មេរៀនទី ៥៩
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៣-៥៥
បុព្វកថា
នៅក្នុងខែមិថុនា ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៣-៥៥។ វិវរណៈមាននូវការណែនាំរបស់ព្រះអម្ចាស់ចំពោះសមាជិកមួយចំនួននៃសាសនាចក្រដែលបានរស់នៅក្នុងរដ្ឋ អូហៃអូ ប៉ុន្ដែមិនយូរប៉ុន្មានបានផ្លាស់ទៅរដ្ឋ មីសសួរី ។ នៅក្នុងវិវរណៈទាំងនេះ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ ស៊ីឌនី ហ្គីលប៊ើត, នូវែល ណៃត និង វិលលាម ដ័បបុលយូ ហ្វែប្ស ដោយប្រទានដល់ពួកគាត់នូវការណែនាំ ដែលជាក់លាក់ចំពោះកិច្ចការសាសនាចក្រ និងទេពកោសល្យរបស់ពួកគាត់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៣
ព្រះអម្ចាស់ ហៅ ស៊ីឌនី ហ្គីលប៊ើត ឲ្យធ្វើជាអែលឌើរម្នាក់ ហើយបានធ្វើដំណើរជាមួយនឹង យ៉ូសែប ស៊្មីធ ទៅកាន់រដ្ឋ មិសសួរី ។
សូមអញ្ជើញឲ្យសិស្សពីរនាក់ឡើងមកខាងមុខថ្នាក់ ។ សូមសុំឲ្យសិស្សម្នាក់ណែនាំដល់សិស្សផ្សេងទៀតអំពីរបៀបដើម្បីធ្វើកិច្ចការជាក់លាក់មួយ ។ ឧទាហរណ៍ សិស្សម្នាក់អាចបង្រៀនសិស្សផ្សេងទៀត ឲ្យចងចំណងជាក់លាក់មួយ បត់ជាយន្ដហោះក្រដាស ឬសម្ដែងការរាំជាក់លាក់មួយ ។ ( បើអាចធ្វើទៅបាន សូមបា្រប់ដល់សិស្សម្នាក់ឲ្យរៀបចំខ្លួនដើម្បីបង្រៀនជំនាញមួយពីមុនម៉ោង ) ។
-
នៅក្នុងការសម្ដែងនេះ ហេតុអ្វីក៏វាសំខាន់ ដែលអ្នករៀនត្រូវធ្វើតាមការណែនាំទាំងអស់នេះ ? តើនឹងមានអ្វីកើតឡើង បើពួកគេសម្រេចចិត្តថាមិនធ្វើតាមផ្នែកណាមួយនៃការណែនាំនោះ ?
សូមរំឭកសិស្សថា ព្រះអម្ចាស់ បានហៅពួកអ្នកផ្សព្វផ្សាយសាសនាឲ្យធ្វើដំណើរទៅកាន់រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥២ ) ។ សូមពន្យល់ថា អ្នកផ្លាស់ប្រែចិត្តជឿថ្មីម្នាក់ ឈ្មោះ ស៊ីឌនី ហ្គីលប៊ើត បានរកឃើញថា គាត់ពុំរាប់បញ្ចូលជាអ្នកផ្សព្វផ្សាយម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយទាំងឡាយទេ ។ គាត់បានទៅជួបព្យាការីយ៉ូសែប ស៊្មីធ ហើយបានសួរថា តើព្រះអម្ចាស់មានព្រះទ័យឲ្យគាត់ធ្វើអ្វី ។ យ៉ូសែប បានទូលសួរ ហើយបានទទួលវិវរណៈនេះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៣, ដែលផ្តល់នូវជំហានចាប់ផ្តើមមួយចំនួននៃសេចក្តីណែនាំដល់ ស៊ីឌនី ។
សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមអញ្ជើញគូនិមួយៗឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៣:១-៥ រកមើលការណែនាំដែលព្រះអម្ចាស់បានប្រទានដល់ ស៊ីឌនី ហ្គីលប៊ើត ។ សូមលើកទឹកចិត្តពួកគេឲ្យគូសចំណាំការណែនាំនិមួយៗ ដែលពួកគេរកឃើញ ។
-
តើការណែនាំអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់ ស៊ីឌនី ហ្គីលប៊ើត ? ( នៅពេលសិស្សរៀបរាប់នូវអ្វីដែលពួកគេរកឃើញ វាអាចនឹងជាប្រយោជន៍ដើម្បីចង្អុលបង្ហាញថា កិច្ចការរបស់បងប្រុស ហ្គីលប៊ើត ឲ្យធ្វើជា « ភ្នាក់ងារមួយចំពោះសាសនាចក្រ » ត្រូវបានពន្យល់កាន់តែពេញលេញនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:៦-១០, ទំព័រ ១៥ ) ។
សូមពន្យល់ថា ព្រះអម្ចាស់ បានសំដៅទៅលើបញ្ជីនៃ ការណែនាំនេះថាជា « ពិធីបរិសុទ្ធដំបូងទាំងឡាយដែល [ ស៊ីឌនី ] នឹងទទួល » (គ. និង ស. ៥៣:៦ ) ។ ពាក្យ ពិធីបរិសុទ្ធ ពេលខ្លះ សំដៅទៅលើច្បាប់មួយ ឬបញ្ញត្តិ មួយ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៣:៦ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលគ្រា ដែលព្រះអម្ចាស់ នឹងប្រទានការណែនាំដែលនៅសល់ (« ដែលនៅសល់ » ) ទាំងប៉ុន្មានរបស់ទ្រង់ ដល់ស៊ីឌនី ។
-
តើយើងអាចរៀនអ្វីខ្លះមកពី ខ ៦នេះ ? ( សូមពិចារណាផ្ដល់យោបល់ថា សិស្សអាចយោងបទគម្ពីរនេះជាមួយនឹង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥២:៤-៥ ។ សិស្សអាចចងចាំប្រាប់អំពីគោលការណ៍ដូចខាងក្រោមនៅក្នុងមេរៀនមុនៗ ៖ នៅពេលយើងធ្វើតាមការណែនាំរបស់ព្រះដោយស្មោះស្ម័គ្រ នោះទ្រង់នឹងបើកសម្ដែងព្រះឆន្ទៈរបស់ទ្រង់ដល់យើងកាន់តែច្រើន ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៤
ព្រះអម្ចាស់ ណែនាំពួកបរិសុទ្ធនៅ ខូលស្វិល ឲ្យចាកចេញពី ថមសុន រដ្ឋ អូហៃអូ ហើយផ្លាស់ទៅរដ្ឋ មិសសួរី
សូមពន្យល់ថា នៅខែមេសា ឆ្នាំ ១៨៣១ នូវែល ណៃត បានដឹកនាំក្រុមនៃពួកបរិសុទ្ធម្នាក់ចេញពី ខូលស្វិល រដ្ឋ នូវ យ៉ោក ទៅចូលរួមនឹងពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ។ នៅខែ ឧសភា ព្យាការីយ៉ូសែប ស្ម៊ីធ បានណែនាំប៊ីស្សព អែតវឺត ប៉ាទ្រិច ឲ្យជួយពួកបរិសុទ្ធទាំងនោះស្នាក់នៅលើទឹកដីក្នុង ភូមិ ថមសុន រដ្ឋ អូហៃអូ ដែលលីម៉ាន ខូព្លី ត្រូវបានធ្វើសេចក្ដីសញ្ញាកាលពីលើកមុន ( ឬ បានសន្យា ) ថាផ្ដល់ឲ្យសម្រាប់គោលបំណងនោះ ។ ពួកគេបានដាំដំណាំនៅទីនោះ ហើយបានចាប់ផ្ដើមបង្កបង្កើនផលនៅលើដីធ្លីនោះ ។ ប៉ុន្តែ ទោះជាពួកគេបានធ្វើការជាមួយគ្នាដើម្បីកែលម្អដល់ដែនដីក្ដី ក៏ពួកគេបានចាប់ផ្ដើមមានចិត្តកំណាញ់ ហើយអត្មានិយម ។ ស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ឡើង នៅពេល លីម៉ាន ខូព្លី បានត្រឡប់មកពីបេសកកម្មរបស់គាត់ទៅកាន់ពួកសេកើរវិញ ហើយបានចាប់ផ្ដើមសង្ស័យលើជំនឿរបស់គាត់ ( សូមមើល គ. និង ស. ៤៩ និងមេរៀនទី ៥៦ ) ។ គាត់បានបដិសេធក្នុងការអភិវឌ្ឍទីបន្ទាល់របស់គាត់ អំពីដំណឹងល្អដែលបានស្ដារឡើងវិញ ហើយគាត់បានបញ្ជាឲ្យពួកបរិសុទ្ធចាកចេញពីដី ។ គាត់ក៏បានគិតថ្លៃពីពួកគេ ៦០ ដុល្លារផងដែរ ។ ដោយសារ លីម៉ាន មិនគោរពសេចក្ដីសញ្ញារបស់គាត់ នោះពួកបរិសុទ្ធទាំងនេះឥឡូវគ្មានកន្លែងរស់នៅទេ ។ នូវែល ណៃត និងអ្នកផ្សេងទៀតបានសួរព្យាការី ពីអ្វីដែលពួកគេគួរធ្វើអ្វី ។ ( សូមមើល Documents, Volume ១: ខែ មិថុនា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ vol. ១ of the Documents series of The Joseph Smith Papers [ឆ្នាំ ២០១៣], ទំព័រ ៣៣៤–៣៣៥។ )
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៤:១-៣ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលនូវអ្វីដែល ពួកបរិសុទ្ធចាំបាច់ត្រូវធ្វើដើម្បីជួយកែលម្អស្ថានភាពរបស់ពួកគេ ។
-
ហេតុអ្វីក៏អ្នកគិតថា ការប្រែចិត្ត និងភាពរាបសារ នឹងជួយដល់ពួកបរិសុទ្ធទាំងនេះ ?
សូមចង្អុលបង្ហាញថា ព្រះអម្ចាស់ ពុំសព្វព្រះទ័យនឹងពួកបរិសុទ្ធនៅក្នុងភូមិ ថមសុន ដែលបានក្បត់សេចក្ដីសញ្ញារបស់ពួកគេនោះទេ ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៤:៤-៥ ដោយស្ងាត់ស្ងៀម ហើយរកមើលពាក្យ ឬឃ្លាដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាអំពីអ្វីដែលបានកើតមានឡើងនៅពេលដែលមិនរក្សាសេចក្ដីសញ្ញា ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាចំពោះសេចក្ដីសញ្ញាមួយ « ត្រូវបានលុបចោល ហើយគ្មានប្រសិទ្ធភាពនោះ » ? តើពរជ័យអ្វីខ្លះដែលយើងបានបាត់បង់ នៅពេលយើងពុំរក្សាសេចក្ដីសញ្ញារបស់យើង ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៤:៦ ដោយស្ងាត់ស្ងៀម រកមើលពរជ័យមួយ ដែលយើងទទួលនៅពេលយើងរក្សាសេចក្ដីសញ្ញារបស់យើង ហើយគោរពតាមបទបញ្ញត្តិទាំងឡាយ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ ពួកគេអាចប្រើពាក្យផ្សេងៗ ប៉ុន្តែចម្លើយរបស់ពួកគេគួរតែនាំទៅរកគោលការណ៍ដូចខាងក្រោម ៖ បើយើងរក្សាសេចក្ដីសញ្ញារបស់យើង ហើយគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ នោះយើងនឹងទទួលបានសេចក្ដីមេត្តាករុណា ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
-
តើអ្នកបានឃើញថា ព្រះអម្ចាស់បានផ្ដល់ក្ដីមេត្តាករុណាដល់អ្នកទាំងឡាយដែលរក្សាសេចក្ដីសញ្ញារបស់ពួកគេជាមួយទ្រង់នៅពេលណា ?
សូមលើកទឹកចិត្តសិស្សឲ្យរក្សាសេចក្ដីសញ្ញាទាំងឡាយដែលពួកគេបានធ្វើនៅពិធីបុណ្យជ្រមុជទឹក ហើយគោរពបទបញ្ញត្តិទាំងឡាយ ដើម្បីពួកគេអាចទទួលបានសេចក្ដីមេត្តាករុណាមកពីព្រះអម្ចាស់ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៤:៧-៩ ដោយពន្យល់ថា បន្ទាប់ពីពួកបរិសុទ្ធទាំងនេះបានបាត់បង់គេហដ្ឋានរបស់ពួកគេនៅលើដីរបស់ លីម៉ាន ខូព្លី នោះព្រះអម្ចាស់បានបញ្ជាឲ្យពួកគេធ្វើដំណើរទៅរដ្ឋ មិសសួរី ។ ពួកគេត្រូវតែងតាំងនរណាម្នាក់ឲ្យបង់ថ្លៃការចំណាយនៅតាមផ្លូវ ។ ព្រះអម្ចាស់ មានបន្ទូលថា នៅពេលពួកគេទៅដល់រដ្ឋ មិសសួរី នោះពួកគេនឹងធ្វើការសម្រាប់ការរស់នៅរបស់ពួកគេនៅទីនោះ រហូតទាល់តែព្រះអម្ចាស់នឹងរៀបចំកន្លែងមួយសម្រាប់ពួកគេតាំងទីលំនៅ ។
ដើម្បីជួយសិស្សរកឃើញរបៀបដែលព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធទាំងនេះឆ្លើយតបចំពោះការសាកល្បងរបស់ពួកគេ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៤:១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយ រកមើលការទូន្មានរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធទាំងនេះ ។
-
តាមបទពិសោធន៍របស់អ្នក តើពរជ័យមួយចំនួនណាខ្លះ ដែលយើងទទួលបាន នៅពេលយើង « មានចិត្តអត់ធន់នៅក្នុងសេចក្ដីលំបាក » ?
-
តើនរណាដែលព្រះអម្ចាស់មានបន្ទូលថានឹង « រកឃើញសេចក្ដីសម្រាកដល់ព្រលឹងរបស់ពួកគេ » ? ( សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរនេះជាមួយនឹងប្រយោគ « បើសិនជា- នោះ » ។ នៅពេលពួកគេឆ្លើយសំណួរ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ៖ បើយើងស្វែងរកព្រះអម្ចាស់ពីមុនៗ នោះយើងនឹងរកឃើញសេចក្ដីសម្រាកដល់ព្រលឹងរបស់យើង ) ។
ដើម្បីជួយសិស្សយល់នូវអត្ថន័យដើម្បីរកឃើញសេចក្ដីសម្រាកដល់ព្រលឹងរបស់យើង សូមអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ភើរ ជី ម៉ាម នៃពួកចិតសិបនាក់ ៖
« ដើម្បីរកឃើញសេចក្ដីសម្រាកដល់ព្រលឹងរបស់យើង រួមមានសេចក្ដីសុខសាន្ដក្នុងគំនិត និងដួងចិត្ត ដែលជាលទ្ធផលមកពីការរៀនសូត្រ និងការធ្វើតាមគោលលទ្ធិនៃព្រះគ្រីស្ទ » (« Rest unto Your Souls,» Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១០១ ) ។
ដើម្បីជួយសិស្សយល់អំពីអត្ថន័យមួយចំនួនចំពោះពាក្យថាស្វែងរកព្រះអម្ចាស់ជាមុន សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីស្វែងរកព្រះអម្ចាស់ជាមុននោះ ? ( ចម្លើយអាចរួមមានថា វាមានន័យថា ឲ្យស្វែងរកទ្រង់តាំងពីក្មេង ដែលវាមានន័យថា ស្វែងរកទ្រង់ជាមុនរាល់ថ្ងៃ ហើយវាមានន័យថា ស្វែងរកជំនួយរបស់ទ្រង់ពីមុនមានការសាកល្បងមកក្នុងជីវិតរបស់យើង ) ។
-
ហេតុអ្វីក៏យើងគិតថាយើងរកឃើញសេចក្ដីសម្រាកដល់ព្រលឹងរបស់យើង នៅពេលយើងស្វែងរកព្រះអម្ចាស់ជាមុននោះ ?
-
តើការស្វែងរកព្រះអម្ចាស់ជាមុនពីមុនគ្រានៃសេចក្ដីទុក្ខលំបាក ខុសគ្នាពីការស្វែងរកទ្រង់អំឡុងពេលមានគ្រានៃសេចក្ដីទុក្ខលំបាកយ៉ាងដូចម្ដេច ?
សូមអញ្ជើញពួកគេឲ្យសរសេរចម្លើយចំពោះសំណួរនេះចូលក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ អ្នកអាចនឹងចង់សរសេរសំណួរទាំងនេះនៅលើក្ដារខៀន ឬ ចែកជាក្រដាសមួយសន្លឹកដល់ពួកគេ ៖
-
តើអ្នកអាចស្វែងរកព្រះអម្ចាស់ជាមុន មុនពេលការសាកល្បងទាំងឡាយនឹងកើតមាននៅក្នុងពេលអនាគតរបស់អ្នកយ៉ាងដូចម្តេច ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីស្វែងរកព្រះអម្ចាស់ជាមុនរាល់ថ្ងៃ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីស្វែងរកព្រះអម្ចាស់ពីពេលឥឡូវនេះ ខណៈដែលអ្នកជានៅយុវវ័យនៅឡើយ ?
បន្ទាប់ពីសិស្សបានសរសេររួចហើយ សូមអញ្ជើញឲ្យពួកគេពីរបីនាក់ចែកចាយគំនិតរបស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៥
ព្រះអម្ចាស់ ហៅ វិលលាម ដ័បបុលយូ ហ្វែប្ស ឲ្យជួយនៅក្នុងការសរសេរ និងការបោះពុម្ពឯកសារនានារបស់សាសនាចក្រ
សូមសិស្សជាមុនឲ្យមកថ្នាក់រៀន ដោយត្រៀមខ្លួនដើម្បីសម្ដែងនូវទេពកោសល្យ ឬជំនាញមួយ ។ សូមប្រាកដថា បទបង្ហាញរបស់សិស្សនឹងនាំឲ្យមានព្រះវិញ្ញាណ ។ ឬសុំសិស្សឲ្យសរសេរនៅលើក្ដារខៀននូវទេពកោសល្យ និងជំនាញទាំងឡាយ ដែលពួកគេបានឃើញមានក្នុងខ្លួនរបស់គ្នាទៅវិញទៅមក ។ បន្ទាប់មក ហៅសិស្សម្នាក់តាមឈ្មោះ ហើយសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីក៏អ្នកគិតថា ទេពកោសល្យ និងជំនាញរបស់អ្នក ខុសគ្នាពីទេពកោសល្យ និងជំនាញរបស់អ្នកដទៃក្នុងថ្នាក់ដូច្នេះ ?
-
ហេតុអ្វីក៏អ្នកគិតថា អ្នកត្រូវបានប្រទានពរជាមួយនឹងទេពកោសល្យ និងជំនាញទាំងនេះដូច្នេះ ?
សូមអញ្ជើញសិស្សឲ្យអានសេចក្ដីណែនាំកណ្ឌទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៥ ដោយស្ងាត់ស្ងៀម រកមើលជំនាញមួយរបស់ វិលលាម ដ័បបុលយូ ហ្វែប្ស ។ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ។
សូមពន្យល់ថា វិលលាម ដ័បបុលយូ ហ្វែប្ស បាន ទិញព្រះគម្ពីរមរមនមួយច្បាប់ក្នុងរយៈពេលពីរសប្ដាហ៍ បន្ទាប់ពីវាត្រូវបានដាក់លក់ ។ ការណ៍នេះនាំឲ្យគាត់ផ្លាស់ប្រែចិត្តជឿ ។ ក្រោយមកគាត់បានមានប្រសាសន៍ថា « ក្រៅពីរូបកាយខ្ញុំពុំត្រូវបានទទួលបុណ្យជ្រមុជទឹកចូលក្នុងព្រះវិហារនេះរហូតដល់… ខែមិថុនា ឆ្នាំ ១៨៣១ ក្ដី ក៏ដួងចិត្តរបស់ខ្ញុំបាននៅទីនោះ ចាប់តាំងពីពេលដែលខ្ញុំបានស្គាល់ព្រះគម្ពីរមរមនមកម្ល៉េះ » ( នៅក្នុង Documents, Volume ១: ខែ មិថុនា ឆ្នាំ ១៨២៨–ខែ មិថុនា ឆ្នាំ ១៨៣១ ទំព័រ ៣៣៧ ) ។ នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ១៨៣១ មិនយូរប៉ុន្មានបន្ទាប់ពីបងប្រុស ហ្វែប្ស បានមកដល់ទីក្រុងខឺតឡង់ នោះព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៥ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៥:៤ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ឲ្យរកមើលទេពកោសល្យផ្សេងទៀត ដែលវិលលាម ដ័បបុលយូ ហ្វែប្ស មាន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមអញ្ជើញសិស្សផ្សេងទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៥:៥ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលទីតាំងដែលបងប្រុស ហ្វែប្ស ត្រូវបានហៅឲ្យធ្វើកិច្ចការនៃការសរសេរ និងការបោះពុម្ព ។ ( ព្រះអម្ចាស់ បានណែនាំគាត់ឲ្យធ្វើដំណើរជាមួយ យ៉ូសែប ស៊្មីធ ហើយនឹង ស៊ីឌនី រិកដុន ទៅកាន់រដ្ឋ មិសសួរី ) ។
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអាចប្រើទេពកោសល្យ ជំនាញ និងសមត្ថភាពទាំងឡាយរបស់យើង ដើម្បីប្រទានពរដល់កូនចៅរបស់ទ្រង់ ។
-
តើអ្នកបានឃើញព្រះប្រើទេពកោសល្យ និងសមត្ថភាពរបស់មនុស្សឲ្យប្រទានពរដល់កូនចៅរបស់ទ្រង់យ៉ាងដូចម្ដេច ?
សូមឲ្យសិស្សគិតអំពីទេពកោសល្យ ឬសមត្ថភាពមួយ ដែលពួកគេមាន និងរបៀបដែលពួកគេអាចប្រើសមត្ថភាពនោះ ដើម្បីជួយដល់អ្នកដទៃ ហើយរំកិលកិច្ចការរបស់ព្រះអម្ចាស់ឆ្ពោះទៅមុខ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។
សូមបញ្ចប់មេរៀនដោយការយោងទៅគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលបានសរសេរនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យជ្រើសរើសសេចក្ដីពិតមួយ ហើយចែកចាយពីមូលហេតុដែលវាសំខាន់ចំពោះពួកគេ និងអ្វីដែលពួកគេចង់ធ្វើដើម្បីអនុវត្តវាឲ្យកាន់តែពេញលេញក្នុងជីវិតរបស់ពួកគេ ។