មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥-៧១ ( មេរៀនទី ១៥ )
សេចក្តីផ្ដើម
មេរៀននេះផ្តោតលើព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះ វិលលាម អ៊ី ម៉័កខ្លេលិន នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦ ។ តាមរយៈការសិក្សារបស់ពួកគេនៃកណ្ឌនេះ នោះសិស្សអាចរៀនពីសារៈសំខាន់នៃការប្រែចិត្តពីអំពើបាបទាំងអស់របស់ខ្លួន ដកយកចេញពីជីវិតពួកគេនូវអ្វីៗដែលរារាំងការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ និង បន្តនៅស្មោះត្រង់រហូតដល់ទីបំផុត ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តី សញ្ញា ៦៦
ព្រះអម្ចាស់បញ្ជាឲ្យវិលលាម អ៊ី ម៉័កខ្លេលិន ប្រកាសដំណឹងល្អ លះបង់ចោលនូវសេចក្ដីទុច្ចរិតទាំងអស់ ហើយបន្ដស្មោះត្រង់ដល់ទីបំផុត ។
មុនចាប់ផ្ដើមថ្នាក់ សូមគូរ រូប ខាងក្រោមនៅលើក្ដារខៀន ។
នៅពេលថ្នាក់ចាប់ផ្ដើម សូមអញ្ជើញសិស្សឲ្យពិនិត្យមើលរូបនៅលើក្ដារខៀន ។ សូមឲ្យពួកគេពិចារណាដោយស្ងាត់ស្ងៀមពីកន្លែង ដែលពួកគេនឹងដាក់ខ្លួនពួកគេនៅលើរូបនោះ ។ សូមផ្ដល់យោបល់ផងដែរថា ពួកគេពិចារណាអំពីទិសដៅដែលពួកគេត្រូវផ្លាស់ទី—ទៅកាន់តែជិតនឹងព្រះ ឬទៅកាន់តែឆ្ងាយពីទ្រង់ ។ បន្ទាប់មកអញ្ជើញសិស្សម្នាក់អានឲ្យឮនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកវិធីដែលយើងអាចខិតទៅកាន់តែជិតនឹងព្រះ ។
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« ប្រសិនបើអ្នកចង់នៅជិតនឹងនរណាម្នាក់ដែលអ្នកស្រឡាញ់ ប៉ុន្តែជាអ្នកដែលនៅបែកពីអ្នក នោះអ្នកដឹងថាត្រូវធ្វើយ៉ាងណាហើយ ។ អ្នកនឹងរកវិធីមួយដើម្បីនិយាយនឹងពួកគេ អ្នកនឹងស្ដាប់ពួកគេ ហើយអ្នកនឹងរកឃើញដំណោះស្រាយធ្វើរឿងទាំងឡាយសម្រាប់គ្នាទៅវិញទៅមក ។ កាលណាវាកើតឡើងកាន់តែញឹកញាប់ ហើយបន្ដទៅកាន់តែយូរ នោះចំណងនៃសេចក្ដីស្រឡាញ់នឹងមានកាន់តែជ្រាលជ្រៅ ។ ប្រសិនបើពេលវេលាជាច្រើនបានកន្លងផុតទៅដោយគ្មានការនិយាយ ការស្ដាប់ និងធ្វើអ្វីបន្ដិចសោះនោះ នោះចំណងទំនាក់ទំនងនឹងត្រូវទន់ខ្សោយ ។
« ព្រះគឺល្អឥតខ្ចោះ ព្រមទាំងមានគ្រប់ព្រះចេស្ដា ហើយអ្នក និងខ្ញុំ គឺជាមនុស្សរមែងស្លាប់ ។ ប៉ុន្តែទ្រង់គឺជាព្រះបិតារបស់យើង ទ្រង់ស្រឡាញ់យើង ហើយទ្រង់ប្រទានឱកាសដូចគ្នានេះ ដើម្បីឲ្យយើងខិតទៅកាន់តែជិតនឹងទ្រង់ ក៏ដូចជាមិត្តម្នាក់ដែរ ។ ហើយអ្នកនឹងធ្វើវាតាមរបៀបដែលស្រដៀងគ្នានេះ ៖ ការនិយាយ ការស្ដាប់ និងការធ្វើ » (« To Draw Closer to God » Ensign ខែ ឧសភា ឆ្នាំ ១៩៩១ ទំព័រ ៦៦ ) ។
-
យោងតាមប្រធាន អាវរិង តើយើងអាចខិតទៅកាន់តែជិតព្រះយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាវាមានន័យយ៉ាងណាដើម្បីនិយាយ ស្ដាប់ និងធ្វើ នៅពេលយើងព្យាយាមខិតទៅកាន់តែជិតព្រះនោះ ?
សូមពន្យល់ថានៅជំនាន់មុនក្នុងសាសនាចក្រ មានបុរសម្នាក់ឈ្មោះ វីលលាម អ៊ី ម៉័កខ្លេលិន បានខិតទៅកាន់តែជិតព្រះ នៅពេលលោកបានរៀនអំពីការស្ដារឡើងវិញនៃដំណឹងល្អ ។ លោកបានជ្រមុជទឹកនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ១៨៣១ ។ មិនយូរប៉ុន្មានបន្ទាប់ពីនោះ លោកត្រូវបានតែងតាំងជាអែលឌើរ ហើយគាត់បានរួមដំណើរជាមួយ ហៃរ៉ុម ស្ម៊ីធ ពីរបីសប្ដាហ៏ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ។ នៅខែតុលា ឆ្នាំ ១៨៣១ គាត់ធ្វើដំណើរទៅរដ្ឋ អូហៃអូ សម្រាប់សន្និសីទរបស់សាសនាចក្រ ។ ពេលនៅទីនោះលោកបានជួបនឹងព្យាការីយ៉ូសែប ស្ម៊ីធ ។ នៅខែ តុលា ថ្ងៃទី ២៩ បងប្រុសម៉័កខ្លេលិនបានអធិស្ឋានជាសម្ងាត់ ទូលសុំដល់ព្រះអម្ចាស់ឲ្យបើកសម្ដែងចម្លើយចំពោះសំណួរជាក់លាក់ចំនួនប្រាំរបស់លោកតាមរយៈព្យាការី ។ ដោយពុំបានប្រាប់អំពីសំណួរដល់យ៉ូសែប ស៊្មីធ នោះបងប្រុសម៉័កខ្លេលិន បានស្នើសុំវិវរណៈមួយ ។ នៅពេលព្យាការីបានសរសេរវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦, បងប្រុស ម៉័កខ្លេលិនបានរកឃើញថាសំណួរនិមួយៗរបស់លោកត្រូវបានឆ្លើយតប ។ ព្រះអម្ចាស់បានប្រទានដល់លោកនូវការណែនាំ និង ការព្រមានដើម្បីជួយលោកឲ្យនៅស្មោះត្រង់ និងទទួលបានជីវិតដ៏អស់កល្បជានិច្ចនៅទីបំផុត ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុ ដែលព្រះអម្ចាស់បានប្រទានពរដល់បងប្រុស វីលលាម ម៉័កខ្លេលិន នៅអំឡុងវិវរណៈនេះ ។
-
ហេតុអ្វីក៏បងប្រុសម៉័កខ្លេលិន អាចទទួលបានពរជ័យមកពីព្រះអម្ចាស់ ? ( ដោយសារលោកបានងាកចេញពីអំពើបាបរបស់ខ្លួន បានទទួលសេចក្ដីពិតរបស់ព្រះអម្ចាស់ ហើយបានទទួលភាពពេញលេញនៃដំណឹងល្អ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:៣ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា បងប្រុសម៉័កខ្លេលិន នៅតែចាំបាច់ត្រូវធ្វើ ដើម្បីគាប់ព្រះទ័យទ្រង់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរៀន ។
-
តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បី « ស្អាតហើយ ប៉ុន្តែពុំមែនទាំងអស់ទេ » នោះ ? ( អ្នកអាចនឹងចាំបាច់ត្រូវជួយសិស្សឲ្យយល់ថា ទោះបីជាបងប្រុស ម៉័កខ្លេលិន បានធ្វើការរីកចម្រើនយ៉ាងខ្លាំងក្ដី ហើយត្រូវបានប្រទានពរចំពោះកិច្ចខិតខំរបស់លោកក្ដី ក៏លោកនៅតែចាំបាច់ត្រូវប្រែចិត្ត ពីអំពើបាបមួយចំនួនទៀតផងដែរ ) ។
-
តើយើងអាចរៀនអ្វីខ្លះមកពីព្រះឱវាទរបស់ព្រះអម្ចាស់នៅក្នុង ខ ៣? ( សិស្សគួរតែរកឃើញព្រះបញ្ញត្តិខាងក្រោមនេះ ៖ យើងត្រូវបានបញ្ជាឲ្យប្រែចិត្តពីអំពើបាបរបស់យើងទាំងអស់) ។
-
ហេតុអ្វីវាសំខាន់ ដើម្បីប្រែចិត្តពីអំពើបាបរបស់យើងទាំងអស់ ហើយពុំគ្រាន់តែមួយចំនួននោះ ?
-
តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរនេះ អំពីរបៀបដែលព្រះអម្ចាស់នឹងជួយយើងនៅក្នុងការប្រែចិត្តរបស់យើង ? ( ចម្លើយរបស់សិស្សអាចមានផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់នឹងបង្ហាញយើងនូវការណ៍ទាំងឡាយដែលយើងចាំបាច់ត្រូវប្រែចិត្ត) ។
សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយប្រធាន ហិនរី ប៊ី អាវរិង ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកវិធីមួយ ដែលយើងអាចទូលសូមព្រះអម្ចាស់ដើម្បីជួយយើងឲ្យប្រែចិត្ត ។
រូបភាពប្រធាន ហិនរី ប៊ី អាវរិង« សំណួរមួយដែលយើងត្រូវទូលសូមពីព្រះវរបិតាសួគ៌របស់យើង គឺនៅក្នុងការអធិស្ឋានតែម្នាក់ឯងដូចនេះថា ៖ ‹ តើទូលបង្គំបានធ្វើអ្វីខ្លះនៅថ្ងៃនេះ ឬពុំបានធ្វើអ្វីសោះ ដែលនាំឲ្យទ្រង់ពុំសព្វព្រះទ័យ ? ប្រសិនបើទូលបង្គំអាចគ្រាន់តែដឹង ទូលបង្គំនឹងប្រែចិត្តអស់ពីដួងចិត្តដោយគ្មានបង្អង់ឡើយ › ។ ការអធិស្ឋានដោយរាបសារនោះនឹងត្រូវបានឆ្លើយតប » (« Do Not Delay » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៣៤ ) ។
សូមលើកទឹកចិត្តដល់សិស្សឲ្យគិតអំពីពរជ័យនានាដែលពួកគេបានទទួល នៅពេលពួកគេបានងាកចេញពីអំពើបាប ហើយបានទទួលដំណឹងល្អ ។ សូមអញ្ជើញពួកគេឲ្យស្វែងយល់អំពីរឿងដែលពួកគេចាំបាច់ត្រូវប្រែចិត្ត ដើម្បីឲ្យពួកគេអាចទទួលបានពរជ័យកាន់តែច្រើន ។
សូមចែកសិស្សជាគូៗ ។ សូមឲ្យដៃគូនោះអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:៥-៩ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្រុស ម៉័កខ្លេលិនធ្វើ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
យោងតាម ខ ៨-៩តើពរជ័យអ្វីខ្លះដែលបងប្រុស ម៉័កខ្លេលិន នឹងទទួល ប្រសិនបើគាត់នឹងស្មោះត្រង់ធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ?
-
តើយើងអាចរៀនអ្វីខ្លះមកពីខទាំងនេះអំពីពរជ័យនានាដែលយើងអាចទទួលបាន នៅពេលយើងធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់យើង ? ( សិស្សគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ ប្រសិនបើយើងស្មោះត្រង់នៅក្នុងការធ្វើតាមព្រះទ័យរបស់ព្រះអម្ចាស់ នោះទ្រង់នឹងគង់នៅជាមួយយើង ហើយនឹងប្រទានពរដល់យើង ដើម្បីយើងអាចសម្រេចនូវអ្វីដែលទ្រង់តម្រូវពីយើង) ។
សូមពន្យល់ថា បន្ថែមពីលើការផ្ដល់ការណែនាំដល់ វិលលាម ម៉័កខ្លេលិន អំពីអ្វីដែលត្រូវធ្វើនោះ ព្រះអម្ចាស់បានប្រទានការព្រមានដល់គាត់ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អាននូវការណែនាំ នៃប្រយោគទាំងពីរដំបូងក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១០ ឲ្យឮៗ ។ ពីមុនពួកគេអានសូមចង្អុលបង្ហាញថា ប្រយោគទីមួយមាននូវពាក្យ អំពល់ ។ សូមពន្យល់ថាអ្វីមួយៗដែលអំពល់ដល់យើង ប្រសិនបើវាបង្ខាំងផ្លូវរបស់យើង ឬ ធ្វើកិច្ចការដ៏លំបាកបំផុតដើម្បីបានសម្រេច ។
-
ព្រះអម្ចាស់បានបញ្ជាដល់បងប្រុស ម៉័កខ្លេលិន « បោះបង់ចោលអស់ទាំងសេចក្ដីដ៏ឥតសុចរិត » ។ តើភាពទុច្ចរិត ឬ អំពើបាប អំពល់ដល់កិច្ចការផ្សព្វផ្សាយសាសនារបស់គាត់យ៉ាងដូចម្ដេចខ្លះ ?
-
តើសេចក្ដីទុច្ចរិតអំពល់ដល់វិញ្ញាណរបស់យើងយ៉ាងដូចម្ដេចខ្លះ ?
សូមអានប្រយោគទីបីនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១០ ឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់រកមើលនូវការព្រមានជាក់លាក់មួយ ដែលព្រះអម្ចាស់បានប្រទានដល់ វិលលាម ម៉័កខ្លេលិន ។
-
យោងតាម ខ ១០, តើបងប្រុស ម៉័កខ្លេលិន មានការពុះពារលើការល្បួងអ្វីខ្លះ ?
-
តើយើងអាចរៀនអ្វីខ្លះពី ខ ១០ អំពីចំណេះដឹងរបស់ព្រះអម្ចាស់ចំពោះយើងម្នាក់ ? ( សូមជួយសិស្សឲ្យមើលឃើញថា ព្រះអម្ចាស់ស្គាល់ពីបញ្ហា និងសេចក្តីល្បួងជាក់លាក់របស់យើង ក៏ដូចជាទ្រង់បានជ្រាបពីបងប្រុស ម៉័កខ្លេលិនផងដែរ ) ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីយល់ថា ព្រះអម្ចាស់ជ្រាបពីបញ្ហា និងការល្បួងជាក់លាក់របស់យើង ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:១១-១៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលព្រះឱវាទបន្ថែមទៀត ដែលព្រះអម្ចាស់បានប្រទានឲ្យ វិលលាម ម៉័កខ្លេលិន ។
-
យោងតាម ខ ១២តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីទទួលជីវិតដ៏នៅអស់កល្បជានិច្ច ? ( សូមជួយសិស្សឲ្យទទួលស្គាល់ថា ប្រសិនបើយើងបន្ដស្មោះត្រង់ដល់ទីបញ្ចប់ នោះយើងនឹងទទួលបានជីវិតដ៏អស់កល្បជានិច្ច ។)
-
តើដើម្បីឲ្យអ្នកបន្ដស្មោះត្រង់រហូតដល់ទីបញ្ចប់ មានន័យយ៉ាងណាសម្រាប់អ្នក ?
សូមពន្យល់ថា នៅពេលដែលវិវរណៈនេះត្រូវបានប្រទានឲ្យ នោះវិលលាម ម៉័កខ្លេលិន បានទទួលទីបន្ទាល់មួយអំពីការស្ដារឡើងវិញនៃដំណឹងល្អ ។ បន្ទាប់ពីវិវរណៈត្រូវបានប្រទានឲ្យ នោះគាត់បានថ្លែងទីបន្ទាល់អំពីការហៅជាព្យាការីរបស់ យ៉ូសែប ស៊្មីធ ។ បងប្រុស ម៉័កខ្លេលិន បានបម្រើដោយស្មោះត្រង់អស់ជាច្រើនឆ្នាំ ហើយត្រូវបានហៅឲ្យបម្រើជាសមាជិកទីមួយម្នាក់ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ ទោះជាយ៉ាងណាក៏ដោយ គាត់ពុំបានបន្ដដោយស្មោះត្រង់ដល់ពីបញ្ចប់នោះទេ ។ តាមពិតទៅ គាត់បានងាកមកប្រឆាំងនឹងព្យាការី យ៉ូសែប ស៊្មីធ ហើយគាត់ត្រូវបានកាត់កាលចេញពីសាសនាចក្រក្នុងឆ្នាំ ១៨៣៨ ។
សូមបង្វែរចំណាប់អារម្មណ៍របស់សិស្សទៅលើរូប នៅលើក្ដារខៀន ហើយឲ្យយោបល់ថា ពួកគេនឹងត្រូវពិចារណាម្ដងទៀតពីកន្លែងដែលពួកគេនឹងដាក់ខ្លួនគេនៅលើរូបនោះ ។ សូមឲ្យពួកគេសញ្ជឹងគិតអំពីសំណួរខាងក្រោម ៖
-
តើអ្នកនឹងត្រូវធ្វើអ្វីខ្លះ ដើម្បីខិតទៅកាន់តែជិតព្រះ ហើយបន្ដនៅស្មោះត្រង់រហូតដល់ទីបំផុត ?
សូមថ្លែងទីបន្ទាល់អំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយ ដែលអ្នកបានពិភាក្សា ហើយលើកទឹកចិត្តសិស្សឲ្យអនុវត្តតាមសេចក្តីពិតទាំងនេះ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៦)
សូមឲ្យសិស្សស្រមៃបន្តិចថាស្ថាននរក ( ពិភពងងឹងខាងក្រៅ ) មានសភាពបែបណា ហើយថាការឈឺចាប់ផ្សេងទៀតនៃភាពមិនមែនជាព្រះ ហើយក្រោយមកទទួលការនិមិត្តមួយអំពីនគរនៃសិរីល្អ សេឡេស្ទាល ទេរេសទ្រាល និង នគរទេឡេស្ទាល ។ សូមពន្យល់ថា ដោយសារកិច្ចការរបស់ពួកគេស្តីពី ការបកប្រែប្រកបដោយការបំផុសគំនិតនៃព្រះគម្ពីរប៊ីប នោះព្យាការីយ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ត្រូវបានអនុញ្ញាតឲ្យមើលឃើញការនិមិត្តមួយនៃកម្រិតទាំងបីនៃនគរសិរីល្អ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ។