មេរៀនទី ១៣០
ការកសាងទីក្រុង ណៅវូ
បុព្វកថា
បន្ទាប់ពីការបណ្តេញពួកបរិសុទ្ធចេញពីរដ្ឋ មិសសួរីមក ពួកគេបានដើរឆ្លងវាលភក់ល្បប់តាមដងទន្លេ មីស៊ីស៊ីពី ចូលក្នុងទីក្រុងណៅវូទឹកដីដ៏ស្រស់ត្រកាល ។ ទីក្រុងណៅវូ រដ្ឋ អិលលីណោយបានក្លាយជាទីស្នាក់ការកណ្ដាលរបស់សាសនាចក្រពីឆ្នាំ ១៨៣៩ ដល់ ១៨៤៦ ។ សមាគមសង្គ្រោះត្រូវបានបង្កើតឡើងនៅទីនោះ ហើយចេញពីទីក្រុងណៅវូ ទីស្នាក់ការកណ្តាលនៃអ្នកផ្សព្វផ្សាយសាសនាបានផ្សព្វផ្សាយកាន់តែច្រើនលើផែនដី ។
កំណត់ចំណាំ ៖ មេរៀននេះ ផ្ដល់នូវឱកាសមួយសម្រាប់សិស្សពីរនាក់ឡើងមកបង្រៀន ។ សូមជ្រើសរើសសិស្សពីរនាក់ឲ្យបានពីរបីថ្ងៃមុនមេរៀននេះ ហើយផ្តល់ច្បាប់ចម្លងនៃផ្នែកដែលបានចាត់តាំងដើម្បីពួកគេអាចរៀបចំមេរៀននោះ ។
យោបល់សម្រាប់ការបង្រៀន
ពួកបរិសុទ្ធបានកសាងទីក្រុងណៅវូ
រំឭកសិស្សថា ពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋ មិសសួរី អំឡុងពេលនៃរដូវរងាឆ្នាំ ១៨៣៨–៣៩ ខណៈយ៉ូសែប ស្ម៊ីធ ជាប់ឃុំឃាំងនៅក្នុងគុកលីបើធី ។
-
តើអ្នកគិតថាពួកបរិសុទ្ធអាចមានអារម្មណ៍បែបណានៅពេលពួកគេត្រូវបានបណ្តេញចេញពីរដ្ឋ មិសសួរី ? ( ចម្លើយអាចរួមមានថា ពួកបរិសុទ្ធឆ្ងល់ថាតើពួកគេនឹងត្រូវទៅទីណា ) ។
សូមពន្យល់ថាបន្ទាប់ពីការបណ្តេញពួកបរិសុទ្ធចេញពីរដ្ឋមិសសួរី ពួកគេបានរកឃើញទីជម្រកនៅ ឃ្វីនស៊ី រដ្ឋ អិលលីណោយ និង តាមសហគមតូចៗផ្សេងទៀត ។ សូមអញ្ចើញសិស្សឲ្យប្រាប់ពី ទីតាំងនៃ ឃ្វីនស៊ី នៅក្នុងផែនទី ៦ (« ការប្តូរទីលំនៅទៅភាគខាងលិចនៃសាសនាចក្រ ») នៅក្នុងផ្នែកផែនទីប្រវត្តិសាសនាចក្រនៃព្រះគម្ពីររបស់ពួកគេ ។ នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ១៨៣៩ យ៉ូសែប ស៊្មីធ និង មិត្តភក្តិដែលជាប់ទោសជាមួយលោកត្រូវបានប្រាប់ថា ពួកគេនឹងប្តូរទៅទីតាំងមួយផ្សេងទៀត ។ នៅតាមផ្លូវទៅទីតាំងថ្មីនេះ ពួកអ្នកយាមរបស់ពួកលោកបានឲ្យពួកលោករត់គេច ដោយដឹងពីភាពអយុត្តិធម៌នៃការបង្ខាំងទុកពួកលោកជាយូរមកនោះ ។ ប្រហែលជាមួយសប្ដាហ៍ក្រោយមក យ៉ូសែប ស៊្មីធ បានជួបជុំជាមួយគ្រួសាររបស់លោកវិញនៅឃ្វីនស៊ី ។ ក្រោមការដឹកនាំរបស់យ៉ូសែប ស្ម៊ីធ សាសនាចក្របានទិញដីនៅសងខាងទន្លេ មីស៊ីស៊ីពី ភាគខាងជើងនៃឃ្វីនស៊ី ។ ភាគខាងលិចនៃទន្លេនោះគឺជាផ្នែកមួយទឹកដីរដ្ឋ អៃអូវ៉ា ហើយភាគខាងកើតគឺផ្នែកមួយនៃរដ្ឋ អិលលីណោយ ។ ពួកបរិសុទ្ធបានកសាងទីស្នាក់ការកណ្តាលថ្មីមួយរបស់សាសនាចក្រនៅផ្នែកម្ខាងនៃរដ្ឋ អិលលីណោយ នៅកន្លែងមួយដែលហៅថា ខមមើស ដែលក្រោយមកពួកគេបានដាក់ឈ្មោះថ្មីហៅថាណៅវូ ។
សូមអញ្ចើញសិស្សទីមួយឲ្យដែលត្រូវបង្រៀនចេញមក ហើយបង្រៀនខ្លីៗដល់សិស្សអំពីការកសាងទីក្រុងណៅវូ ។
សិស្សដែលត្រូវបង្រៀនទី ១ ៖ ពួកបរិសុទ្ធបានប្តូរឈ្មោះ ខមមើស រដ្ឋ អិលលីណោយ ទៅជា ណៅវូ—ទឹកដីដ៏ស្រស់ត្រកាល ។
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ តើមានកាលៈទេសៈណាខ្លះនៅក្នុងជីវិតអ្នកក្នុងពេលនេះដែលពិបាក ឬ មិនរីករាយ ? សូមទុកពេលឲ្យសិស្សពិចារណាអំពីសំណួរនេះ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកការយល់ដឹងអំពីរបៀបដែលពួកគេអាចដោះស្រាយជាមួយកាលៈទេសៈដែលលំបាក ឬ មិនរីករាយ នៅពេលពួកគេរៀនអំពីពួកបរិសុទ្ធដែលបានកសាងទីក្រុងណៅវូ ។
សូមពន្យល់ថាសមាជិកសាសនាចក្របានប្តូរឈ្មោះទឹកដីតូចមួយដែលហៅថា ខមមើស ទៅជាណៅវូវិញ ដែលភាសាហេព្រើរមានន័យថាស្រស់ស្អាត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានការពិពណ៌នាខាងក្រោមនេះអំពីស្ថានភាពនៃតំនប់នេះកាលពេលបរិសុទ្ធបានទៅដល់ទីនោះលើកដំបូងនៅក្នុងឆ្នាំ ១៨៣៩ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ ហើយពិចារណាពីប្រតិកម្មរបស់ពួកគេអំពីស្ថានភាពនៃតំបន់នោះ ។
នៅពេលពួកបរិសុទ្ធបានទៅដល់កន្លែងមួយដែលពួកគេនឹងហៅថា ណៅវូ ភាគច្រើននៃដីនោះគឺជាវាលភក់ល្បប់ដែលមានសុទ្ធតែមូស ។ មូសទាំងនោះចម្លងជំងឺមួយហៅថាគ្រុនចាញ់ ដែលបណ្តាលឲ្យមានការក្តៅខ្លួនខ្លាំង និង រងាញាក់ ហើយអាចបណ្តាលឲ្យស្លាប់បាន ។ ពួកបរិសុទ្ធជាច្រើនបានឆ្លងជំងឺនោះហើយធ្លាក់ខ្លួនឈឺ ។ អ្នកជំងឺមួយចំនួនឈឺកាន់តែធ្ងន់ ពួកគេបានត្រឹមតែលូនក្នុងការជួយគ្នាទៅវិញទៅមក ហើយពួកគេមួយចំនួនបានស្លាប់ ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពលើកទី ២ [Church Educational System manual ឆ្នាំ ២០០៣] ទំព័រ ២១៧-១៨ ) ។
-
តើអ្នកនឹងហៅទីនោះថាជាទឹកដីដ៏ស្រស់ត្រកាលដែរឬទេ ? ហេតុអ្វីអ្នកគិតថា ព្យាការីយ៉ូសែប ស៊្មីធបានជ្រើសរើសហៅវាលភក់ល្បប់នេះថាជាទឹកដីដ៏ស្រស់ត្រកាលទៅវិញ ?
សូមអញ្ជើញសិស្សម្នាក់អានកថាខណ្ឌខាងក្រោម ដែលពន្យល់ពីរបៀបដែលពួកបរិសុទ្ធឆ្លើយតបនឹងឧបសគ្គដែលពួកគេបានជួបប្រទះក្នុងកន្លែងដែលជាគេហដ្ឋានថ្មីរបស់ពួកគេ ។
យ៉ូសែប ស៊្មីធក៏បានកើតជំងឺគ្រុនចាញ់ផងដែរ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយពីឈឺមក លោកបានជាឡើងវិញនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ១៨៣៩ ហើយបានពោរពេញដោយព្រះវិញ្ញាណនៃព្រះ ។ លោកបានប្រសិទ្ធពរអ្នកជំងឺជាច្រើននៅក្បែរផ្ទះរបស់លោក ។ មានពេលមួយនោះ យ៉ូសែប បានទៅដល់តង់មួយដែលជាកម្មសិទ្ធរបស់សមាជិកសាសនាចក្រ ឈ្មោះ ហិនរី ជី ស៊ើវួឌ ដែលហៀបនឹងស្លាប់ទៅហើយ ។ នៅពេលព្យាការីបានបញ្ជាឲ្យគាត់ក្រោកឡើង ហើយចេញពីតង់បងប្រុស ស៊ីវួឌបានធ្វើតាម ហើយបានជាសះស្បើយ ។
យ៉ូសែបបានឆ្លងទន្លេទៅផ្នែកម្ខាងទៀតនៃរដ្ឋ អៃអូវ៉ា ហើយបន្តប្រសិទ្ធពរដល់អ្នកឈឺ ។ នៅពេលយ៉ូសែបកំពុងរៀបចំត្រឡប់មកខាងរដ្ឋ អិលលីណោយវិញនោះ មានបុរសម្នាក់ដែលមិនមែនជាសមាជិកសាសនាចក្រ បានសុំព្យាការីឲ្យទៅប្រសិទ្ធពរដល់កូនភ្លោះរបស់គាត់ដែលមានចម្ងាយប្រហែលពីរម៉ាយពីទីនោះ ។ « យ៉ូសែប បាននិយាយថា គាត់មិនអាចទៅបានឡើយ ប៉ុន្តែគាត់បានឲ្យកន្សែងដៃ សូត្រពណ៌ក្រហម ឲ្យទៅ វិលហ្វូឌ វូឌដ្រុព្វ ហើយបានប្រាប់លោកឲ្យទៅប្រសិទ្ធពរដល់ពួកគេ ដោយសន្យាថានៅពេលលោកជូតកន្សែងនេះលើមុខរបស់ពួកគេ នោះពួកគេនឹងបានជាសះស្បើយ » (Church History in the Fulness of Times, ទំព័រ ២១៩ ) ។ វិលហ្វូឌ បានធ្វើតាមការណែនាំនោះ ហើយក្មេងទាំងពីរនោះបានជាសះស្បើយមែន ។ វិលហ្វូឌ បានហៅថ្ងៃនោះថា « ជាថ្ងៃនៃព្រះចេស្តានៃព្រះ » ( វិលហ្វូឌ វូឌដ្រុព្វ សៀវភៅទិន្នានុប្បវត្តិថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ១៨៣៩ ដែលបានដកស្រង់នៅក្នុង Church History in the Fulness of Times, ទំព័រ ២១៨ ) ។
ទោះបីជាមានសេចក្តីជំនឿ និង ព្រះចេស្តានៃថ្ងៃនោះ ជំងឺនៅតែបន្តកើតមានចំពោះពួកបរិសុទ្ធអស់រយៈពេលជាច្រើនខែ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបន្តថែទាំគ្នាទៅវិញទៅមក ហើយបានធ្វើការសាងសង់ផ្ទះថ្មីរបស់ពួកគេ ។ ពួកគេបានជីក អណ្តូងដើម្បីបង្ហូរទឹក ចេញពីវាលភក់ល្បប់ចូលទៅក្នុងទន្លេ ដែលធ្វើឲ្យដីកាន់តែមានប្រយោជន៍ ហើយកាត់បន្ថយបញ្ហាមូស ។ ទីបំផុតពួកគេបានសង់ ផ្ទះ និង សំណង់ដទៃផ្សេងទៀតជាច្រើនរួមទាំង ព្រះវិហារបរិសុទ្ធណៅវូដែលមានមនុស្សមួយចំនួនចាត់ទុកថាវាជាអគារដែលស្រស់ស្អាតជាងគេបំផុតនៅក្នុងប្រទេស ។
-
តើ« ថ្ងៃនៃព្រះចេស្តានៃព្រះ » នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ១៨៣៩ ជួយអ្នកឲ្យមានសេចក្តីជំនឿកាន់តែខ្លាំងលើព្រះអម្ចាស់យ៉ាងដូចម្តេច ?
-
តើពួកបរិសុទ្ធបានធ្វើឲ្យទីក្រុងណៅវូជាទឹកដីដ៏ស្រស់ត្រកាលរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់ពួកគេ ?
បន្ទាប់ពីសិស្សបានពិភាក្សាអំពីគំរូរបស់ពួកបរិសុទ្ធដែលព្យាយាមធ្វើការសាងសង់ទីក្រុងណោវូ សូមសួរសំណួរខាងក្រោម ៖
-
តើមានអ្វីខ្លះអាចកើតមានឡើងនៅពេលយើងព្យាយាមកែលម្អបរិស្ថានជុំវិញខ្លួនយើង ?
នៅពេលសិស្សឆ្លើយតបសូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ នៅពេលយើងព្យាយាមកែលម្អបរិស្ថាននៅជុំវិញខ្លួនយើង នោះខ្លួនយើងនឹងរីកចម្រើនកាន់តែប្រសើរ ។ សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលបង្ហាញនៅក្នុងគោលការណ៍នេះ ។ អ្នកអាចចែកចាយបទពិសោធន៍ ឬថ្លែងទីបន្ទាល់អំពីគោលការណ៍នេះផងដែរ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលឱកាសនានាក្នុងពេលបច្ចុប្បន្ននេះ ដើម្បីកែលម្អបរិស្ថាននៅជុំវិញពួកគេ ។
សិស្សដែលត្រូវបង្រៀនទី ២ ៖ សមាគមសង្គ្រោះត្រូវបានបង្កើត
កំណត់ចំណាំ ៖ ពីមុនចាប់ផ្តើមថា្នក់ សូមឲ្យសមាជិកម្នាក់នៃសមាគមសង្គ្រោះ ( ដូចជាសមាជិកគ្រួសារ ឬ មិត្តភក្ដិ ) ឲ្យប្រាប់អ្នកអំពីរបៀបមួយចំនួនដែលសមាគមសង្គ្រោះបានផ្តល់ឱកាសដល់គាត់ចូលរួមក្នុងកិច្ចការរបស់ព្រះអម្ចាស់ ហើយបានប្រទានពរដល់ជីវិតគាត់ ។ សូមគិតពីការសរសេរនូវអ្វីដែលអ្នកបានរៀនពីគាត់ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីស្ត្រីនៅក្នុងព្រះគម្ពីរដែលពួកគេពេញចិត្ត ។ សូមឲ្យពួកគេប្រាប់ដៃគូម្នាក់អំពីស្ត្រីនោះ និង មូលហេតុដែលពួកគេកោតសសើរគាត់ ។ បន្ទាប់ពីដៃគូនិមួយៗមានពេលពិភាក្សា សូមពន្យល់ថាស្ត្រីនៅក្នុងទីក្រុងណៅវូគឺជាកម្លាំងដ៏អស្ចារ្យមួយនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។
សូមពន្យល់ថានៅក្នុងឆ្នាំ ១៨៤២ ស្ត្រីមួយចំនួននៅក្នុងទីក្រុងណៅវូ បានជួបជុំគ្នាពិភាក្សាពី របៀបដែលពួកគេអាចជួយក្នុងការកសាងព្រះវិហារបរិសុទ្ធណៅវូ ។ ពួកគេបានបង្កើតសមាគមមួយ ហើយបានសរសេរច្បាប់ និង ក្រឹត្យក្រមដើម្បីគ្រប់គ្រងកិច្ចការរបស់ពួកគេ ។ ពួកគេបានបង្ហាញច្បាប់់ និង ក្រឹត្យក្រមនោះដល់ព្យាការី យ៉ូសែប ស៊្មីធ ដែលបានមានប្រសាសន៍ថាច្បាប់នេះជា « ច្បាប់ល្អបំផុតដែលលោកធ្លាប់បានឃើញ » ។ ប៉ុន្តែក្រោយមកលោកបានមានប្រសាសន៍ថាព្រះអម្ចាស់មាន « អ្វីមួយដែលប្រសើរជាងមុនសម្រាប់ពួកគេជាងច្បាប់ដែលបានសរសេរនោះ » ។ លោកបានអញ្ជើញពួកគេឲ្យជួបជាមួយលោកនៅសប្តាហ៍បន្ទាប់ នៅពេលលោកនឹង « រៀបចំស្ត្រីនៅក្រោមបព្វជិតភាពតាមគំរូនៃបព្វជិតភាព » ( សារ៉ា អិម ឃឹមបឹល « Auto-biography » Woman’s Exponent, ថ្ងៃទី ១ ខែកញ្ញា ១៨៨៣ ទំព័រ ៥១ បានដកស្រង់ក្នុង Daughters in My Kingdom: The History and Work of Relief Society [ ឆ្នាំ ២០១១ ] ទំព័រ ១២) ។ អង្គការនេះគឺជាសមាគមសង្គ្រោះ ។
អិមម៉ា ស្ម៊ីធ ត្រូវបានហៅឲ្យធ្វើជាប្រធានសមាគមសង្គ្រោះទូទៅដំបូងគេ ។ អ៊ីឡៃស្សា អរ ស្នូ ជាលេខានៃសមាគមសង្គ្រោះនៅទីក្រុងណៅវូ ហើយក្រោយមកក្លាយជាប្រធានសមាគមសង្គ្រោះទូទៅទីពីរបានបង្រៀនថា « ថ្វីដ្បិតតែឈ្មោះ [ សមាគមសង្រ្គោះ ] មានភាពទំនើបក្តី ប៉ុន្តែស្ថាបននេះមានប្រភពដើមពីបុរាណ ។ យើងត្រូវបានប្រាប់ដោយ [ ព្យាការី យ៉ូសែប ស៊្មីធ ] ថាអង្គការដូចគ្នានេះបានមានក្នុងសាសនាចក្រកាលពីបុរាណ » ( « Female Relief Society » Deseret News, ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៨៦៨ ទំព័រ ១ សូមមើលផងដែរ Daughters in My Kingdom, ទំព័រ ៧) ។
-
តើយើងអាចរៀនអ្វីខ្លះអំពីសមាគមសង្គ្រោះពីសេចក្តីថ្លែងការណ៍របស់ អ៊ីឡៃស្សា អរ ស្នូ ? ( នៅពេលសិស្សឆ្លើយ សូមសរសេរសេចក្តីពិតនេះនៅលើក្តារខៀន ៖ សមាគមសង្គ្រោះគឺជាផ្នែកដ៏បំផុសគំនិតមួយនៃការស្តារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ) ។
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងឲ្យយល់ពីសេចក្តីពិតនេះ ?
សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដែលទាក់ទងនឹងគោលបំណងនៃសមាគមសង្គ្រោះ ៖
« សមាគមសង្គ្រោះត្រូវបានបង្កើតឡើង ដើម្បីជួយរៀបចំបុត្រីរបស់ព្រះដើម្បីទទួលពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ គោលបំណងនៃសមាគមសង្គ្រោះ គឺដើម្បីបង្កើនសេចក្ដីជំនឿ និងសេចក្ដីសុចរិតផ្ទាល់ខ្លួន ពង្រឹងក្រុមគ្រួសារ និងគេហដ្ឋាន និងផ្ដល់ការសង្គ្រោះដោយស្វែងរក និងជួយអ្នកទាំងឡាយណាដែលត្រូវការជំនួយ » (Daughters in My Kingdom,xi ) ។
សូមប្រាប់សិស្សក្នុងថ្នាក់អំពីការសន្ទនាដែលអ្នកមានជាមួយសមាជិកម្នាក់នៃសមាគមសង្គ្រោះ រួមទាំងគំនិតរបស់អ្នកអំពីអ្វីដែលអ្នកបានរៀន ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីគោលការណ៍ទាំងឡាយដែលអ្នកបានសរសេរលើក្តារខៀន ។
កិច្ចការអ្នកផ្សព្វផ្សាយសាសនាផ្សព្វផ្សាយទូទាំងផែនដី
សូមអរគុណដល់សិស្សដែលបានបង្រៀន ។ ដើម្បីរៀបចំសិស្សឲ្យរៀនអំពីការរីកចម្រើននៃសាសនាចក្រអំឡុងពេលនៅណៅវូ សូមសួរសំណួរខាងក្រោម ៖
-
តើវត្ថុអ្វីខ្លះដែលធ្វើឲ្យយើងអាចពន្លត់ភ្លើងបាន ?
-
តើអ្វីខ្លះដែលអាចធ្វើឲ្យភ្លើងកាន់តែឆេះខ្លាំងឡើយ ?
-
យ៉ូសែប ស៊្មីធ បានប្រៀបធៀបកិច្ចការរបស់ព្រះអម្ចាស់ទៅនឹងភ្លើង ។ តើអ្នកគិតថាការបៀតបៀនដែលពួកបរិសុទ្ធបានជួបនៅរដ្ឋ មិសសួរី ដូចជាទឹកដែលបានចាប់ផ្តើមពន្លត់កិច្ចការរបស់ព្រះ ឬ ដូចជាប្រេងសាំងដែលធ្វើឲ្យកិច្ចការនោះកាន់តែរីកចម្រើន ? ហេតុអ្វី ?
សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដែលព្យាការី យ៉ូសែប ស៊្មីធ បានសរសេរនៅក្នុងលិខិតមួយទៅកាន់អ្នកបោះពុម្ពកាសែតឈ្មោះ ចន វីនវ៉ស នៅថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៤២ ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« ការបៀតបៀនពុំបានបញ្ឈប់ការរីកចម្រើននៃសេចក្តីពិតឡើយ ប៉ុន្តែវាកាន់តែបន្ថែមប្រេងសាំងទៅលើភ្លើងទៅវិញ ។…
«…បទដ្ឋាននៃសេចក្តីពិតត្រូវបានបង្កើតឡើង គ្មានដៃដែលមិនស្អាតស្អំណា អាចបញ្ឈប់កិច្ចការនេះពីការរីកចម្រើនឡើយ ការបៀតបៀនអាចកញ្ជ្រោលឡើង ពួកមនុស្សកំណាចអាចប្រមូលផ្ដុំគ្នា ពួកទាហានអាចប្រជុំគ្នា ពួកអ្នកមួលបង្កាច់អាចបង្ខូចកេរ្តិ៍ឈ្មោះ តែសេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខដោយក្លៀវក្លា ថ្លៃថ្នូរ និង ឯករាជរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង បានឮដល់គ្រប់ត្រចៀក រហូតដល់គោលបំណងនៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏អស្ចារ្យនឹងមានបន្ទូលថា កិច្ចការបានចប់ហើយ » ( នៅក្នុង History of the Church, ៤:៥៤០ ) ។
-
តើយើងអាចរៀនអ្វីខ្លះពីសេចក្តីថ្លែងការណ៍នេះ ? ( សិស្សអាចរកឃើញគោលការណ៍សេចក្តីពិតផ្សេងៗគ្នា ប៉ុន្តែសូមគូសបញ្ជាក់ដូចខាងក្រោមនេះ ៖ គ្មានអ្វីអាចបញ្ឈប់កិច្ចការរបស់ព្រះទូទាំងផែនដីនេះមិនឲ្យរីកចម្រើនបានឡើយ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមពន្យល់ថា នៅពេលយ៉ូសែប ស្ម៊ីធ បានកត់ត្រានៅក្នុងការព្យាករណ៍នេះ នោះព្រះអម្ចាស់បានចាប់ផ្តើមហៅអ្នកផ្សព្វផ្សាយសាសនាឲ្យបង្រៀនដំណឹងល្អនៅក្នុងប្រទេសជាច្រើន ។ ជាលទ្ធផល មនុស្សរាប់ពាន់នាក់—ជាពិសេសចក្រភពអង់គ្លេស—បានជ្រមុជទឹក ។ សមាជិកថ្មីនោះបានធ្វើឲ្យសាសនាចក្រកាន់តែរឹងមាំ ហើយមានមនុស្សជាច្រើនបានធ្វើដំណើរមកចូលរួមជាមួយពួកបរិសុទ្ធនៅក្នុងទីក្រុងណៅវូ ។
ដើម្បីបង្ហាញពីសេចក្តីពិតនៅលើក្តារខៀន សូមរកអ្នកស្ម័គ្រចិត្តបួននាក់ដើម្បីចូលរួមដើរតួអំពីបទពិសោធន៍មួយដែល វិលហ្វូឌ វូឌដ្រុព្វ បានមានខណៈផ្សព្វផ្សាយដំណឹងល្អនៅក្នុងហៀហ្វតស្សើ ប្រទេសអង់គ្លេសនៅក្នុងឆ្នាំ ១៨៤០ ។ សូមចាត់តាំងអ្នកស្ម័គ្រចិត្តនូវផ្នែកខាងក្រោម ៖ វិលហ្វូឌ វូឌដ្រុព្វ អាចារ្យ ប៉ូលីស អ្នកពោល ។ សូមផ្ដល់ច្បាប់ចម្លងនៃ នាដកថាដូចខាងក្រោម ដល់អ្នកស្ម័គ្រចិត្តគ្រប់រូបដើម្បីប្រើក្នុងការដើរតួ ៖
-
វិលហ្វូឌ វូឌដ្រុព្វ ( និយាយម្នាក់ឯងថា ) ៖ហ៊ឺ ។ នេះជាការបង្រៀនទីពីរដែលខ្ញុំបានបង្រៀនថ្ងៃនេះ ។ បន្ទាប់ពីការប្រជុំនាល្ងាចនេះ ខ្ញុំគិតថានឹងមានមនុស្សជិតមួយពាន់នាក់នឹងបានស្តាប់ឮសារលិខិតរបស់ព្រះអម្ចាស់ថ្ងៃនេះ ។
-
អាចារ្យ ( ឈរនៅជ្រុងម្ខាងនៃថ្នាក់រៀន ដោយនិយាយទៅកាន់ប៉ូលីស ) ៖លោកប៉ូលីស អ្នកផ្សព្វផ្សាយពួកមរមននេះត្រូវតែឈប់ ។ ខ្ញុំមានមនុស្សតែដប់ប្រាំនាក់ប៉ុណ្ណោះដែលចូលរួមក្នុងព្រះវិហារកាតូលិករបស់ខ្ញុំនៅថ្ងៃនេះ ។ តែដប់ប្រាំនាក់ ! ខ្ញុំគិតថាមនុស្សផ្សេងទៀតនឹងត្រូវបានដឹកនាំទៅស្តាប់ការបង្រៀនរបស់វា ។ ខ្ញុំមិនអាចធ្វើឲ្យព្រះវិហារកាតូលិករបស់ខ្ញុំបន្តខ្សត់មនុស្សឡើយ ខណៈដែលអ្នកស្តាប់ពួកមរមននេះបានកើនឡើងនោះ ។ ខ្ញុំចង់ឲ្យលោកចាប់វា ហើយបញ្ឈប់កិច្ចការរបស់វាទៅ ។
-
ប៉ូលីស ៖ខ្ញុំនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព ។
-
អ្នកអត្ថាធិប្បាយ ៖ពេលអែលឌើរ វូឌដ្រុព្វ ក្រោកឡើងនិយាយនៅក្នុងការប្រជុំនាល្ងាចនោះ ប៉ូលីសបានមកដល់មាត់ទ្វារ ។
-
ប៉ូលីស ( ឥឡូវនិយាយទៅកាន់ វិលហ្វូឌ វូឌដ្រុព្វ ) ៖សុំទោសលោក ។ ខ្ញុំគឺជាប៉ូលីស ហើយអាចារ្យម្នាក់នៃព្រះវិហារកាតូលិកក្នុងមូលដ្ឋាននេះបានឲ្យខ្ញុំមកជាមួយនឹងដីកាចាប់ខ្លួនលោក ។
-
វិលហ្វូឌ វូឌដ្រុព្វ ៖តើចាប់ពីបទឧក្រិដ្ឋអ្វីដែរ ?
-
ប៉ូលីស ៖ពីបទផ្សព្វផ្សាយដល់ប្រជានជន ។
-
វិលហ្វូឌ វូឌដ្រុព្វ ៖ខ្ញុំអាចធានានឹងលោកថាខ្ញុំមានអាជ្ញាប័ណ្ណដើម្បីផ្សាយដំណឹងល្អដល់ប្រជាជន ដូចជាអាចារ្យម្នាក់នោះបានផ្សាយដែរ ។ បើសិនលោកអង្គុយចាំ នោះខ្ញុំនឹងនិយាយជាមួយលោកបន្ថែមទៀតអំពីបញ្ហានេះបន្ទាប់ពីការប្រជុំ ប៉ុន្តែខ្ញុំត្រូវតែចាប់ផ្តើមបង្រៀនឥឡូវនេះហើយ ។. … ( សូមធ្វើត្រាប់ការនិយាយនោះដល់សិស្ស )
-
អ្នកអត្ថាធិប្បាយ ៖ប៉ូលីសនោះបានយកកៅអីដែលអែលឌើរ វូឌដ្រុព្វ អង្គុយមកដាក់អង្គុយក្បែរអែលឌើរ វូឌដ្រុព្វ ខណៈដែលលោកបានបង្រៀនដំណឹងល្អអស់រយៈពេលជាងមួយម៉ោង ។ វិលហ្វូឌ វូឌដ្រុព្វ បាននិយាយអំពីបទពិសោធន៍នេះ ៖
-
វិលហ្វូឌ វូឌដ្រុព្វ ៖ព្រះចេស្តានៃព្រះបានស្ថិតមកលើរូបខ្ញុំ ព្រះវិញ្ញាណបានស្ថិតនៅពេញផ្ទះនោះ ហើយមនុស្សទាំងអស់បានប្រែចិត្តជឿ ។
-
អ្នកអត្ថាធិប្បាយ ៖នៅពេលប្រជុំចប់ អែលឌើរ វូឌដ្រុព្វ បានអញ្ជើញឲ្យពួកគេជ្រមុជទឹក ។
-
វិលហ្វូឌ វូឌដ្រុព្វ ៖ខ្ញុំសូមអញ្ជើញអស់អ្នកដែលមានបំណងចង់ឲ្យអំពើបាបរបស់អ្នកបានអត់ទោសឲ្យ ហើយចូលរួមជាមួយនឹងសាសនាចក្ររបស់ព្រះអម្ចាស់ដែលបានស្តារឡើងវិញ ឲ្យចុះទៅក្នុងទឹកនៃបុណ្យជ្រមុជទឹកនាថ្ងៃនេះ ។
-
ប៉ូលីស ( បានក្រោកចេញពីកៅអី ហើយនិយាយទៅកាន់ វិលហ្វូឌ វូឌដ្រុព្វ ) ៖លោក វូឌដ្រុព្វ ខ្ញុំចង់ទទួលបុណ្យជ្រមុជទឹក ។
-
អ្នកអត្ថាធិប្បាយ ៖ប៉ូលីសនោះបានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃនោះ ជាមួយនឹងគ្រូផ្សព្វផ្សាយបួននាក់ និង មនុស្សពីរនាក់ផ្សេងទៀត ។ ប៉ូលីសបានត្រឡប់ទៅជួបអាចារ្យនោះវិញ ហើយបានពន្យល់ប្រាប់ពីស្ថានភាពនោះ ។
-
ប៉ូលីស ( និយាយទៅកាន់ អាចារ្យ ) ៖បើសិនអ្នកចង់ចាប់ខ្លួនលោក វូឌដ្រុព្វ អ្នកត្រូវតែចាប់គាត់ដោយខ្លួនឯងទៅ ដ្បិតខ្ញុំបានឮគាត់បង្រៀនតែសេចក្តីពិតនៃដំណឹងល្អប៉ុណ្ណោះ ដែលខ្ញុំបានស្តាប់ពេញមួយជិវិតខ្ញុំមកហើយ ។
-
អ្នកអត្ថាធិប្បាយ ៖ក្រោយមក អាចារ្យនោះបានបញ្ជូនស្មៀនពីរនាក់ទៀតឲ្យចូលរូមក្នុងការប្រជុំហើយស្វែងយល់អំពីអ្វីដែលអែលឌើរ វូឌដ្រុព្វ កំពុងបង្រៀន ។ ពួកគេក៏បានប្រែចិត្តជឿលើសេចក្តីពិតនៃសារលិខិតរបស់អែលឌើរ វូឌដ្រុព្វ ហើយបានជ្រមុជទឹក ។ អាចារ្យនោះពុំបានបញ្ជូននរណាទៀតឲ្យទៅ ស្តាប់ការបង្រៀនរបស់អែលឌើរ វូឌដ្រុព្វទៀតឡើយ ។
( កែសម្រួលពី វិលហ្វូឌ វូឌដ្រុព្វ, Leaves from My Journal [ ឆ្នាំ ១៨៨១ ] ទំព័រ ៨០–៨១ ) ។
បន្ទាប់ពីអ្នកស្ម័គ្រចិត្តបានបញ្ចប់ហើយ សូមសួរសិស្សក្នុងថ្នាក់នូវសំណួរដូចខាងក្រោម ៖
-
តើបទពិសោធន៍របស់អែលឌើរ វូឌដ្រុព្វបង្ហាញពី គោលការណ៍ដែលថា គ្មានអ្វីអាចបញ្ឈប់កិច្ចការរបស់ព្រះឲ្យរីកចម្រើនដោយរបៀបណា ?
-
តើការព្យាករណ៍របស់យ៉ូសែប ស៊្មីធ ទាក់ទងនឹងការរីកចម្រើននៃកិច្ចការរបស់ព្រះចាប់ផ្តើមបំពេញនៅថ្ងៃនេះដោយរបៀបណា ? តើអ្នកមានអារម្មណ៍យ៉ាងណាដែរ អំពីការចូលរួមក្នុងកិច្ចការនេះ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយឲ្យកិច្ចការរបស់ព្រះបានផ្សព្វផ្សាយក្នុងចំណោមប្រជាជនទាំងអស់ ? ( អ្នកអាចឲ្យសិស្សឆ្លើយសំណួរនេះនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ) ។
សូមពន្យល់ថានៅមេរៀនបន្ទាប់ សិស្សនឹងរៀនបន្ថែមទៀតអំពីព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើង និង គោលការណ៍នានាដែលត្រូវបានបង្រៀនខណៈដែល សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបន្តរក្សាទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងណៅវូ ពី ឆ្នាំ ១៨៣៩ ដល់ ១៨៤៦ ។ សូមថ្លែងទីបន្ទាល់អំពីគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងថ្នាក់ថ្ងៃនេះ ហើយសូមអញ្ជើញសិស្សអនុវត្តអ្វីដែលពួកគេបានរៀន ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
ការធ្វើដំណើររបស់ពួកបរិសុទ្ធពីរដ្ឋ មិសសួរី
« ប៉ុន្មានខែបន្ទាប់ពីបរាជ័យនៃ ហ្វា វេស [ រដ្ឋ មិសសួរី ] គឺជាការសាកល្បងដ៏ខ្លាំងនៃថ្នាក់ដឹកនាំរបស់សាសនាចក្រ ។ គណៈប្រធានទីមួយទាំងមូល—គឺយ៉ូសែប ស្ម៊ីធ ស៊ីឌនី រិកដុន និង ហៃរុម ស្ម៊ីធ—នៅក្នុងគុក ។ លំដាប់ជួរនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចុះខ្សោយ ។ ដាវីឌ ដ័បុលយូ ប៉ាទិន ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៃទន្លេគ្រូគ ប៉ាលី ភី ប្រាត្ត ជាប់ក្នុងគុក និង បងប្រុសរបស់លោក អួរសុន នៅជាមួយពួកបរិសុទ្ធមួយក្រុមនៅសេន លូវីស ។ ថូម៉ាស ប៊ី ម៉ាស, វិលលាម ស្ម៊ីធ និង អួរសុន ហៃឌ បានក្បត់នឹងសាសនាចក្រ ហើយទីបំផុតគ្មានជំនួយពីពួកគេឡើយ ។ ហេតុដូច្នោះហើយ ទំនួលខុសត្រូវនៃការមើលថែទាំតម្រូវការសាសនាចក្រអំឡុងពេលនៃរដូវរងាឆ្នាំ ១៨៣៨–៣៩ និង ការធ្វើដំណើរទាំងមូលពីរដ្ឋ មិសសួរី ទៅរដ្ឋ អិលលីណោយ ត្រូវបានធ្លាក់ទាំងស្រុងលើព្រិកហាំ យ៉ង់ និង ហ៊ើប៊ើរ ស៊ី គិមបុល ។ យ៉ូហាន ថេលើរ ត្រូវបានហៅជាសាវកនៅក្នុងខែ ធ្នូ ឆ្នាំ ១៨៣៨ ។ វិលហ្វូឌ វូឌដ្រុព្វ និង ចច អេ ស្ម៊ីធ ត្រូវបានហៅជាសាវកនៅខែមេសាបន្ទាប់នោះ ទាំងពីរនាក់អាចផ្តល់ជំនួយដ៏មានតម្លៃក្នុងអំឡុងពេលដ៏តឹងតែងនោះ » (Church History in the Fulness of Times Student Manual, ការបោះពុម្ពលើកទី ២ [ Church Educational System student manual, ឆ្នាំ ២០០៣ ],ទំព័រ ២១១–១២ ) ។
នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៨៣៩ ព្រិកហាំ យ៉ង់ បានបង្កើតគណៈកម្មការមួយដើម្បីរុះរើអគារដើម្បីធ្វើដំណើរ ។
« ពេញមួយសិសិររដូវ និង រដូវផ្ការីក គណៈកម្មាការនេះបានរៀបចំអាហារ សម្លៀកបំពាក់ និង ការដឹកជញ្ជូនជនក្រីក្រ ។ តាមរយៈការយល់ព្រមជាផ្លូវការ នោះពួកបរិសុទ្ធថ្ងៃចុងក្រោយជិតបួនរយនាក់ បានចុះសេចក្តីសញ្ញាថាទុកទ្រព្យសម្បត្តិទាំងអស់របស់ពួកគេក្រោមការគ្រប់គ្រងរបស់គណៈកម្មាការនេះ ‹ ក្នុងគោលបំណងផ្តល់ជាមធ្យោបាយដល់ជនក្រីក្រសម្រាប់ការរើចេញពីរដ្ឋនេះ និង ដល់អស់អ្នកដែលខ្វះខាតដែលចាត់ទុកថាមានភាពសក្តិសមរហូតដល់គ្មាននរណាម្នាក់នៅសល់ ជាអ្នកដែលមានបំណងចាកចេញពីរដ្ឋនេះឡើយ › [ នៅក្នុង History of the Church,៣:២៥១ ] ។…
« នៅពាក់កណ្តាលខែ កុម្ភៈពួកបរិសុទ្ធបានធ្វើអន្តោប្រវេសន៍កាន់តែច្រើនឡើងៗ ។ រទេះរុញ និង ក្រុមនានា ទោះបីជាពុំមានគុណភាពល្អក្តីត្រូវបានរៀបចំ អាហារបម្រុងដាក់នៅតាមផ្លូវធ្វើដំណើរ ហើយរដូវរងានោះវាមិនត្រជាក់ណាស់ណាទេ ។ បើមិនដូច្នេះទេ ការចាកចេញពីរដ្ឋ មិសសួរី មិនងាយស្រួលរកទីជម្រកឡើយ ។ មនុស្សជាច្រើនបានលក់ទ្រព្យសម្បត្តិ និង ដីដ៏មានតម្លៃក្នុងតម្លៃមួយដ៏ថោកដើម្បីមានមធ្យោបាយចាកចេញពីរដ្ឋនោះ » (Church History in the Fulness of Times, ទំព័រ ២១២ ) ។
បទពិសោធន៍របស់វិលហ្វូឌ វូឌដ្រុព្វ កាលជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសអង់គ្លេស
អំឡុងពេលបម្រើបេសកកម្មនៅប្រទេសអង់គ្លេស វិលហ្វូឌ វូឌដ្រុព្វ បានទទួលការបញ្ជាក់មួយមកពី ព្រះវិញ្ញាណឲ្យចាកចេញពីកន្លែងដែលលោកកំពុងផ្សព្វផ្សាយ ហើយទៅកន្លែងមួយទៀតនៃប្រទេសអង់គ្លេស ។ អែលឌើរ វូឌដ្រុព្វ បានទៅដល់ ហៀហ្វតស្សើ ជាកន្លែងដែលលោកបានរកឃើញមនុស្សជាច្រើនដែលត្រៀមខ្លួនជាស្រេចដើម្បីទទួលដំណឹងល្អដែលបានស្តារឡើងវិញ ។ « តាមរយៈការខិតខំរបស់ វិលហ្វូឌ វូឌដ្រុព្វ និង មនុស្សដទៃទៀតប្រមាណដប់ប្រាំបីរយនាក់ផ្សេងទៀតបានប្រែចិត្តជឿនៅក្នុងតំបន់ឃុំបីគឺ ហៀហ្វត វ៉សឆេស្ទើរ និង ហ្គ្លុយឆេស្ទើរ ។… ដោយគិតពីពេលដ៏អស្ចារ្យនេះនៃជីវិតខ្លួន វិលហ្វូឌ វូឌដ្រុព្វបានសរសេរ ‹ ប្រវត្តិបេសកកម្មទាំងមូលនៅ ហៀហ្វតស្សើ នេះបង្ហាញពីសារៈសំខាន់នៃការស្តាប់តាមសំឡេងដ៏តូចរហៀងនៃព្រះវិញ្ញាណបរិសុទ្ធ និង វិវរណៈនៃព្រះវិញ្ញាណបរិសុទ្ធ ។ មនុស្សទាំងនោះបានកំពុងអធិស្ឋានសុំពន្លឺ និង សេចក្តីពិតហើយព្រះអម្ចាស់បានបញ្ជូនខ្ញុំទៅជួបពួកគេ › [ នៅក្នុង Matthias F. Cowley, បានបោះពុម្ព, វិលហ្វូឌ វូឌដ្រុព្វ ( ឆ្នាំ ១៩៧៩ ), ទំព័រ ១២០ ] » (Church History in the Fulness of Times Student Manual, បានបោះពុម្ពលើកទី ២ [ Church Educational System student manual, ឆ្នាំ ២០០៣ ] ទំព័រ ២៣១ ) ។
ការរីកចម្រើននៃគោលលទ្ធិនៅក្នុងទីក្រុងណៅវូ និង តំបន់ជុំវិញនោះ
ព្រះបានបើកសម្តែង « នូវការណ៍ដ៏ធំ និង សំខាន់ៗជាច្រើនដែលទាក់ទងទៅនឹងនគរនៃព្រះ » (មាត្រានៃសេចក្តីជំនឿ ១:៩) ខណៈដែលពួកបរិសុទ្ធបន្តរក្សាទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងណៅវូពីឆ្នាំ ១៨៣៩ ដល់ ១៨៤៦ ។ អំឡុងពេលនៃវិវរណៈដែលមានបន្តបន្ទាប់នេះបានកើតឡើង គឺនៅដែលពួកបរិសុទ្ធបានធ្វើការដើម្បីកសាងព្រះវិហារបរិសុទ្ធណៅវូ ដែលព្រះអម្ចាស់បានសន្យាដើម្បីបើកសម្តែងពិធីបរិសុទ្ធ និង ចំណេះដឹងដែល « លាក់ទុកមុនកំណើតលោកិយមកម្ល៉េះ » (គ. និង ស. ១២៤:៤១) ។ អំឡុងពេលនោះ ព្រះអម្ចាស់បានបើកបង្ហាញពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ពិធីអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និង ការផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ។ ទ្រង់ក៏បានបើកសម្តែងបន្ថែមទៀតផងដែរអំពីនិស្ស័យនៃក្រុមព្រះ ( សូមមើល គ. និង ស.១៣០:២២) ។ ចាប់ពីឆ្នាំ ១៨៤២ ដល់ ១៨៤៤ ព្យាការីយ៉ូសែប ស្ម៊ីធបានសរសេរមាត្រានៃសេចក្តីជំនឿ ហើយបានបោះពុម្ពព្រះគម្ពីរអ័ប្រាហាំ ដែលបានសម្រួលដល់វគ្គពិបាកៗនៃអត្ថបទរបស់គម្ពីរផ្សេងទៀត និង បានបើកសម្តែងសេចក្តីពិតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលពុំដែលស្គាល់ ឬ ពីមុនមានការយល់ដឹងតិចតួច ។ ព្យាការីក៏បានប្រគល់កូនសោនៃនគរដល់កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដូច្នេះពួកគេអាចត្រូវបានរៀបចំខ្លួនដើម្បីដឹកនាំសាសនាចក្របន្ទាប់ពីមរណភាពរបស់លោក ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លីបានមានប្រសាសន៍អំពីការរីកចម្រើនសំខាន់មួយផ្សេងទៀត ដែលបានកើតឡើងអំឡុងពេលនៃការកសាងព្រះវិហារបរិសុទ្ធណៅវូ ៖
រូបភាពប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី« អគារនេះ [ ព្រះវិហារបរិសុទ្ធណៅវូ ] គឺទាក់ទងនឹងកិច្ចការអស់កល្បជានិច្ច ។ វាឈរជាសាក្សីមួយដល់អស់អ្នកដែលបានមើលវាថា អស់អ្នកដែលបានកសាងវាបានជំរុញសេចក្តីជំនឿ និង ចំណេះដឹងជាក់លាក់មួយដែលថា ផ្នូរមិនមែនជាទីបញ្ចប់ឡើយ ប៉ុន្តែព្រលឹងគឺអមត ហើយបន្តរស់នៅ ។ នៅក្នុងខែមិនាឆ្នាំនោះលោកបានស្លាប់—ឆ្នាំ ១៨៤៤—ព្យាការីបាននិយាយពីគោលលទ្ធិនេះនៅក្នុងសុន្ទកថាមួយដ៏អស្ចារ្យ ដែលលោកបានមានប្រសាសន៏នៅព្រៃពិសិដ្ឋដែលនៅពីក្រោមបរិវេណព្រះវិហារបរិសុទ្ធនោះ ។ អត្ថបទនៃសុន្ទកថានោះ បានក្លាយជាឯកសារគោលលទ្ធិសំខាន់នៅក្នុងសាសនាវិទ្យានៃសាសនាចក្រ ។ វាត្រូវបានគេស្គាល់ថាជាទេសនាកថាឃីង ហ្វូលែត »Nauvoo’s Holy Temple » Ensign, ខែ កញ្ញា ឆ្នាំ ១៩៩៤ ទំព័រ ៦២ ) ។
នៅក្នុងទេសនាកថាឃីង ហ្វូលែត ដែលបានផ្តល់នៅពិធីបុណ្យសពរបស់បុរសម្នាក់ឈ្មោះ ឃីង ហ្វូលែតព្យាការី យ៉ូសែប ស៊្មីធបានពន្យល់ថា យើងបានរស់នៅជាមួយព្រះវរបិតាសួគ៌ ពីមុនយើងចុះមកលើផែនដីនេះ ហើយថាច្បាប់របស់ព្រះធ្វើឲ្យយើងរីកចម្រើន ។
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« ដោយឃើញថាទ្រង់ស្ថិតនៅក្នុងចំណោមពួកវិញ្ញាណ និង សិរីល្អ ដោយសារទ្រង់មានបញ្ញាច្រើនជាងពួកគេ នោះព្រះអង្គទ្រង់ផ្ទាល់បានទតឃើញថាត្រឹមត្រូវដើម្បីបង្កើតច្បាប់ ដែលកូនចៅវិញ្ញាណផ្សេងទៀតអាចមានឱកាសបានក្លាយដូចជាទ្រង់ដែរ។ ទំនាក់ទំនងដែលយើងមានជាមួយនឹងព្រះ បានដាក់យើងនៅក្នុងស្ថានភាពមួយដើម្បីបង្កើនចំណេះដឹងរបស់យើង ។ ទ្រង់មានព្រះចេស្ដាដើម្បីបង្កើតច្បាប់ ស្ដីពីការណែនាំដល់អ្នកចេះដឹងតិចតួច ថាពួកគេអាចត្រូវបានតម្កើងឡើងដូចទ្រង់ដែរ » ( ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២១០ ) ។
យ៉ូសែប ស៊្មីធ ក៏បានពន្យល់ផងដែរអំពីសក្តានុពលរបស់យើងក្នុងនាមជាបុត្រាបុត្រីនៃព្រះ ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« ពេលនោះ គឺជាជីវិតដ៏អស់កល្បជានិច្ចមួយ — ដើម្បីដឹងពីព្រះដ៏វាងវៃ និងពិតតែមួយគត់ ហើយអ្នកត្រូវតែរៀនពីរបៀបដើម្បីក្លាយជាព្រះដោយខ្លួនអ្នក ហើយដើម្បីក្លាយជាស្ដេច និងសង្ឃចំពោះព្រះ … ដោយចេញពីកម្រិតតូចមួយទៅកម្រិតមួយទៀត ហើយពីសមត្ថភាពតូចមួយទៅសមត្ថភាពដ៏អស្ចារ្យមួយ ពីព្រះគុណទៅព្រះគុណ ពីភាពតម្កើងឡើងទៅភាពតម្កើងឡើង រហូតដល់អ្នកសម្រេចដល់ការរស់ឡើងវិញរបស់មរណជន ហើយអាចរស់នៅក្នុងការដុតដ៏អស់កល្ប និង អង្គុយនៅក្នុងសិរីល្អដូចជាអស់អ្នកដែលគ្រងរាជ្យដោយព្រះចេស្ដាដ៏អស់កល្បអស់កាលដែរ ។…
… [ ពួកសុចរិតដែលបានស្លាប់ ] នឹងរស់ឡើងវិញម្ដងទៀត ដើម្បីនៅចំពោះការឆេះដ៏នៅអស់កល្បអស់កាលជានិច្ចក្នុងសិរីល្អដ៏អមតៈ គ្មានព្រួយ គ្មានការរងទុក្ខ ឬ ស្លាប់ទៀតឡើយ ប៉ុន្តែពួកគេនឹងក្លាយជាអ្នកគ្រងមរតកនៃព្រះ និង ជាអ្នកគ្រងមរតកជាមួយព្រះយេស៊ូវគ្រីស្ទដែរ » ។ « តើវាជាអ្វី ? » ដើម្បីគ្រងមរតដនៃអំណាច សិរីល្អ និង ភាពតម្កើងឡើងដដែលនោះ លុះត្រាអ្នកធ្វើដំណើរមកដល់ស្ថានីយរបស់ព្រះ ហើយឡើងទៅលើបល្ល័ងនៃអំណាចដ៏អស់កល្ប ដូចអស់អ្នកដែលបានទៅពីមុនៗដែរ » (ការបង្រៀន ៖ យ៉ូសែប ស៊្មីធ ២២១–២២) ។
ប្រវត្តិ និង កិច្ចការរបស់សមាគមសង្គ្រោះ
ដើម្បីរៀនបន្ថែមទៀតអំពីរបៀបដែលសមាគមសង្គ្រោះបានជួយក្នុងការកសាងនគររបស់ព្រះនៅលើផែនដីនេះ សូមមើល Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១១ ) ។