មេរៀន ទី ៣១
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤និង១២៦
បុព្វកថា
នៅក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និងសមាជិកសាសនាចក្រផ្សេងទៀត បានប្រឈមមុខនឹងការបៀតបៀនដ៏ខ្លាំងក្លា ។ អំឡុងគ្រានៃការលំបាកនេះ ព្រះអម្ចាស់ បានពង្រឹងដល់ យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី ហើយបានណែនាំពួកគេស្ដីអំពីទំនួលខុសត្រូវរបស់ពួកគេ តាមរយៈវិវរណៈ ដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៤ ។ ព្រះអម្ចាស់ បានប្រទានការដឹកនាំចំពោះការអនុវត្តនូវការយល់ព្រមទូទៅនៅក្នុងសាសនាចក្រផងដែរ ដែលមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៦ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១-១២
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ទទួលបានការប្រឹក្សាស្ដីអំពីការហៅរបស់ពួកលោក
មុនពេលថ្នាក់ចាប់ផ្ដើម សូមសរសេរនូវសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើអ្នកធ្វើអ្វីខ្លះ នៅពេលជីវិតជួបការលំបាក ?
សូមសិស្សឲ្យគិតអំពីគ្រាលំបាក ឬគ្រាស្មុគស្មាញមួយ ដែលពួកគេបានជួប និងរបៀបដែលពួកគេប្រឈមមុខនឹងការលំបាក ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។ ( សូមរំឭកសិស្សថា បទពិសោធន៍មួយចំនួន គឺពិសិដ្ឋ ឬផ្ទាល់ខ្លួនណាស់ ដែលពុំគួរចែកចាយ ) ។
សូមពន្យល់ថា យ៉ូសែប ស៊្មីធ បានជួបនឹងគ្រាលំបាកជាច្រើននៅក្នុងជីវិតរបស់លោក ។ សូមឲ្យសិស្សម្នាក់អានក្បាលរឿងនៃកណ្ឌ ២៤ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ផ្ទៀងតាម និងប្រាប់អំពីស្ថានភាពដែលវិវរណៈនេះ និងវិវរណៈពីរទៀត ត្រូវបានទទួលមក ។
ដើម្បីបង្ហាញពីការបៀតបៀនដែល យ៉ូសែប ស៊្មីធ និងអ្នកផ្សេងទៀត បានប្រឈមមុខនៅគ្រានេះ សូមគិតធ្វើការសុំដល់សិស្សឲ្យសង្ខេបអំពីជីវប្រវត្តិជាប្រវត្តិសាស្ត្រដូចខាងក្រោមឲ្យឮៗ ( អ្នកអាចនឹងត្រូវការផ្ដល់ព័ត៌មាននេះពីមុនចាប់ផ្ដើមថ្នាក់រៀន ដើម្បីទុកពេលឲ្យសិស្សបានរៀបចំខ្លួន ) ៖
នៅក្នុងខែ មិថុនា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និងសហការីពីរបីនាក់ បានចេញទៅ ខូលស្វីល រដ្ឋនូវយ៉ោក ដើម្បីជួបនឹងមនុស្សដែលចាប់អារម្មណ៍ក្នុងការទទួលបុណ្យជ្រមុជទឹក ។ ទឹកអូរមួយ ត្រូវបានទប់ទំនប់ឡើងដើម្បីរៀបចំសម្រាប់ពិធីបុណ្យជ្រមុជទឹកនៅថ្ងៃបន្ទាប់ ( ថ្ងៃអាទិត្យ ) ប៉ុន្តែពួកមនុស្សអាក្រក់បានបំផ្លាញទំនប់ទឹកនោះ នៅពេលយប់ ។ នៅព្រឹកថ្ងៃចន្ទ ទំនប់ទឹកត្រូវបានសង់ឡើងវិញ ហើយមនុស្សចំនួន ១៣ នាក់ត្រូវបានទទួលបុណ្យជ្រមុជទឹក រួមទាំង អិមម៉ា ស៊្មីធ ផង ។ ទោះជាយ៉ាងណា នៅពេលដែលពិធីបុណ្យជ្រមុជទឹកត្រូវបានបញ្ចប់ នោះពួកមនុស្សអាក្រក់ ជិត ៥០ នាក់បានប្រមូលផ្ដុំគ្នា ជេរប្រមាថ ហើយគំរាមគំហែងដើម្បីធ្វើទុក្ខទោសដល់ពួកបរិសុទ្ធ ។ នាល្ងាចនោះ ពួកបរិសុទ្ធ បានជួបជុំគ្នាដើម្បីធ្វើពិធីបញ្ជាក់ដល់អ្នកទាំងឡាយដែលបានជ្រមុជទឹកពីព្រឹកមិញ ប៉ុន្តែមុនពេលដែលពិធីបញ្ជាក់ត្រូវបានធ្វើឡើង នោះយ៉ូសែប ត្រូវបានគេចាប់ខ្លួន ដោយចោទប្រកាន់ថា « ជាអ្នកធ្វើឲ្យច្របូកច្របល់ ដែលធ្វើឲ្យទីក្រុងមានភាពវឹកវរដោយការផ្សាយព្រះគម្ពីរមរមន » ។ ( សូមមើលHistory of the Church,១:៨៦-៨៨ ) ។
នៅតាមផ្លូវទៅកាន់កន្លែងកាត់ក្ដី នោះយ៉ូសែប បានគេចខ្លួនពីមនុស្សអាក្រក់ ដោយមានជំនួយពីមន្ត្រីចិត្តល្អម្នាក់ ដែលអមដំណើរលោក ។ បន្ទាប់ពីបានកាត់ក្ដី ហើយរកឃើញថា គ្មានទោសកំហុសអ្វីសោះ នោះយ៉ូសែប ត្រូវបានចាប់ខ្លួនម្ដងទៀតភ្លាមៗ ដោយការពួកទាហានមកពីទីក្រុងផ្សេង ។ នៅយប់នោះ យ៉ូសែប ត្រូវបានគេរិះគន់ ហើយរំលោភបំពានដោយ « មនុស្សមួយហ្វូង » ហើយនៅព្រឹកឡើង លោកត្រូវបានកាត់ក្ដី ។ យ៉ូសែប ស្ម៊ីធ ត្រូវបានរកឃើញថា គ្មានទោសកំហុសអ្វីសោះម្ដងទៀត ហើយក៏បានគេចខ្លួនពីពួកមនុស្សអាក្រក់ផ្សេងទៀត ពេលលោកបានធ្វើដំណើរមកផ្ទះ ។ ( សូមមើលHistory of the Church,១:៨៨-៩៦ ) ។
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានព្យាយាមម្ដងទៀត ដើម្បីទៅជួបនឹងសមាជិកដែលបានជ្រមុជទឹកថ្មីៗនៅ ខូលស្វីល ប៉ុន្តែពួកមនុស្សអាក្រក់ បានផ្ដុំគ្នាមិនយូរប៉ុន្មានបន្ទាប់ពីពួកលោកបានទៅដល់ ។ យ៉ូសែប និង អូលីវើរ ត្រូវបានបង្ខំឲ្យរត់ភៀសខ្លួន គេចខ្លួនផុតបន្ដិច ពេលមនុស្សអាក្រក់បានដេញតាមពួកលោកនាយប់នោះ ( សូមមើលHistory of the Church,១:៩៧ ) ។ យ៉ូសែប បាននិយាយអំពីការព្យាយាមនេះថា « ក្រៅពីការក្រោតខឹងរបស់ពួកសត្រូវរបស់យើងទាំងអស់ នោះយើងបានទទួលការលួងលោមចិត្តយ៉ាងច្រើន ហើយរឿងជាច្រើនបានកើតឡើង ដើម្បីពង្រឹងដល់សេចក្ដីជំនឿរបស់យើង ហើយធ្វើឲ្យដួងចិត្តយើងរីករាយ » ( នៅក្នុង History of the Church១:១០១ ) ។
សូមឲ្យសិស្សម្នាក់អានឲ្យឮៗនូវប្រយោគចុងក្រោយ នៃក្បាលកណ្ឌសម្រាប់គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤ ។ អ្នកអាចស្នើថា សិស្សគួរតែគូសចំណាំប្រយោគនេះទុក ។ សូមអញ្ជើញពួកគេឲ្យពិចារណាអំឡុងមេរៀនអំពីរបៀបដែលពាក្យទូន្មានរបស់ព្រះអម្ចាស់ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក៏អាចជួយពួកគេ នៅពេលពួកគេជួបនឹងគ្រាលំបាកផងដែរ ។
សូមសរសេរប្រយោគខាងក្រោមនៅលើក្តាខៀន ៖
ការពង្រឹង និងការលើកទឹកចិត្ត |
ការណែនាំ |
---|---|
សូមចាត់សិស្សឲ្យសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១-១២ជាគូៗ ។ សូមអញ្ជើញសិស្សម្នាក់អានខដោយស្ងាត់ស្ងៀម រកមើលឃ្លាដែលអាចនឹងពង្រឹង ហើយលើកទឹកចិត្តដល់ព្យាការី និង អូលីវើរ ខៅឌើរី ។ សូមអញ្ជើញសិស្សទីពីរឲ្យអានខគម្ពីរ ស្វែងរកការណែនាំដែលព្រះអម្ចាស់បានប្រទានឲ្យ ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមនាំសិស្សឲ្យចែកចាយជាមួយនឹងដៃគូរបស់ពួកគេអំពីអ្វីដែលពួកគេបានរកឃើញ ។ សូមអញ្ជើញដៃគូទាំងពីរឲ្យជ្រើសរើសឃ្លាមួយ ដែលមានអត្ថន័យចំពោះពួកគេ ហើយបញ្ចូលទៅក្នុងការពិភាក្សារបស់ពួកគេ អំពីរបៀបដែលពួកគេគិតថាការលើកទឹកចិត្ត ឬការណែនាំជាក់លាក់មកពីព្រះអម្ចាស់ អាចបានជួយដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។
បន្ទាប់ពីដៃគូនីមួយៗបានពិភាក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១–១២រួចហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យរាយការណ៍អំពីអ្វីដែលពួកគេបានរៀន ។ នៅពេលសិស្សផ្ដល់គំនិតរបស់ពួកគេ សូមផ្ដល់ពាក្យនៃការលើកទឹកចិត្ត និងការណែនាំ ដែលពួកគេរកឃើញដាក់នៅក្រោមក្បាលរឿងដែលត្រឹមត្រូវនៅលើក្ដារខៀន ។
-
តើគោលការណ៍ណាខ្លះ ដែលយើងអាចរៀនមកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:៨ទាក់ទងនឹងអ្វីដែលអាចជួយយើង នៅក្នុងគ្រាទុក្ខលំបាករបស់យើង ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថាទុក្ខលំបាក គឺជាបុព្វហេតុ ឬស្ថានភាពមួយ នៃការឈឺចាប់ ការអស់សង្ឃឹម ឬ ការរងទុក្ខ ។ សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា ពួកគេប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងអត់ធ្មត់ ហើយទ្រាំទ្រក្នុងទុក្ខលំបាករបស់យើង នោះព្រះអម្ចាស់នឹងគង់នៅជាមួយយើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សយល់នូវគោលការណ៍នេះ សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ នូវការពន្យល់ដោយសង្ខេបអំពីអ្វីដែលពួកគេដឹងថាវាមានន័យយ៉ាងណា ដើម្បីមានភាពអត់ធ្មត់ និងស៊ូទ្រាំ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យអានការពិពណ៌នារបស់ពួកគេឲ្យឮៗ ។ បន្ថែមពីលើគំនិតរបស់ពួកគេ ដោយការពន្យល់ថា នៅក្នុងបរិបទដំណឹងល្អ ដើម្បីស៊ូទ្រាំការលំបាក អាចមានន័យថា នៅបន្ដស្មោះត្រង់ចំពោះព្រះអម្ចាស់ ហើយទប់ទល់រាល់ការសាកល្បងដោយភាពក្លាហាន ។
-
ហេតុអ្វីក៏វាពិបាកដើម្បីអត់ធ្មត់អំឡុងពេលមានទុក្ខលំបាក ?
-
តើអ្នកបានឃើញមនុស្សអនុវត្តភាពអត់ធន់ ហើយបន្ដស្មោះត្រង់អំឡុងពេលមានទុក្ខលំបាកនៅពេលណា ?
-
តើព្រះអម្ចាស់បង្ហាញដល់អ្នកទាំងអស់នោះថា ទ្រង់គង់នៅជាមួយពួកគេយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យស្គាល់សេចក្ដីពិតមួយ ទាក់ទងទៅនឹងគោលការណ៍ ដែលបានសរសេរលើក្ដារខៀន សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១០–១២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីពរជ័យដែលព្រះអម្ចាស់ បានសន្យាដល់ អូលីវើរ ខៅឌើរី បើគាត់នឹងបន្ដស្មោះត្រង់នៅក្នុងការហៅរបស់គាត់ ដើម្បីប្រកាសដំណឹងល្អ ។
-
តើពរជ័យអ្វីខ្លះ ដែលព្រះអម្ចាស់សន្យានឹង អូលីវើរ បើគាត់នឹងបន្ដនៅស្មោះត្រង់ក្នុងការធ្វើនូវអ្វីដែលព្រះអម្ចាស់សុំឲ្យគាត់ធ្វើ ? ( ជួយសិស្សឲ្យមើលឃើញការសន្យាដូចខាងក្រោម ៖ « យើងនៅជាមួយនឹងលោកដរាបដល់ចុងបំផុត » [ ខ ១០ ] ។ « នៅក្នុងយើង នោះលោកនឹងបានសិរីល្អ » [ ខ ១១ ] ។ « យើងនឹងប្រទានដល់លោកនូវកម្លាំង ដូចចាពុំដែលស្គាល់នៅក្នុងចំណោមមនុស្សមកឡើយ » [ ខ ១២ ] ។
សូមសរសេរដូចខាងក្រោមនៅលើក្តារខៀន ៖ បើ … នោះ … ] ។
សូមអញ្ជើញសិស្សឲ្យប្រាប់សេចក្ដីថ្លែងការណ៍ « បើ --នោះ » ដែលបង្ហាញពីគោលការណ៍ ដែលបានបង្រៀននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១០–១២ ។ ( សិស្សអាចនឹងប្រាប់គោលការណ៍ផ្សេងៗ ប៉ុន្តែត្រូវប្រាកដថា គូសបញ្ជាក់អំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងស្មោះត្រង់ធ្វើនូវអ្វីដែលព្រះអម្ចាស់សុំឲ្យយើងធ្វើ នោះទ្រង់នឹងចម្រើនកម្លាំងយើង ។ សូមបំពេញក្នុងកន្លែងទំនេរនៅលើក្ដារខៀន ដើម្បីបំពេញគោលការណ៍ ។
-
តើព្រះអម្ចាស់បានចម្រើនកម្លាំងដល់អ្នក នៅពេលអ្នកស្មោះត្រង់ចំពោះទ្រង់យ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសរសេរនូវអ្វីមួយ ដែលពួកគេអាចធ្វើដើម្បីអត់ធ្មត់ ហើយបន្ដស្មោះត្រង់ចំពោះព្រះអម្ចាស់ នៅពេលពួកគេប្រឈមមុខនឹងការលំបាកក្នុងជីវិតរបស់ពួកគេ ។ សូមពិចារណាធ្វើការចែកចាយអំពីរបៀបដែលអ្នកត្រូវបានចម្រើនកម្លាំង ហើយមានព្រះអម្ចាស់គង់នៅជាមួយអ្នក ដោយសារភាពអត់ធ្មត់ដោយស្មោះត្រង់របស់អ្នកនៅក្នុងគ្រាលំបាក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១៣-១៩
ព្រះអម្ចាស់ណែនាំដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី អំពីកិច្ចការរបស់ពួកលោក និង អំពីអ្នកទាំងឡាយដែលប្រឆាំងជំទាស់នឹងពួកលោក
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ២៤:១៣–១៩ដោយពន្យល់ថា ព្រះអម្ចាស់ បានណែនាំដល់ យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី ទាក់ទងនឹងអព្ភូតហេតុទាំងឡាយ ដែលពួកគេអាចធ្វើនៅក្នុងព្រះនាមរបស់ទ្រង់ ។ ទ្រង់ក៏បានប្រាប់ដល់ពួកគេអំពីការការពារ ដែលពួកគេអាចទទួលបាន នៅពេលមនុស្សប្រឆាំងជំទាស់នឹងពួកគេ ។ អ្នកក៏អាចនឹងចង់ពន្យល់ថា ព្រះអម្ចាស់ បានប្រទានដល់ពួកលោកនូវការណែនាំមួយចំនួន ដែលខុសគ្នាពីការណែនាំដែលពួកអ្នកផ្សព្វផ្សាយសាសនាទទួលបាននៅសព្វថ្ងៃនេះ ។ ឧទាហរណ៍ ទ្រង់បានប្រទានដល់ពួកលោកនូវការអនុញ្ញាតដើម្បី « រលាស់ធូលីដីបាតជើង [ ពួកលោក ] ចេញ » ទុកជាទីបន្ទាល់ទាស់នឹងអ្នកទាំងឡាយដែលពុំទទួលពួកលោក ( គ និង ស ២៤:១៥ ) ។ ការអនុវត្តនេះ ត្រូវបានរក្សាទុកសម្រាប់ស្ថានភាពដ៏លើសលប់ ។ ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ពុំអនុញ្ញាតឲ្យធ្វើដូច្នេះទេសព្វថ្ងៃនេះ ។ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ក៏ត្រូវបានបញ្ជា « កុំឲ្យយកការបូប ឬយាម » ទៅជាមួយឡើយ ( គ និង ស ២៤:១៨ ) នោះមានន័យថា ពួកលោកបានធ្វើដំណើរដោយគ្មានប្រាក់ទេ ដោយពឹងផ្អែកលើសេចក្ដីល្អរបស់សមាជិកសាសនាចក្រ និងអ្នកដទៃដែលផ្ដល់អាហារ និងទីជម្រកដល់ពួកលោក ។ សព្វថ្ងៃនេះ ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ពុំត្រូវបានបញ្ជាឲ្យទៅដោយគ្មានយកការបូប ឬយាមទៅជាមួយនោះឡើយ ។
គោលលទ្ធិ និង សេចក្ដី សញ្ញា ២៦
ព្រះអម្ចាស់ ណែនាំយ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:១មាននូវការណែនាំបន្ថែមដល់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ ទាក់ទងនឹងកិច្ចការខាងវិញ្ញាណ និងខាងរាងកាយ ដែលពួកលោកត្រូវធ្វើ ។ រួចព្រះអម្ចាស់ បានគូសបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃគោលការណ៍មួយដែលទាក់ទងនឹងការគ្រប់គ្រងសាសនាចក្រ ។ ដើម្បីណែនាំអំពីគោលការណ៍នេះ សូមលើកទឹកចិត្តដល់សិស្សឲ្យនឹកគិតថា មានមិត្តម្នាក់ដែលមានជំនឿផ្សេងបានទៅជាមួយពួកគេ ក្នុងការប្រជុំមួយ ដែលអ្នកកាន់តំណែងសាសនាចក្រ ត្រូវបានគាំទ្រ ។ សូមសួរដល់ពួកគេថា តើពួកគេនឹងពន្យល់ដល់មិត្តរបស់ពួកគេអំពី ការអនុវត្តនូវការគាំទ្រនេះយ៉ាងដូចម្ដេច ។ ( សូមគិតធ្វើការអញ្ជើញដល់សិស្សពីរនាក់ឲ្យសម្ដែងសីណារីយ៉ូនេះ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៦:២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាមួយដែលទាក់ទងទៅនឹងការអនុវត្តនូវការគាំទ្រ ។ បន្ទាប់ពីអានខគម្ពីរនេះ សូមសួរសិស្សឲ្យប្រាប់វា ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យពួកគេគូសចំណាំពាក្យ ដែលបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ អ្វីៗគ្រប់យ៉ាងនៅក្នុងសាសនាចក្រ នឹងត្រូវធ្វើឡើងដោយការយល់ព្រមទូទៅ ។
-
តើអ្នកគិតថា « ការយល់ព្រមទូទៅ » មានន័យដូចម្ដេច ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា « ការយល់ព្រមទូទៅ » សំដៅទៅលើសមាជិកសាសនាចក្រដែលប្រើសិទ្ធិជ្រើសរើសរបស់ពួកគេ ដើម្បីបង្ហាញពីការស្ម័គ្រចិត្ត ឬការមិនស្ម័គ្រចិត្តរបស់ពួកគេ ក្នុងការគាំទ្រដល់ការដាក់ស្នើសុំមកពីអ្នកដឹកនាំសាសនាចក្រ ។ នៅក្នុងការប្រជុំសាក្រាម៉ង់ និងសន្និសីទស្ដេក និងសន្និសីទទូទៅ យើងត្រូវបានសុំឲ្យយល់ព្រមដោយការលើកដៃស្ដាំរបស់យើងជាសញ្ញា ) ។
-
តើការគាំទ្រដោយការយល់ព្រមទូទៅ និងការបោះឆ្នោតខុសគ្នាយ៉ាងណាខ្លះ ?
អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា នៅក្នុងនគររបស់ព្រះអម្ចាស់ ជាញឹកញាប់ ព្រះអម្ចាស់បានបើកសម្ដែងពីការសម្រេចព្រះទ័យរបស់ទ្រង់ចំពោះអ្នកដឹកនាំទាំងឡាយដែលបានតែងតាំងពីទ្រង់ ។ ទោះជាយ៉ាងណា ក្នុងករណីមួយចំនួន ទ្រង់អនុញ្ញាតឲ្យអ្នកដឹកនាំធ្វើការសម្រេចចិត្ត តាមរយៈសិទ្ធិអំណាចដែលបានប្រគល់ឲ្យពួកគាត់ ។ ព្រះវិញ្ញាណបរិសុទ្ធ បញ្ជាក់អំពីការសម្រេចចិត្តទាំងនេះ ហើយសមាជិកសាសនាចក្រ ប្រើសិទ្ធិជ្រើសរើសរបស់ពួកគេ ដើម្បីបង្ហាញពីការស្មគ្រ័ចិត្តគាំទ្រដល់ការសម្រេចចិត្តនោះជាសញ្ញាលើកដៃ ។ ច្បាប់នៃការយល់ព្រមទូទៅ អនុវត្តចំពោះការហៅបម្រើក្នុងសាសនាចក្រ ការតែងតាំងបព្វជិតភាព និងវិវរណៈ ។ យើងចូលរួមក្នុងច្បាប់នៃការយល់ព្រមទូទៅរាល់ពេល ដែលយើងលើកដៃរបស់យើង ដើម្បីគាំទ្រមនុស្សម្នាក់ ឬការសម្រេចចិត្តមួយក្នុងការប្រជុំសាសនាចក្រនោះ ។
ដើម្បីជួយសិស្សឲ្យយល់បន្ថែមពីអត្ថន័យ ពេលដែលយើងគាំទ្រអ្នកដទៃ សូមឲ្យសិស្សម្នាក់អានឮៗនូវសេចក្ដីថ្លែងការដូចខាងក្រោម ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្ដាប់នូវរឿងបីយ៉ាង ដែលយើងតាំងចិត្តធ្វើ នៅពេលយើងគាំទ្រអ្នកដទៃដោយការយល់ព្រមទូទៅ ។
« ទម្រង់ការនៃការគាំទ្រ គឺមានន័យច្រើនជាងការលើកដៃជាផ្លូវការមួយ ។ វាគឺជាការតាំងចិត្តមួយដើម្បីលើកស្ទួយ គាំទ្រ ជួយដល់អ្នកទាំងឡាយ ដែលត្រូវបានជ្រើសរើស » ( « This Work Is Concerned with People » Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៥១ ) ។
-
តើយើងត្រូវតាំងចិត្តធ្វើអ្វីខ្លះ ពេលយើងលើកដៃរបស់យើងដើម្បីគាំទ្រដល់អ្នកដទៃ ?
សូមសួរដល់សិស្ស បើពួកគេធ្លាប់ត្រូវបានគាំទ្រសម្រាប់ការតែងតាំងមួយ ការរីកចម្រើន ឬការហៅបម្រើមួយដែរឬទេ ។
-
តើអ្នកមានអារម្មណ៍បែបណាអំពីការដែលត្រូវបានគេគាំទ្រនោះ ?
-
តើយើងអាចគាំទ្រអ្នកដទៃតាមវិធីបីយ៉ាង ដែលប្រធាន ហ៊ិងគ្លី បានពិពណ៌នាយ៉ាងដូចម្ដេច ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀន ) ។
សូមអញ្ជើញសិស្សឲ្យសរសេរឈ្មោះរបស់បុគ្គលម្នាក់ ដែលពួកគេបានគាំទ្រដោយការលើកដៃរបស់ពួកគេ ( ឧទាហរណ៍ ព្យាការី ពួកសាវក ប៊ីស្សព ឬអ្នកដឹកនាំយុវវ័យ ) ។ សូមឲ្យសិស្សសរសេរនូវសកម្មភាពមួយ ដែលពួកគេនឹងធ្វើ ដើម្បីគាំទ្រដល់បុគ្គលនេះបានកាន់តែល្អប្រសើរ ។ សូមបង្ហាញទីបន្ទាល់របស់អ្នកអំពី ពរជ័យដែលកើតមាន តាមរយៈការគាំទ្រដល់អ្នកដឹកនាំសាសនាចក្រ ។