មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ៣–៧; ១០; យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:៦៦–៦៧ ( មេរៀនទី ៣ )
សេចក្តីផ្ដើម
អំឡុងពេលនៃមេរៀននេះ សិស្សនឹងសិក្សាយ៉ាងច្រើនពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០, ដែលបានបើកសម្តែងដល់ព្យាការី យ៉ូសែប ស៊្មីធ បន្ទាប់ពីបាត់បង់ឯកសារដែលសរសេរដោយដៃនៃព្រះគម្ពីរមរមនទាំង ១១៦ទំព័រ ។ ពីមុនវិវរណៈនេះមរ៉ូណៃបានយកផ្ទាំងព្រមទាំងយូរីម និង ធូមីមពីយ៉ូសែប ស្ម៊ីធវិញ ហើយព្យាការីបានបាត់បង់អំណាចដើម្បីបកប្រែមួយរយៈ ។ បន្ទាប់ពីផ្ទាំងត្រូវបានប្រគល់ឲ្យគាត់វិញ ព្រះអម្ចាស់បានបញ្ជាកុំឲ្យយ៉ូសែបបកប្រែឡើងវិញនូវចំណែកនៃផ្ទាំងដែលបានបាត់ទាំង ១១៦ទំព័រ នោះឡើយ ។ ព្រះអម្ចាស់ក៏បានបើកសម្តែងអំពីផែនការរបស់សាតាំងក្នុងការបំផ្លាញកិច្ចការនេះ ហើយបានបង្រៀនពីរបៀបដែលយើងអាចយកឈ្នះលើសាតាំង ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ៣;១០
សាតាំងព្យាយាមបំផ្លាញយ៉ូសែប ស្ម៊ីធ និង កិច្ចការរបស់ព្រះ
សូមអញ្ជើញសិស្សឲ្យពន្យល់ពីស្ថានភាពជុំវិញការបាត់បង់ឯកសារដែលសរសេរដោយដៃទាំង ១១៦ទំព័រនោះ ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
-
ចេញពីអ្វីដែលអ្នកបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣, ហេតុអ្វីអ្នកគិតថា យ៉ូសែប ស៊្មីធ បានទូលសុំដល់ព្រះនូវសំណួរដដែលៗ ទោះជាបានទទួលចម្លើយយ៉ាងច្បាស់ហើយដូច្នោះ ?
-
តើអ្នកគិតថា យ៉ូសែប ស៊្មីធ បានរៀនអ្វីខ្លះពីបទពិសោធន៍នេះ ?
-
តើសេចក្តីពិតអ្វីខ្លះដែលអ្នកបានរៀនពី បទពិសោធន៍របស់យ៉ូសែបដែលអាចជួយអ្នក នៅពេលអ្នកជួបនូវការរងសម្ពាធពីមនុស្សដទៃឲ្យធ្វើអ្វីមួយដែលមិនត្រឹមត្រូវនោះ ?
សូមបង្ហាញអង្គប់ ឬអន្ទាក់មួយ ( ឬ គូររូបភាព នេះមួយនៅលើក្ដារខៀន ) ។ សូមឲ្យសិស្សពីរបីនាក់សង្ខេបពីអ្វី ដែលពួកគេបានរៀនពីការសិក្សានៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០ អំពីរបៀបដែលសាតាំងមានបំណងដាក់អន្ទាក់យ៉ូសែបជាមួយនឹងឯកសារ ១១៦សន្លឹកដែលបាត់នោះ ។
សូមពន្យល់ថានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:២០–២៩ ព្រះអម្ចាស់ បានពិពណ៌នាពីអស់អ្នកដែលបណ្តោយខ្លួនទៅតាមឥទ្ធិពលសាតាំង ដើម្បីយកឯកសារ ១១៦សន្លឹក និង របៀបដែលសាតាំងអាចដាក់អន្ទាក់ពួកគេ ។
សូមចែកសិស្សជាគូៗ ។ សូមឲ្យសិស្សមួយគូៗ អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:២០–២៩ ដោយស្ងាត់ស្ងៀម ស្វែងរកអ្វីដែលខគម្ពីរទាំងនេះ បង្រៀនអំពីគោលបំណងរបស់សាតាំង ។ សូមឲ្យសិស្សម្នាក់ទៀត អានខគម្ពីរដូចគ្នានោះ ស្វែងរកមើលវិធីសាស្ត្រដែលសាតាំងប្រើដើម្បីសម្រេចគោលបំណងវា ។ នៅពេលពួកគេអានចប់ សូមអញ្ជើញសិស្សក្នុងគូនិមួយៗរាយការណ៍ប្រាប់គ្នាទៅវិញទៅមក ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយនោះ សូមសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើយើងអាចរៀនអ្វីខ្លះពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០:២០–២៩ អំពីគោលបំណងរបស់សាតាំង ? ( សិស្សអាចរកឃើញគោលការណ៍ផ្សេងមួយ ប៉ុន្ដែសូមប្រាកដថាពួកគេយល់ថា សាតាំងមានបំណងបំផ្លាញកិច្ចការរបស់ព្រះអម្ចាស់ និងព្រលឹងរបស់យើង ។ អ្នកអាចសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ។ អ្នកក៏អាចឲ្យយោបល់ដល់សិស្សឲ្យគូសចំណាំពាក្យ ឬឃ្លាទាំងឡាយដែលបង្រៀនសេចក្ដីពិតនេះនៅក្នុង ខ ២២-២៣ និង ២៧) ។
-
ចេញពីអ្វីដែលអ្នកអាននៅក្នុងខគម្ពីរទាំងនេះ តើសាតាំងព្យាយាមបំផ្លាញកិច្ចការរបស់ព្រះអម្ចាស់ និងព្រលឹងរបស់យើងយ៉ាងដូចម្ដេច ? ( វាប្រើមធ្យោបាយដូចជា ការបោកប្រាស់ កំហឹង ការបញ្ជោរ និង ការកុហក ។ អ្នកអាចផ្ដល់យោបល់ឲ្យសិស្សគូសចំណាំនូវ មធ្យោបាយទាំងនេះរបស់ពួកមាសត្រូវ នៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
ដើម្បីជួយសិស្សឲ្យយល់ និង យល់ពីសារៈសំខាន់នៃសេចក្តីពិតនេះ សូមអញ្ជើញពួកគេឲ្យពិភាក្សាសំណួរខាងក្រោមជាមួយដៃគូរបស់ពួកគេ ( អ្នកគួរតែសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ឬ រៀបចំក្រដាសចែកមុនពេលចាប់ផ្ដើមបង្រៀន ) ៖
-
តើអ្នកបានឃើញភស្ដុតាងអ្វីខ្លះ ដែលសាតាំងនៅតែប្រើ ការបោកបញ្ឆោត កំហឹង ការបញ្ជោរ និង ការកុហក ដើម្បីបំផ្លាញកិច្ចការរបស់ព្រះអម្ចាស់ និង ព្រលឹងរបស់មនុស្សនោះ ?
-
តើការដឹងជាមុនអំពីបំណងរបស់សាតាំង និង វិធីសាស្ត្ររបស់វាជួយយើងចៀសវាង និង គេចផុតពីអន្ទាក់របស់វាយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីវិធីសាស្ត្ររបស់សាតាំងដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:២០–២៩ ពួកគេបានទទួលអារម្មណ៍ ឬ បានឃើញ ព្រមទាំងអ្វី ដែលពួកគេអាចធ្វើដើម្បីចៀសវាង ឬ គេចផុតពីអន្ទាក់របស់សាតាំង ។
សូមពន្យល់ថា នៅក្នុងវិវរណៈនេះព្រះអម្ចាស់បានប្រទានព្រះបញ្ញត្តិ និងការសន្យាមួយដែលទាក់ទងនឹងកិច្ចខិតខំរបស់យើងដើម្បីចៀសវាងពីឥទ្ធិពលរបស់សាតាំង ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៥ ឲ្យឮៗ ហើយសូមឲ្យសិស្សរកមើលទាំងព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ និង ការសន្យារបស់ទ្រង់ ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀន ៖ នៅពេលយើង នោះយើងនឹងមានអំណាចដើម្បី .
សូមសួរសិស្សថា ៖ តើអ្នកនឹងបំពេញគោលការណ៍នេះយ៉ាងណាដោយផ្អែកលើ ខ ៥? ( សិស្សអាចរកឃើញគោលការណ៍ផ្សេងៗ ប៉ុន្តែសូមប្រាកដថា អ្នកគូសបញ្ជាក់ប្រាប់ថា នៅពេលយើងអធិស្ឋានជានិច្ច នោះយើងនឹងមានអំណាចដើម្បីយកឈ្នះលើសាតាំង និងអ្នកទាំងឡាយដែលបម្រើវា) ។
សូមឲ្យសិស្សរំឭកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៣៨-៤៥ឡើងវិញ ។ បន្ទាប់ម សូមអញ្ជើញសិស្សម្នាក់ឲ្យពន្យល់ពីរបៀបដែលព្រះអម្ចាស់ប៉ះប៉ូវនូវការបាត់ឯកសារ ១១៦សន្លឹកនោះ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៤៣ ដោយស្ងាត់ស្ងៀម ហើយរកមើលសេចក្ដីពិតដ៏សំខាន់មួយ ដែលព្រះអម្ចាស់បានចង់ឲ្យយ៉ូសែប ស្ម៊ីធ យល់ ។ ( នៅពេលសិស្សចែកចាយគំនិតរបស់ពួកគេ សូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ប្រាជ្ញារបស់ព្រះមហិមាជាងកលល្បិចនៃអារក្សទៅទៀត ។ អ្នកអាចត្រូវការពន្យល់ថា កលល្បិច សំដៅទៅលើការប្រើល្បិចដើម្បីបញ្ឆោតមនុស្ស ) ។
សូមសួរសំណួរខាងក្រោម ៖
-
តើផែនការរបស់ព្រះអម្ចាស់ ជំនួសឯកសារសរសេរដោយដៃដែលបានបាត់ បង្ហាញពីសេចក្ដីពិតនេះយ៉ាងដូចម្ដេច ?
-
តើវាជួយអ្នកឲ្យដឹងថាប្រាជ្ញារបស់ព្រះមហិមាជាងកលល្បិចនៃអារក្សយ៉ាងដូចម្តេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៤៤–៤៥, ដោយស្ងាត់ស្ងៀម រកមើលភស្ដុតាងបន្ថែមទៀតនៃសេចក្ដីពិតដែលបានសរសេរលើក្តារខៀន ។
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៤៤–៤៥, ហេតុអ្វីក៏ផ្ទាំងតូចមានតម្លៃជាងការសង្ខេបរបស់មរមនពី ផ្ទាំងធំដែលមាននៅក្នុង ១១៦សន្លឹកដែលបាត់នោះ ? ( ផ្ទាំងតូចមាននូវដំណើររឿងសំខាន់ៗខាងវិញ្ញាណ ។ ឯកសារ១១៦សន្លឹកដែលបាត់នោះមាននូវដំណើររឿងសង្ខេបនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ) ។
-
តើការដឹងថាព្រះបានរៀបចំផ្លូវមួយដើម្បីប៉ះប៉ូវឯកសារ ១១៦សន្លឹកដែលបាត់នោះជួយអ្នកឲ្យកាន់តែទុកចិត្តទាំងស្រុងលើទ្រង់យ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៤-៧
ព្រះអម្ចាស់ប្រទានព្រះឱវាទដល់យ៉ូសែប និងអូលីវើរកុំឲ្យសង្ស័យ ឬខ្លាចឡើយ
សូមអញ្ជើញសិស្សឲ្យប្រាប់ខ្លីៗពីសេចក្តីពិតមួយចំនួនអំពីវិវរណៈផ្ទាល់ខ្លួន ដែលពួកគេបានដឹងពេលសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៦ ។ សូមអញ្ជើញពួកគេឲ្យពិចារណាបទពិសោធន៍ នៅពេលពួកគេបានទទួលអារម្មណ៍ថាគំនិតរបស់ពួកគេត្រូវបានបំភ្លឺ ហើយពេញដោយភាពសុខសាន្តចំពោះអ្វីដែលពួកគេបានអធិស្ឋាន ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។
សូមរំឭកសិស្សថា ផ្នែកមួយនៃការសិក្សារបស់ពួកគេនៃវគ្គចំណេះចំណានខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៦, នោះពួកគេបានសរសេរការឡើងនិយាយខ្លីមួយដែលរៀបរាប់ពីវិធីនានាដើម្បីរស់នៅតាមព្រះឱវាទរបស់ព្រះអម្ចាស់ដែលបានប្រទានឲ្យក្នុងខគម្ពីរនោះ ។ សូមអញ្ជើញពួកគេឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៣៦ឲ្យឮៗទាំងអស់គ្នា ។ អ្នកអាចធ្វើវាម្តងទៀតដើម្បីជួយពួកគេទន្ទេញឲ្យចាំវា ។ បន្ទាប់មក សូមឲ្យសិស្សពីរបីនាក់ដែលចង់ចែកចាយការនិយាយរបស់ពួកគេឡើងមកចែកចាយ ។ អ្នកអាចចង់ចែកចាយទីបន្ទាល់របស់ខ្លួនអំពី របៀបដែលព្រះអម្ចាស់បានជួយអ្នកឲ្យយកឈ្នះលើការសង្ស័យ ឬ ការភ័យខ្លាចកាលពីអតីតកាល ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨–៩; ១១–១៦)
តើវិញ្ញាណនៃវិវរណៈគឺជាអ្វី ? តើអ្នកដឹងថាអ្នកកំពុងទទួលវិវរណៈពីព្រះដោយរបៀបណា ? សូមពន្យល់ថា នៅក្នុងមេរៀនបន្ទាប់សិស្សនឹងរៀនអំពីគោលការណ៍នៃវិវរណៈដែលនឹងប្រទាពរដល់ពួកគេ នៅពេលពួកគេស្វែងរកការណែនាំពីព្រះនៅក្នុងជីវិតរបស់ពួកគេ ។