មេរៀនទី ៦៩
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-១៩
បុព្វកថា
នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ និងពួកអែលឌើរមួយចំនួនបានត្រឡប់ទៅរដ្ឋ អូហៃអូ ថ្មីៗ ពីការធ្វើដំណើររបស់ពួកគាត់ដើម្បីឧទ្ទិសឆ្លងទឹកដី និងទីតាំងព្រះវិហារបរិសុទ្ធនៅស៊ីយ៉ូន ឬ អ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ។ អំឡុងពេលការធ្វើដំណើរទៅមករដ្ឋ មីសសួរី នោះមានពួកអែលឌើរមួយចំនួនបានទាស់គ្នា ហើយបានមានអារម្មណ៍នៃការទាស់ទែងគ្នា ប៉ុន្តែភាគច្រើនអាចផ្សះផ្សារគ្នាវិញបាន ។ នៅថ្ងៃទី ១១ ខែកញ្ញា ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤ ។ មេរៀននេះ គ្របដណ្ដប់គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-១៩ដែលព្រះអម្ចាស់មានបន្ទូលអំពី ព្រះទ័យរបស់ទ្រង់ដើម្បីអភ័យទោសដល់ពួកអ្នកបម្រើរបស់ទ្រង់ ។ ទ្រង់ក៏បានបញ្ជាដល់សមាជិកសាសនាចក្រឲ្យអភ័យទោសដល់គ្នាទៅវិញទៅមកផងដែរ ។
កំណត់ចំណាំមេរៀនទី ៧០ ផ្ដល់នូវឱកាសមួយសម្រាប់សិស្សពីរនាក់ឡើងមកបង្រៀន ។ បើអ្នកពុំទាន់បានធ្វើដូច្នោះទេ អ្នកអាចនឹងជ្រើសរើសសិស្សពីរនាក់ក្នុងពេលឥឡូវនេះ ហើយផ្ដល់ច្បាប់ចម្លងផ្នែកនៃមេរៀនទី ៧០ ចាត់តាំងដល់ពួកគេ ដើម្បីពួកគេអាចត្រៀមខ្លួន ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-៧
ព្រះអម្ចាស់អះអាងនឹងពួកអែលឌើរអំពីព្រះទ័យរបស់ទ្រង់ដើម្បីអភ័យទោស
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖
សូមចាប់ផ្ដើមដោយការអញ្ជើញសិស្សឲ្យពិចារណាចំពោះសំណួរទាំងឡាយនៅលើក្ដារខៀន ។
សូមពន្យល់ថានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤ព្រះអម្ចាស់បង្រៀនយើងអំពីរបៀបដើម្បីឆ្លើយតបនៅពេលអ្នកដទៃធ្វើឲ្យយើងឈឺចាប់ ។ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៨៣១ ប្រហែលជាពីរសប្ដាហ៍បន្ទាប់ពីគាត់ និងក្រុមនៃពួកអែលឌើរ បានត្រឡប់ទៅរដ្ឋ អូហៃអូ ពីអ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី វិញ។ ពួកអែលឌើរទាំងនេះ និងសមាជិកសាសនាចក្រដទៃទៀត បានជួបនឹងការលំបាកដោយសារតែការមិនយល់ស្រប និងអារម្មណ៍ទាស់ទែងនៅក្នុងចំណោមសមាជិកក្រុមមួយចំនួន ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ បានមានបន្ទូលថា « មានពួកអ្នកនៅក្នុងចំណោមអ្នករាល់គ្នាដែលបានធ្វើបាន » (គ និង ស ៦៤:៣) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១–៤ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលឃ្លាដែលពិពណ៌នាអំពីរបៀបដែលព្រះអម្ចាស់ នឹងឆ្លើយតបចំពោះអ្នកទាំងឡាយដែលបានធ្វើបាប ។ អ្នកអាចឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំឃ្លាដែលពួកគេបានប្រាប់ ។
-
តើព្រះអម្ចាស់មានបន្ទូលថាទ្រង់នឹងឆ្លើយតបចំពោះសមាជិកនៃសាសនាចក្រដែលបានធ្វើបាបយ៉ាងដូចម្ដេច ?
-
តើការឆ្លើយតបទាំងនេះបង្រៀនអ្វីខ្លះអំពីព្រះអម្ចាស់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់មានក្ដីមេត្តាករុណា ការអភ័យទោស ហើយប្រកបដោយព្រះគុណ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
ហេតុអ្វីក៏សេចក្ដីពិតនេះ សំខាន់ចំពោះសមាជិកនៃសាសនាចក្រដែលបានជួបនឹងការលំបាក ដោយសារតែការមិនយល់ស្រប និងអារម្មណ៍តានតឹងនោះ ? ហេតុអ្វីសេចក្ដីពិតអំពីព្រះអង្គសង្គ្រោះសំខាន់ចំពោះអ្នកដូច្នេះ ?
សូមពន្យល់ថា នៅគ្រានេះ សមាជិកសាសនាចក្រមួយចំនួន រួមទាំងពួកអែលឌើរមួយចំនួនដែលបានធ្វើដំណើរជាមួយនឹង យ៉ូសែប ស៊្មីធ បានរិះគន់ដល់ យ៉ូសែប ស៊្មីធ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៥-៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលព្រះអម្ចាស់បានមានបន្ទូលអំពី យ៉ូសែបស៊្មីធ ។ ពីមុនសិស្សអាន សូមពន្យល់ថា ការស្វែងរកឱកាសដើម្បីទាស់នឹងនរណាម្នាក់ បានបង្ហាញនៅក្នុងខ ៦គឺជាការរកកំហុសចំពោះនរណាម្នាក់ ។
-
តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះអំពីយ៉ូសែប ស្ម៊ីធ? ( យ៉ូសែប ស៊្មីធ បានកាន់កូនសោទាំងឡាយនៃនគររបស់ព្រះអម្ចាស់ ហើយជាអ្នកបម្រើរបស់ព្រះអម្ចាស់ ។ មនុស្សខ្លះចាំចាប់កំហុសយ៉ូសែប ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៧ ដោយស្ងាត់ស្ងៀម រកមើលអ្វីផ្សេងទៀតដែលព្រះអម្ចាស់បានមានព្រះបន្ទូល អំពីយ៉ូសែប ស្ម៊ីធ ។
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីខនេះអំពីយ៉ូសែប ស្ម៊ីធ ? ( យ៉ូសែប ស៊្មីធ បានធ្វើបាប ប៉ុន្តែព្រះអម្ចាស់មានឆន្ទៈដើម្បីអភ័យទោសដល់លោក ។ ដើម្បីជួយសិស្សយល់វគ្គគម្ពីរនេះ អ្នកអាចនឹងចង់ចង្អុលបង្ហាញថា ក៏ដូចជាមនុស្សទាំងអស់ដែរ យ៉ូសែប ស៊្មីធ មានភាពទន់ខ្សោយ ហើយចាំបាច់ត្រូវស្វែងរកការអភ័យទោសចំពោះអំពើបាបរបស់លោកពីព្រះអម្ចាស់ ។ ទោះជាយ៉ាងណាក៏ដោយ លោកពុំបានប្រព្រឹត្តកំហុស ធ្វើអំពើបាបធ្ងន់ធ្ងរនោះទេ ) ។
-
តើយើងអាចរៀនអ្វីខ្លះចេញមកពីខគម្ពីរនេះ អំពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានការអភ័យទោសពីព្រះអម្ចាស់ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨-១៩
ព្រះអម្ចាស់ បញ្ជាពួកអ្នកបម្រើទ្រង់ឲ្យអភ័យទោសដល់គ្នាទៅវិញទៅមក
បើអាចធ្វើទៅបាន សូមបង្ហាញរូបពស់ពិសមួយ ដែលរស់នៅក្នុងតំបន់របស់អ្នក ឬរូបភាពនៃដំបៅមួយដែលបណ្ដាលមកពីពស់ចឹក ។
-
បន្ថែមពីលើអារម្មណ៍ឈឺចាប់ខាងរាងកាយ តើអារម្មណ៍អ្វីខ្លះដែលអ្នកគិតថា នឹងកើតមានចំពោះអ្នក បើអ្នកត្រូវបានពស់ពិសចឹកនោះ ?
សូមពន្យល់ថា មានអ្នកខ្លះនៅក្នុងស្ថានភាពនេះ អាច (១) ដេញតាមពស់ ហើយសម្លាប់វាដោយកំហឹង ឬភ័យខ្លាច ឬ (២) រកវិធីបន្សាបពិសចេញពីរូបកាយរបស់គាត់ភ្លាមៗ ។
-
ទង្វើរទាំងពីរនេះ តើទង្វើមួយណាដែលអ្នកគិតថាមានភាពឆ្លាតវៃជាង ? ហេតុអ្វី ?
សូមពន្យល់ថា ជម្រើសរបស់មនុស្សម្នាក់ បន្ទាប់ពីពស់ពិសចឹក អាចប្រៀបធៀបនឹងជម្រើសរបស់យើង នៅពេលយើងមានអារម្មណ៍ឈឺចាប់ដោយសារពាក្យសម្ដី ឬទង្វើរបស់អ្នកដទៃ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលផលវិបាកនានាដែលសិស្សរបស់ព្រះអម្ចាស់មួយចំនួនបានជួប ដោយសារតែពួកគេបដិសេធពុំអភ័យទោសដល់គ្នាទៅវិញទៅមក ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់អំពីអ្វីដែលពួកគេរកឃើញ ។
-
តើគោលការណ៍អ្វីដែលយើងរៀនមកពី ខ ៨នេះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖នៅពេលយើងបដិសេធពុំអភ័យទោសដល់អ្នកដទៃ នោះគឺយើងនាំទុក្ខដាក់ខ្លួនឯង ។ សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យសរសេរគោលការណ៍នេះជាពាក្យរបស់គេផ្ទាល់នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើមនុស្សម្នាក់អាចត្រូវរងទុក្ខ (ឬឈឺចាប់) ដោយការមិនអភ័យទោសដល់អ្នកដទៃយ៉ាងដូចម្ដេច ? តើការណ៍នេះ ដូចគ្នានឹងលទ្ធផលនៃមនុស្សម្នាក់ដែលរត់ដេញតាមពស់ដែលទើបចឹកគាត់យ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យប្រាប់អំពីលទ្ធផលមួយទៀតនៃការមិនអភ័យទោសដល់ អ្នកដទៃ ។
-
ស្របតាមខ ៩តើលទ្ធផលនៃការបដិសេធពុំអភ័យទោសដល់អ្នកដទៃមានអ្វីខ្លះ ? (បើយើងពុំអភ័យទោសដល់អ្នកដទៃ នោះយើងឈរទទួលទោសនៅចំពោះព្រះអម្ចាស់ ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
ជាចំណែកនៃការពិភាក្សានេះ អ្នកអាចនឹងចង់សុំឲ្យសិស្សអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃពួកចិតសិបនាក់ ៖
« វាអាចនឹងមានការលំបាកណាស់ដើម្បីអភ័យទោសដល់នរណាម្នាក់ចំពោះការអាក្រក់ដែលពួកគេបានធ្វើមកលើយើង ប៉ុន្តែនៅពេលយើងអភ័យទោស នោះយើងនឹងបើកផ្លូវឲ្យខ្លួនយើងឈានទៅរកអនាគតកាន់តែល្អប្រសើរមួយ ។ នោះទង្វើនៃការធ្វើខុសឆ្គងរបស់អ្នកដទៃនឹងឈប់ មានឥទ្ធិពលគ្រប់គ្រងលើផ្លូវនៃជីវិតរបស់យើងហើយ ។ នៅពេលយើងអភ័យទោសដល់អ្នកដទៃ វារំដោះយើងឲ្យមានសេរីភាព ដើម្បីជ្រើសរើសថាតើយើងនឹងរស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ។ ការអភ័យទោសមានន័យថា បញ្ហាកាលពីអតីតកាល ឈប់សម្រេចជោគវាសនារបស់យើងទៀតហើយ ហើយយើងអាចផ្ដោតទៅលើអនាគតកាលដោយក្ដីស្រឡាញ់របស់ព្រះនៅក្នុងដួងចិត្តរបស់យើង » (« Forgiveness Will Change Bitterness to Love » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។
ដើម្បីជួយសិស្សប្រាប់ ឬអនុវត្តបទបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីអភ័យទោសដល់មនុស្សទាំងអស់ សូមអាននូវឧទាហរណ៍ដូចខាងក្រោម ហើយសួរសំណួរដូចតទៅ ៖
-
យុវនារីម្នាក់ត្រូវបានឈឺចាប់ ហើយមានការខ្មាស់អៀនពេលដែលបានដឹងថាមិត្តរបស់នាងបាននិយាយដើមនាងតៗគ្នា ។ ក្រោយមក មិត្តមួយចំនួនបានមកសុំទោស ប៉ុន្តែអ្នកដទៃទៀតពុំបានមកទេ ។ យុវនារីនោះបានអភ័យទោសដល់អ្នកដែលមកសុំទោស ប៉ុន្តែបានគុំគួននឹងអ្នកផ្សេងទៀត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០-១១ ឲ្យឮៗ ។ សូមឲ្យពួកគេគិតអំពីរបៀបដែលខគម្ពីរទាំងនេះទាក់ទងនឹងឧទាហរណ៍ដែលអ្នកបានអាន ។
-
តើបទបញ្ញត្តិអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុងខ ១០ ? ( សូមជួយសិស្សស្គាល់បទបញ្ញត្តិដូចខាងក្រោម ៖ព្រះអម្ចាស់បញ្ជាយើងឲ្យអភ័យទោសដល់មនុស្សទាំងអស់ )។
-
តើបទបញ្ញត្តិនេះទាក់ទងនឹងយុវនារីនៅក្នុងឧទាហរណ៍យ៉ាងដូចម្ដេច ? ហេតុអ្វីក៏អ្នកគិតថាវាសំខាន់ដើម្បីអភ័យទោសមនុស្សទាំងអស់ មិនថាពួកគេមកសុំទោសចំពោះកំហុសរបស់ពួកគេឬអត់នោះ ?
-
-
យុវជនម្នាក់ ពុំគោរពបទបញ្ញតិមួយ ។ គាត់បានអធិស្ឋានសូមការអភ័យទោស ហើយពិភាក្សាបញ្ហាជាមួយនឹងប៊ីស្សពរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប៊ីស្សពបានអះអាងនឹងយុវជននោះថា គាត់បានប្រែចិត្តពេញលេញ ក៏យុវជននោះនៅបន្ដមានអារម្មណ៍មិនសក្ដិសមដោយសារតែអំពើបាបពីអតីតកាលរបស់គាត់ ។
-
តើបទបញ្ញត្តិនៃការអភ័យទោសដល់មនុស្សទាំងអស់ទាក់ទងនឹងយុវជនក្នុងឧទាហរណ៍នេះយ៉ាងដូចម្ដេច? ហេតុអ្វីក៏យើងត្រូវអភ័យទោសឲ្យខ្លួនឯង ?
-
-
យុវនារីម្នាក់ មានអារម្មណ៍សោកសៅ ហើយមានការច្របូកច្របល់ ដោយសារតែទង្វើរបស់ឪពុកនាង ។ គាត់បានបោះបង់គ្រួសារចោល ។ ពីមុនគាត់ចាកចេញ គាត់កម្របង្ហាញសេចក្ដីស្រឡាញ់ដល់ក្រុមគ្រួសារ ឬមានចរិកឃោរឃៅជាញឹកញាប់ ។ នាងពុំយល់ថា ហេតុអ្វីក៏ឪពុកនាងមានទង្វើរបែបនេះ ហើយនាងមានអារម្មណ៍ខឹងដល់គាត់ ។ នាងបានដឹងថា នាងគួរស្វែងរកការអភ័យទោសឲ្យឪពុក នាង ប៉ុន្តែនាងគិតថា នាងមិនអាចធ្វើបានទេ ។
-
តើការទូន្មានរបស់ព្រះអម្ចាស់នៅក្នុងខ ១១អាចជួយយុវនារីនេះឲ្យអភ័យទោសដល់ឪពុករបស់នាងយ៉ាងដូចម្ដេច ? តើវាជួយយើងឲ្យទុកការជំនុំជម្រះដល់អ្នកទាំងឡាយដែលធ្វើឲ្យយើងឈឺចាប់ទៅលើព្រះយ៉ាងដូចម្ដេច ?
-
សូមឲ្យសិស្សពិចារណាថាតើមាននរណាម្នាក់ដែលពួកគេចាំបាច់ត្រូវអភ័យទោសឲ្យ ។ ដោយទទួលស្គាល់ថា ជួនកាលវាមានការលំបាកណាស់ដើម្បីអភ័យទោសដល់នរណាម្នាក់ ។ សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវអ្វីដែលពួកគេអាចធ្វើ បើពួកគេកំពុងមានការលំបាកក្នុងអភ័យទោសដល់នរណាម្នាក់ ។
« ខ្ញុំសូមអង្វរអ្នកឲ្យទូលសុំកម្លាំងមកពីព្រះអម្ចាស់ដើម្បីអភ័យទោស ។… វាប្រហែជាពុំងាយស្រួលទេ ហើយវាអាចនឹងប្រហែលជាពុំកើតមានយ៉ាងឆាប់រហ័សផងដែរ ។ ប៉ុន្តែ បើអ្នកនឹងស្វែងរកវាដោយចិត្តស្មោះសរ ហើយបណ្ដុះវាឡើង នោះវានឹងកើតមានឡើង » (« Of You It Is Required to Forgive »Ensignខែ មិថុនា ឆ្នាំ ១៩៩១ ទំព័រ ៥ ) ។
-
តើប្រធាន ហ៊ិងគ្លី បានប្រឹក្សាដល់យើងឲ្យធ្វើអ្វីខ្លះ បើយើងកំពុងពុះពារក្នុងការអភ័យទោសដល់នរណាម្នាក់នោះ ? តើអ្នកគិតថាការអធិស្ឋានសុំកម្លាំងអាចជួយយើងឲ្យអភ័យទោសបានយ៉ាងដូចម្ដេច ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១២-១៤ដោយការពន្យល់ថា ព្រះអម្ចាស់បានបង្រៀនថា ជម្រើសរបស់យើងដើម្បីអភ័យទោសដល់អ្នកដទៃ ពុំរំដោះពួកគេពីការទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេនោះទេ ។ ពួកគេនៅតែទទួលខុសត្រូវចំពោះព្រះអម្ចាស់ចំពោះកំហុសដែលពួកគេបានធ្វើ ។ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១៥-១៧យើងមើលឃើញថា ព្រះអម្ចាស់បានអភ័យទោសដល់ពួកអ្នកបម្រើរបស់ទ្រង់ពីរនាក់យ៉ាងជាក់ គឺ អ៊ីសាក មួលី និង អែតវឹត ប៉ាទ្រិច ដោយសារពួកគេបានប្រែចិត្តពីបាបរបស់ពួកគេ ។
សូមដាក់តាំងរូបភាពនៃព្រះយេស៊ូវគ្រីស្ទ ។ សូមចង្អុលបង្ហាញទៅសេចក្ដីពិតទីមួយដែលអ្នកបានសរសេរនៅលើក្ដារខៀន នៅពីមុនមេរៀនថា ៖ព្រះអម្ចាស់មានក្ដីមេត្តាករុណា ការអភ័យទោស និងប្រកបដោយព្រះគុណ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងអភ័យទោស នោះយើងកាន់តែប្រែក្លាយដូចជាព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេអាចអនុវត្តតាមគោលការណ៍នៃការអភ័យទោសដែលពួកគេបានរៀននៅថ្ងៃនេះ ។ សូមផ្ដល់ពេលដល់ពួកគេឲ្យសរសេរអ្វីដែលពួកគេនឹងធ្វើដើម្បីអនុវត្តសេចក្ដីពិតទាំងនេះ ហើយកត់ត្រាចំណាប់អារម្មណ៍នានា ដែលពួកគេបានទទួល ។