មេរៀនទី ៣៨
គោលលទ្ធិ និង សេចក្តីសញ្ញា ៣១-៣២
បុព្វកថា
នៅខែ កញ្ញា ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានហៅ ថូម៉ាស ប៊ី ម៉ាស ឲ្យផ្សាយដំណឹងល្អ ហើយជួយស្ថាបនាសាសនាចក្រ ។ ការហៅនេះ មាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១ក៏មានរួមទាំងការសន្យា និងការទូន្មាន ដើម្បីដឹកនាំ ថូម៉ាស នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ និងជាអ្នកផ្សព្វផ្សាយសាសនាមួយរូប ។ នៅក្នុងខែ តុលា ឆ្នាំ ១៨៣០ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលឥឡូវមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២ដែលព្រះអម្ចាស់បានហៅ ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន ឲ្យចូលរួមនឹង អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ចំពោះបេសកកម្មមួយទៅពួកសាសន៍លេមិន នៅប៉ែកខាងលិចរដ្ឋមីសសួរី ។ ព្រះអម្ចាស់ បានសន្យាថាគង់នៅជាមួយនឹងបុរសទាំងនេះក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកគាត់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:១-៨
ព្រះអម្ចាស់បានហៅ ថូម៉ាស ប៊ី ម៉ាស ឲ្យផ្សាយដំណឹងល្អ ហើយជួយស្ថាបនាសាសនាចក្រ
សូមអញ្ជើញសិស្សឲ្យគិតអំពីសមាជិកគ្រួសាររបស់ពួកគេ និងអារម្មណ៍ដែលពួកគេមានអំពីពួកគាត់ ។ អ្នកអាចនឹងដាក់តាំងរូបថតគ្រួសាររបស់អ្នក ហើយរៀបរាប់ដោយសង្ខេបអំពីក្ដីស្រឡាញ់របស់អ្នកចំពោះពួកគាត់ ។ សូមឲ្យសិស្សពិចារណាថាតើមាននរណាម្នាក់ក្នុងគ្រួសារពួកគេ ដែលពុំមែនជាសមាជិកនៃសាសនាចក្រ ឬបច្ចុប្បន្ននេះពុំបានរស់នៅតាមសេចក្ដីសញ្ញារបស់ពួកគេ ជាមួយនឹងព្រះអម្ចាស់ដែរឬទេ ។ អ្នកក៏អាចនឹងអញ្ជើញសិស្សឲ្យពិចារណាអំពីក្ដីសង្ឃឹមរបស់ពួកគេចំពោះសមាជិកគ្រួសារ ។
សូមពន្យល់ថា នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១ព្រះអម្ចាស់ បានថ្លែងប្រាប់អំពី អ្នកផ្លាស់ប្រែចិត្តជឿថ្មីម្នាក់ ឈ្មោះ ថូម៉ាស ប៊ី ម៉ាស ហើយបាននិយាយទៅកាន់គាត់អំពីគ្រួសាររបស់គាត់ ។
ដើម្បីជួយឲ្យសិស្សក្នុងថ្នាក់យល់អំពីប្រវត្តិនៃកណ្ឌនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវការពិពណ៌នាដូចខាងក្រោមអំពីរបៀបដែលថូម៉ាស ប៊ី ម៉ាស បានក្លាយជាសមាជិកនៃសាសនាចក្រ ។
ខណៈដែលកំពុងរស់នៅក្នុងទីក្រុង បូស្តុន រដ្ឋម៉ាស្សាឈូសេត ក្នុងឆ្នាំ ១៨២៩ ថូម៉ាស ប៊ី ម៉ាស បានសន្និដ្ឋានថា គ្មានព្រះវិហារណា ដែលគាត់ធ្លាប់ស្គាល់ មានភាពត្រូវគ្នានឹងការបង្រៀននៃព្រះគម្ពីរប៊ីបទេ ។ គាត់បានសរសេរថា « ខ្ញុំបានជឿថា ព្រះវិញ្ញាណរបស់ព្រះបានដឹកនាំខ្ញុំឲ្យធ្វើដំណើរទៅភាគខាងលិច » ។ គាត់បានចាកចេញពីភរិយារបស់គាត់ អេលីស្សាប៊ែត និងកូនៗរបស់គាត់ដើម្បីស្វែងរកសេចក្ដីពិត ។ បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលបីខែ នោះថូម៉ាស បានធ្វើដំណើរត្រឡប់មកផ្ទះវិញ នៅពេលគាត់ « បានស្ដាប់ឮអំពីសៀវភៅមាស [ មួយ ] ដែលរកឃើញដោយយុវជនម្នាក់ ឈ្មោះ យ៉ូសែប ស៊្មីធ » ។ គាត់បានធ្វើដំណើរទៅកាន់ភូមិ បាល់ម៉ៃរា រដ្ឋនូវយ៉ោក ជាកន្លែងដែលគាត់បានជួបនឹង ម៉ាទីន ហារិស ។ អ្នកបោះពុម្ពបានឲ្យឯកសារដប់ប្រាំមួយសន្លឹកដំបូង នៃព្រះគម្ពីរមរមន ដែលហៀបនឹងបោះពុម្ពដល់ថូម៉ាស ។ ក្រោយមក ថូម៉ាស បានសរសេរថា « បន្ទាប់ពីមកដល់ផ្ទះវិញ … ខ្ញុំបានបង្ហាញដល់ភរិយាខ្ញុំនូវឯកសារដប់ប្រាំមួយទំព័រនៃព្រះគម្ពីរមរមន … ដែលនាងសប្បាយចិត្តយ៉ាងខ្លាំង ហើយជឿថាវាគឺជាកិច្ចការរបស់ព្រះ » ។ ប្រហែលមួយឆ្នាំក្រោយមក បន្ទាប់ពីដឹងអំពីការរៀបចំសាសនាចក្រ នោះថូម៉ាស និងគ្រួសាររបស់គាត់ បានផ្លាស់ទៅកាន់ ប៉ាល់ម៉ៃរា ។ ខណៈដែលកំពុងរស់នៅក្នុងតំបន់ដែលគាត់ត្រូវបានជ្រមុជទឹក ជិតភូមិហ្វាយ៉ែត ហើយបានតែងតាំងជាអែលឌើរ ដោយ អូលីវើរ ខៅឌើរី ក្នុងខែកញ្ញា ឆ្នាំ ១៨៣០ ( សូមមើល ថូម៉ាស ប៊ី ម៉ាស « History of Thomas Baldwin Marsh » Millennial Star ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ១៨៦៤, ទំព័រ ៣៧៥ ) ។
-
តើអ្នកមានចំណាប់អារម្មណ៍យ៉ាងណា អំពីការស្វែងរកសេចក្ដីពិតរបស់ ថូម៉ាស ប៊ី ម៉ាស ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:១-២ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលឃ្លាទាំងឡាយ ដែលព្រះអម្ចាស់បានប្រើដើម្បីលើកទឹកចិត្តដល់ ថូម៉ាស បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់គាត់ ។
-
តើការលើកទឹកចិត្ត ដែលព្រះអម្ចាស់បានផ្ដល់ដល់ ថូម៉ាស នៅក្នុង ខទាំងនេះ មានអ្វីខ្លះ ?
-
តើព្រះអម្ចាស់ប្រទានការសន្យាអ្វីខ្លះ ដល់ ថូម៉ាស ទាក់ទងនឹងគ្រួសារគាត់ ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:១-២ ដែលអាចជួយយើង បើយើងមានសមាជិកគ្រួសារ ដែលពុំមែនជាសមាជិកនៃសាសនាចក្រ ឬ ដែលពុំបានរស់នៅដោយស្មោះត្រង់ស្របទៅតាមសេចក្ដីសញ្ញារបស់ពួកគេនោះ ? ( ទោះជា សិស្សអាចនឹងប្រើពាក្យផ្សេងៗក្ដី ក៏ពួកគេគប្បីប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ តាមរយៈសេចក្ដីស្មោះត្រង់របស់យើង សមាជិកគ្រួសាររបស់យើង អាចនឹងត្រូវបានប្រទានពរឲ្យជឿ និងស្គាល់សេចក្ដីពិត ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើបុគ្គលម្នាក់ៗអាចត្រូវបានប្រទានពរតាមរយៈសេចក្ដីស្មោះត្រង់នៃសមាជិកគ្រួសារគេ តាមវិធីណាខ្លះ ? តើអ្នកបានឃើញគំរូណាខ្លះ ?
សូមឲ្យសិស្សមើលត្រួសៗនូវ គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:៣–៤ រួចស្វែងរកអ្វីដែលព្រះអម្ចាស់បានត្រាស់ហៅឲ្យ ថូម៉ាស ប៊ី ម៉ាស ធ្វើ ។ សុំឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ បន្ទាប់មក សូមឲ្យសិស្សម្នាក់អាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ស្ដីអំពីពរជ័យទាំងឡាយ ដែលកើតមានដល់អ្នកទាំងឡាយណា ដែលបម្រើជាអ្នកផ្សព្វផ្សាយសាសនាដោយស្មោះត្រង់ ។ ( អ្នកអាចនឹងចង់ផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការនេះដល់សិស្សម្នាក់មួយច្បាប់ ដើម្បីរក្សាទុកក្នុងព្រះគម្ពីររបស់ពួកគេ ) ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្ដាប់មើលថា តើនរណាត្រូវបានប្រទានពរតាមរយៈការបម្រើផ្សព្វផ្សាយសាសនា ។
រូបភាពប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី« អ្នកនឹងប្រទានពរដល់ជីវិតនៃអ្នកទាំងឡាយដែលអ្នកបង្រៀន និងកូនចៅតំណរក្រោយរបស់ពួកគេ ។ អ្នកនឹងប្រទានពរដល់ជីវិតរបស់អ្នកផ្ទាល់ ។ អ្នកនឹងប្រទានពរដល់ជីវិតនៃគ្រួសារអ្នក ដែលនឹងគាំទ្រអ្នក ហើយអធិស្ឋានសម្រាប់អ្នក » ( Of Missions, Temples, and Stewardship, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥, ៥២ ។
-
តើនរណាត្រូវបានប្រទានពរតាមរយៈការបម្រើផ្សព្វផ្សាយសាសនា ?
សូមបែងចែកសិស្សក្នុងថ្នាក់ជាបីក្រុម ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដី ៣១:៥-៨ ឲ្យឮៗ ។ សូមឲ្យក្រុមមួយរកមើលពរជ័យ ដែលនឹងកើតមានដល់អ្នកទាំងឡាយណា ដែល ថូម៉ាស ប៊ី ម៉ាស នឹងបង្រៀន ។ សូមឲ្យក្រុមទីពីរ រកមើលពរជ័យដែលនឹងកើតមានដល់ ថូម៉ាស ពេលគាត់បានបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ សូមឲ្យក្រុមទីបី រកមើលពរជ័យដែលនឹងកើតមានដល់គ្រួសាររបស់ថូម៉ាស ពេលគាត់ឃ្លាតទៅឆ្ងាយពីពួកគេ ។ បន្ទាប់ពីសិស្សបានអានរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើពរជ័យអ្វីខ្លះដែលនឹងកើតមានដល់អ្នកទាំងឡាយដែល ថូម៉ាស បានបង្រៀន ?
-
តើថូម៉ាស នឹងត្រូវបានប្រទានពរចំពោះការបម្រើផ្សព្វផ្សាយសាសនារបស់គាត់យ៉ាងដូចម្ដេច ?
-
តើគ្រួសារគាត់នឹងត្រូវបានប្រទានពរឲ្យយ៉ាងដូចម្ដេច ?
-
តើការបម្រើផ្សព្វផ្សាយសាសនារបស់មនុស្សដទៃ បានប្រទានពរដល់ជីវិតរបស់អ្នក ឬជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់យ៉ាងដូចម្ដេច ?
អ្នកអាចនឹងចង់ចែកចាយអំពីឧទាហរណ៍នៃរបៀបដែលអ្នកបានឃើញការបម្រើផ្សព្វផ្សាយសាសនា ប្រទានពរដល់ជីវិតរបស់មនុស្ស ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៩-១៣
ព្រះយេស៊ូវគ្រីស្ទ បានប្រទានការទូន្មានដោយផ្ទាល់ទៅដល់ ថូម៉ាស ប៊ី ម៉ាស
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៩-១៣ មាននូវការទូន្មានដែលព្រះអម្ចាស់ប្រទានឲ្យ ដើម្បីជួយដល់ ថូម៉ាស ប៊ី ម៉ាស នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់គាត់ និងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ មុនថ្នាក់ចាប់ផ្ដើម សូមសរសេរ ការណែនាំដូចខាងក្រោម នៅលើក្ដារខៀន ឬរៀបចំវានៅលើក្រដាសមួយដើម្បីចែកចាយដល់សិស្ស ៖
សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៩-១២ហើយប្រាប់អំពីចំនុចមួយនៃការទូន្មាន ដែលអ្នកមានអារម្មណ៍ថានឹងសំខាន់សម្រាប់យើងដើម្បីធ្វើតាមនៅថ្ងៃនេះ ។ សូមរៀបចំខ្លួនដើម្បីឆ្លើយសំណួរដូចខាងក្រោម ៖
-
តើអ្នកបានជ្រើសរើសចំនុចមួយណានៃការទូន្មាននោះ ? ហេតុអ្វីក៏អ្នកគិតថា ការទូន្មាននេះសំខាន់សម្រាប់យើងនៅសព្វថ្ងៃនេះ ?
-
តើយើងអាចអនុវត្តការទូន្មាននេះនៅក្នុងជីវិតរបស់យើង តាមវិធីមួយយ៉ាងដូចម្តេច ?
-
តើយើងអាចទទួលប្រយោជន៍មកពីការធ្វើតាមដំបូន្មាននេះយ៉ាងដូចម្ដេច ?
សូមចាត់សិស្សឲ្យធ្វើការជាគូៗ ។ សូមឲ្យពួកគេម្នាក់ៗសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:៩-១២ រួចហើយចែកចាយចម្លើយចំពោះសំណួរទាំងនោះ ម្នាក់មួយជាមួយនឹងដៃគូរបស់ពួកគេ ។
បន្ទាប់ពីសិស្សបានចែកចាយ សូមអញ្ជើញពួកគេឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:១៣ ដោយស្ងាត់ស្ងៀម ហើយប្រាប់ពីពរជ័យដែលព្រះអម្ចាស់បានសន្យាចំពោះ ថូម៉ាស ប៊ី ម៉ាស បើគាត់នឹងនៅស្មោះត្រង់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យមកកាន់ក្ដារខៀន ហើយសរសេរការសន្យានេះនៅក្នុងទម្រង់នៃគោលការណ៍មួយ ដោយប្រើពាក្យ បើសិនជា នោះ ។ សូមលើកទឹកចិត្តសិស្សផ្សេងទៀតក្នុងថ្នាក់ឲ្យជួយសិស្សនោះ បើចាំបាច់ ។ ទោះជាសិស្សអាចនឹងប្រើពាក្យផ្សេងក្ដី ក៏គោលការណ៍ដូចខាងក្រោមនេះ គួរតែប្រាប់ច្បាស់ថា ៖ បើយើងស្មោះត្រង់ដល់ទីបំផុត នោះព្រះអម្ចាស់នឹងគង់នៅជាមួយយើង ។ សូមចង្អុលបង្ហាញថា សេចក្ដីពិតនេះ អនុវត្តចំពោះយើង នៅពេលយើងព្យាយាមចែកចាយដំណឹងល្អជាមួយអ្នកដទៃ ក៏ដូចជានៅក្នុងស្ថានភាពដទៃផងដែរ ។
-
តើនៅពេលណា ដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់ គង់នៅជាមួយអ្នក ពេលអ្នកព្យាយាមស្មោះត្រង់ចំពោះទ្រង់ ? ( សូមឲ្យពេលសិស្សដើម្បីពិចារណាសំណួរនេះ មុនពេលពួកគេឆ្លើយ ។ សូមគិតពីការចែកចាយនូវបទពិសោធន៍ផ្ទាល់ខ្លួនអ្នក ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២
ព្រះអម្ចាស់ ហៅ ប៉ាលី ភី ប្រាត្ត និង សេបា ភីតើសុន ឲ្យចូលរួមក្នុងបេសកកម្មផ្សព្វផ្សាយទៅកាន់សាសនាលេមិន
សូមឲ្យសិស្សមើលទៅផែនទីក្នុងគម្ពីររបស់ពួកគេ ដែលមានចំណងជើងថា « ដំណើរនៃសាសនាចក្រទៅទិសខាងលិច » ( សូមមើល ផែនទីប្រវត្តិសាស្ត្រសាសនាចក្រ ផែនទីទី ៦ ) ។ ឬអ្នកអាចនឹងដាក់តាំងផែនដីធំមួយ បង្ហាញអំពីចម្ងាយផ្លូវចន្លោះពីរដ្ឋនូវ យ៉ោក និងរដ្ឋមីសសួរី ស.រ.អា ។
-
តើអូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវបានហៅឲ្យផ្សាយដំណឹងល្អនៅកន្លែងណា ? ( បើសិស្សពុំចាំទេ សូមអញ្ជើញពួកគេឲ្យយោងទៅ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៨-៩, ៣០:៥ ។ អ្នកផ្សព្វផ្សាយសាសនាទាំងនេះ ត្រូវបានហៅឲ្យផ្សាយ « ទៅកាន់សាសន៍លេមិន » នៅភាគខាងលិចត្រង់ព្រំប្រទល់នៃរដ្ឋមីសសួរី ។ សូមជួយសិស្សឲ្យរកមើលទីតាំងនេះនៅផែនទី ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវការណែនាំក្បាលកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីសំណួរមួយចំនួនដែលពួកអែលឌើរនៃសាសនាចក្រ មានកង្វល់អំពីបេសកកម្ម ដែល អូលីវើរ ខៅឌើរី និង ពេត្រុស វិតមើរ ជុញ្ញ័រ ត្រូវបានហៅឲ្យធ្វើនោះ ។
-
តើសំណួរ ដែលអែលឌើរមួយចំនួននៃសាសនាចក្រ មានកង្វល់អំពីបេសកកម្មទៅកាន់ពួកសាសន៍លេមិន មានអ្វីខ្លះ ? ( ពួកគេចង់ដឹង បើមានអ្នកផ្សព្វផ្សាយសាសនាបន្ថែមទៀត អាចនឹងត្រូវបានហៅឲ្យបង្រៀនដល់ពួកសាសន៍លេមិន ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែល ប៉ាលី ភី ប្រាត្ត និង សេបា ភីតើសុន ត្រូវបានហៅឲ្យធ្វើ និងអ្វីដែលព្រះអម្ចាស់បានសន្យានឹងពួកគេ ។
-
តើ ប៉ាលី និង សេបា ត្រូវបានហៅឲ្យធ្វើអ្វីខ្លះ ?
-
តើព្រះអម្ចាស់បានសន្យាអ្វីខ្លះជាមួយពួកគាត់ ?
អ្នកអាចនឹងចង់ចង្អុលបង្ហាញពីភាពស្រដៀងគ្នា រវាងការសន្យាដែលត្រូវបានប្រទានឲ្យនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២:៣ និងគោលការណ៍ដែលបានសរសេរនៅលើក្ដារខៀនថា ៖ បើយើងស្មោះត្រង់ដល់ទីបំផុត នោះព្រះអម្ចាស់នឹងគង់នៅជាមួយយើង ។
អ្នកអាចនឹងចង់ពន្យល់ថា អំឡុងសរទរដូវ ឆ្នាំ ១៨៣០ និងសិសិររដូវ ឆ្នាំ ១៨៣០-៣១ ក្រុមអ្នកផ្សព្វផ្សាយសាសនាតូចនេះ ( ក្រោយមកបានចូលរួមដោយអ្នកផ្លាស់ប្រែចិត្តជឿមកពី អូហៃអូ ឈ្មោះថា ហ្រ្វេដឌើរីក ជី វិល្លាម ) បានធ្វើដំណើរជិត ១៥០០ ម៉ែល ( ប្រហែលជា ២៤០០ គីឡូម៉ែត្រ ) ពីភូមិ ហ្វាយ៉ែត រដ្ឋ នូវ យ៉ោក ទៅកាន់ អ៊ិនឌីប៉ែនដែន្ស រដ្ឋមីសសួរី ដែលភាគច្រើនដើរថ្មើជើង ។ អ្នកផ្សព្វផ្សាយសាសនាទាំងបួននាក់នេះ បានធ្វើដំណើរទៅដល់ អ៊ិនឌីប៉ែនដែន្ស នៅពាក់កណ្ដាលខែមករា ឆ្នាំ ១៨៣១ ។ ក្នុងការធ្វើដំណើររបស់ពួកគាត់ នោះពួកគាត់បានស៊ូទ្រាំនឹងភាពត្រជាក់ខ្លាំង ខ្យល់បោកបក់ និងនឿយហត់ជាខ្លាំង ដែលការរស់នៅបរិភោគនំប៉័ងកកធ្វើពីពោត និងសាច់ជ្រូកឆៅជាចម្បង ។ នៅកន្លែងខ្លះ ពួកគាត់បានដើរកាត់ព្រិលជម្រៅ បី ហ្វីត ។ ដោយពុំគិតអំពីការលំបាកទាំងនេះ អ្នកផ្សព្វផ្សាយសាសនាទាំងនោះទទួល បានជោគជ័យក្នុងការណែនាំដំណឹងល្អដល់ពួកអាមេរិកកាំងស្បែកក្រហម ដែលរស់នៅក្នុងដែនដីពួកស្បែកក្រហម ជិតនឹងប៉ែកខាងលិចព្រំប្រទល់រដ្ឋមីសសួរី ។ ពួកគេក៏បានផ្សាយដំណឹងល្អនៅក្នុង មែនទ័រ និង ខឺតឡង់ រដ្ឋអូហៃអូ ទៅដល់ក្រុមជំនុំនៃមនុស្សដែលកំពុងស្វែងរកការស្ដារឡើងវិញនៃគ្រីស្ទនិកជនសញ្ញាថ្មី ។ ( សិស្សនឹងរៀនច្រើនអំពីប្រជាជនទាំងនេះ និងអ្នកដឹកនាំរបស់ពួកគេ ស៊ីឌនី រិកដុន នៅក្នុងការសិក្សារបស់ពួកគេអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥ ) ។ ព្រះអម្ចាស់ បានបំពេញសេចក្ដីសន្យារបស់ទ្រង់ថា ទ្រង់នឹងគង់នៅជាមួយអ្នកផ្សព្វផ្សាយសាសនាទាំងនេះ ហើយថាគ្មានអ្វីនឹងយកឈ្នះលើពួកគាត់បានទេ ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [ Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ៨៤–៨៥ ) ។
អ្នកអាចនឹងចង់បញ្ចប់មេរៀននេះ ដោយការថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលអ្នកបានពិភាក្សា ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១ គឺជាវិវរណៈមួយក្នុងចំណោមវិវរណៈទាំងឡាយ ( សូមមើល គ និង ស ៣០-៣៦ ) ដែលព្រះអម្ចាស់បានប្រទានចំពោះកិច្ចការផ្សព្វផ្សាយសាសនា ចន្លោះពេលដែលទ្រង់បានបើកសម្ដែងដំបូងនូវគោលការណ៍នៃការប្រមូលរាស្ត្ររបស់ទ្រង់ ( សូមមើល គ និង ស ២៩:១-៨ ) ហើយនៅពេលទ្រង់បានថ្លែងជាលើកដំបូងអំពីកន្លែងនៃការប្រមូលផ្ដុំពួកគេ ( សូមមើល គ និង ស ៣៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:២, ៥-៨ ។ តាមរយៈភាពស្មោះត្រង់របស់យើង សមាជិកគ្រួសាររបស់យើងអាចបានស្គាល់អំពីសេចក្ដីពិត
បុគ្គលម្នាក់ៗដែលរៀនអំពីដំណឹងល្អនៃព្រះយេស៊ូវ គ្រីស្ទ ត្រូវតែជ្រើសរើសដោយផ្ទាល់ខ្លួនថាតើត្រូវទទួលយកឬអត់ ។ ទោះជាយ៉ាងណាក៏ដោយ គំរូនៃភាពស្មោះត្រង់របស់យើង អាចមានឥទ្ធិពលលើអ្នកដទៃសម្រាប់សេចក្ដីល្អ ។ របៀប និង ពេលវេលារបស់ព្រះអម្ចាស់ សម្រាប់ការបំពេញនូវការសន្យាទាំឡាយ ដូចជាអ្វីដែលទ្រង់បានធ្វើចំពោះ ថូម៉ាស ប៊ី ម៉ាស នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:២, ៥-៨ អាចនឹងពុំបានបំពេញតាមគោលបំណង ឬការរំពឹងទុករបស់យើងទាំងស្រុងនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ដំណើររឿងបន្ទាប់ដោយ ប្រធាន ថូម៉ាស អេស ម៉នសុន អំពីបទពិសោធន៍មួយ ដែលលោកមាន កាលជាប្រធានបេសកកម្មនៅប្រទេសកាណាដា បានបង្ហាញថា ព្រះអម្ចាស់ បានបំពេញតាមការសន្យារបស់ទ្រង់ចំពោះពួកអ្នកស្មោះត្រង់ ៖
រូបភាពប្រធាន ថូម៉ាស អេស ម៉នសុន« ថ្ងៃមួយមានអ្នកផ្សព្វផ្សាយសាសនាទើបចូលបេសកកម្មថ្មីម្នាក់ អង្គុយនៅក្នុងការិយាល័យរបស់ខ្ញុំ ។ គាត់ជាយុវជនឈ្លាសវៃ រឹងមាំ ពេញដោយភាពអង់អាច និងមានបំណងប្រាថ្នាចង់បម្រើដោយក្តីរីករាយ និងមានអំណរគុណក្នុងការធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ នៅពេលខ្ញុំបាននិយាយជាមួយគាត់ ខ្ញុំបាននិយាយថា ‹ អែលឌើរ ខ្ញុំនឹកគិតអំពីដួងចិត្តស្មោះរបស់ឪពុកម្ដាយរបស់អ្នក ដើម្បីគាំទ្រអ្នកក្នុងការហៅបម្រើបេសកកម្មរបស់អ្នកនេះ › ។ គាត់បានឱនក្បាលចុះ ហើយតបថា ‹ មិនប្រាកដដែរ ។ ប្រធាន ឪពុករបស់ខ្ញុំពុំមែនជាសមាជិកនៃសាសនាចក្រនោះទេ ។ គាត់មិនជឿដូចជាយើងជឿទេ ដូច្នេះ គាត់ពុំអាចមានអំណរគុណពេញលេញអំពីសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំទេ › ។ ដោយគ្មានស្ទាក់ស្ទើរ ហើយដោយបានបំផុសមកពីប្រភពមួយដែលពុំមែនជាខ្លួនខ្ញុំ នោះខ្ញុំបាននិយាយទៅគាត់ថា ‹ អែលឌើរ បើអ្នកនឹងបម្រើព្រះដោយស្មោះត្រង់ និងឧស្សាហ៍ព្យាយាម ក្នុងការប្រកាសសារលិខិតរបស់ទ្រង់ នោះឪពុករបស់អ្នកនឹងចូលរួមក្នុងសាសនាចក្រ មុនពេលបេសកកម្មរបស់អ្នកបញ្ចប់ទៅទៀត › ។ គាត់បានចាប់ដៃខ្ញុំយ៉ាងណែន ទឹកភ្នែកបានស្រក់ចុះមក មកលើផែនថ្ពាល់របស់គាត់ រួចគាត់បានប្រកាសថា ‹ ដើម្បីមើលឃើញឪពុករបស់ខ្ញុំទទួលយកដំណឹងល្អ នោះគឺជាពរជ័យដ៏អស្ចារ្យបំផុត ដែលអាចកើតមាននៅក្នុងជីវិតរបស់ខ្ញុំ › ។
« យុវជនរូបនេះ ពុំបានអង្គុយដោយឥតប្រយោជន៍ ហើយសង្ឃឹម និងប្រាថ្នាសុំឲ្យការសន្យានោះត្រូវបានបំពេញនោះទេ ប៉ុន្តែគាត់បានធ្វើតាមគំរូរបស់ អ័ប្រាហាំ លីនខុន ដែលបាននិយាយថា ‹ ពេលគាត់អធិស្ឋាន គាត់អធិស្ឋានដូចជាអ្វីៗទាំងអស់ពឹងទៅលើព្រះ រួចហើយគាត់បានធ្វើការដូចជាអ្វីៗទាំងអស់ពឹងលើខ្លួនគាត់ › ។ នោះជាការបម្រើបេសកកម្មរបស់យុវជនរូបនេះ ។
« នៅគ្រប់សន្និសីទអ្នកផ្សព្វផ្សាយសាសនា ខ្ញុំនឹងទៅរកគាត់ មុនពេលការប្រជុំ ហើយចាប់ផ្ដើមសួរថា ‹ អែលឌើរ តើឪពុកអ្នករីកចម្រើនយ៉ាងម៉េចហើយ ? ›
« ចម្លើយរបស់គាត់នឹងដដែលថា ‹ គ្មានរីកចម្រើនទេ ប្រធាន ប៉ុន្តែខ្ញុំដឹងថា ព្រះអម្ចាស់ នឹងបំពេញការសន្យាដែលប្រទានដល់ខ្ញុំ តាមរយៈលោក ដែលជាប្រធានបេសកកម្មរបស់ខ្ញុំ › ។ ពីមួយថ្ងៃទៅមួយថ្ងៃពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្លាយជាខែ ហើយទីបំផុត ពីរសប្ដាហ៍មុនយើងបានចាកចេញពីបេសកកម្មត្រឡប់ទៅផ្ទះវិញ ខ្ញុំបានទទួលសំបុត្រមួយច្បាប់មកពីឪពុករបស់អ្នកផ្សព្វផ្សាយសាសនារូបនេះ ។ ខ្ញុំចង់ចែកចាយវាជាមួយនឹងអ្នកនាថ្ងៃនេះ ។
« ‹ បងប្រុស ម៉នសុន ជាទីស្រឡាញ់ ៖
« ‹ ខ្ញុំចង់ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការមើលថែដល់កូនប្រុសខ្ញុំយ៉ាងល្អ ដែលបានបញ្ចប់បេសកកម្មពីប្រទេសកាណាដាថ្មីៗនេះ ។
« ‹ គាត់គឺជាការបំផុសគំនិតមួយដល់ពួកយើង ។
« ‹ កូនប្រុសខ្ញុំត្រូវបានសន្យាថា នៅពេលគាត់ចាកចេញទៅបេសកកម្ម នោះខ្ញុំនឹងក្លាយជាសមាជិកនៃសាសនាចក្រមុនពេលគាត់ត្រឡប់មកផ្ទះវិញ ។ ខ្ញុំជឿថា ការសន្យានេះ ធ្វើឡើងដោយអ្នកទៅដល់គាត់ ដែលខ្ញុំពុំដឹង ។
« ‹ ខ្ញុំរីករាយដើម្បីប្រាប់ថា ខ្ញុំបានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រ នៅមួយសប្ដាហ៍មុនពេលគាត់បានបញ្ចប់បេសកកម្មរបស់គាត់ ។…
« ‹ … ប្អូនប្រុសរបស់គាត់ ក៏ទើបបានទទួលបុណ្យជ្រមុជទឹក និងបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រផងដែរថ្មីៗនេះ ។
« ‹ ខ្ញុំសូមថ្លែងអំណរគុណដល់លោកម្ដងទៀត ចំពោះរាល់សណ្ដានចិត្តល្អ និងក្ដីស្រឡាញ់ដែលមានចំពោះកូនប្រុសខ្ញុំ តាមរយៈបងប្អូនប្រុសទាំងឡាយរបស់គាត់ នៅក្នុងបេសកកម្ម អំឡុងពេលពីរឆ្នាំកន្លងទៅនេះ ។
« ‹ ដោយសេចក្ដីស្មោះស្ម័គ្រពី
« ‹ ឪពុកដ៏ប្រកបដោយការថ្លែងអំណរគុណ › ។
« ការអធិស្ឋានដោយរាបសារនៃសេចក្ដីជំនឿ ត្រូវបានឆ្លើយតបជាថ្មីម្ដងទៀត » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៦៤, ទំព័រ១៣១–៣២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:១០ ។ តើ ថូម៉ាស ប៊ី ម៉ាស ជា « គ្រូពេទ្យចំពោះសាសនាចក្រ » យ៉ាងដូចម្ដេច ?
ថូម៉ាស ប៊ី ម៉ាស បានមានជំនាញមួយចំនួនខាងពេទ្យ ប្រើថ្នាំប្ញសឈើ ហើយអាចជួយមនុស្សដោយចំណេះរបស់គាត់នេះ ។ ទោះជាយ៉ាងណាក៏ដោយ ការហៅដ៏ធំជាងនេះរបស់គាត់ គឺការព្យាបាលព្រលឹងទាំងឡាយ ។ មានឧទាហរណ៍បានកត់ត្រាជាច្រើនអំពី ថូម៉ាស ប៊ី ម៉ាស ផ្ដល់ពេលវេលារបស់គាត់ ដើម្បីជួយសមាជិកនៃសាសនាចក្រ ដោះស្រាយបញ្ហារបស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២ ។ តើបេសកកម្មទៅកាន់ពួកសាសន៍លេមិនជោគជ័យដែរឬទេ ?
ទោះជាបេសកកម្មលើកទីមួយទៅកាន់ពួកសាសន៍លេមិន ពុំសូវទទួលបានជោគជ័យ ក្នុងការផ្សាយទៅកាន់ពួកអាមេរិកកាំងស្បែកក្រហមក្ដី ក៏វាមានឥទ្ធិពលដ៏សំខាន់មួយចំពោះប្រវត្តិសាស្ត្រសាសនាចក្រជំនាន់ដើមផងដែរ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ថា ៖
រូបភាពប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ« ការធ្វើដំណើរមានចម្ងាយជិត ១៥០០ ម៉ែល ឆ្លងកាត់វាលរហោស្ថានភាគច្រើន និងស្ថិតក្រោមអាកាសធាតុដ៏អាក្រក់ភាគច្រើន នោះវាតម្រូវឲ្យចំណាយពេលប្រហែលជាបួនខែ ។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាការធ្វើដំណើរដ៏មានប្រយោជន៍ណាស់ ព្រោះមានមនុស្សជាច្រើនបានទទួលយកដំណឹងល្អនៅតាមផ្លូវ ហើយមានសាខាជាច្រើនគួរសម ត្រូវបានបង្កើតឡើងនៅទីក្រុងខឺតឡង់ និងផ្នែកផ្សេងៗទៀត ហើយមានបុរសរឹងមាំជាច្រើនរូបបានមកចូលរួមក្នុងសាសនាចក្រ ។ នេះគឺជាការធ្វើដំណើរផ្សព្វផ្សាយសាសនាលើកដំបូងទៅកាន់ទិសខាងលិចនៃរដ្ឋនូវយ៉ោក ហើយលទ្ធផលរបស់វា គឺដើម្បីបង្ហាញថាវាមានអត្ថប្រយោជន៍ដែលពុំអាចកាត់ថ្លៃបានចំពោះសាសនាចក្រ » ( Church History and Modern Revelation វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ], ១:១៥០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២:១-៣ ។ ប៉ាលី ភី ប្រាត្ត និង សេបា ភីតើរសុន
វិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២ ត្រូវបានថ្លែងទៅកាន់ ប៉ាលី ភី ប្រាត្ត និង សេបា ភីតើរសុន ។ សូមពិចារណាធ្វើការអានឲ្យឭៗអំពីព័ត៌មានជាប្រវត្តិសាស្ត្រដូចខាងក្រោម ដើម្បីជួយសិស្សក្នុងថ្នាក់រៀនច្រើនអំពីបុរសពីរនាក់នេះ ៖
នៅក្នុងរដូវក្ដៅឆ្នាំ ១៨៣០ ប៉ាលី ភី ប្រាត្ត និងភរិយារបស់គាត់ ដោយអំណរ បានធ្វើដំណើរមកពីផ្ទះរបស់ពួកគេនៅ អាមហ៊ើស្ទ រដ្ឋអូហៃអូ ដើម្បីទៅសួរសុខទុក្ខសាច់ញាតិនៅរដ្ឋនូវយ៉ោក ។ ព្រះវិញ្ញាណបរិសុទ្ធ បានបំផុសឲ្យ ប៉ាលី ឈប់នៅក្នុងភូមិ នូវវ៉ក រដ្ឋនូវយ៉ោក ជិតភូមិ ប៉ាលម៉ៃរ៉ា ជាកន្លែងដែលគាត់រៀនអំពីព្រះគម្ពីរមរមន ។ ក្រោយមកគាត់បានសរសេរអំពីចម្លើយរបស់គាត់ចំពោះគម្ពីរនេះថា ៖
រូបភាពប៉ាលី ភី ប្រាត្ត« ខ្ញុំបានអានពេញមួយថ្ងៃ ការទទួលទានអាហារគឺជាបន្ទុកមួយ ខ្ញុំពុំចង់បរិភោគអាហារទេ ការដេកគឺជាបន្ទុកមួយ នៅពេលរាត្រីចូលមកដល់ ដ្បិតខ្ញុំចង់អានជាងការដេក ។
« ពេលខ្ញុំអាន ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតនៅលើខ្ញុំ ហើយខ្ញុំដឹង ហើយបានយល់ដឹងថា ព្រះគម្ពីរនេះគឺជាការពិត » ( Autobiography of Parley P. Pratt,បានបោះពុម្ពដោយ ប៉ាលី ភី ប្រាត្ត [ ឆ្នាំ១៩៣៨ ], ទំព័រ ២០ ) ។
ប៉ាលី បានធ្វើដំណើរទៅភូមិ ប៉ាលម៉ៃរ៉ា ជាកន្លែងដែលគាត់បានជួប ហើយត្រូវបានបង្រៀនដោយ ហៃរាំ ស្ម៊ីធ ។ មិនយូរប៉ុន្មាន ហៃរាំ និង ប៉ាលី បានធ្វើដំណើរទៅ ហ្វាយ៉ែត្ត រដ្ឋ នូវ យ៉ោក ដើម្បីជួបនឹងសមាជិកក្នុងសាខាព្រះវិហារដែលកំពុងតែរីកចម្រើន ។ ប៉ាលី បានទទួលបុណ្យជ្រមុជទឹក ហើយបានតែងតាំងជាអែលឌើរម្នាក់ ដោយអូលីវើរ ខៅឌើរី នៅខែកញ្ញា ឆ្នាំ ១៨៣០ ។
បានដឹងបន្ដិចបន្តួចអំពីការផ្លាស់ប្រែចិត្តជឿរបស់ សេបា ភីតើរសុន ។ យើងបានដឹងថា គាត់ត្រូវបានជ្រមុជទឹកដោយ អូលីវើរ ខៅឌើរី នៅខែមេសា ឆ្នាំ ១៨៣០ និងត្រូវបានតែងតាំងជាអែលឌើរម្នាក់នៅខែមិថុនា ក្នុងឆ្នាំដដែលនោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២:៣ ។ « គ្មានអ្វីនឹងអាចឈ្នះលើពួកគេបានឡើយ »
ដំណើររឿងខាងក្រោម គឺជាគំរូមួយអំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់ ប៉ាលី ភី ប្រាត្ត ពេលគាត់បានបំពេញបេសកកម្មរបស់គាត់ ៖
នៅចម្ងាយហាសិបម៉ែល ខាងលិចក្រុងខឺតឡង់ ប៉ាលី ត្រូវបានគេចាប់ខ្លួនដោយចោទប្រកាន់នូវ « កំហុសតូចមួយ » ហើយ « បានបញ្ជាឲ្យដាក់គុគ » ឬត្រូវបង់ពិន័យ ( Autobiography of Parley P. Pratt បានបោះពុម្ពដោយ ប៉ាលី ភី ប្រាត្ត [ ឆ្នាំ១៩៣៨], ទំព័រ៣៦ ) ។ ដោយសារតែគាត់ពុំអាចបង់ការផាកពិន័យបាន នោះប៉ាលី បានត្រូវឃុំក្នុងផ្ទះសំណាក់សាធារណៈមួយអស់មួយយប់ ។ ព្រឹកឡើង ដៃគូទាំងឡាយរបស់គាត់មកជួបមួយភ្លែត ហើយគាត់បានលើកទឹកចិត្តពួកគេឲ្យបន្ដការធ្វើដំណើររបស់ពួកគេទៅមុខទៀត ហើយសន្យាថានឹងជួបពួកគេក្នុងពេលឆាប់ៗ ។ ប៉ាលី បានប្រាប់ថា ៖ « បន្ទាប់ពីអង្គុយបានមួយសន្ទុះជិតភ្នក់ភ្លើង ក្នុងការឃ្លាំមើលពីនាយទាហាន នោះខ្ញុំបានស្នើសុំដើរចេញពីទីនោះ ។ ខ្ញុំបានដើរចេញទៅទីលានសាធារណៈ អមដំណើរដោយគាត់ ។ ខ្ញុំបាននិយាយថា ‹ លោក ភែបូឌី តើអ្នកពូកែរត់ប្រណាំងឬទេ ? › គាត់តបថា ‹ ទេ ប៉ុន្តែឆ្កែដ៏ធំរបស់ខ្ញុំពូកែរត់ ហើយវាត្រូវបានបង្វឹកឲ្យជួយខ្ញុំក្នុងការងារខ្ញុំអស់ជាច្រើនឆ្នាំមកហើយ វានឹងផ្ដួលមនុស្សតាមបង្គាប់ខ្ញុំ › ។ ‹ ល្អ លោក ភែបូឌី អ្នកបានបង្ខំខ្ញុំឲ្យទៅមួយម៉ែល នោះខ្ញុំបានទៅជាមួយអ្នកពីរម៉ែល ។ អ្នកបានផ្តល់ឲ្យឱកាសមួយដល់ខ្ញុំដើម្បីផ្សព្វផ្សាយ ច្រៀង ហើយបានកំដរខ្ញុំក្នុងការស្នាក់នៅ និងស្រស់ស្រូបអាហារពេលព្រឹកផងដែរ ។ ខ្ញុំត្រូវចេញដំណើរខ្ញុំទៅហើយ បើអ្នកពូកែរត់ប្រណាំង អ្នកអាចដេញខ្ញុំទាន់ ។ ខ្ញុំអរគុណច្រើនណាស់សម្រាប់សន្តានចិត្តល្អរបស់អ្នកគ្រប់យ៉ាង--សូមសំណាងល្អ › ។
« រួចហើយខ្ញុំបានចាប់ផ្ដើមចេញដំណើរទៅ ខណៈដែលគាត់ឈភ្លឹក ហើយពុំអាចកម្រើកសោះ ។… គាត់ពុំបានដឹងខ្លួនពីការភ្ញាក់ផ្អើលដ៏ខ្លាំង ដើម្បីដេញតាមខ្ញុំទេ រហូតដល់ខ្ញុំបានទៅឆ្ងាយ ប្រហែលជា ១៨២.៨៨ ម៉ែត្រ ។… ឥឡូវគាត់បានហៅខ្ញុំ ហើយស្រែកឲ្យឆ្កែរបស់គាត់ដេញខ្ញុំ ។ ឆ្កែនោះមានមាឌធំដែលខ្ញុំពុំធ្លាប់ឃើញទេ វាបានដេញគៀកៗខ្ញុំដោយកម្រោល ឯនាយទាហានបានរត់ដេញតាមពីក្រោយ ទះដៃគាត់ ហើយស្រែកថា ‹ ស្ដូ ប៊យ ស្ដូ ប៊យ --ចាប់វា--នោះ--ចាប់វាឲ្យជាប់ យើងនិយាយថា-- ដេញតាមវា › ហើយបានចង្អុលដៃគាត់មកខ្ញុំដែលកំពុងរត់ទៅ ។ ឆ្កែនោះរត់យ៉ាងលឿនមកទាន់ខ្ញុំ ហើយលោតសង្គ្រប់មកលើខ្ញុំ លឿនដូចផ្លេកបន្ទោររំពេចនោះខ្ញុំមានគំនិតមួយគឺធ្វើដំរាបតាមនាយទាហាននោះ ក្នុងការបញ្ជាឆ្កែឲ្យបោលទៅចូលក្នុងព្រៃនៅមិនឆ្ងាយប៉ុន្មានពីមុខខ្ញុំ ។ ខ្ញុំបានចង្អុលទៅទិសនោះ រួចទះដៃ ហើយបានស្រែកត្រាប់តាមនាយទាហាននោះ ។ ឆ្កែបានរត់យ៉ាងលឿនហួសខ្ញុំឆ្ពោះទៅព្រៃ ដោយមានការបញ្ជាពីនាយទាហាន និងខ្ញុំ ហើយយើងទាំងពីរនាក់កំពុងរត់តាមទិសដូចគ្នា » ។
ដោយបានគេចចេញពីឆ្កែ និងនាយទាហាននោះ អែលឌើរ ប្រាត្ត បានមកជួបនឹងដៃគូរបស់គាត់តាមផ្លូវផ្សេងមួយទៀត ។ ក្រោយមក ប៉ាលី បានដឹងថា ស៊ីម៉ូន ខាតធើរ ដែលគាត់បានទុកព្រះគម្ពីរមរមនឲ្យ ព្រមជាមួយនឹងអ្នកដទៃទៀតចំនួនហុកសិបនាក់ក្នុងតំបន់នោះ បានចូលរួមក្នុងសាសនាចក្រ ( សូមមើល Autobiography of Parley P. Pratt, ៣៨–៣៩ ) ។