មេរៀនទី ១៤០
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១–២, ៣៤–៦៦
បុព្វកថា
ខណៈដែលព្យាការី យ៉ូសែប ស៊្មីធ កំពុងធ្វើកំណែថ្មីដ៏បំផុសគំនិតនៃព្រះគម្ពីរប៊ីបនៅឆ្នាំ ១៨៣១ នោះលោកបានសុំព្រះអម្ចាស់ប្រទានការយល់ដឹងអំពីលោកអយ្យកោជំនាន់បុរាណដែលមានភរិយាច្រើនជាងម្នាក់ ។ នៅពេលនោះព្យាការីបានចាប់ផ្តើមទទួលវិវរណៈនេះជាចម្លើយចំពោះសំណួររបស់លោក ។ ប៉ុន្មានឆ្នាំក្រោយមក ព្រះអម្ចាស់បានបញ្ជាឲ្យព្យាការី និង ពួកបរិសុទ្ធថ្ងៃចុងក្រោយផ្សេងទៀតឲ្យរស់នៅតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ នៅក្នុង ខែ កក្កដា ឆ្នាំ ១៨៤៣ ខណៈដែលសាសនាចក្រមានទីស្នាក់ការកណ្តាលនៅទីក្រុងណៅវូ រដ្ឋ អិលលីណោយ នោះព្យាការីបានកត់ត្រាវិវរណៈដែលលោកបានទទួល ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២មានកត់ត្រាអំពីការបង្រៀនរបស់ព្រះអម្ចាស់ទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព រួមទាំងពាក្យទូន្មានដល់យ៉ូសែប និង អិមម៉ា ស្ម៊ីធ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១–២, ៣៤–៤៨
ព្រះអម្ចាស់បើកសម្តែងគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព
សូមចាប់ផ្តើមដោយពន្យល់ថា ខណៈដែលយ៉ូសែប ស្ម៊ីធ កំពុងធ្វើការបកប្រែដ៏បំផុសគំនិតនៃព្រះគម្ពីរសញ្ញាចាស់ នៅក្នុងឆ្នាំ ១៨៣១ នោះលោកបានអានអំពីទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពរបស់ព្យាការីសម័យបុរាណ ( ក៏ត្រូវបានហៅពហុពន្ធភាពផងដែរ ) ។ ក្នុងទំនៀមទម្លាប់នេះ បុរសម្នាក់ត្រូវបានរៀបការជាមួយភរិយាដែលកំពុងនៅមានជីវិតជាច្រើននាក់ ។ ព្យាការីបានសិក្សាព្រះគម្ពីរ ពិចារណាពីអ្វីដែលបានរៀន ហើយទីបំផុតបានយកសំណួរអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាពសួរដល់ព្រះវរបិតាដោយការអធិស្ឋាន ។
សូមសរសេរ លោកុប្បត្តិ ១៦:១–៣ នៅលើក្តារខៀន ។ សូមពន្យល់ថាខគម្ពីរទាំងនេះ ពិពណ៌នាអំពីសកម្មភាពរបស់សារ៉ាយ និង អាប់រ៉ាមដែលក្រោយមកហៅថា សារ៉ា និង អ័ប្រាហាំ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរទាំងនេះឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយគិតអំពីសំណួរនានាដែលពួកគេអាចមានអំពីព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អាប់រ៉ាម និង សារ៉ាយ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្យាការីយ៉ូសែប ស្ម៊ីធ បានសួរនៅពេលលោកបានសិក្សាវគ្គបទគម្ពីរនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទាក់ទងនឹងការអនុវត្តនៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( អ្នកអាចពន្យល់ថាពាក្យ ប្រពន្ធចុង គឺជាពាក្យមួយដែលត្រូវបានប្រើដើម្បីប្រាប់ពីស្ត្រីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលនៅសម័យ និង វប្បធម៌ដែលពួកគេបានរស់នៅ ដែលជាស្ត្រីដែលបានរៀបការពេញច្បាប់នឹងបុរសម្នាក់ ប៉ុន្តែមានឋានៈក្នុងសង្គមទាបជាងប្រពន្ធដើម ។ ប្រពន្ធចុងមិនមែនជាផ្នែកនៃទំនៀមទម្លាប់នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅក្នុងសម័យកាន់កាប់ត្រួតត្រារបស់យើងឡើយ ) ។
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ ហេតុអ្វីបានជាព្រះអម្ចាស់បញ្ជាបុរស និង ស្ត្រីសុចរិតទាំងនោះ ឲ្យធ្វើតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅជំនាន់នោះ ?
សូមពន្យល់ថានៅក្នុងការសិក្សាររបស់ពួកគេអំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២, សិស្សអាចរកឃើញចម្លើយចំពោះសំណួរទាំងនោះនៅលើក្តារខៀន និង សំណួរផ្សេងទៀតដែលពួកគេអាចមានទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមអញ្ជើញពួកគេឲ្យសរសេរគោលលទ្ធិ និង គោលការណ៍ដែល ពួកគេរកឃើញអំឡុងពេលការសិក្សាររបស់ពួកគេថ្ងៃនេះ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៤-៣៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលអ័ប្រាហាំ និងសារ៉ាបានចាប់ផ្ដើមអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។
-
យោងតាម ខ ៣៤, ហេតុអ្វីក៏សារ៉ាអនុញ្ញាតឲ្យអ័ប្រាហាំយកភរិយាមួយទៀត ? តើការណ៍នេះបង្រៀនយើងអ្វីខ្លះ អំពីគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( នៅពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ អាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានអនុមតិពីព្រះអម្ចាស់ តែនៅពេលដែលទ្រង់បញ្ជាឲ្យធ្វើតែប៉ុណ្ណោះ) ។
-
តើការគោរពប្រតិបត្តិតាមរបស់សារ៉ា និង អ័ប្រាហាំបានជួយបំពេញអ្វីខ្លះ ? ( ការសន្យារបស់ព្រះអម្ចាស់ចំពោះអ័ប្រាហាំ រួមមានការសន្យាថាអ័ប្រាហាំនឹងមានពូជពង្សច្រើនរាប់មិនអស់ដូចជាផ្កាយ [ សូមមើល លោកុប្បត្តិ ១៥:៥] ) ។
ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតអំពីគោលការណ៍ដែលអ្នកបានសរសេរនៅលើក្តារខៀន សូមស្នើឲ្យពួកគេសរសេរ យ៉ាកុប ២:២៧, ៣០ នៅក្នុងព្រះគម្ពីររបស់ពួកគេនៅក្បែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៤ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរទាំងនេះឲ្យឮៗ ។ សូមចង្អុលបង្ហាញថាអាពាហ៍ពិពាហប្តីមួយប្រពន្ធមួយ ( អាពាហ៍ពិពា៍រវាងបុរសម្នាក់ និងស្ដ្រីម្នាក់ ) គឺជាបទដ្ឋានរបស់ព្រះចំពោះអាពាហ៍ពិពាហ៍ លុះត្រាតែទ្រង់បញ្ជាឲ្យធ្វើប៉ុណ្ណោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៧-៣៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលពិពណ៌នាអំពីឧទាហរណ៍នានាពេលដែលព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៩, ៤១–៤៣ ដោយពន្យល់ថា ព្រះអម្ចាស់បានបញ្ជាក់ថានៅពេលមនុស្សអនុវត្តគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពអាស្រ័យលើបទបញ្ជារបស់ទ្រង់ នោះពួកគេពុំមានកំហុសនឹងអំពើបាបនៃអំពើកំផិតឡើយ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើនរណាម្នាក់ដែលអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពក្នុងលក្ខខណ្ឌណាមួយដែលព្រះអម្ចាស់ពុំបានបញ្ជា នោះពួកគេធ្វើខុសនឹងអំពើកំផិតហើយ ។ ( សូមកត់ចំណាំថាពាក្យ ត្រូវបំផ្លាញចោល នៅក្នុង ខ ៤១ បង្ហាញថា អស់អ្នកដែលរំលងសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់ខ្លួន នោះនឹងត្រូវបំបែកចេញពីព្រះ និងពីរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ [ សូមប្រៀបធៀប កិច្ចការ ៣:២២–២៣; នីហ្វៃទី ១ ២២:២០] ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤០ ដោយស្ងៀមស្ងាត់ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលថាទ្រង់នឹងធ្វើវា ។
-
យោងតាម ខ ៤០តើព្រះអម្ចាស់នឹងធ្វើអ្វី ? (សាងឡើងវិញនូវការណ៏គ្រប់យ៉ាង ។ សូមពន្យល់ថាពាក្យ « ការណ៍គ្រប់យ៉ាង » សំដៅលើច្បាប់ និងពិធីបរិសុទ្ធនៃដំណឹងល្អនានាដែលត្រូវបានបើកសម្តែងនៅក្នុងសម័យកាន់កាប់ត្រួតត្រាមុនៗ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ៖ បទបញ្ញត្តិដើម្បីរស់នៅតាមច្បាប់អាពាហ៍ពិពាហ៍ពហុពន្ធភាពនៅក្នុងថ្ងៃចុងក្រោយ គឺជាផ្នែកនៃការស្ដារឡើងវិញនៃការណ៍ទាំងឡាយ ។ [ សូមមើលផងដែរ កិច្ចការ ៣:២០–២១] ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៥, ៤៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានប្រគល់ដល់យ៉ូសែប ស្ម៊ីធ ឲ្យនាំមកនូវការសាងឡើងវិញនូវការណ៏គ្រប់យ៉ាង ។
-
តើព្រះអម្ចាស់បានប្រគល់អ្វីដល់យ៉ូសែប ស្ម៊ីធ ដើម្បីនាំមកនូវការសាងឡើងវិញនូវការណ៏គ្រប់យ៉ាង ? ( កូនសោ និង អំណាចនៃបព្វជិតភាព ) ។
-
តើយើងរៀនអ្វីខ្លះពី ខ ៤៥ និង ៤៨ អំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( នៅពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះលើក្តារខៀន ៖ អាពាហ៍ពិពាហ៍ពហុពន្ធភាពអាចត្រូវបានអនុញ្ញាតឲ្យមាន តែតាមរយៈកូនសោនៃបព្វជិតភាពដែលត្រូវបានប្រទានដល់ប្រធាននៃសាសនាចក្រតែប៉ុណ្ណោះ) ។
សូមពន្យល់ថានៅដើមដំបូងនៃសម័យកាន់កាប់ត្រួតត្រានេះ ក្នុងផ្នែកមួយនៃការស្តារឡើងវិញនៃការណ៍ទាំងឡាយ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ដើម មួយចំនួនឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព តាមរយៈកូនសោបព្វជិតភាពដែលបានកាន់ដោយព្យាការីយ៉ូសែប ស្ម៊ីធ និង ប្រធានសាសនាចក្របន្តបន្ទាប់ទៀត—ព្រិកហាំ យ៉ង់ យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ ។ នៅឆ្នាំ ១៨៩០ ប្រធាន វូឌដ្រុព្វ ដោយប្រើកូនសោបព្វជិតភាពដដែលនោះ បានទទួលវិវរណៈថាការអនុវត្តនៃអាពាហ៍ពិពាហ៍ពហុពន្ធភាពគួរតែបញ្ចប់ ( សូមមើល សេចក្ដីប្រកាសជាផ្លូវការទី ១) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៩-៦៦
ព្រះអម្ចាស់ប្រទានព្រះឱវាទដល់យ៉ូសែប និង អិមម៉ា ស្ម៊ីធ ទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព
សូមពន្យល់ថា ព្យាការីយ៉ូសែប ស្ម៊ីធ មានការស្ទាក់ស្ទើរដើម្បីចាប់ផ្តើមអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ លោកបានថ្លែងថាលោកមិនបានចាប់ផ្តើមអនុវត្តវាឡើយ រហូតដល់លោកត្រូវបានព្រមានថាលោកនឹងត្រូវបំផ្លាញចោលបើសិនលោកមិនគោរពធ្វើតាមទេនោះ ( សូមមើល « Plural Marriage » Historical Record, ខែ ឧសភា ឆ្នាំ ១៨៨៧ ទំព័រ ២២២ ) ។ ដោយសារការខ្វះឯកសារប្រវត្តិសាស្ត្រ នោះយើងពុំដឹងអំពីការព្យាយាមដំបូងរបស់យ៉ូសែប ស្ម៊ីធ ដើម្បីធ្វើតាមបទបញ្ញាត្តិនេះឡើយ ។ ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ ១៨៤១ ព្យាការីបានចាប់ផ្តើមគោរពតាមព្រះបញ្ញាត្តិនេះ ហើយបង្រៀនវាដល់សមាជិកមួយចំនួននៃសាសនាចក្រ ហើយបីឆ្នាំជាងក្រោយមក លោកបានរៀបការប្រពន្ធបន្ថែមទៀត ស្របទៅតាមការបញ្ជារបស់ព្រះអម្ចាស់ ។ ការគោរពប្រតិបត្តិតាមរបស់ព្យាការីយ៉ូសែប ស្ម៊ីធចំពោះព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពគឺជាការសាកល្បងមួយនៃសេចក្តីជំនឿសម្រាប់លោក និង អិមម៉ាដែលជាភរិយាលោក ដែលលោកស្រឡាញ់យ៉ាងខ្លាំង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៩-៥០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ រកមើលពរជ័យដែលព្រះអម្ចាស់បានសន្យាចំពោះយ៉ូសែប ស្ម៊ីធ ។
-
តើពរជ័យអ្វីខ្លះដែលព្រះអម្ចាស់បានសន្យាចំពោះយ៉ូសែប ស្ម៊ីធ ?
-
យោងតាម ខ ៥០, ហេតុអ្វីបានជាព្រះអម្ចាស់សន្យាពរជ័យទាំងនោះចំពោះយ៉ូសែប ស្ម៊ីធ ?
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលព្រះឱវាទដែលព្រះអម្ចាស់បានប្រទានដល់អិមម៉ា ស្ម៊ីធ ។
-
យោងតាម ខ ៥២, តើអិមម៉ាបានទទួលព្រះឱវាទអ្វីខ្លះ ? ( « អស់អ្នកណាដែលត្រូវបានប្រទានដល់យ៉ូសែប ស្ម៊ីធជាអ្នកបម្រើយើង » សំដៅលើអស់អ្នកដែលបានផ្សារភ្ជាប់ជាមួយនឹងយ៉ូសែប ស្ម៊ីធ ) ។
សូមពន្យល់ថាក្រៅពីការបញ្ជាដល់អិមម៉ា ឲ្យទទួលអស់អ្នកដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្វាមីខ្លួនហើយ ព្រះអម្ចាស់បានបញ្ជាឲ្យគាត់នៅជាប់នឹងក្រឹត្យវិន័យរបស់ទ្រង់ ហើយអភ័យទោសដល់យ៉ូសែបចំពោះការប្រព្រឹត្តិរបស់លោក ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥៦ ដោយស្ងៀមស្ងាត់ ដើម្បីរៀនពីអ្វីដែលព្រះអម្ចាស់បានសន្យាដល់អិមម៉ា ស្ម៊ីធ ។
-
តើព្រះអម្ចាស់បានសន្យាអ្វីជាមួយអិមម៉ា បើសិនគាត់នឹងគោរពតាមបទបញ្ជារបស់ទ្រង់នោះ ?
សូមពន្យល់ថានៅក្នុងឆ្នាំ ១៨៤១ យ៉ូសែប ស្ម៊ីធ បានចាប់ផ្តើមបង្រៀនដល់បុរស និង ស្ត្រីស្មោះត្រង់ផ្សេងទៀតអំពីគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនេះ ។ នៅពេលដំបូងពួកគេក៏មានការលំបាកដើម្បីយល់ និង ទទួលយកគោលការណ៍នេះដែរ ។ ឧទាហរណ៍ នៅពេលដំបូងដែលព្រិកហាំ យ៉ង់បានរៀនពីបទបញ្ញាត្តិនេះដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព នោះលោកបានមានប្រសាសន៍ថា លោកមានអារម្មណ៍ថាលោកចង់ស្លាប់ជាជាងយកប្រពន្ធច្រើន ( សូមមើល ស៊ូសា យ៉ង់ ហ្គេត និង លៀ ឌី វីតសូ, [ ឆ្នាំ ១៩៣០ ] ទំព័រ ៣២១ ) ។ ទោះបីជាសមាជិកសាសនាចក្រដ៏ស្មោះត្រង់ទាំងនេះមានការស្ទាក់ស្ទើរ និង លំបាកចំពោះបទបញ្ញត្តិនេះនៅពេលដំបូងក៏ដោយ ក៏ពួកគេបានទទួលការបញ្ជាក់រៀងៗខ្លួនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលយកគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនេះ ។ វីលេត គិមបុល ភរិយាទីមួយរបស់អែលឌើរ ហ៊ើបើរ ស៊ី គិមបុលបានទទួល ហើយធ្វើតាមគោលលទ្ធិនៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ហើយ « ពុំឆ្ងល់ឡើយថាការបញ្ជានៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនោះគឺមកពីព្រះ ដ្បិតព្រះអម្ចាស់បានបើកសម្តែងវាដល់គាត់នៅក្នុងចម្លើយចំពោះការអធិស្ឋាន » ( Helen Mar Kimball, នៅក្នុង Orson F. Whitney, Life of Heber C. Kimball [ ឆ្នាំ ១៩៦៧ ] ទំព័រ ៣២៥ សូមមើលផងដែរ ទំព័រ ៣២៦–២៨ ) ។
ការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពបាននាំឲ្យមានឧបសគ្គបន្ថែមទៀត ។ ដ្បិតដំបូងការអនុវត្តនេះធ្វើឡើងដោយលាក់លាម នោះពាក្យចចាមអារ៉ាមបានចាប់ផ្តើមរាលដាលអំពីអ្នកដឹកនាំសាសនាចក្របានរៀបការប្រពន្ធថែមទៀត ។ ពាក្យចចាមអារ៉ាមទាំងនេះបង្ខូចបង្កាច់សេចក្តីពិត បានបង្ខូចឈ្មោះរបស់ព្យាការី និង អ្នកដឹកនាំសាសនាចក្រដទៃទៀត ហើយបានបង្កឲ្យមានការបៀតបៀនកើនឡើងប្រឆាំងនឹងពួកបរិសុទ្ធ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៦៣ ឲ្យឮៗ ដោយចាប់ផ្តើមជាមួយឃ្លា « ដ្បិតពួកគេត្រូវបានប្រគល់ដល់គាត់ » ។ ពីមុនអ្នកអាន សូមពន្យល់ថាខគម្ពីរនេះជួយយើងឲ្យយល់ពី ហេតុផលមួយដែលព្រះអម្ចាស់បានបញ្ជាយ៉ូសែប ស្ម៊ីធ និង មនុស្សដទៃផ្សេងទៀតដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគោលបំណងពិសេសនោះ ។
-
តើបទបញ្ញត្តិអ្វីដែលព្រះអម្ចាស់បានមានបន្ទួលនៅក្នុង ខ ៦៣ ? ( ព្រះបញ្ញត្តិឲ្យបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយមានពេសពេញលើផែនដី) ។ តើការបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយមានពេសពេញលើផែនដីមានន័យយ៉ាងណា ? ( បង្កើតកូនចៅ ) ។
សូមចង្អុលបង្ហាញឃ្លាខាងក្រោមនៅក្នុង ខ ៦៣: « ដ្បិតការណ៍នេះហើយទើបកិច្ចការនៃព្រះវរបិតារបស់យើងបានបន្តទៅ » ។
-
តើការមានកូនចៅធ្វើឲ្យឪពុកម្តាយក្លាយជាផ្នែកមួយនៃការបន្តកិច្ចការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ?
ជាចំណែកនៃការពិភាក្សានេះ អ្នកអាចអានសេចក្ដីថ្លែងការណ៍ខាងក្រោម ដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« នៅពេលកូនម្នាក់បានកើតមកដោយឪពុក និងម្តាយ នោះពួកគេកំពុងបំពេញផ្នែកនៃផែនការរបស់ព្រះវរបិតាសួគ៌ដើម្បី នាំកូនចៅមកលើផែនដីនេះ ។ ព្រះអម្ចាស់មានបន្ទូលថា ‹ នេះហើយជាកិច្ចការរបស់យើងនិង សិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស › [ម៉ូសេ ១:៣៩] ។ ពីមុនពួកគេមានអមតភាព នោះពួកគេត្រូវតែមានជីវិតរមែងស្លាប់សិន » (Children » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៨ ) ។
-
ផ្អែកលើអ្វីដែលអ្នកបានរៀនពី ខ ៦៣, តើអ្វីទៅជាមូលហេតុមួយដែលព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( បន្ទាប់ពីសិស្សឆ្លើយហើយ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពដើម្បីផ្តល់ឱកាសបន្ថែមទៀតដល់ប្រជារាស្ត្ររបស់ទ្រង់ចិញ្ចឹមកូនចៅសុចរិតថ្វាយទ្រង់ ។ អ្នកអាចអាន យ៉ាកុប ២:៣០) ។
សូមមើលសំណួរដែលអ្នកបានសរសេរលើក្ដារខៀននៅពេលជិតចាប់ផ្តើមថ្នាក់រៀន ៖ ហេតុអ្វីបានជាព្រះអម្ចាស់បញ្ជាឲ្យបុរស និង ស្ត្រីសុចរិតទាំងនោះ ឲ្យធ្វើតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅជំនាន់នោះ ? អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យសង្ខេបដស់សិស្សនៅក្នុងថ្នាក់ អំពីអ្វីដែលពួកគេបានរៀនពីការសិក្សារបស់ខ្លួនដកស្រង់ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ និង យ៉ាកុប ២:២៧, ៣០ ដែលជួយពួកគេឲ្យឆ្លើយសំណួរនេះ ។
សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នកអំពីព្យាការីយ៉ូសែប ស្ម៊ីធ ហើយថាលោកបានទទួល ព្រមទាំងគោរពតាមវិវរណៈពីព្រះ ។