មេរៀនទី ៧
តួនាទីរបស់សិស្ស
សេចក្តីផ្តើម
គោលបំណងនៃមេរៀននេះ គឺដើម្បីជួយសិស្សឲ្យរៀនអំពីរបៀបបំពេញតួនាទីរបស់ពួកគេក្នុងការរៀនសូត្រដំណឹងល្អ ។ ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានមានប្រសាសន៍ថា « ការផ្លាស់ប្រែចិត្តជឿពិត អាស្រ័យលើការស្វែងរកសេចក្ដីជំនឿរបស់សិស្សដោយសេរី និងដោយកិច្ចខិតខំដ៏ខ្លាំង » ( « We Must Raise Our Sights » [ address to CES religious educators ] ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០០១ ] ទំព័រ ៤ LDS.org ) ។ នៅពេលអ្នកជួយសិស្សឲ្យបំពេញតួនាទីរបស់ពួកគេក្នុងដំណើរការរៀនសូត្រ នោះពួកគេនឹងរៀនពីរបៀបដើម្បីអញ្ជើញឲ្យមានវិវរណៈផ្ទាល់ខ្លួន ហើយមានការផ្លាស់ប្រែចិត្តជឿកាន់តែខ្លាំងទៅលើព្រះអម្ចាស់ ។ អ្នកអាចនឹងត្រូវការរំឭកគោលការណ៍នានា ដែលបានបង្រៀននៅក្នុងមេរៀននេះជាទៀងទាត់ ដើម្បីរំឭកសិស្សអំពីតួនាទីរបស់ពួកគេក្នុងការរៀនសូត្រដំណឹងល្អ ។
យោបល់សម្រាប់ការបង្រៀន
តួនាទីរបស់គ្រូបង្រៀន អ្នករៀន និងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការរៀនសូត្រដំណឹងល្អ ។
សូមនាំយកអាហារ ឬទឹកមកថ្នាក់រៀន ( ដូចជា ចំណិតផ្លែឈើ ឬចំណិតនំប៉័ង ឬទឹកមួយកែវ ) ។ សូមអញ្ជើញសិស្សពីរនាក់ឡើងមកខាងមុខថ្នាក់ ។ សូមឲ្យសិស្សម្នាក់បរិភោគអាហារនោះមួយម៉ាត់ ឬផឹកទឹកមួយក្រេប ។ សូមសុំឲ្យសិស្សទីមួយរៀបរាប់អំពីរសជាតិអាហារ ( ឬទឹក ) ទៅសិស្សទីពីរ ។ សូមលើកទឹកចិត្តគាត់ រៀបរាប់វាឲ្យបានល្អ ដើម្បីឲ្យការរៀបរាប់នោះ បានជួយបំពេញ ឬបំបាត់ការស្រេកឃ្លានរបស់សិស្សទីពីរ។ បន្ទាប់មកសួរសិស្សទីពីរនូវសំណួរដូចខាងក្រោម ៖
-
តើអ្នកទទួលបានប្រយោជន៍អ្វីមកពីអាហារ ( ឬទឹក ) ដែលសិស្សម្នាក់ទៀតបានរៀបរាប់នោះ ?
-
តើការរៀបរាប់របស់សិស្ស ជួយបំបាត់ការស្រេកឃ្លាន ( ឬការស្រេកទឹក ) របស់អ្នកបានល្អយ៉ាងណា ?
-
តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានកម្លាំង ឬប្រយោជន៍មកពីអាហារ ( ឬទឹក )នេះ ?
សូមសួរសិស្សក្នុងថ្នាក់អំពីរបៀបដែលឧទាហរណ៍នេះ នៃការបំពេញតម្រូវការខាងរូបកាយរបស់យើង អាចទាក់ទងនឹងការទទួលខុសត្រូវរបស់យើង ដើម្បីរៀន និងរីកចម្រើនខាងវិញ្ញាណយ៉ាងដូចម្ដេច ។
សូមចង្អុលបង្ហាញថា មនុស្សខ្លះគិតថា ការទទួលខុសត្រូវចំពោះការរៀនដំណឹងល្អផ្អែកជាចម្បងទៅលើគ្រូបង្រៀន ។ ទោះជាយ៉ាងណា ក៏ដូចជាឧទាហរណ៍អំពីអាហារ ឬទឹក មនុស្សម្នាក់ពុំអាចទទួលយកសេចក្ដីពិតខាងវិញ្ញាណជំនួសមនុស្សម្នាក់ទៀតបានឡើយ ។ យើងម្នាក់ៗត្រូវតែរៀន និងអនុវត្តសេចក្ដីពិតនៃដំណឹងល្អសម្រាប់ខ្លួនយើង ដើម្បីទទួលបានកម្លាំង និងការរីកចម្រើនខាងវិញ្ញាណ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ឲ្យឮៗ ។ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលពាក្យ ឬឃ្លាដែលពិពណ៌នាអំពី ការទទួលខុសត្រូវរបស់យើងក្នុងការរៀនដំណឹងល្អ ។
-
តើពាក្យ ឬឃ្លាណា ដែលពិពណ៌នាអំពីការទទួលខុសត្រូវរបស់យើងក្នុងការរៀនដំណឹងល្អ ? ( « ព្យាយាមស្វែងរក » « បង្រៀនគ្នាទៅវិញទៅមក » « ស្វែងរកការរៀន គឺដោយការសិក្សា និងដោយសេចក្ដីជំនឿផង » ។ អ្នកអាចនឹងចង់អញ្ជើញឲ្យសិស្សម្នាក់សរសេរឃ្លាទាំងនេះ នៅលើក្ដារខៀន ដូចដែលសិស្សបាននិយាយប្រាប់ ) ។
-
យើងស្គាល់អត្ថន័យស្វែងរកការរៀនសូត្រគឺ « ដោយសារការសិក្សា » ។ តើអ្នកគិតថា វាមានន័យយ៉ាងណា ដើម្បីស្វែងរកការរៀនសូត្រ « ដោយសារសេចក្ដីជំនឿផង » ?
ដើម្បីជួយសិស្សឲ្យកាន់តែយល់អំពីអត្ថន័យនៃឃ្លានេះ សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ បើអាចធ្វើទៅបាន សូមផ្ដល់ច្បាប់ចម្លងដល់សិស្សម្នាក់មួយច្បាប់ៗ ឬសរសេរសេចក្ដីថ្លែងនោះនៅលើក្ដារខៀនមុនពេលចាប់ផ្ដើមថ្នាក់រៀន ។ សូមសិស្សឲ្យស្វែងរកពាក្យ ឬឃ្លា ដែលជួយពួកគេឲ្យយល់បទបញ្ញត្តិរបស់ព្រះអម្ចាស់ ដើម្បីស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ ។
« ការរៀនសូត្រដោយសេចក្ដីជំនឿ តម្រូវឲ្យមានកិច្ចខិតខំខាងវិញ្ញាណ ខាងសតិអារម្មណ៍ និង ខាងរូបកាយ ហើយពុំមែនគ្រាន់តែជាការទទួលភាពអកម្មនោះទេ ។…
«… សិស្សត្រូវតែអនុវត្តសេចក្ដីជំនឿ ហើយធ្វើសកម្មភាពដើម្បីទទួលបានចំណេះដឹងសម្រាប់ខ្លួនពួកគេ » ( « Seek Learning by Faith » [ address to CES religious educators ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០០៦ ] ទំព័រ ៣ LDS.org ) ។
សូមសរសេរសេចក្ដីថ្លែងការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ការរៀនសូត្រខាងវិញ្ញាណ តម្រូវឲ្យ …
សូមដល់សិស្សឲ្យប្រើការពន្យល់ដោយអែលឌើរ បែដណា និងអ្វីដែលពួកគេបានរៀនអំពីការទទួលខុសត្រូវរបស់យើង ជាអ្នករៀនសូត្រដើម្បីបំពេញសេចក្ដីថ្លែងការណ៍នេះ ។ ចម្លើយដែលឆ្លើយ អាចនឹងមាន ដូចខាងក្រោម ៖ ការរៀនសូត្រខាងវិញ្ញាណ តម្រូវឲ្យមានការខិតខំពីខ្លួនយើង ។ ការរៀនសូត្រខាងវិញ្ញាណ តម្រូវឲ្យយើងអនុវត្តសេចក្ដីជំនឿ និងធ្វើសកម្មភាព ។
ដើម្បីជួយសិស្សឲ្យយល់អំពីឥទ្ធិពលដែលការខិតខំផ្ទាល់ខ្លួន អាចមានទៅលើការរៀនសូត្រខាងវិញ្ញាណរបស់ពួកគេ សូមគូរឌីយ៉ាក្រាមដែលមានអមជាមួយ នៅលើក្ដារខៀន ។ សូមពន្យល់ថា នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០ ព្រះអម្ចាស់ ជួយយើងឲ្យយល់កាន់តែច្បាស់ អំពីតួនាទីរបស់យើងនៅក្នុងការរៀនសូត្រដំណឹងល្អ ។ ដើម្បីធ្វើដូច្នេះ ដំបូងទ្រង់ពន្យល់អំពីតួនាទីរបស់គ្រូបង្រៀន និងព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការរៀនសូត្រដំណឹងល្អ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៣-១៤ ឲ្យឮៗ ។ មុនពេលសិស្សអាន សូមពន្យល់ថា ខទាំងនេះ ត្រូវបានផ្ដល់ទៅឲ្យពួកបរិសុទ្ធជំនាន់មុន ដែលត្រូវបានតែងតាំងឲ្យបង្រៀនដំណឹងល្អដល់អ្នកដទៃ ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ ឲ្យរកមើលពាក្យដែលពិពណ៌នាអំពីការទទួលខុសត្រូវរបស់គ្រូបង្រៀន ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ទៀត ឲ្យរកមើលពាក្យដែលពិពណ៌នាអំពីការទទួលខុសត្រូវរបស់ព្រះវិញ្ញាណ ។
-
ស្របតាមខទាំងនេះ តើការទទួលខុសត្រូវរបស់គ្រូបង្រៀន គឺជាអ្វី ? ( ដើម្បីផ្សាយដំណឹងល្អដោយព្រះវិញ្ញាណ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរ ផ្សាយដំណឹងល្អដោយព្រះវិញ្ញាណ នៅខាងក្រោមពាក្យ គ្រូបង្រៀន នៅលើឌីយ៉ាក្រាម ) ។
-
តើតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬព្រះដ៏ជាជំនួយ គឺជាអ្វី ? ( ដើម្បីបង្រៀនពីសេចក្ដីពិត ។ សូមឲ្យសិស្សម្នាក់បន្ថែមពាក្យ បង្រៀនពីសេចក្ដីពិត នៅខាងក្រាមពាក្យ ព្រះវិញ្ញាណបរិសុទ្ធ នៅលើឌីយ៉ាក្រាម ) ។
សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះវិញ្ញាណបរិសុទ្ធគឺជាគ្រូបង្រៀនពិត ។ សូមពន្យល់ថា ខណៈពេលដែលគ្រូបង្រៀន អ្នកផ្សព្វផ្សាយសាសនា ឬថ្នាក់ដឹកនាំក្នុងសាសនាចក្រ មានការទទួលខុសត្រូវដើម្បីផ្សាយដំណឹងល្អដោយព្រះវិញ្ញាណ វាគឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ ដែលបើកសម្ដែង បំភ្លឺ និងនាំសេចក្ដីពិតនៃដំណឹងល្អមកក្នុងដួងចិត្តរបស់យើង ។
-
តើនៅពេលណា ដែលអ្នកមានអារម្មណ៍ដឹងថា ព្រះវិញ្ញាណបរិសុទ្ធ កំពុងបង្រៀនអ្នក ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១៩-២១ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលពាក្យដែលពិពណ៌នាអំពីការទទួលខុសត្រូវរបស់អ្នករៀនសូត្រ ។
-
ស្របតាមខទាំងនេះ តើការទទួលខុសត្រូវរបស់អ្នករៀនសូត្រគឺជាអ្វី ? ( ដើម្បីទទួលព្រះបន្ទូលនៃសេចក្ដីពិតដោយព្រះវិញ្ញាណ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរពាក្យទទួលដោយព្រះវិញ្ញាណ នៅខាងក្រោមពាក្យ អ្នករៀនសូត្រនៅលើឌីយ៉ាក្រាម ) ។
ដើម្បីជួយសិស្សយល់កាន់តែច្បាស់អំពីអត្ថន័យដើម្បីទទួលដោយព្រះវិញ្ញាណ សូមសុំពួកគេឲ្យពិចារណាថា តើមនុស្សម្នាក់តម្រូវឲ្យមានអ្វី ដើម្បីទទួលបានបាល់ពីមនុស្សម្នាក់ទៀត ដែលកំពុងទាត់ ឬកំពុងបោះវាទៅពួកគេនោះ ។
-
តើមនុស្សម្នាក់ចាំបាច់ត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានបាល់ ? ( លើកដៃរបស់ខ្លួនឡើង ហើយចាប់វា ) ។ តើវាដូចគ្នាទៅនឹងការខិតខំរបស់អ្នករៀនសូត្រម្នាក់ ត្រូវធ្វើ ដើម្បីទទួលបានព្រះបន្ទូលនៃសេចក្ដីពិតដោយព្រះវិញ្ញាណយ៉ាងដូចម្ដេចដែរ ? ( ដើម្បីទទួលបានបាល់ មនុស្សម្នាក់ ត្រូវត្រៀមចាំចាប់បាល់ ។ ដូចគ្នានេះដែរ យើងត្រូវតែត្រៀមដួងចិត្ត និងគំនិតរបស់យើង ដើម្បីទទួលសេចក្ដីពិតដោយព្រះវិញ្ញាណ ) ។
សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២២ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលកើតឡើង ពេលយើងធ្វើការខិតខំនេះ ដើម្បីទទួលបានដំណឹងល្អ ហើយរៀនសូត្រដោយសេចក្ដីជំនឿ ។ ពីមុនសិស្សអាន សូមពន្យល់ថា ពាក្យ បានស្អាងឡើង សំដៅទៅលើការដែលត្រូវបានលើកឡើង ឬស្ថាបនាឡើងខាងវិញ្ញាណ ។
-
ស្របតាមខនេះ តើមានពរជ័យអ្វីខ្លះ ដែលគ្រូបង្រៀន និងអ្នករៀនទទួលបានតាមរយៈព្រះវិញ្ញាណ បើពួកគេបំពេញការទទួលខុសត្រូវរបស់ពួកគេក្នុងការបង្រៀន និងការរៀនសូត្រដំណឹងល្អនោះ ? ( ការយល់ដឹង, ការស្អាងឡើង និងសេចក្ដីអំណរ) ។
សូមប្រាប់សិស្សថា អែលឌើរ រីឆាដ ជី ស្កត បានថ្លែងទីបន្ទាល់អំពីទំនាក់ទំនងរវាងអ្នករៀនសូត្រដែលបំពេញតួនាទីរបស់ពួកគេ និងឱកាសរបស់ព្រះវិញ្ញាណដើម្បីបង្រៀន និងថ្លែងទីបន្ទាល់ ។ បើអាចធ្វើទៅបាន សូមចែកដល់សិស្សម្នាក់ៗនូវច្បាប់ចម្លងសេចក្ដីថ្លែងការណ៍មួយដូចខាងក្រោម ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលពន្យល់អំពីឥទ្ធិពលនៃកិច្ចខិតខំរបស់អ្នករៀនសូត្រ មានចំពោះឱកាសរបស់ព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្រៀន ។
រូបភាពអែលឌើរ រីឆាដ ជី ស្កត« ការសម្រេចចិត្តរបស់ [ អ្នករៀនសូត្រ ] ដើម្បីចូលរួម គឺជាការអនុវត្តនូវសិទ្ធជ្រើសរើស ដែលអនុញ្ញតឲ្យព្រះវិញ្ញាណបរិសុទ្ធ បញ្ជូនសារលិខិតផ្ទាល់ខ្លួន មួយ ដែលត្រូវនឹងសេចក្តីត្រូវការផ្ទាល់ខ្លួន [ របស់ពួកគេ ] ។ ការបង្កើតបរិយាកាសនៃការចូលរួម ពង្រីកឱកាសដែលព្រះវិញ្ញាណនឹងបង្រៀនមេរៀនកាន់តែសំខាន់ជាង [ គ្រូបង្រៀន ] អាចទំនាក់ទំនង » (« To Learn and to Teach More Effectively » [ BYU Campus Education Week devotional ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៧ ] ទំព័រ ៤–៥ speeches.byu.edu ) ។
-
ស្របតាមសេចក្ដីថ្លែងការរបស់អែលឌើរ ស្កត តើយើងអាចអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្រៀនយើងតាមរបៀបណា ?
សូមអញ្ជើញសិស្សឲ្យសង្ខេបអំពីរបៀបដែលកិច្ចខិតខំរបស់ពួកគេ ក្នុងនាមជាអ្នករៀនសូត្រ មានឥទ្ធិពលយ៉ាងណាចំពោះឱកាសរបស់ព្រះវិញ្ញាណបរិសុទ្ធដើម្បីបង្រៀន ។ សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងអនុវត្តសិទ្ធិជ្រើសរើសរបស់យើងដើម្បីចូលរួមក្នុងដំណើរការរៀនសូត្រ នោះយើងអាចអញ្ជើញព្រះវិញ្ញាណដើម្បីបង្រៀន និងថ្លែងទីបន្ទាល់ពីសេចក្ដីពិត ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន នៅខាងក្រោមពាក្យទាំងឡាយដែលបានប្រាប់ពីមុនៗ ។
ដើម្បីផ្ដល់ឧទាហរណ៍មួយដល់សិស្ស អំពីនរណាម្នាក់ដែលអនុវត្តសិទ្ធិជ្រើសរើសរបស់គាត់ ដើម្បីរៀនសូត្រតាមរយៈការសិក្សា និងសេចក្ដីជំនឿ សូមអញ្ជើញពួកគេឲ្យនឹកគិតអំពីដំណើររឿងនៃការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ ។ សូមចាត់តាំងសិស្សជាគូៗ ហើយចាត់តាំងគូនីមួយៗ អានខគម្ពីរខាងក្រោមមួយ ឬច្រើន ៖ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៨, ១០, ១១, ១២, ១៣, ១៤, ១៥, ១៦, ១៨ ។ ( អ្នកអាចសរសេរខទាំងនេះលើក្ដារខៀន ) ។ សូមអញ្ជើញសិស្សឲ្យអានខដែលបានចាត់ឲ្យពួកគេនោះ ហើយពិភាក្សានូវសំណួរដូចខាងក្រោម ៖
-
តើយ៉ូសែបបានខិតខំ ដើម្បីរៀនសេចក្ដីពិតខាងវិញ្ញាណយ៉ាងដូចម្ដេច ?
បន្ទាប់ពីឲ្យពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញគូនិមួយៗប្រាប់ពីឃ្លា ដែលបង្ហាញអំពីកិច្ចខិតខំរបស់យ៉ូសែប ចេញមកពីខគម្ពីរដែលបានចាត់តាំងឲ្យពួកគេនោះ ។
សូមថ្លែងទីបន្ទាល់អំពីឆន្ទៈរបស់យ៉ូសែប ក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះ ហើយធ្វើសកម្មភាពដោយសេចក្ដីជំនឿ ទៅលើអ្វីដែលលោកបានរៀន ដែលនាំឲ្យមានចំណេះដឹងដ៏ធំកើតឡើង ហើយជាពរជ័យមួយ មានសម្រាប់យើងទាំងអស់គ្នា ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:២០ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលយ៉ូសែប បានថ្លែងទៅម្ដាយរបស់លោក ពេលលោកបានត្រឡប់មកផ្ទះវិញ បន្ទាប់ពីទទួលបានការនិមិត្តដំបូង ។
-
តើឃ្លាណា នៅក្នុងសេចក្ដីថ្លែងរបស់យ៉ូសែប ចំពោះម្ដាយរបស់លោកឆ្លុះបញ្ចាំងថា លោកបានរៀនសេចក្ដីពិតដោយខ្លួនលោក ? ( « ខ្ញុំបានចេះដឹងដោយខ្លួនខ្ញុំ » ) ។
សូមអញ្ជើញសិស្សឲ្យប្រាប់គោលការណ៍មួយ ដែលយើងអាចរៀនមកពីបទពិសោធន៍របស់យ៉ូសែប ។ សូមលើកទឹកចិត្តពួកគេឲ្យបង្ហាញពីយោបល់របស់ពួកគេជា សេចក្ដីថ្លែង « បើសិនជា -នោះ » ។ ខាងក្រោមនេះ គឺជាវិធីមួយដែលសិស្សអាចបង្ហាញគោលការណ៍នេះ ៖ បើយើងសិក្សាព្រះបន្ទូលរបស់ព្រះដោយឧស្សាហ៍ព្យាយាម ហើយធ្វើសកម្មភាពដោយសេចក្ដីជំនឿ នោះយើងអាចដឹងសេចក្ដីពិតនៃដំណឹងល្អដោយខ្លួនយើងផ្ទាល់ ។ (អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យសរសេរគោលការណ៍នេះ ជាពាក្យរបស់គេផ្ទាល់នៅជិតនឹងយ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:២០) ។
យោងទៅលើសកម្មភាពអាហារ ឬទឹក អ្នកអាចប្រើនៅពេលចាប់ផ្ដើមថ្នាក់ ។ សូមរំឭកសិស្សថា ការទទួលទាននូវការចិញ្ចឹមបីបាច់ខាងរូបកាយ តម្រូវឲ្យមានការខិតខំពីខ្លួនយើង ហើយថាយើងអាចទទួលប្រយោជន៍ពីអាហារ ឬទឹក បានតែតាមរយៈការទទួលទាន ឬការផឹកវាចូលមកក្នុងខ្លួនយើងប៉ុណ្ណោះ ។ សូមថ្លែងទីបន្ទាល់ថា វាដូចគ្នានឹងខាងវិញ្ញាណដែរ៖ ដំណឹងល្អអាចចូលមកក្នុងដួងចិត្តរបស់យើង ហើយក្លាយជាចំណែករបស់យើង តែនៅពេលយើងខិតខំរៀនសូត្រសេចក្ដីពិតនៃដំណឹងល្អ ហើយអនុវត្តវានៅក្នុងជីវិតយើងផ្ទាល់ប៉ុណ្ណោះ ។
-
តើសកម្មភាពអ្វីខ្លះ ដែលអ្នកនឹងធ្វើនៅឆ្នាំនេះ ដើម្បីអញ្ជើញព្រះវិញ្ញាណ ដើម្បីបង្រៀនអ្នក ហើយនាំសេចក្ដីពិតនៃដំណឹងល្អចូលមកក្នុងដួងចិត្តអ្នកនោះ ? ( ចម្លើយ អាចរួមមាន ការចូលរួមក្នុងការប្រជុំសាសនាចក្រ និងថ្នាក់រៀន រួមមាន ថ្នាក់សិក្ខាសាលា ការចូលរួមក្នុងការប្រជុំ និងថ្នាក់រៀន តាមរយៈការច្រៀងទំនុកដំកើង ការគូសចំណាំខគម្ពីរ ការកត់ត្រាការបំផុសគំនិត ការឆ្លើយសំណួរ ការចែកចាយបទពិសោធន៍ និងការថ្លែងទីបន្ទាល់ និងការបង្រៀនអ្នកដទៃ ការចូលរួមក្នុងរាត្រីជួបជុំក្រុមគ្រួសារ និងការសិក្សាបទគម្ពីរជាគ្រួសារ មានការសិក្សាព្រះគម្ពីរ និងការអធិស្ឋានផ្ទាល់ខ្លួនជាប្រចាំ និងការអនុវត្តគោលការណ៍ដំណឹងល្អក្នុងជីវិតរបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យសរសេរគោលដៅមួយ ឬច្រើន ) ។
សូមបញ្ចប់ដោយការសុំឲ្យសិស្សនឹកគិតអំពីទីបន្ទាល់របស់ពួកគេចំពោះដំណឹងល្អ និងអ្វីដែលពួកគេដឹងដោយខ្លួនគេថាជាការពិត ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអំពីរបៀបដែលការខិតខំផ្ទាល់ខ្លួនរបស់ពួកគេក្នុងការរៀនសូត្រដំណឹងល្អ មានឥទ្ធិពលទៅលើទីបន្ទាល់ និងទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះអម្ចាស់ ។ សូមបន្ថែមទីបន្ទាល់របស់អ្នកអំពីកម្លាំង និងការណែនាំ ដែលយើងអាចទទួលបានមកពីព្រះអម្ចាស់ នៅក្នុងការឆ្លើយតបចំពោះការខិតខំរបស់យើង ដើម្បីរៀនសូត្រ និងរស់នៅតាមគោលការណ៍ដំណឹងល្អ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
សិស្សអាចអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបញ្ជាក់អំពីអ្វីដែលពួកគេកំពុងរៀនសូត្រ
អែលឌើរ ដាវីឌ អេ បែដណា បានថ្លែងទីបន្ទាល់អំពីទំនាក់ទំនងរវាងអ្នករៀនសូត្រដែលបំពេញតួនាទីរបស់ពួកគេ និងឱកាសរបស់ព្រះវិញ្ញាណដើម្បីបង្រៀន និងថ្លែងទីបន្ទាល់ថា ៖
រូបភាពអែលឌើរ ដាវីឌ អេ បែដណា« អ្នករៀនសូត្រ អនុវត្តសិទ្ធិជ្រើសរើសរបស់ពួកគេ តាមរយៈការធ្វើសកម្មភាពស្របទៅតាមគោលការណ៍ត្រឹមត្រូវ បើកដួងចិត្តពួកគេឲ្យព្រះវិញ្ញាណបរិសុទ្ធ-- ហើយអញ្ជើញការបង្រៀនរបស់ទ្រង់ អំណាចនៃការថ្លែងទីបន្ទាល់ និងសាក្សីបញ្ជាក់របស់ទ្រង់ ។… វាគឺស្ថិតទៅលើសកម្មភាពដែលបំផុសសេចក្ដីជំនឿរបស់យើងដោយស្មោះត្រង់ និងខ្ជាប់ខ្ជួនទេតើ ដែលយើងបង្ហាញប្រាប់ដល់ព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ នូវឆន្ទៈដើម្បីរៀនសូត្ររបស់យើង ហើយទទួលការបង្រៀនមកពីព្រះវិញ្ញាណបរិសុទ្ធ » ( « Seek Learning by Faith » [ address to CES religious educators ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៦ ] ទំព័រ ៣ LDS.org) ។
សារៈសំខាន់នៃការសិក្សាព្រះគម្ពីរជាប្រចាំថ្ងៃ
ពិតចំពោះសេចក្ដីជំនឿ បានថ្លែងអំពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរជាប្រចាំថ្ងៃដូចខាងក្រោម ៖
« ព្យាការីថ្ងៃចុងក្រោយ បានប្រឹក្សាយើងឲ្យសិក្សាព្រះគម្ពីររាល់ថ្ងៃ ទាំងដោយផ្ទាល់ខ្លួន និង ជាមួយនឹងគ្រួសាររបស់យើង ។ ពួកលោក លើកទឹកចិត្តយើងដូចជា នីហ្វៃ បានលើកទឹកចិត្តដល់បងប្អូនប្រុសរបស់លោក ឲ្យប្រដូចបទគម្ពីរទៅនឹងខ្លួនយើង សូមស្វែងរករបៀបទាំងឡាយ ដែលជាដំណើររឿងពិសិដ្ឋក្នុងជំនាន់បុរាណ អនុវត្តក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ ( សូមមើល នីហ្វៃទី ១ ១៩:២៣-២៤ ) ។ ពួកលោកបានទូន្មានដល់យើងថា ‹ ស្ទង់មើលគម្ពីរ › (យ៉ូហាន ៥:៣៩) និង ‹ ទទួលទាននូវព្រះបន្ទូលនៃព្រះគ្រីស្ទ › (នីហ្វៃទី ២ ៣២:៣ ) ។
« អ្នកនឹងទទួលបានប្រយោជន៍យ៉ាងខ្លាំង ដោយការធ្វើតាមការប្រឹក្សានេះ ។ ការសិក្សាព្រះគម្ពីរដ៏ជ្រាលជ្រៅជាប្រចាំថ្ងៃ ជួយអ្នកឲ្យទទួលបានការខ្សឹបប្រាប់នៃព្រះវិញ្ញាណបរិសុទ្ធ ។ វាជួយកសាងសេចក្ដីជំនឿរបស់អ្នក ធ្វើឲ្យអ្នកមាំមួនប្រឆាំងនឹងការល្បួង និង ជួយអ្នកឲ្យខិតជិតទៅព្រះវរបិតាសួគ៌ារបស់អ្នក និងព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ ។
« អភិវឌ្ឍគម្រោងសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនអ្នក ។ សូមញែកពេលមួយចំនួនរៀងរាល់ថ្ងៃ ដាក់សម្រាប់សិក្សាព្រះគម្ពីរ ។ អំឡុងពេលនោះ សូមអានដោយប្រុងប្រយ័ត្ន ដោយយកចិត្តទុកដាក់ទៅនឹងការបំផុសនៃព្រះវិញ្ញាណ ។ សូមដល់ព្រះវរបិតាសួគ៌ារបស់អ្នក ឲ្យជួយអ្នកដឹងពីអ្វីដែលទ្រង់នឹងចង់ឲ្យអ្នករៀន និង ធ្វើ ។
« បន្ដអានព្រះគម្ពីរ ជាពិសេសព្រះគម្ពីរមរមន ពេញមួយជីវិតរបស់អ្នក ។ អ្នកនឹងរកឃើញនូវរតនៈសម្បត្តិនៃបទគម្ពីរម្ដងហើយម្ដងទៀត ដោយរកឃើញអត្ថន័យ និងការអនុវត្តថ្មីនៅក្នុងនោះ ពេលអ្នកសិក្សាវានៅដំណាក់កាលផ្សេងៗក្នុងជីវិត » ( ពិតចំពោះសេចក្ដីជំនឿ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៥៦ ) ។
ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានមានប្រសាសន៍ ៖
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« ប្រសិនបើយើងធ្វើឲ្យមានទម្លាប់មិនហ្មត់ចត់នៅក្នុងការសិក្សាព្រះគម្ពីររបស់យើង នោះយើងនឹងមានទម្លាប់មិនហ្មត់ចត់នៅក្នុងការអធិស្ឋានរបស់យើងផងដែរ ។
យើងមិនអាចឈប់អធិស្ឋានបានទេ បើខ្វះគោលបំណង នោះការអធិស្ឋានរបស់យើង នឹងក្លាយជាច្រំដែលៗដូចគ្រឿងម៉ាស៊ីន ។ ដួងចិត្តរបស់យើង ពុំអាចខិតទៅជិតព្រះដែលយើងមិនស្គាល់បាននោះឡើយ ហើយព្រះគម្ពីរ និងពាក្យសម្ដីរបស់ព្យាការីនៅរស់ជួយយើងឲ្យស្គាល់ទ្រង់ » ( Prayer » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ១៧ ) ។