មេរៀនទី១៨
គោលលទ្ធិ និង សេចក្តីសញ្ញា១១:-១២
បុព្វកថា
មិនយូរប៉ុន្មានបន្ទាប់ពីការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ក្នុងខែ ឧសភាព ឆ្នាំ១៨២៩ បុរសពីរនាក់បានមកជួបនឹងព្យាការី យ៉ូសែប ស្ម៊ីធ នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ៖ បងប្រុសរបស់យ៉ូសែប ស្ម៊ីធ ឈ្មោះហៃរ៉ុម និង យ៉ូសែប ណៃត ស៊ីញ្ញ័រ ។ បុរសទាំងពីរនាក់បានបង្ហាញពីបំណងដើម្បីបម្រើព្រះ ហើយជួយនៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា១១ កត់ត្រាវិវរណៈរបស់ព្រះអម្ចាស់ទៅកាន់ហៃរុមស្ម៊ីធ ស្ដីអំពីរបៀបដែលគាត់អាចស្ថាបនាបុព្វហេតុនៃក្រុងស៊ីយ៉ូន ។ គោលលទ្ធិ និង សេចក្ដីសញ្ញា១២ កត់ត្រាវិវរណៈរបស់ព្រះអម្ចាស់ទៅកាន់យ៉ូសែបណៃត ស៊ីញ្ញ័រ និងរបៀបដែលគាត់អាចជួយស្ថាបនាបុព្វហេតុនៃក្រុងស៊ីយ៉ូនផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា១១:១-១៤
ហៃរុម ស៊្មីធ បានរៀនអំពីរបៀបដែលគាត់ អាចជួយស្ថាបនាបុព្វហេតុនៃក្រុងស៊ីយ៉ូន
សូមឲ្យសិស្សគិតអំពី គ្រាមួយដែលពួកគេចង់ចូលរួម ឬរួមចំណែកនៅក្នុងសកម្មភាពឬបុព្វហេតុដ៏មានប្រយោជន៍មួយ ដូចជាការរៀបចំផែនការសកម្មភាពសាសនាចក្រមួយ ការធ្វើការបម្រើដល់នរណាម្នាក់ដែលខ្វះខាត ឬការចូលរួមចំណែកនៅក្នុងក្លឹបសាលា ឬអង្គការមួយ ។
-
តើអ្នកចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីចូលរួមនៅក្នុងសកម្មភាព ឬបុព្វហេតុនោះ ? ( សិស្សអាចឲ្យយោបល់រឿងដូចជាចុះឈ្មោះ បំពេញទម្រង់បែបបទ និយាយទៅនរណាម្នាក់ដែលគ្រប់គ្រង ឬសកម្មភាពដទៃទៀតដែលបង្ហាញពីបំណងចូលរួមរបស់ពួកគេ ) ។
សូមអញ្ជើញសិស្សឲ្យអានក្បាលកណ្ឌគោលលទ្ធិ និង សេចក្តីសញ្ញា១១ និង ១២ រកមើលឈ្មោះរបស់បុគ្គលពីររូបដែលមានបំណងចង់ចូលរួមក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ បន្ទាប់មកអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១១:២៧ និង ១២:៧ ដោយស្ងាត់ស្ងៀម ហើយចង្អុលបង្ហាញនរណាផ្សេងទៀតដែលព្រះអម្ចាស់បានអញ្ជើញឲ្យមកជួយកិច្ចការរបស់ទ្រង់ ។
-
តើនរណាផ្សេងទៀត ដែលព្រះអម្ចាស់បានអញ្ជើញឲ្យមកជួយកិច្ចការរបស់ទ្រង់ ? ( គឺអស់អ្នកទាំងឡាយដែលមានបំណងជួយទ្រង់ ) ។
ដើម្បីជួយសិស្សយល់បរិបទនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា១១ សូមពន្យល់ថា វិវរណៈក្នុងកណ្ឌនេះ ត្រូវបានផ្ដល់ទៅកាន់ហៃរុម ស្ម៊ីធ ដែលមកពីប៉ាលម៉ៃរា រដ្ឋនូវយ៉ោក ទៅកាន់ភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ដើម្បីជួបនឹងប្អូនប្រុសរបស់លោក យ៉ូសែប ។ ហៃរុមទំនងជាបានដឹងជាមុនអំពីព្រឹត្តការថ្មីៗ ដូចជាការរីកចម្រើននៅក្នុងការបកប្រែព្រះគម្ពីរមរមន ។ គាត់ចង់ដឹងអំពីរបៀបដែលគាត់អាចជួយយ៉ូសែបនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ យ៉ូសែប បានទូលសូមដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈនេះ ។ ( ដើម្បីជួយសិស្សស្គាល់ពីសារៈសំខាន់ នៃបំណងប្រាថ្នា ដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចការរបស់ព្រះអម្ចាស់ នោះអ្នកអាចនឹងចង់ឲ្យយោបល់ដល់ពួកគេឲ្យគូសចំណាំពាក្យ បំណងចង់, ប្រាថ្នា និង ចង់បាន នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១១:៣, ៨,១០,១៤,១៧, ២១, ២៧ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១១:៥-៩ ដោយស្ងាត់ស្ងៀម ។ សូមឲ្យសិស្សពាក់កណ្ដាលថ្នាក់ប្រាប់អំពីពរជ័យទាំងឡាយដែលព្រះអម្ចាស់បានសន្យាដល់ហៃរុម ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ទៀត ឲ្យប្រាប់អំពីអ្វីដែលហៃរុម នឹងត្រូវធ្វើដើម្បីទាមទារពរជ័យទាំងនេះ ។ ( នៅពេលសិស្សឆ្លើយតប អ្នកអាចនឹងចាំបាច់ត្រូវបញ្ជាក់ថា « សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ » [ គ. និង ស.១១:៧ ] គឺជាសេចក្ដីពិតខាងវិញ្ញាណដែលត្រូវបានស្គាល់តែតាមរយៈវិវរណៈប៉ុណ្ណោះ ) ។
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា១១:៨អំពីបំណងចង់ធ្វើកិច្ចការរបស់ព្រះអម្ចាស់ ? ( នៅពេលសិស្សឆ្លើយតប សូមគូសបញ្ជាក់នូវសេចក្ដីពិតដូចខាងក្រោម ៖ (១) យើងអាចទទួលបានពរជ័យមកពីព្រះ ស្របតាមបំណងប្រាថ្នាសុចរិតរបស់យើង ។ (២) បើយើងមានបំណងចង់ធ្វើកិច្ចការរបស់ព្រះ នោះយើងនឹងទៅជាមធ្យោបាយនៃការធ្វើល្អដ៏ច្រើន ។
សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បី « នឹងក្លាយទៅជាមធ្យោបាយនៃការធ្វើល្អដ៏ច្រើន »ក្នុងជំនាន់របស់ខ្ញុំ ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗគោលលទ្ធិ និង សេចក្ដីសញ្ញា១១:១០-១៤ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលការប្រឹក្សាដែលព្រះអម្ចាស់បានប្រទានដល់ហៃរុម ដែលនឹងជួយទ្រង់សម្រេចការល្អដ៏ច្រើននេះ ។ នៅពេលសិស្សបញ្ចប់ការអាន សូមអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរអ្វីដែលពួកគេរកឃើញ តាមសំណួរលើក្ដារខៀន ។ ( អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យចម្លងបញ្ជីនេះដាក់ក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ) ។ ( ពួកគេនឹងបន្ថែមក្នុងបញ្ជីពេលបន្ដមេរៀនទៅមុខទៀត ) ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណា ដើម្បីដាក់ទីទុកចិត្តរបស់អ្នកលើព្រះវិញ្ញាណ ?
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា១១:១២–១៣ តើអ្នកអាចស្គាល់ឥទ្ធិពលនៃព្រះវិញ្ញាណបានយ៉ាងដូចម្ដេច ? ( សិស្សអាចប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែស្គាល់សេចក្ដីពិតដូចខាងក្រោម ៖ (១) ព្រះវិញ្ញាណនៃព្រះអម្ចាស់ ដឹកនាំយើងឲ្យធ្វើល្អ រាបសារ និងវិនិច្ឆ័យដោយសុចរិត ។ ( ២) ព្រះវិញ្ញាណបំភ្លឺគំនិតរបស់យើង ហើយបំពេញព្រលឹងរបស់យើងដោយសេចក្ដីអំណរ ) ។
នៅពេលអ្នកពិភាក្សាពីសេចក្ដីពិតទាំងនេះ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យរំឭកចំណេះចំណានខគម្ពីរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២–៣ ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សឲ្យសរសេរសេចក្ដីយោងចំណេះចំណានខគម្ពីរ នៅក្នុងរឹមទំព័រជិតនឹង គោលលទ្ធិ និង សេចក្ដីសញ្ញា១១:១២–១៤ ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា១១:១២–១៣ តើព្រះវិញ្ញាណអាចមានឥទ្ធិពលមកលើគំនិតនិងដួងចិត្តយើងតាមរបៀបមួយចំនួនអ្វីខ្លះ ?
-
តើអ្នកធ្លាប់មានបទពិសោធន៍ពីឥទ្ធិពលនៃព្រះវិញ្ញាណតាមរបៀបមួយនៃរបៀបទាំងនេះនៅពេលណា ? តើបទពិសោធន៍នេះនាំអ្នកឲ្យ « ធ្វើល្អ » យ៉ាងដូចម្តេចខ្លះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា១១ :១៥-៣០
ព្រះអម្ចាស់ បញ្ជាហៃរុម ស្ម៊ីធ ឲ្យរៀបចំខ្លួនសម្រាប់ការហៅឲ្យផ្សព្វផ្សាយ
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១១:១៥-១៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលអ្វី ដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យ យ៉ូសែប ស៊្មីធ និងដៃគូររបស់លោកធ្វើ ។ សូមជួយសិស្សឲ្យយល់ថា ហៃរុម ស៊្មីធ ពុំត្រូវបានបញ្ជាឲ្យផ្សព្វផ្សាយឡើយរហូតដល់លោកត្រូវបានហៅឲ្យធ្វើកិច្ចការនោះសិន ។
-
ស្របតាមខគម្ពីរនេះ ហេតុអ្វីហៃរុម ស៊្មីធ ត្រូវ « ចាំបន្ដិច » មុនពេលគាត់ត្រូវបានហៅឲ្យផ្សព្វផ្សាយដំណឹងល្អដូច្នេះ ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ឃ្លា « លុះត្រាអ្នកនឹងបានព្រះបន្ទូលរបស់យើង ថ្មដារបស់យើង សាសនាចក្ររបស់យើង និងដំណឹងល្អរបស់យើង » សំដៅទៅលើកត្តាពិតថា សាសនាចក្រពុំទាន់ត្រូវបានរៀបចំ ហើយព្រះគម្គីរមរមន ពុំទាន់បានឃើញមានបោះពុម្ពនៅឡើយ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១១:១៧–២០ ឲ្យឮៗ នៅពេលសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅហៃរុម ថាចាំបាច់ត្រូវធ្វើដើម្បីក្លាយជាអ្នកផ្សព្វផ្សាយដំណឹងល្អដ៏មានប្រសិទ្ធភាព ។ អ្នកអាចនឹងចង់បន្ថែមពីលើចម្លើយរបស់សិស្ស ចូលក្នុងតារាងនៅលើក្ដារខៀន ។ អ្នកអាចចង់អញ្ជើញសិស្សដើម្បីសរសេរចម្លើយរបស់ពួកគេទុក ។
-
តើអ្នកគិតថា ការនៅជាប់នឹងព្រះអម្ចាស់ដោយអស់ពីដួងចិត្តរបស់អ្នកនោះ វាមានន័យយ៉ាងណា ? ( អ្នកអាចចាំបាច់ត្រូវពន្យល់ថា បរិបទនេះ ពាក្យ នៅជាប់ មានន័យថា គោរពតាមអ្វីមួយដោយម៉ឺងម៉ាត់ ឬពុំរារែក ) ។
-
តើឃ្លាអ្វីខ្លះ ត្រូវបានថ្លែងដដែលៗនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១១:១៨ និង ២០ ? ( អ្នកអាចនឹងចង្អុលបង្ហាញផងដែរថា ឃ្លា « ការរក្សាបទបញ្ញត្តិរបស់ខ្ញុំ » ក៏មាននៅក្នុងខ ៦ និង ៩ផងដែរ ) ។
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ការរក្សាបទបញ្ញត្តិរៀបចំយើងខាងវិញ្ញាណដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។
-
តើការរក្សាបទបញ្ញត្តិនៅថ្ងៃនេះ រៀបចំអ្នកសម្រាប់ការបម្រើផ្សព្វផ្សាយសាសនា អាពាហ៍ពិពាហ៍ និងការបម្រើក្នុងសាសនាចក្រនៅឆ្នាំខាងមុខៗយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១១:២១–២២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីផ្សេងទៀតដែល ហៃរុម ចាំបាច់ត្រូវធ្វើដើម្បីជួយគាត់អាចក្លាយជាអ្នកផ្សព្វផ្សាយដំណឹងល្អកាន់តែមានប្រសិទ្ធភាព ។
-
តើព្រះអម្ចាស់ប្រាប់ហៃរុមថា គាត់នឹងត្រូវការធ្វើអ្វីខ្លះ ដើម្បីអាចប្រកាសព្រះបន្ទូលទ្រង់ចំពោះប្រជាជន ? ( អ្នកអាចនឹងចង់បន្ថែមការសិក្សាព្រះគម្ពីរ ចូលក្នុងតារាងនៅលើក្ដារខៀន) ។
-
តើការសិក្សាព្រះគម្ពីរដើម្បីស្គាល់ព្រះបន្ទូលព្រះ ខុសគ្នាពីការគ្រាន់តែអានព្រះគម្ពីរយ៉ាងណា ?
-
តើព្រះអម្ចាស់បានសន្យាជាមួយហៃរុម និងអ្នកដទៃដែលធ្វើតាមគំរូ ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១១:២១–២២ អ្វីខ្លះ ? ( សិស្សគួរតែប្រាប់គោលការណ៍ដូចខាងក្រោម ៖ អ្នកទាំងឡាយដែលសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់ នឹងទទួលព្រះវិញ្ញាណទ្រង់ និងអំណាចដើម្បីបញ្ចុះបញ្ចូលអ្នកដទៃឲ្យជឿសេចក្ដីពិតនៃដំណឹងល្អ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា១២
ព្រះអម្ចាស់ ប្រឹក្សាដល់យ៉ូសែប ណៃត អំពីរបៀបស្ថាបនាបុព្វហេតុនៃក្រុងស៊ីយ៉ូន
បង្ហាញសិស្សនូវឈ្មោះរបស់បុគ្គលល្បីៗពីរបីនាក់ ។ សួរប្រសិនបើពួកគេធ្លាប់ឮអំពីបុគ្គលម្នាក់ៗដែលអ្នកបានប្រាប់ ហើយពន្យល់សង្ខេបៗអំពីមូលហេតុដែលពួកគេល្បីល្បាញ ។ រួចសួរប្រសិនបើពួកគេធ្លាប់ឮឈ្មោះបុរសម្នាក់ឈ្មោះ យ៉ូសែប ណៃត ស៊ីញ្ញ័រ ។
-
សូមគិតអំពីបុគ្គលម្នាក់ៗក្នុងវួដឬសាខារបស់អ្នកដែលបម្រើដោយស្មោះត្រង់ និងដោយស្ងប់ស្ងាត់ ។ តើពួកគេកំពុងជួយយ៉ាងដូចម្តេច ដើម្បីស្ថាបនានគររបស់ព្រះ ?
ដើម្បីជួយសិស្សរៀនអំពីយ៉ូសែប ណៃត ស៊ីញ្ញ័រ និងការបរិច្ចាគរបស់គាត់ ចំពោះការស្ដារឡើងវិញនៃដំណឹងល្អ សូមអញ្ជើញសិស្សឲ្យអានឮៗក្នុងសេចក្ដីផ្ដើមកណ្ឌ គោលលទ្ធិ និង សេចក្ដីសញ្ញា១២ ។ សូមពន្យល់ថា យ៉ូសែប ណៃត ស៊ីញ្ញ័រ ពុំសូវមានគេស្គាល់នៅសព្វថ្ងៃនេះទេ ប៉ុន្តែគាត់បានផ្គត់ផ្គង់ដល់ព្យាការី យ៉ូសែប ស៊្មីធ នូវម្ហូបអាហារ និងសម្ភារដទៃទៀត អំឡុងពេលធ្វើការដ៏សំខាន់នៃការបកប្រែព្រះគម្ពីរមរមន ។ គោលលទ្ធិ និង សេចក្ដីសញ្ញា១២ កត់ត្រាវិវរណៈមួយដែលព្រះអម្ចាស់បានប្រទានដល់យ៉ូសែប ស៊្មីធ សម្រាប់យ៉ូសែប ណៃត ស៊ីញ្ញ័រ ក្នុងខែឧសភា ឆ្នាំ១៨២៩ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា១២:៦-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ប្រាប់អំពីលក្ខណៈសម្បត្តិសុចរិតនៃអ្នកទាំងឡាយដែលចង់ជួយក្នុងកិច្ចការរបស់ព្រះអម្ចាស់ គួរតែមាន ។
-
ស្របតាម គោលលទ្ធិ និង សេចក្ដីសញ្ញា១២:៨ តើលក្ខណៈសម្បត្តិអ្វីខ្លះ ដែលព្រះអម្ចាស់តម្រូវឲ្យមានចំពោះអ្នកទាំងឡាយដែលចង់ជួយក្នុងកិច្ចការរបស់ទ្រង់ ?
-
តើអ្នកអភិវឌ្ឍលក្ខណៈសម្បត្តិទាំងនេះក្នុងជីវិតរបស់អ្នកដូចម្ដេច ?
សូមប្រាប់សិស្សថា យ៉ូសែប ណៃត ស៊ីញ្ញ័រ បានព្យាយាមយ៉ាងខ្ជាប់ខ្ជួនដើម្បីអភិវឌ្ឍ និងអនុវត្តលក្ខណៈសម្បត្តិសុចរិតទាំងនេះ ។ គាត់បានផ្ដល់ជំនួយខាងសាច់ឈាម និងខាងវិញ្ញាណដល់យ៉ូសែប ស៊្មីធ ក្នុងអំឡុងពេលនៃការបម្រើរបស់ព្យាការី ។ ជាច្រើនឆ្នាំបន្ទាប់ពី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា១២ លោកបានកត់ត្រាដូចខាងក្រោម ស្ដីអំពីសេចក្ដីស្មោះត្រង់របស់ យ៉ូសែប ណៃត ៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« យ៉ូសែប ណៃត ស៊ីនញ្ញ័រ… បានស្មោះ ហើយពិត ហើយជាគំរូល្អ និងល្អចំពោះមនុស្សគ្រប់រូប ប្រកបដោយគុណធម៌ និងចិត្តល្អ ពុំដែលងាករេឡើយ ។… គាត់ជាមនុស្សសុចរិតម្នាក់ » ( History of the Church,៥:១២៤ ) ។
ដើម្បីលើកទឹកចិត្តដល់សិស្សឲ្យនឹកគិត និងអនុវត្តនូវអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយនូវរបៀបដែលពួកគេបញ្ចប់ឃ្លាដូចខាងក្រោមនេះ ៖ « ដើម្បីជួយព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ ខ្ញុំនឹង… »
អ្នកក៏អាចចង់បញ្ចប់ដោយការបង្ហាញពីរបៀបដែលអ្នកនឹងបញ្ចប់ឃ្លានេះ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា១១:២ ។ ព្រះបន្ទូលនៃព្រះគឺ « មុតជាងដាវណាមានមុខពីរ »
អែលឌើរ អួរសុន ប្រាត្ត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាអំពីអំណាចនៃព្រះបន្ទូលរបស់ព្រះថា ៖
រូបភាពអែលឌើរ អួរសុន ប្រាត្ត« សារលិខិតនៃសេចក្ដីពិតសាមញ្ញ នៅពេលបញ្ជូនមកពីព្រះ--នៅពេលបានបោះពុម្ពដោយសិទ្ធិអំណាចដ៏ទេវភាព តាមរយៈបុរសដ៏បំផុសគំនិតដ៏ទេវភាព ចាក់ទម្លុះគំនិតដូចជាដាវមុខពីរ ហើយកាត់ជ្រៀកបំផ្លាញនូវអំណាចនៃទំនៀមទម្លាប់ខុសឆ្គងពីបុរាណ ដែលមានក្នុងខ្លួនមនុស្ស ដែលគេគិតថាពិសិដ្ឋដោយសារវាមានជាយូរលង់មក ដែលប្រាជ្ញាមនុស្សធ្វើឲ្យមានប្រជាប្រិយភាពនោះ ។ វាបំបែកចេញនូវសេចក្ដីពិតដ៏ត្រឹមត្រូវចេញពីភាពខុសឆ្គង-- រវាងគោលលទ្ធិនៃព្រះគ្រីស្ទ និងគោលលទ្ធិរបស់មនុស្ស វាបន្ទន់ការឈ្លោះទាស់ទែងនៃការរៀនសូត្ររបស់មនុស្សទាស់នឹងសេចក្ដីពិតដ៏ទេវភាពទាំងអស់បានយ៉ាងងាយ ។ គំនិតយោបល់ ការជឿទាំងឡាយដែលបង្កើតឡើងដោយមនុស្សគ្មានការបំផុសគំនិត ហើយគោលលទ្ធិទាំងឡាយដែលបានបង្កើតឡើងនៅក្នុងសាលាសាសនា ត្រូវវិនាសទាំងអស់ ដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម--អ្វីគ្រប់យ៉ាងលិចទៅក្នុងភាពគ្មានន័យ នៅពេលប្រៀបធៀបទៅនឹងសារលិខិតមួយដែលបានដឹកនាំមកពីស្ថានសួគ៌ » ( « Divine Authority—or was Joseph Smith Sent of God ? »កិច្ចការរបស់អួរសុន ប្រាត្ត នៅក្នុងគោលលទ្ធិនៃដំណឹងល្អ [ ឆ្នាំ១៩៤៥ ],១:១ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា១១:៩ ។ តើពាក្យ « សូមកុំថាអ្វីដល់តំណរនេះឡើយ លើកលែងតែការប្រែចិត្ត » មានន័យយ៉ាងណា ?
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានមានប្រសាសន៍ថា ៖
រូបភាពប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ« នៅពេលព្រះអម្ចាស់ប្រាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់កុំឲ្យថាអ្វីសោះ លើកលែងតែការប្រែចិត្ត នោះពុំមែនមានន័យថា ពួកគេកុំថាអ្វីអំពីពិធីបុណ្យជ្រមុជទឹក ហើយកុំហៅឲ្យមនុស្សគោរពបទបញ្ញត្តិរបស់ព្រះនោះទេ ប៉ុន្តែទ្រង់មានព្រះទ័យចង់ឲ្យអ្វីៗទាំងអស់ដែលពួកគេនិយាយ និងធ្វើ គឺស្ថិតនៅក្នុងវិញ្ញាណនៃការនាំមនុស្សឲ្យប្រែចិត្ត ។ អ្នកផ្សព្វផ្សាយសាសនាណា ដែលពុំបានធ្វើដូចនេះនៅក្នុងការបម្រើរបស់ខ្លួន គឺពុំបំពេញកាតព្វកិច្ចខ្លួនឡើយ » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ១៩៥៣ ],១:៥៧ ) ។
កូនសៀវភៅ ពិតចំពោះសេចក្ដីជំនឿ បង្រៀនអំពីការប្រែចិត្តដូចខាងក្រោមថា ៖
« ការប្រែចិត្តគឺជាគោលការណ៍មួយនៃគោលការណ៍ទាំងឡាយនៃដំណឹងល្អ ( សូមមើល មាត្រានៃសេចក្ដីជំនឿ១:៤ ) ។ វាសំខាន់ចំពោះសុភមង្គលរបស់អ្នកនៅក្នុងជីវិតនេះ និង ពេញទាំងភាពអស់កល្ប ។ ការប្រែចិត្តគឺវាសំខាន់ជាងការគ្រាន់តែដឹងពីការធ្វើខុស ។ វាគឺជាការផ្លាស់ប្តូរនៃគំនិត និង ចិត្តដែលផ្តល់ដល់យើងនូវការយល់ដឹងថ្មីអំពីព្រះ អំពីខ្លួនរបស់យើងផ្ទាល់ និងអំពីពិភពលោកនេះ ។ វារួមមានការបែរចេញពីអំពើបាបហើយបែរទៅរកព្រះសម្រាប់ការអភ័យទោស ។ វាត្រូវបានជម្រុញដោយសេចក្ដីស្រឡាញ់ដល់ព្រះ និង បំណងដ៏ស្មោះត្រង់ក្នុងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ » (ពិតចំពោះសេចក្ដីជំនឿ ៖ សេចក្ដីយោងនៃដំណឹងល្អ[ ឆ្នាំ ២០០៤ ], ទំព័រ ១៣២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា១១:២៥ ។ « សូមកុំបដិសេធវិញ្ញាណនៃវិវរណៈ »
រូបភាពប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ថា ការប្រឹក្សាចំពោះ ហៃរុម ស្ម៊ីធ នឹងបម្រើជា « ដំបូន្មានល្អសម្រាប់យើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្ននេះ ។ មានសមាជិកនៃសាសនាចក្រមួយចំនួនដែលរអ៊ូរទាំដោយសារព្រះអម្ចាស់ ពុំប្រទានវិវរណៈដើម្បីដាក់នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដូចកាលពីដំបូង ហើយពួកគេសួរថា ហេតុអ្វីក៏ឈប់មានវិវរណៈនៅក្នុងសាសនាចក្រ ។ តាមធម្មតា វាជាករណីដែលថា អ្នករិះគន់ទាំងនេះ គឺពុំរក្សាបទបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានមករួចហើយនោះដោយស្មោះត្រង់ទេ ហើយភ្នែករបស់ពួកគេមើលពុំឃើញភាពពិតដែលវិវរណៈ និងការដឹកនាំរបស់ព្រះអម្ចាស់ គឺត្រូវបានចាត់ទៅឲ្យសាសនាចក្រដោយខ្ជាប់ខ្ជួនឡើយ ។ គ្មាននរណាម្នាក់ដែលមានវិញ្ញាណនៃការញែកដឹង ពុំអាចមើលឃើញថា ព្រះហស្តរបស់ព្រះអម្ចាស់ បានដឹកនាំរាស្ត្ររបស់ទ្រង់តាំងពីការចាប់ផ្ដើមមក ហើយដែលការដឹកនាំនេះ ត្រូវបានសម្ដែងឲ្យឃើញនាសព្វថ្ងៃនេះ ក៏ដូចជានៅក្នុងជំនាន់ផ្សេងៗដល់មនុស្សទាំងអស់ដែលរាបសារ ហើយមានវិញ្ញាណសង្រេងនោះឡើយ ។ ( សូមមើល យ៉ាកុប ៤:៨ ) » ។ Church History and Modern Revelation, វ៉ុល ២ [ ឆ្នាំ១៩៥៣ ],១:៥៧ សូមមើលផងដែរ សៀវភៅសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់សិស្ស បានបោះពុម្ពលើកទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ],ទំព័រ ២៦ ) ។