប្រឹក្សានោះ ហើយ វិលលាម ដ័បបុលយូ ហ្វែប្សបានអាក់អន់ចិត្ត ។ នៅក្នុងខែ វិច្ឆិកា ឆ្នាំ ១៨៣៨ បងប្រុស ហ្វែប្ស បានចុះហត្ថលេខាលើលិខិតថ្លែងសច្ចាមួយប្រឆាំងនឹងព្យាការី ។ លិខិតថ្លែងសច្ចានេះ បានបណ្តាលឲ្យព្យាការី យ៉ូសែប ស៊្មីធ និង មនុស្សផ្សេងទៀតត្រូវចាប់ខ្លួន ហើយបញ្ជូលចូលទៅក្នុងគុកលីប៊ើធីអស់រយៈពេលមួយរដូវរងា ។ បងប្រុស ហ្វែប្ស ត្រូវបានកាត់កាលចេញពីសាសនាចក្រមិនយូរប៉ុន្មានក្រោយពីការណ៍នោះ ។
នៅក្នុងគុក យ៉ូសែប ស៊្មីធ និង អស់អ្នកដែលនៅជាមួយលោកបានរងទុក្ខវេទនាយ៉ាងអនេក មិនគ្រាន់តែបណ្តាលមកពីស្ថានភាពដ៏ឃោរឃៅនៃការឃុំឃាំងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីរបាយការណ៍មកថា ពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និង ត្រូវបានធ្វើបាបតាមរូបភាពគ្រប់យ៉ាង ។ ពួកមនុស្សកំណាចនៅក្នុងរដ្ឋ មិសសួរី ដែលមិនអាចគ្រប់គ្រង់បានដោយអភិបាលខេត្ត បានបំផ្លាញទ្រព្យសម្បត្តិ និង អាយុជីវិត រួមទាំងសម្លាប់រង្គាលមនុស្សចំនួន ១៧ នាក់ នៅរោងម៉ាស៊ីនកិនស្រូវមួយដែលម្ចាស់វា មានឈ្មោះយ៉ាកុប ហន ។
មួយឆ្នាំ ក្រោយមកវិលលាម ដ័បបុលយូ ហ្វែប្ស បានរងការឈឺចាប់ខាងវិញ្ញាណចំពោះទង្វើរបស់ខ្លួន ហើយលោកបានសរសេរសំបុត្រមួយច្បាប់ឲ្យ យ៉ូសែប ស៊្មីធសុំការអភ័យទោស ។ ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរតបវិញ ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« ពិតណាស់ យើងបានរងការឈឺចាប់យ៉ាងខ្លាំងដោយសារតែលទ្ធផលនៃទង្វើរបស់អ្នក ។…
« ប៉ុន្តែ ពែងនោះត្រូវបានផឹកហើយ ព្រះទ័យរបស់ព្រះវរបិតាត្រូវបានសម្រេច ហើយពួកយើងនៅមានជីវិតនៅឡើយ នោះហើយជាហេតុផលដែលយើងអរព្រះគុណដល់ព្រះអម្ចាស់ ។…
« ដោយជឿថាការសារភាពរបស់អ្នកពិត ហើយអ្នកប្រាកដជាប្រែចិត្តមែន ខ្ញុំមានភាពរីករាយក្នុងការផ្ដល់សិទ្ធិឲ្យអ្នកធ្វើជាសមាជិកម្ដងទៀត ហើយរីករាយចំពោះការត្រឡប់មកវិញរបស់កូនប្រុសខ្ជះខ្ជាយ ។…
« ‹ សូមមកចុះបងប្រុសជាទីស្រឡាញ់ ដោយសារសង្គ្រាមបានចប់ហើយ
« ដ្បិតដំបូងយើងគឺជាមិត្តភក្តិនឹងគ្នា ហើយចុងក្រោយយើងក៏នៅតែជាមិត្តភក្តិនឹងគ្នាម្តងទៀត › » ( នៅក្នុង History of the Church ៤:១៦៣ ១៦៤ ) ។
សូមពិភាក្សាសំណួរខាងក្រោមនេះជាក្រុម ៖
-
ហេតុអ្វីបានជាវាពិបាកដើម្បីអភ័យទោសដល់មិត្តភក្តដែលបានក្បត់អ្នក ហើយធ្វើឲ្យអ្នកមានការឈឺចាប់នោះ ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីគំរូរបស់យ៉ូសែប ស្ម៊ីធ ?
-
តើមេរៀនអ្វីផ្សេងទៀតដែលយើងអាចរៀនពីបទពិសោធន៍នេះ ?
ក្រោយពីក្រុមទាំងនោះមានពេលអាន និង ពិភាក្សាពីប្រវត្តិសាស្រ្តដែលបានសង្ខេបហើយ សូមឲ្យពួកគេនិយាយប្រវត្តិដែលពួកគេបានរៀន និងគោលការណ៍ដែលពួកគេបានរកឃើញ ប្រាប់ដល់សិស្សក្នុងថ្នាក់ ។ នៅពេលពួកគេបង្រៀន សូមឲ្យពួកគេសរសេរគោលការណ៍នោះនៅលើក្ដារខៀន ។ គោលការណ៍ទាំងនោះអាចរួមមានដូចខាងក្រោម ៖ នៅពេលយើងជ្រើសដើម្បីឆ្លើយតបចំពោះការសាកល្បងនានាដោយមានជំនឿជាជាងចម្ងល់ នោះទីបន្ទាល់របស់យើងអាចត្រូវបានពង្រឹង នៅពេលយើងគាំទ្រព្យាការី ហើយធ្វើតាមការទូន្មានរបស់លោក នោះយើងទទួលបានសុវត្ថិភាពខាងវិញ្ញាណ ដែលចងយើងជាប់នឹងព្រះ ( សូមមើលសេចក្តីសង្ខេបប្រវត្តិសាស្ត្រទី ១ ) ។ នៅពេលយើងអភ័យទោសឲ្យមនុស្សដទៃ នោះព្រះអម្ចាស់អាចព្យាបាលទំនាក់ទំនងរបស់យើង ( សូមមើលសេចក្តីសង្ខេបប្រវត្តិសាស្ត្រទី ២ ) ។
នៅពេលសិស្សស្វែងរកគោលការណ៍នោះ សូមសួរសំណួរតាមដាននានា ដើម្បីជួយពួកគេឲ្យយល់ ហើយទទួលអារម្មណ៍អំពីសារៈសំខាន់នៃសេចក្តីពិតទាំងនេះ ។ សំណួរទាំងនោះអាចរួមមានដូចខាងក្រោម ៖
-
ហេតុអ្វីវាសំខាន់ដើម្បីឲ្យយើងចងចាំពីគោលការណ៍នេះ ?
-
តើអ្នកនឹងពន្យល់សេចក្តី ពិតនេះដល់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
-
តើអ្នកបានមានបទពិសោធន៍ ឬ បានឃើញគំរូមួយអំពីគោលការណ៍នេះនៅពេលណា ?
ដើម្បីជួយសិស្សឲ្យអនុវត្តសេចក្តីពិតដែលពួកគេបានរៀន សូមឲ្យពួកគេជ្រើសរើសគោលការណ៍មួយ ឬពីរដែលក្រុមនោះបានរកឃើញ ។ រួចសូមឲ្យពួកគេសរសេរចម្លើយចំពោះសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ៖
-
ដោយព្រោះគោលការណ៍នេះ ឬ គោលការណ៍នានាដែលខ្ញុំបានរៀននាថ្ងៃនេះ តើខ្ញ្ញុំនឹងធ្វើអ្វីផ្សេងពីនេះខ្លះ ?
ព្រឹត្តិការណ៍នានាដែលនាំឲ្យមានការបណ្តេញពួកបរិសុទ្ធចេញពីរដ្ឋ មិសសួរីភាគខាងជើង
សូមឲ្យសិស្សលើកដៃឡើង បើពួកគេបានឃើញសមាជិកសាសនាចក្រណាម្នាក់បានសម្រេចចិត្ត ដែលបណ្តាលឲ្យមនុស្សម្នាក់ផ្សេងទៀតបង្ហាញអារម្មណ៍អវិជ្ជមានចំពោះសាសនាចក្រ ។ ( សូមកុំឲ្យពួកគេចែកចាយពីបទពិសោធន៍របស់ពួកគេឡើយ ) ។ អ្នកក៏អាចសូមឲ្យសិស្សពិចារណាពីរបៀបដែលទង្វើផ្ទាល់ខ្លួនរបស់ពួកគេបានជះឥទ្ធិពលដល់ការបង្ហាញអារម្មណ៍របស់មនុស្សដទៃចំពោះសាសនាចក្រ ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីគិតអំពីរបៀបដែលទង្វើ ឬ ពាក្យសម្តីរបស់យើង ជះឥទ្ធិពលលើសាសនាចក្រ ?
សូមពន្យល់ថានៅក្នុងឆ្នាំ ១៨៣៨ ទង្វើ និង ពាក្យសម្តីរបស់សមាជិកមួយចំនួនបានបន្ថែមអារម្មណ៍អវិជ្ជមានលើប្រជាពលរដ្ឋមួយចំនួននៃរដ្ឋ មិសសួរី ចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមឲ្យច្បាប់ចម្លង សេចក្តីសង្ខេបប្រវត្តិសាស្ត្រខាងក្រោម, ហើយអញ្ជើញសិស្សម្នាក់អានវាឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលពួកបរិសុទ្ធមួយចំនួនបាននិយាយ និង បានធ្វើដែលធ្វើឲ្យសាសនាចក្រ និង សមាជិកមានការឈឺចាប់ ។ សូមគិតពីការអញ្ជើញសិស្សឈប់មួយសន្ទុះបន្ទាប់ពីអានចប់កថាខណ្ឌនិមួយៗ ។ នៅពេលឈប់ម្តងៗ សូមសួរសំណួរខាងក្រោមដល់សិស្ស ៖
-
តើពួកបរិសុទ្ធមួយចំនួនបាននិយាយ ឬ ធ្វើអ្វីខ្លះ ដែលបណ្តាលឲ្យមានប្រតិកម្មអវិជ្ជាមានចំពោះសាសនាចក្រ ?
នៅក្នុងឆ្នាំ ១៨៣៧ និង ១៨៣៨ សមាជិកនៃសាសនាចក្រដែលខូចមិត្តភាព និងត្រូវកាត់កាលចេញពីសាសនាចក្រខ្លះដែលបានរស់នៅក្នុងចំណោមពួកបរិសុទ្ធនៅក្នុងហ្វា វេស បានចាប់ផ្ដើមប្ដឹងផ្ដល់សាសនាចក្រ និងអ្នកដឹកនាំ ហើយដើម្បីរំខានដល់សាសនាចក្រ ។ ពួកបរិសុទ្ធមួយចំនួនបានចាប់ផ្តើមបង្កើនភាពគ្មានអំណត់ជាមួយការបះបោរទាំងនេះ ។ នៅក្នុងខែ មិថុនា ឆ្នាំ ១៨៣៨ ស៊ីឌនី រិកដុន បានថ្លែងដោយខឹងសម្បារ ដែលវាត្រូវបានគេស្គាល់ថាជា « ទេសនកថាអំបិល » ។ លោកបាននិយាយពី ម៉ាថាយ ៥:១៣ ហើយបានថ្លែងថា ប្រសិនបើអំបិលបាត់បង់រសជាតិរបស់វា នោះវាគ្មានប្រយោជន៍សោះ ហើយគួរតែកាត់ចេញទៅ ដោយបង្កប់ន័យថា អស់អ្នកដែលបានចាកចេញពីសាសនាចក្រគួរតែត្រូវបានកាត់ចេញពីក្នុងចំណោមពួកបរិសុទ្ធទៅ ។ បន្ថែមពីលើនោះ សមាជិកសាសនាចក្រ ៨៤ នាក់បានចុះហត្ថលេខាលើឯកសារមួយដែលបញ្ជាឲ្យពួកក្បត់សាសនាចាកចេញពីឃុំនោះ ។ ពីរសប្ដាហ៍ក្រោយមកនៅថ្ងៃទី ៤ ខែ កក្កដា ស៊ីឌនី រិកដុន បានថ្លែងសុន្ទកថាមួយ ដែលលោកបានសន្យាថា ពួកបរិសុទ្ធនឹងការពារខ្លួនគេថ្វីបើមាន « សង្គ្រាមនៃការបំផ្លាញចោល » កើតឡើងក្តី ។ ទោះបីជាសុន្ទរកថាទាំងពីរនេះហាក់ដូចជាប្រឆាំងនឹងការណែនាំរបស់ព្រះអម្ចាស់ដើម្បី « តវ៉ាសូមសេចក្ដីសុខសាន្ដ » ( គ. និង ស. ១០៥:៣៨ ) ក្ដី ក៏សុន្ទរកថាទាំងពីរនេះត្រូវបានបោះពុម្ព និងបានបណ្ដាលឲ្យមានការបង្អើលដល់ពួកអ្នកមិនមែនជាពួកបរិសុទ្ធថ្ងៃចុងក្រោយដែរ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៩១–៩២ ) ។
នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៣៨ នៅពេលពួកបរិសុទ្ធមួយក្រុមបានព្យាយាមបោះឆ្នោតនៅ ក្នុង ទីក្រុង ហ្គាឡាទីន រដ្ឋ មិសសួរី នោះពួកគេត្រូវបានរុញទៅម្ខាង ដោយមនុស្សមួយក្រុម នៅរដ្ឋ មិសសួរី ហើយបុរសម្នាក់ក្នុងមូលដ្ឋាននោះបានវាយពួកបរិសុទ្ធម្នាក់ ។ ពួកបរិសុទ្ធបានវាយត្រឡប់ទៅវិញ ហើយមនុស្សមួយចំនួនបានរងរបួសទាំងសងខាង ។ ព្រឹត្តិការណ៍នេះបាននាំឲ្យមានជម្លោះ និង ការគំរាមកំហែងបន្ថែមទៀត ព្រមទាំងបង្កើនការយល់ច្រឡំរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយ និង អ្នកជិតខាងរបស់ខ្លួននៅក្នុងរដ្ឋ មិសសួរី ។
អំឡុងពេលនេះ អ្នកប្រែចិត្តជឿម្នាក់ឈ្មោះ សេមសិន អាវើត បានធ្វើសម្បថសម្ងាត់ចំពោះអស់អ្នកដែលនឹងចូលរួមជាមួយនឹងគាត់ក្នុងការបង្កើតក្រុមមួយនៃពួកចោរប្លន់ ដែលហៅថា ពួកឌែណៃ ។ អាវើត បានណែនាំពួកគេឲ្យលួច និងប្លន់ពួកអ្នកនៅរដ្ឋមិសសួរី ដោយនិយាយថា ការណ៍នេះនឹងជួយកសាងដល់នគររបស់ព្រះ ។ អាវើត បានបញ្ចុះបញ្ចូលដល់អ្នកដើរតាមខ្លួនថា ការដឹកនាំរបស់គាត់បានមកពីគណៈប្រធានទីមួយ ។ ក្រោយមក ការពិតត្រូវបានលាតត្រដាង ហើយអាវើតត្រូវបានកាត់កាល់ចេញ ។ សកម្មភាពរបស់អាវើត បានបណ្ដាលឲ្យមានការខូចខាតដ៏ខ្លាំងដល់កិត្ដិនាមរបស់សាសនាចក្រ និងបានធ្វើឲ្យព្យាការីត្រូវគេចាប់ដាក់គុកលីប៊ើរធី ។
នៅក្នុងខែ តុលា ឆ្នាំ ១៨៣៨ សង្គ្រាមមួយរវាងសមាជិកសាសនាចក្រមួយចំនួន និងពួកទាហានមិសសួរីបានធ្វើឲ្យមនុស្សពីរបីនាក់ស្លាប់ពីភាគីម្ខាងៗ ។ របាយការណ៍បំផ្លើសពន្លើសនៃសង្គ្រាមនេះបានឮទៅដល់លោកអភិបាល លីលប៊ើន ដបុលយូ ប័ហ្គស៍ ជាអភិបាលរដ្ឋមិសសួរី ដែលពេលនោះបានចេញដីកាដែលហៅថាជា ដីកាបំផ្លាញចោល ៖ « ត្រូវតែចាត់ទុកពួកមរមនថាជាសត្រូវ និង ត្រូវតែបំផ្លាញចោល ឬបណ្ដេញចេញពីរដ្ឋនេះ ប្រសិនបើចាំបាច់ដើម្បីប្រយោជន៍សាធារណៈ » ( បានដកស្រង់នៅក្នុង History of the Church ៣:១៧៥ ) ។ ភ្លាមៗនោះ ទីក្រុងហ្វា វេស ត្រូវបានឡោមព័ទ្ធដោយទាហានមួយក្រុម ដែលមានចំនួនច្រើនលើសលុបលើកម្លាំងរបស់ពួកបរិសុទ្ធប្រាំដង ។ យ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំដទៃទៀតនៃសាសនាចក្រត្រូវបានចាប់ដាក់គុកលីប៊ើរធី ជាកន្លែងដែលពួកលោកជាប់នៅទីនោះពេញមួយរដូវរងានោះ ។ ពួកបរិសុទ្ធទាំងឡាយផ្សេងទៀតត្រូវបានបង្ខំឲ្យចាកចេញពីរដ្ឋនេះ ។
-
ហេតុអ្វីបានជាវាអាចជាការសំខាន់សម្រាប់យើងដើម្បីទទួលស្គាល់ថា ការបៀតបៀនមួយចំនួនដែលពួកបរិសុទ្ធបានរងទុក្ខគឺជាលទ្ធផលមកពីទង្វើរបស់សមាជិកសាសនាចក្រ ?
-
តើយើងអាចរៀនពីព្រឹត្តិការណ៍ទាំងនេះ អំពីរបៀបដែលទង្វើផ្ទាល់ខ្លួន និង ពាក្យសម្តីរបស់យើងអាចជះឥទ្ធិពលដល់មនុស្សដទៃ ? ( នៅពេលសិស្សឆ្លើយ សូមគូសបញ្ជាក់គោលការណ៍ខាងក្រោម ៖ ទង្វើ និង ពាក្យសម្តីរបស់យើងអាចជះឥទ្ធិពលលើរបៀបដែលមនុស្សដទៃគិតពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចសូមសិស្សឲ្យអាន អាលម៉ា ៣៩:១១) ។
សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍ដែលពួកគេមាន នៅពេលដែលអ្នកបានឃើញពាក្យសម្ដី ឬសកម្មភាពរបស់មនុស្សផ្សេងទៀតជះឥទ្ធិពលលើនរណាម្នាក់ទៀតឲ្យមានទស្សនៈវិជ្ជមានមួយអំពីសាសនាចក្រ ។
សូមបញ្ចប់ដោយយោងទៅសំណួរដែលអ្នកបានសរសេរនៅលើក្ដារខៀនម្តងទៀតពីមុនចាប់ផ្ដើមថ្នាក់រៀន ។ សូមអញ្ជើញសិស្សឲ្យចែកចាយពីអ្វីដែលពួកគេបានរៀនថ្ងៃនេះ អំពីរបៀបដែលចម្លើយរបស់យើងចំពោះឧបសគ្គ និង ការសាកល្បងអាចពង្រឹងជំនឿ ឬ ក៏ធ្វើឲ្យជំនឿរបស់យើងទន់ខ្សោយ ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពី អំណាចនៃកាបន្តនៅស្មោះត្រង់ចំពោះដំណឹងល្អអំឡុងគ្រាលំបាកនានា ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
ការពិពណ៌នាអំពីរយៈពេលនៃការក្បត់សាសនានៅទីក្រុង ខឺតឡង់
អំឡុងឆ្នាំ ១៨៣៧ វិញ្ញាណទុច្ចរិតបានធ្វើឲ្យសមាជិកសាសនាចក្រនៅក្នុងទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ រងទុក្ខ ៖
« នៅពេលនេះស្មារតីនៃការរកស៊ីដ៏ប្រថុយប្រថាននៃដីធ្លី និង អចលទ្រព្យគ្រប់ប្រភេទ ដែលមានពេសពេញទូទាំងប្រទេសទាំងមូល ត្រូវបានចាក់ឬសយ៉ាងជ្រៅនៅក្នុងសាសនាចក្រ ។ ជាផលផ្លែនៃស្មារតីនេះ នោះការសន្និដ្ឋាន ការស្វែងរកកំហុស ភាពគ្មានឯកភាព ការប្រឆាំងគ្នា និង ការក្បត់សាសនាដ៏អាក្រក់កើតឡើងយ៉ាងលឿន ហើយវាហាក់បីដូចជា អំណាច នៃផែនដី និង ឋាននរកទាំងអស់បានវេញត្របាញ់ចូលគ្នាក្នុងរបៀបពិសេសមួយដើម្បីរំលាយសាសនាចក្រនៅក្នុងពេលនោះ និង ផុតរលត់ជារៀងរហូត »(History of the Church ២:៤៨៧ ) ។
អេលីស្សា អ័រ ស្នូ ដែលបានរស់នៅទីក្រុង ខឺតឡង់នៅជំនាន់នោះ ហើយក្រោយមកបានបម្រើជាទីប្រឹក្សាទីពីរនៃប្រធានសមាគមសង្គ្រោះ បានពិពណ៌នាអំពីរយៈពេលនេះនៅ ក្នុងទីក្រុង ខឺតឡង់ ៖
រូបភាពអេលីស្សា អ័រ ស្នូ« មនុស្សជាច្រើនដែលធ្លាប់បានបន្ទាបខ្លួន និង ស្មោះត្រង់ ដើម្បីធ្វើកាតព្វកិច្ចរៀងរាល់ថ្ងៃ—ដែលត្រៀមខ្លួនដើម្បីទៅទីណាក៏បានដែលគ្រប់ការហៅបម្រើនៃបព្វជិតភាពឲ្យទៅ នោះបានប្រែជាក្រអឺតក្រទម ហើយលើកចិត្តខ្លួនឡើងក្នុងការឆ្មើងឆ្មៃរបស់គេ ។ នៅពេលពួកបរិសុទ្ធស្រវឹងក្នុងសេចក្តីស្រឡាញ់ និង ស្មារតីនៃលោកិយ នោះព្រះវិញ្ញាណនៃព្រះអម្ចាស់បានដកព្រះកាយចេញពីដួងចិត្តរបស់ពួកគេ ហើយពួកគេបានពោរពេញទៅដោយការឆ្មើងឆ្មៃ ហើយការស្អប់ខ្ពើមចំពោះអស់អ្នកដែលបានរក្សាសេចក្តីថ្លៃថ្លូររបស់ពួកគេ » (Biography and Family Record of Lorenzo Snow [ ឆ្នាំ ១៨៨៤ ] ទំព័រ ២០ ) ។
ព្រិកហាំ យ៉ង់ បានពិពណ៌នាពីស្ថានភាពនៅក្នុងសាសនាចក្រអំឡុងឆ្នាំ ១៨៣៧ និង កិច្ចខិតខំរបស់លោកដើម្បីការពារព្យាការីយ៉ូសែប ស្ម៊ីធ ៖
រូបភាពប្រធាន ព្រិកហាំ យ៉ង់« នៅពេលនេះស្មារតីនៃការរកស៊ីដ៏ប្រថុយប្រថាន បាត់បង់សេចក្តីស្រឡាញ់ និង ការក្បត់សាសនាត្រូវបានចាប់យកដោយពួកដប់ពីរនាក់ ហើយដែលមាននៅក្នុងកូរ៉ុមនានានៃសាសនាចក្រ បានមានជោគជ័យជាខ្លាំង ដែលវាពិបាកដើម្បីឲ្យមនុស្សម្នាក់យល់ច្បាស់ពីអ្វីដែលត្រូវធ្វើ ។
«…នេះគឺជាវិបត្តិមួយនៅពេលដែលផែនដី និង ឋាននរកហាក់បីដូចជារួបរួមគ្នាដើម្បីទម្លាក់ព្យាការី និង សាសនាចក្ររបស់ព្រះ ។ មនុស្សរឹងមាំជាច្រើននៅក្នុងសាសនចក្រនេះប្រែជាទន់ខ្សោយ ។
« អំឡុងពេលនៃការវាយប្រហារដោយអំណាចដ៏ខ្មៅងងឹតនេះ ខ្ញុំបានឈរនៅជិត យ៉ូសែប និងជាមួយប្រាជ្ញា និង ព្រះចេស្តានៃព្រះដែលបានប្រទានដល់ខ្ញុំ ដោយប្រឹងប្រែងស្ទើរតែអស់ពីកម្លាំងខ្ញុំ ដើម្បីគាំទ្រអ្នកបម្រើរបស់ព្រះ ហើយរួបរួមកូរ៉ុមនានានៃសាសចក្រ » (Manuscript History of Brigham Young ១៨០១–១៨៤៤, បោះពុម្ពដោយ អេដិន ជេ វ៉ាត់សុន [ ឆ្នាំ ១៩៦៨ ] ទំព័រ ១៥ ១៦–១៧ ) ។
កត្តានានាដែលនាំឲ្យមានវិបត្តិហិរញ្ញវត្ថុនៅទីក្រុង ខឺតឡង់
នៅ ក្នុងឆ្នាំ ១៨៣៧ សេចក្តីលោភលន់បានឆក់យកដួងចិត្តរបស់សមាជិកសាសនាចក្រមួយចំនួន និង សូម្បីតែអ្នកដឹកនាំដែលលេចធ្លោនៃសាសនាចក្រនៅក្នុងទីក្រុង ខឺតឡង់ ។ មាស និង ប្រាក់ក៏មានតិចតួចស្ដួចស្ដើង ។ ប្រជាជនបានប្រើក្រដាសប្រាក់មកពីធនាគារមួយចំនួននៅក្នុងតំបន់ ។ ដើម្បីជួយដល់ពួកបរិសុទ្ធឲ្យមានភាពពឹងផ្អែកខ្លួនឯងកាន់តែច្រើនលើហិរញ្ញវត្ថុ នោះយ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំដទៃទៀតនៃសាសនាចក្របានស្ថាបនាក្រុមហ៊ុនមួយ ដែលស្រដៀងទៅនឹងធនាគារ ដែលត្រូវបានហៅថា ក្រុមហ៊ុនសុវត្ថិភាពទីក្រុងខឺតឡង់ ។ ពួកបរិសុទ្ធជាច្រើននាក់បានទិញភាគហ៊ុននៅក្នុងធនាគារថ្មីនោះ ។ ក្នុងរយៈពេលពីរបីខែបន្ទាប់ពីក្រុមហ៊ុននោះបើកទ្វារ វិបត្តិហិរញ្ញវត្ថុ ដែលក្រោយមកហៅថាជាការធ្លាក់ចុះយ៉ាងគំហុកនៃឆ្នាំ ១៨៣៧ បានចាប់ផ្តើមនៅក្នុងទីក្រុង នូវ យ៉ោក ហើយបានរាលដាលទៅភាគខាងលិច នាំឲ្យមានធនាគាររាប់រយត្រូវបានបរាជ័យ រួមមានទាំងក្រុមហ៊ុនសុវត្ថិភាពទីក្រុងខឺតឡង់ផងដែរ ។
មានកត្តាផ្សេងៗទៀត ដែលបណ្តាលឲ្យគ្មានស្ថេរភាពនៅក្នុងក្រុមហ៊ុនសុវត្ថិភាពទីក្រុងខឺតឡង់ ។ ធនគារជាច្រើនបានបដិសេធមិនទទួលយក ក្រដាសប្រាក់របស់ក្រុមហ៊ុនសុវត្ថិភាពឡើយដោយថា ជាក្រដាសប្រាក់មិនត្រឹមត្រូវតាមច្បាប់ ហើយកាសែតដែលប្រឆាំងនឹងពួកមរមនបានប្រកាសថាក្រដាសប្រាក់នោះគ្មានតម្លៃឡើយ ។ លើសពីនេះទៅទៀត ដើមទុនរបស់ក្រុមហ៊ុននេះជាចម្បងគឺជាដីធ្លី វាពុំមែនជាសាច់ប្រាក់សុទ្ធនោះទេ ដូចជាមាស និង ប្រាក់ ដែលអាចប្តូរទៅជាសាច់ប្រាក់សុទ្ធភ្លាមៗ បើសិនជាមានតម្រូវការច្រើននោះ ។ មារសត្រូវរបស់សាសនាចក្របានទទួលក្រដាសប្រាក់គ្រប់គ្រាន់ ដើម្បីទៅប្តូរមុនគេនៅធនាគារ ដែលជាកត្តាជំរុញឲ្យក្រុមហ៊ុនសុវត្ថិភាពពុំអាចបង់ជាសាច់មាស និង ប្រាក់ដល់អតិថិជនខ្លួនគ្រាន់តែពីរបីសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រដាសប្រាក់ដំបូងត្រូវបានបោះពុម្ព ។ ជាលទ្ធផលយ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ត្រូវបានចោទប្រកាន់ថា បានរំលោភបំពានច្បាប់ធនាគារនៃរដ្ឋ អូហៃអូ ហើយបាននាំមកនូវទុក្ខលំបាក ។ យ៉ូសែប និង ស៊ីឌនី ត្រូវបានផាកពិន័យម្នាក់ ១០០០ ដុល្លារ ។
យ៉ូសែប ស៊្មីធ បានធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចុះបញ្ចូលអ្នកវិនិយោគទន់ដើម្បីផ្តល់មូនិធិបន្ថែមទៀតគាំទ្រដល់ធនាគារ ប៉ុន្តែក្រោយមកលោកបានបង្វែរដំណើរការនេះទៅឲ្យអ្នកផ្សេងទៀតគ្រប់គ្រងវាវិញ ។ ទោះជាយ៉ាងណាក្តី ការណ៍នោះពុំបានដោះស្រាយបញ្ហានេះឡើយ ។ អ្នកគ្រប់គ្រងដែលគ្មានបទពិសោធន៍ និង មិនស្មោះត្រង់បានបន្តបំផ្លាញធនាគារ ។ វ៉ារេន ផារីស បេឡាកររបស់ធនាគារ និងជាស្មៀនផ្ទាល់របស់យ៉ូសែប បានលួចលុយអស់ជាង ២០០០០ ដុល្លារ ។
ការរីកចម្រើននៃស្មារតីនៃការរកស៊ីដ៏ប្រថុយប្រថាននៅក្នុងទីក្រុង ខឺតឡង់ ក៏បានបន្ថែមបញ្ហាទៅលើសេដ្ឋកិច្ចរបស់សាសនាចក្រផងដែរ ។ ជាមួយនឹងសាច់ប្រាក់ ដែលពួកគេបានខ្ចីពីធនាគារ នោះមនុស្សជាច្រើនបានធ្លាក់ខ្លួនជំពាក់បំណុល ក្នុងការទិញដីទុកដើម្បីលក់វិញពេលបានចំណេញ ។
នារដូវស្លឹកឈើជ្រុះឆ្នាំ ១៨៣៧ ក្រុមហ៊ុនសុវត្ថិភាពទីក្រុងខឺតឡង់ត្រូវបានបិទទ្វារ ។ មនុស្សរាប់រយនាក់បានបាត់បង់អ្វីៗស្ទើរតែទាំងអស់ដែលពួកគេបានវិនិយោគ ដោយមាន យ៉ូសែប ស្ម៊ីធ ទទួលរងការការខូចខាតខ្លាំងជាងគេ ។ ដោយសារក្រុមហ៊ុនសុវត្ថិភាពត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាធនាគារសាសនាចក្រ ឬ ធនាគាររបស់ព្យាការី នោះពួកបរិសុទ្ធមួយចំនួនបានស្តីបន្ទោសយ៉ូសែប ស្ម៊ីធ ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ហើយបានចាប់ផ្តើមហៅលោកថាជាព្យាការីដែលបរាជ័យមួយរូប ។ ដោយឡែកមនុស្សមួយចំនួនដែលបានបាត់បង់លុយកាក់ផងដែរនោះ នៅតែបន្តដោយសេចក្តីជំនឿ និងស្មោះត្រង់ចំពោះព្យាការី ។ ( សូមមើល Church History in the Fulness of Times Student Manual, [Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ១៧១-៧៣ ) ។