មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩-១១២ ( មេរៀនទី ២៤ )
សេចក្តីផ្ដើម
នៅក្នុងផ្នែកនៃពាក្យអធិស្ឋានឧទ្ទិសឆ្លងសម្រាប់ព្រះវិហារបរិសុទ្ធខឺតឡង់ នោះព្យាការីយ៉ូសែប ស្ម៊ីធ បានអធិស្ឋានសម្រាប់សុខុមាលភាពរបស់មនុស្សដទៃ ។ បន្ទាប់ពីព្រះវិហារបរិសុទ្ធត្រូវបានឧទ្ទិសឆ្លង នោះព្យាការីពីគ្រាកាន់កាប់ត្រួតត្រាជំនាន់ដើមបានប្រគល់កូនសោបព្វជិតភាពទៅលើព្យាការីយ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី រួមទាំងកូនសោនៃការផ្សារភ្ជាប់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៧-៥៣
យ៉ូសែប ស្ម៊ីធបានសូមព្រះវរបិតាសួគ៌ឲ្យជួយពួកបរិសុទ្ធនៅក្នុងរដ្ឋមិសសួរី
សូមអញ្ជើញសិស្សឲ្យគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលកំពុងប្រឈមមុខនឹងឧបសគ្គ ឬ រងទុក្ខតាមរបៀបមួយចំនួន ។ ក្រោយពីពួកគេមានពេលអានគ្រប់គ្រាន់ដើម្បីគិតហើយ សូមសួរសំណួខាងក្រោមនេះ ៖
-
តើមានវិធីណាខ្លះដែលអ្នកអាចជួយសម្រាលការរងទុក្ខរបស់នរណាម្នាក់ ?
បន្ទាប់ពីសិស្សបានចែកចាយយោបល់មួយចំនួន សូមរំឭកពួកគេថាពួកបរិសុទ្ធនៅក្នុងរដ្ឋមិសសួរី បានរងទុក្ខយ៉ាងខ្លាំងដោយសារអំពើដ៏សាហាវព្រៃផ្សៃនៃពួកជនកំណាចនៅក្នុងឃុំចាកសុន ។ ពួកបរិសុទ្ធដ៏ល្អទាំងនោះត្រូវបានចងចាំនៅក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ ។ សូមអញ្ជើញសិស្សឲ្យអានផ្នែកនៃការអធិស្ឋានឧទ្ទិសឆ្លងដែលបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៤៧-៤៩ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីមួយដែលយើងអាចធ្វើដើម្បីជួយមនុស្សដទៃអំឡុងពេលលំបាក ។
-
នៅឯការឧទ្ទិសឆ្លងនៃព្រះវិហារបរិសុទ្ធខឺតឡង់ តើព្យាការីយ៉ូសែប ស្ម៊ីធបានធ្វើអ្វីខ្លះសម្រាប់ពួកបរិសុទ្ធនៅក្នុងរដ្ឋមិសសួរី ?
សូមអញ្ជើញសិស្សម្នាក់ធ្វើជាអ្នកសរសេរ ។ សូមឲ្យសិស្សផ្តល់គោលការណ៍មួយ ដែលយើងអាចរៀនពីការអធិស្ឋានរបស់ព្យាការីនៅក្នុងខគម្ពីរទាំងនោះ ។ នៅពេលសិស្សឆ្លើយ អ្នកសរសេរអាចសរសេរគោលការណ៍ខាងក្រោមនេះ ៖ ការអធិស្ឋានរបស់យើងអាចនាំជំនួយ និង ផ្តល់កម្លាំងដល់អស់អ្នកដែលខ្វះខាត ។
-
តើនៅពេលណាដែរ ដែលអ្នកបានទទួលអារម្មណ៍ ឬ បានឃើញអំណាចនៃការអធិស្ឋានជួយមនុស្សម្នាក់ដែលត្រូវការជំនួយ ? ( អ្នកអាចបង្ហាញថាការអធិស្ឋានបែបនោះភាគច្រើនបានទទួលចម្លើយតាមរយៈការបំផុសគំនិត ដែលយើង ឬ មនុស្សដទៃទៀតបានទទួលអំពីអ្វីដែលយើងអាចធ្វើដើម្បីជួយមនុស្សដទៃ ។ អ្នកក៏អាចចែកចាយបទពិសោធន៍ពីរបៀប ដែលអ្នកបានឃើញគោលការណ៍នេះបានបំពេញនៅក្នុងជីវិតរបស់អ្នក ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមនុស្សដទៃទៀតដែលព្យាការីបានអធិស្ឋានសម្រាប់ពួកគេ ។
-
តើមានរណាខ្លះទៀតដែលព្យាការីបានអធិស្ឋានសម្រាប់ពួកគេនោះ ?
-
តើអ្នកគិតថាហេតុអ្វីបានជាយើងគួរតែអធិស្ឋានសម្រាប់មារសត្រូវរបស់យើង ?
-
តើយើងអាចរៀនអ្វីខ្លះមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥០ អំពីរបៀបដែលការអធិស្ឋានរបស់យើងអាចជះឥទ្ធិពលលើមនុស្សដទៃ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមឲ្យអ្នកសរសេរសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្តារខៀន ៖ ការអធិស្ឋានរបស់យើងអាចជះឥទ្ធិពលដល់មនុស្សឲ្យប្រែចិត្ត ។ បន្ទាប់មកសូមអញ្ជើញអ្នកសរសេរឲ្យអង្គុយចុះវិញ ) ។
សូមឲ្យសិស្សពិចារណាពីសំណួរខាងក្រោម ៖
-
តើវាប្រែជាយ៉ាងដូចម្តេចដែរ ប្រសិនបើមនុស្សដែលយើងអធិស្ឋានឲ្យពុំព្រមជ្រើសប្រែចិត្តនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥១-៥៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលទទួលស្គាល់ព្រះឆន្ទៈរបស់ព្រះអម្ចាស់ និង សិទ្ធិជ្រើសរើសរបស់មនុស្សដទៃ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( ពីមុនសិស្សអានខគម្ពីរទាំងនេះ អ្នកអាចពន្យល់ថា នៅពេលព្រះគម្ពីរលើកឡើងនូវឃ្លាដែលថាព្រះអម្ចាស់ត្រដាងព្រះហស្ដរបស់ទ្រង់ នោះវាសំដៅលើការបង្ហាញព្រះចេស្ដារបស់ទ្រង់ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៩:៥៣ ឲ្យឮៗម្តងទៀត ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះវរបិតាសួគ៌នឹងធ្វើចំពោះអស់អ្នកដែលប្រែចិត្ត ។ ( អ្នកត្រូវតែពន្យល់ថា សេចក្តីក្រោធរបស់ព្រះជាញឹកញាប់ត្រូវបានបង្ហាញនៅក្នុងការដាក់ទោស ឬ រកទុក្ខនូវបទពិសោធន៍ដែលយើងជួបប្រទះ ដោយសារតែអំពើបាបរបស់យើង ស្របតាមសេចក្តីយុត្តិធម៌របស់ទ្រង់ ។ ឃ្លា « នៅពេលព្រះអង្គទតទៅលើព្រះភក្ត្រនៃអ្នកដែលទ្រង់បានចាក់ប្រេងតាំង » សំដៅលើព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ប្រទានសេចក្តីមេត្តាករុណាដោយសារតែពលិកម្មដ៏ធួននៃព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ) ។
-
ហេតុអ្វីបានជាព្រះវរបិតាសួគ៌បង្វែរសេចក្តីក្រោធរបស់ទ្រង់ចេញពីអស់អ្នកដែលប្រែចិត្តដូច្នេះ ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្ដែសូមជួយពួកគេរកឃើញគោលការណ៍ខាងក្រោមនេះ ៖ ដោយសារតែពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះសេចក្តីក្រោធរបស់ព្រះវរបិតាសួគ៌នឹងត្រូវបែរចេញពីអស់អ្នកដែលប្រែចិត្ត) ។
ដើម្បីជួយសិស្សឲ្យឃើញពីការពិពណ៌នានៅក្នុង ខ ៥៣សូមអញ្ជើញពួកគេឲ្យធ្វើចំណុចខាងក្រោមនេះ ៖
សូមស្រមៃពីសមាជិកពីមុនម្នាក់របស់ពួកជនកំណាច ដែលប្រឆាំងនឹងពួកមរមនឈរនៅចំពោះព្រះភក្ត្រព្រះដើម្បីត្រូវបានជំនំជម្រះ ។ ឥឡូវសូមស្រមៃពីប៉ុន្មានឆ្នាំមុន ពីមុនបុគ្គលនេះស្លាប់ គាត់ពិតជាបានប្រែចិត្ត ហើយបានសុំការអភ័យទោស ហើយបានប្រោសលោះតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដោយសារព្រះយេស៊ូវគ្រីស្ទបានរងទុក្ខសម្រាប់អំពើបាបរបស់បុគ្គលនេះ នោះព្រះវរបិតាសួគ៌នឹងបង្វែរការដាក់ទោសចេញ ហើយប្រទាននូវសេចក្តីមេត្តាករុណាដល់អ្នកមានបាបដែលប្រែចិត្ត ។
-
តើឥរិយាបថអ្វីខ្លះដែលចាំបាច់សម្រាប់មនុស្សឲ្យអធិស្ឋានដោយស្មោះសរ ដើម្បីឲ្យមារសត្រូវរបស់ពួកគេអាចត្រូវបានបែរចេញពីសេចក្តីក្រោធរបស់ព្រះវរបិតាសួគ៌ពីពួកគេ ?
សូមលើកទឹកចិត្តសិស្សឲ្យអភិវឌ្ឈន៍ឥរិយាបថនេះ ចំពោះអស់អ្នកដែលបានធ្វើឲ្យពួកគេអន់ចិត្ត ឬ បានបណ្តាលឲ្យពួកគេឈឺចាប់ ។ សូមឲ្យសិស្សស្រមៃពីមនុស្សដែលប្រែចិត្តបែបនេះ កំពុងឈរនៅពីមុខព្រះភក្ត្រព្រះវរបិតាសួគ៌ ។ សូមអញ្ជើញសិស្សឲ្យអធិស្ឋានដូចជាយ៉ូសែប ស្ម៊ីធបានអធិស្ឋាន សម្រាប់មនុស្សដែលធ្វើឲ្យពួកគេអន់ចិត្ត ឬ ធ្វើអំពើបាបទាស់នឹងពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣-១៦
អេលីយ៉ាប្រគល់កូនសោនៃការផ្សារភ្ជាប់ឲ្យយ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី
សូមរំឭកសិស្សថានៅចុងសប្តាហ៍នៃការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធខឺតឡង់ នោះព្រះយេស៊ូវគ្រីស្ទបានបង្ហាញអង្គទ្រង់ដល់យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យមើលនៅក្នុងសេចក្តីណែនាំកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ ហើយរកមើលកាលបរិច្ឆេទនៃការនិមិត្តនោះ ។ បន្ទាប់ពីពួកគេរកឃើញហើយ សូមពន្យល់ថានៅចុងសប្តាហ៍នៃថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ គឺជាបុណ្យរំលងសម្រាប់ជនជាតិយូដានៅទូទាំងពិភពលោក ។ អស់ពេលជាច្រើនសតវត្សរ៍មកហើយ ពួកគ្រួសារនៃសាសន៍យូដាបានទុកកៅអីទំនេរ នៅឯពិធីជប់លៀងនៃបុណ្យរំលងរបស់ពួកគេ ដោយផ្អែកលើការព្យាករមួយដោយម៉ាឡាគី នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដោយមានការចូលរួមរបស់អេលីយ៉ាដើម្បី « បង្វែរចិត្តពួកឪពុកមកឯកូន និង ចិត្តកូនមកឯឪពុកវិញ » (ម៉ាឡាគី ៤:៦) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣-១៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលការព្យាកររបស់ម៉ាឡាគីត្រូវបានបំពេញនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
ប្រធានយ៉ូសែប ហ្វីលឌិង ស៊្មីធ បានបង្រៀនថាអេលីយ៉ាបានប្រគល់ដល់យ៉ូសែប ស្ម៊ីធនូវ « អំណាចនៃការផ្សារភ្ជាប់នៃបព្វជិតភាព ដែលគ្រប់អ្វីៗទាំងអស់នឹងត្រូវបានចងភ្ជាប់នៅលើឋានសួគ៌ ព្រមទាំងនៅលើផែនដីផងដែរ ។ វាបានផ្តល់សិទ្ធិអំណាចដល់យ៉ូសែប ស្ម៊ីធ ដើម្បីធ្វើពិធីបរិសុទ្ធទាំងអស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះ ដែលចាំបាច់សម្រាប់សេចក្តីសង្គ្រោះទាំងអ្នកនៅរស់ និង មរណជន » (Doctrines of Salvation, បានបោះពុម្ព ប្រ៊ូស អរ ម៉ាក់ខនឃី ភាគទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ], ២:១១៨ ) ។
-
តើយើងកំពុងផ្តល់អ្វីខ្លះដល់បុព្វការីជនដែលបានចែកឋានរបស់យើង នៅពេលយើងជួយធ្វើពិធីបរិសុទ្ធទាំងនេះនៅក្នុងព្រះវិហារបរិសុទ្ធជំនួសពួកគាត់នោះ ? ( សូមគិតពីការសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ យើងផ្តល់សេចក្តីសង្គ្រោះដល់បុព្វការីជនរបស់យើង នៅពេលយើងធ្វើកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធសម្រាប់ពួកគេ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ រីឆាដ ជី ស្កត កូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ។ អ្នកអាចនឹងផ្ដល់ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នេះដល់សិស្ស ។ សូមឲ្យពួកគេស្តាប់រកមើលពរជ័យ ដែលអាចប្រទានមកដល់អស់អ្នកដែលជួយនៅក្នុងកិច្ចការពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ ។
« កិច្ចការអ្វីដែលអ្នកធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ គឺជាពេលដែលចំណាយបានល្អ ប៉ុន្ដែការទទួលពិធីបរិសុទ្ធជំនួសជីដូនជីតាផ្ទាល់ខ្លួនរបស់អ្នក នឹងធ្វើឲ្យពេលវេលាក្នុងព្រះវិហារបរិសុទ្ធកាន់តែពិសិដ្ឋ ហើយថែមទាំងទទួលបានពរជ័យកាន់តែអស្ចារ្យទៀតផង ។…
« តើមនុស្សវ័យក្មេងដូចជាអ្នកចង់បានវិធីដ៏ប្រាកដមួយ ដើម្បីលុបបំបាត់ឥទ្ធិពលរបស់មារសត្រូវមានក្នុងជីវិតរបស់អ្នកឬទេ ? សូមជ្រមុជខ្លួនអ្នកទៅក្នុងការស្រាវជ្រាវរកជីដូនជីតាអ្នក រៀបចំឈ្មោះរបស់ពួកគាត់សម្រាប់ពិធីបរិសុទ្ធជំនួសដ៏ពិសិដ្ឋដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ រួចហើយទៅព្រះវិហារបរិសុទ្ធ ដើម្បីឈរជាអ្នកទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធជំនួសពួកគាត់ ។ នៅពេលអ្នកធំឡើង អ្នកនឹងអាចចូលរួមក្នុងការទទួលពិធីបរិសុទ្ធផ្សេងទៀតផងដែរ ។ ខ្ញុំគិតមិនឃើញនូវកិច្ចការពារដ៏មហិមាពីឥទ្ធិពលរបស់មារសត្រូវក្នុងជីវិតរបស់អ្នកនោះឡើយ » ( « The Joy of Redeeming the Dead » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៣–៩៤ ) ។
-
តើពរជ័យអ្វីខ្លះដែលនឹងប្រទានឲ្យដល់អស់អ្នកដែលធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ?
-
តើពេលណាដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់បានជួបបទពិសោធន៍នៃពរជ័យទាំងនេះ ?
សូមអញ្ជើញសិស្សឲ្យពិចារណាពីអ្វីដែលពួកគេអាចធ្វើដើម្បីបង្កើនកិច្ចខិតខំរបស់ពួកគេនៅក្នុងកិច្ចការពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធ ។
មេរៀនបន្ទាប់ ( សាសនាចក្រប្តូរទៅរដ្ឋមិសសួរីភាគខាងជើង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣–១២០)
ដើម្បីរៀបចំសិស្សសម្រាប់ការសិក្សារបស់ខ្លួនអំឡុងពេលនៃសប្តាហ៍នេះ អ្នកអាចអញ្ជើញពួកគេឲ្យពិចារណាសំណួរខាងក្រោមនេះ ៖ តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានទទួលឈ្មោះរបស់ខ្លួនដោយរបៀបណា ? តើច្បាប់ដង្វាយមួយភាគក្នុងដប់ត្រូវបានណែនាំប្រាប់នៅពេលណា ? សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ ពួកគេនឹងបានរៀនពីចម្លើយចំពោះសំណួរទាំងនេះ និង អំពីរបៀបដែលយើងអាចអំពាវនាវដល់ព្រះសុំជំនួយឲ្យបន្តនៅពិតស្មោះត្រង់ចំពោះសេចក្តីជំនឿ និង សេចក្តីសញ្ញារបស់យើង ។