មេរៀនទី ១៤៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦:១៩-៤២
បុព្វកថា
នៅខែមករា ឆ្នាំ ១៨៤៧ ព្រិកហាំ យ៉ង់ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦នៅវិនទើរ ខ្វរទើរ្ស រដ្ឋ នេប្រាស្កា ។ មេរៀននេះ ពិភាក្សាអំពីគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១៩-៤២ ដែលរួមមានទាំងការដឹកនាំរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធអំពីរបៀបដើម្បីធ្វើការរួមគ្នា ហើយទទួលបានកិច្ចការពាររបស់ទ្រង់នៅក្នុងការធ្វើដំណើររបស់ពួកគេទៅទិសខាងលិច ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១៩-២៩
ព្រះអម្ចាស់ដឹកនាំពួកបរិសុទ្ធអំពីរបៀបដើម្បីធ្វើកិច្ចការនៅក្នុងការធ្វើដំណើររបស់ពួកគេ
សូមចាប់ផ្ដើមមេរៀនដោយការសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើឱកាសអ្វីខ្លះដែលអ្នកមានដើម្បីប្រាស្រ័យទាក់ទងនឹងមនុស្សដទៃនៅក្នុងក្រុមមួយ ? ( ចម្លើយអាចរួមមាន ក្រុមគ្រួសារ កូរ៉ុមបព្វជិតភាព និង ថ្នាក់យុវនារី ក្រុមកីឡា មិត្តនៅសាលារៀន និងក្រុមការងារ ) ។
-
តើទិដ្ឋភាពវិជ្ជមានមួយចំនួននៃការធ្វើការជាមួយអ្នកដទៃនៅក្នុងក្រុមមួយមានអ្វីខ្លះ ?
សូមពន្យល់ថា នៅពេលពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុងណៅវូ នៅដើមឆ្នាំ ១៨៤៦ ហើយបានចាប់ផ្ដើមធ្វើដំណើរទៅទិសខាងលិច នោះមានមនុស្សជាច្រើនពុំបានត្រៀមខ្លួនដើម្បីធ្វើដំណើរទេ ។ ពួកបរិសុទ្ធដំបូងគេ បានចេញទៅដោយបែកខ្ញែកគ្នាជាច្រើនគីឡូម៉ែត្រ ដែលធ្វើឲ្យពួកគេពុំអាចជួយគ្នាទៅវិញទៅមក ។ នៅក្នុងវិវរណៈមួយ ព្រិកហាំ យ៉ង់ បានទទួលនៅវិនទើរ ខ្វរទើរ្ស រ ប្រហែលជាមួយឆ្នាំក្រោយមក ព្រះអម្ចាស់បានណែនាំឲ្យពួកបរិសុទ្ធរៀបចំខ្លួនដើម្បីពួកគេអាចជួយគ្នាទៅវិញទៅមក នៅពេលពួកគេបានបន្ដការធ្វើដំណើរ ។
សូមអញ្ជើញសិស្សឲ្យរំឭកពីគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:២, ៨-១០ដោយស្ងាត់ស្ងៀម ហើយរាយការណ៍អំពីរបៀបដែលព្រះអម្ចាស់បានណែនាំដល់ពួកបរិសុទ្ធឲ្យជួយគ្នាទៅវិញទៅមក ។
សូមចង្អុលបង្ហាញថា ថ្វីដ្បិតតែការធ្វើការជាក្រុមអនុញ្ញាតឲ្យយើងជួយគ្នាទៅវិញទៅមកក្ដី ក៏វាអាចបង្កើតជាបញ្ហាច្រើនផងដែរ ។
-
នៅក្នុងបទពិសោធន៍របស់អ្នក តើឧបសគ្គមួយចំនួនមកពីការធ្វើការជាក្រុមមានអ្វីខ្លះ ?
សូមបំបែកសិស្សឲ្យធ្វើការជាដៃគូ ។ សូមអញ្ជើញដៃគូរនិមួយៗឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១៩-២៧ឲ្យឮៗ ។ សូមឲ្យពួកគេរកមើលការដឹកនាំរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធ នៅពេលពួកគេបានធ្វើដំណើរ និងធ្វើការរួមគ្នា ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកមើលឃើញថា មានការដឹកនាំអ្វីខ្លះដែលនឹងជួយដល់ពួកបរិសុទ្ធធ្វើដំណើរ និងធ្វើការរួមគ្នា ? តើអ្នកគិតថា ហេតុអ្វីបានជាការដឹកនាំនេះ អាចចាំបាច់ ?
-
តើអ្នកអាចយកការដឹកនាំនេះមកអនុវត្ត នៅពេលអ្នកប្រាស្រ័យទាក់ទង និងធ្វើការជាមួយមនុស្សដទៃតាមរបៀបណា ?
-
តើមានលទ្ធផលអ្វីខ្លះ នៅពេលមនុស្សមិនគោរពតាមដំបូន្មាននេះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:២៣-២៤ឲ្យឮៗ ។ សូមសួរសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ។ អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ពីមូលហេតុដែលព្រះអម្ចាស់បានដឹកនាំពួកបរិសុទ្ធឲ្យ « ឈប់ការផឹកប្រមឹក » ទោះជាពួកគេបានទទួលពាក្យសម្ដីនៃប្រាជ្ញាវាងវៃហើយក្ដីនោះ ។ សូមរំឭកពួកគេថា ពួកបរិសុទ្ធបានរីកចម្រើនបន្ដិចម្ដងៗនៅក្នុងការគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃរបស់ពួកគេ ។ នៅពេលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦ត្រូវបានប្រទានឲ្យ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានហាមឃាត់ពីការប្រើគ្រឿងស្រវឹងទាំងអស់ ដូចជាយើងនៅសព្វថ្ងៃនេះដែរ ។
-
ស្របតាមខ ២៤តើពាក្យសម្ដីរបស់យើងនឹងធ្វើយ៉ាងណាចំពោះអ្នកទាំងឡាយដែលនៅជុំវិញយើង ? ( សិស្សគួរស្គាល់នូវសេចក្ដីពិតដូចខាងក្រោម ៖ពាក្យសម្ដីរបស់យើងគួរស្អាងគ្នាទៅវិញទៅមក ។ អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ដើម្បីស្អាងគ្នា មានន័យថា ស្ថាបនានរណាម្នាក់ឡើងខាងវិញ្ញាណ ឬខាងសតិអារម្មណ៍ ) ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់សម្រាប់ពួកបរិសុទ្ធដើម្បីប្រើពាក្យស្អាងគ្នា នៅពេលពួកគេធ្វើដំណើរជាមួយគ្នានោះ ?
-
តើអ្នកធ្លាប់ឃើញនរណាម្នាក់ប្រើពាក្យដែលស្អាងដល់មនុស្សដទៃនៅពេលណា ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេអាចនិយាយថា នឹងស្អាងដល់អ្នកទាំងឡាយដែលនៅជុំវិញពួកគេ ។
សូមអញ្ជើញសិស្សពីរនាក់អានឆ្លាស់គ្នានូវដំណើររឿងបទពិសោធន៍របស់ពួកបរិសុទ្ធក្នុងការធ្វើដំណើររបស់ពួកគេឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់គិតអំពីអត្ដចរិតរបស់ពួកបរិសុទ្ធស្មោះត្រង់ទាំងឡាយ ។
ម៉ារី អាណ វេស្ដុន មូហាន បានសរសេរថា ៖
« យើងត្រូវបានហៅឲ្យបញ្ចុះសពមនុស្សពីរនាក់នៃក្រុមយើង ដែលបានស្លាប់នៅព្រឹកនេះដោយសារតែជំងឺអាសន្នរោគ ដែលជាបុរសម្នាក់ឈ្មោះ ប្រោណ និងកុមារតូចម្នាក់ ។ មានមនុស្សឈឺច្រើនទៀតនៅក្នុងក្រុម ។ ដោយបានទៅដល់ ទន្លេ ប្លាត ពេញមួយថ្ងៃ ។ បានធ្វើដំណើរ ២៤ គីឡីម៉ែត្រ បានបោះជំរុំនៅ សលត៍ ក្រិក ។ មិនយូរប៉ុន្មាន ក្មេងម្នាក់ទៀតក្នុងជំរំយើងបានស្លាប់ ។ ពួកគេបានបញ្ចុះសពនៅពេលថ្ងៃលិច តាមច្រាំងទន្លេក្រិក ។ មានមនុស្សច្រើនទៀតឈឺ ។ វាធ្វើឲ្យយើងមានអារម្មណ៍សោកសៅដែលត្រូវបញ្ចុះសពមិត្តរបស់យើងនៅតាមផ្លូវ ។ អាកាសធាតុក្ដៅខ្លាំង » (Mary Ann Weston Maughan journal, វ៉ុលទី ៣., ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៨៥០, ២:១, Family History Library, Salt Lake City; spelling, capitalization, and punctuation modernized ) ។
ក្លារីសា យ៉ង់ ស្ពែនស៊ើរ ( កូនស្រីរបស់ ព្រិកហាំ យ៉ង់ ) បានសរសេរថា ៖
« គុណសម្បត្តិល្អបំផុតរបស់លោកឪពុកក្នុងនាមជាអ្នកដឹកនាំម្នាក់គឺជាឥរិយាបទដែលលោកបានមើលថែដល់សុខុមាលភាពរបស់ប្រជាជនលោកទាំងខាងសាច់ឈាម និងខាងសង្គម ព្រមទាំងដឹកនាំពួកគេនៅក្នុងសេចក្ដីត្រូវការខាងវិញ្ញាណរបស់ពួកគេផងដែរ ។ នៅក្នុងការធ្វើដំណើរដ៏ខ្លាំងឆ្លងកាត់ទីវាលទំនាប ពេលដែលមនុស្សគ្រប់គ្នាដើរដោយទន់ល្វើយក្នុងផ្លូវដ៏វែងឆ្ងាយ ពួកបរិសុទ្ធនឹងជួបជុំគ្នាដុតភ្នក់ភ្លើង ដើម្បីកំសាន្ដនៅពេលល្ងាច បើសិនជាអាកាសធាតុមានសភាពល្អនោះ ។ មានចម្រៀងនឹងច្រៀងឡើង តន្ត្រីប្រគុំដោយអ្នកលេងវីយូឡុង ហើយបុរសស្ត្រីទាំងឡាយនឹងបំភ្លេចនូវភាពនឿយហត់ក្នុងការដើរអស់ចម្ងាយ ២៤ គីឡូម៉ែត្រជាដើមនៅលើវាលខ្សាច់ល្ហរល្ហេវ ខណៈដែលពួកគេចូលរួមនៅក្នុងការរាំជារង្វង់ ។ នេះជារបៀបរបស់លោកក្នុង ‹សីលធម៌› មុនពេលនឹងមានពាក្យមួយត្រូវបានប្រើ » ( ជាមួយ Mabel HarmerOne Who Was Valiant[ ឆ្នាំ ១៩៤០] ទំព័រ ១៦២ ) ។
-
ផ្អែកទៅលើដំណើររឿងទាំងនេះ តើអ្នកនឹងពិពណ៌នាអំពីអ្នកត្រួសត្រាយដ៏ស្មោះត្រង់ទាំងនេះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:២៨-២៩ឲ្យឮៗ ។
សូមសួរសិស្សអំពីដំបូន្មានណាខ្លះ ដែលមាននៅក្នុងខគម្ពីរទាំងនេះ ។ បន្ទាប់ពីសិស្សរាយការណ៍នូវអ្វីដែលពួកគេបានរកឃើញហើយ សូមសរសេរនូវសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖បើយើងរីករាយ នោះយើងគប្បីសរសើរ និងថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌ ។ បើយើងសោកសៅ យើងគប្បីអធិស្ឋានសុំឲ្យព្រលឹងរបស់យើងបានប្រកបដោយក្ដីអំណរ ។
-
តើអ្នកគិតថា គោលការណ៍ទាំងនេះបានជួយដល់ពួកបរិសុទ្ធ ក្នុងការធ្វើដំណើររបស់ពួកគេដោយរបៀបណា ?
-
តើគោលការណ៍ទាំងនេះ អាចជួយការពារយើងសព្វថ្ងៃយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សគិតអំពីគ្រាដែលព្រះវរបិតាសួគ៌បានឆ្លើយតបនឹងការអធិស្ឋានរបស់ពួគគេ ដោយការជួយពួកគេឲ្យមានភាពរីករាយ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។
សូមលើកទឹកចិត្តពួកគេឲ្យសរសើរ និងថ្លែងអំណរគុណដល់ព្រះអម្ចាស់ នៅពេលពួកគេរីករាយ ហើយអធិស្ឋានសុំជំនួយ នៅពេលពួកគេសោកសៅ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៣០-៤២
ព្រះអម្ចាស់បានអះអាងដល់ពួកបរិសុទ្ធ ហើយដឹកនាំពួកគេឲ្យឧស្សាហ៍ព្យាយាម នៅក្នុងការរក្សាបទបញ្ញត្តិទាំងអស់របស់ទ្រង់
សូមរំឭកសិស្សថា ពួកបរិសុទ្ធបានស៊ូទ្រាំនឹងការសាកល្បងដ៏ធំ ហើយថាពួកគេបានដឹងថា ការធ្វើដំណើរបន្ដទៅមុខទៀតរបស់ពួកគេ នឹងជាការលំបាកដ៏ខ្លាំងផងដែរ ។
-
តើអ្នកគិតថា មានអ្វីខ្លះដែលបានជួយដល់ពួកបរិសុទ្ធឲ្យបន្ដមានចិត្តស្មោះត្រង់ ទោះជាស្ថិតនៅក្រោមស្ថានភាពដ៏លំបាកដូច្នេះក្ដីនោះ ?
សូមបែងចែកសិស្សធ្វើការជាពីរក្រុម ។ សូមអញ្ជើញក្រុមទីមួយឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៣០-៣៣ឲ្យឮៗ ។ សូមអញ្ជើញក្រុមទីពីរឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៣៤-៤០ឲ្យឮៗ ។ សូមឲ្យក្រុមទាំងពីររកមើលគោលការណ៍ទាំងឡាយដែលអាចនឹងលើកទឹកចិត្តដល់ពួកបរិសុទ្ធ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សក្នុងក្រុមនិមួយៗរាយការណ៍ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ ចម្លើយរបស់ពួកគេអាចរួមមាននូវគោលការណ៍ និងគោលលទ្ធិទាំងឡាយដូចខាងក្រោម ៖
យើងពុំគួរខ្លាចមារសត្រូវរបស់យើងឡើយពីព្រោះពួកគេស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់
ការសាកល្បងរបស់យើង អាចរៀបចំយើងឲ្យទទួលបានសិរីល្អដែលព្រះមានសម្រាប់យើង ។
បើយើងបន្ទាបខ្លួន ហើយអំពាវនាវដល់ព្រះ នោះព្រះវិញ្ញាណនឹងបំភ្លឺចិត្តយើង ។
បើយើងស្មោះត្រង់នៅក្នុងការរក្សាព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់ប្រទានដល់យើង នោះយើងនឹងមើលឃើញសិរីល្អរបស់ទ្រង់នៅថ្ងៃណាមួយ ។
ព្រះអម្ចាស់ប្រទានដល់យើងនូវព្រះបន្ទូលទ្រង់ តាមរយៈពួកព្យាការីរបស់ទ្រង់ ។
ព្រះអម្ចាស់អាចរំដោះយើងពីមារសត្រូវរបស់យើង ។
-
តើអ្នកគិតថា គោលការណ៍ទាំងនេះបានជួយដល់ពួកបរិសុទ្ធបន្ដមានចិត្តស្មោះត្រង់ដោយរបៀបណា ?
-
តើគោលការណ៍ទាំងនេះ អាចជួយយើងបន្ដស្មោះត្រង់ ក្នុងអំឡុងពេលបទពិសោធន៍លំបាកផ្ទាល់ខ្លួនរបស់យើងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យរំឭកដោយឆាប់រហ័សនូវគោលការណ៍នៅលើក្ដារខៀន ។ សូមឲ្យពួកគេពិចារណាអំពីសារលិខិតទាំងមូល ដែលពួកគេគិតថា ពួកគេបរិសុទ្ធប្រហែលជាបានរៀន ។ សូមឲ្យសិស្សរាយការណ៍ អំពីចម្លើយរបស់ពួកគេ ។ សិស្សអាចប្រាប់នូវសារលិខិតផ្សេងៗ ប៉ុន្តែសូមជួយពួកគេយល់ថា ព្រះអម្ចាស់បានប្រទាននូវការអះអាងដល់ពួកបរិសុទ្ធថា មានដំណោះស្រាយចំពោះអ្វីៗទាំងអស់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៤១-៤២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលការអះអាង និងការទូន្មានបន្ថែមមកពីព្រះអម្ចាស់ ។
-
តើសារលិខិតរបស់ព្រះអម្ចាស់នៅក្នុងខ ៤១អាចលួងលោមដល់ពួកបរិសុទ្ធយ៉ាងដូចម្ដេច ?
-
តើយើងអាចរៀនមកពីការបង្គាប់របស់ព្រះអម្ចាស់នៅក្នុងខ ៤២អ្វីខ្លះ ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងឧស្សាហ៍ព្យាយាមនៅក្នុងការរក្សាបទបញ្ញត្តិរបស់ព្រះអម្ចាស់ នោះការជំនុំជំរះរបស់ព្រះអម្ចាស់ នឹងពុំធ្លាក់មកលើយើងឡើយ ហើយសេចក្ដីជំនឿរបស់យើងនឹងបានរឹងមាំ ហើយមារសត្រូវរបស់យើងនឹងពុំអាចយកឈ្នះលើយើងឡើយ ) ។
-
តើគោលការណ៍នេះបានជួយដល់ពួកបរិសុទ្ធក្នុងការធ្វើដំណើររបស់ពួកគេដោយរបៀបណា ? តើវាអាចជួយយើងយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ពួកបរិសុទ្ធបានគោរពដល់បទបញ្ញត្តិរបស់ព្រះអម្ចាស់ ។ ក្រុមទីមួយនៃអ្នកត្រួសត្រាយផ្លូវបានចាកចេញពីវិនធើរ ខ្វរធើរ នៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ១៨៤៧ ។ ពួកគេបានធ្វើដំណើរជាង ១៦០០ គីឡូម៉ែត្រ និងបានមកដល់ច្រកភ្នំ សលត៍ លេក នៅចុងខែ កក្កដា ឆ្នាំ ១៨៤៧ ។ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ ប្រធាន ព្រិកហាំ យ៉ង់ បានចូលទៅក្នុងច្រកភ្នំ និងបានទទួលការបញ្ជាក់ថា ពួកបរិសុទ្ធបានរកឃើញលំនៅដ្ឋានថ្មីរបស់ពួកគេហើយ ។ លោកបានជិះពីខាងក្រោយរទេះរបស់ វិលហ្វូឌ វូឌដ្រុព្វ នៅពេលនោះ ដោយសារតែគាត់មានជម្ងឺរគ្រុនក្ដៅ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឮៗនូវដំណើររឿង របស់ប្រធាន វិលហ្វូឌ វូឌដ្រុព្វអំពី ការមើលឃើញជ្រលងភ្នំសលត៍ លេក របស់ព្រិកហាំ យ៉ង់ ៖
« នៅពេលយើងមកដល់… មើលឃើញទិដ្ឋភាពទាំងមូលនៃជ្រលងភ្នំ ខ្ញុំបានបង្វែរទេះរបស់ខ្ញុំមួយជុំ បង្វែវាទៅកាន់ទិសខាងលិច ហើយប្រធាន ព្រិកហាំ យ៉ង់ បានក្រោកឡើងពីដំណេកលោក រួចស្ទង់មើលទៅលើស្រុកនេះ ។ នៅពេលកំពុងមើលទៅទិដ្ឋភាពពីខាងមុខយើង លោកបានបើកការនិមិត្តចេញមកអស់រយៈពេលជាច្រើននាទី ។ លោកបានឃើញជ្រលងភ្នំនេះពីមុននៅក្នុងការនិមិត្ត ហើយនៅពេលនេះ លោកបានឃើញអនាគតដ៏រុងរឿងនៃស៊ីយ៉ូន និង នៃសាសន៏អ៊ីស្រាអែល ។… នៅពេលការនិមិត្តបានបញ្ចប់ទៅ នោះលោកបានមានប្រសាសន៍ថា ‹ វាគ្រប់គ្រាន់ហើយ ។ នេះគឺជាកន្លែងត្រឹមត្រូវហើយ ។ សូមបន្ដរទៅមុខទៀត › » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤], ទំព័រ ១៤៦) ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់ ព្រិកហាំ យ៉ង់ និង ពួកបរិសុទ្ធទទួលការបញ្ជាក់ថា ជ្រលងភ្នំ សលត៍ លេក គឺជាកន្លែងដែលត្រឹមត្រូវដើម្បីតាំងលំនៅ ?
សូមបញ្ចប់ដោយការអញ្ជើញសិស្សឲ្យព្យាយាមដើម្បីរក្សារាល់បទបញ្ញត្តិ ហើយស្ដាប់ការអះអាងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។