មេរៀនទី ៩២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤១-៦៩
បុព្វកថា
នេះគឺជាមេរៀនទីពីរនៃមេរៀនទាំងបួននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨។ ផ្នែកនៃវិវរណៈដែលបានពិភាក្សានៅក្នុងមេរៀននេះ ត្រូវបានផ្ដល់ឲ្យនៅក្នុងសន្និសីទមួយអំពីពួកសង្ឃជាន់ខ្ពស់នៅទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ នៅថ្ងៃទី ២៧ និង ២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ។ វាមានរួមបញ្ចូលទាំងការពន្យល់របស់ព្រះយេស៊ូវគ្រីស្ទ អំពីរបៀបដែលព្រះគ្រប់គ្រងការបង្កបង្កើតរបស់ទ្រង់ និងការអញ្ជើញឲ្យយើងខិតទៅជិតទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤១-៥០
ព្រះអង្គសង្គ្រោះបើកសម្ដែងថា អ្វីៗទាំងអស់ត្រូវបានគ្រប់គ្រងដោយក្រឹត្យវិន័យដ៏ទេវភាព
សូមបង្ហាញរូបផ្កាយ ដូចជាព្រះអម្ចាស់បានបង្កើតវត្ថុទាំងអស់(សៀវភៅរូបភាពសិល្បៈនៃដំណឹងល្អ[ឆ្នាំ ២០០៩ ] លេខ ២ សូមមើលផងដែរLDS.org) ឬគូសរូបផ្កាយមួយចំនួននៅលើក្ដារខៀន ។
-
តើអ្នកធ្លាប់បានមើលទៅហ្វូងតារា ហើយគិតអំពីព្រះ និងការបង្កបង្កើតរបស់ទ្រង់ដែរឬទេ ? តើសំណួរ ឬគំនិតអ្វីខ្លះ ដែលអ្នកបានពិចារណានៅពេលអ្នកសម្លឹងមើលទៅលើមេឃ ?
សូមចង្អុលបង្ហាញថា នៅពេលមនុស្សសញ្ជឹងគិតអំពីភាពធំធេងនៃការបង្កបង្កើតរបស់ព្រះ ពេលខ្លះពួកគេមានអារម្មណ៍ថាខ្លួនឯងតូចតាច ហើយពុំសំខាន់ ។ ពួកគេអាចនឹងពិចារណាថាតើព្រះបានដឹងអំពីពួកគេឬទេ ។ សូមប្រាប់សិស្សថា នៅពេលពួកគេពិភាក្សាអំពីខគម្ពីរនៅក្នុងមេរៀនថ្ងៃនេះ ពួកគេនឹងយល់ឃើញថា ទោះជាព្រះគ្រប់គ្រងការបង្កបង្កើតដ៏ច្រើននៅទូទាំងស្ថានសួគ៌ក្ដី ក៏ទ្រង់ជ្រាបដឹងអំពីយើងម្នាក់ៗ ហើយចង់ខិតមកជិតនឹងយើង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤១ ឲ្យឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលរបៀបដែលខគម្ពីរនេះបង្ហាញថា ព្រះមានព្រះចេស្ដាគ្រប់គ្រងរាល់ការបង្កបង្កើតរបស់ទ្រង់ទាំងអស់ ហើយបានដឹងអំពីយើងម្នាក់ៗ ។
-
តើខគម្ពីរនេះបង្ហាញថាព្រះមានព្រះចេស្ដាជ្រាបដឹងពីយើងម្នាក់ៗ និងដឹងពីតម្រូវការរបស់យើងយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់ទៀតអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤២-៤៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ប្រាប់អំពីរបៀបដែលព្រះគ្រប់គ្រងការបង្កបង្កើតរបស់ទ្រង់ ។
-
តើព្រះគ្រប់គ្រងការបង្កបង្កើតរបស់ទ្រង់យ៉ាងដូចម្ដេច ? ( ដោយក្រឹត្យវិន័យរបស់ទ្រង់ ) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីការបង្កបង្កើតមួយរបស់ព្រះ ដែលធ្វើឲ្យពួកគេអស្ចារ្យក្នុងចិត្តជាខ្លាំង ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។ ជាឧទាហរណ៍មួយ អ្នកអាចបង្ហាញពីកម្មវត្ថុ ឬរូបភាពមួយដែលតំណាងឲ្យការបង្កបង្កើតរបស់ព្រះមួយ ហើយពន្យល់ថាហេតុអ្វីក៏ការបង្កបង្កើតនោះធ្វើឲ្យអ្នកអស្ចារ្យក្នុងចិត្តខ្លាំងម្ល៉េះ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤៦-៤៧ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលយើងកំពុងមើលឃើញ នៅពេលយើងមើលទៅការបង្កបង្កើតរបស់ព្រះ ។
-
តើយើងមើលឃើញអ្វីខ្លះ នៅពេលយើងមើលទៅលើសូម្បីតែរបស់ដ៏តូចមួយនៃការបង្កបង្កើតរបស់ព្រះក្តី ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែចម្លើយរបស់ពួកគេគួរបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងមើលទៅការបង្កបង្កើតរបស់ព្រះ នោះយើងមើលឃើញពីព្រះចេស្ដា និងមហិឬទ្ធិរបស់ទ្រង់ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើការបង្កបង្កើតដែលអ្នកមើលឃើញនៅក្នុងស្ថានសួគ៌ និងនៅលើផែនដី មានឥទ្ធិពលដល់ទីបន្ទាល់របស់អ្នកអំពីព្រះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៤៨-៥០ ដោយស្ងាត់ស្ងៀម ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យពួកគេម្នាក់ឡើងសង្ខេបអំពីខគម្ពីរទាំងឡាយតាមពាក្យសម្ដីផ្ទាល់របស់ពួកគេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៥១-៦១
ព្រះអម្ចាស់ប្រាប់នូវរឿងប្រៀបធៀបមួយអំពីបុរសដែលធ្វើការនៅក្នុងស្រែ និងការដែលត្រូវបានចៅហ្វាយទៅជួបនឹងពួកគេ ។
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៥១-៦០មាននូវរឿងប្រៀបធៀបមួយ ដែលជួយយើងយល់អំពីការប្រាស្រ័យទាក់ទងរបស់ព្រះជាមួយនឹងនគរទាំងឡាយ ឬពិភពទាំងឡាយ ដែលទ្រង់បានបង្កើត ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៥១-៥៥ ឲ្យឮៗ ។ សូមសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលបុរសនៅក្នុងរឿងប្រៀបធៀបបានបញ្ជាដល់អ្នកបម្រើរបស់គាត់ម្នាក់ៗឲ្យធ្វើ និងអ្វីដែលគាត់បានសន្យានឹងពួកអ្នកបម្រើម្នាក់ៗរបស់គាត់ ។
-
តើបុរសបញ្ជាពួកអ្នកបម្រើរបស់គាត់ឲ្យធ្វើអ្វីខ្លះ ? តើគាត់បានសន្យាអ្វីខ្លះដល់ពួកអ្នកបម្រើរបស់គាត់ ? ( គាត់បានបញ្ជាពួកគេឲ្យធ្វើការនៅក្នុងស្រែរបស់គាត់ ។ គាត់បានសន្យាថា គាត់នឹងទៅជួបពួកគេម្នាក់ៗម្ដងៗ ) ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៥៦-៦០ដោយការពន្យល់ថា នៅក្នុងរឿងប្រៀបធៀប ម្ចាស់ស្រែបានទៅជួបនឹងពួកអ្នកបម្រើរបស់គាត់ម្ដងម្នាក់ៗតាមវេនរបស់ពួកគេ ។ អ្នកបម្រើម្នាក់ៗ « បានទទួលរស្មីនៅលើមុខចៅហ្វាយរបស់ខ្លួន គឺមនុស្សម្នាក់ៗតាមម៉ោងរបស់ខ្លួន » (គ. និង ស. ៨៨:៥៨) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលរឿងប្រៀបធៀបនេះ បង្រៀនយើងអំពីរបៀបដែលព្រះប្រាស្រ័យទាក់ទងនឹងនគរទាំងឡាយដែលទ្រង់បានបង្កើតឡើង ។
-
តើរឿងប្រៀបធៀបនេះ បង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះប្រាស្រ័យទាក់ទងជាមួយនឹងនគរដែលទ្រង់បានបង្កើត ? ( សូមជួយសិស្សឲ្យប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖ ព្រះនឹងទៅជួបនឹងនគរទាំងឡាយរបស់ទ្រង់ និងមនុស្សក្នុងនគរនោះម្ដងម្នាក់ៗ តាមពេលរបស់ទ្រង់ ។ សូមសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦២-៦៩
ព្រះសន្យាថានឹងចូលមកជិតយើងនៅពេលយើងចូលមកជិតទ្រង់
សូមចង្អុលបង្ហាញថា ព្រះអម្ចាស់បានមកនគររបស់ទ្រង់នៅលើផែនដីនេះ ហើយថាទ្រង់នឹងយាងមកម្ដងទៀត ហើយគ្រងរាជ្យនៅទីនេះ អំឡុងពេលនៃសហសវត្សរ៍ ។ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦២-៦៩ព្រះអម្ចាស់បង្រៀននូវអ្វីដែលយើងអាចធ្វើ ដើម្បីទ្រង់នឹងចូលមកជិតយើងឥឡូវនេះ ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកមានអារម្មណ៍ថានៅជិតនឹងព្រះអម្ចាស់ដល់កម្រិតណា ? តើអ្នកចង់មានអារម្មណ៍កាន់តែជិតស្និតនឹងទ្រង់ដែរឬទេ ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦២-៦៣ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីៗដែលយើងអាចធ្វើដើម្បីយាងអញ្ជើញព្រះអម្ចាស់មកជិតយើង ។
-
តើខគម្ពីរទាំងនេះបង្រៀនគោលការណ៍អ្វីខ្លះ អំពីការចូលទៅជិតនឹងព្រះអម្ចាស់ ? ( នៅពេលសិស្សឆ្លើយតប សូមសរសេរនូវគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ បើយើងចូលទៅជិតព្រះអម្ចាស់ នោះទ្រង់នឹងចូលមកជិតយើង ) ។
-
តើពាក្យនៅក្នុងខ ៦៣បង្រៀនអ្វីខ្លះ អំពីរបៀបដែលយើងអាចចូលទៅជិតព្រះអម្ចាស់ ? (ស្វែងរក សូមនិងគោះ )។
សូមចង្អុលបង្ហាញថា ពាក្យស្វែងរក សូមនិងគោះគឺជាពាក្យដែលមានសកម្មភាព ។
-
តើសកម្មភាពមួយចំនួនណាខ្លះ ដែលបានជួយអ្នក ស្វែងរក សូម និងគោះ ដើម្បីចូលទៅកាន់តែជិតនឹងព្រះអម្ចាស់ ?
ដើម្បីជួយសិស្សយល់អំពីរបៀបមួយដែលពួកគេអាចចូលទៅជិតព្រះអម្ចាស់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖
«ខ្ញុំរកឃើញថា ពេលខ្ញុំធ្វើឲ្យទំនាក់ទំនងខ្ញុំនឹងព្រះអាទិទេពមានភាពសាមញ្ញ ហើយកាលព្រះហាក់ដូចជាមិនបានស្ដាប់ ហើយមានបន្ទូលមកកាន់ខ្ញុំ នោះខ្ញុំឃ្លាតពីទ្រង់កាន់តែឆ្ងាយហើយ។ បើសិនខ្ញុំផ្តោតយកចិត្តទុកដាក់ទាំងស្រុងលើព្រះគម្ពីរ នោះផ្លូវឆ្ងាយនឹងត្រូវបានបង្រួញ ហើយ ផ្លូវវិញ្ញាណនឹងត្រឡប់មកវិញ » (Teachings of Presidents of the Church: Spencer W. Kimball[ឆ្នាំ ២០០៦ ]ទំព័រ ៦៧) ។
ដើម្បីជួយសិស្សបង្កើនការយល់ដឹងរបស់ពួកគេអំពីរបៀបដែលព្រះវរបិតាសួគ៌ ឆ្លើយការអធិស្ឋានរបស់ពួកគេ សូមអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៤-៦៥ឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម ហើយរកមើលនូវការសន្យារបស់ព្រះអង្គសង្គ្រោះដល់យើង បើយើងអធិស្ឋានដល់ព្រះបិតានៅក្នុងព្រះនាមរបស់ទ្រង់ ។
-
នៅក្នុងខគម្ពីរនេះ តើព្រះអង្គសង្គ្រោះបង្រៀនអ្វីខ្លះ អំពីរបៀបដែលព្រះវរបិតាសួគ៌ ឆ្លើយតបការអធិស្ឋានរបស់យើង ? ( សូមជួយសិស្សឲ្យប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ព្រះវរបិតាសួគ៌ឆ្លើយតបការអធិស្ឋានរបស់យើង តាមរបៀបជាច្រើនដែលទ្រង់ស្គាល់វាល្អបំផុតសម្រាប់យើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សយល់នូវគោលការណ៍នេះ អ្នកអាចនឹងចង់ផ្ដល់ឲ្យពួកគេនូវច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់នូវអ្វីដែលយើងគួរធ្វើ នៅពេលព្រះវរបិតាសួគ៌ ឆ្លើយតបការអធិស្ឋានមួយ តាមរបៀបមួយដែលខុសពីអ្វីដែលយើងសង្ឃឹម ឬ រំពឹងទុកនោះ ។
« វាលំបាកណាស់ នៅពេលការអធិស្ឋានដ៏ស្មោះសម្រាប់អ្វីមួយដែលចង់បានជាងខ្លាំង នោះមិនបានទទួលចម្លើយដូចដែលអ្នកចង់បាន ។ វាពិបាកដើម្បីយល់អំពីមូលហេតុ ដែលការអនុវត្តសេចក្ដីជំនឿដ៏ជ្រាលជ្រៅ និង ស្មោះរបស់អ្នកដោយរស់នៅក្នុងជីវិតមួយ ដែលមានការគោរពប្រតិបត្តិ បែរជាមិនបានទទួលលទ្ធផលដែលចង់បានទៅវិញ ។… ពេលខ្លះវាពិបាក ដើម្បីស្គាល់អំពីអ្វីដែលជា ការប្រសើរបំផុតឬ ការចាំបាច់សម្រាប់អ្នកណាស់ ។ ជីវិតរបស់អ្នកនឹងកាន់តែងាយស្រួល នៅពេលអ្នកទទួលស្គាល់ថាអ្វីដែលព្រះបានធ្វើឲ្យមាននៅក្នុងជីវិតរបស់អ្នក គឺសម្រាប់សេចក្ដីល្អដ៏អស់កល្បជានិច្ចរបស់អ្នក » (Using the Supernal Gift of Prayer » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩ ) ។
សូមគិតពីការអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍មួយ ដែលពួកគេមាន នៅពេលព្រះវរបិតាសួគ៌ បានឆ្លើយតបរាល់ការអធិស្ឋានរបស់ពួកគេ ដោយនូវអ្វីដែលល្អបំផុតសម្រាប់ពួកគេ ។ អ្នកអាចចែកចាយបទពិសោធន៍របស់អ្នកផងដែរ ។
សូមពន្យល់ថា នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៦យើងដឹងថា វិធីមួយដែលព្រះទំនាក់ទំនងនឹងយើងគឺ « ដូចជាសំឡេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅក្នុងទីរហោស្ថាន » ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៦ ដោយស្ងាត់ស្ងៀម រកមើលពីរបៀបដែលសំឡេងរបស់ព្រះឮមកកាន់យើង ។
-
ស្របតាមខគម្ពីរនេះ តើសំឡេងរបស់ព្រះដូចជា « សំឡេងនៃមនុស្សម្នាក់កំពុងតែស្រែកនៅក្នុងទីរហោស្ថាន » យ៉ាងដូចម្ដេច ?
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះបានគង់នៅជិតអ្នក ទោះបីជាអ្នកពុំបានឃើញទ្រង់ក៏ដោយនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៧-៦៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវរបៀបបន្ថែមដែលយើងអាចចូលទៅជិតនឹងព្រះអម្ចាស់ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមសរសេរនូវសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖បើសិនជាភ្នែករបស់ខ្ញុំស្មោះត្រង់ទាំងស្រុងទៅចំពោះសិរីល្អរបស់ព្រះ នោះ…
សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍ដោយប្រើនូវអ្វីដែលពួកគេបានរៀនក្នុងខ ៦៧ ។ សេចក្ដីថ្លែងការណ៍អាចអានដូចតទៅនេះ ៖ បើសិនជាភ្នែករបស់ខ្ញុំស្មោះត្រង់ទាំងស្រុងទៅចំពោះសិរីល្អរបស់ព្រះ នោះខ្ញុំនឹងបានពោរពេញទៅដោយពន្លឺ ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សគូសចំណាំគោលការណ៍នេះ ដូចមាននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៧ ។
-
តើអ្នកគិតថា ភ្នែករបស់អ្នក « ស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អរបស់ [ព្រះអម្ចាស់] មានន័យយ៉ាងណា ?» ( នៅពេលសិស្សឆ្លើយតបចំពោះសំណួរនេះ ពួកគេអាចនឹងប្រាប់អំពីឧទាហរណ៍ជាក់លាក់ផ្សេងពីនេះ ។ តែសូមប្រាកដថា ពួកគេយល់ថា ជាទូទៅ ឃ្លានោះមានន័យថា លះបង់ទាំងស្រុងចំពោះកិច្ចការ និងគោលបំណងទាំងឡាយរបស់ព្រះ ) ។
-
សូមគិតអំពីមនុស្សដែលអ្នកស្គាល់ ដែលហាក់ដូចជាបានពោរពេញទៅដោយពន្លឺរបស់ព្រះអម្ចាស់ ។ តើអ្នកមើលឃើញពន្លឺនេះនៅក្នុងខ្លួនពួកគេដោយវិធីណា ?
-
ស្របតាមខ ៦៨តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះ សម្រាប់គំនិតរបស់យើងដើម្បីស្មោះត្រង់ទាំងស្រុងចំពោះព្រះ ? ( អ្នកអាចនឹងចង់ពន្យល់ថា ឃ្លា « ញែកខ្លួនអ្នករាល់គ្នាជាបរិសុទ្ធ » សំដៅទៅលើតម្រូវការរបស់យើង ដើម្បីបានបរិសុទ្ធ និងស្អាតពីអំពើបាប ។ យើងបានក្លាយជាញែកចេញបរិសុទ្ធតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងប្រែចិត្តពីអំពើបាបរបស់យើង ទទួលពិធីបរិសុទ្ធនៃបព្វជិតភាព ហើយរក្សាសេចក្ដីសញ្ញាទាំងឡាយរបស់យើង ) ។
សូមអញ្ជើញសិស្សឲ្យអានឡើងវិញនូវគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលអ្នកបានសរសេរនៅលើក្ដារខៀន ។ បន្ទាប់មក សុំពួកគេឲ្យនឹកស្រមៃថា ពួកគេកំពុងសម្លឹងមើលទៅហ្វូងតារាជាមួយមិត្តម្នាក់ ដែលមានអារម្មណ៍ថា ព្រះពុំបានដឹងអំពីគាត់ ឬនាងទេ ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ នូវអ្វីដែលពួកគេនឹងនិយាយទៅកាន់មិត្តរបស់គេនោះ ដោយប្រើគោលការណ៍នៅលើក្ដារខៀន ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។ អ្នកអាចនឹងចង់បញ្ចប់ដោយការអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយ ។ អ្នកក៏អាចចែកចាយទីបន្ទាល់របស់អ្នកអំពីឥទ្ធិពលរបស់ព្រះនៅក្នុងជីវិតរបស់អ្នក នៅពេលអ្នកបានខិតខំដើម្បីចូលទៅជិតទ្រង់ផងដែរ ។
« បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ… ជួនកាល យើងអាច… មានអារម្មណ៍ថាខ្លួនពុំសំខាន់ គ្មានអ្នកណាមើលឃើញ ឯកោ ហើយត្រូវបានគេបំភ្លេចចោល ។ ប៉ុន្តែ សូមចងចាំជានិច្ចថា— អ្នកសំខាន់ចំពោះទ្រង់ !…
« ព្រះទតមើលអ្នក ពុំមែនគ្រាន់តែជាមនុស្សរមែងស្លាប់នៅក្នុងភពតូចមួយ ដែលយើងរស់នៅមួយរយៈនេះនោះទេ— ទ្រង់ទតមើលលើអ្នក ក្នុងនាមជាបុត្ររបស់ទ្រង់ ។ ទ្រង់ទតមើលអ្នកជាតួអង្គ ដែលមានសមត្ថភាព និង បានរៀបចំរចនាអ្នកឡើងឲ្យប្រែក្លាយទៅជាដូចនោះ ។ ទ្រង់ចង់ឲ្យអ្នកដឹងថា អ្នកសំខាន់ចំពោះទ្រង់» («You Matter to Him»Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ២២)។