មេរៀនទី ៦៥
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩
បុព្វកថា
នៅថ្ងៃ អាទិត្យទី ៧ ខែសីហា ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩ខណៈដែលស្ថិតនៅក្នុងឃុំ ចាកសុន រដ្ឋ មិសសួរី ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានដាក់ការរំពឹងទុករបស់ទ្រង់ចំពោះពួកបរិសុទ្ធដែលបានមកដល់ស៊ីយ៉ូនថ្មីៗ រួមទាំងការរក្សាថ្ងៃឈប់សម្រាកឲ្យត្រឹមត្រូវ ។ ព្រះអម្ចាស់ក៏បានបញ្ជាក់ផងដែរថា អ្នកទាំងឡាយណាដែលរក្សាបទបញ្ញត្តិរបស់ទ្រង់ នឹងទទួលពរជ័យខាងវិញ្ញាណ និងខាងសាច់ឈាម ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១-៤
ព្រះអម្ចាស់បានពិពណ៌នាអំពីពរជ័យទាំងឡាយ ដែលទ្រង់នឹងប្រទានមកលើពួកបរិសុទ្ធស្មោះត្រង់នៅស៊ីយ៉ូន
មុនចាប់ផ្ដើមថ្នាក់ សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖
នៅពេលចាប់ផ្ដើមថ្នាក់ សូមសរសេរឈ្មោះប៉ូលី ណៃត៍នៅលើក្ដារខៀន ។ សូមសួរដល់សិស្សនូវអ្វីដែលពួកគេចងចាំអំពីនាង ដកស្រង់ចេញពីមេរៀននៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧ ។ បើសិស្សត្រូវការជំនួយដើម្បីចងចាំ សូមអញ្ជើញសិស្សម្នាក់ឲ្យអានដំណើររឿងអំពី ប៉ូលី ណៃត៍ ដែលបានផ្ដល់ឲ្យនៅក្នុងមេរៀន ៦២ ។
-
តើអ្នកសរសើរ ប៉ូលី ណៃត៍ ដោយសាមូលហេតុអ្វីខ្លះ ?
សូមប្រាប់សិស្សថា យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩នៅថ្ងៃដែល ប៉ូលី ស្លាប់ ។ សូមអញ្ជើញពួកគេឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១-២ដោយស្ងាត់ស្ងៀម ហើយស្វែងរកឃ្លាដែលអាចនឹងមានអត្ថន័យចំពោះមិត្ត និងមនុស្សជាទីស្រឡាញ់របស់គាត់ ។ សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។
-
ស្របតាមខ ១ តើនរណាដែលវិវរណៈនេះ អនុវត្តចំពោះគេ ក្រៅពី ប៉ូលី ណៃត៍ ? ( ពួកបរិសុទ្ធដែលគោរពតាមបទបញ្ញត្តិរបស់ព្រះដោយកែវភ្នែកទាំងស្រុងចំពោះសិរីល្អរបស់ទ្រង់ ) ។ តើអ្នកគិតថា វាមានន័យយ៉ាងណាដើម្បីមានកែវភ្នែកទាំងស្រុងចំពោះសិរីល្អនៃព្រះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៣-៤ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណ ដែលបានសន្យាចំពោះអ្នកទាំងឡាយដែលគោរពព្រះអម្ចាស់ដោយកែវភ្នែកទាំងស្រុងចំពោះសិរីល្អរបស់ទ្រង់ ។ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរកឃើញ ។
-
នៅក្នុងខ ៤ តើពរជ័យអ្វីខ្លះដែលព្រះអម្ចាស់បានសន្យា ដែលមនុស្សមួយចំនួនអាចនឹងមិនគិតថាជាពរជ័យ ? ( « បទបញ្ញត្តិទាំងឡាយ ពុំមែនតែពីរបីនោះទេ » ) ។ តើបទបញ្ញត្តិជាពរជ័យសម្រាប់យើងតាមវិធីណាខ្លះ ? ( នៅពេលសិស្សឆ្លើយតបចំពោះសំណួរនេះ អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យពួកគេអានគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:២០-២១) ។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖បើយើងរក្សាបទបញ្ញត្តិទាំងឡាយដោយកែវភ្នែកទាំងស្រុងចំពោះសិរីល្អនៃព្រះ នោះ
សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍ដោយប្រើអ្វីដែលពួកគេបានរៀនចេញមកពីខ ១-៤ វិធីមួយដែលសិស្សអាចបង្ហាញពីគោលការណ៍នេះគឺ បើសិនជាយើងរក្សាបទបញ្ញត្តិទាំងឡាយដោយកែវភ្នែកតែមួយចំពោះសិរីល្អនៃព្រះ នោះយើងនឹងត្រូវបានប្រទានពរទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ សូមអញ្ជើញសិស្សឲ្យស្វែងរកមើលគំរូបន្ថែមទៀតអំពីគោលការណ៍នេះ នៅពេលពួកគេបន្ដសិក្សាវិវរណៈនេះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៥-៨
ព្រះអម្ចាស់បានប្រទានបទបញ្ញត្តិទាំងឡាយដល់ពួកបរិសុទ្ធ
សូមពន្យល់ថា ព្រះអម្ចាស់បានបន្ដវិវរណៈនេះ តាមរយៈការប្រទានដល់ពួកបរិសុទ្ធនៅស៊ីយ៉ូននូវបទបញ្ញត្តិមួយចំនួន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៥ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ ប្រាប់ពីបទបញ្ញត្តិមួយដែលព្រះអម្ចាស់បានប្រទានឲ្យពួកបរិសុទ្ធ ។
ស្របតាមខគម្ពីរនេះ តើព្រះអម្ចាស់រំពឹងអ្វីខ្លះ ពីពួកបរិសុទ្ធរបស់ទ្រង់ ? ( សិស្សគួរតែប្រាប់នូវគោលលទ្ធិដូចខាងក្រោម ៖យើងត្រូវតែស្រឡាញ់ព្រះដោយអស់ពីចិត្ត ពលំ គំនិត និងកម្លាំងរបស់យើង ) ។
សូមឲ្យសិស្សធ្វើការជាដៃគូ ។ សូមចាត់ឲ្យដៃគូនិមួយៗនូវពាក្យមួយដែលពិពណ៌នាអំពីរបៀបដែលយើងគួរតែស្រឡាញ់ព្រះអម្ចាស់ឲ្យ ( អស់ពីចិត្ត ពលំ គំនិត និងកម្លាំង ) ។ សូមណែនាំសិស្សឲ្យប្រើពាក្យដែលបានចាត់ទៅឲ្យពួកគេបំពេញសំណួរទាំងឡាយដែលអ្នកបានសរសេរនៅលើក្ដារខៀនពីមុខសិស្សក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សម្នាក់ក្នុងចំណោមដៃគូនិមួយៗ ឆ្លើយចំពោះសំណួរទីមួយ ហើយសិស្សម្នាក់ទៀតឆ្លើយចំពោះសំណួរទីពីរ ។ ក្រោយពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីពិភាក្សាពីសំណួរទាំងនេះជាគូរួចហើយ សូមអញ្ជើញសិស្សពីរបីនាក់ចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
ដើម្បីជួយសិស្សដឹងអំពីសេចក្ដីពិត និងសារៈសំខាន់នៃបទបញ្ញត្តិឲ្យស្រឡាញ់ព្រះឲ្យអស់ពីអស់ពីចិត្ត ពលំ គំនិត និងកម្លាំងរបស់យើង សូមអញ្ជើញពួកគេឲ្យឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍មួយនៃសេចក្ដីថ្លែងការដូចខាងក្រោមនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីរ ៖
-
សូមពិពណ៌នាអំពីគ្រាមួយ ដែលអ្នកមានអារម្មណ៍ថាស្រឡាញ់ព្រះអម្ចាស់យ៉ាងអស្ចារ្យ ។
-
សូមពិពណ៌នាអំពីគ្រាមួយដែលក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអម្ចាស់មានឥទ្ធិពលទៅលើការសម្រេចចិត្តដែលអ្នកបានធ្វើ ។
បន្ទាប់ពីឲ្យពេលគ្រប់គ្រាន់ដល់សិស្សហើយ សូមអញ្ជើញសិស្សពីរបីនាក់ចែកចាយចម្លើយរបស់ពួកគេ ។ ( សូមរំឭកសិស្សថា ពួកគេមិនគួរចែកចាយពីបទពិសោធន៍ពិសិដ្ឋឬ រឿងផ្ទាល់ខ្លួនខ្លាំងពេកនោះទេ ។ )
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៦-៨ ដោយស្ងាត់ស្ងៀម ហើយប្រាប់អំពីបទបញ្ញត្តិបន្ថែមដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធអំឡុងគ្រានេះ ។
-
តើបទបញ្ញត្តិទាំងនេះទាក់ទងទៅនឹងបទបញ្ញត្តិដើម្បីស្រឡាញ់ព្រះអម្ចាស់ឲ្យអស់ពីចិត្ត ពលំ គំនិត និងកម្លាំងរបស់យើងយ៉ាងដូចម្ដេច ?
-
តើការស្រឡាញ់អ្នកជិតខាងរបស់យើង បង្ហាញពីក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់យ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១៩
ព្រះអម្ចាស់បង្រៀនដល់ពួកបរិសុទ្ធអំពីថ្ងៃឈប់សម្រាក
សូមផ្ដល់ច្បាប់ចម្លងសេចក្ដីថ្លែងការណ៍ដោយអែលឌើរ ម៉ាក អ៊ី ភីធើរសិននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដូចខាងក្រោមដល់សិស្ស ឬសរសេរវានៅលើក្ដារខៀនពីមុនថ្នាក់ចាប់ផ្ដើម ។ ( សេចក្ដីថ្លែងការណ៍នេះ ត្រូវបានរកឃើញនៅក្នុង« The Sabbath Day »Ensignខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៤៩ ) ។
សូមអញ្ជើញសិស្សឲ្យស្មានពាក្យដែលបាត់ពីសេចក្ដីថ្លែងការនេះ ( « ថ្ងៃឈប់សម្រាក » ) ។ បន្ទាប់ពីពួកគេបានចែកចាយគំនិតរបស់ពួកគេហើយ សូមពន្យល់ថា នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩ព្រះអម្ចាស់បានថ្លែងឡើងវិញនូវបទបញ្ញត្តិមួយដែលអាចជួយពួកបរិសុទ្ធឲ្យដាក់ព្រះជាមុននៅក្នុងជីវិតរបស់ពួកគេ ហើយពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងទ្រង់កាន់តែខ្លាំង ។ នេះគឺជាបទបញ្ញត្តិដែលអែលឌើរ ភីធើរសិន បានសំដៅទៅលើនោះ ។ សូមអញ្ជើញសិស្សម្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១០ឲ្យឮៗ ហើយសុំឲ្យសិស្សម្នាក់ប្រាប់អំពីបទបញ្ញត្តិដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ ។
-
តើបទបញ្ញត្តិអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុងខទាំងនេះ ? ( រក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ) ។
សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍របស់អែលឌើរ ភីធើរសិន ជាមួយនឹងពាក្យថ្ងៃឈប់សម្រាក ។
-
យោងតាមអែលឌើរ ភីធើរសិន តើការប្រតិបត្តិតាមរបស់យើងចំពោះថ្ងៃឈប់សម្រាក ទាក់ទងនឹងការស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ និងដង្វាយធួនរបស់យើងយ៉ាងដូចម្ដេច ?
សូមចង្អុលបង្ហាញថានៅក្នុងខ ៩ ព្រះអម្ចាស់បានសន្យានូវពរជ័យដ៏មហិមាមួយចំពោះអ្នកទាំងឡាយដែលគោរពដល់ថ្ងៃឈប់សម្រាកដ៏បរិសុទ្ធរបស់ទ្រង់ ។ សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖បើយើងរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ នោះវានឹងជួយយើង…
សូមឲ្យសិស្សមើលខ ៩ ហើយប្រាប់ពីការសន្យាដែលព្រះអម្ចាស់បានប្រទានជាមួយនឹងបទបញ្ញត្តិនេះ ។
-
ស្របតាមខ ៩ តើយើងនឹងត្រូវបានប្រទានពរ ដោយការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធយ៉ាងដូចម្ដេច ? តើអ្នកគិតថា វាមានន័យយ៉ាងណាដែរ ក្នុងការរក្សាខ្លួនយើង « កុំឲ្យប្រឡាក់ពីលោកិយ » ?
សូមអញ្ជើញសិស្សឲ្យបំពេញសេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ដោយប្រើពាក្យរបស់ពួកគេផ្ទាល់ ។ នៅខាងក្រោមនេះ គឺជាវិធីមួយដែលសិស្សអាចបង្ហាញពីគោលការណ៍នេះ ៖ បើយើងរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ នោះវានឹងជួយយើងទប់ទល់នឹងការល្បួង ហើយយកឈ្នះអំពើបាប ។ អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យសរសេរចំណាំគោលកាណ៍នេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ។
សូមពន្យល់ថា ខ ៩-១៤ ជួយយើងឲ្យយល់នូវអត្ថន័យដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ សូមចាត់ឲ្យសិស្សម្នាក់ៗនូវខគម្ពីរមួយដូចខាងក្រោម ៖គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩, ១០, ១២ និង ១៣ ។ សូមអញ្ជើញសិស្សឲ្យសិក្សានូវខគម្ពីរដែលបានចាត់ទៅឲ្យគេដោយស្ងៀមស្ងាត់ រកមើលនូវគំនិតអំពីរបៀបដែលយើងអាចរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ សូមប្រាប់សិស្សថា ពួកគេនឹងមានឱកាសមួយដើម្បីចែកចាយនូវអ្វីដែលពួកគេបានរកឃើញជាមួយនឹងសិស្សក្នុងថ្នាក់ ។ ពីមុនពេលសិស្សចាប់ផ្ដើមអានខគម្ពីរដែលចាត់ទៅឲ្យពួកគេ វាអាចនឹងជាជំនួយដើម្បីពន្យល់ឃ្លា « ថ្វាយភក្ដីភាពរបស់អ្នក » នៅក្នុងខ ១០ មានន័យថា ការថ្វាយបង្គំ ឬដើម្បីបង្ហាញសេចក្ដីស្រឡាញ់ និងភក្ដីភាពរបស់យើង ។ បន្ថែមពីលើនោះ អ្នកអាចនឹងចង់ចង្អុលបង្ហាញពីលេខយោងចំពោះពាក្យកាតព្វកិច្ចនៅក្នុងខ ១២។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សម្នាក់ដែលបានសិក្សាខ ៩អាននូវខនោះឲ្យឮៗ ។ សូមអញ្ជើញសិស្សដែលសិក្សាខគម្ពីរនេះ ចែកចាយគំនិតដែលពួកគេរកឃើញអំពីរបៀបដែលយើងអាចរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ សូមចាត់សិស្សម្នាក់ឲ្យធ្វើជាស្មៀន ហើយសរសេរគំនិតទាំងនេះនៅពីក្រោមគោលការណ៍នៅលើក្ដារខៀន ។ ( ឧទាហរណ៍ នៅក្នុងខ ៩ សិស្សអាចនឹងប្រាប់អំពីការទៅព្រះវិហារ ការអធិស្ឋាន និងការទទួលទានសាក្រាម៉ង់ជាផ្នែកសំខាន់នៃការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ) ។ សូមអញ្ជើញសិស្សឲ្យធ្វើតាមដំណើរការនេះឡើងវិញជាមួយនឹងខដែលនៅសល់និមួយៗ ។
-
តើកិច្ចខិតខំរបស់អ្នកដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធបានជួយអ្នកទប់ទល់នឹងការល្បួង ហើយពង្រឹងដល់អ្នកខាងវិញ្ញាណយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១៥ដោយស្ងាត់ស្ងៀម រកមើលឃ្លាដែលពិពណ៌នាអំពីអាកប្បកិរិយាដែលយើងគួរមានចំពោះថ្ងៃឈប់សម្រាក ។ សូមឲ្យសិស្សចែកចាយនូវឃ្លាដែលពួកគេបានប្រាប់ ហើយពន្យល់ថាហេតុអ្វីក៏ការមានអាកប្បកិរិយាបែបនេះនៅថ្ងៃឈប់សម្រាក អាចជួយយើងរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធបានដូច្នេះ ។
សូមសង្ខេបដោយខ្លីៗនូវគោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១៦-១៩ដោយការពន្យល់ថា ព្រះអម្ចាស់បានពន្យល់អំពីពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណចំពោះអ្នកទាំងឡាយដែលគោរពថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ សូមចែកចាយអំពីរបៀបដែលការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ មានឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះអម្ចាស់ ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀនរបស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ អំពីអ្វីមួយដែលពួកគេនឹងធ្វើ ដើម្បីជួយពួកគេរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២០-២៤
ព្រះអម្ចាស់សន្យាពរជ័យខាងលោកិយ និងភាពអស់កល្បជានិច្ចចំពោះពួកស្មោះត្រង់
សូមឲ្យសិស្សនឹកគិតថា ពួកគេគឺជាឪពុកម្ដាយដែលប្រទានអំណោយដល់កូនៗរបស់ពួកគេ ។ កូនៗខ្លះតែងតែបង្ហាញនូវការដឹងគុណដោយស្មោះគ្រប់នៅគ្រាដែលបានទទួលអំណោយ ។
-
តើរឿងនោះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច ក្នុងនាមជាឪពុកម្ដាយនោះ ? តើរឿងនោះមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នកដើម្បីផ្ដល់អំណោយឲ្យកាន់តែច្រើនថែមទៀតដែរឬទេ ? ហេតុអ្វី ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២០-២១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលព្រះមានព្រះទ័យយ៉ាងណាអំពីការប្រទានពរដល់យើង និងរបៀបដែលយើងគួរតែឆ្លើយតបចំពោះទ្រង់ នៅពេលយើងទទួលបានពរជ័យនានានោះ ។
-
តើព្រះមានព្រះទ័យយ៉ាងណាអំពីការប្រទានពរដល់យើង ? ( វាក្ដីអំណររបស់ទ្រង់ ) ។ ស្របតាមខ ២១តើយើងអាចនឹងជំទាស់ព្រះយ៉ាងដូចម្ដេច ? ( សិស្សគួរតែពិពណ៌នានូវគោលការណ៍ដូចខាងក្រោម ៖យើងជំទាស់នឹងព្រះ នៅពេលយើងពុំបង្ហាញនូវការដឹងគុណចំពោះទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់នោះ )។
សូមជួយសិស្សឲ្យយល់ថា ការជំទាស់ និងសេចក្ដីក្រោធរបស់ព្រះ ដែលបានពិពណ៌នានៅក្នុងខ ២១ គឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ។ ទ្រង់ពុំសព្វព្រះទ័យទេ នៅពេលយើងគ្មានអំណរគុណ និងមិនគោរពប្រតិបត្តិតាមនោះ ដោយសារអាកប្បកិរិយាទាំងនេះ នាំយើងឃ្លាតឆ្ងាយពីទ្រង់ ។
-
ហេតុអ្វីក៏អ្នកគិតថា វាធ្វើឲ្យខូចទំនាក់ទំនងរបស់យើងនឹងព្រះ នៅពេលយើងពុំអរគុណទ្រង់ចំពោះពរជ័យទាំងឡាយដែលយើងទទួលបានមកពីទ្រង់នោះ ?
-
តើសេចក្ដីពិតនេះ ទាក់ទងនឹងគោលការណ៍ដែលបានប្រាប់ពីខាងដើម អំពីការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធយ៉ាងដូចម្ដេច?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២៣-២៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យទាំងឡាយដែលព្រះអម្ចាស់សន្យាចំពោះ អ្នកទាំងឡាយដែលរក្សាបទបញ្ញត្តិរបស់ទ្រង់ ។
-
តើការរស់នៅស្របតាមសេចក្ដីពិត ដែលយើង ត្រូវបានប្រាប់នៅក្នុងវិវរណៈនេះ នាំមកនូវសេចក្ដីសុខសាន្ដដល់ជីវិតរបស់អ្នកតាមយ៉ាងដូចម្តេចខ្លះ ?
សូមបញ្ចប់ដោយការអញ្ជើញសិស្សឲ្យពិចារណាអំពីវិធីជាច្រើន ដែលព្រះបានប្រទានពរដល់ពួកគេចំពោះការរក្សាបទបញ្ញត្តិរបស់ទ្រង់ និងរបៀបដែលពួកគេអាចបង្ហាញនូវការដឹងគុណចំពោះទ្រង់ ។