មេរៀនទី ៣០
គោលលទ្ធិ និង សេចក្តីសញ្ញា ២២- ២៣
បុព្វកថា
អំឡុងការក្បត់សាសនាដ៏ធំ ពិធីបរិសុទ្ធនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ត្រូវបានផ្លាស់ប្ដូរ លុបបំបាត់ ឬធ្វើឡើងដោយគ្មានសិទ្ធិអំណាចត្រឹមត្រូវ ។ នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២២ព្រះអម្ចាស់ បានបញ្ជាក់ថា ពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ត្រូវបានធ្វើឡើងដោយអ្នកទាំងឡាយណាដែលមានសិទ្ធិអំណាចដើម្បីផ្ដល់សមាជិកភាពសាសនាចក្រដល់បុគ្គលម្នាក់ៗ ហើយអាចចូលទៅក្នុងនគររបស់ព្រះ ។ កណ្ឌ ២៣ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា រួមទាំងវិវរណៈមួយ ដែលបានទទួលដោយ យ៉ូសែប ស៊្មីធ សម្រាប់បុរសប្រាំនាក់ ដែលមានបំណងប្រាថ្នាយ៉ាងខ្លាំង ដើម្បីដឹងអំពីព្រះឆន្ទៈរបស់ព្រះអំពីពួកគេ ៖ អូលីវើរ ខៅឌើរី, ហៃរ៉ុម ស្ម៊ីធ, សាំយូអែល ស្ម៊ីធ, យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ និង យ៉ូសែប ណៃត៍ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដី សញ្ញា ២២
ពិធីបុណ្យជ្រមុជទឹក ត្រូវតែធ្វើឡើងដោយអ្នកទាំងឡាយ ដែលមានសិទ្ធិអំណាចត្រឹមត្រូវ ។
សូមអញ្ជើញសិស្សបីនាក់ឲ្យ ដើរតួក្នុងការសម្ដែងមួយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យដើរតួជាអ្នករៀន ដែលជឿថា សាសនាចក្រពិត ។ អ្នករៀនបានទទួលបុណ្យជ្រមុជទឹក ដោយការពន្លិចទៅក្នុងទឹក នៅព្រះវិហារផ្សេងរួចហើយ ហើយពុំយល់ថា ហេតុអ្វីក៏ចាំបាច់ត្រូវទទួលបុណ្យជ្រមុជទឹកម្ដងទៀតនោះទេ ។ សូមសិស្សពីរនាក់ផ្សេងទៀត ឲ្យដើរតួជាអ្នកផ្សព្វផ្សាយសាសនា ដែលព្យាយាមឆ្លើយតបចំពោះសំណួររបស់អ្នករៀន ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យគិតពីរបៀបដែលពួកគេអាចឆ្លើយតប បើពួកគេស្ថិតនៅក្នុងស្ថានភាពដូចគ្នានេះ ។
បន្ទាប់ពីការសម្ដែង សូមពន្យល់ថា វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២២ ត្រូវបានបំផុសគំនិតដោយស្ថានភាពស្រដៀងគ្នាមួយ ។ មានមនុស្សជាច្រើនដែលចង់ក្លាយជាសមាជិកសាសនាចក្រ បានទទួលបុណ្យជ្រមុជទឹកនៅក្នុងជំនឿពីមុនរបស់ពួកគេហើយ ។ ពួកគេងឿងឆ្ងល់ថា ហេតុអ្វីក៏ពួកគេត្រូវទទួលបុណ្យជ្រមុជទឹកម្ដងទៀត ។
យ៉ូសែប ស៊្មីធ បានសួរដល់ព្រះអម្ចាស់អំពីសំណួររបស់ពួកគេ ។ ក្នុងចម្លើយ ព្រះអម្ចាស់បានបង្រៀននូវគោលលទ្ធិដ៏សំខាន់មួយនៃការស្ដារឡើងវិញនៃដំណឹងល្អ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២២: ១ ២២:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាមួយដែលទាក់ទងទៅនឹងការស្ដារឡើងវិញនៃដំណឹងល្អ ។
-
តើឃ្លាណា ក្នុងខគម្ពីរនេះ ដែលទាក់ទងនឹងការស្ដារឡើងវិញនៃដំណឹងល្អ ? ( « សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ) ។
ដើម្បីជួយសិស្សយល់នូវឃ្លានេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការដូចខាងក្រោមឲ្យឮៗ ។
« សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច គឺជាភាពពេញលេញនៃដំណឹងល្អ ។ [ សូមមើល គ. និង ស.៦៦:២] ។ វាមាននូវ ‹ សេចក្ដីសញ្ញា កិច្ចសន្យា សំបុត្រធានា កាតព្វកិច្ច សម្បថ ការសច្ចា ការប្រព្រឹត្តិ ការរួបរួម ការចូលរួម ឬការសង្ឃឹម › ដែលភ្ជាប់មកលើសមាជិកនៃសាសនាចក្រ ដោយព្រះវិញ្ញាណបរិសុទ្ធនៃការសន្យា ឬព្រះវិញ្ញាណបរិសុទ្ធ ដោយសិទ្ធិអំណាចនៃប្រធានសាសនាចក្រ ដែលកាន់កូនសោទាំងឡាយ ។ [សូមមើល គ. និង ស. ១៣២:៧ ] ។ ប្រធាននៃសាសនាចក្រកាន់កូនសោទាំងឡាយនៃបព្វជិតភាពមិលគីស្សាដែក ។ លោកផ្ទេរសិទ្ធិអំណាចដល់អ្នកដទៃ ហើយផ្ដល់សិទ្ធិឲ្យពួកគេធ្វើពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃបព្វជិតភាព ។
« អាពាហ៍ពិពាហ៍សម្រាប់ភាពអស់កល្បគឺជាសេចក្ដីសញ្ញាអស់កល្បអស់កាលជានិច្ច មួយ ។ ពិធីបុណ្យជ្រមុជទឹក ក៏ជាសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច មួយ [ សូមមើល គ និង ស ១៣២: ២២ ] ហើយក៏ដូចជាការតែងតាំងបព្វជិតភាពដែរ ហើយសេចក្ដីសញ្ញាដទៃទៀតទាំងអស់ គឺអស់កល្បអស់កាលជានិច្ច ហើយជាផ្នែកមួយនៃ សេចក្ដី សញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ដែលឱបក្រសោបនូវរឿងគ្រប់យ៉ាង » ( Answers to Gospel Questions, ចងក្រងដោយ Joseph Fielding Smith Jr., វ៉ុលទី៥ [ ឆ្នាំ១៩៥៧– ៦៦ ១:៦៥ ) ។
សូមឲ្យសិស្សសង្ខេបតាមសម្ដីផ្ទាល់របស់ពួកគេអំពីអត្ថន័យនៃឃ្លាថា សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ។
-
តើការរៀនសូត្រអំពីសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច អាចជាជំនួយដល់អ្នកទាំងឡាយដែលត្រូវបានទទួលបុណ្យជ្រមុជទឹក ដោយគ្មានសិទ្ធិអំណាចបព្វជិតភាពយ៉ាងដូចម្ដេច ?
-
តើពិធីបរិសុទ្ធ នៅក្រោមសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ដែលបានធ្វើឡើងដោយសិទ្ធិអំណាចអ្វី ? ( សិទ្ធិអំណាចបព្វជិតភាព ) ។
សូមសរសេរនូវគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖ ពិធីបុណ្យជ្រមុជទឹក ត្រូវតែធ្វើឡើងដោយមនុស្សម្នាក់ ដែលមានសិទ្ធិអំណាចមកពីព្រះ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២២:២-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីឃ្លាដែលចង្អុលបង្ហាញថា ព្រះអម្ចាស់ពុំទទួលយកពិធីបុណ្យជ្រមុជទឹក ដែលបានធ្វើឡើងដោយគ្មានសិទ្ធិអំណាចបព្វជិតភាពនោះទេ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ បានសំដៅពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក ជាការចូលទៅក្នុង « ទ្វារចង្អៀត » ( សូមមើល គ និង ស ២២: ២ ) ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យប្រាប់នូវអ្វីដែលពួកគេរកឃើញ ។
-
តើពិធីបុណ្យជ្រមុជទឹកដោយគ្មានសិទ្ធិអំណាច អាចជា « កិច្ចការគ្មានន័យ » របៀបណា ? ( វាពុំផ្ដល់ប្រយោជន៍ដ៏អស់កល្បដល់អ្នកទាំងឡាយដែលបានធ្វើកិច្ចការនោះទេ ) ។
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣: ៣ តើព្រះអម្ចាស់បានធ្វើអ្វីខ្លះ ព្រោះតែកិច្ចការដ៏គ្មានន័យ ដែលត្រូវបានធ្វើឡើងនៅគ្រានោះ ? ( ទ្រង់បានធ្វើឲ្យសេចក្ដីសញ្ញារបស់ទ្រង់ ស្ថាបនាឡើងវិញ ហើយសាសនាចក្ររបស់ទ្រង់ ត្រូវបានស្ថាបនាឡើង ) ។
-
តើអ្នកត្រូវបានប្រទានពរយ៉ាងដូចម្ដេច ដោយសារតែអ្នកបានក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ-- ជាព្រះវិហារតែមួយគត់ ដែលមានសិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធសំខាន់ៗ ?
គោលលទ្ធិ និង សេចក្ដី សញ្ញា ២៣
បុរសប្រាំនាក់ត្រូវបានហៅឲ្យពង្រឹងដល់សាសនាចក្រ
សូមឲ្យសិស្សគិតអំពីគ្រាមួយ ដែលពួកគេត្រូវការពាក្យសម្ដីនៃការលើកទឹកចិត្ត ឬការដឹកនាំមកពីមនុស្សផ្សេងទៀត ។ អ្នកអាចនឹងសុំឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។
សូមអញ្ជើញសិស្សឲ្យមើលសេចក្ដីណែនាំ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣ ហើយប្រាប់ពីបុរសប្រាំនាក់ដែលបានថ្លែងនៅក្នុងកណ្ឌនេះ ។ សូមពន្យល់ថា នៅក្នុងវិវរណៈនេះបុរសទាំងនេះម្នាក់ៗបានទទួលការណែនាំជាក់លាក់មកពីព្រះអម្ចាស់ ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលមេរៀនដែលពួកគេអាចរៀន នៅពេលពួកគេសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់បុរសទាំងនេះ ។ ជីវប្រវត្តិខ្លីៗដូចខាងក្រោម ផ្ដល់បរិបទដ៏ជាជំនួយសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣ ។
ហៃរ៉ុម ស្ម៊ីធ ជាបងប្រុសរបស់ ព្យាការី បានជួយក្នុងការបោះពុម្ពព្រះគម្ពីរមរមនដោយការធ្វើការដោយផ្ទាល់ជាមួយនឹងអ្នកបោះពុម្ព ។ គាត់បានបម្រើជាប្រធាននៃសាខាទីមួយរបស់សាសនាចក្រនៅ ខូស្វីល រដ្ឋនូវយ៉ោក ។ ហៃរ៉ុម ស្មោះត្រង់ចំពោះព្រះអម្ចាស់ និងសាសនាចក្រពេញមួយជីវិតរបស់គាត់ ។
សាំយូអែល ស្ម៊ីធ ជាប្អូនប្រុសរបស់ព្យាការី បានជ្រមុជទឹកនៅក្នុងខែឧសភា ឆ្នាំ ១៨២៩ ។ នៅក្នុងខែមិថុនា ឆ្នាំ ១៨៣០ គាត់បានធ្វើដំណើរទៅបេសកកម្មមួយ ហើយបានដាក់លក់ព្រះគម្ពីរមរមន ដែលទីបំផុតបាននាំឲ្យមានការផ្លាស់ប្រែចិត្តជឿដល់ព្រីហ្គាំ យ៉ង់ និងសមាជិកគ្រួសារគាត់ជាច្រើន ។ សាំយូអែល មានភក្ដីចំពោះព្រះគ្រួសារគាត់ និងសាសនាចក្រពេញមួយជីវិតរបស់គាត់ ។ សាំយូអែល ពុំទាន់បានត្រៀមខ្លួនដើម្បីផ្សព្វផ្សាយទេ ពេលវិវរណៈនេះ ត្រូវបានផ្ដល់ឲ្យ ប៉ុន្តែរយៈពេលពីរខែក្រោយមក គាត់បានចាប់ផ្ដើមការបម្រើបេសកកម្មរបស់គាត់ ។
យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ជាឪពុករបស់ព្យាការី បានចូលរួមក្នុងសាសនាក្រ នៅថ្ងៃដែលសាសនាចក្របានរៀបចំឡើង ។ នៅរដូវក្ដៅក្រោយមក គាត់ និងកូនប្រុសរបស់គាត់ ដុន ខាឡុស បានចាប់ផ្ដើមបេសកកម្មមួយទៅដល់គ្រួសារសាច់ញាតិនៅរដ្ឋនូវយ៉ោក ។ គាត់បានក្លាយជាសង្ឃជាន់ខ្ពស់ម្នាក់ ហើយជាអយ្យកោទីមួយនៃសាសនាចក្រ ។ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បានពិពណ៌នាអំពីឪពុកលោកថាជា « បុរសស្មោះត្រង់ចំពោះព្រះរបស់គាត់ និងចំពោះសាសនាចក្រ គ្រប់ស្ថានភាពទាំងអស់ និងក្រោមកាលៈទេសៈទាំងអស់ ដែលគាត់បានឆ្លងកាត់ » ( History of the Church, ) ។
យ៉ូសែប ណៃត ស៊ីញ្ញ័រ គឺជាមិត្តជិតស្និតម្នាក់របស់ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ហើយបានបង្ហាញដល់លោកនូវសន្ដានចិត្តដ៏ល្អ ។ គាត់បានផ្ដល់សម្ភារទៅដល់ព្យាការី ខណៈដែលលោកធ្វើការបកប្រែព្រះគម្ពីរមរមន ។ គាត់មានបំណងប្រាថ្នាចង់ទទួលបុណ្យជ្រមុជទឹកជាមួយអ្នកដទៃទៀត នៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ប៉ុន្តែគាត់បានរង់ចាំសិន ដោយសារគាត់ចង់សិក្សាព្រះគម្ពីរមរមនបន្ថែម ។ ក្រោយមក គាត់បានសរសេរថា « ខ្ញុំនឹង[ មាន ]អារម្មណ៍ល្អជាង បើខ្ញុំ… បានដើរទៅមុខ » ដើម្បីទទួលបុណ្យជ្រមុជទឹកនោះ ( ដូចបានដកស្រង់នៅក្នុង Larry Porter, « The Joseph Knight Family » Ensign, ខែ តុលា ឆ្នាំ១៩៧៨,ទំព័រ ៤០ ការប្រកបពាក្យ និងការដាក់អក្សរធំ ត្រូវបានធ្វើឡើងតាមបទដ្ឋាន ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣: ១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការព្រមានមួយ ដែលព្រះអម្ចាស់បានផ្ដល់ទៅឲ្យអូលីវើរ ខៅឌើរី ។
-
តើការព្រមានអ្វីខ្លះ ដែលព្រះអម្ចាស់បានផ្ដល់ទៅឲ្យអូលីវើរ ? តើភាពឆ្មើងឆ្មៃនាំទៅរកការល្បួងយ៉ាងដូចម្ដេច ?
-
តើវិធីមួយចំនួនណាខ្លះ ដែលយើងអាចចៀសពីអារម្មណ៍នៃភាពឆ្មើងឆ្មៃ ដែលនឹងនាំយើងទៅរកការល្បួងនោះ ?
-
ស្របតាម ខ ២តើអូលីវើរ នឹងមានពរជ័យអ្វីខ្លះ ? ( សមត្ថភាពដើម្បី « ផ្សព្វផ្សាយពីសេចក្ដីពិត » ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣ :៣-៥ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលភាពស្រដៀងគ្នានៅក្នុងការណែនាំ ដែលព្រះអម្ចាស់បានផ្ដល់ទៅឲ្យ ហៃរ៉ុម ស្ម៊ីធ, សាំយូអែល ស្ម៊ីធ និង យ៉ូសែបស៊្មីធ ស៊ីញ្ញ័រ ។
-
តើការណែនាំរបស់ព្រះអម្ចាស់ចំពោះបុរសទាំងនេះស្រដៀងគ្នាយ៉ាងដូចម្ដេច ? ( ម្នាក់ៗត្រូវបានហៅឲ្យដាស់តឿន និងពង្រឹងដល់សាសនាចក្រ ។ អ្នកក៏អាចពន្យល់ថា ការហៅឲ្យដាស់តឿន សំដៅទៅលើទំនួសខុសត្រូវដើម្បីបង្រៀនដំណឹងល្អដល់អ្នកដទៃ ) ។
សូមអញ្ជើញសិស្សបីនាក់ឲ្យបើកទៅអានជីវប្រវត្តិសង្ខេបរបស់ ហៃរ៉ុម ស្ម៊ីធ, សាំយូអែល ស្ម៊ីធ និង យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ឲ្យឮៗ ។ ពីមុននឹងអាន សូមឲ្យសិស្សស្ដាប់រកមើលរបៀបដែលបុរសទាំងនេះ បានបំពេញតាមការហៅឲ្យដាស់តឿន និងពង្រឹងដល់សាសនាចក្រ ។ បន្ទាប់ពីអានជីវប្រវត្តិនីមួយៗហើយ សូមឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀន ។
-
តើមានភាពស្រដៀងគ្នា និងភាពខុសគ្នាមានអ្វីខ្លះ រវាងការណែនាំទៅដល់ ហៃរ៉ុម ស្ម៊ីធ និង សាំយូអែល ស្ម៊ីធ ?
-
តើវិធីមួយចំនួនណាខ្លះ ដែលយើងអាចដាស់តឿន និងពង្រឹងដល់សាសនាចក្រ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវជីវប្រវត្តិសង្ខេបរបស់ យ៉ូសែប ណៃត ស៊ីញ្ញ័រ រួចហើយសុំឲ្យសិស្សផ្សេងទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣:៦–៧ដែលមាននូវពាក្យទូន្មានរបស់ព្រះអម្ចាស់ ចំពោះ យ៉ូសែប ណៃត ស៊ីញ្ញ័រ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើព្រះអម្ចាស់បានបញ្ជាដល់គាត់ឲ្យធ្វើអ្វីខ្លះ ។
-
តើយ៉ូសែប ណៃត បានបញ្ជាឲ្យធ្វើអ្វីខ្លះ ? ( ឲ្យអធិស្ឋានឮៗនៅក្នុងទីកំបាំង ជាមួយនឹងគ្រួសារ និងមិត្តភក្ដិគាត់ និងនៅចំពោះពិភពលោក ដើម្បីចូលរួមក្នុងសាសនាចក្រ ហើយដើម្បីដាស់តឿនដល់អ្នកដទៃ ) ។
-
តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកបានឃើញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣: ៧ ដែលព្រះអម្ចាស់មានព្រះទ័យដើម្បីប្រទានពរដល់ យ៉ូសែប ណៃត ស៊ីញ្ញ័រ ?
សូមពន្យល់ថា ក្នុងរយៈពេលខ្លីមួយ បន្ទាប់ពីព្រះអម្ចាស់បានប្រទានវិវរណៈនេះ យ៉ូសែប ណៃត ស៊ីញ្ញ័រ បានជ្រើសរើសទទួលបុណ្យជ្រមុជទឹក ។ គាត់បាននៅស្មោះត្រង់ចំពោះសាសនាចក្រពេញមួយជីវិតរបស់គាត់ ការពារដល់ព្យាការី យ៉ូសែប ស៊្មីធ ដោយសម្ងាត់ និងបើកចំហរ ។ ព្យាការី ក្រោយមកបានពិពណ៌នាអំពី យ៉ូសែប ណៃត ស៊ីញ្ញ័រ ថាជា « មនុស្សស្មោះ និងពិតត្រង់ ហើយជាជំនួយ និងជាគំរូ ហើយប្រកបដោយគុណធម៌ និងសន្ដានចិត្តល្អ ពុំដែលងាករេទៅឆ្វេង ឬទៅស្ដាំឡើយ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ៤៦២ ) ។
សូមអញ្ជើញសិស្សឲ្យថ្លែងគោលការណ៍មួយ ដែលពួកគេបានរៀនមកពីការសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣ ។ សិស្សអាចនឹងបង្ហាញអំពីគោលការណ៍ដូចខាងក្រោមនេះ ៖
នៅពេលយើងមានបំណងប្រាថ្នាដើម្បីបម្រើព្រះអម្ចាស់ យើងអាចទទួលបានការដឹកនាំផ្ទាល់ខ្លួនមកពីទ្រង់ ។
ព្រះអម្ចាស់ នឹងប្រទានពរដល់យើង នៅពេលយើងធ្វើតាមការណែនាំដែលទ្រង់បានប្រទានដល់យើង ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីការណែនាំដែលពួកគេបានទទួលមកពីព្រះអម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ពាក្យសម្ដីរបស់ព្យាការីនៅរស់ ឬព្រះគម្ពីរ ។ សូមឲ្យពេលពួកគេពីរបីនាទី ដើម្បីនឹកគិតអំពីរបៀបដែលពួកគេនឹងគោរពតាមដំបូន្មាន ដែលពួកគេបានទទួល ។ អ្នកអាចអញ្ជើញពួកគេឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ រាល់ចំណាប់អារម្មណ៍ដែលពួកគេបានទទួល ។ សូមអះអាងនឹងពួកគេថា ពួកគេនឹងទទួលបានពរជ័យជាមួយនឹងជំនួយ និងការណែនាំមកពីព្រះអម្ចាស់ នៅពេលពួកគេធ្វើតាមអ្វីដែលទ្រង់បានសុំឲ្យពួកគេធ្វើ ។