មេរៀនទី ១៥៩
ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក
បុព្វកថា
នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩៥ នៅក្នុងការប្រជុំសមាគមសង្គ្រោះទូទៅមួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានណែនាំអំពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ សេចក្ដីប្រកាសនេះ ចេញមកពីគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ប្រកាសទៅកាន់ពិភពលោកអំពីបទដ្ឋាន និងគោលលទ្ធិរបស់ព្រះអម្ចាស់អំពីក្រុមគ្រួសារ ។ សេចក្ដីប្រកាសក៏ផ្ដល់នូវការទូន្មានផងដែរ សម្រាប់ជាការពង្រឹងដល់ក្រុមគ្រួសារ និងការព្រមានអំពីលទ្ធផលនៃការបែកបាក់ក្រុមគ្រួសារ ។
កំណត់ចំណាំ ៖ សូមប្រាកដថាសិស្សម្នាក់ៗមានអត្ថបទ «ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក »មួយច្បាប់ ។ ឯកសារនេះ អាចរកបាននៅទំព័រ ១២៩ នៃទស្សនាវដ្ដី Ensign ឬ លីអាហូណា ខែវិច្ឆិកា ឆ្នាំ ២០១០, នៅក្នុងកូនសៀវភៅ កាតព្វកិច្ចចំពោះព្រះ និង ការអភិវឌ្ឍខ្លួន និងនៅក្នុងកូនសៀវភៅ ពិតចំពោះសេចក្ដីជំនឿក្រោមពាក្យ «គ្រួសារ » និងនៅ LDS.org។ អ្នកក៏អាចរកឃើញសំណៅនៃសេចក្ដីប្រកាសអំពីគ្រួសារនៅក្នុងសេចក្ដីបន្ថែមនៃសៀវភៅសិក្សានេះផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានចេញសេចក្ដីប្រកាសមួយទៅកាន់ពិភពលោក អំពីក្រុមគ្រួសារ ។
ពីមុនថ្នាក់ចាប់ផ្ដើម សូមសរសេរ ពាក្យ និងឃ្លាទាំងឡាយ ដូចខាងក្រោម នៅលើក្ដារខៀន ៖
សូមចាប់ផ្ដើមបង្រៀនដោយសួរសំណួរដូចខាងក្រោមនេះ ៖
-
តើមានអ្នករាល់គ្នាប៉ុន្មាននាក់ដែលមានសំណួរ ឬបានដឹងថានរណាម្នាក់មានសំណួរទាក់ទងនឹងវិបត្តិមួយ ឬច្រើននៅខាងលើក្ដារខៀននេះ សូមលើកដៃ ?
-
តើយើងអាចរកឃើញការណែនាំរបស់ព្រះអម្ចាស់ អំពីប្រធានបទទាំងនេះនៅឯណា ?
សូមចែកចាយសំណៅ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដល់សិស្ស ។ ( អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យដាក់លេខត្រង់កថាកណ្ឌក្នុងសេចក្ដីប្រកាស ដើម្បីពួកគេអាចផ្ទៀងតាមដោយងាយស្រួល នៅពេលអ្នកយោងទៅលើកថាកណ្ឌផ្សេងៗ ) ។ សូមពន្យល់ថា ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានប្រកាសអំពីសេចក្ដីប្រកាសនេះនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩៥ នៅក្នុងការប្រជុំសមាគមសង្គ្រោះទូទៅមួយ ។ មុនពេលប្រធាន ហ៊ិងគ្លី អានសេចក្ដីប្រកាសនេះ លោកបានថ្លែងអំពីមូលហេតុមួយចំនួនថាហេតុអ្វីក៏ពិភពលោកត្រូវការនូវសេចក្ដីពិតទាំងឡាយក្នុងសេចក្ដីប្រកាសនេះ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ហ៊ិងគ្លី ឲ្យឮៗ ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់មើលមូលហេតុដែលពិភពលោកត្រូវការចាំបាច់នូវសេចក្ដីប្រកាសនេះ ។
« មានសេចក្ដីពុំទៀងត្រង់ជាច្រើនត្រូវបានបង្ហាញថាជាសេចក្ដីពិត ដោយមាននូវការបោកបញ្ឆោតដ៏ច្រើនអំពីបទដ្ឋាន និងគុណតម្លៃ ហើយមាននូវការទាក់ទញចិត្ត និងការល្បួងយ៉ាងច្រើនដែលបានដុះស្នឹមក្នុងពិភពលោកបន្តិចម្តង ៗ ដែលយើងបានមានអារម្មណ៍ថាត្រូវធ្វើការព្រមាន ហើយព្រមានទុកជាមុន ។ បន្ថែមពីលើនេះ យើងជាគណៈប្រធានទីមួយ និងក្រុមប្រឹក្សានៃពួកសាវកដប់ពីរនាក់ ឥឡូវនេះបានចេញនូវសេចក្ដីប្រកាសមួយចំពោះសាសនាចក្រ និងពិភពលោក ជាសេចក្ដីប្រកាស និងការបញ្ជាក់ជាថ្មីអំពីបទដ្ឋាន គោលលទ្ធិ និងការអនុវត្តទាំងឡាយ ដែលទាក់ទងទៅនឹងក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈនៃសាសនាចក្រ បានថ្លែងដដែលៗនៅពេញប្រវត្តិសាសនាចក្រ » («Stand Strong against the Wiles of the World,» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០០ ) ។
-
ហេតុអ្វីក៏សេចក្ដីប្រកាសនេះត្រូវបានចេញឲ្យដល់សាសនាចក្រផង និងពិភពលោកផងដូច្នេះ ?
សូមពន្យល់ថា នៅពេលយើងសិក្សា « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » យើងអាចទទួលបានចម្លើយចំពោះសំណួរជាច្រើនស្ដីអំពីគ្រួសារ ។ ដើម្បីជួយសិស្សស្គាល់ពីគោលលទ្ធិ ដែលនឹងជួយពួកគេឲ្យយល់កាន់តែច្បាស់បន្ថែមទៀតអំពីប្រធានបទដែលបានរៀបរាប់នៅលើក្ដារខៀន សូមអញ្ជើញសិស្សប្រាំនាក់ឲ្យផ្លាស់វេនគ្នាអានឲ្យឮៗចេញមកពីកថាកណ្ឌ ១-៥ នៃសេចក្ដីប្រកាស ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយស្វែងរកគោលលទ្ធិដែលទាក់ទងនឹងប្រធានបទនៅលើក្ដារខៀន ។ សូមឈប់បន្ទាប់ពីអានមួយកថាកណ្ឌម្ដង ដើម្បីអនុញ្ញាតឲ្យសិស្សរាយការណ៍នូវអ្វីដែលពួកគេបានរកឃើញ ។ សូមអញ្ជើញសិស្សឲ្យគូសចំណាំគោលលទ្ធិ ដែលពួកគេរកឃើញនៅលើសេចក្ដីប្រកាសអំពីក្រុមគ្រួសាររបស់ពួកគេ ។
នៅពេលសិស្សរាយការណ៍ សូមអញ្ជើញពួកគេឲ្យសរសេរនៅលើក្ដារខៀនអំពី គោលលទ្ធិដែលពួកគេស្គាល់។ សិស្សអាចប្រាប់ ហើយសរសេរនូវគោលលទ្ធិដូចខាងក្រោម ៖
អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រីគឺតែងតាំងឡើងដោយព្រះ កថាកណ្ឌទី ១] ។
គ្រួសារ គឺជាផ្នែកសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌កថាកណ្ឌទី ១]។
ភេទប្រុសស្រី គឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណនិង គោលបំណងសំខាន់មួយនៃបុគ្គលម្នាក់ៗ ចាប់តាំងពីមុនកើតមក ជីវិតនេះ ជីវិតរមែងស្លាប់ និង នៅអស់កល្បជានិច្ចកថាកណ្ឌទី ២]។
ផែនការនៃសុភមង្គល ធ្វើឲ្យទំនាក់ទំនងក្រុមគ្រួសារចេះតែបន្ដរហូតហួសពីសេចក្ដីស្លាប់កថាកណ្ឌទី ៣]។
បទបញ្ញត្តិរបស់ព្រះសម្រាប់ប្តី និង ប្រពន្ធ ដើម្បីបង្កើតកូនចៅឲ្យចម្រើនជាច្រើនឡើងឲ្យមានពាសពេញលើផែនដី នោះនៅតែឲ្យប្រតិបត្តិនៅឡើយកថាកណ្ឌទី ៤] ។
ព្រះបានបញ្ជាឲ្យរក្សា អំណាចដ៏ពិសិដ្ឋនៃការបង្កើតកូនចៅ ប្រើបានសម្រាប់តែរវាងតែបុរសម្នាក់ និងស្ត្រីម្នាក់ ដែលបានរៀបអាពាហ៍ពិពាហ៍យ៉ាងពេញច្បាប់ជាប្ដី និងប្រពន្ធប៉ុណ្ណោះ [ កថាកណ្ឌទី ៤] ។
ការបង្កបង្កើតជីវិតរមែងស្លាប់ គឺជាផ្នែកមួយដ៏ពិសិដ្ឋ និងសំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ [ កថាកណ្ឌទី ៣ និង ៥ ] ។
នៅពេលសិស្សរាយការណ៍គោលលទ្ធិនិមួយៗដែលពួកគេបានស្គាល់ សូមប្រើសំណួរមួយ ឬច្រើនដូចខាងក្រោមដើម្បីសួរតាមដាន ដើម្បីជួយដល់ពួកគេយល់គោលលទ្ធិកាន់តែច្បាស់ ។
-
តើគោលលទ្ធិនេះ ទាក់ទងនឹងប្រធានបទដែលបានសរសេរនៅលើក្ដារខៀនយ៉ាងដូចម្ដេច ?
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ដើម្បីយល់អំពីគោលលទ្ធិនេះ ?
-
តើការយល់ដឹង និងការជឿទៅលើគោលលទ្ធិនេះ អាចមានឥទ្ធិពលទៅលើការសម្រេចចិត្តដែលអ្នកធ្វើយ៉ាងដូចម្ដេច ?
បើសិស្សពុំប្រាប់អំពីគោលលទ្ធិណាមួយដែលបានរៀបរាប់ខាងលើទេ សូមជួយពួកគេរកកន្លែងនោះ ហើយពិភាក្សាវា ។
សេចក្ដីប្រកាសអំពីក្រុមគ្រួសារ ជួយយើងស្ថាបនាក្រុមគ្រួសារដោយជោគជ័យ ។
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេចង់ឲ្យក្រុមគ្រួសារនាពេលអនាគតរបស់ពួកគេប្រែក្លាយ ។
-
តើសកម្មភាព ចរិតលក្ខណៈ អាកប្បកិរិយា និងជំនឿប្រភេទណា ដែលអ្នកគិតថានឹងនាំសុភមង្គលកើតមានដល់ក្រុមគ្រួសារនាពេលអនាគតរបស់អ្នក ?
សូមបែងចែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ សូមអញ្ជើញក្រុមនិមួយៗអានកថាកណ្ឌទី ៦-៧ ក្នុងសេចក្ដីប្រកាសអំពីក្រុមគ្រួសារឲ្យឮៗជាមួយគ្នា ។ សូមអញ្ជើញពួកគេឲ្យស្វែងរកអ្វីដែលអាចជួយពួកគេសម្រេចបានសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់ពួកគេ ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមសួរសំណួរដូចខាងក្រោមទៅដល់សិស្សក្នុងថ្នាក់ទាំងមូល ៖
-
តើសុភមង្គលនៅក្នុងក្រុមគ្រួសារអាចសម្រេចទៅបានល្អបំផុតយ៉ាងដូចម្ដេច ? (សិស្សគប្បីប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ សុភមង្គលនៅក្នុងជីវិតគ្រួសារអាចសម្រេចទៅបានល្អបំផុត នៅពេលផ្ដោតទៅលើការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំគោលកាណ៍នេះ នៅក្នុងច្បាប់នៃសេចក្ដីប្រកាសអំពីក្រុមគ្រួសាររបស់ពួកគេ ) ។
-
ស្របតាមកថាកណ្ឌទី ៦ និង ៧ តើគោលការណ៍មួយចំនួនណាខ្លះ ដែលជួយក្រុមគ្រួសាររកបានសុភមង្គល ? ( សូមពិចារណាធ្វើការអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់សិស្សនៅលើក្តារខៀន ) ។
សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីសំណួរដូចខាងក្រោមជាមួយគ្នានៅក្នុងក្រុមតូចៗរបស់ពួកគេ ។ សូមផ្ដល់ដល់ក្រុមនីមួយៗនូវច្បាប់ចម្លងនៃសំណួរ ឬសរសេរសំណួរនៅលើក្ដារខៀន ។
កំណត់ចំណាំ ៖ ដោយសារតែភាពរំញោច និងលក្ខណៈនៃទំនាក់ទំនងក្រុម គ្រួសារមានភាពផ្សេងគ្នា សូមកុំអញ្ជើញសិស្សដែលពិភាក្សាអំពីសកម្មភាពដូចខាងក្រោមឮៗឡើយ ។ តែផ្ទុយទៅវិញ សូមលើកទឹកចិត្តសិស្សឲ្យនឹកគិតទៅលើការបង្រៀនទាំងនេះដោយខ្លួនគេម្នាក់ៗ ហើយពិចារណាអំពីរបៀបដែលពួកគេអាចកែលម្អ ។
បន្ទាប់ពីក្រុមមានពេលពិភាក្សាគ្នាអំពីសំណួរទាំងឡាយហើយ សូមឲ្យសិស្សពិចារណាអំពីការបង្រៀនណាមួយ នៃការបង្រៀនទាំងនេះ ដែលពួកគេរស់នៅតាម ក្នុងក្រុមគ្រួសាររបស់ពួកគេ និងពីរបៀបដែលអាចបន្ថែមសុភមង្គលដល់ក្រុមគ្រួសាររបស់ពួកគេ ។ សូមអញ្ជើញសិស្សឲ្យគិតពិចារណាថាតើការបង្រៀនណាមួយ នៅក្នុងសេចក្ដីប្រកាសនេះ ដែល ពួកគេអាចរស់នៅតាមបានល្អប្រសើរ ក្នុងការខិតខំដើម្បីនាំឲ្យមានសុភមង្គលចំពោះពួកគេ និងក្រុមគ្រួសារពួកគេកាន់តែខ្លាំងឡើង ។ អ្នកអាចអញ្ជើញសិស្សឲ្យសរសេរនូវគោលដៅមួយ អំពីរបៀបដែលពួកគេដាក់ផែនការរស់នៅតាមការបង្រៀនទាំងនេះនៅក្នុងក្រុមគ្រួសាររបស់ពួកគេកាន់តែល្អប្រសើរ ។
បើមានពេល សូមជ្រើសរើសសំណួរមួយ ឬច្រើនដូចខាងក្រោម ដើម្បីពិភាក្សាជារួម ៖
-
នៅពាក់កណ្ដាលចុងក្រោយនៃកថាកណ្ឌទី ៧ តើការទទួលខុសត្រូវរបស់ឪពុកមានអ្វីខ្លះ ? តើអ្នកបានមើលឃើញឪពុកអ្នក ឬឪពុកដទៃទៀត បានបំពេញតាមការទទួលខុសត្រូវទាំងនេះតាមវិធីណាខ្លះ ?
-
នៅពាក់កណ្ដាលចុងក្រោយនៃកថាកណ្ឌ ទី ៧ តើការទទួលខុសត្រូវចម្បងរបស់ម្ដាយមានអ្វីខ្លះ ? តើអ្នកបានមើលឃើញម្ដាយអ្នក ឬម្ដាយដទៃទៀត បានបំពេញតាមតួនាទីនេះតាមវិធីណាខ្លះ ?
-
តើទំនួលខុសត្រូវទាំងនេះត្រូវបានផ្ដល់ឲ្យដោយ « បានតែងតាំងឡើងដោយព្រះ » មានន័យយ៉ាងណា ? ( វាត្រូវបានបង្កើតឡើងដោយព្រះវរបិតាសួគ៌របស់យើង ) ។ ហេតុអ្វីក៏អ្នកគិតថា កិច្ចការនេះសំខាន់ដើម្បីយល់ដឹង ?
-
តើឃ្លាណាមួយនៅក្នុងកថាកណ្ឌទី ៧ ដែលជួយយើងឲ្យយល់អំពីរបៀបដែលឪពុក និងម្ដាយ គឺត្រូវជួយគ្នាទៅវិញទៅមក ? ( សិស្សគប្បីប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ឪពុក និងម្ដាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមក ជាដៃគូស្មើភាពគ្នានៅក្នុងការទទួលខុសត្រូវក្នុងគ្រួសាររបស់ពួកគេ )។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់អ្វីម្ល៉េះ សម្រាប់ម្ដាយ និងឪពុកដើម្បីយល់ថា ពួកគេជាដៃគូស្មើភាពគ្នាដូច្នេះ ?
សូមអញ្ជើញសិស្សឲ្យចែកចាយនូវរបៀបដែលពួកគេបានមើលឃើញម្ដាយ និងឪពុកធ្វើការជាមួយគ្នា ជាដៃគូស្មើភាព ។
នៅពេលសិស្សពិភាក្សាអំពីតម្រូវការចំពោះឪពុក និងម្ដាយដើម្បីគាំទ្រដល់គ្នាទៅវិញទៅមក នោះអ្នកអាចនឹងចង់បង្វែរចំណាប់អារម្មណ៍របស់ពួកគេ ទៅយកចិត្តទុកដាក់លើប្រយោគដូចខាងក្រោមនៅជិតចុងបញ្ចប់កថាកណ្ឌទី ៧ ៖ « អសមត្ថភាព មរណភាព ឬកាលៈទេសៈផ្សេងៗទៀត អាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ » ។ សូមអះអាងនឹងសិស្សថា ព្រះអម្ចាស់បានញាណដឹងអំពីស្ថានភាពទាំងនេះ ហើយថាទ្រង់ប្រទានពរដល់ឪពុកម្ដាយ និងក្រុមគ្រួសារ នៅពេលពួកគេខិតខំបំពេញតាមកាតព្វកិច្ចរបស់ពួកគេ ។
-
ស្របតាមប្រយោគចុងក្រោយនៃកថាកណ្ឌទី ៧ តើមាននរណាផ្សេងទៀត អាចជួយដល់ម្ដាយ និងឪពុកនៅក្នុងទំនួលខុសត្រូវរបស់ពួកគេ ? ( សាច់ញាតិក្រុមគ្រួសារ។ អ្នកអាចចង្អុលបង្ហាញថា កូនៗក៏អាចជួយឪពុកម្ដាយរបស់ពួកគេផងដែរ ។)
សូមពន្យល់ថាគ្រប់គ្រួសារ មានភាពលំបាករៀងៗខ្លួន ប៉ុន្តែគ្រួសារទាំងនោះ អាចរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ហើយស្វែងរកសុភមង្គលបាន ។
សូមអញ្ជើញសិស្សម្នាក់អានកថាកណ្ឌទី ៨ និង ៩ អំពីសេចក្ដីប្រកាសក្រុមគ្រួសារឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ស្វែងរកនូវអ្វីដែលនឹងកើតឡើង បើសិនជាយើងពុំបំពេញតាមទំនួលខុសត្រូវរបស់យើងនៅក្នុងក្រុមគ្រួសារយើងនោះ ។
-
តើអ្វីខ្លះនឹងកើតឡើង បើយើងបដិសេធទំនួលខុសត្រូវក្នុងគ្រួសាររបស់យើង ? (សិស្សគប្បីបង្ហាញអារម្មណ៍ថា ព្រះអម្ចាស់នឹងធ្វើឲ្យយើងទទួលខុសត្រូវ បើយើងពុំបំពេញតាមទំនួលខុសត្រូវរបស់យើងនៅក្នុងក្រុមគ្រួសារនោះទេ ។ ពួកគេអាចចង្អុលបង្ហាញផងដែរថា ការបែកបាក់ក្រុមគ្រួសារ នឹងនាំទៅរកគ្រោះមហន្តរាយ ) ។
-
តើទំនួលខុសត្រូវអ្វីខ្លះ ដែលអ្នកគិតថា កូនចៅមាននៅក្នុងគ្រួសារ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេបំពេញទំនួលខុសត្រូវរបស់ពួកគេ នៅក្នុងក្រុមគ្រួសារ ។ បើអ្នកអញ្ជើញពួកគេឲ្យកត់ត្រាគោលដៅមួយ ដើម្បីរស់នៅឲ្យកាន់តែល្អប្រសើរ តាមការបង្រៀនមកពីសេចក្ដីប្រកាសអំពីក្រុមគ្រួសារ នៅក្នុងក្រុមគ្រួសាររបស់ពួកគេ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកជំនួយរបស់ព្រះអម្ចាស់ នៅពេលពួកគេព្យាយាមដើម្បីសម្រេចគោលដៅរបស់ពួកគេ ។
សូមបញ្ចប់ដោយការសុំឲ្យសិស្សពីរបីនាក់ចែកចាយទីបន្ទាល់របស់ពួកគេ អំពីសេចក្ដីពិតណាក៏ដោយ ដែលត្រូវបានបង្រៀននៅក្នុងមេរៀននេះ ។ អ្នកក៏អាចចែកចាយទីបន្ទាល់របស់អ្នកផងដែរអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយនៅក្នុងសេចក្ដីប្រកាសអំពីក្រុមគ្រួសារ ។