មេរៀនទី ៣៦
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣០-៥០
បុព្វកថា
មិនយូរប៉ុន្មានពីមុនពេលសន្និសីទសាសនាចក្រ ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ១៨៣០ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយនៅក្នុងវត្តមានរបស់អែលឌើរប្រាំមួយរូប ។ តាមរយៈវិវរណៈ ពួកអែលឌើរទាំងនេះ បានរៀនអំពី ការធ្លាក់នៃលោកអ័ដាម និងនាងអេវ៉ា និងអំពីការប្រោសលោះពីការធ្លាក់ ដោយសារតែដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣០-៤៥
ព្រះអង្គសង្គ្រោះ ប្រកាសថា ទ្រង់បានប្រោសលោះយើងពីការធ្លាក់ ហើយថាទ្រង់បានផ្ដល់សេចក្ដីសង្គ្រោះពីអំពើបាបរបស់យើង
សូមចែកចាយស្ថានភាពដូចខាងក្រោមជាមួយសិស្សរបស់អ្នក រួចហើយសួរសំណួរដែលមានដូចខាងក្រោម ៖
សូមនឹកស្រម៉ៃថា មិត្តម្នាក់របស់អ្នកមករកអ្នក ហើយមានអារម្មណ៍បាក់ទឹកចិត្តបន្ដិចបន្ដួច ។ នៅពេលអ្នកសួរថា ហេតុអ្វីក៏នាងបាក់ទឹកចិត្ត នាងប្រាប់អ្នកថា នាងពុំដឹងថាបើការធ្វើជាមនុស្សល្អនោះតើមានតម្លៃដើម្បីខំប្រឹងឬក៏អត់នោះទេ ។ នាងពន្យល់ថា ទោះជានាងបានព្យាយាមគោរពតាមព្រះបញ្ញត្តិនានាក្ដី ក៏នាងពុំឃើញថាជីវិតរបស់នាងបានល្អប្រសើរជាងជីវិតរបស់មិត្តភក្ដិនាង ដែលជ្រើសរើសធ្វើអំពើបាបនោះដែរ ។ បន្ថែមពីលើនោះ នាងបានចង្អុលបង្ហាញថា គ្មានអ្វីដែលអាក្រក់បានកើតឡើងដល់មិត្តភក្ដិរបស់នាង ដោយសារតែការជ្រើសរើសខុសរបស់ពួកគេផងហ្នឹង ។
-
តើអ្នកអាចឆ្លើយតបចំពោះកង្វល់របស់មិត្តអ្នកយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យរកមើលគោលលទ្ធិ និងគោលការណ៍ទាំងឡាយ នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩ ដែលអាចជួយពួកគេឆ្លើយតបចំពោះកង្វល់របស់មិត្តពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣១–៣២ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ។ ដើម្បីជួយសិស្សយល់អំពីការបង្រៀននៅក្នុងខគម្ពីរទាំងនេះ សូមពន្យល់ដូចខាងក្រោម មុនពេលសិស្សអានវាឮៗ ៖
នៅការបង្កបង្កើត អ័ដាម អេវ៉ា ផែនដី និងវត្ថុសព្វសារពើរនៅលើផែនដី គឺស្ថិតនៅក្នុងសភាពខាងវិញ្ញាណ ។ ទោះជាអ័ដាម និងអេវ៉ា មានរូបកាយក្ដី ក៏ពួកគាត់ពុំស្ថិតនៅក្រោមសេចក្ដីស្លាប់ដែរ ហើយអាចរស់នៅក្នុងវត្តមានរបស់ព្រះជានិរន្ដរ៍ ។ ទោះជាយ៉ាងណាក៏ដោយ ជាចំណែកនៃផែនការរបស់ព្រះវរបិតាសួគ៌ រាល់ការបង្កបង្កើតរបស់ទ្រង់ នឹងក្លាយទៅជាខាងសាច់ឈាម ។ ជាពាក្យម្យ៉ាងទៀតគឺថា ពួកគេនឹងក្លាយជាបណ្ដោះអាសន្ន ហើយស្ថិតនៅក្រោមសេចក្ដីស្លាប់ ។ បន្ទាប់ពីការរស់ឡើងវិញ នោះពួកគេនឹងត្រឡប់ទៅសភាពជាវិញ្ញាណ-- មានរូបកាយ តែមានជីវិតអមតផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៤-៣៥ ។ សូមឲ្យសិស្សរកមើលវិធីដែលព្រះអម្ចាស់ទតមើលបទបញ្ញត្តិ ដែលទ្រង់ប្រទានដល់យើង ។
-
តើព្រះអម្ចាស់បានពិពណ៌នាអំពីបទបញ្ញត្តិរបស់ទ្រង់យ៉ាងដូចម្ដេច ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងនូវគោលលទ្ធិដូចខាងក្រោម ៖ រាល់បទបញ្ញត្តិរបស់ព្រះទាំងអស់ គឺខាងវិញ្ញាណ ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
តើអ្នកនឹងពន្យល់អំពីការប្រកាសរបស់ព្រះអម្ចាស់ថា រាល់បទបញ្ញត្តិទាំងអស់របស់ទ្រង់ គឺខាងវិញ្ញាណដោយរបៀបណា ? តើគំរូមួយចំនួននៃពរជ័យខាងវិញ្ញាណ ដែលកើតមាន នៅពេលយើងរក្សាបទបញ្ញត្តិមានអ្វីខ្លះ ?
នៅពេលសិស្សឆ្លើយតបចំពោះសំណួរទាំងនេះ អ្នកអាចនឹងចង់ចង្អុលបង្ហាញថា បទបញ្ញត្តិជាច្រើន ដូចជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ និងច្បាប់ដង្វាយមួយភាគក្នុងដប់ ដឹកនាំទៅរកពរជ័យខាងសាច់ឈាម ។ ទោះជាយ៉ាងណាក៏ដោយ វាដឹកនាំទៅរកពរជ័យខាងវិញ្ញាណកាន់តែខ្លាំង ។ ខណៈដែលពរជ័យខាងសាច់ឈាមនឹងបញ្ចប់នៅទីបំផុតនោះ នោះពរជ័យខាងវិញ្ញាណនឹងនៅមានជារៀងរហូត ។
-
តើគោលលទ្ធិដែលបានសរសេរនៅលើក្ដារខៀន អាចជួយមិត្តរបស់អ្នកនៅក្នុងស្ថានភាពដែលបានពិភាក្សានៅដើមមេរៀនយ៉ាងដូចម្ដេច ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៦-៣៩ ដោយការពន្យល់ថា ពួកអារក្ស បានបះបោរទាស់នឹងព្រះនៅក្នុងពិភពជាវិញ្ញាណមុនជីវិតនេះ ហើយនាំ « បំបែរមួយភាគបីនៃពួកពលបរិវារស្ថានសួគ៌ចេញ » ។ ដោយសារតែអារក្ស និងពួកអ្នកដើរតាមវា បានបះបោរទាស់ នោះពួកវាត្រូវបានបណ្ដេញចេញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៩ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ឲ្យរកមើលមូលហេតុ ដែលព្រះអម្ចាស់អនុញ្ញាតឲ្យពួកអារក្សល្បួងយើង ។
-
ហេតុអ្វីក៏ព្រះអម្ចាស់អនុញ្ញាតឲ្យអារក្សល្បួងយើងដូច្នេះ ? ហេតុអ្វីក៏វាសំខាន់សម្រាប់យើង ដើម្បីមានការជ្រើសរើសរវាងសេចក្ដីល្អ និងសេចក្ដីអាក្រក់ ?
ដើម្បីរៀបចំសិស្សឲ្យពិភាក្សាអំពីសេចក្ដីពិតនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤០-៤៥សូមចង្អុលបង្ហាញថា នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៥ព្រះអម្ចាស់បានប្រាប់អំពីបទបញ្ញត្តិមួយ ដែលទ្រង់បានប្រទានដល់អ័ដាមនៅក្នុងសួរច្បារអេដែន ( សូមមើលផងដែរ គ និង ស ២៩:៤០ ) ។ សូមអញ្ជើញសិស្សឲ្យអានបទបញ្ញត្តិនេះដោយស្ងាត់ស្ងៀមនៅក្នុង ម៉ូសេ ៣:១៦-១៧ ។
-
តើបទបញ្ញត្តិអ្វីខ្លះ ដែលព្រះអម្ចាស់បានប្រទានដល់អ័ដាម ? ( ព្រះអម្ចាស់បានបញ្ជាអ័ដាម មិនឲ្យបរិភោគផ្លែឈើនៃដើមដឹងខុសត្រូវឡើយ ) ។ តើព្រះអម្ចាស់មានបន្ទូលថាអ្វីខ្លះនឹងកើតឡើង បើអ័ដាមរំលងក្រិត្យវិន័យនេះ ? ( អ័ដាម នឹងស្លាប់ ។ ចាប់តាំងពីថ្ងៃនៃការរំលងរបស់លោក អ័ដាម បានស្ថិតក្រោមការស្លាប់ខាងរូបកាយ និងការស្លាប់ខាងវិញ្ញាណ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤០--៤១ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអត្ថន័យនៃឃ្លា « សេចក្ដីស្លាប់ខាងវិញ្ញាណ » ។
-
យោងតាមខគម្ពីរនេះ តើសេចក្ដីស្លាប់ខាងវិញ្ញាណជាអ្វី ? ( សិស្សគួរតែបង្ហាញនូវគោលលទ្ធិដូចខាងក្រោម ៖ សេចក្ដីស្លាប់ខាងវិញ្ញាណគឺជាការត្រូវបានដកចេញពីវត្តមានរបស់ព្រះ ) ។
ដើម្បីជួយសិស្សយល់អត្ថន័យនៃឃ្លា « សេចក្ដីស្លាប់ទីមួយ » នៅក្នុងខ ៤១ សូមពន្យល់ថា មានសេចក្ដីស្លាប់ខាងវិញ្ញាណពីរ ។ ទីមួយ គឺជាលទ្ធផលមកពីការធ្លាក់ និងជាការបណ្ដោះអាសន្ន ។ ទីពីរ គឺលទ្ធផលមួយនៃការមិនប្រែចិត្តពីអំពើបាប ហើយនឹងនៅជាប់ជាមួយ អ្នកទាំងឡាយដែលធ្លាក់ចុះ មិនប្រែចិត្ត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤២ ។ សូមសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ស្វែងរកប្រភេទនៃសេចក្ដីស្លាប់ផ្សេងទៀត ដែលកើតមាន ដោយសារតែការរំលងរបស់អ័រដាម ។
-
តើប្រភេទនៃសេចក្ដីស្លាប់ផ្សេងទៀត កើតមានមកដោយសារតែការរំលងរបស់អ័ដាមមានអ្វីខ្លះ ? ( សេចក្ដីស្លាប់ខាងសាច់ឈាម ឬជាពាក្យម្យ៉ាងទៀតថាជា សេចក្ដីស្លាប់ខាងរូបកាយ ។ សេចក្ដីស្លាប់ គឺជាការបំបែកវិញ្ញាណ និងរូបកាយចេញពីគ្នា ។
ដើម្បីជួយសិស្សយល់អំពីលទ្ធផលនៃការធ្លាក់សម្រាប់មនុស្សលោកទាំងអស់ សូមអញ្ជើញពួកគេឲ្យអាន ហេលេមិន ១៤:១៦ ដោយស្ងាត់ស្ងៀម ។ សូមពួកគេឲ្យប្រាប់ថានរណាដែលទទួលបទពិសោធន៍ពីលទ្ធផលនៃការរំលងរបស់អ័ដាម ។
-
តើនរណាទទួលបទពិសោធន៍មកពីការធ្លាក់របស់លោកអ័ដាម ? ( មនុស្សលោកទាំងអស់ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន ហេលេមិន ១៤:១៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលអ្វីដែលខនេះ បាននិយាយអំពីរបៀបដែលលទ្ធផលនៃការធ្លាក់របស់អ័ដាមនឹងត្រូវបានយកឈ្នះ ។
-
តើលទ្ធផលនៃការធ្លាក់របស់អ័ដាមនឹងត្រូវបានយកឈ្នះយ៉ាងដូចម្ដេច ? តើនរណានឹងទទួលបានពរជ័យទាំងនេះ ?
សូមសរសេរសេចក្ដីយោងបទគម្ពីរដូចខាងក្រោមនៅលើក្ដារខៀន ៖ អាលម៉ា ៣៣:២២, ៤២:២៣ ។ សូមពន្យល់ថា មនុស្សទាំងអស់នឹងត្រឡប់ទៅកាន់វត្តមានរបស់ព្រះសម្រាប់ការជំនុំជម្រះ ប៉ុន្ដែពុំមែនមនុស្សទាំងអស់នឹងសក្ដិសមដើម្បីរស់នៅក្នុងវត្តមានរបស់ទ្រង់ជារៀងរហូតនោះទេ ។ រួចហើយអញ្ជើញសិស្សឲ្យអានដោយស្ងាត់ស្ងៀមនូវវគ្គបទគម្ពីរដែលអ្នកបានសរសេរនៅលើក្ដារខៀន រកមើលភស្ដុតាងនៃសេចក្ដីពិតនេះ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៣–៤៤ ឲ្យឮៗ ។ សូមចង្អុលបង្ហាញអំពីការប្រកាសថា អ្នកទាំងឡាយដែល « ពុំជឿ » ទៅលើព្រះគ្រីស្ទ « ពុំអាចត្រូវបានប្រោសលោះពីការធ្លាក់ខាងវិញ្ញាណរបស់ពួកគេឡើយ » ។ ចូរពន្យល់ថា ថ្វីដ្បិតតែមនុស្សទាំងអស់នឹងត្រូវបានប្រោសលោះពីការធ្លាក់នៃលោកអ័ដាម និងអេវ៉ាក្ដី ក៏អ្នកទាំងឡាយដែលបដិសេធពុំអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្តទេ នោះនឹងពុំត្រូវបានសង្គ្រោះពីការធ្លាក់ខាងវិញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤២–៤៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលវិធីដែលយើងអាចត្រូវបានសង្គ្រោះពីលទ្ធផលនៃអំពើបាបផ្ទាល់ខ្លួនរបស់យើង ។
-
ស្របតាមខគម្ពីរទាំងនេះ តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីត្រូវបានសង្គ្រោះពីលទ្ធផលនៃអំពើបាបរបស់យើងផ្ទាល់បាន ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែពួកគេគួរតែបង្ហាញនូវគោលលទ្ធិដូចខាងក្រោម ៖ តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ផ្ដល់ការអភ័យទោស និងជីវិតអស់កល្បជានិច្ចចំពោះមនុស្សទាំងអស់ ដែលអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ ហើយប្រែចិត្តពីអំពើបាបរបស់ពួកគេ ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
សូមថ្លែងទីបន្ទាល់ថា ការធ្លាក់នៃលោកអ័ដាម និងអេវ៉ា គឺមានចំណែកនៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សុភមង្គលរបស់យើង ។ ថ្វីដ្បិតតែយើងបានរស់នៅក្នុងវត្តមានរបស់ព្រះពីមុនយើងកើតមកក្ដី ក៏យើងម្នាក់ៗចាំបាច់ត្រូវមកកាន់ផែនដី ទទួលរូបកាយខាងសាច់ឈាម ហើយរៀនតាមរយៈបទពិសោធន៍ដើម្បីប្រើសិទ្ធិជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទផងដែរ ។ ស្ថានភាពខាងវិញ្ញាណរបស់យើង នៅពេលយើងទទួលជីវិតដ៏អស់កល្បជានិច្ច នឹងមានសភាពអស្ចារ្យជាងស្ថានភាពខាងវិញ្ញាណ ដែលយើងបានទទួលពិសោធន៍នៅក្នុងពិភពជាវិញ្ញាណក្នុងជីវិតមុនឆាកជីវិតនេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានការពន្យល់ដូចខាងក្រោម មកពីកូនសៀវភៅ ពិតចំពោះសេចក្ដីជំនឿ ៖
« អមតភាព គឺជាជីវិតដែលអាចរស់នៅជានិរន្តរ៍ក្នុងស្ថានភាពដែលបានរស់ឡើងវិញ ។ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ មនុស្សគ្រប់រូបនឹងទទួលបានអំណោយនេះ ។ ជីវិតដ៏អស់កល្បជានិច្ច ឬភាពលើកតម្កើង គឺដើម្បីទទួលកន្លែងមួយនៅក្នុងកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល ដែលយើងនឹងរស់នៅក្នុងវត្តមានរបស់ព្រះ ហើយបន្ដជាក្រុមគ្រួសារ ( សូមមើល គ និង ស ១៣១:១–៤ ) ។ ដូចជាជីវិតអមតភាពផងដែរ អំណោយទាននេះ នឹងត្រូវបានធ្វើឲ្យកើតមានឡើង តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទោះជាយ៉ាងណាក៏ដោយ វាតម្រូវឲ្យមាន ‹ ការគោរពតាមក្រិត្យវិន័យ និងពិធីការទាំងឡាយនៃដំណឹងល្អ › ( មាត្រានៃសេចក្ដីជំនឿ ១:៣) » (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ២០០៤ ], ៥២ ) ។
ដើម្បីជួយសិស្សយល់ពីសារៈសំខាន់នៃការធ្វើការជ្រើសរើសដែលនឹងជួយពួកគេទទួលពរជ័យនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវការទូន្មានដូចខាងក្រោមមកពី ប្រធាន ថូម៉ាស អេស ម៉នសុន ៖
« សូមកុំដាក់ជីវិតដ៏អស់កល្បជានិច្ចរបស់អ្នកក្នុងគ្រោះថ្នាក់ឡើយ ។ ប្រសិនបើអ្នកមានបាប កាលណាអ្នកត្រឡប់មករកផ្លូវវិញកាន់តែឆាប់ នោះអ្នកនឹងរកឃើញនូវភាពសុខសាន្ដដ៏ផ្អែមល្ហែម និងក្ដីអំណរដែលកើតមានមកជាមួយនឹងអព្ភូតហេតុនៃការអភ័យទោស ។
« …អ្នកមាននូវអំណាចមរតកកូនច្បងដ៏ថ្លៃថ្លាមួយ ។ ជីវិតដ៏នៅអស់កល្បជានិច្ចក្នុងនគររបស់ព្រះវរបិតាយើង គឺជាគោលដៅរបស់អ្នក ។ គោលដៅបែបនោះ ពុំអាចសម្រេចបាន តាមរយៈការខិតខំប្រឹងប្រែងលើភាពរុងរឿងម្យ៉ាងនោះទេ ប៉ុន្តែវាជាលទ្ធផលនៃសេចក្ដីសុចរិតពេញមួយជីវិត ដែលមានរួមចំណែកទាំងការជ្រើសរើសដ៏ឈ្លាសវៃ ព្រមទាំងមានគោលបំណងដ៏ខ្ជាប់ខ្ជួន និង ឧត្តមគតិដ៏ខ្ពង់ខ្ពស់ផងដែរ ។ វាគឺដូចជាអ្វីគ្រប់យ៉ាងដែលមានតម្លៃបំផុតផងដែរ រង្វាន់សម្រាប់ភាពអស់កល្បជានិច្ច គឺទាមទារឲ្យមានការប្រឹងប្រែង ។
« … សូមយើងពោរពេញដោយអំណរគុណចំពោះការជ្រើសរើស ត្រឹមត្រូវ និងទទួលយក ការទទួលខុសត្រូវ ទៅលើជម្រើស និងសូមគិតអំពី លទ្ធផល នៃការជ្រើសរើស » ( « ជម្រើសទាំងបីនៃអក្សរ ក » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ៦៩-៧០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៦-៥០
ព្រះអង្គសង្គ្រោះ ប្រកាសថា កុមារតូចៗ និងអ្នកទាំងឡាយដែលពុំមានការយល់ដឹង គឺត្រូវបានសង្គ្រោះតាមរយៈដង្វាយធួនរបស់ទ្រង់ ។
សូមពន្យល់ថា នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៦-៥០យើងមើលឃើញថា លទ្ធផលនៃការរំលងក្រិត្យវិន័យរបស់ព្រះ គឺខុសគ្នាពីកុមារតូចៗ និងអ្នកទាំងឡាយដែលពុំដឹងខុសត្រូវនៅចំពោះព្រះភក្ត្រព្រះ ។ យើងក៏មើលឃើញពីព្រះចេស្ដារដ៏មហិមា និងក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៦–៤៧ ឲ្យឮៗ ។
-
តើការណ៍នេះមានន័យយ៉ាងណា ចំពោះកុមារតូចៗដែលស្លាប់ទៅ មុនពេលពួកគេមានអាយុប្រាំបីឆ្នាំនោះ ? ( ពួកគេត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល ។ សូមមើលផងដរ គ និង ស ១៣៧:១០ ។ អ្នកអាចនឹងចង់ចង្អុលបង្ហាញថា យោងតាមការបកប្រែរបស់ យ៉ូសែប ស៊្មីធ លោកុប្បត្តិ ១៧:១១ [ នៅក្នុង Bible appendix ] និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥កុមារតូចៗចាប់ផ្ដើមក្លាយជាមនុស្សដឹងខុសត្រូវនៅចំពោះព្រះអម្ចាស់ ពេលពួកគេមានអាយុប្រាំបីឆ្នាំ ។ សម្រាប់ការបង្រៀនបន្ថែមស្ដីអំពីប្រធានបទនេះ សូមមើល មរ៉ូណៃ ៨ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:១០ ) ។
-
តើវគ្គបទគម្ពីរនេះ ពង្រីកការយល់ដឹងរបស់អ្នកអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ដើម្បីបញ្ចប់មេរៀន សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៩ ដោយស្ងាត់ស្ងៀម ហើយពិចារណាអំពីការរំពឹងទុករបស់ព្រះអម្ចាស់ចំពោះពួកគេដោយផ្ទាល់ ។ សូមអញ្ជើញសិស្សពីរបីនាក់ ដើម្បីចែកចាយថាវាមានន័យយ៉ាងណាចំពោះពួកគេដើម្បីអាចត្រឡប់ទៅកាន់វត្តមានរបស់ព្រះវរបិតាសួគ៌ ហើយបន្ដនៅទីនោះដ៏អស់កល្បជានិច្ច ។ បន្ទាប់ពីសិស្សពីរបីនាក់បានឆ្លើយតបហើយ សូមលើកទឹកចិត្តដល់សិស្សឲ្យធ្វើការជ្រើសរើស ដែលនឹងអាចជួយពួកគេឲ្យរស់នៅក្នុងវត្តមានរបស់ព្រះអម្ចាស់ដ៏អស់កល្បជានិច្ច ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣០-៥០ ។
តារាងខាងក្រោម ពិពណ៌នាអំពីការផ្លាស់ប្ដូរដែលកើតមានមកលើអ័ដាម និងអេវ៉ា ដោយសារតែពួកគេបានទទួលទានផ្លែឈើហាមឃាត់ ៖
ពីមុនការធ្លាក់ |
បន្ទាប់ពីការធ្លាក់ |
---|---|
|
|
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៤-៣៥ ។ លទ្ធផលនៃការគោរពប្រតិបត្តិ ឬការមិនគោរពប្រតិបត្តិតាមក្រិត្យវិន័យរបស់ព្រះ
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
« ច្បាប់ខាងធម្មជាតិ និងច្បាប់ខាងវិញ្ញាណ ដែលគ្រប់គ្រងជីវិត ត្រូវបានបង្កើតឡើងតាំងពីមុនគ្រឹះនៃពិភពលោកទៅទៀត ។… វាគឺអស់កល្បជានិច្ច ដែលជាលទ្ធផល សម្រាប់ទាំងការគោរពប្រតិបត្តិ ឬការមិនគោរពប្រតិបត្តិ ។ វាពុំផ្អែកទៅលើហេតុខាងសង្គម ឬខាងនយោបាយឡើយ ។ វាពុំអាចផ្លាស់ប្ដូរបានឡើយ ។ គ្មានការដាក់សម្ពាធ គ្មានការតវ៉ា គ្មានច្បាប់ណាអាចផ្លាស់ប្ដូរវាបានឡើយ » ( For Time and All Eternity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣, ទំព័រ ២២ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤១ ។ « សេចក្ដីស្លាប់ចុងក្រោយបំផុត ដែលជាសេចក្ដីស្លាប់ខាងវិញ្ញាណ »
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់អំពីសេចក្ដីស្លាប់ខាងវិញ្ញាណទីពីរ ៖
« សេចក្ដីស្លាប់ទីពីរ គឺខាងវិញ្ញាណ វាគឺជាការបណ្ដេញចេញពីវត្តមានរបស់ព្រះអម្ចាស់ ។ វាមានភាពស្រដៀងគ្នាទៅនឹងសេចក្ដីស្លាប់ខាងវិញ្ញាណទីមួយ ដែលបានដាក់ទៅលើមនុស្សគ្រប់រូប ដែលបានស្ថិតនៅក្នុងការឥតប្រែចិត្ត ហើយដែលពុំបានទទួលយកដំណឹងល្អ ។ អ្នកទាំងឡាយដែលបានរងទុក្ខនឹងសេចក្ដីស្លាប់ខាងវិញ្ញាណទីមួយ ឬបានចាកចេញពីវត្តមានរបស់ព្រះ ដែលមានឯកសិទ្ធិនៃការប្រោសលោះពីសេចក្ដីស្លាប់នេះ តាមរយៈការគោរពតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ ។ តាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ពួកគេត្រូវបាន កើតម្ដងទៀត ហើយត្រឡប់ មកក្នុងជីវិតខាងវិញ្ញាណវិញ ហើយតាមរយៈការបន្ដគោរពប្រតិបត្តិរបស់ពួកគេដល់ទីបំផុត នោះពួកគេនឹងក្លាយជាអ្នកទទួលទានពរជ័យទាំងឡាយនៃជីវិតដ៏អស់កល្បជានិច្ច នៅក្នុងនគរសេឡេស្ទាលរបស់ព្រះ ។
« អ្នកទាំងឡាយដែលបានទទួលសេចក្ដីស្លាប់ទីពីរ គឺជាអ្នកទាំងឡាយដែលបានមានពន្លឺខាងវិញ្ញាណ ហើយដែលបានបះបោរទាស់នឹងពន្លឺនោះ ។ អ្នកទាំងនេះ បន្ដស្ថិត នៅក្នុងអំពើបាបរបស់ពួកគេក្នុងការបណ្ដេញចេញរបស់ពួកគេនោះ » ( Doctrines of Salvation បានបោះពុម្ពដោយ Bruce R. McConkie, វ៉ុលទី ៣ [ ១៩៥៤–៥៦], ២:២២២–២៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៦-៤៧ ។ « កូនក្មេងតូចៗត្រូវបានប្រោសលោះ »
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីសេចក្ដីសង្គ្រោះសម្រាប់កូនក្មេងតូចៗ មុនពេលពួកគេដឹងខុសត្រូវចំពោះព្រះថា ៖
« នៅក្នុងចំណោមភាពពិតនៃដំណឹងល្អដ៏រុងរឿងទាំងអស់ ដែលព្រះបានប្រទានឲ្យរាស្ត្ររបស់ទ្រង់នៅទីនោះ គឺជាគោលលទ្ធិដ៏ផ្អែមល្ហែមដែលកម្រមាន បានបំពេញព្រលឹងយ៉ាងខ្លាំង ហើយបានញែកព្រលឹងទាំងឡាយជាបរិសុទ្ធ ដែលប្រកាសថា--កូនក្មេងតូចៗ នឹងត្រូវបានសង្គ្រោះ ។ ពួកគេមានជីវិតរស់នៅក្នុងព្រះគ្រីស្ទ ហើយនឹងទទួលបានជីវិតដ៏អស់កល្បជានិច្ច ។ សម្រាប់ពួកគេ អង្គភាពគ្រួសារនឹងនៅមានបន្ដ ហើយភាពពេញលេញនឹងជារបស់ផងនៃពួកគេ ។ គ្មានពរជ័យណា នឹងត្រូវបានដកចេញនោះទេ ។ ពួកគេនឹងក្រោកឡើងនៅក្នុងសិរីល្អនៃជីវិតរមែងស្លាប់ រីកចម្រើនធំដឹងក្ដី ហើយរស់នៅជារៀងរហូតនៅក្នុងស្ថានសួគ៌ដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល-- អ្វីៗគ្រប់យ៉ាងគឺកើតមានតាមរយៈគុណូបការៈ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះម៊ែស៊ីដ៏បរិសុទ្ធ អ្វីៗទាំងអស់គឺមកដោយសារពលិកម្មដ៏ធួនរបស់ទ្រង់ ដែលបានសុគតដើម្បីយើងអាចរស់ឡើងវិញ…
« តើកូនក្មេងតូចៗទាំងអស់ បានសង្គ្រោះដោយស្វ័យប្រវត្តិនៅក្នុងនគរសេឡេស្ទាលឬ ?
« ចំពោះសំណួរនេះ ចម្លើយគឺថ្លែងថា បាទ ឮៗ ដែលសូរឮខ្ទរម្ដងហើយម្ដងទៀត ចាប់ពីចុងមេឃម្ខាងទៅចុងមេឃម្ខាងទៀត ។ ព្រះយេស៊ូវបានបង្រៀនរឿងនោះទៅដល់ពួកសិស្សរបស់ទ្រង់ ។ មរមន បានថ្លែងម្ដងហើយម្ដងទៀត ។ មានព្យាការីជាច្រើនបានថ្លែងអំពីវា ហើយវាសំខាន់នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះទាំងមូល ។ បើវាពុំសំខាន់ដូច្នោះទេ នោះការប្រោសលោះនឹងមានដែនកំណត់នៅក្នុងការអនុវត្តវាពុំខានឡើយ ។ ដូច្នោះ ដូចដែលយើងរំពឹងចង់បាន ការនិមិត្តរបស់យ៉ូសែបស្ម៊ីធ អំពីនគរសេឡេស្ទាល មាននូវសេចក្ដីថ្លែងការណ៍នេះថា ៖ ‹ ហើយខ្ញុំក៏បានឃើញកូនក្មេងទាំងអស់ ដែលបានស្លាប់មុនគ្រប់អាយុទទួលខុសត្រូវ នោះត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាលនៅស្ថានសួគ៌ដែរ › ។ [គ. និង ស. ១៣៧:១០] ។…
« តើពួកគេត្រូវបានសង្គ្រោះដោយរបៀបណា ហើយហេតុអ្វី ?
« ពួកគេត្រូវបានសង្គ្រោះតាមរយៈដង្វាយធួន និងដោយសារពួកគេពុំមានអំពើបាប ។ ពួកគេមកពីព្រះក្នុងភាពបរិសុទ្ធ គ្មានអំពើបាប ឬ ស្នាមប្រឡាក់ជាប់នឹងពួកគេអំឡុងជីវិតរមែងស្លាប់ទេ ហើយពួកគេត្រឡប់ទៅរកអង្គបង្កបង្កើតរបស់ពួកគេក្នុងភាពបរិសុទ្ធ ។ មនុស្សដែលដឹងខុសត្រូវ ត្រូវតែបានបរិសុទ្ធតាមរយៈការប្រែចិត្ត និងពិធីបុណ្យជ្រមុជទឹក និងការគោរពប្រតិបត្តិ ។ អ្នកទាំងឡាយដែលពុំមានការដឹងខុសត្រូវចំពោះអំពើបាប ពុំមានការធ្លាក់ខាងវិញ្ញាណឡើយ ហើយពុំចាំបាច់ត្រូវបានប្រោសលោះពីការធ្លាក់ខាងវិញ្ញាណ ដែលពួកគេពុំធ្លាប់ទទួលបទពិសោធន៍នោះឡើយ ។ ដូច្នេះ បង្ហាញឲ្យឃើញថា កូនក្មេងតូចៗគឺមានជីវិតរស់នៅក្នុងព្រះគ្រីស្ទ ។ ព្រះអម្ចាស់មានបន្ទូលថា ‹ កូនក្មេងតូចៗ ត្រូវបានប្រោសលោះចាប់តាំងពីកំណើតលោកិយមកម្ល៉េះ តាមរយៈព្រះរាជបុត្រាបង្កើតតែមួយរបស់យើង › ។ គ និង ស ២៩:៤៦ ) » ។ « The Salvation of Little Children, » Ensign, ខែ មេសា ឆ្នាំ ១៩៧៧, ទំព័រ ៣, ៤–៥ ) ។