មេរៀនទី ៤២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១-១៦
បុព្វកថា
នៅក្នុងខែ ធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធ នូវបទបញ្ញត្តិមួយ ដើម្បីឲ្យសាសនាចក្រមកប្រមូលគ្នីគ្នាទៅឯរដ្ឋអូហៃអូ ( សូមមើលគ. និង ស. ៣៧ ) ។ នៅក្នុងឆ្នាំ ១៨៣១ ព្រះអម្ចាស់ បានប្រទានវិវរណៈ ដែលឥឡូវនេះ បានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨ដែលបានពន្យល់អំពីមូលហេតុមួយចំនួនថា ហេតុអ្វីពួកបរិសុទ្ធគួរប្រមូលគ្នីគ្នាទៅរដ្ឋអូហៃអូ ។ ទ្រង់ក៏បានប្រទានបញ្ញត្តិដើម្បីដឹកនាំពួកគេនៅក្នុងការប្រមូលផ្ដុំនោះផងដែរ ។ មេរៀននេះ មានគ្របដណ្ដប់ខគម្ពីរចំនួន ១៦ ខដំបូងនៃកណ្ឌទី ៣៨ ។ នៅក្នុងវិវរណៈនេះ ព្រះយេស៊ូវគ្រីស្ទ បានប្រាប់ដល់សមាជិកនៃសាសនាចក្រថា ទ្រង់ស្ថិតនៅក្នុងចំណោមពួកគេ ។ ទ្រង់ក៏បានពិពណ៌នាផងដែរថានរណានឹងអត់ទ្រាំនៅក្នុងការយាងមកជាលើកទីពីររបស់ទ្រង់ ទ្រង់បានព្រមានដល់ពួកបរិសុទ្ធអំពីគ្រោះថ្នាក់ និងប្រទាននូវការលើកទឹកចិត្តដល់ពួកបរិសុទ្ធ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១-៧
ព្រះយេស៊ូវគ្រីស្ទ ប្រាប់ដល់សមាជិកនៃសាសនាចក្ររបស់ទ្រង់ថា ទ្រង់គឺស្ថិតនៅក្នុងចំណោមពួកគេ ។
សូមអញ្ជើញសិស្សឲ្យសរសេរក្នុងសៀវភៅកំណត់ត្រាក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ នូវបទបញ្ញត្តិមួយចំនួន ដែលពួកគេមានអារម្មណ៍ថា ងាយស្រួលដើម្បីពួកគេគោរពតាម ។ បន្ទាប់មកអញ្ជើញ ពួកគេឲ្យពិចារណាថា បទបញ្ញត្តិមួយណា ដែលលំបាកសម្រាប់ពួកគេក្នុងការគោរពតាម ហើយហេតុអ្វី ។ ( សិស្សអាចនឹងសរសេរនូវគំនិតទាំងនេះទុកផងដែរ បើពួកគេមានអារម្មណ៍ថាល្អក្នុងការធ្វើដូច្នោះ ) ។
-
តើហេតុអ្វីបានជាបទបញ្ញត្តិមួយចំនួនពិបាកសម្រាប់យើងគោរពតាម ?
-
តើចំណុចអ្វីខ្លះដែលលើកទឹកចិត្តដល់អ្នកឲ្យរក្សាបទបញ្ញត្តិទាំងឡាយ ទោះបីលំបាកសម្រាប់អ្នកគោរពតាមក៏ដោយ ?
សូមរំឭកសិស្សថា នៅខែធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធនៅរដ្ឋ នូវ យ៉ោក ឲ្យប្រមូលគ្នីគ្នាមកឯរដ្ឋ អូហៃអូ ( សូមមើល គ. និង ស. ៣៧) ។ សម្រាប់សមាជិកសាសនាចក្រមួយចំនួននេះ បទបញ្ញត្តិមួយនេះ គឺពិបាកខ្លាំងណាស់ ដើម្បីគោរពតាម ។ នៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៨៣១ ពួកបរិសុទ្ធមកពីសាខាផ្សេងៗ នៅរដ្ឋ នូវ យ៉ោក បានជួបគ្នានៅផ្ទះរបស់ ពេត្រុស វិតមើរ ស៊ីញ្ញ័រ សម្រាប់សន្និសីទសាសនាចក្រលើកទី ៣ ។ អំឡុងសន្និសីទ មានសមាជិកសាសនាចក្រមួយចំនួនបានសួរអំពីបទបញ្ញត្តិនៃការផ្លាស់ទៅកាន់រដ្ឋអូហៃអូ ។
-
ហេតុអ្វីអ្នកគិតថា វាអាចមានការលំបាក សម្រាប់ពួកបរិសុទ្ធមួយចំនួនដើម្បីគោរពតាមបទបញ្ញត្តិឲ្យចាកចេញពីរដ្ឋនូវយ៉ោក ហើយប្រមូលគ្នីគ្នានៅឯរដ្ឋ អូហៃអូ យ៉ាងដូច្នេះ?
អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា មិនមែនមនុស្សគ្រប់គ្នាដែលនៅក្នុងសន្និសីទនោះសុទ្ធតែយល់ពីប្រាជ្ញានៃបទបញ្ញត្តិនេះទាំងអស់នោះទេ។ មនុស្សមួយចំនួននឹងមិនទទួលយកថា វាជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទេ ហើយអ្នកផ្សេងទៀត បានស្ទាក់ស្ទើរក្នុងការចាកចោលកសិដ្ឋានដ៏រុងរឿង និងស្ថានភាពសុខស្រួលរបស់ពួកគេ ដើម្បីទៅកាន់កន្លែងថ្មី ដែលមិនប្រាកដប្រជា ។ ជាការពិតណាស់មនុស្សជាច្រើននឹងបាត់បង់ថវិកា ទៅលើអចលនទ្រព្យរបស់ពួកគេ ហើយមនុស្សខ្លះទៀត អាចនឹងពុំអាចលក់អចលនទ្រព្យរបស់ពួកគេដាច់បានទេ ។
សូមពន្យល់ថា អំឡុងសន្និសីទខែមករា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បានអធិស្ឋានទៅកាន់ព្រះអម្ចាស់សុំរៀនបន្ថែមទៀតអំពីបទបញ្ញត្តិដើម្បីប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ ។ ព្រះអម្ចាស់ បានឆ្លើយតបជាមួយនឹងវិវរណៈ ដែលឥឡូវនេះកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨ ។ សូមជូនដំណឹងដល់សិស្សថា នៅពេលពួកគេសិក្សាវិវរណៈនេះ នោះពួកគេនឹងរៀនពីសេចក្ដីពិតទាំងឡាយ ដែលអាចជួយពួកគេ នៅពេលពួកគេធ្វើការជ្រើសរើស ទាក់ទងនឹងបទបញ្ញត្តិនានា ដែលពួកគេឃើញថាពិបាកនឹងគោរពតាម ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១-៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសេចក្ដីពិតដែលយើងអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលសិស្សឆ្លើយតប នោះអ្នកអាចនឹងផ្ដល់យោបល់ឲ្យពួកគេគូសចំណាំពាក្យ និង ឃ្លាដែលទាក់ទងជាមួយនឹងចម្លើយរបស់ពួកគេ ។
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទ មកពីខគម្ពីរទាំងនេះ ? ( នៅពេលសិស្សឆ្លើយតប សូមជួយពួកគេឲ្យប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទ ដឹងរឿងគ្រប់យ៉ាង ) ។
-
តើការយល់ដឹងថា ព្រះយេស៊ូវគ្រីស្ទ ដឹងនូវរឿងគ្រប់យ៉ាង អាចជួយដល់ពួកបរិសុទ្ធដែលត្រូវបានបញ្ជាឲ្យផ្លាស់ទៅរដ្ឋអូហៃអូយ៉ាងដូចម្ដេច ?
-
តើសេចក្ដីពិតនេះ អាចជួយយើងនៅគ្រាដែលយើងមានការលំបាកក្នុងការគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមពន្យល់ថា ពីមុនពេលទទួលវិវរណនេះ យ៉ូសែប ស៊្មីធ បានធ្វើការនៅក្នុងកំណែថ្មីដ៏បំផុសគំនិតនៃព្រះគម្ពីរប៊ីប ហើយបានទទួលនូវអ្វីដែលឥឡូវមាននៅក្នុង ម៉ូសេ ៦-៧ នៅក្នុងមុក្ដាដ៏មានតម្លៃមហិមា ។ ជំពូកទាំងនេះ ផ្ដល់នូវដំណើររឿងអំពីព្យាការីម្នាក់ ដែលមានឈ្មោះថា ហេណុក និងប្រជាជនរបស់លោក ។ ដោយសារតែសេចក្ដីសុចរិត និងសាមគ្គីភាពរបស់ពួកគេ នោះព្រះអម្ចាស់បានហៅប្រជាជនទាំងនេះថា ស៊ីយ៉ូន ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៤ ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់បានធ្វើសម្រាប់ ហេណុក និងប្រជាជនរបស់លោក ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។ អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា នៅពេលព្រះអម្ចាស់បានប្រើឃ្លាថា « នៅក្នុងឱរារបស់យើងផ្ទាល់ » នោះទ្រង់កំពុងសំដៅទៅលើវត្តមានរបស់ទ្រង់ ។
-
ស្របតាម ខ ៤តើរឿងមួយដែលប្រជាជនហេណុកបានធ្វើ ដែលបណ្ដាលឲ្យព្រះអម្ចាស់យកពួកគេឡើងទៅស្ថានសួគ៌គឺជាអ្វី ? ( ពួកគេជឿទៅលើព្រះនាមទ្រង់ ) ។
-
តើព្រះអង្គសង្គ្រោះបានមានបន្ទូល ថាទ្រង់បានធ្វើអ្វីខ្លះ សម្រាប់អ្នកទាំងឡាយដែលបានជឿដល់ព្រះនាមរបស់ទ្រង់ ? តើរឿងនោះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច អំពីព្រះអង្គសង្គ្រោះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៥-៧ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទ បានមានបន្ទូលអំពីទីកន្លែងរបស់ទ្រង់ ។
-
តើព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថាទ្រង់គង់នៅកន្លែងណា ?
-
តើអ្នកមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះ គង់នៅជិត ទោះជាអ្នកមើលមិនឃើញទ្រង់ដោយផ្ទាល់ភ្នែក នៅពេលណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៨-១២
ព្រះអម្ចាស់ពិពណ៌នាអំពីនរណាដែលនឹងអត់ទ្រាំនៅក្នុងការយាងមកជាលើកទីពីរ
សូមដាក់បង្ហាញរូបភាព ការយាងមកជាលើកទីពីរ (សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ៦៦, សូមមើលផងដែរ LDS.org)។ សូមពន្យល់ថា នៅពេលព្រះអង្គសង្គ្រោះកំពុងជួយដល់ពួកបរិសុទ្ធនៅរដ្ឋ នូវ យ៉ោក យល់អំពីសារៈសំខាន់នៃការប្រមូលផ្ដុំគ្នីគ្នាទៅឯរដ្ឋ អូហៃអូ នោះទ្រង់បានមានបន្ទូលអំពីការយាងមកជាលើកទីពីរ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៨-១០។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអង្គសង្គ្រោះបានបើកសម្ដែងអំពីការយាងមកជាលើកទីពីររបស់ទ្រង់ ។ វាអាចជួយពន្យល់ថា អ្នកទាំងឡាយណាដែល « ធន់នៅថ្ងៃនោះ » ( គ. និង ស. ៣៨:៨ ) នៃការយាងមកជាលើកទីពីរ គឺអ្នកទាំងឡាយ ដែលនឹងអាចបន្ដនៅលើផែនដីជាមួយនឹងព្រះអង្គសង្គ្រោះនៅពេលទ្រង់យាងមក ជាជាងត្រូវបានបំផ្លាញចោល ។
-
តើខគម្ពីរទាំងនេះជួយយើងយល់អំពីសារៈសំខាន់នៃការធ្វើឲ្យបរិសុទ្ធ និងស្អាតស្អំ មុនការយាងមកជាលើកទីពីរយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១១-១២ ដោយស្ងាត់ស្ងៀម ហើយរកមើលការពិពណ៌នារបស់ព្រះអម្ចាស់អំពីស្ថានភាព ដែលនឹងមាននៅលើផែនដី មុនការយាងមកជាលើកទីពីរ ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។ ( ដើម្បីជួយសិស្សយល់អំពី ខគម្ពីរទាំងនេះ អ្នកអាចពន្យល់ថា ការពិពណ៌នាអំពីពួកទេវតា នៅរង់ចាំដើម្បី « ច្រូតកាត់ផែនដី » គឺជាសេចក្ដីយោងមួយទៅរឿងប្រៀបធៀបក្នុងព្រះគម្ពីរសញ្ញាថ្មី អំពីស្រូវសាឡី និងស្រងែ [សូមមើល ម៉ាថាយ ១៣:២៤-៣០, គ. និង ស. ៨៦:១-៧] ដែលស្រូវសាឡី [ ជាអ្នកទាំងឡាយដែលសុចរិត ] គឺត្រូវបានប្រមូលផ្ដុំ មុនពេលដុតស្រងែ [ អ្នកទាំងឡាយដែលទុច្ចរិត ] ) ។
-
តើមានភស្ដុតាងអ្វីខ្លះ ដែលអ្នកមើលឃើញថាស្ថានភាពទាំងឡាយ បានពិពណ៌នានៅក្នុង ខ ១១ មាននៅសព្វថ្ងៃនេះ ?
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីបន្ដមានភាពបរិសុទ្ធនៅក្នុងកណ្ដាលស្ថានភាពទាំងឡាយនោះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៣-១៦
ព្រះអម្ចាស់ ព្រមានពួកបរិសុទ្ធអំពីគ្រោះថ្នាក់ ហើយផ្ដល់ការលើកទឹកចិត្តដល់ពួកគេ
សូមពន្យល់ថា បន្ថែមពីលើការមានបន្ទូលអំពីការយាងមកជាលើកទីពីរ នោះព្រះអម្ចាស់បានផ្ដល់ការព្រមានមួយ ស្ដីអំពីគ្រោះថ្នាក់ដែលពួកបរិសុទ្ធជួបប្រទះ ។ សូមនាំសិស្សទៅកាន់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១២ ហើយសួរសំណួរដូចខាងក្រោម ៖
-
នៅចុង ខ ១២តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះ អំពីខ្មាំងសត្រូវរបស់ពួកបរិសុទ្ធ ?
សូមជួយសិស្សឲ្យយល់ថា ឃ្លា « ខ្មាំងសត្រូវ កំពុងរួមគ្នា » ជាទូទៅ អាចនឹងសំដៅទៅលើភាពពិត ដែលសាតាំង និងពលបរិវាររបស់វាបានប្រមូលផ្ដុំដើម្បីទាស់នឹងពួកបរិសុទ្ធនៅក្នុងថ្ងៃចុងក្រោយ ។ វាក៏អាចសំដៅទៅលើមនុស្សដែលជាខ្មាំងសត្រូវនឹងពួកបរិសុទ្ធ នៅគ្រាដែលវិវរណៈនេះត្រូវបានប្រទានឲ្យផងដែរ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៣ ឲ្យឮៗ ហើយអញ្ជើញសិស្សឲ្យរកមើលអ្វីដែលជាបំណងរបស់ខ្មាំងសត្រូវបានប្រមូលផ្ដុំគ្នានេះ ។ សូមអញ្ជើញសិស្សឲ្យរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើព្រះអម្ចាស់អាចធ្វើអ្វីខ្លះ នៅពេលយើងស្ថិតនៅក្នុងគ្រោះថ្នាក់ ? ( សិស្សអាចផ្ដល់ចម្លើយផ្សេងៗគ្នា ។ សូមប្រាកដថា គូសបញ្ជាក់នូវគោលការណ៍ដូចខាងក្រោម ហើយសរសេរវានៅលើក្ដារខៀន ៖ ព្រះអម្ចាស់ អាចព្រមានយើងអំពីគ្រោះថ្នាក់ )
សូមទុកពេលឲ្យសិស្សមួយសន្ទុះពិចារណាអំពីសារលិខិតដែលពួកព្យាការីរបស់ព្រះអម្ចាស់ បានប្រទានដល់យើងនៅក្នុងសន្និសីទទូទៅ ហើយនឹងតាមរយៈឯកសារបោះពុម្ពរបស់សាសនាចក្រ ។
-
តើសារលិខិតទាំងនេះ ជាការព្រមានមកពីព្រះអម្ចាស់ អំពីគ្រោះថ្នាក់ខាងវិញ្ញាណ ឬខាងសាច់ឈាម ដែលយើងជួបប្រទះតាមរបៀបណាខ្លះ ?
-
តើអ្នកត្រូវបានព្រមានអំពីគ្រោះថ្នាក់ខាងវិញ្ញាណ ឬខាងសាច់ឈាម តាមវិធីណាខ្លះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៤-១៥ ដោយស្ងាត់ស្ងៀម ហើយរកមើលរបៀបដែលព្រះអម្ចាស់បានលើកទឹកចិត្តដល់ពួកបរិសុទ្ធអំឡុងគ្រានៃគ្រោះថ្នាក់ និងភាពពុំពិតប្រាកដនេះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលអ្វីដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេ ។ សូមជួយសិស្សឲ្យយល់ថា បទបញ្ញត្តិដែលសំដៅទៅលើនោះ គឺជាបទបញ្ញត្តិឲ្យផ្លាស់ទីពីទីក្រុង នូវ យ៉ោក ទៅកាន់ រដ្ឋ អូហៃអូ ។
-
តើបទបញ្ញត្តិឲ្យផ្លាស់ទីពីទីក្រុង នូវ យ៉ោក អាចជាសេចក្ដីសង្គ្រោះខាងសាច់ឈាមរបស់ពួកបរិសុទ្ធតាមរបៀបណា ?
-
តើបទបញ្ញត្តិឲ្យប្រមូលគ្នីគ្នាទៅឯរដ្ឋ អូហៃអូ អាចជាសេចក្ដីសង្គ្រោះខាងវិញ្ញាណតាមរបៀបណា ?
សូមបន្ថែមទៅលើគោលការណ៍ដែលមាននៅលើក្ដារខៀន ដូច្នេះវាអានដូចតទៅនេះ ៖ ព្រះអម្ចាស់ អាចព្រមានយើងអំពីគ្រោះថ្នាក់ ហើយប្រទានបញ្ញត្តិដល់យើងដើម្បីការពារយើង ។
-
តើការរក្សាបទបញ្ញត្តិរបស់ព្រះអម្ចាស់អាចការពារយើងយ៉ាងដូចម្ដេច ?
-
តើអ្នកមានអារម្មណ៍ដឹងថា អ្នកត្រូវបានការពារ តាមរយៈការរក្សាបទបញ្ញត្តិនៅពេលណា ? ( អ្នកអាចទុកពេល ដល់សិស្សឲ្យពិចារណា អំពីសំណួរនេះ មុនពេលឲ្យពួកគេឆ្លើយ ) ។
សូមអញ្ជើញសិស្សឲ្យនឹកគិតអំពីសកម្មភាពនៅពេលចាប់ផ្ដើមថ្នាក់រៀន ដែលពួកគេបានគិតអំពីបទបញ្ញត្តិដែលលំបាកចំពោះពួកគេគោរពតាម ។ សូមឲ្យពួកគេគិតពិចារណាអំពីរបៀបដែលបទបញ្ញត្តិទាំងនេះ អាចជាពរជ័យមកពីព្រះអម្ចាស់ ដើម្បីការពារពួកគេពីគ្រោះថ្នាក់ខាងវិញ្ញាណ ឬខាងសាច់ឈាម ។
-
តើការយល់ដឹងអំពីសេចក្ដីពិត ដែលបានសរសេរនៅលើក្ដារខៀន លើកទឹកចិត្តអ្នកឲ្យគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ជាពិសេសនៅពេលការគោរពតាមបទបញ្ញត្តិទាំងនេះ មើលទៅហាក់ដូចជាលំបាកនោះ ?
សូមបញ្ចប់មេរៀនដោយការអញ្ជើញសិស្សចែកចាយទីបន្ទាល់របស់ពួកគេអំពីលទ្ធភាពរបស់ព្រះអម្ចាស់ ដើម្បីព្រមានយើងអំពីគ្រោះថ្នាក់ ហើយប្រទានបទបញ្ញត្តិ ដែលនឹងជួយការពារដល់យើង បើយើងគោរពតាមនោះ ។ អ្នកក៏អាចថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនេះផងដែរ ។