មេរៀនទី ៨៥
គោលលទ្ធិ និង សេចក្តីសញ្ញា ៨២-៨៣
បុព្វកថា
នៅក្នុង ខែ មេសា ឆ្នាំ ១៨៣២ ព្យាការីយ៉ូសែប ស្ម៊ីធ និងអ្នកដទៃទៀតបានធ្វើដំណើរទៅកាន់រដ្ឋអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរីដោយគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីស្ថាបនាអង្គការមួយសម្រាប់សា្ថបនាស៊ីយ៉ូនឡើង ហើយមើលថែដល់អ្នកក្រីក្រ ( សូមមើល គ. និង ស. ៧៨ រួមមាន សេចក្ដីណែនាំកណ្ឌ ) ។ នៅថ្ងៃទី ២៦ ខែ មេសា ព្យាការីបានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២អំឡុងក្រុមប្រឹក្សានៃពួកសង្ឃជាន់ខ្ពស់ និងពួកអែលឌើរនៃសាសនាចក្រនៅ អ៊ិនឌីប៉ែនដែនស៍ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានអភ័យទោសដល់បងប្អូនប្រុសចំពោះអំពើរំលងទាំងឡាយរបស់ពួកគេ ហើយបានព្រមានពួកគេឲ្យបែរចេញពីអំពើបាប។ ព្រះអម្ចាស់ក៏បានណែនាំដល់បងប្អូនប្រុសទាំងនេះអំពីរបៀបដើម្បីគ្រប់គ្រងកិច្ចការខាងសាច់ឈាមនៃស៊ីយ៉ូនផងដែរ ។ បួនថ្ងៃក្រោយមក យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៣ដែលព្រះអម្ចាស់បានណែនាំដល់ពួកអែលឌើរនៃសាសនាចក្រអំពីរបៀបមើលថែដល់ពួកស្ត្រីមេម៉ាយ និងកុមារកំព្រា ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១-៧
ព្រះអម្ចាស់ព្រមានដល់អ្នកទាំងឡាយដែលបានទទួលច្រើនមកពីទ្រង់
មុនពេលថ្នាក់ចាប់ផ្ដើម សូមប្រមូលក្រដាសធំៗជាច្រើនសន្លឹកមក ព្រមទាំងហ្វឺតផងដែរ ។ ( នាពេលក្រោយ ក្នុងមេរៀននេះ សិស្សនឹងប្រើរបស់ទាំងនេះដើម្បីធ្វើបញ្ជី ដែលអាចបង្ហាញដល់សិស្សផ្សេងទៀតមើលឃើញ ) ។
សូមចាប់ផ្ដើមមេរៀនដោយសុំឲ្យសិស្សគិតអំពី គ្រាមួយដែលពួកគេបានជំទាស់នឹងមិត្ត ឬសមាជិកសាសនាចក្រ តែក្រោយមកអាចដោះស្រាយវិញបាន។
-
តើអ្នកបានមានអារម្មណ៍យ៉ាងណាដែរ នៅពេលអ្នកបានដោះស្រាយជំទាស់របស់អ្នកនោះ ?
សូមប្រាប់ដល់សិស្សថា ស៊ីឌនី រិកដុន នៅរដ្ឋ អូហៃអូ និង ប៊ីស្សព អែតវើត ប៉ាទ្រិច នៅរដ្ឋ មិសសួរី បានមានអារម្មណ៍ពុំល្អនឹងគ្នាអស់រយៈពេលជាច្រើនខែ ។ នៅក្នុងខែ មេសា ឆ្នាំ ១៨៣២ ព្យាការីយ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំសាសនាចក្រដទៃទៀត បានធ្វើដំណើរទៅកាន់រដ្ឋ មិសសួរី ដោយគោរពប្រតិបត្តិចំពោះបទបញ្ញត្តិរបស់ព្រះអម្ចាស់ ដែលពួកគាត់បាន « អង្គុយប្រឹក្សាជាមួយពួកបរិសុទ្ធ ដែលនៅក្រុងស៊ីយ៉ូន » (គ. និង ស. ៧៨:៩) ។ ពេលពួកលោកមកដល់ នោះការប្រឹក្សាក្នុងក្រុមសង្ឃជាន់ខ្ពស់នៃសាសនាចក្រ បានធ្វើឡើង ។ នៅចន្លោះសម័យប្រជុំសន្និសីទពេលព្រឹក និងពេលរសៀល នោះស៊ីឌនី រិកដុន និង អែតវើត ប៉ាទ្រិច បានដោះស្រាយនូវទំនាស់របស់ពួកលោក ។ វិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២ត្រូវបានទទួលអំឡុងសម័យប្រជុំពេលរសៀល ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រាប់ដល់ ស៊ីឌនី រិកដុន និង អែតវើត ប៉ាទ្រិច អំពីការដោះស្រាយទំនាស់របស់ពួកលោក ។
-
ស្របតាមខ ១តើទំនាក់ទំនងរវាងការអភ័យទោសដល់អ្នកដទៃ និងការទទួលបាននូវការអភ័យទោសរបស់ព្រះអម្ចាស់ គឺជាអ្វី ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:២ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ រកមើលការព្រមានដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ ។
-
តើព្រះអម្ចាស់មានបន្ទូលអ្វីខ្លះដែលនឹងកើតមានដល់អ្នកទាំងឡាយដែលពុំ « បែចេញពីអំពើបាប » ?
ដើម្បីជួយសិស្សយល់នូវអំពើបាបមួយចំនួន ដែលព្រះអម្ចាស់បានសំដៅទៅលើ សូមពន្យល់ថា នៅពេលសមាជិកនៃសាសនាចក្របានផ្លាស់ទៅកាន់រដ្ឋ មិសសួរី នោះមានពួកគេជាច្រើនរូបពុំបានគោរពតាមការទូន្មានរបស់អ្នកដឹកនាំនៃសាសនាចក្រទេ ហើយមួយចំនួនបានបដិសេធឈប់រស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ ជាលទ្ធផល សមាជិកសាសនាចក្រមួយចំនួនទាំងនេះ បានដឹងខ្លួនខុសចំពោះការច្រណែន ការលោភលន់ និងការពុំយកចិត្តទុកដាក់ចំពោះកាតព្វកិច្ច ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៣-៤ ឲ្យឮៗ ។ សូមអញ្ជើញសិស្សឲ្យផ្ទៀងតាម ហើយរកមើលនូវមូលហេតុមួយ ថាហេតុអ្វីក៏ការជំនុំជម្រះដែលបានប្រាប់នៅក្នុងខ ២នឹងកើតមានមកលើអ្នកទាំងឡាយដែលបន្ដស្ថិតនៅក្នុងអំពើបាប ។
-
តើពួកបរិសុទ្ធទាំងនេះ មានគុណសម្បត្តិសក្ដិសមជារាស្ត្រដែលបានទទួល « ពន្លឺកាន់តែធំ » តាមវិធីណា ?
-
តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអំពីទំនួលខុសត្រូវរបស់យើងចំពោះអ្វីដែលទ្រង់បានប្រទានដល់យើង ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរតែប្រាប់អំពីគោលការណ៍ដូចខាងក្រោម ៖ព្រះអម្ចាស់ តម្រូវការយ៉ាងច្រើនពីអ្នកទាំងឡាយ ដែលទ្រង់បានប្រទានឲ្យច្រើន ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំគោលកាណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
ហេតុអ្វីក៏អ្នកគិតថា អ្នកទាំងឡាយដែលបានទទួលច្រើនមកពីព្រះអម្ចាស់ នោះតម្រូវច្រើនពីពួកគេផងដែរយ៉ាងដូច្នេះ ?
សូមបែងចែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ សូមឲ្យទៅក្រុមនិមួយៗនូវក្រដាសមួយផ្ទាំងធំ និងហ្វឺតមួយដើម ។ សូមអញ្ជើញពួកគេឲ្យសរសេរពរជ័យឲ្យបានច្រើនបំផុតដែលពួកគេបានទទួលមកពីព្រះអម្ចាស់ តាមដែលអាចធ្វើទៅបានក្នុងរយៈពេលពីរនាទី ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់បញ្ចូលទាំងពរជ័យទាំងឡាយដែលបានកើតមានចំពោះពួកគេក្នុងនាមជាសមាជិកនៃសាសនាចក្រផងដែរ ។ នៅពេលពួកគេបានសរសេរចប់ សូមដាក់តាំងបញ្ជីនោះនៅខាងមុខថ្នាក់រៀន ហើយសួរសំណួរដូចខាងក្រោម ៖
-
ហេតុអ្វីអ្នកគិតថា យើងសក្ដិសមជារាស្ត្រ « ដែលត្រូវបានប្រទានឲ្យច្រើន » ដូច្នេះ ?
-
ដោយសារតែព្រះអម្ចាស់បានប្រទានដល់យើងយ៉ាងច្រើន តើតម្រូវការមួយចំនួនអ្វីខ្លះដែលទ្រង់តម្រូវពីយើង ?
ដើម្បីជួយសិស្សអនុវត្តគោលការណ៍ចេញមកពីខ ៣សូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេនូវពរជ័យមួយនៃពរជ័យទាំងឡាយដែលពួកគេបានទទួលមកពីព្រះអម្ចាស់ ។ បន្ទាប់មក សូមឲ្យពួកគេសរសេរនូវអ្វីដែលពួកគេបានដឹងថាព្រះអម្ចាស់រំពឹងឲ្យពួកគេធ្វើ ដោយសារតែពួកគេបានទទួលពរជ័យនោះ ។ ទីបំផុត សូមអញ្ជើញពួកគេឲ្យសរសេរគោលដៅមួយនៃអ្វីដែលពួកគេអាចចាប់ផ្ដើមធ្វើដើម្បីបំពេញតាមការរំពឹងទុកនោះ ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៥-៦ដោយពន្យល់ថា ព្រះអម្ចាស់បានព្រមានដល់ពួកបរិសុទ្ធថា ការគ្រប់គ្រង និងអំណាចនៃសាតាំងលើផែនដីកំពុងតែកើនឡើង ។ សូមអានប្រយោគទីបីនៃគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៧ឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់រកមើលនូវការព្រមានបន្ថែមដែលព្រះអម្ចាស់បានប្រទានឲ្យអំពីអំពើបាប ។
-
ស្របតាមខ ៧ហេតុអ្វីបានជាវាសំខាន់ចំពោះអ្នកទាំងឡាយណាដែលប្រែចិត្តឲ្យលះបង់អំពើបាប ? ( នៅពេលយើងបានងាកចេញពីសេចក្ដីសុចរិតទៅរកអំពើបាបដោយការដឹងច្បាស់ នោះ « អំពើបាបពីមុនរបស់យើងនឹងត្រឡប់មកវិញ » ) ។
-
ហេតុអ្វីក៏អ្នកគិតថា អំពើបាបពីមុនរបស់យើងត្រឡប់មកវិញ បើយើងធ្វើបាបដោយចេតនា បន្ទាប់ពីបានស្វែងរកការអភ័យទោសពីព្រះអម្ចាស់ហើយនោះ ? ( សូមជួយសិស្សឲ្យយល់ថា ដើម្បីប្រែចិត្តពេញលេញ ហើយត្រូវបានអភ័យទោស នោះយើងត្រូវតែលះបង់ចោលអំពើបាបរបស់យើង ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៨-២៤
ព្រះអម្ចាស់បញ្ជាបុរសប្រាំបួននាក់ឲ្យបង្កើតសមាគមមួយដើម្បីគ្រប់គ្រងកិច្ចការខាងសាច់ឈាមរបស់សាសនាចក្រ
សូមរៀបចំសិស្សជាគូ ។ សូមឲ្យគូនិមួយៗគិត អំពីស្ថានភាពពីរដែលយុវជន ឬយុវនារីម្នាក់ អាចនឹងត្រូវការនូវការអះអាងថា ព្រះរក្សានូវការសន្យារបស់ទ្រង់ ។ ( ឧទាហរណ៍ យុវនារីម្នាក់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងជីដូននាង ដែលកំពុងតែរងទុក្ខដោយសារជំងឺដែលនឹងត្រូវបញ្ចប់ជីវិតគាត់ ) ។ យុវនារីរូបនេះ អាចនឹងចាំបាច់ត្រូវបានទទួលការអះអាងប្រាប់សារជាថ្មីអំពីការសន្យាទាំងឡាយនៃក្រុមគ្រួសារដ៏អស់កល្បជានិច្ច និងការរស់ឡើងវិញ ) ។ សូមឲ្យសិស្សចែកចាយនូវស្ថានភាពមួយចំនួនរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមពន្យល់ថា អំឡុងពេលនៃក្រុមប្រឹក្សាសង្ឃជាន់ខ្ពស់នៅ រដ្ឋ មិសសួរី នោះព្រះអម្ចាស់បានសន្យាអះអាងជាថ្មីដល់អ្នកទាំងឡាយដែលគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ សូមលើកទឹកចិត្តដល់សិស្សឲ្យរកមើលសេចក្ដីពិតដែលអាចនឹងផ្ដល់នូវការអះអាងដល់អ្នកទាំងឡាយដែលស្ថិតនៅក្នុងស្ថានភាពនានា ដែលពួកគេបានពិភាក្សា នៅពេលពួកគេបន្ដសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២។
សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:៨-៩ដោយស្ងាត់ស្ងៀម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងប្រទានដល់ពួកបរិសុទ្ធអំឡុងក្រុមប្រឹក្សានេះ ។
-
ស្របតាមខ ៨តើព្រះអម្ចាស់មានបន្ទូលថាទ្រង់នឹងប្រទានអ្វីខ្លះ ដល់អ្នកទាំងឡាយដែលមកជួបជុំនៅក្នុងក្រុមប្រឹក្សា ?
-
ចេញពីពីអ្វីដែលអ្នកបានអាននៅក្នុងខ ៨-៩តើទ្រង់មានមូលហេតុអ្វីខ្លះ ចំពោះការចេញនូវបទបញ្ញត្តិថ្មីនេះ ? ( សូមសរសេរចម្លើយរបស់សិស្សនៅលើក្ដារខៀន ) ។
-
តើមូលហេតុទាំងនេះ អនុវត្តចំពោះបទបញ្ញត្តិដែលព្រះអម្ចាស់ប្រទានដល់យើងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១០ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវគោលការណ៍មួយដែលអាចផ្ដល់ទំនុកចិត្តដល់យើង នៅពេលយើងព្យាយាមដើម្បីគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ។
-
តើគោលការណ៍អ្វីខ្លះ ដែលអ្នករកឃើញថា អាចផ្ដល់ទំនុកចិត្តដល់អ្នក នៅពេលអ្នកព្យាយាមគោរពតាមព្រះអម្ចាស់ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែចម្លើយរបស់ពួកគេ គួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖បើសិនជាយើងនឹងគោរពព្រះអម្ចាស់ នោះទ្រង់នឹងរក្សាការសន្យារបស់ទ្រង់ដើម្បីប្រទានពរដល់យើងជានិច្ច )។
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីបទពិសោធន៍ទាំងឡាយ ដែលពួកគេមាន ដែលបានបង្ហាញដល់ពួកគេថា គោលការណ៍នេះពិត ។ សូមទុកពេលឲ្យពួកគេសរសេរអំពីបទពិសោធន៍មួយនៃបទពិសោធន៍ទាំងឡាយនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។ អ្នកក៏អាចនឹងចង់ចែកចាយបទពិសោធន៍មួយចេញពីជីវិតផ្ទាល់របស់អ្នកដែលបានបញ្ជាក់អំពីគោលការណ៍នេះ ។
សូមរំឭកសិស្សថា នៅពេលពួកគេបានសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨នោះពួកគេបានរៀនអំពីរបៀបដែលព្រះអម្ចាស់បានបញ្ជាដល់ពួកអ្នកដឹកនាំសាសនាចក្ររបស់ទ្រង់នៅទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ ឲ្យខិតខំបង្កើតសមាគមមួយដើម្បីគ្រប់គ្រងឃ្លាំងរបស់សាសនាចក្រ និងកិច្ចការបោះពុម្ព ។ សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១១, ១៥-១៧ដោយការប្រាប់ដល់សិស្សថា នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានដឹកនាំការរៀបចំសមាគមនេះពិតៗ--ដែលបានស្គាល់ថា សហសមាគម-- ហើយបានតែងតាំងសមាជិកនៃសមាគមនោះ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១២ ដោយស្ងាត់ស្ងៀម ហើយរកមើលគោលបំណងនៃសហសមាគម ។ នៅពេលពួកគេអាន វាអាចនឹងជាប្រយោជន៍ដើម្បីរំឭកពួកគេថា កាតព្វកិច្ចមួយនៃកាតព្វកិច្ចទាំងឡាយរបស់ប៊ីស្សព គឺដើម្បីជួយដល់សេចក្ដីត្រូវការខាងសាច់ឈាមរបស់សមាជិកសាសនាចក្រ ។
-
ស្របតាមខ ១២តើគោលបំណងនៃសហសមាគមគឺជាអ្វី ?
សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១៤, ១៨-១៩ដោយស្ងាត់ស្ងៀម រកមើលពាក្យ ឬឃ្លានានាដែលពន្យល់បន្ថែមអំពីមូលហេតុដែលព្រះអម្ចាស់បានបញ្ជាឲ្យបង្កើតសហសមាគមនេះ ។
-
ហេតុអ្វីបានជាវាសំខាន់ចំពោះពួកបរិសុទ្ធដើម្បីអភិវឌ្ឍនូវទស្សនៈវិស្ស័យ ដែលបានសំដៅទៅលើ នៅក្នុងខ ១៩ ?
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:២០-២៤ដោយការពន្យល់ថា ព្រះអម្ចាស់បានបញ្ចប់នូវវិវរណៈនេះដោយការព្រមានដល់អ្នកដឹកនាំសាសនាចក្រឲ្យស្មោះត្រង់ចំពោះសេចក្ដីសញ្ញាដែលពួកគេនឹងធ្វើ ក្នុងនាមជាសមាជិកនៃសហសមាគម ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៣
ព្រះអម្ចាស់បើកសម្ដែងអំពីរបៀបដើម្បីមើលថែស្ត្រីមេម៉ាយ និងកុមារកំព្រារ
សូមប្រាប់សិស្សថា រយៈពេលបួនថ្ងៃបន្ទាប់ពីការទទួលបានវិវរណៈ ដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយអំពីរបៀបដើម្បីថ្លែងអំពីបញ្ហាលំបាកក្នុងការយកចិត្តទុកដាក់ចំពោះសេចក្ដីត្រូវការខាងសាច់ឈាមនៃពួកបរិសុទ្ធ ។ សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៣:១ដោយស្ងាត់ស្ងៀម ហើយរកមើលថាតើតម្រូវការរបស់នរណា ដែលបានថ្លែងដោយវិវរណៈនេះ ។
-
តើតម្រូវការរបស់នរណា ដែលត្រូវបានថ្លែងនៅក្នុងវិវរណៈនេះ ?
សូមរំឭកសិស្សថា មានពួកបរិសុទ្ធជាច្រើន កំពុងរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ហើយបានទទួល « កេរមរតក » ឬដីធ្លីពីសាសនាចក្រ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានបើកសម្ដែងនូវអ្វីដែលគប្បីកើតមានឡើងចំពោះកេរមរតករបស់គ្រួសារមួយ បើសិនជាស្វាមី ឬឪពុកបានចែកឋានហើយនោះ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨៣:២-៣ដោយស្ងាត់ស្ងៀម ហើយរកមើលនូវការណែនាំរបស់ព្រះអម្ចាស់អំពីការមើលថែដល់ស្ត្រីដែលបាត់បង់ស្វាមីរបស់ពួកគេ ។
-
បើបុរសម្នាក់ស្លាប់ ហើយភរិយារបស់គាត់បន្ដនៅស្មោះត្រង់ តើពរជ័យអ្វីខ្លះ ដែលភរិយាទទួលបាន ?
សូមពន្យល់ថា នៅគ្រាដែលវិវរណៈនេះត្រូវបានប្រទានឲ្យ ស្ត្រីភាគច្រើនបានពឹងផ្អែកលើស្វាមីរបស់ពួកគេដើម្បីផ្គត់ផ្គង់ខាងសាច់ឈាមរបស់ពួកគេ ។ ដើម្បី « ទទួលការរាប់អាននៅក្នុងសាសនាចក្រ » មានន័យថា ដោយសារតែអ្នកផ្គត់ផ្គង់គ្រួសារទទួលមរណភាព នោះសាសនាចក្រនឹងជួយដល់គាត់នៅពេលគាត់ក្លាយជាអ្នកផ្គត់ផ្គង់តែម្នាក់គត់នៅក្នុងគ្រួសារ ។ សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៣:៤-៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលសាសនាចក្រអាចជួយដល់កុមារកំព្រា និងស្ត្រីមេម៉ាយ ។
-
តើខគម្ពីរទាំងនេះ បង្រៀនអ្នកអំពីរបៀបដែលព្រះអម្ចាស់មានព្រះទ័យចំពោះស្ត្រីមេម៉ាយ កុមារកំព្រា និងអ្នកទាំងអស់ណាដែលខ្វះខាតយ៉ាងណាខ្លះ ?
សូមលើកទឹកចិត្តដល់សិស្សឲ្យដឹងកាន់តែច្រើនអំពីសេចក្ដីត្រូវការរបស់អ្នកទាំងឡាយណាដែលនៅជុំវិញខ្លួនពួកគេ ហើយរកមើលនូវរបៀបដើម្បីអនុវត្តនូវការទូន្មានរបស់ព្រះអម្ចាស់ចំពោះការស្វែងរកចំណូលចិត្តអ្នកជិតខាងរបស់ពួកគេ (សូមមើលគ. និង ស. ៨២:១៩) ។ ដូចបានណែនាំដោយព្រះវិញ្ញាណ សូមបញ្ចប់មេរៀនដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិត ដែលបានបង្រៀននៅក្នុងវិវរណៈនេះ ។