មេរៀនទី ១១៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៩-១០០
សេចក្ដីផ្ដើម
នេះគឺផ្នែកចុងក្រោយនៃមេរៀនទាំងបី ដែលពិភាក្សាពីវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧ ។ វិវរណៈនេះត្រូវបានកត់ត្រានៅក្នុងឆ្នាំ ១៨៣៥, ប៉ុន្តែ « កំណត់ត្រាប្រវត្តិសាស្ត្របញ្ជាក់ថាវិវរណៈភាគច្រើននៃ ខ ៦០ ដល់ខ ១០០ បញ្ចូលវិវរណៈដែលបានប្រទានឲ្យតាមរយៈ យ៉ូសែប ស៊្មីធ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ » ( បុព្វកថាក្នុង គ. និង ស. ១០៧ ) ។ ខគម្ពីរដែលបានពិភាក្សានៅក្នុងមេរៀននេះ រួមមានព្រះបន្ទូលរបស់ព្រះអម្ចាស់អំពីការប្រតិបត្តិពីបុរាណនៃការផ្ទេរបព្វជិតភាពមិលគីស្សាដែកពីឪពុកមកកូនប្រុស ។ វាក៏បានផ្ដល់នូវការណែនាំទាក់ទងនឹង តួនាទីរបស់ថ្នាក់ដឹកនាំបព្វជិតភាពផ្សេងៗផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៩-៥៧
ព្រះអម្ចាស់បានបើកសម្ដែងថា បព្វជិតភាពមិលគីស្សាដែកត្រូវបានផ្ទេរមកពីសម័យបុរាណពីឪពុកទៅកូនប្រុស
មុនពេលចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើស្ថានភាពអ្វីខ្លះដែលអ្នកកំពុងជួបប្រទះ ឬនឹងជួបប្រទះក្នុងពេលឆាប់ៗ ហើយអ្នកអាចទទួលប្រយោជន៍ពីការដឹកនាំ ឬការលួងលោមពីព្រះវរបិតាសួគ៌របស់អ្នកនោះ ?
នៅពេលចាប់ផ្ដើមមេរៀន សូមឲ្យសិស្សគិតពីសំណួរនេះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេ ។ នៅពេលដែលសិស្សចាប់ផ្ដើមការពិភាក្សាសម្រាប់ថ្ងៃនេះនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩–១០០សូមលើកទឹកចិត្តពួកគេឲ្យរកមើលគោលការណ៍ដែលអាចជួយពួកគេទទួលបានការដឹកនាំ និងការលួងលោមចិត្តពីព្រះវរបិតាសួគ៌របស់ពួកគេ ។
សូមរំឮកសិស្សថានៅក្នុងមេរៀនមុន ពួកគេបានរៀនអំពីគណៈប្រធានទីមួយ កូរ៉ុមនៃពួកដប់ពីរនាក់ និងក្រុមចិតសិបនាក់ ។ សូមសូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៩ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ រកមើលតួនាទីមួយរបស់ពួកសាវកដប់ពីរនាក់ ។ សូមពន្យល់ថាពាក្យ អ្នកធ្វើការងារបម្រើខាងការផ្សាយដំណឹងល្អ សំដៅទៅលើអ្នកដែលកាន់តំណែងលោកអយ្យកោនៅក្នុងបព្វជិតភាពមិលគីស្សាដែក ( សូមមើល Guide to the Scriptures, « Evangelist » scriptures.lds.org; Bible Dictionary, « Evangelist » ) ។
-
យោងតាម ខ ៣៩តើលោកអយ្យកោត្រូវបានតែងតាំងឲ្យកាន់តំណែងយ៉ាងដូចម្ដេច ? ( ពេលសិស្សឆ្លើយ សូមជួយពួកគេឲ្យយល់ពីសេចក្ដីពិតដូចខាងក្រោម ៖ លោកអយ្យកោត្រូវបានហៅដោយវិវរណៈ ហើយត្រូវបានតែងតាំងនៅក្នុងការដឹកនាំរបស់ពួកសាវកដប់ពីរនាក់ ) ។
សូមឲ្យសិស្សពន្យល់ពីតួនាទីរបស់អ្នកដែលកាន់តំណែងលោកអយ្យកោ ។ ( លោកអយ្យកោផ្ដល់ការប្រទានពរបព្វជិតភាពពិសេស ដែលហៅថា ពររបស់លោកអយ្យកោ ដល់សមាជិកសក្ដិសមក្នុងសាសនាចក្រទាំងអស់ ) ។ បន្ថែមពីលើនោះ សូមសួរថាតើមាននរណាម្នាក់អាចរំឮកដល់សិស្សក្នុងថ្នាក់ ថាពររបស់លោកអយ្យកោជាអ្វី ។ ( ពររបស់លោកអយ្យកោរួមមានការប្រឹក្សារបស់ព្រះអម្ចាស់ សម្រាប់បុគ្គលម្នាក់ៗ និងប្រកាសពីពូជពង្សរបស់បុគ្គលនោះនៅក្នុងខ្សែស្រឡាយនៃសាសន៍អ៊ីស្រាអែល ។ សូមមើល ពិតចំពោះសេចក្ដីជំនឿ៖ ឯកសារយោងនៃដំណឹងល្អ[ ឆ្នាំ ២០០៤ ] « Patriarchal Blessings» ទំព័រ ១១១-១៣ ) ។
អ្នកអាចអញ្ជើញសិស្សដែលបានទទួលពររបស់លោកអយ្យកោ ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីការបម្រើរបស់លោកអយ្យកោក្នុងស្តេក ។ ( សូមដាស់តឿនសិស្សថា ពររបស់លោកអយ្យកោជាពរដ៏ពិសិដ្ឋ ហើយផ្ទាល់ខ្លួន ហើយពួកគេមិនគួរចែកចាយជាមួយមនុស្សទូទៅ ក្រៅពីសមាជិកគ្រួសារនោះទេ ) ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យនៃការទទួលពររបស់លោកអយ្យកោ និងការសិក្សាការប្រឹក្សាដែលមាននៅក្នុងនោះ ។
សូមពន្យល់ថាពាក្យ លោកអយ្យកោ ក៏សំដៅលើឪពុកនៅក្នុងគ្រួសារដែរ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនថា ៖
« ពេលខ្លះ លំដាប់នៃបព្វជិតភាពដែលបាននិយាយនៅក្នុងព្រះគម្ពីរ គឺសំដៅទៅលំដាប់លោកអយ្យកោ ព្រោះថាវាផ្ទេរពីឪពុកទៅកូនប្រុស » ( What I Hope You Will Teach Your Children about the Temple » Ensign, ខែ សីហា ឆ្នាំ ១៩៨៥ ទំព័រ ៩ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៤០ ឲ្យឮៗ ហើយឲ្យសិស្សក្នុងថ្នាក់រកមើលរបៀបដែលបព្វជិតភាពមិលគីស្សាដែកត្រូវបានផ្ទេរនៅសម័យបុរាណ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមចង្អុលបង្ហាញថា នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៤១-៥៧ យើងអានអំពីរឿងមួយចំនួនដែល អ័ដាម បានធ្វើក្នុងនាមជាលោកអយ្យដ៏សុចរិត ។ សូមឲ្យសិស្សអានត្រួសៗក្នុង ខ ៤១–៥០ ដោយស្ងៀមស្ងាត់ ហើយ រកមើលលំនាំ—ពីររបៀបដែលអ័ដាមបានធ្វើដដែលៗនៅពេលលោកធ្វើជាអធិបតីលើគ្រួសាររបស់លោក ។
-
តើសកម្មភាពពីរអ្វីខ្លះ ដែលអ័ដាមធ្វើដដែលៗពេលលោកធ្វើជាអធិបតីលើគ្រួសាររបស់ពួកលោក ? ( លោកបានតែងតាំងកូនចៅបុរសដែលសក្ដិសមកាន់តំណែងបព្វជិតភាព ហើយលោកបានប្រទានពរដល់ពួកគេ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៥៣ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ រកមើលអ្នកដែល អ័ដាម បានប្រទានពរឲ្យ បន្ថែមពីលើកូនចៅបុរសដែលសក្ដិសមរបស់លោក ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( សូមធ្វើឲ្យប្រាកដថា ពួកគេយល់ថា អ័ដាម បានប្រទានពរដល់ពូជពង្សដែលសក្ដិសមរបស់លោកទាំងអស់ រួមទាំងកូនចៅស្រីផងដែរ ) ។
-
តើគំរូរបស់ អ័ដាម អាចធ្វើជាលំនាំសម្រាប់ឪពុកទាំងឡាយយ៉ាងដូចម្ដេច ? ( បន្ទាប់ពីសិស្សឆ្លើយតបហើយ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ឪពុកដែលកាន់បព្វជិតភាពមិលគីស្សាដែក មានសិទ្ធិអំណាចដើម្បីប្រទានពរដល់កូនចៅរបស់ពួកគេ) ។
-
បន្ថែមពីលើការតែងតាំងកូនប្រុសឲ្យកាន់បព្វជិតភាព តើឪពុកអាចផ្ដល់ការប្រសិទ្ធពរបព្វជិតភាពដល់កូនប្រុស ឬកូនស្រីនៅពេលណា ? ( ចម្លើយអាចរួមមានថា ឪពុកអាចចាត់ចែងការប្រសិទ្ធពរបព្វជិតភាពក្នុងពេលដែលមានជម្ងឺ និងផ្ដល់ការដឹកនាំ ឬការលួងលោម ) ។
សូមពន្យល់ថា បន្ថែមពីលើការប្រទានពរដល់កូនចៅរបស់ពួកគេ អ្នកកាន់បព្វជិតភាពមិលគីស្សាដែក អាចប្រសិទ្ធពរដល់សមាជិកគ្រួសារផ្សេងទៀត និងដល់អ្នកផ្សេងទៀតដែលសូមការប្រសិទ្ធពរ ។ សូមឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« គេហដ្ឋានដែលគ្មានបព្វជិតភាព ត្រូវតែទទួលបានការមើលការខុសត្រូវ និងបម្រើដោយកូរ៉ុមនៃបព្វជិតភាព ។។ ការធ្វើបែបនេះ នឹងនាំឲ្យគ្មានការស្រេកឃ្លានពរជ័យក្នុងចំណោមសមាជិកនៃសាសនាចក្រឡើយ » ( The Power of the Priesthood » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១០,ទំព័រ ៩ ) ។
សូមឲ្យសិស្សប្រាប់អំពីពេលវេលា ដែលពួកគេបានទទួលប្រយោជន៍ពីការទទួលការប្រសិទ្ធពរបព្វជិតភាព ពីឪពុករបស់គេ ឬពីអ្នកកាន់បព្វជិតភាពផ្សេងទៀត ។ បើពួកគេពុំទាន់មានឱកាសដើម្បីទទួលពរបព្វជិតភាពទេនោះ សូមឲ្យពួកគេគិតពីរបៀបដែលគេអាចទទួលប្រយោជន៍ ពីការស្វែងរកពរជ័យនោះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍ និងគំនិតរបស់ពួកគេ ។
សូមឲ្យពួកគេមើលសំណួរដែលអ្នកបានសរសេរនៅលើក្ដារខៀន មុនពេលចាប់ផ្ដើមមេរៀន ។ សូមចែកចាយសក្ខីភាពរបស់អ្នកថា សិស្សអាចស្វែងរកការដឹកនាំ និងការលួងលោមពីព្រះវរបិតាសួគ៌ តាមរយៈពររបស់លោកអយ្យកោ និងតាមរយៈពរជ័យបព្វជិតភាពដែលបានចាត់តាំងដោយឪពុករបស់ពួកគេ ឬអ្នកកាន់បព្វជិតភាពផ្សេងទៀត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៥៨-១០០
ព្រះអម្ចាស់បើកសម្ដែងតួនាទីរបស់ប្រធាននៃកូរ៉ុមបព្វជិតភាព
ជាការរំឭកខ្លីមួយ សូមសរសេរពាក្យ បព្វជិតភាពមិលគីស្សាដែក និង បព្វជិតភាពអើរ៉ុន នៅលើក្តារខៀន ។ សូមសូមឲ្យសិស្សសរសេរតំណែងនៃបព្វជិតភាពនៅក្រោមចំណងជើងដែលត្រឹមត្រូវ ។ សូមសូមឲ្យសិស្សម្នាក់សរសេរតំណែងមួយនៃបព្វជិតភាព ហើយហុចដីស ឬហ្វឺតបន្តឲ្យសិស្សម្នាក់ទៀត សូមបន្តធ្វើសកម្មភាពនេះរហូតដល់សិស្សបានសរសេរតំណែងទាំងអស់នៃបព្វជិតភាព ។ សូមលើកទឹកចិត្តសិស្សឲ្យជួយគ្នាទៅវិញទៅមកនៅពេលចាំបាច់ ។ ( តំណែងនៃបព្វជិតភាពមិលគីស្សាដែករួមមាន អែលឌើរ សង្ឃជាន់ខ្ពស់ លោកអយ្យកោ ពួកចិតសិបនាក់ និង សាវក ។ តំណែងនៃបព្វជិតភាពអើរ៉ុនមាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ) ។
-
តើកូរ៉ុមនៃបព្វជិតភាពគឺជាអ្វី ? ( ជាក្រុមដែលបានរៀបចំឡើងដែលមានបងប្អូនប្រុសដែលកាន់តំណែងបព្វជិតភាពដូចគ្នា ) ។
សូមអញ្ជើញសិស្សម្នាក់ឡើងមកក្ដារខៀន ហើយគូសរង្វង់លើតំណែងបព្វជិតភាពណាដែលត្រូវបានរៀបចំជាកូរ៉ុម ។ សូមលើកទឹកចិត្តសិស្សឲ្យជួយគ្នាតាមការគួរ ។ ( តំណែងខាងក្រោមនេះមានកូរ៉ុម ៖ សាវក ពួកចិតសិបនាក់ សង្ឃជាន់ខ្ពស់ អែលឌើរ សង្ឃ គ្រូ និង ឌីកុន ។ អ្នកអាចពន្យល់ថា ស្តេកនិមួយៗមានកូរ៉ុមសង្ឃជាន់ខ្ពស់មួយ ដែលមានប្រធានស្តេកគឺជាប្រធានកូរ៉ុមនោះ ។ នៅក្នុងវួដនិមួយៗ ពួកសង្ឃជាន់ខ្ពស់ត្រូវបានរៀបចំជាក្រុមសង្ឃជាន់ខ្ពស់មួយ ) ។
សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៦០–៦៣, ៨៥–៨៩, ៩៣–៩៤ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលចំណុចរួមមួយអំពីកូរ៉ុមទាំងនេះដែលបាននិយាយនៅក្នុងខគម្ពីរទាំងនេះ ។
-
យោងតាមខគម្ពីរទាំងនេះ តើកូរ៉ុមបព្វជិតភាពទាំងនេះមានអ្វីដែលដូចគ្នា ? ( សូមជួយសិស្សប្រាប់អំពីសេចក្ដីពិតដូចខាងក្រោម ៖ ប្រធានត្រូវបានចាត់តាំងឲ្យធ្វើជាអធិតី ហើយចាត់តាំងកិច្ចការដល់កូរ៉ុមបព្វជិតភាពម្នាក់ៗ ) ។
-
យោងតាម ខ ៨៧-៨៨តើកូរ៉ុមសង្ឃខុសពីកូរ៉ុមឌីកុន និង កូរ៉ុមគ្រូយ៉ាងដូចម្តេចខ្លះ ? ( ប៊ីស្សពនៅវួដធ្វើជាអធិបតីលើកូរ៉ុមសង្ឃ ។ គាត់ក៏ធ្វើជាអធិបតីលើអ្នកកាន់បព្វជិតភាពអើរ៉ុនទាំងអស់នៅក្នុងវួដផងដែរ ។ នៅក្នុងសាខា ប្រធានសាខាដើរតួជាប្រធាននៃកូរ៉ុមសង្ឃ ) ។
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ដែលកូរ៉ុមនៃបព្វជិតភាពនិមួយៗមានប្រធានម្នាក់ ? តើប្រធានកូរ៉ុមបព្វជិតភាព អាចជួយសមាជិកកូរ៉ុមរបស់គាត់យ៉ាងដូចម្ដេច ?
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៨-៨៤ ដោយពន្យល់ថា ខគម្ពីរទាំងនេះ ផ្ដល់ការបង្រៀនទាក់ទងនឹងការិយាល័យប៊ីស្សព និងតួនាទីក្រុមប្រឹក្សាសាសនាចក្រ ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៥-៦៦ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់កត់សម្គាល់អ្នកដឹកនាំសាសនាចក្រ ដែលធ្វើជាអធិបតីលើអ្នកកាន់បព្វជិតភាពទាំងអស់ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមប្រាកដថា ពួកគេយល់ថាខគម្ពីរទាំងនេះសំដៅលើប្រធានសាសនាចក្រ ។
សូមសូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៧ ៩១-៩២ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់រកមើលពាក្យ និងឃ្លាដែលពិពណ៌នាពីសិទ្ធិអំណាច និងទំនួលខុសត្រូវនៃប្រធានសាសនាចក្រ ។
-
ស្របតាមខគម្ពីរទាំងនេះ តើអ្នកនឹងសង្ខេបសិទ្ធិអំណាច និងទំនួលខុសត្រូវជាប្រធានសាសនាចក្រយ៉ាងដូចម្ដេច ? ( ទោះជាសិស្សអាចប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែស្គាល់សេចក្ដីពិតដូចខាងក្រោម ៖ ប្រធានសាសនាចក្រមានសិទ្ធិអំណាចគ្រប់គ្រងពិធីបរិសុទ្ធ និងពរជ័យទាំងអស់ ហើយធ្វើជាអធិបតីលើសាសនាចក្រទាំងមូល ។ អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្សសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ) ។
សូមបង្ហាញរូបភាពរបស់ព្យាការីសាសនាចក្របច្ចុប្បន្ន ។
-
តើវិធីអ្វីខ្លះ ដែលអ្នកត្រូវបានប្រទានពរឲ្យដោយសារតែសិទ្ធិអំណាចបព្វជិតភាព ដែលកាន់ដោយប្រធានសាសនាចក្រ ?
សូមចង្អុលបង្ហាញថា សមាជិកសាសនាចក្រមួយចំនួនអាចមានអារម្មណ៍ថា ការហៅបម្រើ ឬទំនួលខុសត្រូវរបស់ពួកគេនៅក្នុងសាសនាចក្រ មិនសំខាន់ ។ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមឲ្យឮៗ ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមពន្យល់ថា ប្រធាន ហ៊ិងគ្លី បានមានប្រសាសន៍ពីការណ៍នេះដល់សមាជិកសាសនាចក្រទាំងអស់ ។
« ទំនួលខុសត្រូវក្នុងការហៅបម្រើរបស់អ្នក សំខាន់ដូចជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងហៅបម្រើរបស់ខ្ញុំដែរ ។ គ្មានការហៅបម្រើមួយណានៅក្នុងសាសនាចក្រ ដែលមិនសំខាន់នោះទេ ។ យើងទាំងអស់គ្នាខិតខំបំពេញតួនាទីរបស់យើង ដើម្បីប្រទានពរដល់ជីវិតរបស់អ្នកដទៃ » ( « This Is the Work of the Master » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៧១ ) ។
-
តើអ្នកគិតថា « គ្មានការហៅបម្រើមួយណានៅក្នុងសាសនាចក្រ ដែលមិនសំខាន់ » មានន័យយ៉ាងណា ?
-
តើសេចក្ដីថ្លែងការណ៍របស់ប្រធាន ហ៊ិងគ្លី បង្រៀនអ្នកអំពីទំនួលខុសត្រូវអ្វីខ្លះនៅក្នុងសាសនាចក្រ ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩៩-១០០ ដោយស្ងាត់ស្ងៀម ហើយគិតពីរបៀបដែលសេចក្ដីថ្លែងការណ៍របស់ប្រធាន ហ៊ិងគ្លី ទាក់ទងនឹងខគម្ពីរទាំងនេះ ។
-
យោងតាម ខ ៩៩-១០០តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីមានភាពសក្ដិសមនៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ? ( សិស្សគួររកឃើញគោលការណ៍ដូចខាងក្រោម ៖ ដើម្បីមានភាពសក្ដិសមនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ យើងត្រូវរៀនពីតួនាទីរបស់យើង ហើយបំពេញតួនាទីនោះដោយឧស្សាហ៍ ) ។ អ្នកអាចផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ) ។
ទោះជាខគម្ពីរទាំងនេះ សំដៅត្រង់ចំពោះអ្នកកាន់បព្វជិតភាពក្ដី តែគោលការណ៍ដែលខគម្ពីរទាំងនោះបង្រៀន អនុវត្តចំពោះសមាជិកសាសនាចក្រទាំងអស់ ។
សូមចែកសិស្សជាគូៗ ។ សូមឲ្យពិភាក្សាអំពីសំណួរខាងក្រោម ៖ សូមអានសំណួរម្ដងមួយ ឬសរសេរវានៅលើក្ដារខៀន ។
-
តើអ្នកធ្លាប់បានទទួលពរមកពីការបម្រើ នៃសមាជិកសាសនាចក្រម្នាក់ដែលបំពេញកាតព្វកិច្ចរបស់គាត់ដោយឧស្សាហ៍ព្យាយាមដែលឬទេ ?
-
តើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីរៀនពីកាតព្វកិច្ចរបស់អ្នក ហើយប្រតិបត្តិដោយសេចក្តីឧស្សាហ៍គ្រប់ជំពូកដើម្បីបំពេញកាតព្វកិច្ចនោះ ?
សូមផ្ដល់ឱកាសឲ្យសិស្សថ្លែងទីបន្ទាល់ ពីសារៈសំខាន់នៃ ការបំពេញតួនាទីរបស់យើងនៅក្នុងសាសនាចក្រ និងនៅក្នុងក្រុមគ្រួសាររបស់យើង ។ សូមឲ្យពួកគេកំណត់គោលដៅ ដើម្បីបំពេញតួនាទីរបស់ពួកគេដោយឧស្សាហ៍ ។