មេរៀនទី ១១២
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២១-៣៨
សេចក្ដីផ្ដើម
នៅខែ មេសា ឆ្នាំ ១៨៣៥ សមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដែលទើបតែបានតែងតាំងនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ បានរៀបចំខ្លួនចេញទៅបម្រើបេសកកម្មជាកូរ៉ុមដំបូង ។ មុនពេលពួកគេចាកចេញ ពួកគេបានសំណូមពរឲ្យព្យាការី យ៉ូសែប ស៊្មីធ ស្វែងរកវិវរណៈដើម្បីជួយពួកគេ កាលដែលពួកគេបែកចេញទៅ ( សូមមើល សេចក្តីណែនាំដល់មេរៀនទី ១១១ ) ។ វិវរណៈដែលលោកបានទទួល គឺត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧ ។ នេះគឺជាមេរៀនទីពីរនៃមេរៀនទាំងបី ដែលពិភាក្សានៅក្នុងមេរៀននេះ ។ នៅក្នុងផ្នែកនៃវិវរណៈនេះ ព្រះអម្ចាស់បានពន្យល់ពីតួនាទីនៃកូរ៉ុមជាអធិបតីក្នុងសាសនាចក្រ ៖ គណៈប្រធានទីមួយ កូរ៉ុមនៃពួកដប់ពីរនាក់ និងកូរ៉ុមនៃពួកចិតសិបនាក់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២១-២៦
ព្រះអម្ចាស់ពន្យល់ពីតួនាទី និងសិទ្ធិអំណាចរបស់កូរ៉ុមជាអធិបតីនៃសាសនាចក្រ
មុនចាប់ផ្ដើមមេរៀន សូមសរសេរពាក្យខាងក្រោមនេះនៅលើក្ដារខៀន ៖ ជួយ និង គាំទ្រ ។ នៅពេលចាប់ផ្ដើមមេរៀន សូមឲ្យសិស្សគិតអំពីគ្រាដែលមាននរណាម្នាក់ជួយ ឬគាំទ្រពួកគេ ។ ហើយសូមឲ្យសិស្សបែរទៅរកដៃគូម្នាក់ ហើយពិពណ៌នាអំពីបទពិសោធន៍របស់ពួកគេ ។
-
តើមានភាពខុសប្លែកគ្នាយ៉ាងណា កាលអ្នកដឹងថានរណាម្នាក់បានជួយ និងគាំទ្រអ្នកនោះ ?
សូមសរសេរពាក្យ គាំទ្រ នៅលើក្ដារខៀន ហើយពន្យល់ថាការគាំទ្រនរណាម្នាក់ មានន័យថា យើងជួយ និងគាំទ្របុគ្គលនោះ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១-២២ ដោយស្ងាត់ស្ងៀម រកមើលថានរណាដែលព្រះអម្ចាស់បានមានព្រះបន្ទូលឲ្យសមាជិកគួរតែគាំទ្រ ។
-
តើនរណាដែលព្រះអម្ចាស់មានបន្ទូលថាយើងគួរគាំទ្រ ? ( នៅពេលដែលសិស្សឆ្លើយតប សូមសរសេរ គណៈប្រធានទីមួយ ជាចំណងជើងនៅលើក្ដារខៀន ) ។
សូមឲ្យសិស្សមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨-៩ ដោយស្ងាត់ស្ងៀម ។ មុនពេលដែលពួកគេអានខគម្ពីរទាំងនេះ សូមពន្យល់ថានៅក្នុង ខ ៩ឃ្លា « គណៈប្រធាននៃបព្វជិតភាពជាន់ខ្ពស់ តាមរបៀបលោកមិលគីស្សាដែក » សំដៅទៅលើគណៈប្រធានទីមួយ ។ សូមសូមឲ្យសិស្សរកមើលអ្វីដែលខគម្ពីរទាំងនេះបង្រៀន អំពីគណៈប្រធានទីមួយ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីគណៈប្រធានទីមួយ ? ( នៅក្រោមចំណងជើង សូមសរសេរសេចក្ដីពិតដូចខាងក្រោម ៖ គណៈប្រធានទីមួយមានទំនួលខុសត្រូវ និងសិទ្ធិអំណាចដើម្បីធ្វើជាអធិបតីលើគ្រប់ការិយាល័យនៃសាសនាចក្រ) ។
-
ស្របតាម ខ ២២តើយើងអាចគាំទ្រគណៈប្រធានទីមួយយ៉ាងដូចម្ដេច ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងអំពីសេចក្ដីពិតដូចខាងក្រោម ៖ គណៈប្រធានទីមួយ ត្រូវបានគាំទ្រដោយសេចក្ដីទុកចិត្ត សេចក្ដីជំនឿ និងការអធិស្ឋាននៃសាសនាចក្រ ។ អ្នកអាចនឹងចង់ឲ្យយោបល់ដល់សិស្សគូសចំណាំពាក្យ ឬឃ្លានៅក្នុង ខ ២២ ដែលបង្រៀនពីគោលការណ៍នេះ ) ។
-
តើហេតុអ្វីបានជាអ្នកគិតថា យើងត្រូវគាំទ្រគណៈប្រធានទីមួយ ?
សូមឲ្យសិស្សម្នាក់អានឮនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖ សូមសូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលពីអ្វី ដែលលោកបានមានប្រសាសន៍ថាយើងគួរធ្វើដើម្បីទ្រទ្រង់ ឬគាំទ្រអ្នកដឹកនាំសាសនាចក្ររបស់យើង ។
« ចំពោះយើង ដើម្បីគាំទ្រដល់អ្នកទាំងឡាយ ដែលត្រូវបានហៅ … យើងត្រូវតែពិនិត្យពិច័យលើជីវិតរបស់យើង ប្រែចិត្តបើចាំបាច់ សន្យាថានឹងគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ហើយធ្វើតាមពួកអ្នកបម្រើរបស់ទ្រង់ ។…
« … វានឹងជារឿងឈ្លាសវៃក្នុងការប្ដេជ្ញាចិត្តថានឹងគាំទ្រដោយសេចក្ដីជំនឿ និង សេចក្ដីអធិស្ឋានរបស់យើង ដល់អ្នកទាំងឡាយដែលបម្រើយើងនៅក្នុងនគរ ។ ខ្ញុំយល់ច្បាស់ដោយខ្លួនខ្ញុំផ្ទាល់ អំពីអំណាចនៃសេចក្ដីជំនឿរបស់សមាជិកសាសនាចក្រ ក្នុងការគាំទ្រដល់អ្នកទាំងឡាយដែលត្រូវបានហៅ ។… ខ្ញុំបានមានអារម្មណ៍ពីការអធិស្ឋាន និងសេចក្ដីជំនឿរបស់មនុស្សដែលខ្ញុំមិនស្គាល់ ហើយពួកគេបានស្គាល់ខ្ញុំថាជាមនុស្សម្នាក់ដែលត្រូវបានហៅឲ្យបម្រើ តាមរយៈកូនសោបព្វជិតភាព » (The True and Living Church » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨,ទំព័រ ២១ ) ។
-
តើប្រធាន អាវរិង បានមានប្រសាសន៍ថា យើងត្រូវធ្វើអ្វីដើម្បីគាំទ្រដល់ពួកអ្នកដឹកនាំសាសនាចក្ររបស់យើង ?
-
តើយើងអាចគាំទ្រពួកអ្នកដឹកនាំសាសនាចក្ររបស់យើង ដូចជាគណៈប្រធានទីមួយ ដែលយើងស្គាល់ដោយផ្ទាល់ដោយរបៀបណា ?
សូមឲ្យសិស្សគិតអំពីអ្វីដែលពួកគេកំពុងធ្វើ ដើម្បីគាំទ្រគណៈប្រធានទីមួយ និងអ្នកដឹកនាំសាសនាចក្រដទៃទៀត ។ សូមសូមឲ្យពួកគេសរសេរនៅក្នុងសៀវភៅសរសេររបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ អំពីអ្វីដែលពួកគេនឹងធ្វើនាពេលអនាគត ដើម្បីជួយ និងគាំទ្រថ្នាក់ដឹកនាំសាសនាចក្រកាន់តែប្រសើរឡើង ។
សូមសរសេរ កូរ៉ុមនៃពួកដប់ពីរនាក់ ជាចំណងជើងនៅលើក្ដារខៀន ។ សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៣ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូល អំពីតួនាទីរបស់ពួកសាវកដប់ពីរនាក់ ។
-
ស្របតាម ខ ២៣តើពួកសាវកដប់ពីរនាក់ត្រូវបានហៅឲ្យធ្វើអ្វី ? ( បន្ទាប់ពីសិស្សឆ្លើយតបហើយ សូមសរសេរគោលលទ្ធិនៅលើក្តាខៀនក្រោមចំណងជើង « កូរ៉ុមនៃពួកដប់ពីរនាក់ » ៖ ពួកសាវកជាសាក្សីពិសេសអំពីព្រះនាមនៃព្រះគ្រីស្ទ នៅពាសពេញពិភពលោក ។ ( អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំគោលលទ្ធិនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
តើអ្នកគិតថា ពួកសាវកជាសាក្សីពិសេសនៃព្រះនាមនៃព្រះគ្រីស្ទ មានន័យដូចម្ដេច ?
សូមឲ្យសិស្សអានអ្វីដែល Bible Dictionary និយាយអំពីពាក្យ និងតួនាទី របស់សាវក ។ សូមឲ្យសិស្សរាយការណ៍អំពីការរកឃើញរបស់ពួកគេ។
សូមពន្យល់ថា ប្រធានសាសនាចក្រគឺជាសាវកច្បងនៅលើផែនដី ហើយថាទីប្រឹក្សានៅ ក្នុងគណៈប្រធានទីមួយក៏ជាសាវកដែរ ។ ដូច្នេះ សមាជិកនៃគណៈប្រធានទីមួយ ក៏ជាសាក្សីពិសេសនៃព្រះនាមនៃព្រះគ្រីស្ទដែរ ។ សូមឲ្យសិស្សគិតអំពីអារម្មណ៍ដែលពួកគេមាន នៅពេលពួកគេបានស្ដាប់ ឬអានភស្ដុតាង ឬទីបន្ទាល់របស់ពួកសាវក ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយពីអារម្មណ៍របស់ពួកគេជាមួយមិត្តរួមថ្នាក់ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៤ ដោយស្ងាត់ រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីសិទ្ធិអំណាច និងអំណាចនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
-
នៅក្នុង ខ ២៤តើយើងអាចរៀនអ្វីខ្លះ អំពីសិទ្ធិ និងអំណាចនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ? ( ក្រុមកូរ៉ុមមានសិទ្ធិ និងអំណាចស្មើនឹងគណៈប្រធានទីមួយ ។ អ្នកអាចសរសេរព័ត៌មាននេះ នៅលើក្ដារខៀនក្រោមចំណងជើង « នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ » ) ។
សូមពន្យល់ថា ពេលបុរសណាម្នាក់ត្រូវបានតែងតាំងជាពួកសាវក នោះពួកគេត្រូវបានផ្ដល់កូនសោបព្វជិតភាពដូចគ្នានឹងប្រធាននៃសាសនាចក្រដែរ ។ ប៉ុន្តែ ប្រធាននៃសាសនាចក្រ ដែលជាសង្ឃជាន់ខ្ពស់ជាអធិបតីលើបព្វជិតភាពមិលគីស្សាដែក គឺជាបុរសតែម្នាក់នៅលើផែនដីដែលត្រូវបានអនុញ្ញាតឲ្យអនុវត្តកូនសោនៃបព្វជិតភាពទាំងអស់ ។ ពួកសាវកផ្សេងទៀត ប្រើកូនសោបព្វជិតភាពទាំងនេះដូចដែលបានអនុញ្ញាតដោយប្រធាននៃសាសនាចក្រ ។ នៅពេលប្រធានសាសនាចក្រស្លាប់ គណៈប្រធានទីមួយត្រូវបានរំសាយ ហើយកូរ៉ុមនៃពួកដប់ពីរនាក់ ដែលមានសិទ្ធិ និងអំណាចស្មើគ្នាទៅនឹងគណៈប្រធានទីមួយ ក្លាយជាក្រុមអធិបតីនៃសាសនាចក្រ ។ ក្នុងនាមជាប្រធាននៃកូរ៉ុមនៃពួកដប់ពីរនាក់ សាវកច្បងដែលនៅរស់ ត្រូវបានអនុញ្ញាតឲ្យអនុវត្តកូនសោបព្វជិតភាពទាំងអស់ ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៥ ដោយស្ងាត់ស្ងៀម រកមើលកូរ៉ុមបព្វជិតភាពមួយទៀត ដែលបានរំឭកឡើងនៅក្នុងវិវរណៈនេះ និងតួនាទីរបស់សមាជិកក្នុងកូរ៉ុមនោះ ។
-
តើកូរ៉ុមទីបីដែលព្រះអម្ចាស់បានលើកឡើងនៅក្នុងវិវរណៈនេះជាអ្វី ? ( នៅពេលដែលសិស្សឆ្លើយ សូមសរសេរ ក្រុមចិតសិបនាក់ ជាចំណងជើងនៅលើក្ដារខៀន ) ។
-
តើក្រុមចិតសិបនាក់មានតួនាទីអ្វី ? ( បន្ទាប់ពីសិស្សឆ្លើយតប សូមសរសេរសេចក្ដីពិតដូចតទៅនៅលើក្ដារខៀន ក្រោមចំណងជើង « ក្រុមចិតសិបនាក់ » ៖ ក្រុមចិតសិបនាក់ ត្រូវបានហៅឲ្យបង្រៀនដំណឹងល្អ និងធ្វើជាសាក្សីពិសេសនៃព្រះនាមនៃព្រះគ្រីស្ទនៅទូទាំងពិភពលោក) ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៦ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូល អំពីសិទ្ធអំណាចនៃក្រុមចិតសិបនាក់ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីអ្វីដែលព្រះអម្ចាស់មានបន្ទូលអំពីសិទ្ធិអំណាចនៃក្រុមចិតសិបនាក់ សូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោម ៖
« ព្រះយេស៊ូវគ្រីស្ទបានកាន់កូនសោបព្វជិតភាពទាំងអស់សម្រាប់សាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានប្រទានឲ្យពួកសាវករបស់ទ្រង់ម្នាក់ៗរាល់កូនសោ ដែលមានសម្រាប់នគរព្រះនៅលើផែនដី ។ សាវកច្បងដែលកំពុងរស់នៅ ដែលជាប្រធានសាសនាចក្រ គឺជាបុគ្គលតែម្នាក់គត់នៅលើផែនដីនេះ ដែលត្រូវបានប្រទានសិទ្ធិអំណាចឲ្យប្រើរាល់កូនសោបព្វជិតភាព ។…
« ពួកចិតសិបនាក់ បម្រើតាមការចាត់តាំង និងតាមការផ្ទេរសិទ្ធិអំណាច ពីគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។… គណៈប្រធាននៃពួកចិតសិបនាក់ត្រូវបានញែកចេញ ហើយត្រូវបានផ្ដល់ឲ្យនូវកូនសោ ដើម្បីធ្វើជាអធិបតីលើកូរ៉ុមនៃពួកចិតសិបនាក់ » ( ក្បួនខ្នាតភាគ ២ ៖ ការគ្រប់គ្រងសាសនាចក្រ[ ឆ្នាំ ២០១០ ], ២.១.១
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍ទាំងឡាយដែលពួកគេមាន នៅពេលពួកគេបានអាន ឬបានស្ដាប់សុន្ទរកថាដោយសមាជិកនៃគណៈប្រធានទីមួយ កូរ៉ុមនៃពួកដប់ពីរនាក់ និងក្រុមចិតសិបនាក់ ។ បើសិស្សបានជួបអ្នកដឹកនាំទាំងនេះ សូមឲ្យពួកគេចែកចាយបទពិសោធន៍នោះផងដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៧-៣២
ព្រះអង្គសង្គ្រោះពន្យល់ពីរបៀបដែកកូរ៉ុមជាអធិបតីក្នុងសាសនាចក្រ ធ្វើការសម្រេចចិត្ត ។
សូមប្រាប់សិស្សថាអ្នកចង់ឲ្យពួកគេធ្វើការសម្រេចចិត្តសាមញ្ញមួយជាក្រុម ( ឧទាហរណ៍ ពួកគេអាចសម្រេចយកបទចម្រៀងបិទសម្រាប់ការប្រជុំធម្មនិដ្ឋាននៅម៉ោងរៀនលើកក្រោយ ) ។ សូមលើកទឹកចិត្តសិស្សឲ្យពិភាក្សាពីជម្រើសរបស់ពួកគេ ហើយសម្រេចយកជម្រើសនោះរួមគ្នា ។ បន្ទាប់ពីសិស្សបានសម្រេចចិត្តហើយ សូមពិភាក្សាដូចខាងក្រោម ៖
-
តើជាធម្មតា មនុស្សមួយក្រុមធ្វើការសម្រេចចិត្តយ៉ាងដូចម្ដេច ។
-
តើអ្នកគិតថា វិធីសាស្ត្រទាំងនេះ អាចប្រៀបធៀបនឹងការសម្រេចចិត្តគណៈប្រធានទីមួយ កូរ៉ុមនៃពួកដប់ពីរនាក់ និងក្រុមចិតសិបនាក់ យ៉ាងណាទៅ ?
សូមបែងចែកសិស្សជាគូៗ ។ សូមឲ្យពួកគេ អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៧–៣២ រួមគ្នា, ហើយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពី របៀបដែលកូរ៉ុមជាអធិបតីនៃសាសនាចក្រធ្វើការសម្រេចចិត្ត ។ ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សាខគម្ពីរទាំងនេះហើយ សូមពិភាក្សានូវសំណួរដូចខាងក្រោម ៖
-
យោងតាមខគម្ពីរទាំងនេះ តើកូរ៉ុមជាអធិបតីធ្វើការសម្រេចចិត្តយ៉ាងដូចម្ដេច ? ( បន្ទាប់ពីសិស្សឆ្លើយតបហើយ អ្នកអាចសង្ខេបចម្លើយរបស់ពួកគេ ដោយសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖ ការសម្រេចចិត្តរបស់កូរ៉ុមជាអធិបតីនៃសាសនាចក្រ ត្រូវបានធ្វើឡើងនៅក្នុងសាមគ្គី និងសេចក្ដីសុចរិត) ។
-
តើគុណសម្បត្តិអ្វីខ្លះដែលរំឭកឡើងនៅក្នុង ខ ៣០ ដែលមានសារៈសំខាន់សម្រាប់បងប្អូនប្រុសទាំងនេះ ដើម្បីឲ្យមានការសម្រេចចិត្តរួមគ្នា ?
-
ស្របតាម ខ ៣១តើព្រះអម្ចាស់សន្យាអ្វីខ្លះដល់កូរ៉ុមជាអធិបតីនៃសាសនាចក្រ នៅពេលពួកគេធ្វើការសម្រេចចិត្តដោយប្រើគុណសម្បត្តិទាំងនេះ ?
-
តើការដឹងថាព្រះអម្ចាស់នឹងប្រទានពរដល់គណៈប្រធានទីមួយ កូរ៉ុមនៃសាវកពួកដប់ពីរនាក់ និងក្រុមចិត្តសិបនាក់ជាមួយនឹងព្រះប្រាជ្ញាទ្រង់ ជួយអ្នកឲ្យគាំទ្រអ្នកដឹកនាំទាំងនេះ ដោយសេចក្ដីទុកចិត្តសេចក្ដីជំនឿ និងការអធិស្ឋាន ហើយធ្វើតាមការទូន្មានរបស់ពួកគេយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៣-៣៨
ព្រះអម្ចាស់បានផ្ដល់ការដឹកនាំបន្ថែមទៀត ដល់កូរ៉ុមជាអធិបតីនៃសាសនាចក្រ
សូមចាត់ឲ្យសិស្សម្នាក់ៗនូវខគម្ពីរមួយដូចខាងក្រោម ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៣, ៣៤, ឬ ៣៥ ។ សូមឲ្យសិស្សសិក្សាខគម្ពីរ ហើយរកមើលសេចក្ដីពិតអំពីសាវកដប់ពីរនាក់ ឬក្រុមចិតសិបនាក់ ។ បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យទៅមុខក្ដារខៀន ហើយសរសេរសេចក្ដីពិតដែលពួកគេរកឃើញ នៅខាងក្រោមចំណងជើង « កូរ៉ុមនៃពួកដប់ពីរនាក់ » ឬ « ក្រុមចិតសិបនាក់ » ។
ក្នុងចំណោមសេចក្ដីពិតទាំងឡាយ សិស្សអាចរកឃើញសេចក្ដីពិតដូចខាងក្រោម ៖ ពួកសាវកដប់ពីរនាក់ ធ្វើកិច្ចការនៅក្នុងព្រះនាមនៃព្រះអម្ចាស់ និងនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ ក្នុងការស្ថាបនាសាសនាចក្រ ។ ក្រុមចិតសិបនាក់ធ្វើកិច្ចការនៅក្នុងព្រះនាមនៃព្រះអម្ចាស់ ក្រោមការដឹកនាំរបស់ពួកសាវកដប់ពីរនាក់ ។ ពួកសាវកដប់ពីរនាក់កាន់កូនសោនៃការប្រកាសដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
សូមបញ្ចប់មេរៀននេះដោយការថ្លែងទីបន្ទាល់របស់អ្នក អំពីទំនួលខុសត្រូវដ៏ពិសិដ្ឋរបស់អ្នកដែលត្រូវបានហៅដោយព្រះអម្ចាស់ឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ។ សូមលើកទឹកចិត្តសិស្សឲ្យគាំទ្រ និងទ្រទ្រង់ពួកអ្នកដឹកនាំ ដោយស្ដាប់តាមការដឹកនាំដ៏បំផុសគំនិតរបស់ពួកគេ ។