មេរៀនទី ៩៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨-១៤១
បុព្វកថា
នេះគឺជាមេរៀនទីបួនចុងក្រោយគេ ក្នុងការពិភាក្សាអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨។ វិវរណៈត្រូវបានប្រគល់ឲ្យនៅក្នុងសន្និសីទមួយនៃពួកសង្ឃជាន់ខ្ពស់នៅថ្ងៃទី ២៧-២៨ ខែធ្នូ ឆ្នាំ ១៨៣២ (ខ ១-១២៦) និងថ្ងៃទី ៣ ខែ មករា ឆ្នាំ ១៨៣៣ (ខ ១២៧-១៤១) ។ មេរៀននេះគ្របដណ្ដប់ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨-១៤១ នៅក្នុងផ្នែកនៃវិវរណៈនេះ ព្រះអម្ចាស់បានត្រាស់បង្គាប់ដល់ក្រុមអ្នកកាន់បព្វជិតភាពឲ្យរៀបចំសាលារបស់ពួកព្យាការី នៅក្រោមការដឹកនាំរបស់ យ៉ូសែប ស៊្មីធ ។ អ្នកទាំងឡាយដែលចូលរួមនៅក្នុងសាលារៀន គឺត្រូវរៀនជាមួយគ្នាដោយការសិក្សា និងដោយសេចក្ដីជំនឿ ហើយបង្ហាញសេចក្ដីស្រឡាញ់ និងមិត្តភាពចំពោះគ្នាទៅវិញទៅមក ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨-១២៦
ព្រះអម្ចាស់ពិពណ៌នាអំពីគំរូនៃការរៀនសូត្រ
សូមចាប់ផ្ដើមដោយការពិភាក្សានូវសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកកំពុងរៀនបានអ្វីខ្លះនៅសាលារៀននៅពេលនេះ ? នៅផ្ទះ ? នៅកន្លែងធ្វើការ ? នៅព្រះវិហារ ?
-
តើការរៀនអំពីប្រធានបទនៅសាលារៀន ដូចជាមុខវិជ្ជាគណិតវិទ្យា ឬវិទ្យាសាស្ត្រខុសពីការរៀនសូត្រអំពីដំណឹងល្អយ៉ាងដូចម្ដេចដែរ ? តើវាអាចដូចគ្នាយ៉ាងដូចម្ដេច ?
សូមពន្យល់ថា នៅក្នុងទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ នៅខែ មករា ឆ្នាំ ១៨៣៣ ក្រុមនៃអ្នកកាន់បព្វជិតភាពមួយក្រុមបានធ្វើតាមការបង្គាប់របស់ព្រះអម្ចាស់ឲ្យជួបជុំគ្នានៅកន្លែងមួយ ដែលហៅថា សាលានៃពួកព្យាការី ដើម្បីត្រៀមខ្លួនផ្សាយដំណឹងល្អនៅពេញផែនដី ។ នៅពេលពួកគាត់ជួបជុំគ្នា ព្រះអម្ចាស់បានបង្រៀនដល់បងប្អូនប្រុសទាំងនេះអំពីរបៀបដើម្បីត្រូវបានស្អាង ឬលើកតម្កើង តាមរយៈព្រះវិញ្ញាណ នៅពេលពួកគេរៀនជាមួយគ្នា ។ សូមអញ្ជើញសិស្សឲ្យរកមើលគោលការណ៍ទាំងឡាយអំពីការរៀនសូត្រ នៅពេលពួកគេសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨-១៤១នៅថ្ងៃនេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលរបៀបដែលសមាជិកនៃសាលានៃពួកព្យាការីត្រូវស្វែងរកការរៀនសូត្រ ។
-
តើបងប្អូនប្រុសទាំងនេះត្រូវស្វែងរកការរៀនសូត្រយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណាក្នុងការរៀនសូត្រ « ដោយសារការសិក្សា និង ដោយសារសេចក្ដីជំនឿផង » នោះ ?
ដើម្បីជួយសិស្សយល់អំពីអត្ថន័យនៃការរៀនសូត្រដោយសេចក្ដីជំនឿ សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា៖
ការរៀនសូត្រដោយសេចក្ដីជំនឿ តម្រូវឲ្យមានកិច្ចខិតខំខាងវិញ្ញាណ ខាងសតិអារម្មណ៍ និង ខាងរូបកាយ ហើយពុំមែនគ្រាន់តែជាការទទួលភាពអកម្មនោះទេ ។…
« …ការរៀនសូត្រដោយសេចក្ដីជំនឿ ពុំអាចត្រូវបានផ្ទេរពីគ្រូបង្រៀនទៅសិស្សម្នាក់តាមរយៈការបង្រៀន ការបង្ហាញ ឬតាមសកម្មភាពក្នុងថ្នាក់រៀនទេ តែសិស្សម្នាក់ត្រូវតែអនុវត្តសេចក្ដីជំនឿ និងធ្វើសកម្មភាព ដើម្បីទទួលបានចំណេះដឹងសម្រាប់ខ្លួនគាត់ » (Seek Learning by Faith»Ensignខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៦៤ ) ។
ចូរពន្យល់ថា យើងអាចរៀនសូត្រដោយសេចក្ដីជំនឿ នៅពេលយើងចូលរួមដោយសកម្ម និងប្រកបដោយការអធិស្ឋាននៅក្នុងឱកាសរៀនសូត្រទាំងឡាយ បន្ទាប់មកអនុវត្តនូវអ្វីដែលយើងបានរៀននោះ ។ យើងរៀននៅពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើង តាមរយៈការគោរពប្រតិបត្តិ ។
-
សូមកត់សម្គាល់នៅដើមខ ១១៨ ថាព្រះអម្ចាស់បានចង្អុលបង្ហាញថាមនុស្សមួយចំនួនពុំមានសេចក្ដីជំនឿទេ ។ តើយើងអាចរៀនអ្វីខ្លះ មកពីខនេះ អំពីរបៀបដើម្បីបង្កើនសេចក្ដីជំនឿរបស់យើង ? ( សូមជួយសិស្សឲ្យប្រាប់គោលការណ៍ស្រដៀងគ្នាដូចខាងក្រោម ៖បើយើងស្វែងរកការរៀនសូត្រដោយសកម្ម តាមរយៈការសិក្សា និងសេចក្ដីជំនឿ នោះសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទនឹងរីកចម្រើន ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀន) ។
ដើម្បីជួយសិស្សយល់អំពីស្ថានភាពមួយចំនួនដែលពួកគេអាចអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់ពួកគេ សូមអានឮៗនូវស្ថានភាពដូចខាងក្រោម ។ បន្ទាប់ពីការអាននិមួយៗ សូមសិស្សឲ្យពន្យល់អំពីរបៀបដែលមនុស្សអាចស្វែងរកការរៀនសូត្រដោយសកម្ម តាមរយៈការសិក្សា និងសេចក្ដីជំនឿ ។ សូមពួកគេឲ្យពន្យល់អំពីរបៀបដែលការធ្វើដូច្នោះនឹងជួយបុគ្គលនោះឲ្យបង្កើនសេចក្ដីជំនឿផងដែរ ។
-
យុវនារីម្នាក់អានព្រះគម្ពីរជាទៀងទាត់ ប៉ុន្តែនាងកម្រឈប់មួយសន្ទុះដើម្បីគិតអំពីអ្វីដែលនាងអានណាស់ ។ នាងពុំដែលមានអារម្មណ៍ថា ការអានព្រះគម្ពីរមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់នាងនោះទេ ។
-
យុវជនម្នាក់ចូលរួមក្នុងការប្រជុំនៅព្រះវិហាររបស់គាត់ ហើយរីករាយនឹងការចូលរួមក្នុងការពិភាក្សាក្នុងថ្នាក់រៀន ។ ពេលខ្លះគាត់មានអារម្មណ៍បំផុសគំនិតឲ្យធ្វើការផ្លាស់ប្ដូរនៅក្នុងជីវិតរបស់គាត់ដោយផ្អែកទៅលើអ្វីដែលគាត់បានរៀន ប៉ុន្តែតាមធម្មតា គាត់ពុំអនុវត្តតាមការបំផុសគំនិតទាំងនោះទេ ។
បន្ទាប់ពីសិស្សក្នុងថ្នាក់បានពិភាក្សាអំពីស្ថានភាពទាំងនេះរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា សេចក្ដីជំនឿរបស់អ្នកកើនឡើង ដែលជាលទ្ធផលបានមកពីការស្វែងរកការរៀនសូត្រដោយសកម្ម តាមរយៈការសិក្សា និងសេចក្ដីជំនឿ ? តើសកម្មភាពរបស់អ្នកជួយឲ្យសេចក្ដីជំនឿរបស់អ្នករីកចម្រើនយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩–១២០ ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ឲ្យពួកបរិសុទ្ធធ្វើ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថា ក្នុងការឆ្លើយតបចំពោះបទបញ្ញត្តិដើម្បីសាងសង់ដំណាក់ឡើង ដែលបានពិពណ៌នានៅក្នុងខ ១១៩ នៅទីបំផុត ពួកបរិសុទ្ធបានសាងសង់ព្រះវិហារបរិសុទ្ធខឺតឡង់ ។ ខណៈដែលព្រះវិហារបរិសុទ្ធស្ថិតនៅក្នុងការសាងសង់នៅឡើយ នោះសាលារៀនពួកព្យាការីបានជួបជុំគ្នានៅបន្ទប់ខាងលើនៃហាងរបស់ នូវល ខេ វិតនី នៅទីក្រុងខឺតឡង់ ។
-
តើការទូន្មាននៅក្នុងខ ១១៩ក៏អាចជាប់ទាក់ទងទៅនឹងទីកន្លែង ដែលបងប្អូនប្រុសបានជួបគ្នាសម្រាប់សាលារៀននៃពួកព្យាការីយ៉ាងដូចម្ដេច ? ទាក់ទងទៅនឹងគេហដ្ឋានរបស់យើងយ៉ាងដូចម្ដេច ? ទាក់ទងទៅនឹងកិច្ចខិតខំផ្ទាល់ខ្លួនរបស់អ្នកដើម្បីសិក្សានៅសាលារៀនយ៉ាងដូចម្ដេច ? ( សាលានៃពួកព្យាការី ត្រូវបានធ្វើជាគំរូ បន្ទាប់ពីគោលការណ៍ទាំងឡាយត្រូវបានបង្រៀននៅក្នុងខគម្ពីរនេះ ។ គេហដ្ឋានរបស់យើង អាចត្រូវបានប្រទានពរឲ្យជាកន្លែងនៃការអធិស្ឋាន ការតមអាហារ សេចក្ដីជំនឿ ការរៀនសូត្រ និងរបៀបរៀបរយ ) ។
សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២១-១២៦ជាមួយដៃគូរបស់ពួកគេ ហើយប្រាប់អំពីរបៀបដែលព្រះអម្ចាស់បានរំពឹងទុកឲ្យបងប្អូនប្រុសនៅសាលានៃពួកព្យាការី ឲ្យរៀបរយខ្លួនគេ ។ អ្នកអាចស្នើឲ្យ ពួកគេគួរគូសចំណាំចំពោះអ្វីដែល ពួកគេរកឃើញ ។ នៅពេលសិស្សកំពុងសិក្សាអំពីខគម្ពីរទាំងនេះ សូមសរសេរការណែនាំដូចខាងក្រោមនៅលើក្ដារខៀន សម្រាប់ដៃគូនិមួយៗឲ្យបំពេញជាមួយគ្នាបន្ទាប់ពីពួកគេបានស្រាវជ្រាវបទគម្ពីរហើយ ៖
បន្ទាប់ពីសិស្សមានពេលអាន និងពិភាក្សាអំពីដំបូន្មានរបស់ព្រះអម្ចាស់គ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យពន្យល់នូវអ្វីដែលពួកគេបានរៀននៅក្នុងការពិភាក្សារបស់ពួកគេ ។ នៅពេលពួកគេឆ្លើយតប សូមពិចារណាអំពីការប្រើសំណួរ និងការពន្យល់ដូចខាងក្រោមមួយចំនួន ដើម្បីជួយពួកគេយល់នូវដំបូន្មានខ្លះៗរបស់ព្រះអម្ចាស់ ៖
-
តើអ្នកគិតថា « ការឈប់ពីសម្ដីអសារឥតការទាំងអស់របស់អ្នក ពីសំណើចទាំងអស់… និងគំនិតផ្តេសផ្តាសទាំងអស់របស់អ្នក » (ខ ១២១) មានន័យយ៉ាងណា ? ហេតុអ្វីក៏ការឈប់ធ្វើនូវរឿងទាំងនោះនៅក្នុងកន្លែងខាងវិញ្ញាណ អាចជាជំនួយនៅក្នុងកិច្ចខិតខំរបស់យើងដើម្បីរៀននូវរឿងទាំងឡាយដែលពិសិដ្ឋដូច្នេះ ?
សូមពន្យល់ថា ការជួបជុំសម្រាប់សាលានៃពួកព្យាការី គឺពិសិដ្ឋ ។ ការណែនាំទាំងនេះស្តីអំពីការសើច និងការនិយាយសម្ដីអសារឥតការ មានន័យថា អ្នកទាំងឡាយដែលចូលរួមនៅក្នុងសាលានៃពួកព្យាការី ចាំបាច់ត្រូវមានគារវភាពនៅក្នុងកន្លែងពិសិដ្ឋ ។ ការជួបជុំទាំងនេះ នឹងធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
សូមកត់សម្គាល់នូវពាក្យដដែលៗថាទាំងអស់គ្នានៅក្នុងខ ១២២។ តើសិស្សម្នាក់ អាចទទួលរងឥទ្ធិពលដែរឬទេ បើសិស្សក្នុងថ្នាក់ទាំងអស់គ្នារៀនមេរៀន ហើយព្យាយាមដើម្បីរៀនមកពីគ្នាទៅវិញទៅមកនោះ ?
-
តើអ្នកគិតថាការដេក « យូរជាងដែលត្រូវការ » ជះឥទ្ធិពលដល់លទ្ធភាពនៃការរៀនសូត្ររបស់យើង ឬការទទួលអារម្មណ៍ខាងវិញ្ញាណយ៉ាងដូចម្ដេច ? តើអ្នកគិតថាការដេកក្នុងចំនួនម៉ោងត្រឹមត្រូវ និងការក្រោកពីព្រលឹម អាចជួយយើងរៀនសូត្របានកាន់តែល្អប្រសើរតាមវិធីណា ?
-
តើអ្នកនឹងសង្ខេបដំបូន្មានអំពីការរៀនសូត្រដែលត្រូវបានផ្ដល់ឲ្យនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨-១២៦ដោយរបៀបណា ? ( សិស្សអាចនឹងប្រាប់អំពីគោលការណ៍ផ្សេងៗ។ បន្ទាប់ពីពួកគេឆ្លើយតបរួច សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ការធ្វើសកម្មភាពសុចរិត និងការឈប់ពីសកម្មភាពពុំសុចរិត នឹងជួយយើងរៀនសូត្រ ហើយត្រូវបានស្អាងឡើង )
-
តើឥរិយាបទណា ដែលបានប្រាប់នៅក្នុងខគម្ពីរទាំងឡាយ អាចឲ្យសិស្សក្នុងថ្នាក់សិក្ខាសាលារបស់យើង អាចទទួលយក ឬបោះបង់ ដើម្បីយើងអាចរៀនសូត្រអំពីដំណឹងល្អបានកាន់តែល្អប្រសើរ ហើយត្រូវបានស្អាងជាមួយគ្នា ?
សូមអញ្ជើញសិស្សឲ្យត្រឡប់ទៅមើលគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២១-១២៦ហើយពិចារណាថាតើដំបូន្មានអ្វីដែលពួកគេចាំបាច់ត្រូវទទួលយកឲ្យបានកាន់តែពេញលេញនៅក្នុងជីវិតនោះ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរនូវគោលដៅមួយដើម្បីធ្វើសកម្មភាពទៅលើអ្វីដែលពួកគេបានរៀន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២៧-១៤១
ព្រះអម្ចាស់បានរៀបចំរបៀបរៀបរយនៃសាលាពួកព្យាការី
សូមអញ្ជើញសិស្សមកកាន់ក្ដាខៀន ហើយសរសេរពីទីកន្លែងមួយចំនួនដែលពួកគេសិក្សាដំណឹងល្អ ។ ( ចម្លើយអាចរួមមានដូចខាងក្រោម ៖ថ្នាក់សាលាថ្ងៃអាទិត្យ ថ្នាក់យុវនារី ឬកូរ៉ុមបព្វជិតភាព ថ្នាក់សិក្ខាសាលា និងគេហដ្ឋាន) ។ សូមឲ្យសិស្សពិចារណាថា បើមានមនុស្សនៅក្នុងកន្លែងទាំងនេះ ដែលពួកគេពុំធ្លាប់ស្គាល់ច្បាស់ ឬដែលពួកគេកំពុងតែពុះពារដើម្បីចុះសម្រុងជាមួយនោះ ។ សូមអញ្ជើញពួកគេឲ្យគិតអំពីមនុស្សម្នាក់នៃមនុស្សទាំងនេះ នៅពេលពួកគេសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២៧-១៤១។ សូមឲ្យពួកគេសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងអ្នកទាំងនេះ ដែលខ្ញុំរៀនដំណឹងល្អជាមួយនោះ ជះឥទ្ធិពលលើសមត្ថភាពរបស់ខ្ញុំដើម្បីរៀនសូត្រ និងត្រូវបានស្អាងឡើងដោយព្រះវិញ្ញាណយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ព្រះអម្ចាស់រំពឹងឲ្យសមាជិកនៃសាលាពួកព្យាការី បង្កើតទំនាក់ទំនងល្អនឹងគ្នាទៅវិញទៅមក នៅពេលពួកគេរៀនជាមួយគ្នា ។ សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២៨-១៣៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវតួនាទីរបស់គ្រូបង្រៀននៅក្នុងការបង្កើតបរិយាកាសរៀនសូត្រខាងវិញ្ញាណនៅក្នុងសាលាពួកព្យាការី ។
-
តើគ្រូបង្រៀននៃសាលាពួកព្យាការីបង្កើតបរិយាកាសរៀនសូត្រខាងវិញ្ញាណយ៉ាងដូចម្ដេច ? ( អ្នកអាចនឹងពន្យល់ថា គ្រូបង្រៀនស្វាគមន៍សមាជិកនៃថ្នាក់រៀន មានន័យថាគាត់ជំរាបសួរពួកគេ នៅពេលពួកគេចូលថ្នាក់រៀន ។ នេះគឺជាការស្វាគមន៍ជាក់លាក់មួយនៅក្នុងសាលាពួកព្យាការី ) ។
-
តើអ្នកកត់សម្គាល់អំពីការស្វាគមន៍ ឬការជំរាបសួរនៅក្នុងខ ១៣៣អ្វីខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៣៥-១៣៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវតួនាទីរបស់សិស្សនៅក្នុងការបង្កើតបរិយាកាសរៀនសូត្រល្អ ។
-
តើទំនាក់ទំនងប្រភេទណា ដែលសមាជិកនៃសាលានៃពួកព្យាការីមានចំពោះគ្នាទៅវិញទៅមក ?
-
ស្របតាមខ ១៣៧តើព្រះអម្ចាស់សន្យាអ្វីខ្លះ បើសមាជិកនៃសាលានៃពួកព្យាការី នឹងធ្វើតាមការណែនាំរបស់ទ្រង់ ? ( សាលានឹងក្លាយទៅជាកន្លែងបរិសុទ្ធមួយ ដែលព្រះវិញ្ញាណ នឹងស្អាងពួកលោកឡើង ) ។
-
តើអ្វីខ្លះអាចនឹងកើតឡើងនៅក្នុងសាលារៀននៃសាសនាចក្ររបស់យើង ឬ គេហដ្ឋានរបស់យើង បើយើងធ្វើតាមការណែនាំរបស់ព្រះអម្ចាស់នៅក្នុងខ ១២៨-១៣៧? ( សិស្សអាចនឹងប្រាប់នូវគោលការណ៍ផ្សេងៗ ប៉ុន្តែអ្នកអាចនឹងចង់គូសបញ្ជាក់ដូចខាងក្រោម ៖បើយើងបង្ហាញមិត្តភាព និងក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក នោះយើងអាចអញ្ជើញព្រះវិញ្ញាណ នៅពេលយើងសិក្សាដំណឹងល្អជាមួយគ្នា )។
សូមអញ្ជើញសិស្សឲ្យត្រឡប់ទៅមើលគារវកិច្ចនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៣៣ ។
-
តើអ្នកគិតថាយើងអាចបង្ហាញ « នូវការសម្រេចចិត្តដែលជាប់ ឥតកម្រើក ហើយឥតប្រែប្រួលដើម្បីជាមិត្ត [ម្នាក់] » ចំពោះសិស្សក្នុងថ្នាក់ ឬសមាជិកគ្រួសារដែលយើងអាចនឹងពុំស្គាល់ច្បាស់ ឬអាចនឹងពិបាកដើម្បីស្រឡាញ់នោះយ៉ាងដូចម្ដេច ?
-
តើនៅពេលណា ដែលអ្នកមានបទពិសោធន៍ទទួលបានបរិយាកាសរៀនសូត្រដំណឹងល្អ ចាត់ទុកជាកន្លែងសម្រាប់មនុស្សគ្រប់រូបត្រូវបានសម្រេចចិត្តដើម្បីធ្វើជាមិត្តនោះ ? ( សូមពិចារណាធ្វើការចែកចាយបទពិសោធន៍របស់អ្នកផ្ទាល់ ) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេអាចអភិវឌ្ឍការតាំងចិត្តក្នុងការស្រឡាញ់អ្នកទាំងឡាយដែលពួកគេរៀនដំណឹងល្អជាមួយ ។ សូមលើកទឹកចិត្តពួកគេឲ្យធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួល ដើម្បីបង្ហាញនូវសណ្ដានចិត្តល្អ និងសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះមិត្តរួមថ្នាក់ និងសមាជិកគ្រួសារ ។ សូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងជួយពួកគេ នៅពេលពួកគេព្យាយាមដើម្បីស្រឡាញ់អ្នកដទៃ ។