មេរៀនទី ១០៩
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤
បព្វកថា
នៅនិទាឃរដូវឆ្នាំ ១៨៣៤ សាសនាចក្រមានបញ្ហាខាងហិរញ្ញវត្ថុ ហើយកិច្ចប្រឹងប្រែងដើម្បីប្រមូលមូលនិធិសម្រាប់ជំនួយត្រូវបានបរាជ័យ ។ នៅខែ មិនា ឆ្នាំ ១៨៣២ ថ្នាក់ដឹកនាំសាសនាចក្រក្នុងរដ្ឋ អូហៃអូ បានបង្កើតអង្គការមួយដែលហៅថាសហសមាគម ដើម្បីគ្រប់គ្រងពាណិជ្ជកម្មរបស់សាសនាចក្រ ប្រតិបត្តិការអាជីវកម្ម និងផ្នែកជំនួញដែលនឹងជួយស្ថាបនាទីក្រុងស៊ីយ៉ូន និងផ្គត់ផ្គង់ជនក្រីក្រ ( សូមមើល គ. និង ស. ៧៨ ) ។ នៅខែ មេសា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និងសមាជិកដទៃទៀតបានជួបជាមួយពួកអ្នកដឹកនាំនៅរដ្ឋ មិសសួរី ហើយបានរៀបចំសាខាសហសមាគមមួយនៅឃុំ ចាកសុន ( សូមមើល គ. និង ស. ៨២ ) ។ សាខាទាំងពីរនេះ—មួយនៅរដ្ឋ អូហៃអូ ហើយមួយទៀតនៅរដ្ឋ មិសសួរី—បានបន្តរយៈពេលពីរឆ្នាំ ។ នៅក្នុងការប្រជុំមួយដែលធ្វើឡើងនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ១៨៣៤ សមាជិកសមាគមបានសម្រេចចិត្តរំលាយអង្គការនោះចោល ។ ប៉ុន្តែ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយប្រហែលពីរសប្ដាហ៍ក្រោយមក « សហសមាគម ត្រូវបានរៀបចំឡើងវិញ » ហើយ « ទ្រព្យសម្បត្តិទាំងឡាយ ត្រូវចែកជាការកាន់កាប់ត្រួតត្រា នៅក្នុងចំណោមសមាជិកនៃសមាគម ( សេចក្ដីណែនាំកណ្ឌ គ. និង ស. ១០៤ ) ។ នៅក្រោមការដឹកនាំរបស់ យ៉ូសែប ស៊្មីធ ពាក្យ « សមាគម » ត្រូវបានជំនួសដោយពាក្យ « សហសមាគម » នៅក្នុងវិវរណៈនេះ ។ ព្រះអម្ចាស់ក៏បានទូន្មានអ្នកដឹកនាំសាសនាចក្រ ពីបំណុលរបស់ពួកគេ ហើយបានបង្រៀនដល់សមាជិកសាសនាចក្រទាំងអស់ពីរបៀបដែលពួកគេអាចថែទាំដល់ជនក្រីក្រ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១-១៨
ព្រះអម្ចាស់បានប្រទានការណែនាំអំពីសហសមាគម
សូមដាក់វត្ថុធ្ងន់មួយ ( ដូចជាសៀវភៅក្រាស់មួយក្បាល ឬដុំថ្មមួយដុំ ) នៅមុខថ្នាក់រៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យលើកវត្ថុនោះឡើង ដោយប្រើតែម្រាមដៃមួយ ។ វានឹងមានការពិបាក ឬមិនអាចលើកបានឡើយ ប៉ុន្តែសូមឲ្យសិស្សសាកល្បង ។ ហើយសូមអនុញ្ញាតឲ្យសិស្ស ហៅសិស្សដទៃឲ្យជួយលើកវត្ថុនោះ ។ សិស្សដែលជួយ ត្រូវសន្យាថាត្រូវជួយរហូតដល់លើកវត្ថុនោះរួច ហើយពួកគេក៏ត្រូវប្រើតែម្រាមដៃមួយដែរ ។ សូមអនុញ្ញាតឲ្យសិស្សទីមួយបន្តហៅសិស្សថែមទៀត រហូតដល់ពួកគេអាចលើកវត្ថុនោះរួច ។
-
តើអ្វីដែលចាំបាច់ ដើម្បីលើកវត្ថុធ្ងន់នោះ ? ( ចម្លើយអាចរួមមាន ការធ្វើការជាក្រុម សាមគ្គីភាព និងចំណុចផ្សេងៗទៀត ) ។
សូមពន្យល់ថា ពេលចាប់ផ្ដើមសាសនាចក្រដំបូង បញ្ហាហិរញ្ញវត្ថុគឺជាបន្ទុកដ៏ធ្ងន់សម្រាប់សាសនាចក្រ ។ នៅខែ មិនា និង មេសា ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានណែនាំអ្នកដឹកនាំសានាចក្រឲ្យរៀបចំសហសមាគមឡើង ដែលមានសមាជិកធ្វើសន្តិសញ្ញាថានឹងធ្វើការរួមគ្នា ហើយមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យវិស័យពាណិជ្ជកម្ម និងការបោះពុម្ព ដើម្បីកាត់បន្ថយបំណុលរបស់សាសនាចក្រ មើលថែទាំជនក្រីក្រ និងពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។ ដើមឡើយស្ថាប័ននេះ ត្រូវបានហៅថា សហសមាគម ( សូមមើល សេចក្ដីណែនាំកណ្ឌ ៧៨, ៨២, និង ១០៤ នៅក្នុងការបោះពុម្ពឆ្នាំ ២០១៣ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ) ។ នៅនិទារឃរដូវ ឆ្នាំ ១៨៣៤ បំណុលបានធ្វើឲ្យអ្នកដឹកនាំសាសនាចក្រ គិតពីការរំលាយសមាគមចោល ។ នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤ក្នុងនោះ ព្រះអម្ចាស់បានបើកសម្ដែងអ្វីដែលត្រូវធ្វើជាមួយនឹងសហសមាគម និងទ្រព្យសម្បត្តិរបស់វា ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវការណែនាំ នៃក្បាលកណ្ឌ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យអ្នកដឹកនាំសាសនាចក្រធ្វើ ជាមួយនឹងសហសមាគម ។ ( មុនពេលសិស្សអាន សូមពន្យល់ថា ក្រោយមក យ៉ូសែប ស៊្មីធ បានកែប្រែពាក្យ « សមាគម »ទៅជាពាក្យ « សហសមាគម » នៅក្នុងវិវរណៈដែលបានបោះពុម្ព ) ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១-៤ ឲ្យឮៗ ។ សូមសូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមូលហេតុមួយដែលសហសមាគមមានបញ្ហា ។ អ្នកអាចត្រូវពន្យល់ថា នៅក្នុង ខ ៤, ពាក្យ លោភលន់ សំដៅលើបំណងដ៏អត្មានិយមដើម្បីបានអ្វីមួយ ជាធម្មតាគឺអ្វីមួយដែលជាកម្មសិទ្ធិរបស់មនុស្សផ្សេងទៀត ។
-
តើបងប្អូនប្រុសមួយចំនួនបានធ្វើខុសអ្វីខ្លះ ដោយសារតែភាពលោភលន់ ?
សូមរំឭកសិស្សពីវត្ថុសម្រាប់មេរៀន នៅដើមមេរៀន ។ សូមឲ្យពួកគេពិចារណាពីអ្វីនឹងកើតឡើង បើសិស្សមួយចំនួនបានសន្យាថាជួយ ប៉ុន្តែក្រោយមកបែរជាផ្លាស់ប្ដូរគំនិតហើយបានសម្រេចចិត្តចាកចេញ នៅពេលវត្ថុនោះកំពុងត្រូវលើកឡើង ។
សូមសង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៥–១០ ដោយពន្យល់ថា ព្រះអម្ចាស់បានចេញបញ្ញត្តិថាលទ្ធផលនៃការរំលងសេចក្ដីសញ្ញា ដែលទាក់ទងនឹងសហសមាគម នឹងត្រូវបណ្ដាសា ហើយនឹងត្រូវកាត់ចេញពីសាសនាចក្រ ( សូមមើលផងដែរ គ. និង ស. ៧៨:១១–១២; ៨២:១១–២១ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១១-១៣ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល អំពីអ្វីដែលសហសមាគមនឹងទទួលបាន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចពន្យល់ថា អ្នកកាន់កាប់ត្រួតត្រាគឺជាបុគ្គលម្នាក់ដែលត្រូវបានប្រគល់ទំនួលខុសត្រូវឲ្យមើលការខុសត្រូវទ្រព្យសម្បត្តិរបស់មនុស្សផ្សេងទៀត ។
-
ស្របតាម ខ ១២-១៣តើហេតុអ្វីបានជាព្រះអម្ចាស់តាំងឲ្យមានអ្នកកាន់កាប់ត្រួតត្រាលើសមាជិកម្នាក់នៃសហសមាគម ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថានរណាជាម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិដែលនៅក្នុងសហសមាគម ។
-
តើនរណាជាម្ចាស់លើទ្រព្យសម្បត្តិ ដែលត្រូវផ្ដល់ឲ្យសមាជិកសហសមាគម ? ( បន្ទាប់ពីសិស្សឆ្លើយតបហើយ សូមសរសេរឃ្លាដូចខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានបង្កើតផែនដី ហើយអ្វីគ្រប់យ៉ាងដែលនៅលើផែនដី ជារបស់ផងទ្រង់) ។
-
តើសេចក្ដីពិតនេះ មានឥទ្ធិពលលើរបៀបដែលអ្នកគិត និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់អ្នកយ៉ាងដូចម្ដេចខ្លះ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៥-១៨ ដោយស្ងាត់ស្ងៀម ។ សូមសូមពួកគេប្រាប់ពីរបៀបដែលព្រះអម្ចាស់បានបង្រៀន អ្នកកាន់កាប់ត្រួតត្រារបស់ទ្រង់ឲ្យប្រើរបស់នៃលោកិយ ។
-
តើព្រះអម្ចាស់មានព្រះទ័យចង់ឲ្យពួកបរិសុទ្ធរបស់ទ្រង់ត្រូវបានផ្គត់ផ្គង់របៀបណា ?
-
តើអ្នកគិតថា ឃ្លា « មនុស្សទ័លក្រត្រូវបានតម្កើងឡើង ក្នុងការមនុស្សមានត្រូវបានបន្ទាបចុះ » ?
ដើម្បីជួយសិស្សឲ្យយល់ពីអត្ថន័យនៃឃ្លានេះ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឲ្យឮៗ ៖
« របៀបរបស់ព្រះអម្ចាស់រួមមានការជួយមនុស្សឲ្យជួយខ្លួនឯង ។ មនុស្សទ័លក្រត្រូវបានតម្កើងឡើង ដោយសារពួកគេធ្វើការសម្រាប់ជំនួយបណ្ដោះអាសន្នដែលពួកគេទទួល ពួកគេត្រូវបានបង្រៀនគោលការណ៍ពិត ហើយពួកគេអាចរួចចេញពីភាពក្រីក្រ ទៅកាន់ភាពខ្លួនទីពឹងខ្លួន ។ អ្នកមានត្រូវបានបន្ទាបចុះ ដោយសារពួកគេមានភាពរាបទាប ក្នុងការចែករំលែកទ្រព្យសម្បត្តិពួកគេដល់មនុស្សទ័លក្រ ដោយសទ្ធា » ( Inspired Church Welfare » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៧៧ )
-
តើគោលការណ៍នៅក្នុង ខ ១៧-១៨ បង្រៀនអំពីទំនួលខុសត្រូវរបស់យើង ដើម្បីជួយអ្នកដទៃអ្វីខ្លះ ? ( សិស្សអាចប្រាប់ពីគោលការណ៍ផ្សេងគ្នា រួមទាំងគោលការណ៍ដូចខាងក្រោម ៖ យើងមានទំនួលខុសត្រូវក្នុងការប្រើអ្វី ដែលព្រះអម្ចាស់បានប្រទានដល់យើង ដើម្បីជួយអ្នកដទៃ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យគិតពី « មនុស្សទ័លក្រ និងមនុស្សទុគ៌ត » ថាពួកគេមិនត្រឹមតែត្រូវការជំនួយខាងហិរញ្ញវត្ថុប៉ុណ្ណោះទេ ពួកគេក៏ត្រូវការជំនួយខាងវិញ្ញាណ ខាងអារម្មណ៍ ខាងផ្លូវចិត្ត និងខាងសង្គមផងដែរ ។ ដូចគ្នាផងដែរ យើងអាចគិតពីភាពសម្បូរសប្បាយរបស់យើង លើសពីប្រាក់កាស ឬទ្រព្យសម្បត្តិដែលយើងមានទៅទៀត ។ ភាពសម្បូរសប្បាយរបស់យើង រួមទាំងពេលវេលា ទេពកោសល្យ ចំណេះដឹង ទីបន្ទាល់ និងជំនាញរបស់យើង ។
-
តើហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដែលយើងត្រូវចែកចាយភាពសម្បូរសប្បាយរបស់យើង ដល់ជនទុគ៌តនោះ ?
-
តើយើងអាចជួយអ្នកដទៃ តាមវិធីរបស់ព្រះអម្ចាស់ដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យគិតពីការប្រឹងប្រែងរបស់ពួកគេក្នុងការជួយមនុស្សទ័លក្រ និងមនុស្សទុគ៌ត ។ សូមឲ្យពួកគេសរសេរគោលដៅមួយ ពីរបៀបដែលពួកគេនឹងប្រើអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យពួកគេ ដើម្បីជួយនរណាម្នាក់ដែលត្រូវការ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤: ១៩-៧៧
ព្រះអម្ចាស់ប្រទានការណែនាំទាក់ទងនឹងសហសមាគម អ្នកកាន់កាប់ត្រួតត្រា និងឃ្លាំង
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៩-៥៣ ដោយពន្យល់ថា ព្រះអម្ចាស់ប្រទានការណែនាំជាក់លាក់អំពីអ្នកកាន់កាប់ត្រួតត្រា ដែលទ្រង់បានចាត់ដល់សមាជិកនៃសហសមាគម ។ សូមសរសេរសេចក្ដីយោងដូចខាងក្រោមនៅលើក្ដារខៀន ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:២៣,២៥, ៣១, ៣៣, ៣៥, ៣៨, ៤២, ៤៦ ។ សូមឲ្យសិស្សអានខគម្ពីរទាំងនេះដោយស្ងៀមស្ងាត់ រកមើលលំនាំដែលព្រះអម្ចាស់សន្យាដល់សមាជិកម្នាក់ៗនៅក្នុងសមាគម ។ សូមអញ្ជើញសិស្សឲ្យរាយការណ៏ ពីអ្វីដែលពួកគេរកឃើញ ។
សូមសួរសិស្សថា តើពាក្យ ឬឃ្លាមួយណាដែលលើកឡើងម្ដងហើយម្ដងទៀតក្នុងខគម្ពីរទាំងនេះ ។ សូមចង្អុលបង្ហាញថា ឃ្លា « ដរាបណា » មានន័យថា « បើតាមដែល » ឬ « ដែលថា » ។
-
តើឃ្លាទាំងនេះអាចបង្រៀនយើងអំពីរបៀបដែលការគោរពរបស់យើងមានឥទ្ធិពលលើពរជ័យដែលយើងបង្រៀនអ្វីខ្លះ ?
សូមសរសេរនៅលើក្ដារខៀននូវឃ្លា ដរាបណាយើងបន្ទាបខ្លួន និងស្មោះត្រង់ នោះព្រះអម្ចាស់ នឹង …
សូមសួរសិស្សពីរបៀបដែលពួកគេនឹងបំពេញគោលការណ៍នេះ ។ ( សូមប្រើពាក្យរបស់គេផ្ទាល់ ដើម្បីបញ្ចប់ គោលការណ៍មិនពេញលេញនៅលើក្ដារខៀន ។ ឧទាហរណ៍ ៖ ដរាបណាយើងបន្ទាបខ្លួន និងស្មោះត្រង់ នោះព្រះអម្ចាស់នឹងប្រទានពរជ័យដល់យើងទ្វេឡើង) ។
-
តើពេលណា ដែលអ្នកបានឃើញនរណាម្នាក់ ត្រូវបានប្រទានពរឲ្យសម្រាប់ការស្មោះត្រង់ នៅក្នុងទំនួលខុសត្រូវរបស់ខ្លួនចំពោះព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀប ដែលពួកគេអាចស្មោះត្រង់ចំពោះទំនួលខុសត្រូវ ដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:៥៤-៧៧ ដោយការពន្យល់ថា ព្រះអម្ចាស់បានប្រទានសេចក្ដីណែនាំសម្រាប់ការស្ថាបនាឃ្លាំង ដើម្បីការពារមូលនិធិដែលនឹងត្រូវប្រើសម្រាប់ជាប្រយោជន៍របស់សាសនាចក្រ ដូចជាការបោះពុម្ពព្រះគម្ពីរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៧៨-៨៦
ព្រះអម្ចាស់ណែនាំដល់ពួកអ្នកដឹកនាំសាសនាចក្រទាក់ទងនឹងបំណុលរបស់សហសមាគម
សូមឲ្យសិស្សពិចារណាថាតើពួកគេធ្លាប់ត្រូវបានសូមឲ្យធ្វើអ្វីមួយ ដែលពួកគេគិតថាមិនអាចទៅរួចដែរឬទេ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។
សូមពន្យល់ថា នៅក្នុងដំណើរការនៃការគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ សហមាគមមានបំណុលយ៉ាងច្រើន ។ ព្រឹត្តិការណ៍មួយចំនួនបានរាំងស្ទះមិនឲ្យសមាគមសងបំណុលបាន ។ ឧទាហរណ៍ ការបំផ្លិចបំផ្លាញរបស់ពួកមនុស្សកំណាចទៅលើម៉ាស៊ីនបោះពុម្ពនៅរដ្ឋ ចាកសុន រដ្ឋ មិសសួរី បានរួមចំណែកដល់បញ្ហាសេដ្ឋកិច្ច ហើយពួកមនុស្សកំណាចបានរាំងស្ទះមិនឲ្យពួកបរិសុទ្ធប្រើឃ្លាំងនៅទីក្រុង អ៊ិនឌីប៉ែនដែនស៍ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៧៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលសេចក្ដីណែនាំរបស់ព្រះអម្ចាស់អំពីបំណុលរបស់សាសនាចក្រ ។
-
តើព្រះអម្ចាស់បានណែនាំឲ្យសមាជិកនៃសហសមាគមធ្វើអ្វីខ្លះ ?
សូមចង្អុលបង្ហាញថា ការសងបំណុលហាក់ដូចជាមិនអាចទៅរួចចំពោះពួកបរិសុទ្ធ ប៉ុន្តែព្រះអម្ចាស់បានផ្ដល់ការណែនាំដើម្បីជួយពួកគេ ។ សូមសរសេរពាក្យ បើ និង នោះ នៅក្នុងកូឡោនពីរនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៨០-៨២ ឲ្យឮៗ ។ សូមសូមឲ្យសិស្សពាក់កណ្ដាលក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានសូមដល់សមាជិកសមាគមឲ្យធ្វើ ដើម្បីទទួលបានជំនួយពីទ្រង់ក្នុងការសងបំណុលរបស់ពួកគេ ។ សូមសូមឲ្យសិស្សក្នុងថ្នាក់ពាក់កណ្ដាលទៀតផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានសន្យាថាទ្រង់នឹងធ្វើ ដើម្បីជួយពួកបរិសុទ្ធឲ្យសងបំណុលរបស់ខ្លួន ។ សូមឲ្យក្រុមទីមួយសរសេរចម្លើយរបស់ខ្លួននៅក្រោមពាក្យ « បើ » ហើយឲ្យក្រុមទីពីរសរសេរចម្លើយរបស់ខ្លួននៅក្រោម « នោះ » ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះ ដកស្រង់ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៨០–៨២ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែប្រាប់ពីគោលការណ៍ មួយចំនូនដូចខាងក្រោម ៖ បើយើងបន្ទាបខ្លួន ហើយស្មោះត្រង់ ហើយអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះទ្រង់នឹងជួយយើងឲ្យសម្រេចបាននូវអ្វីដែលទ្រង់បានសូមឲ្យយើងធ្វើ ) ។
-
តើព្រះអម្ចាស់សូមឲ្យសមាជិកសាសនាចក្រធ្វើអ្វីខ្លះនៅពេលនេះ ដែលចាត់ទុកថាពិបាកនោះ ? តើអ្នកគិតថា ការបន្ទាបខ្លួន ការស្មោះត្រង់ និងការអធិស្ឋាន មានតួនាទីក្នុងការសម្រេចបាននូវអ្វីដែលព្រះអម្ចាស់សូមឲ្យយើងធ្វើអ្វីខ្លះ ?
-
តើនៅក្នុងព្រះគម្ពីរ នរណាខ្លះទៅដែលជាគំរូនៃគោលការណ៍ដែលបានប្រាប់នៅក្នុង ខ ៨០-៨២ ? តើសព្វថ្ងៃនេះ អ្នកស្គាល់នរណាខ្លះដែលជាគំរូនៃគោលការណ៍នេះ ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ខ្លួន ឬនៅក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីរ ពីវិធីមួយដែលពួកគេអាចមានការបន្ទាបខ្លួន ស្មោះត្រង់ ឬព្យាយាមកាន់តែខ្លាំង ដើម្បីឲ្យព្រះអម្ចាស់អាចជួយពួកគេឲ្យសម្រេចបាន នូវរឿងដែលទ្រង់បានសូមឲ្យពួកគេធ្វើ ។