មេរៀនទី ៦៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-៣៣
បុព្វកថា
នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ១៨៣១ តិចជាងពីសប្ដាហ៍បន្ទាប់ពីព្រះអម្ចាស់បានកំណត់ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ជាចំណុចកណ្ដាលនៃស៊ីយ៉ូន នោះយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨ ។ វិវរណៈនេះត្រូវបានប្រទានឲ្យជាចម្លើយតបចំពោះអ្នកទាំងឡាយណាដែលរំភើបចិត្តចង់ដឹងអំពីព្រះហឬទ័យរបស់ព្រះ ស្ដីអំពីពួកគេស្ថិតនៅក្នុងទឹកដីថ្មីនេះ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានទូន្មានដល់ពួកបរិសុទ្ធឲ្យស្មោះត្រង់ ទោះស្ថិតនៅក្នុងទុក្ខវេទនារបស់ពួកគេក្តី ហើយបានពន្យល់ថា ហេតុអ្វីបានជាទ្រង់បញ្ជូនពួកបរិសុទ្ធឲ្យទៅស៊ីយ៉ូន ។ ព្រះអម្ចាស់ក៏បានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យប្រើសេរីភាពរបស់ពួកគេដើម្បីនាំមកនូវសេចក្ដីសុចរិតផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-៥
ព្រះអម្ចាស់ទូន្មានដល់ពួកបរិសុទ្ធឲ្យស្មោះត្រង់ទោះស្ថិតនៅក្នុងទុក្ខវេទនារបស់ពួកគេក្តី
មុនពេលថ្នាក់ចាប់ផ្ដើម សូមសរសេរពាក្យបច្ចុប្បន្ននិងអនាគតនៅលើក្ដារខៀន ។
សូមចាប់ផ្ដើមថ្នាក់រៀនដោយការសុំឲ្យសិស្សគិតអំពីឧបសគ្គដ៏បំផុត ដែលពួកគេកំពុងប្រឈមមុខក្នុងពេលថ្មីៗនេះក្នុងជីវិតពួកគេ ។
-
តើការគិតអំពីអនាគតរបស់អ្នក នៅក្នុងជីវិតនេះ និងជីវិតបន្ទាប់ អាចជួយអ្នកឲ្យដោះស្រាយចំពោះឧបសគ្គទាំងឡាយដែលអ្នកកំពុងប្រឈមមុខនាពេលនេះយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អានកថាខណ្ឌដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់អំពីឧបសគ្គទាំងឡាយដែលពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បានជួបប្រទះក្នុងឆ្នាំ ១៨៣១ ដែលអាចនឹងបណ្ដាលឲ្យពួកគេមួយចំនួនមានការបាក់ទឹកចិត្ត ។
នៅក្នុងខែមករា ឆ្នាំ ១៨៣១ ពួកអ្នកផ្សពផ្សាយសាសនាបានរកឃើញ អាមេរិកកាំងដើម ដេឡាវែ កំពុងរស់នៅក្នុងទឹកដីជនជាតិអាមេរិកកាំងដើមហួសទៅភាគខាងលិចនៃព្រំប្រទល់រដ្ឋ មិសសួរី ។ អាមេរិកកាំងដើម ដេឡាវែ មានចំណាប់អារម្មណ៍រៀនដំណឹងល្អដែលមាននៅក្នុងព្រះគម្ពីរមរមន ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកអ្នកផ្សព្វផ្សាយសាសនាពុំទទួលបានការអនុញ្ញាត ដើម្បីចូលទៅក្នុងទឹកដីអាមេរិកកាំងដើម ហើយផ្សាយដំណឹងល្អ និងដោយសារតែមានការជំទាស់មកពីភ្នាក់ងារអាមេរិកកាំងដើម ក្នុងមូលដ្ឋាន និងពួកគ្រូគង្វាល នោះពួកអ្នកផ្សព្វផ្សាយសាសនាមកពីសាសនាចក្រ ត្រូវបានបង្ខំឲ្យចាកចេញពីទឹកដីនោះ ។ ពេលនោះពួកអ្នកផ្សព្វផ្សាយសាសនាបានប៉ុនប៉ងបង្រៀនដល់អ្នកតាំងលំនៅជនជាតិស្បែកសនៅក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី និងតំបន់នៅជុំវិញ ប៉ុន្តែមានអ្នកផ្លាស់ប្រែចិត្តជឿតិចជាងដប់នាក់ បានចូលរួមក្នុងសាសនាចក្រនៅត្រឹមខែ កក្កដា ឆ្នាំ ១៨៣១ ។ នៅពេលពួកអែលឌើរ នៃសាសនាចក្រមកពីអូហៃអូ បានចាប់ផ្ដើមទៅដល់រដ្ឋ មិសសួរី នៅខែ កក្កដា ឆ្នាំ ១៨៣១ នោះពួកគេមួយចំនួនបានខកចិត្តចំពោះអ្វីដែលពួកគេរកឃើញ ។ ពួកគេមួយចំនួនបានរំពឹងថានឹងមើលឃើញសហគមន៍នៃអ្នកជឿ រីកចម្រើនយ៉ាងឆាប់រហ័ស និងមានទីលំនៅមួយដែលត្រូវបានរៀបចំដើម្បីទទួលសមាជិកសាសនាចក្រដែលបានធ្វើអន្ដោប្រវេសន្ដ៍ចូលមក ។ ពួកគេមួយចំនួនតូចសម្ដែងអំពីកង្វល់ដោយសារតែដែនដីនៅក្នុងអ៊ិនឌីប៉ែនដែនស៍ ពុំបានអភិវឌ្ឍ ។ បន្ថែមពីលើនោះ មានបងប្អូនប្រុសមួយចំនួន បានលើកទឹកចិត្តឲ្យស្នាក់នៅក្នុងរដ្ឋមិសសួរី ហើយទិញដីដើម្បីរៀបចំស៊ីយ៉ូនសម្រាប់ពួកបរិសុទ្ធដែលនឹងមកដល់ពេលក្រោយទៀត ។
-
ហេតុអ្វីអ្នកគិតថាស្ថានភាពនេះ អាចធ្វើឲ្យបាក់ទឹកចិត្តដល់សមាជិកសាសនាចក្រមួយចំនួនយ៉ាងដូច្នេះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ពួកអែលឌើរ ដែលអាចនឹងបានជួយពួកគេឲ្យដោះស្រាយបញ្ហាដែលពួកគេប្រឈមមុខ ។
-
តើព្រះអម្ចាស់បានប្រាប់អ្វីខ្លះដល់ពួកអែលឌើរ ?
-
តើអ្នកនឹងសង្ខេបសេចក្ដីពិតនៅក្នុងខ ២ យ៉ាងដូចម្ដេច ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖យើងនឹងត្រូវបានប្រទានពរ បើយើងរក្សាបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ រង្វាន់ដ៏អស់កល្បជានិច្ចរបស់យើង នឹងមានកាន់តែច្រើន បើយើងបន្ដស្មោះត្រង់នៅក្នុងទុក្ខវេទនា ។ អ្នកក៏អាចឲ្យយោបល់ដល់សិស្សគូសចំណាំឃ្លាដែលបង្រៀនគោលលទ្ធិទាំងនេះ នៅខ ២ ) ។
សូមយោងទៅលើពាក្យបច្ចុប្បន្ននិងអនាគតនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣-៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ពួកអែលឌើរអំពីបច្ចុប្បន្នភាព និងអនាគតភាពរបស់រាស្ត្រទ្រង់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
-
ស្របតាមខ ៣ តើជាញឹកញាប់យើងមើលពុំឃើញ ឬពុំយល់អ្វីខ្លះ នៅពេលយើងឆ្លងកាត់សេចក្ដីទុក្ខវេទនា ?
សូមចង្អុលបង្ហាញថា ខគម្ពីរទាំងនេះហាក់ដូចជាបញ្ជាក់ថា ព្រះអម្ចាស់ចង់ឲ្យពួកអែលឌើរមើលរំលងនូវការសាកល្បងទាំងឡាយ ដែលពួកគេកំពុងស៊ូទ្រាំ ហើយឲ្យផ្ដោតទៅលើអនាគតដ៏រុងរឿង ដែលពួកគេនឹងទទួលពិសោធន៍ជំនួសវិញ បើពួកគេនៅស្មោះត្រង់ ។ សារលិខិតរបស់ព្រះអម្ចាស់ចំពោះពួកបរិសុទ្ធនៅរដ្ឋ មិសសួរី អាចជួយយើងឲ្យស៊ូទ្រាំនឹងឧបសគ្គនានា តាមរយៈការរក្សាផ្ដោតការយកចិត្តទុកដាក់របស់យើងទៅលើពរជ័យទាំងឡាយដែលបានសន្យាដល់អ្នកទាំងឡាយណាដែលស៊ូទ្រាំនឹងសេចក្ដីទុក្ខវេទនាដោយស្មោះត្រង់ ។
-
តើការទុកចិត្តថាព្រះអម្ចាស់នឹងប្រទានពរដល់អ្នក ជួយអ្នកឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខវេទនាដោយស្មោះត្រង់បានយ៉ាងដូចម្ដេច ?
-
តើនៅពេលណា ដែលអ្នកមានអារម្មណ៍ថា អ្នកត្រូវបានប្រទានពរចំពោះការនៅស្មោះត្រង់អំឡុងពេលមានសេចក្ដីទុក្ខវេទនានោះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីឧបសគ្គដ៏ធំបំផុត ដែល ពួកគេកំពុងតែជួបក្នុងពេលថ្មីៗនេះម្ដងទៀត ។ សូមលើកទឹកចិត្តពួកគេឲ្យបន្ដនៅស្មោះត្រង់ចំពោះដំណឹងល្អ ទោះជាមានឧបសគ្គនានាក្ដី ដើម្បីពួកគេអាចទទួលបានរង្វាន់ដែលព្រះអម្ចាស់មាននៅក្នុងឃ្លាំងសម្រាប់ពួកគេ ទាំងក្នុងពេលនេះ និងនៅក្នុងភាពអស់កល្បជានិច្ច ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៦-១៣
ព្រះអង្គសង្គ្រោះពន្យល់អំពីមូលហេតុដែលទ្រង់បានបញ្ជូនពួកបរិសុទ្ធទៅស៊ីយ៉ូន
សូមសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកធ្លាប់ត្រូវបានគេសុំឲ្យធ្វើអ្វីមួយ ប៉ុន្តែអ្នកពុំយល់ពីមូលហេតុដែលអ្នកត្រូវបានសុំឲ្យធ្វើរឿងនោះដែរឬទេ ? តើរឿងនោះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា ?
-
ផ្ទុយទៅវិញ តើអ្នកធ្លាប់មាននរណាម្នាក់មកសុំឲ្យអ្នកធ្វើអ្វីមួយ ហើយក៏បានជួយអ្នកឲ្យយល់ពីមូលហេតុដែលត្រូវធ្វើដូច្នោះដែរឬទេ ? តើការដឹងពីមូលហេតុធ្វើឲ្យមានភាពខុសគ្នាយ៉ាងណា ?
សូមពន្យល់ថា ព្រះអម្ចាស់បានបើកសម្ដែងនូវមូលហេតុមួយចំនួនរបស់ទ្រង់ ដែលបញ្ជូលមនុស្សឲ្យទៅចាក់គ្រឹះនៃស៊ីយ៉ូន ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៦-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលព្រះអម្ចាស់បានប្រទានឲ្យ ក្នុងការបញ្ជូនមនុស្សឲ្យទៅចាក់គ្រឹះនៃស៊ីយ៉ូន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៩-១៣ដោយពន្យល់ថា មូលហេតុមួយដែលព្រះអម្ចាស់បញ្ជូនមនុស្សឲ្យទៅចាក់គ្រឹះនៃស៊ីយ៉ូន គឺដើម្បីរៀបចំផែនដីសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងខទាំងនេះ ព្រះអម្ចាស់ បានសំដៅទៅលើរឿងប្រៀបធៀបព្រះគម្ពីរសញ្ញាថ្មី ដែលបង្រៀនថា មនុស្សនៅគ្រប់ជាតិសាសន៍នឹងត្រូវបានអញ្ជើញឲ្យមកទទួលទានពរជ័យទាំងឡាយនៃដំណឹងល្អ ។
-
តើការដឹងថាពួកគេកំពុងរៀបចំផែនដីសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ បានជួយពួកអែលឌើរឲ្យនៅស្មោះត្រង់នៅក្នុងសេចក្ដីទុក្ខវេទនារបស់ពួកគេយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៤-២៣
ព្រះអម្ចាស់ពិពណ៌នាអំពីទំនួលខុសត្រូវរបស់ប៊ីស្សព ហើយបញ្ជាឲ្យពួកបរិសុទ្ធរក្សាច្បាប់ដែនដី
សូមរំឭកសិស្សថាព្រះអម្ចាស់បានហៅប៊ីស្សព អែតវឹត ប៉ាទ្រិច ឲ្យដឹកនាំកិច្ចខិតខំដើម្បីស្ថាបនាទីក្រុងស៊ីយ៉ូន ។ ព្រះអម្ចាស់បានណែនាំដល់ប៊ីស្សព ប៉ាទ្រិច និង ស៊ីឌនី ហ្គីលប៊ើត ឲ្យបន្ដនៅក្នុងរដ្ឋ មិសសួរី ដើម្បីគ្រប់គ្រងលើទ្រព្យសម្បត្តិសាសនាចក្រ ហើយទិញដីនៅក្នុង និងនៅជុំវិញ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥៧:៧-៨ ) ។ សូមពន្យល់ថា នៅពេលពួកបរិសុទ្ធបានរៀបចំដើម្បីទិញដី នោះប៊ីស្សព ប៉ាទ្រិច បានទាស់សម្ដីនឹង យ៉ូសែប ស៊្មីធ អំពីគុណភាពដីដែលត្រូវបានជ្រើសរើស ។ គាត់មានអារម្មណ៍ថាដីនៅកន្លែងផ្សេង គួរតែត្រូវបានទិញជំនួសវិញ ។ ការពុំចុះសម្រុងគ្នានេះនាំឲ្យព្រះអម្ចាស់ ស្តីបន្ទោស។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៤-១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលព្រះអម្ចាស់បានប្រាប់ដល់ប៊ីស្សព ប៉ាទ្រិច ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
សូមនាំសិស្សឲ្យត្រឡប់ទៅគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣។ តើសេចក្ដីពិតដែលបានបើកសម្ដែងនៅក្នុងខគម្ពីរនោះបានជួយប៊ីស្សព ប៉ាទ្រិច ជ្រើសរើសប្រែចិត្តឈប់ទាស់សម្ដីនឹងព្យាការី អំពីដីចំណែកណាដែលគួរតែទិញយ៉ាងដូចម្ដេច ?
ចូរពន្យល់ដល់សិស្សក្នុងថ្នាក់ថា ប៊ីស្សព ប៉ាទ្រិច បានទទួលយកការស្ដីបន្ទោសរបស់ព្រះអម្ចាស់ដោយរាបសា ហើយបាបរបស់គាត់ត្រូវបានអភ័យទោស។
-
តើសេចក្ដីពិតដែលបានបើកសម្ដែងនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣ អាចជួយយើងឆ្លើយតបចំពោះបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយសេចក្ដីជំនឿ ជាជាងដោយការមិនជឿ និងសេចក្ដីងងឹតនៅក្នុងដួងចិត្តបានយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៦-២០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ប៊ីស្សព ប៉ាទ្រិច អំពីតួនាទីរបស់គាត់ ក្នុងនាមជាប៊ីស្សព និងទំនួលខុសត្រូវរបស់គាត់ដើម្បីជួយស្ថាបនាស៊ីយ៉ូន ។
-
យោងតាមខគម្ពីរទាំងនេះ តើទំនួលខុសត្រូវរបស់ប៊ីស្សពគឺជាអ្វី ?
-
តើវិធីមួយចំនួនអ្វីខ្លះ ដែលពួកប៊ីស្សពត្រូវវិនិច្ឆ័យដល់រាស្ត្ររបស់ព្រះអម្ចាស់នាពេលសព្វថ្ងៃនេះ ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២១-២៣ដោយពន្យល់ថា ព្រះអម្ចាស់រំពឹងឲ្យយើងរក្សាច្បាប់នៃដែនដី រហូតដល់ទ្រង់យាងមក ហើយគ្រងរាជ្យអំឡុងសហសវត្សរ៍ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៤-៣៣
ព្រះអម្ចាស់ទូន្មានពួកបរិសុទ្ធឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើល្អ
សូមបង្ហាញស្ថានភាពដូចខាងក្រោមទៅដល់សិស្សក្នុងថ្នាក់ ៖
សូមស្រម៉ៃថា នៅពេលអ្នកកំពុងដើរតាមផ្លូវ អ្នកបានឃើញមនុស្សចំណាស់ម្នាក់ដួល ។ តើចំនុចខាងក្រោមណាមួយ ដែលអ្នកគួរធ្វើ ?
-
រង់ចាំឲ្យព្រះវិញ្ញាណបំផុសគំនិតអ្នកឲ្យជួយ ។
-
រង់ចាំឲ្យនរណាម្នាក់ទៀតប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ ។
-
រង់ចាំមើលបើសិនជាមាននរណាម្នាក់ផ្សេងទៀតនឹងមកជួយ ។
-
ជួយដល់មនុស្សដែលដួលនោះភ្លាមៗ ។
បន្ទាប់ពីសិស្សបានឆ្លើយតបរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីក៏វាសំខាន់ដើម្បីជួយមនុស្សម្នាក់ដោយពុំចាំបាច់រង់ចាំការដឹកនាំពីមនុស្សម្នាក់ផ្សេងទៀត ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៦-២៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលគោលការណ៍ទាំងឡាយដែលព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធ នៅពេលពួកគេជួបនឹងការលំបាកក្នុងការស្ថាបនាទីក្រុងស៊ីយ៉ូន ។ ( អ្នកអាចនឹងចង់ពន្យល់ថា ឃ្លា « អ្នកណាដែលត្រូវគេបង្ខំនូវគ្រប់អ្វីៗទាំងអស់ » [គ. និង ស. ៥៨:២៦] សំដៅទៅលើនរណាម្នាក់ដែលពុំធ្វើសកម្មភាព ចាំរហូតទាល់តែពួកគេត្រូវបានតម្រូវឲ្យធ្វើដូច្នោះ ) ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នករកឃើញនៅក្នុងខ ២៦-២៨ ? ( សិស្សអាចនឹងឆ្លើយតប ជាមួយសេចក្ដីពិតដូចខាងក្រោមថា ៖ យើងមានអំណាចដើម្បីជ្រើសរើសធ្វើសកម្មភាពសម្រាប់ខ្លួនយើង ។ បើយើងរង់ចាំព្រះអម្ចាស់ប្រាប់អ្វីៗគ្រប់យ៉ាងដល់យើងថាគួរធ្វើអ្វីនោះ នោះយើងនឹងបាត់បង់រង្វាន់យើងហើយ ។ បើយើងប្រើសិទ្ធិជ្រើសរើសរបស់យើងដើម្បីធ្វើរឿងទាំងឡាយដែលនាំមកនូវសេចក្ដីសុចរិត នោះយើងនឹងទទួលបានរង្វាន់ ។ សូមប្រើពាក្យរបស់សិស្ស សរសេរសេចក្ដីពិតទាំងនេះនៅលើក្ដារខៀន ) ។
-
តើខគម្ពីរទាំងនេះសំដៅទៅលើ « រង្វាន់» អ្វីខ្លះ ? តើការធ្វើអ្វីៗដែលល្អៗដោយសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់យើង ជះឥទ្ធិពលលើរបៀបដែលយើងទទួលជីវិតអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
-
តើវិធីមួយចំនួនដែលអ្នកអាចប្រើដោយអន្ទៈសារក្នុងការធ្វើល្អនៅគេហដ្ឋានមានអ្វីខ្លះ ? នៅសាលាមានអ្វីខ្លះ ? នៅក្នុងវួដ ឬសាខារបស់អ្នកមានអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេមាន នៅពេលពួកគេត្រូវបានប្រទានពរឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើល្អ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៩-៣៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលកើតឡើងចំពោះអ្នកទាំងឡាយដែលពុំប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើល្អ ឬនរណាដែលសង្ស័យចំពោះបទបញ្ញត្តិរបស់ព្រះ ។
-
តើមានអ្វីខ្លះកើតឡើងចំពោះអ្នកទាំងឡាយដែលពុំប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើល្អ ឬនរណាដែលសង្ស័យចំពោះបទបញ្ញត្តិរបស់ព្រះ ?
-
តើមនុស្សមួយចំនួនឆ្លើយតបយ៉ាងដូចម្ដេច នៅពេលពួកគេពុំទទួលបានពរជ័យ ដោយសារតែភាពខ្ជិលច្រអូស ឬការមិនគោរពប្រតិបត្តិរបស់ពួកគេនោះ ? តើមានការព្រមានអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានឲ្យដល់បុគ្គលជាក់លាក់ក្នុងខ ៣៣?
សូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការប្រើសិទ្ធិសេរីភាពរបស់យើងដើម្បីធ្វើល្អ ។ សូមអញ្ជើញសិស្សឲ្យប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើអ្វីមួយល្អ ពីមុនជួបគ្នាម្ដងទៀត ។ សូមប្រាប់សិស្សថា ពួកគេនឹងមានឱកាសមួយដើម្បីចែកចាយនូវអ្វីដែលពួកគេបានធ្វើជាចំណែកនៃមេរៀនក្រោយ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២-៤។ « សិរីល្អដែលត្រូវមកតាមក្រោយ បន្ទាប់ពីមានសេចក្ដីវេទនាដ៏ច្រើន »
ប្រធាន ព្រិកហាំ យ៉ង់ បានបង្រៀនដូចខាងក្រោម អំពីការមានទស្សនៈវិស័យដ៏អស់កល្បមួយ និងអំពីសិរីល្អដែលកើតមានចំពោះមនុស្សស្មោះត្រង់ថា ៖
រូបភាពប្រធាន ព្រិកហាំ យ៉ង់« យើងនិយាយអំពីការសាកល្បង និងបញ្ហានានារបស់យើងនៅទីនេះក្នុងជីវិតនេះ ប៉ុន្តែសូមគិតថា អ្នកអាចមើលឃើញខ្លួនអ្នកនៅក្នុងរាប់ពាន់ ឬរាប់លានឆ្នាំទៀត បន្ទាប់ពីអ្នកបានបង្ហាញនូវភាពស្មោះត្រង់ចំពោះសាសនារបស់អ្នក អំឡុងពេលប៉ុន្មានឆ្នាំដ៏ខ្លីនៅក្នុងពេលនេះ ហើយបានទទួលសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច និងបំពាក់មកុដនៃសិរីល្អនៅក្នុងវត្តមានរបស់ព្រះវិញនោះ ? រួចមើលត្រឡប់មកក្នុងជីវិតអ្នកនៅទីនេះ ហើយមើលឃើញនូវការបាត់បង់ ការលីឈើឆ្កាង និងការខកចិត្តជាច្រើន … អ្នកនឹងត្រូវបង្ខំចិត្តឲ្យសួរថា ‹ អ្វីៗទាំងនោះជាអ្វីហ្នឹង ? រឿងទាំងនោះកើតមានតែមួយភ្លែតទេ ហើយយើងនៅទីនេះក្នុងពេលនេះ ។ យើងមានភាពស្មោះត្រង់អំឡុងគ្រាមួយភ្លែតនេះនៅក្នុងជីវិតរមែងស្លាប់របស់យើង រួចហើយឥឡូវយើងរីករាយនឹងជីវិតដ៏អស់កល្ប និងសិរីល្អ » ( « Remarks »Deseret Newsថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៨៥៩ ទំព័រ ១ ) ។ ( សូមមើលផងដែរDoctrine and Covenants Student Manual, បានបោះពុម្ពជាលើកទីពីរ [Church Educational System manual, ២០០១], ទំព័រ ១១៩– ២០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣។ « អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែកធម្មតារបស់អ្នកឡើយ …នូវគម្រោងការណ៍នៃព្រះរបស់អ្នក »
អែលឌើរ នែល អេ ម៉ាក់ស្វែល បានចែកចាយសេចក្ដីថ្លែងការណ៍មួយដោយ ស៊ី.អេស. លូវិស ដែលបានពន្យល់ថា យើងពុំដឹងនូវអ្វីដែលព្រះមានទុកក្នុងឃ្លាំងសម្រាប់យើងនោះជានិច្ចទេ ៖
រូបភាពអែលឌើរ ណែល អេ ម៉ាកស្វែល« ស៊ី.អេស. លូវិស នៅក្នុងសៀវភៅរបស់គាត់Mere Christianity (គ្រាន់តែជាគ្រីស្ទាន)ពិពណ៌នាអំពីទំនាក់ទំនងរបស់យើងនឹងព្រះតាមវិធីមួយដ៏ពិសេស ដែលអាចជួយយើងមានអំណរគុណចំពោះរបៀបដើម្បីចុះចូលខ្លួនយើងទៅតាមព្រះទ័យទ្រង់ គឺជាវិធីតែមួយគត់ដែលការរីកចម្រើនខាងវិញ្ញាណអាចកើតឡើងបាន ៖
« សូមស្រម៉ៃថាខ្លួនអ្នកជាផ្ទះរស់ ។ ព្រះយាងមកហើយសាងសង់ផ្ទះនោះឡើងវិញ ។ ដំបូង ប្រហែលជាអ្នកអាចនឹងយល់ពីអ្វីដែលទ្រង់កំពុងធ្វើ ។ ទ្រង់បានរៀបទទឹកឲ្យត្រូវ ហើយបិទកន្លែងលិចទឹកនៅលើដំបូល ជាដើម ៖ អ្នកដឹងថា ការងារទាំងនោះចាំបាច់ត្រូវធ្វើ ហើយដូច្នេះអ្នកពុំភ្ញាក់ផ្អើលទេ ។ ប៉ុន្តែឥឡូវទ្រង់បានចាប់ផ្ដើមកែផ្ទះតាមរបៀបមួយដែលធ្វើឲ្យរង្គោះរង្គើរយ៉ាងខ្លាំង ហើយវាមើលទៅមិនសមហេតុផលទេ ។ តើទ្រង់កំពុងធ្វើអ្វីហ្នឹង ? ការពន្យល់គឺថា ទ្រង់កំពុងសាងសង់ផ្ទះមួយផ្សេងទៀតដែលមិនដូចគំនិតរបស់អ្នក--ទ្រង់ដាក់បង្អួចថ្មីនៅទីនេះ ដាក់កម្រាលឥដ្ឋបន្ថែមនៅទីនោះ បន្ថែមជាន់ធ្វើជាប៉មឡើង ហើយធ្វើរានហាន ។ អ្នកបានគិតថាអ្នកនឹងត្រូវរស់នៅក្នុងខ្ទមតូចមួយ ៖ ប៉ុន្តែផ្ទុយទៅវិញទ្រង់កំពុងសាងសង់ព្រះរាជវាំងមួយ » …’ ( New York: The Macmillan Company ឆ្នាំ ១៩៥២ ទំព័រ ១៦០ ) » ។ « The Value of Home Life » Ensign, ខែ កុម្ភៈ ឆ្នាំ ១៩៧២, ទំព័រ ៥ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៨-១១។ « ព្រះចេស្ដារបស់ព្រះអម្ចាស់ »
« និមិត្តរូបនៃការជប់លៀងដ៏ធំពីរ ដកស្រង់ចេញមកពីគម្ពីរសញ្ញាចាស់ អនុវត្តបានចំពោះព្រះចេស្ដារបស់ព្រះអម្ចាស់ ៖ ‹ ម្ហូបដ៏មានឱជារសយ៉ាងវិសេស › និង ‹ ស្រាទំពាំងបាយជូរសម្រាំងយ៉ាងល្អ › ។ រឿងទាំងពីរនេះ គឺជាទីសម្គាល់នៃភាពបរិបូរណ៍ ដែលចង្អុលបង្ហាញថា ពិធីជប់លៀង បានថ្លែងនៅទីនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ( សូមមើលផងដែរ គ. និង ស. ៥៧:៥-១៤,៦៥:៣,ម៉ាថាយ ២២:១-១៤,វិវរណៈ ១៩:៧-៩) » ( [Church Education System manual, ២០០១ ], ទំព័រ ១២០ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:១៤-១៥។ ប៊ីស្សព ប៉ាទ្រិច បានប្រែចិត្តពីអំពើបាបរបស់គាត់
ប៊ីស្សព ប៉ាទ្រិច បានទាស់សម្ដីនឹង យ៉ូសែប ស៊្មីធ អំពីគុណភាពនៃដី ដែលត្រូវបានជ្រើសរើសនៅក្នុងរដ្ឋ មិសសួរី ។ គាត់មានអារម្មណ៍ថាដីនៅកន្លែងផ្សេង គួរតែត្រូវបានទិញជំនួសវិញ ។ ព្រះអម្ចាស់បានវាយផ្ចាលប៊ីស្សព ប៉ាទ្រិច ចំពោះឥរិយាបទរបស់គាត់បែបនេះ ។
ប៊ីស្សព ប៉ាទ្រិច បានទទួលយកការស្ដីបន្ទោសពីព្រះអម្ចាស់ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨ដោយចិត្តរាបសា ។ គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីវិវរណៈនេះ ត្រូវបានប្រទានឲ្យ គាត់បានសរសេរសំបុត្រទៅកាន់ភរិយាគាត់ថា ៖ « អូនដឹងទេថា បងឈរនៅក្នុងកន្លែងដ៏សំខាន់មួយ ហើយនៅពេលត្រូវបានវាយផ្ចាលម្ដងម្កាល ពេលខ្លះបងមានអារម្មណ៍ដូចជាបងច្បាស់ជាបរាជ័យ មិនលះបង់បុព្វហេតុ ប៉ុន្តែបងភ័យខ្លាចថាកន្លែងបងគឺនៅខ្ពស់ជាងអ្វីដែលបងអាចធ្វើកិច្ចការដើម្បីឲ្យព្រះវរបិតាសួគ៌របស់បងអាចទទួលយកបងបាន » ( សំបុត្រទៅកាន់ លីឌៀ ប៉ាទ្រិច ថ្ងៃទី ៥-៧ ខែ សីហា ឆ្នាំ ១៨៣១ បណ្ណាល័យប្រវតិ្តសាសនាចក្រ ទីក្រុង សលត៍ លេក ) ។ កំណត់ហេតុនៅក្នុងការប្រជុំមួយនៅក្រុងស៊ីយ៉ូន ដែលត្រូវបានចាត់ទុកជាការទាស់សម្ដីរវាងព្យាការី យ៉ូសែប និង ប៊ីស្សព ប៉ាទ្រិច ដែលកត់ត្រាថា ប៉ាទ្រិច បាននិយាយថា « គាត់សុំទោស ហើយសុំទោសជានិច្ច » ចំពោះការមិនចុះសម្រុងនោះ ( Minute Book ២, Mar. 1០, ១៨៣២, ២៣, Church History Library, Salt Lake City; សូមមើលផងដែរ josephsmithpapers.org) ។ វិវរណៈមួយត្រូវបានប្រទានឲ្យនៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ១៨៣១ បានចង្អុលបង្ហាញថា ប៉ាទ្រិច ត្រូវបានអភ័យទោសចំពោះទង្វើររបស់គាត់ (Documents, Volume ២: ខែ កក្កដា ឆ្នាំ ១៨៣១–ខែមករា ឆ្នាំ ១៨៣៣វ៉ុលទី ២ នៃ the Documents series នៃThe Joseph Smith Papersឆ្នាំ ២០១៣ ], ទំព័រ៦២ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧-២៨។ « ប្រព្រឹត្តអ្វីៗជាច្រើន តាមបំណងចិត្តរបស់ខ្លួន »
គំរូវិជ្ជមានមួយអំពីការធ្វើតាមការទូន្មានឲ្យ « ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ » (គ. និង ស. ៥៨:២៧) គឺមាននៅក្នុងបទពិសោធន៍មួយ ដែលអែលឌើរ វ៉ុន ជេ ហ្វីឌើរស្តូន នៃពួកចិតសិបនាក់បានចែកចាយថា ៖
រូបភាពអែលឌើរ វ៉ុន ជេ ហ្វីឌើរស្តូន« ពេលខ្ញុំមានអាយុប្រហែលជាដប់ ឬដប់មួយឆ្នាំ បងប្អូនយើងជាច្រើនបានមកលេងផ្ទះ ។ មានប្រហែលជា ៣៥ ឬ ៤០ នាក់ ។ ម្ដាយខ្ញុំបានអញ្ជើញពួកគេមកបរិភោគអាហារពេលល្ងាច ។ បន្ទាប់ពីស្រស់ស្រូបអាហារពេលល្ងាចហើយ គ្រប់គ្នាបានទៅបន្ទប់មួយទៀត ហើយអង្គុយសួរសុខទុក្ខគ្នាលេង ។ មានឆ្នាំងចានប្រឡាក់គរជាគំនរនៅគ្រប់កន្លែង ។ អាហារពុំទាន់រៀបចំទុកដាក់ ហើយមានឆ្នាំងចានប្រឡាក់ៗពុំទាន់លាងជាច្រើនតាំងពីពេលរៀបធ្វើអាហារមក ។
« ខ្ញុំចាំពីការគិតមួយ ថា បន្ទាប់ពីគ្រប់គ្នាបានត្រឡប់ទៅវិញ នោះម្ដាយខ្ញុំនឹងត្រូវលាងសម្អាតចានឆ្នាំងទាំងនោះ ។គំនិតមួយបានកើតឡើងភ្លាម ។ គំនិតមួយបានដក់ក្នុងចិត្តខ្ញុំ ។ ខ្ញុំបានចាប់ផ្ដើមធ្វើការសម្អាត ។ នោះជាជំនាន់មុនពេលមានម៉ាស៊ីនលាងចាន ។ ម្ដាយខ្ញុំតែងតែស្អាតជានិច្ច ហើយគាត់បានបង្រៀនយើងពីរបៀបដើម្បីលាង និងជូតចានដោយត្រឹមត្រូវ ។ ខ្ញុំបានចាប់ផ្ដើមធ្វើការងារដ៏ច្រើននេះ ។ ទីបំផុត ប្រហែលជាបីម៉ោងក្រោយមក ខ្ញុំបានបង្ហើយការជូតចានចុងក្រោយគេ ។ ខ្ញុំបានរៀបចំទុកដាក់អាហារទាំងអស់ សម្អាតតុបាយ និងកន្លែងលាងចាន និងកម្រាលឥដ្ឋទាំងអស់ ។ ចង្ក្រានបានស្អាតភ្លឹង ។
« ខ្ញុំពុំអាចបំភ្លេចបាននូវផ្ទៃមុខរបស់ម្ដាយខ្ញុំ ក្រោយពេលដែលភ្ញៀវទាំងអស់បានត្រឡប់ទៅវិញនាយប់នោះអស់ គាត់បានមកចង្ក្រានបាយលាងសម្អាត ។ ខ្ញុំបានទទឹកជោគ តាំងពីដើមទ្រូងដល់ជង្គង់ ។ រាល់ការខិតខំទាំងអស់គឺមានតម្លៃ ពេលខ្ញុំមើលទៅទឹកមុខម្ដាយខ្ញុំ ។ វាគឺជាអារម្មណ៍ចម្រុះគ្នាលាយឡំ អារម្មណ៍ធូរស្រាល និង មោទនភាព ។ ខ្ញុំបានធ្វើការសម្រេចចិត្តមួយនាពេលនោះថា ខ្ញុំនឹងព្យាយាមរំពឹងគិតពីទឹកមុខគាត់ម្ដងហើយម្ដងជានិច្ច » (We Love Those We Serve, » New Eraខែ មិនា ឆ្នាំ ១៩៨៨, ទំព័រ ១៩) ។