មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨-៨៩ ( មេរៀនទី ១៩ )
ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ
ខាងក្រោម នេះគឺជាសេចក្តីសង្ខេបនៃគោលលទ្ធិ និងគោលការណ៍ដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨-៨៩ ( មេរៀនទី ១៩ ) មិនមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀនផ្ដោតលើគោលលទ្ធិ និង គោលការណ៍តែពីរបីទាំងនេះប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១-៤០)
នៅពេលសិស្សបានសិក្សាវិវរណៈមួយដែលបានប្រទានដល់ព្យាការីយ៉ូសែប ស្ម៊ីធ និង ពួកសង្ឃជាន់ខ្ពស់មួយក្រុម នោះពួកគេបានរៀនថាព្រះប្រទានពន្លឺ និង ជីវិតដល់គ្រប់អ្វីៗទាំងអស់តាមរយៈពន្លឺនៃព្រះគ្រីស្ទ ។ ពួកគេក៏បានរៀនផងដែរថាវិញ្ញាណ និង រូបកាយគឺជាព្រលឹងនៃមនុស្ស ដែលត្រូវបានប្រោសលោះនៅក្នុងការរស់ឡើងវិញតាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយថានៅក្នុងការរស់ឡើងវិញ យើងនឹងទទួលបានសិរីរុងរឿងស្របទៅតាមក្រឹត្យវិន័យដែលយើងបានគោរពតាម ។
ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៤១-៦៩)
នៅក្នុងមេរៀននេះ សិស្សបានរៀនថាពួកគេអាចឃើញឫទ្ធានុភាព និង ព្រះចេស្តារបស់ព្រះនៅពេលពួកគេមើលពីការបង្កបង្កើតរបស់ទ្រង់ ។ សិស្សបានសិក្សាខគម្ពីរអំពីរបៀបដែលព្រះអម្ចាស់នឹងយាងទៅជួបនគរនិមួយៗរបស់ទ្រង់ ព្រមទាំងប្រជាជនក្នុងនគរនោះតាមកំណត់ពេលរបស់ទ្រង់ ។ សិស្សក៏បានរៀនផងដែរថា នៅពេលពួកគេខិតកាន់តែជិតព្រះ នោះទ្រង់នឹងខិតជិតពួកគេផងដែរ ។ ពួកគេបានឃើញថាព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋានរបស់ពួកគេ តាមរបៀបដែលទ្រង់ជ្រាបថាជាចម្លើយដ៏ល្អបំផុតសម្រាប់ពួកគេ ហើយថាប្រសិនបើពួកគេមានភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អនៃព្រះ នោះពួកគេនឹងពេញដោយពន្លឺ ។
ថ្ងៃទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧០-១៤១)
នៅពេលសិស្សបានសិក្សាការណែនាំរបស់ព្រះអម្ចាស់សម្រាប់ការសាងសង់សាលានៃពួកព្យាការី នោះពួកគេបានរៀនថា ប្រសិនបើពួកគេបង្រៀនគ្នាទៅវិញទៅមក ហើយស្វែងរកការរៀនសូត្រដោយសារការសិក្សា និង ដោយសារសេចក្តីជំនឿផង នោះសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទនឹងកើនឡើង ។ ពួកគេបានរកឃើញអាកប្បកិរិយាសុចរិតដែលនឹងជួយពួកគេរៀន និង ត្រូវបានស្អាងឡើង ព្រមទាំងទង្វើទុច្ចរិតនានាដែលព្រះអម្ចាស់បានបញ្ជាឲ្យពួកយើងឈប់ធ្វើវាទៀត ។ ពួកគេក៏បានរៀនផងដែរថាការបង្ហាញមិត្តភាព និង សេចក្តីស្រឡាញ់ដល់អស់អ្នកដែលរៀនដំណឹងល្អ អញ្ជើញព្រះវិញ្ញាណនៅពេលពួកគេសិក្សាជាមួយគ្នា ។
ថ្ងៃទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩)
ចេញពីព្រះឱវាទរបស់ព្រះអម្ចាស់ចំពោះបងប្អូនប្រុសដែលចូលរៀននៅសាលានៃពួកព្យាការី នោះសិស្សបានរៀនថាដោយសារផែនការអាក្រក់ទាំងឡាយដែលមនុស្សរួមគំនិតប្រព្រឹត្តិអំពើទុច្ចរិតនៅថ្ងៃចុងក្រោយ នោះព្រះអម្ចាស់បានព្រមានដល់យើងកុំឲ្យប្រើសារធាតុដែលនាំឲ្យគ្រោះថ្នាក់ទាំងឡាយ ។ ពួកគេបានរកឃើញការព្រមានរបស់ព្រះអម្ចាស់អំពីការការប្រើខុសនូវសារធាតុជាក់លាក់មួយចំនួន ហើយបានរៀនថាពួកគេគួរតែបរិភោគអាហារដែលនាំឲ្យមានសុខភាពល្អដោយឆ្លាតវៃ និង ដោយមានអំណរគុណ ។ សិស្សបានរៀនថា ប្រសិនបើយើងធ្វើតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងឲ្យមានសុខភាពល្អ មានប្រាជ្ញា មានកម្លាំង និង ការការពារ ។
សេចក្តីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យទទួលស្គាល់ពីតម្លៃនៅក្នុងការបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ នៅពេលពួកគេបង្រៀនគ្នាទៅវិញទៅមកនូវគោលការណ៍មួយចំនួន ដែលពួកគេបានសិក្សាអំឡុងពេលសប្តាហ៍នេះ នោះពួកគេនឹងមានឱកាសទទួលបានបទពិសោធន៍នៃគោលការណ៍មួយចំនួន ដែលព្រះអម្ចាស់បានបង្រៀនដល់អស់អ្នកដែលបានចូលរៀននៅក្នុងសាលានៃពួកព្យាការី ។
យោបល់សម្រាប់ការបង្រៀន
កំណត់ចំណាំ ៖ នៅពេលសិស្សបានសិក្សាវគ្គចំណេះចំណានខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១២៤ នៅសប្តាហ៍នេះ ពួកគេត្រូវបានអញ្ជើញឲ្យទន្ទេញវាឲ្យចាំ ហើយសូត្រវានៅពេលពួកគេចូលរៀនថ្នាក់សិក្ខាសាលា និង ថ្នាក់ផ្សេងៗនៃសាសនាចក្រ ។ ការអញ្ជើញនេះមានបំណងចង់ជួយពួកគេឲ្យចងចាំថា ការធ្វើទង្វើសុចរិតនានា និង ការឈប់ពីទង្វើទុច្ចរិតនឹងជួយយើងឲ្យរៀនសូត្រ ហើយត្រូវបានស្អាងឡើង ។ អ្នកអាចរំឭកសិស្សអំពីចំណុចនេះ ហើយអញ្ជើញពួកគេឲ្យសូត្រវគ្គបទគម្ពីរនោះជាមួយគ្នា ។ អ្នកអាចលើកទឹកចិត្តពួកគេឲ្យរស់នៅតាមព្រះឱវាទដែលបានប្រទានឲ្យក្នុងវគ្គបទគម្ពីរនេះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧០-១១៧
ព្រះអម្ចាស់ត្រាស់បញ្ជាឲ្យពួកអែលឌើរនៃសាសនាចក្រត្រៀមខ្លួនសម្រាប់ការបម្រើរបស់ពួកគេ ហើយបានបើកសម្ដែងអំពីព្រឹត្តការណ៍ជុំវិញការយាងមកជាលើកទីពីររបស់ទ្រង់
សូមអញ្ជើញសិស្សម្នាក់ឲ្យមកខាងមុខក្តារខៀន ហើយបង្រៀនសិស្សម្នាក់ទៀតអំពីរបៀបធ្វើការសាមញ្ញមួយ ដូចជាចងក្រវ៉ាត់ក ( ឬការងារផ្សេងមួយដែលសិស្សទីពីរពុំចេះធ្វើ ) ។ សូមឲ្យសិស្សក្នុងថ្នាក់លើកដៃ ប្រសិនបើពួកគេបានធ្លាប់ជួយបង្រៀនមេរៀនមួយ ឬ ជំនាញមួយដល់នរណាម្នាក់ទៀតក្នុងពេលថ្មីៗនេះ ។ សូមឲ្យមនុស្សមួយចំនួនដែលលើកដៃរបស់ពួកគេរៀបរាប់ពីអ្វីដែលពួកគេបានបង្រៀន និង មនុស្សដែលពួកគេបានបង្រៀន ។ សូមតាមដានដោយសួរសំណួរខាងក្រោម ៖
-
តើអ្នកបានរៀនអ្វីខ្លះតាមរយៈការត្រៀមបង្រៀន និង តាមរយៈការបង្រៀននរណាម្នាក់ ?
-
ហេតុអ្វីអ្នកគិតថា ជាញឹកញាប់យើងរៀនមកពីការត្រៀមខ្លួនដើម្បីបង្រៀនច្រើនជាងត្រូវបានបង្រៀនពីនរណាម្នាក់ទៀត ?
សូមរំឭកសិស្សថា ព្រះអម្ចាស់បានប្រទានវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨ អស់ជាច្រើនថ្ងៃនៅចុងខែ ធ្នូ ឆ្នាំ ១៨៣២ និង នៅដើមខែ មករា ឆ្នាំ ១៨៣៣ ដល់អ្នកកាន់បព្វជិតភាពមួយក្រុមដែលបានអធិស្ឋានដើម្បីដឹងអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់អំពីការស្ថាបនាស៊ីយ៉ូន ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានសំដៅទៅលើក្រុមនៃពួកអ្នកកាន់បព្វជិតភាពនេះថាជា « អ្នកធ្វើការមុនដំបូង នៅក្នុងនគរចុងក្រោយបង្អស់នេះ » (គ. និង ស. ៨៨:៧០, ៧៤) ហើយបានបញ្ជាពួកគេឲ្យរៀបចំ និង ចូលរៀនក្នុងសាលារៀនមួយ ដើម្បីត្រៀមខ្លួនពួកគេចេញផ្សាយដំណឹងល្អនៅក្នុងចំណោមជាតិសាសន៍នៅលើផែនដី ( សូមមើល គ. និង ស. ៨៨:៧៤, ៨៤, ១២៧) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣-៧៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានបញ្ជាដល់ពួកអ្នកកាន់បព្វជិតភាពទាំងនេះឲ្យធ្វើដើម្បីត្រៀមខ្លួនបង្រៀនដល់អ្នកដទៃ ។
-
តើ « ពួកអ្នកធ្វើការដំបូងគេ » ទាំងនេះត្រូវបានបញ្ជាឲ្យធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនបង្រៀនដល់អ្នកដទៃក្នុងនាមជាពួកអ្នកផ្សព្វផ្សាយសាសនា ? ( អ្នកអាចនឹងសូមសិស្សម្នាក់ឲ្យធ្វើជាអ្នកសរសេរ ហើយសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បី « រៀបចំ » « ត្រៀមខ្លួន » និង « ញែកចេញ » ខ្លួនយើងជាបរិសុទ្ធ ដើម្បីកាន់តែមានប្រសិទ្ធភាពក្នុងការចែកចាយដំណឹងល្អ ?
-
តើការត្រូវបានសម្អាតពីអំពើបាប មានឥទ្ធិពលលើលទ្ធភាពរបស់យើង ដើម្បីចែកចាយដំណឹងល្អយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៧-៨០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់ បានបញ្ជាដល់អ្នកកាន់បព្វជិតភាពទាំងនេះឲ្យធ្វើ នៅពេលពួកគេជួបជាមួយគ្នា ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើព្រះអម្ចាស់បានសន្យាអ្វីខ្លះចំពោះអស់អ្នកដែលឧស្សាហ៍ព្យាយាមបង្រៀន ? ( ទ្រង់បានសន្យាថាព្រះគុណរបស់ទ្រង់នឹងនៅជាមួយពួកគេ ហើយថាពួកគេនឹងត្រូវបានបង្រៀនកាន់តែល្អឥតខ្ចោះបន្ថែមទៀតនៅក្នុងគ្រប់អ្វីៗដែលពួកគេចាំបាច់ត្រូវយល់ដឹង ទាក់ទងទៅនឹងនគរនៃព្រះ ) ។
-
តើពាក្យថា « ព្រះគុណរបស់ព្រះអម្ចាស់នឹងនៅជាមួយអ្នក » មានន័យយ៉ាងណា (គ. និង ស. ៨៨:៧៨) ? ( ព្រះអម្ចាស់នឹងជួយយើង នៅពេលយើងស្វែងរកដោយព្យាយាមដើម្បីបង្រៀន និងរៀនដំណឹងល្អ ) ។
-
ចេញមកពីអ្វីដែលអ្នកបានរៀននៅក្នុង ខ ៧៧-៧៨តើអ្នកនឹងថ្លែងនូវគោលការណ៍មួយស្ដីអំពីការបង្រៀនយ៉ាងដូចម្ដេច ? ( សិស្សអាចនឹងរកឃើញគោលការណ៍មួយចំនួន ។ បន្ទាប់ពីពួកគេឆ្លើយហើយ អ្នកអាចសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្តារខៀន ៖ នៅពេលយើងបង្រៀនគ្នាទៅវិញទៅមកដោយឧស្សាហ៍ព្យាយាម នោះព្រះអម្ចាស់នឹងជួយយើងយល់សេចក្ដីពិតរបស់ទ្រង់កាន់តែបានល្អឥតខ្ចោះ ។ តាមរយៈការបង្រៀនដល់នរណាម្នាក់ នោះយើងអាចត្រៀមខ្លួនដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃ) ។
-
តើការបង្រៀនដំណឹងល្អដល់អ្នកដទៃបានជួយអ្នកឲ្យយល់កាន់តែល្អប្រសើរអំពីដំណឹងល្អតាមវិធីណា ?
-
យោងតាម ខ ៧៩តើប្រធានបទណាផ្សេងទៀតដែលសំខាន់ដើម្បីយើងយល់ដឹង ? តើការទទួលបានចំណេះដឹងទូលំទូលាយដូច្នេះ អាចជួយយើងបង្រៀនដំណឹងល្អដល់អ្នកដទៃយ៉ាងដូចម្ដេច ?
កំណត់ចំណាំ ៖ សកម្មភាពខាងក្រោមនេះគឺត្រូវបានសរសេរឡើងសម្រាប់សិស្សជាក្រុមៗដែលមួយក្រុមមានសិស្សបួននាក់ ដើម្បីរៀបចំ និង បង្រៀនគ្នាទៅវិញទៅមកនៅក្នុងភាពដៃគូ ។ ប្រសិនបើអ្នកមានសិស្សតិច អ្នកអាចឲ្យសិស្សរៀបចំ ហើយបង្រៀនបុគ្គលម្នាក់ៗ ឬ អ្នកអាចឲ្យសិស្សបង្រៀនអ្នកនូវមេរៀនមួយ ហើយបន្ទាប់មកអ្នកអាចបង្រៀនពួកគេនូវមេរៀនផ្សេងទៀត ។
សូមពន្យល់សិស្សថា អ្នកចង់ជួយពួកគេឲ្យទទួលអារម្មណ៍នៃភាពសំខាន់ និង អនុវត្តគោលការណ៍ពីរនៃការបង្រៀនដែលពួកគេរកឃើញ ។ សូមចែកសិស្សជាក្រុមៗដែលមានគ្នាបួននាក់ ។ សូមឲ្យសិស្សពីរនាក់នៅក្នុងក្រុមនិមួយៗធ្វើការជាមួយគ្នា ដោយប្រើព្រះគម្ពីរ និង សៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេដើម្បីរៀបចំបង្រៀន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦៣–៦៨ ដល់សិស្សពីរនាក់ផ្សេងទៀត ។ សូមឲ្យសិស្សពីរនាក់ផ្សេងទៀតធ្វើការជាមួយគ្នា ដើម្បីរៀបចំបង្រៀនវគ្គចំណេះចំណានខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨-២១ ដល់សិស្សពីរនាក់ដំបូង ។
សូមចែកច្បាប់ចម្លងនៃ សេចក្ដីណែនាំខាងក្រោមនេះ សម្រាប់ក្រុមនិមួយៗ ។ សូមឲ្យពួកគេអានសេចក្ដីណែនាំ និង ខព្រះគម្ពីរនានា រួចហើយសម្រេចពីរបៀបដែលពួកគេនឹងបង្រៀនមេរៀននិមួយៗ ។ ( សូមលើកទឹកចិត្តសិស្សទាំងពីរនាក់នៅក្នុងដៃគូនិមួយៗឲ្យចូលរួមនៅក្នុងការបង្រៀន ) ។ សូមពន្យល់ថាដៃគូនិមួយៗនឹងមានរយៈពេលប្រហែលជា ៨–១០នាទី ដើម្បីរៀបចំមេរៀន ហើយប្រហែលជា៥នាទីដើម្បីបង្រៀនរបស់ខ្លួន ។
សេចក្តីណែនាំសម្រាប់សិស្សដែលនឹងបង្រៀន ៖
-
សូមអានវគ្គបទគម្ពីរទាំងអស់ដែលបានចាត់ដល់អ្នក ។ អ្នកអាចអធិស្ឋាននៅក្នុងចិត្តរបស់ខ្លួនថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នកនៅពេលអ្នករៀបចំ និង នៅពេលអ្នកបង្រៀន ។
-
សូមមើលកំណត់ចំណាំ ឬ ការគូសចំណាំនានាដែលអ្នកបានធ្វើនៅក្នុងព្រះគម្ពីរ និង នៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នក ដើម្បីជួយអ្នកឲ្យចាំនូវអ្វីដែលអ្នកបានរៀនមកពីការសិក្សាវគ្គបទគម្ពីររបស់អ្នកអំឡុងពេលសប្តាហ៍នេះ ។
-
សូមកត់ ឬ គូសចំណាំគោលលទ្ធិ ឬ គោលការណ៍មួយដែលអ្នកចង់បង្រៀន ។
-
សូមសម្រេចចិត្តពីរបៀបដើម្បីបង្រៀនមេរៀនគោលលទ្ធិ ឬ គោលការណ៍ ។ សូមគិតពីការប្រើយោបល់ខាងក្រោមនេះនៅពេលអ្នកបង្កើតគម្រោងមេរៀន ៖
-
សូមគិតពីសំណួរសាមញ្ញមួយដើម្បីសួរ ឬ គិតពីឧបករណ៍មេរៀនមួយដែលអ្នកអាចប្រើវា ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអស់អ្នកដែលអ្នកបង្រៀន ហើយណែនាំឲ្យស្គាល់ប្រធានបទ ។
-
សូមពន្យល់អ្វីដែលអ្នកស្គាល់ពីប្រវត្តិ និង មាតិកានៃវិវរណៈនេះ ហើយអញ្ជើញអស់អ្នកដែលអ្នកបង្រៀនអានផ្នែកមួយ ឬ ទាំងអស់នៃវគ្គបទគម្ពីរដែលអ្នកត្រូវបានចាត់ឲ្យអាន ។
-
សូមសួរសំណួរនានាដែលជួយដល់អស់អ្នកដែលអ្នកបង្រៀនរកឃើញគោលលទ្ធិ ឬ គោលការណ៍ ហើយបន្ទាប់មកសួរសំណួរបន្ថែមទៀតដើម្បីមើលថាបើពួកគេយល់វាដែលឬអត់ ។
-
សូមចែកចាយបទពិសោធន៍មួយដែលអ្នកមានជាមួយគោលលទ្ធិ ឬ គោលការណ៍នោះ ហើយថ្លែងទីបន្ទាល់អំពីសារៈសំខាន់ និង សេចក្តីពិតរបស់វា ។ អ្នកក៏អាចអញ្ជើញអស់អ្នកដែលអ្នកបង្រៀនចែកចាយបទពិសោធមួយ ដែលពួកគេមានជាមួយនឹងគោលលទ្ធិ និង គោលការណ៍នេះ ។
-
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀបចំមេរៀនហើយ សូមអញ្ជើញដៃគូដែលបានចាត់តាំងឲ្យសិក្សាក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៣-៦៨ ដើម្បីបង្រៀនសិស្សដទៃទៀតនៅក្នុងក្រុមរបស់ពួកគេ ។ បន្ទាប់មកសូមឲ្យសិស្សផ្លាស់តួនាទីគ្នា ហើយអញ្ជើញដៃគូដែលបានចាត់តាំងឲ្យសិក្សាក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១៨-២១ ឲ្យបង្រៀន ។
បន្ទាប់ពីសិស្សបានបង្រៀនគ្នាទៅវិញទៅមករួចហើយនោះ សូមចង្អុលបង្ហាញពីគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ « នៅពេលយើងបង្រៀនគ្នាទៅវិញទៅមកដោយឧស្សាហ៍ព្យាយាម នោះព្រះអម្ចាស់នឹងជួយយើងយល់សេចក្ដីពិតរបស់ទ្រង់កាន់តែបានល្អឥតខ្ចោះ » ។ បន្ទាប់មកសូមសួរសិស្សនូវសំណួរខាងក្រោម ៖
-
តើអ្នកមានការយល់ដឹងកាន់តែខ្លាំងប៉ុណ្ណាអំពីខគម្ពីរទាំងនេះ នៅពេលអ្នកបង្រៀនវាដល់អ្នកដទៃនាថ្ងៃនេះ ?
-
តើអ្នកទទួលអារម្មណ៍ថាព្រះអម្ចាស់បានជួយអ្នកយ៉ាងដូចម្តេចខ្លះ ?
សូមលើកទឹកចិត្តដល់សិស្សឲ្យស្វែងរកឱកាសដើម្បីបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យទាំងឡាយដែលពួកគេនឹងទទួលចំពោះការធ្វើដូច្នោះ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩៧)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ខ្លួន អំឡុងពេលនៃសប្តាហ៍នេះ អ្នកអាចអញ្ជើញពួកគេឲ្យពិចារណាសំណួរខាងក្រោម ៖ តើព្រះអម្ចាស់បានដាក់លក្ខខណ្ឌអ្វីខ្លះដែលរាប់ទុកជាគុណសម្បត្តិដើម្បីឃើញព្រះភ័ក្រទ្រង់ ? តើពរជ័យនៃការ « មានចិត្តបរិសុទ្ធ » មានអ្វីខ្លះ (គ. និង ស. ៩៧:១៦) នៅពេលអ្នកចូលព្រះវិហារបរិសុទ្ធ ? តើអ្នកធ្លាប់ឆ្ងល់ទេថាតើ ការថ្វាយបង្គំ ដល់ព្រះមានន័យដូចម្តេច ? នៅក្នុងការសិក្សារបស់អ្នកនៅសប្តាហ៍ក្រោយនេះ សូមរកមើល នរណា ដែលយើងថ្វាយបង្គំ និង របៀប ដែលយើងថ្វាយបង្គំ ។