មេរៀនទី ៦២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧
បុព្វកថា
នៅខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានបញ្ជាឲ្យ យ៉ូសែប ស្ម៊ីធ និង ពួកអែលឌើរផ្សេងទៀត កោះហៅប្រជុំសន្និសីទសាសនាចក្រមួយនៅរដ្ឋ មីសសួរី ( សូមមើលគ. និង ស. ៥២:២) ។ ដោយគោរពប្រតិបត្តិតាមបញ្ញត្តិ នោះយ៉ូសែប ស្ម៊ីធ និងអ្នកផ្សេងទៀត បានធ្វើដំណើរចម្ងាយ ៩០០ ម៉ែល ពី អូហៃអូ ទៅរដ្ឋមីសសួរី ។ បន្ទាប់ពីព្យាការីបានធ្វើដំណើរដល់រដ្ឋ មីសសួរី នោះលោកបានទទួលវិវរណៈ ដែលឥឡូវបានកត់ត្រាទុកនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ៥៧ ។ នៅក្នុងកណ្ឌនេះ ព្រះអម្ចាស់ បានបើកសម្ដែងទីតាំងសម្រាប់ទីក្រុង ស៊ីយ៉ូន ដែលបំពេញតាមការសន្យាមួយ ដែលទ្រង់បានធ្វើពីដើមចំពោះពួកបរិសុទ្ធ ( សូមមើលគ. និង ស. ៥២ ) ។ ព្រះអម្ចាស់ ក៏បានណែនាំផងដែរដល់បុគ្គលជាច្រើន ទាក់ទងនឹងតួនាទីរបស់ពួកគេនៅក្នុងការស្ថាបនា ស៊ីយ៉ូន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:១-៦
ព្រះអម្ចាស់បើកសម្ដែងទីតាំងនៃទីក្រុងស៊ីយ៉ូន
សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាមួយដែលពួកគេមានចំណង់ពិតជាចង់ធ្វើអ្វីមួយយ៉ាងខ្លាំង ដូចជាការប្រារព្ធពិធីសម្រាប់ថ្ងៃឈប់សម្រាកមួយ ឬថ្ងៃខួបកំណើត ការបម្រើបេសកកម្ម ការទៅព្រះវិហារបរិសុទ្ធ ការទទួលអំណោយ ឬការទៅសួរសុខទុក្ខមនុស្សជាទីស្រឡាញ់ ។ សូមសួរសិស្សថា តើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលព្រឹត្តការណ៍ដែលពួកគេកំពុងទន្ទឹងរងចាំនោះនឹងមកដល់ឆាប់ៗ ។
-
ហេតុអ្វីព្រឹត្តការណ៍នេះសំខាន់ខ្លាំងម្ល៉េះចំពោះអ្នក ?
-
តើសកម្មភាពរបស់អ្នក ជះឥទ្ធិពលលើការរំភើបចិត្តរបស់អ្នកចំពោះព្រឹត្តការណ៍នេះយ៉ាងដូចម្ដេច ?
សូមរំឭកសិស្សថា តាមរយៈវិវរណៈដែលបានប្រទានដល់ យ៉ូសែប ស្ម៊ីធ នោះពួកបរិសុទ្ធបានដឹងថា ស៊ីយ៉ូន នឹងស្ថិតនៅក្នុងទីតាំងណាមួយនៅ រដ្ឋ មីសសួរី ( សូមមើលគ. និង ស. ៥២:២, ៥, ៤២ ) ។ សូមពន្យល់ថា បន្ទាប់ពីព្រះអម្ចាស់ហៅពួកបរិសុទ្ធជំនាន់មុនមួយចំនួនឲ្យធ្វើដំណើរមកពីរដ្ឋ អូហៃអូ ទៅកាន់រដ្ឋ មីសសួរីមក នោះសមាជិកជាច្រើននៃសាសនាចក្របានសិក្សាស្មានដឹងជាមុន អំពីទីតាំងជាក់លាក់នៃទីក្រុងស៊ីយ៉ូន ។
ដើម្បីជួយសិស្សញាណដឹងអំពីអារម្មណ៍ក្លៀវក្លារបស់ពួកបរិសុទ្ធអំពីការស្ថាបនាឡើងនៃស៊ីយ៉ូន សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវដំណើររឿងដូចខាងក្រោមអំពីបងស្រី ប៉ូលី ណៃត៍ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់អំពីរបៀបដែលសកម្មភាពរបស់បងស្រី ណៃត៍ ឆ្លុះបញ្ចាំងអំពី ការគិតទុកជាមុនសម្រាប់ការស្ថាបនានៃក្រុងស៊ីយ៉ូន ។
« បងស្រី ណៃត៍ ជាម្ដាយរបស់ នូវែល និងជាសមាជិកនៃសាខា ខូលស្វិល បានប្រថុយជីវិតរបស់គាត់ធ្វើដំណើរទៅស៊ីយ៉ូន ។ សុខភាពរបស់ ភូលី បានធ្លាក់ចុះ ប៉ុន្តែចិត្តរំភើបរបស់គាត់ដើម្បីមើលទឹកដីសន្យា គឺខ្លាំងក្លាបំផុត ដែលគាត់បានបដិសេធពុំចង់នៅក្នុងរដ្ឋ អូហៃអូ ។… កូនប្រុសរបស់គាត់បានសរសេរថា ‹ បំណងដ៏ធំបំផុតរបស់គាត់តែមួយគត់ គឺដើម្បីទៅជាន់លើទឹកដីស៊ីយ៉ូន និងរូបកាយរបស់គាត់ត្រូវបញ្ចុះនៅក្នុងទឹកដីនោះ › ។… ក្រោយមក គាត់បានប្រាប់ថា ‹ ព្រះអម្ចាស់បានប្រទានតាមបំណងនៃដួងចិត្តគាត់ ហើយគាត់បានរស់នៅដើម្បីឈរលើទឹកដីនោះ › [Scraps of Biography: Tenth Book of the Faith-Promoting Series, 1883 ) ទំព័រ ៧០ សូមមើលផងដែរHistory of the Church,១:១៩៩] ។ ភូលី បានទទួលមរណភាព ក្រោយពីទៅដល់ទឹកដីស៊ីយ៉ូន បានពីរសប្តាហ៏ ហើយគាត់គឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយដំបូងគេដែលបានបញ្ចុះសពនៅរដ្ឋ មីសសួរី » (Church History in the Fulness of Times,បោះពុម្ពលើកទីពីរ [Church Educational System manual, ២០០៣] ទំព័រ ១០៥ ) ។
សូមរំឭកសិស្សថា មានមនុស្សបីក្រុម ដែលត្រូវបានហៅឲ្យធ្វើដំណើរជិត ៩០០ ម៉ែលទៅរដ្ឋ មីសសួរី ៖ ព្យាការី និងក្រុមតូចមួយនៃពួកអែលឌើរ ( សូមមើលគ. និង ស. ៥២, ៥៣) ក្រុមពួកអ្នកផ្សព្វផ្សាយសាសនាមួយក្រុម ត្រូវបានហៅឲ្យផ្សាយនៅតាមផ្លូវ ( សូមមើលគ. និង ស. ៥២) និងពួកបរិសុទ្ធខូលស្វិល ដែលបានដឹកនាំដោយ នូវែល ណៃត៍ ( សូមមើលគ. និង ស. ៥៤) ។
សូមពន្យល់ថា បន្ទាប់ពីទៅដល់រដ្ឋ មីសសួរី ព្យាការី បានទូលសួរព្រះអម្ចាស់ដើម្បីដឹងច្រើនទៀតអំពីទីកន្លែងនៃក្រុងស៊ីយ៉ូន នឹងត្រូវបោះទីតាំង ហើយពេលណាដែលគួរតែសាងសង់ឡើង ។ ចម្លើយរបស់ព្រះអម្ចាស់ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលកន្លែងដែលព្រះអម្ចាស់មានបន្ទូលអំពីទីក្រុងស៊ីយ៉ូនត្រូវសាងសង់ឡើង ។
-
តើទីក្រុងស៊ីយ៉ូនត្រូវសាងសង់ឡើងនៅកន្លែងណា ? ( អ៊ិនឌីប៉ែនដែនស៍ ឃុំចាកសុន រដ្ឋ មីសសួរី ) ។
-
តើព្រះវិហារបរិសុទ្ធត្រូវសាងសង់ឡើងនៅកន្លែងណា ដែលទាក់ទងទៅនឹងទឹកដីស៊ីយ៉ូន ? ( នៅក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ជាកន្លែងកណ្ដាលនៃស៊ីយ៉ូន ) ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:៣សារឡើងវិញដោយស្ងាត់ស្ងៀម រកមើលថាតើព្រះអម្ចាស់មានបន្ទូលថាគួរតាំងនៅកន្លែងណាក្នុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ជាកន្លែងកណ្ដាលនៃស៊ីយ៉ូន ។
-
តើព្រះអម្ចាស់ចង្អុលបង្ហាញពីអ្វីខ្លះ ដែលគួរតែតាំងនៅក្នុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី ឬនៅក្នុងកន្លែងកណ្ដាលនៃស៊ីយ៉ូន ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ព្រះវិហារបរិសុទ្ធគឺស្ថិតនៅកន្លែងកណ្ដាលនៃស៊ីយ៉ូន ) ។
សូមសង្ខេបគោលលទ្ធិ និងសេចក្ដីសញ្ញា ៥៧:៤-៦ដោយពន្យល់ថា ព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធទិញដីនៅជុំវិញឃុំចាកសុន រដ្ឋ មីសសួរី ដែលនឹងអាចឲ្យពួកគេចាប់ផ្ដើមស្ថាបនាស៊ីយ៉ូន និងសាងសង់ព្រះវិហារបរិសុទ្ធ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:៧-១៦
ព្រះអម្ចាស់ ណែនាំដល់បុគ្គលម្នាក់ៗ ដែលទាក់ទងនឹងតួនាទីរបស់ពួកគេនៅក្នុងការស្ថាបនា ស៊ីយ៉ូន ។
សូមអញ្ជើញសិស្សពីរនាក់ឲ្យដើរតួសម្តែងដូចខាងក្រោម នៅខាងមុខថ្នាក់រៀន ( អ្នកអាចនិយាយជាមួយសិស្សពីរនាក់នោះ មុនពេលចាប់ផ្ដើមថ្នាក់រៀន ហើយទុកពេលឲ្យពួកគេរៀបចំខ្លួន ) ៖
សិស្សម្នាក់សួរដល់សិស្សផ្សេងទៀតថា ហេតុអ្វីក៏ពួកគេមិនមកកាន់ការប្រជុំសាសនាចក្រ ឬសកម្មភាពនានាមួយរយៈក្រោយនេះ ។ សិស្សទីពីរតបថា ពួកគាត់មានអារម្មណ៍ថាមិនចាំបាច់ ។ សិស្សពុំមែនជាអ្នកដឹកនាំក្នុងថ្នាក់យុវវ័យ ឬកូរ៉ុម ហើយពុំមានអារម្មណ៍ថាគាត់ធ្វើឲ្យមានភាពខុសប្លែកអ្វីចំពោះអ្នកដទៃនៅក្នុងក្រុម ។
បន្ទាប់ពីសិស្សទីពីរ បានចែកចាយអំពីកង្វល់ទាំងនេះ សូមសួរដល់សិស្សក្នុងថ្នាក់ ថាតើពួកគេនឹងឆ្លើយតបដើម្បីជួយសិស្សនេះយ៉ាងដូចម្ដេច ។ បន្ទាប់ពីពួកគេបានចែកចាយគំនិតរបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យរកមើលគោលការណ៍មួយ ដែលអាចជួយយុវជន ឬយុវនារីនេះ នៅពេលពួកគេសិក្សាផ្នែកដែលនៅសល់ទាំងប៉ុន្មានក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ៥៧ ។
សូមសរសេរសេចក្ដីយោងខគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖គ. និង ស. ៥៧:៧,គ. និង ស. ៥៧:៨-១០,គ. និង ស. ៥៧:១១-១២,គ. និង ស. ៥៧:១៣។
សូមបែងចែកសិស្សជាគូៗ ហើយចាត់ឲ្យគូនីមួយៗនូវវគ្គបទគម្ពីរយោងមួយ ដែលបានសរសេរនៅលើក្ដារខៀននោះ ។ សូមឲ្យសិស្សអានវគ្គបទគម្ពីរ ដែលពួកគេបានចាត់ ហើយរកចម្លើយចំពោះសំណួរដូចខាងក្រោម ។ អ្នកអាចនឹងចង់សរសេរសំណួរទាំងនេះលើក្ដារខៀន ។
-
តើព្រះអម្ចាស់ចាត់ឲ្យនរណាជួយស្ថាបនាស៊ីយ៉ូន ?
-
តើបុគ្គលម្នាក់នេះបានចាត់ឲ្យធ្វើអ្វីខ្លះ ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលជាការរកឃើញរបស់ពួកគេ ។ សូមពន្យល់ថា មនុស្សម្នាក់ៗដែលត្រូវបានប្រឹក្សាឲ្យតាំងលំនៅនៅក្នុងរដ្ឋ មីសសួរី មានអំណោយទាន និងទេពកោសល្យ ដែលត្រូវការចាំបាច់ដើម្បីស្ថាបនាស៊ីយ៉ូន ។
-
តើពាក្យទូន្មានរបស់ព្រះអម្ចាស់បង្រៀនយើងអ្វីខ្លះ អំពីរបៀបដែលទ្រង់ស្ថាបនានគររបស់ទ្រង់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖យើងគួរតែប្រើកម្លាំងផ្ទាល់ខ្លួនយើងម្នាក់ៗដើម្បីជួយស្ថាបនានគររបស់ព្រះអម្ចាស់ នៅពេលទ្រង់ហៅយើងឲ្យធ្វើដូច្នោះ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សសរសេរវានៅគែមព្រះគម្ពីររបស់ពួកគេជិតខ ៨-១៣ ) ។
-
តើការយល់ដឹងអំពីសេចក្ដីពិតនេះ អាចជួយយុវជន ឬយុវនារី ក្នុងការសម្ដែងយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យយល់ពីសេចក្ដីពិតនេះ និងរបៀបដែលវាទាក់ទងនឹងពួកគេកាន់តែល្អ សូមសរសេរសំណួរដូចខាងក្រោម នៅលើក្ដារខៀន ហើយសុំឲ្យសិស្សឆ្លើយវានៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ៖
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ចែកចាយចម្លើយរបស់គេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមអញ្ជើញសិស្សឲ្យចែកចាយគំរូអំពីមនុស្សដែលពួកគេស្គាល់ថា បានស្ថាបនាសាសនាចក្រ ដោយការប្រើកម្លាំងផ្ទាល់ខ្លួន អំណោយទានខាងវិញ្ញាណ និងជំនាញដែលពួកគេមាន ។ សូមបញ្ចប់ដោយធ្វើការបញ្ជាក់ថា សិស្សម្នាក់ៗរបស់អ្នកមានតួនាទីសំខាន់មួយ នៅក្នុងការស្ថាបនានគររបស់ព្រះអម្ចាស់ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើដោយអស់កម្លាំងរបស់ពួកគេម្នាក់ៗ ដើម្បីប្រទានពរដល់ក្រុមគ្រួសារ និងសាសនាចក្ររបស់ពួកគេ ។