មេរៀនទី ១០៧
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២
សេចក្ដីផ្ដើម
ត្រឹមខែ មករា ឆ្នាំ ១៨៣៤ សាសនាចក្របានរីកចម្រើន ហើយមានសមាជិកច្រើនជាង៣០០០នាក់ ។ ការរីកចម្រើននេះ បានបង្កើតឲ្យមានតម្រូវការសម្រាប់ថ្នាក់ដឹកនាំបន្ថែមទៀត ដើម្បីគ្រប់គ្រងកិច្ចការសាសនាចក្រ ។ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៨៣៤ សង្ឃជាន់ខ្ពស់ម្ភៃបួននាក់ បានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់ យ៉ូសែប ស៊្មីធ សម្រាប់សន្និសីទ ដែលក្រុមប្រឹក្សាជាន់ខ្ពស់ទីមួយត្រូវបានរៀបចំឡើង ។ អួរសុន ហៃឌ ជាស្មៀននៃការប្រជុំ បានសម្គាល់ឃើញថា ក្រុមប្រឹក្សាជាន់ខ្ពស់អាចមានកំហុសឆ្គងមួយចំនួននៅក្នុងការកត់ត្រានៃការប្រជុំនោះ ។ ដូច្នេះ ក្រុមប្រឹក្សាបានបោះឆ្នោតថាព្យាការី គួរតែធ្វើការកែតម្រូវដែលចាំបាច់ ។ យ៉ូសែប ស៊្មីធ បានចំណាយពេលនៅថ្ងៃបន្ទាប់ នៅថ្ងៃទី ១៨ ខែ កុម្ភៈ បានធ្វើការកែតម្រូវដ៏បំផុសគំនិតសម្រាប់កំណត់ត្រាពីមុនទាំងប៉ុន្មាន ។ កំណត់ត្រាត្រូវបានកែតម្រូវ និងទទួលយកនៅថ្ងៃបន្ទាប់ ថ្ងៃទី ១៩ ខែ កុម្ភៈ ។ ឥឡូវវាត្រូវបានរកឃើញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០២កំណត់ត្រាទាំងនេះពន្យល់ពីការស្ថាបនាក្រុមប្រឹក្សាជាន់ខ្ពស់ និងផ្ដល់នូវការដឹកនាំសម្រាប់គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ពេលពួកគេចាត់ចែងការណែនាំសម្រាប់បុគ្គលដែលបានធ្វើការរំលងដ៏ធ្ងន់ធ្ងរ ។ ( សូមចំណាំថា គណៈប្រធានមណ្ឌល និងទីប្រឹក្សាមណ្ឌលក៏អាចអនុញ្ញាតឲ្យធ្វើតាមដំណើរការទាំងនេះដែរ )។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១-៥
ក្រុមប្រឹក្សាជាន់ខ្ពស់ដំបូងបំផុតនៃសាសនាចក្រត្រូវបានរៀបចំឡើង
សូមអាន ដំណើររឿងខាងក្រោម ដែលប្រាប់ដោយប្រធាន ហារ៉ូល ប៊ី លី ឲ្យឮៗ ៖
« ប៉ុន្មានឆ្នាំមុន … ខ្ញុំបានបម្រើជាប្រធានស្តេក ។ យើងមានករណីដ៏សោកសៅមួយដែលត្រូវបាននាំមកចំពោះទីប្រឹក្សាជាន់ខ្ពស់ និងគណៈប្រធានស្តេក ដែលជាលទ្ធផលនៃការកាត់កាលចោលបុរសម្នាក់ដែលបានបង្កគ្រោះថ្នាក់ដល់យុវនារីដ៏គួរឲ្យស្រឡាញ់ម្នាក់ ។ បន្ទាប់ពីការប្រជុំស្ទើរតែពេញមួយយប់ទាក់ទងនឹងករណីនោះមក ខ្ញុំបានទៅការិយាល័យរបស់ខ្ញុំដោយអស់កម្លាំងនៅព្រឹកបន្ទាប់ ហើយត្រូវបានប្រឈមមុខជាមួយបងប្រុសរបស់បុរសនោះ ដែលយើង [ បានជួបនៅក្នុងក្រុមប្រឹក្សា ] នៅយប់មុននោះ ។ បុរសនេះបាននិយាយថា ‹ ខ្ញុំចង់ប្រាប់អ្នកថា ប្អូនប្រុសរបស់ខ្ញុំ គ្មានកំហុសដូចដែលអ្នកបានចោទប្រកាន់នោះទេ › ។
« ‹ តើអ្នកដឹងថា គេគ្មានកំហុសដោយរបៀបណា ? ខ្ញុំបានសួរ ។
« ‹ បុរសនោះបានឆ្លើយថា ‹ ដោយសារខ្ញុំបានអធិស្ឋាន ហើយព្រះអម្ចាស់បានប្រាប់ខ្ញុំថា គេគ្មានកំហុសទេ ›» ( Teachings of Harold B. Lee, ed. Clyde J. Williams [ឆ្នាំ ១៩៩៦],ទំព័រ ៤២០–២១ ) ។
-
នៅក្នុងគំនិតរបស់អ្នក តើបុរសនោះអាចបានទទួលចម្លើយខុសពីការសម្រេចចិត្តដែលបានធ្វើឡើងដោយគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់បានយ៉ាងដូចម្តេច ?
សូមពន្យល់ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១០២ មាននូវគោលការណ៍ដែលជួយយើងឲ្យយល់ពីរបៀបដែលគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ព្យាយាមស្វែងយល់ព្រះទ័យព្រះអម្ចាស់ អំពីរបៀបដើម្បីជួយសមាជិកសាសនាចក្រ ដែលបានប្រព្រឹត្តការរំលងដ៏ធ្ងន់ធ្ងរ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ថាក្រុមប្រឹក្សាជាន់ខ្ពស់ជាអ្វី ។
-
តើក្រុមប្រឹក្សាជាន់ខ្ពស់ជាអ្វី ? ( ជាក្រុមដែលមានសង្ឃជាន់ខ្ពស់ ១២នាក់ ដោយមាន« មា្នក់ឬបីនាក់ ក្នុងចំណោមគណៈប្រធានទី១ » ជាអធិបតី ។ នៅក្នុងសាសនាចក្រសព្វថ្ងៃនេះ ប្រធានស្តេក និងទីប្រឹក្សារបស់លោក ជាអធិបតីលើក្រុមប្រឹក្សាជាន់ខ្ពស់ ) ។
សូមពន្យល់ថា ក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២ មានភាពខុសគ្នាមួយចំនួនពីក្រុមប្រឹក្សាជាន់ខ្ពស់នៅក្នុងស្តេកសព្វថ្ងៃនេះ ។ វាជាតុលាការទូទៅនៅក្នុងទីក្រុង ខឺតឡង់ រដ្ឋអូហៃអូ និងតំបន់ដែលនៅជុំវិញនោះ ហើយជាអធិបតីគ្រប់គ្រងដោយ គណៈប្រធានទីមួយ ។ ប៉ុន្តែ នៅពេលសមាជិកភាពនៅក្នុងសាសនាចក្របានកើនឡើង ស្ដេកត្រូវបានរៀបចំឡើង ហើយគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានហៅឲ្យបម្រើសាសនាចក្រនៅក្នុងដែនកំណត់ស្តេកនីមួយៗ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគោលបំណងនៃក្រុមប្រឹក្សាជាន់ខ្ពស់ និងរបៀបដែលវាត្រូវបានចាត់តាំងឡើង ។
-
តើក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានចាត់តាំងឡើងយ៉ាងដូចម្ដេច ? តើគោលបំណងរបស់វាជាអ្វី ?
បន្ទាប់ពីសិស្សឆ្លើយតបទៅនឹងសំណួរខាងលើ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ក្រុមប្រឹក្សាជាន់ខ្ពស់ ត្រូវបានចាត់តាំងដោយវិវរណៈ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលកើតឡើងនៅក្នុងសាសនាចក្រ ។ សូមពន្យល់ថា ជាធម្មតា « បញ្ហាសំខាន់ »សំដៅទៅលើស្ថានភាពដែលសមាជិកបានប្រព្រឹត្តអំពើរំលងធ្ងន់ធ្ងរ ។
សូមពន្យល់ថា ដំណើររឿងរបស់ប្រធាន លី នៅខាងដើមមេរៀនផ្ដល់នូវឧទាហរណ៍នៃការទទួលខុសត្រូវមួយរបស់ក្រុមប្រឹក្សាជាន់ខ្ពស់ ៖ ដើម្បីតំណាងជាក្រុមប្រឹក្សាវិន័យ នៅក្រោមការដឹកនាំរបស់គណៈប្រធានស្តេក ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីគោលបំណងនៃក្រុមប្រឹក្សាវិន័យ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ពីគោលបំណងបីយ៉ាង នៃក្រុមប្រឹក្សាវិន័យសាសនាចក្រ ។
« អំពើរំលងដ៍ធ្ងន់ធ្ងរបំផុត ដូចជាប្រព្រឹត្តអំពើហឹង្សាប្រឆាំងនឹងច្បាប់រដ្ឋប្បវេណី រំលោភបំពានប្ដី ឬប្រពន្ធ រំលោភបំពានលើកុមារ ផិតក្បត់ ប្រាសចាកសិលធម៌ រំលោភសេពសន្ថវៈ និងស្មន់ភាព ដែលជារឿងតម្រូវឲ្យមានការដាក់វិន័យជាផ្លូវការរបស់សាសនាចក្រ ។ ការដាក់វិន័យជាផ្លូវការរបស់សាសនាចក្រ អាចរួមមានការដាក់កម្រិតលើសិទ្ធិជាសមាជិកភាពសាសនាចក្រ ឬបាត់បង់សមាជិកភាពក្នុងសាសនាចក្រ ។…
« … គោលបំណងរបស់ក្រុមប្រឹក្សាវិន័យ គឺត្រូវ [១] សង្គ្រោះព្រលឹងជនដែលប្រព្រឹត្តអំពើរំលង, [២] ការពារជនស្មោះត្រង់ និង [៣] ការពារភាពបរិសុទ្ធ ភាពត្រឹមត្រូវ និងកិត្តិយសរបស់សាសនាចក្រ ។
« វិន័យរបស់សាសនាចក្រ គឺជាដំណើរការដ៏បំផុសគំនិត ដែលត្រូវការពេលវេលាយូរ ។ តាមរយៈដំណើរការនេះ និងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ សមាជិកម្នាក់អាចទទួលបានការអភ័យទោសនៃអំពើបាប ទទួលបានភាពសុខសាន្តនៅក្នុងចិត្តម្ដងទៀត និងចម្រើនឡើងនូវកម្លាំង ដើម្បីចៀសវាងពីការរំលងនាពេលអនាគត » (ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងនៃដំណឹងល្អ[ ឆ្នាំ២០០៤ ] ទំព័រ ៣៧–៣៨ ) ។
-
តើគោលបំណងទាំងបីនៃក្រុមប្រឹក្សាវិន័យរបស់សាសនាចក្រ គឺជាអ្វី ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលពិពណ៌នាអំពីរបៀបដែលសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់បំពេញកាតព្វកិច្ចរបស់ពួកគេ ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:6-34
ដំណើរការសម្រាប់ក្រុមប្រឹក្សាវិន័យត្រូវបានបង្កើតឡើង
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:៦-១១ ដោយប្រាប់សិស្សថា ខគម្ពីរទាំងនេះពន្យល់ពីរបៀបដែលក្រុមប្រឹក្សាជាន់ខ្ពស់ដំណើរការ នៅពេលដែលសមាជិកក្នុងក្រុមទាំងអស់អវត្តមាន ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១២-១៤ ដោយស្ងាត់ស្ងៀម ដើម្បីរៀនពីរបៀបដែលសមាជិកក្រុមប្រឹក្សាម្នាក់ត្រូវបានជ្រើសរើសឲ្យនិយាយនៅក្នុងក្រុមប្រឹក្សាវិន័យ ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើការចាប់ឆ្នោតមានន័យដូចម្ដេច ? ( ក្នុងករណីនេះ វាមានន័យថា សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ចាប់ពីលេខ ១ ដល់លេខ ១២ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:១៥-១៨ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលមូលហេតុដែលក្រុមប្រឹក្សាជាន់ខ្ពស់ចាប់លេខ ។
-
តើយើងអាចរៀនអ្វីពី ខ ១៥-១៦ អំពីរបៀបដែលក្រុមប្រឹក្សាវិន័យត្រូវបានដឹកនាំ ? ( បន្ទាប់ពីសិស្សបានឆ្លើយហើយ សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ក្រុមប្រឹក្សាវិន័យត្រូវបានដឹកនាំស្របតាមសមធម៌ និងយុត្តិធម៌) ។
-
បើក្រុមប្រឹក្សាជាន់ខ្ពស់មា្នក់ចាប់បានលេខគូអំឡុង ពេល ការប្រជុំក្រុមប្រឹក្សាវិន័យ តើទំនួលខុសត្រូវរបស់លោកជាអ្វី ? តើការណ៍នេះបង្ហាញពីព្រះទ័យព្រួយបារម្ភរបស់ព្រះអម្ចាស់ សម្រាប់សមាជិកសាសនាចក្រ ដែលបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:19 ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលប្រធាននៃក្រុមប្រឹក្សាត្រូវធ្វើ បន្ទាប់ពីឮរឿងពីភាគីទាំងសងខាងហើយ ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើវាជួយដល់ប្រធានស្តេកឲ្យធ្វើការសម្រេចចិត្តស្ដាប់សមាជិកនៃក្រុមប្រឹក្សានិយាយពីចំណាប់អារម្មណ៏របស់ជនជាប់ចោទ ក៏ដូចជាចំណាប់អារម្មណ៏របស់សាសនាចក្រយ៉ាងដូចម្ដេច ?
សូមសូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ហើយសូមឲ្យសិស្សក្នុងថ្នាក់សង្កេតមើលពីអ្វីដែលប្រធានក្រុមប្រឹក្សាធ្វើ បន្ថែមពីលើការស្ដាប់រឿងពីភាគីទាំងសងខាង ៖
« ខ្ញុំសូមអះអាងនឹងអ្នកថា … ខ្ញុំគិតថាមិនដែលមានការវិនិច្ឆ័យណាត្រូវបានសម្រចមុនការអធិស្ឋាននោះទេ ។ លទ្ធផលដែលចេញពីការវិនិច្ឆ័យរបស់មនុស្ស គឺជាទង្វើទាស់នឹងសមាជិកម្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសដោយសារមនុស្សតែម្នាក់ ។ វាត្រូវតែមានការដឹកនាំពីព្រះវិញ្ញាណ ដើម្បីឲ្យមានភាពយុត្តិធម៌ ដោយការព្យាយាមស្វែងរកដោយស្មោះហើយធ្វើតាម » ( In … Counsellors There Is Safety » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩០, ទំព័រ ៥០ ) ។
-
តើប្រធានស្តេកធ្វើអ្វី បន្ថែមពីលើការស្ដាប់រឿងពីភាគីទាំងសងខាងហើយ ?
-
យោងតាម ខ ១៩តើប្រធានស្នើសុំឲ្យក្រុមប្រឹក្សាធ្វើអ្វីបន្ទាប់ពីលោកបានធ្វើការសម្រេចចិត្តហើយនោះ ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:២០-២២ ដោយការពន្យល់ថា ខគម្ពីរទាំងនេះ ផ្ដល់ការណែនាំអំពីអ្វីដែលត្រូវធ្វើ បើគ្មានការច្បាស់លាស់អំពីការសម្រេចចិត្តនោះ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:២៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីអ្វីដែលគួរតែធ្វើក្នុងករណីដែលបញ្ហាគោលលទ្ធិមិនច្បាស់លាស់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
-
តើសេចក្ដីពិតអ្វីដែលបានបង្រៀននៅក្នុង ខ ២៣ ? ( បន្ទាប់ពីសិស្សឆ្លើយតបហើយ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានសម្ដែងព្រះទ័យទ្រង់ដល់អ្វីដែលជាអធិបតីលើក្រុមប្រឹក្សាវិន័យ
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២:២៧-៣៤ ដោយពន្យល់ថា ការសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាវិន័យស្តេក អាចត្រូវបានដាក់ស្នើដល់គណៈប្រធានទីមួយ ។
សូមពិនិត្យមើលដំណើររឿងដែលប្រាប់ដោយប្រធាន ហារ៉ូល ប៊ី លី នៅខាងដើមនៃមេរៀននេះជាមួយសិស្ស ។
-
តើអ្នកមានទំនុកចិត្តលើនរណាជាង—រវាងគណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬបុរសដែលប្រឆាំងទាស់នឹងការសម្រេចចិត្តរបស់ពួកគេ ?
-
ផ្អែកលើសេចក្ដីពិតដែលអ្នកបានរៀន នៅក្នុងការសិក្សារបស់អ្នកក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០២ហេតុអ្វីបានជាយើងអាចមានទំនុកចិត្តក្នុងការសម្រេចចិត្តដែលធ្វើឡើងដោយក្រុមប្រឹក្សាវិន័យនៃសាសនាចក្រ ?
បន្ទាប់ពីសិស្សបានឆ្លើយតបហើយ អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងរបស់ប្រធាន លី ដែលនៅសល់ឲ្យឮៗ ៖
« ខ្ញុំបានសូមឲ្យគាត់ចូលមកក្នុងការិយាល័យ ហើយយើងបានអង្គុយចុះ ហើយខ្ញុំបានសួរថា ‹ តើខ្ញុំអាចសួរអ្នកនូវសំណួរផ្ទាល់ខ្លួនមួយចំនួនបានទេ ? ›
« គាត់បាននិយាយថា ‹ ពិតជាមិនបានទេ › ។…
« ‹ តើអ្នកមានអាយុប៉ុន្មានហើយ ? ›
« ‹ សែសិបប្រាំពីរឆ្នាំ › ។
« ‹ តើអ្នកកាន់បព្វជិតភាពថ្នាក់អ្វី ? ›
« គាត់បាននិយាយថា គាត់គិតថាគាត់កាន់បព្វជិតភាពថ្នាក់គ្រូបង្រៀន ។
« ‹ តើអ្នករក្សាច្បាប់សុខភាពទេ ? ›
« ‹ អត់ទេ › …
« ‹ តើអ្នកបង់ដង្វាយមួយភាគក្នុងដប់ទេ ? ›
« គាត់បាននិយាយថា ‹ ទេ ›—ហើយគាត់មិនដែលគិតចង់ធ្វើវាទេ ដរាបណា … បុរសនោះនៅជាប៊ីស្សពនៃវួដទីសាមសិបពីរនោះ ។
« ខ្ញុំបាននិយាយថា ‹ តើអ្នកចូលរួមការប្រជុំបព្វជិតភាពរបស់អ្នកទេ ? ›
« គាត់បានតបថា ‹ អត់ទេលោក ! ›…
« ‹ តើអ្នកមិនបានចូលរួមការប្រជុំសាក្រាម៉ង់ដែរមែនទេ ? ›
« ‹ អត់ទេលោក › ។
« ‹ តើអ្នកមានការអធិស្ឋានជាក្រុមគ្រួសារទេ ? › ហើយគាត់បាននិយាយថា ទេ ។
« ‹ តើអ្នកបានសិក្សាព្រះគម្ពីរទេ ? › គាត់បាននិយាយថា ភ្នែករបស់គាត់មើលមិនច្បាស់ ហើយគាត់មិនអាចអានបានច្រើនទេ ។…
«ខ្ញុំបាននិយាយថា ‹ ឥឡូវមើលចុះ › ‹ បុរសដប់ប្រាំនាក់ដែលល្អបំផុតនៅក្នុងស្តេក ផាយអូនៀ បានអធិស្ឋានកាលពីយប់មិញ…ហើយបុរសម្នាក់បានរួបរួមគ្នា ។… ហើយពេលនេះ អ្នកគឺជាអ្នកដែលមិនបានធ្វើការណ៍ទាំងនេះសោះ អ្នកបែរជានិយាយថា អ្នកបានអធិស្ឋាន ហើយបានទទួលចម្លើយដែលផ្ទុយពីនោះ ។ តើអ្នកនឹងពន្យល់វាបានយ៉ាងដូចម្ដេច ? ›
« ហើយបុរសនោះបានផ្ដល់ចម្លើយមួយ ដែលខ្ញុំគិតថាជាចម្លើយដ៏សមរម្យ ។ គាត់បាននិយាយថា ‹ ប្រធាន លី ខ្ញុំគិតថា ខ្ញុំទទួលបានចម្លើយពីប្រភពខុសហើយ › ( Teachings of Harold B. Lee, ទំព័រ ៤២១–២២ ) ។
សូមគិតពីការចែកចាយទីបន្ទាល់អ្នកទាក់ទងនឹងមូលហេតុ ដែលយើងអាចទុកចិត្តលើការសម្រេចចិត្តរបស់គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ក្នុងសាសនាចក្រ ។