មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣-១០១; ១០២-១០៥ ( មេរៀនទី ២២ )
សេចក្តីផ្ដើម
មេរៀននេះនឹងជួយសិស្សឲ្យអនុវត្តមេរៀននានានៃជំរំស៊ីយ៉ូននៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥
ព្រះអម្ចាស់បើកសម្ដែងនូវអ្វីៗដែលពួកបរិសុទ្ធត្រូវតែធ្វើ ទាក់ទងនឹងឧបសគ្គនានានៅក្នុងដែនដីស៊ីយ៉ូន
ពីមុនចាប់ផ្តើមថ្នាក់, សូមស្វែងរកពែងក្រដាសមួយ កៅស៊ូកងមួយ និង ខ្សែបីចង្វាយ។ រង្វង់របស់កៅស៊ូកងត្រូវតែតូចជាងរង្វង់របស់ពែងក្រដាស ។ សូមចងខ្សែទាំងនោះជាប់នឹងកៅស៊ូកងដោយប្រវែងស្មើគ្នា ។
សូមចាប់ផ្ដើមមេរៀនដោយសូមអ្នកស្ម័គ្រចិត្តបីនាក់ ។ សូមដាក់ពែងនៅលើផ្ទៃរាបស្មើ ហើយបង្គាប់ឲ្យអ្នកស្ម័គ្រចិត្តទាំងនោះចាប់លើកពែងឡើងដោយប្រើតែកៅស៊ូកង និង ខ្សែនោះប៉ុណ្ណោះ ។ សូមប្រាប់ពួកគេថាពួកគេពុំអាចបះកៅស៊ូកងឡើយ ពួកគេត្រូវតែកាន់តែខ្សែ ។ ( ដើម្បីសម្រេចកិច្ចការនេះ សិស្សនឹងត្រូវធ្វើការជាមួយគ្នា ហើយទាញខ្សែរៀងៗខ្លួនព្រមគ្នា ដោយប្រើកម្លាំងឲ្យស្មើគ្នា ដើម្បីពង្រីកកៅស៊ូកងឲ្យធំល្មមដើម្បីដាក់វាជុំវិញពែងនោះ ហើយលើកវាឡើង ) ។
បន្ទាប់ពីសិស្សបានបំពេញសកម្មភាពនេះហើយសូមសួរសំណួរខាងក្រោម ៖
-
តើការរួបរួមគ្នាដើរតួយ៉ាងណាខ្លះនៅក្នុងការសម្រេចនូវកិច្ចការនេះ ?
សូមរំឭកសិស្សថា អំឡុងពេលការសិក្សារបស់ពួកគេកាលពីសប្តាហ៍មុន នោះពួកគេបានមានឱកាសសិក្សាវិវរណៈពីព្រះអម្ចាស់ទាក់ទងនឹងជំរំស៊ីយ៉ូន និង បេសកកម្មរបស់វាដើម្បីជួយពួកបរិសុទ្ធដែលនិរទេសនៅក្នុងទីក្រុងស៊ីយ៉ូន ។ សូមលើកទឹកចិត្តសិស្សឲ្យរកមើលការរួបរួមគ្នាដើរតួនៅក្នុងការព្យាយាមរបស់ពួកបរិសុទ្ធ ដើម្បីទទួលកម្មសិទ្ធិវិញនៃដែនដីស៊ីយ៉ូនតាមរយៈមេរៀនថ្ងៃនេះ ។
សូមអញ្ជើញសិស្សឲ្យប្រាប់ពីរឿងនៃជំរំស៊ីយ៉ូន ដោយផ្អែកលើអ្វីដែលពួកគេបានអាននៅក្នុងការសិក្សារបស់ពួកគេនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣ និង ១០៥។ សំណួរខាងក្រោមនេះអាចត្រូវបានសួរ ដើម្បីជួយសិស្សនៅពេលពួកគេរំឮកពីអ្វីដែលពួកគេបានរៀន ៖
-
ហេតុអ្វីពួកបរិសុទ្ធនៅក្នុងទីក្រុងស៊ីយ៉ូន ( ឃុំចាកសុន រដ្ឋមិសសួរី ) ត្រូវការជំនួយ? ( ពួកគេត្រូវបានបង្ខំឲ្យចាកចេញពីដែនដីរបស់ខ្លួនដោយពួកជនកំណាច ) ។
-
តើជំរំស៊ីយ៉ូនគឺជាអ្វី ? ( ក្រុមមួយដែលមានបុរសជាង ២០០នាក់ ស្ត្រី ១២នាក់ និង កូនក្មេង ៩នាក់—បានស្ម័គ្រចិត្ត ហើយជ្រើសរើស—ដឹកនាំដោយព្យាការីយ៉ូសែប ស្ម៊ីធ ហើយបានរៀបចំឡើងតាមការគោរពចំពោះការណែនាំរបស់ព្រះអម្ចាស់ ) ។
-
តើគោលបំណងចម្បងរបស់ជំរំស៊ីយ៉ូនគឺជាអ្វី ? ( នាំយកធនធានដ៏ចាំបាច់នានាទៅកាន់ពួកបរិសុទ្ធដែលនិរទេសនៅរដ្ឋមិសសួរី ហើយជួយពួកគេក្នុងការទាមទារមកវិញនូវដែនដីរបស់ពួកគេនៅក្នុងឃុំចាកសុន ) ។
សូមរំឭកសិស្សថាវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥ ត្រូវបានប្រទានឲ្យនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ បន្ទាប់ពីក្រុមជំរំស៊ីយ៉ូនកំពុងធ្វើដំណើរអស់ជិតប្រាំពីរសប្តាហ៍ និង បានចម្ងាយប្រមាណតែ ១០ ទៅ ២០ ម៉ាយ ( ប្រហែល ១៥–៣០គីឡូម៉ែត្រ ) ពីឃុំចាកសុន ។ សូមសួរសិស្សប្រសិនបើមាននរណាម្នាក់អាចប្រាប់ពីការណែនាំរបស់ព្រះអម្ចាស់ ដែលបានប្រទានឲ្យនៅពេលនោះដល់ក្រុមជំរំស៊ីយ៉ូនទាក់ទងនឹងសេចក្តីប្រោសលោះនៃស៊ីយ៉ូន ។ ( ពួកគេត្រូវរង់ចាំជួយពួកបរិសុទ្ធដែលនិរទេសឲ្យទាមទារយកវិញនូវដែនដីស៊ីយ៉ូនវិញ ។ ប្រសិនបើសិស្សត្រូវការជំនួយពីការចងចាំពីព័ត៌មានលម្អិតនេះ សូមអញ្ជើញពួកគេឲ្យមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៩) សារចុះសារឡើង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៣-៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រំឭកពីហេតុផលមួយចំនួនដែលព្រះអម្ចាស់បានប្រទាននូវការពន្យាពេលនៃសេចក្តីប្រោសលោះនៃស៊ីយ៉ូន ។
-
តើមានហេតុផលអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានចំពោះការពុំស្តារឡើងវិញដល់ពួកបរិសុទ្ធនូវដែនដី និង ផ្ទះសម្បែងរបស់ខ្លួននៅក្នុងក្រុងស៊ីយ៉ូននៅពេលនោះ ?
-
តើគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីខគម្ពីរទាំងនេះ អំពីអ្វីដែលយើងត្រូវតែធ្វើដើម្បីកសាងក្រុងស៊ីយ៉ូននោះ ? ( សិស្សអាចផ្តល់គោលការណ៍ផ្សេងៗគ្នា ប៉ុន្តែសូមជួយពួកគេឲ្យរកឃើញគោលការណ៍ខាងក្រោមនេះ ៖ យើងត្រូវតែរួបរួមគ្នា ហើយគោរពធ្វើតាមអ្វីៗទាំងអស់ដែលព្រះស្នើសុំ ដើម្បីឲ្យទីក្រុងស៊ីយ៉ូនត្រូវបានស្ថាបនាឡើង ។ អ្នកអាចចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរឡើងពីគោលការណ៍នេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ សូមឲ្យសិស្សក្នុងថ្នាក់ស្តាប់ការពន្យល់របស់អែលឌើរ គ្រីស្តូហ្វឺសិនអំពីអត្ថន័យនៃក្រុងស៊ីយ៉ូន និង អ្វីដែលត្រូវតែកើតឡើងចំពោះវា ដើម្បីវាត្រូវបានស្ថាបនាឡើង ។
« ស៊ីយ៉ូនគឺជាទីតាំងផង និង ជាមនុស្សផង ។…
« ស៊ីយ៉ូន គឺជាក្រុងស៊ីយ៉ូនដោយសារតែចរិត លក្ខណៈ និង ភាពស្មោះត្រង់របស់ពលរដ្ឋនៃក្រុងនោះ ។ សូមចងចាំថា ‹ ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និង គំនិតតែមួយ រស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ › (ម៉ូសេ ៧:១៨) ។ ប្រសិនបើយើងនឹងស្ថាបនាស៊ីយ៉ូននៅក្នុងគេហដ្ឋានសាខា វួដ និង ស្ដេករបស់យើង នោះយើងត្រូវតែចាប់យកបទដ្ឋាននេះ ។ វានឹងចាំបាច់ (១) ដើម្បីមានសាមគ្គីភាពក្នុងដួងចិត្ត ហើយគំនិតតែមួយ (២) ដើម្បីប្រែក្លាយជារាស្ត្រដ៏បរិសុទ្ធទាំងជាបុគ្គល និង ជារួមព្រមទាំង (៣) ដើម្បីមើលថែដល់អ្នកទ័លក្រ និង ទុគ៌ត ដោយមានប្រសិទ្ធភាពដូច្នេះ ដើម្បីយើងលុបបំបាត់ភាពក្រីក្រនៅក្នុងចំណោមពួកយើង ។ យើងពុំអាចរង់ចាំរហូតដល់ក្រុងស៊ីយ៉ូនមកដល់ ដើម្បីមានអ្វីៗទាំងនេះកើតឡើងនោះទេ—ក្រុងស៊ីយ៉ូន នឹងមកដល់តែពេលដែលអ្វីៗទាំងនេះកើតឡើងហើយប៉ុណ្ណោះ » (Come to Zion » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័រ ៣៧, ៣៨ ) ។
សូមគិតពីការសួរសំណួរខាងក្រោមមួយចំនួន ដើម្បីជួយសិស្សឲ្យយល់ដឹងកាន់តែជ្រៅជ្រះអំពីក្រុងស៊ីយ៉ូន ៖
-
តើស៊ីយ៉ូនគឺជាអ្វី ?
-
តើអ្វីខ្លះត្រូវតែកើតឡើងដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ?
-
តើអ្នកគិតថាហេតុអ្វីបានជាការរួបរួមគ្នា និង ការគោរពប្រតិបត្តិ ត្រូវបានតម្រូវឲ្យមានដើម្បីឲ្យស៊ីយ៉ូនត្រូវបានស្ថាបនាឡើង ?
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៣–៥, មនុស្សដែលរួបរួមគ្នាកំពុងគោរពតាមក្រឹត្យវិន័យនៃនគរនៃសិរីល្អណាមួយ ?
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីពង្រឹងសាមគ្គីភាពនៅក្នុងគ្រួសារ ថ្នាក់រៀនក្នុងសាសនាចក្រ ឬ កូរ៉ុមរបស់អ្នក ? តើអ្នកអាចលើកទឹកចិត្តមនុស្សដទៃនៅក្នុងក្រុមទាំងនេះឲ្យរួបរួមគ្នា ហើយគោរពប្រតិបត្តិចំពោះព្រះអម្ចាស់យ៉ាងដូចម្តេច ?
-
តើការធ្វើនូវកិច្ចការទាំងនេះជួយអ្នក និង មនុស្សដទៃឲ្យស្ថាបនាស៊ីយ៉ូនយ៉ាងដូចម្តេច ?
-
តើមានបទពិសោធន៍អ្វីខ្លះដែលបានជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃសាមគ្គីភាពនៅក្នុងក្រុម ?
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីមួយដែលពួកគេអាចធ្វើដើម្បីពង្រឹងសាមគ្គីភាពនៅក្នុងក្រុមគ្រួសារ ឬ ថ្នាក់រៀនក្នុងសាសនាចក្រ ឬ កូរ៉ុមរបស់ពួកគេ ? សូមឲ្យសិស្សពិភាក្សាជាមួយដៃគូអំពីអ្វីដែលពួកគេនឹងធ្វើ ។ សូមថ្លែងទីបន្ទាល់អំពីសារៈសំខាន់នៃការមានភាពសាមគ្គី និងការគោរពប្រតិបត្តិ ពេលយើងព្យាយាមសម្រេចព្រះរាជបំណងរបស់ព្រះអម្ចាស់ ។
សូមពន្យល់ថា ព្រះអម្ចាស់បានរួមបញ្ចូលវិវរណៈនេះនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥ ដោយណែនាំពួកបរិសុទ្ធពីរបៀបដែលពួកគេគប្បីឆ្លើយតបចំពោះមារសត្រូវរបស់ខ្លួន ។ សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៣៨-៤១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយជ្រើសរើសឃ្លា មួយចេញពីខគម្ពីរទាំងនោះ ដែលសង្ខេបពីអ្វីដែលព្រះអម្ចាស់បានដឹកនាំពួកបរិសុទ្ធឲ្យធ្វើ ក្នុងការឆ្លើយតបនឹងពួកអ្នកសង្កត់សង្កិនខ្លួន ។ បន្ទាប់មកសូមឲ្យសិស្សពន្យល់ពីមូលហេតុដែលពួកគេបានជ្រើសរើសឃ្លាទាំងនោះ ។
-
ដោយផ្អែកទៅលើការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ តើពរជ័យអ្វីខ្លះអាចត្រូវបានប្រទានឲ្យប្រសិនបើយើងព្យាយាមបង្កើតសន្តិភាពជាមួយមនុស្សដទៃនោះ ? ( សូមគិតពីការអញ្ជើញសិស្សឲ្យគូសពាក្យ ឬ ឃ្លានានាដែលបង្រៀននូវគោលការណ៍ខាងក្រោមនេះ ៖ ប្រសិនបើយើងព្យាយាមបង្កើតសន្តិភាពជាមួយមនុស្សដទៃ នោះការណ៍គ្រប់យ៉ាងនឹងផ្សំគ្នាសម្រាប់ជាសេចក្តីល្អដល់យើង) ។
-
តើអ្នកធ្លាប់បានឃើញពរជ័យអ្វីខ្លះដែលបានទទួល នៅពេលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ព្យាយាមធ្វើជាអ្នកផ្សះផ្សារគេ ?
សូមលើកទឹកចិត្តសិស្សឲ្យព្យាយាមបង្កើតសន្តិភាព នៅក្នុងទំនាក់ទំនងជាមួយមនុស្សដទៃ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦-១០៨; ១៣៧)
សូមសួរសិស្សប្រសិនបើពួកគេធ្លាប់ឆ្ងល់ពីអ្វីនឹងកើតឡើងដល់មនុស្សដែលស្លាប់ទៅ ដោយពុំបានជ្រមុជទឹក ឬ ដោយពុំបានឮដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ថានៅក្នុងមេរៀនបន្ទាប់ ពួកគេនឹងរកឃើញចម្លើយចំពោះសំណួរនោះ ។ ពួកគេក៏នឹងរៀនផងដែរអំពីឈ្មោះដើមនៃបព្វជិតភាពមិលគីស្សាដែក និង មុខងារនៃតំណែងបព្វជិតភាព ។