មេរៀនទី ១០៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១-១៦
បុព្វកថា
នៅថ្ងៃទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយអំពីការរងទុក្ខរបស់ពួកបរិសុទ្ធបានជួបប្រទះនៅរដ្ឋ មិសសួរី ។ វិវរណៈនេះ បានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ នឹងត្រូវបានបំបែកជាបីមេរៀន ។ មេរៀនដំបូងនេះ រួមមានការពន្យល់របស់ព្រះអម្ចាស់ពីមូលហេតុ ដែលទ្រង់ទុកឲ្យពួកបរិសុទ្ធរងទុក្ខ ។ វាក៏បញ្ចូលព្រះបន្ទូលនៃការទូន្មាន និងការលួងលោមចិត្តរបស់ទ្រង់ដល់ពួកបរិសុទ្ធដែលកំពុងរងទុក្ខផងដែរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១-៨
ព្រះអម្ចាស់បានពន្យល់ពីមូលហេតុដែលទ្រង់ទុកឲ្យពួកបរិសុទ្ធជួបប្រទះការសាកល្បង
សូមគូរ រូបផែនទីដែលមានអមមកជាមួយ នៅលើក្ដារខៀនមុនពេលចូលរៀន ។ អ្នកអាច មើលតាមផែនទីពេញមួយមេរៀន ដើម្បីជួយសិស្សឲ្យយល់ពីរឿងប្រវិត្តិសាស្ត្រនៅក្នុងមេរៀន ។
ដើម្បីចាប់ផ្ដើមមេរៀន សូមសួរសំណួរដូចខាងក្រោម ៖
-
តើគំរូនៃការបៀតបៀនអ្វីខ្លះ ដែលពួកបរិសុទ្ធបានរងទុក្ខនៅក្នុងឃុំ ចាកសុន រដ្ឋ មិសសួរី ? (អ្នកប្រហែលត្រូវរំឭកសិស្សពីការបំផ្លិចបំផ្លាញការិយាល័យបោះពុម្ព ផ្ទះ និងដំណាំរបស់ពួកបរិសុទ្ធ ហើយបានស្រោចជ័រកៅស៊ូ និងចាក់រោមសត្វលើ អែតវើត ប៉ាទ្រិច និង ឆាលស៍ អាលែន )។
សូមសង្ខេប ឬអានឃ្លាខាងក្រោម ឬសូមឲ្យសិស្សម្នាក់អានវា ។
ព្រោះតែការប្រើអំពើហឹង្សារបស់ក្រុមពួកមនុស្សកំណាចក្នុងឃុំ ចាកសុន រដ្ឋ មិសសួរីនៅខែ កក្កដា ឆ្នាំ ១៨៣៣ នោះអ្នកដឹកនាំសាសនាចក្រក្នុងរដ្ឋ មិសសួរី បានយល់ព្រមចាកចេញពីឃុំនោះ ។ ប៉ុន្តែ នៅ ខែ សីហា ឆ្នាំ ១៨៣៣ ក្រុមប្រឹក្សានៃអ្នកដឹកនាំសាសនាចក្រទូទៅក្នុងទីក្រុង ខឺតឡង់ បានជួបពិភាក្សាពីការលំបាកនៅរដ្ឋ មិសសួរី ។ ពួកគេបានផ្ញើសេចក្ដីណែនាំថា ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី មិនគួរលក់ដីរបស់ខ្លួន ឬផ្លាស់ចេញពីភូមិនោះឡើង លុះត្រាតែពួកគេបានចុះកិច្ចព្រមព្រៀងឲ្យធ្វើដូច្នោះសិន ។ ពួកអ្នកដឹកនាំសាសនាចក្របានស្នើដល់រដ្ឋាភិបាល ហើយបានប្រើវិធីស្របច្បាប់ដើម្បីរក្សាដីធ្លីរបស់ពួកគេនៅរដ្ឋ មិសសួរី និងស្វែងរកយុត្តិធម៌ពីសំណាក់អ្នកដែលទទួលខុសត្រូវលើអំពើហឹង្សា ។ បន្ទាប់ពីបានឮពីទង្វើទាំងនេះ ហើយដោយជឿថាពួកបរិសុទ្ធគ្មានគម្រោងចាកចេញដូចដែលបានរំពឹងទុកនោះទេ អ្នកដែលមិនមែនជាពួកបរិសុទ្ធថ្ងៃចុងក្រោយ បានវាយប្រហារពួកបរិសុទ្ធម្ដងទៀត ។ នៅយប់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៨៣៣ ពួកមនុស្សកំណាចជិះសេះប្រហែល ៥០នាក់ បានវាយឆ្មក់លំនៅដ្ឋានរបស់ វិតមើរ នៅភាគខាងលិចនៃ ទីក្រុងអ៊ិនឌីប៉ែនដែនស៍ ។ ពួកគេបានរុះរើផ្ទះ១៣ខ្នង និងបានវាយបុរសមួយចំនួនស្ទើស្លាប់ ។ ការវាយប្រហារនេះបានបន្តដល់ពីរយប់បន្ទាប់ នៅទីក្រុង អ៊ីនឌីប៉ែនដែនស៍ និង ទីតាំងផ្សេងទៀតដែលពួកបរិសុទ្ធបានរស់នៅ ។ មនុស្សប្រុសត្រូវបានវាយដំ ហើយស្រ្តី និងកុមារត្រូវបានបំភ័យ ។
-
តើសំណួរអ្វីខ្លះដែលអ្នកគិតថា ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី អាចមាននៅពេលនោះ ? ( បើសិស្សត្រូវការជំនួយក្នុងការឆ្លើយនឹងសំណួរនេះ សូមពិចារណាពីសំណើដែលពួកបរិសុទ្ធអាចឆ្ងល់ពីមូលហេតុ ដែលព្រះអម្ចាស់ទុកឲ្យពួកគេត្រូវបៀតបៀន ) ។
សូមសួរសិស្សថា តើពួកគេធ្លាប់ឆ្ងល់ពីមូលហេតុដែលព្រះអម្ចាស់ទុកឲ្យពួកគេ ឬមនុស្សដែលពួកគេស្គាល់ជួបប្រទះនឹងការរងទុក្ខដែរឬទេ ។
សូមពន្យល់ថា ពេលពួកបរិសុទ្ធក្នុងរដ្ឋ មិសសួរី កំពុងរងទុក្ខតាមរយៈការសាកល្បងទាំងនេះ ព្រះអម្ចាស់បានសម្ដែងការពិតអំពីមូលហេតុដែលទ្រង់ទុកឲ្យប្រជាជនទ្រង់ជួបប្រទះនឹងការរងទុក្ខ ។ សូមឲ្យសិស្សមើលសេចក្ដីណែនាំអំពីកណ្ឌក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១ ហើយប្រាប់ពីកាលបរិច្ឆេទដែល យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនេះ ។ ហើយសូមឲ្យពួកគេរកមើលក្នុងកណ្ឌទាំងមូល ដើម្បីរកមើលទុក្ខវេទនាផ្សេងទៀតដែលពួកបរិសុទ្ធបានជួយប្រទះរវាងការវាយប្រហារពីពួកមនុស្សកំណាចនៅថ្ងៃទី ៣១ ខែ តុលា និងកាលបរិច្ឆេទពេលដែលវិវរណៈនេះត្រូវបានប្រទានឲ្យ ។ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( បន្ទាប់ពីពួកគេរាយការណ៍ហើយ អ្នកអាចពន្យល់ថា មានពួកបរិសុទ្ធច្រើនជាង ១០០០នាក់ ដែលត្រូវបានបណ្ដេញពីផ្ទះរបស់ពួកគេក្នុងឃុំ ចាកសុន ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១-២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលមូលហេតុដែលព្រះអម្ចាស់បានទុកឲ្យពួកបរិសុទ្ធនៅក្នុងឃុំ ចាកសុន រងទុក្ខពីការបៀតបៀន និងការឈឺចាប់ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើយើងអាចរៀនអ្វីពី ខ ២ អំពីលទ្ធផលនៃការប្រឆាំងនឹងព្រះបញ្ញត្តិរបស់ព្រះ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែពួកគេគួរបង្ហាញអំពីគោលការណ៍ដូចខាងក្រោម ៖នៅពេលយើងប្រឆាំងនឹងព្រះបញ្ញត្តិ នោះព្រះទុកឲ្យយើងរងទុក្ខ ) ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់ក្នុងការយល់ពីគោលការណ៍នេះ ?
សូមចង្អុលបង្ហាញថា ទោះជាពួកបរិសុទ្ធជាច្រើននៅរដ្ឋ មិសសួរី មានការស្មោះត្រង់ និងគោរពតាមព្រះបញ្ញត្តិក្ដី ពួកគេនៅតែរងទុក្ខដោយសារការបៀតបៀនដែរ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៣-៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលមូលហេតុដែលព្រះអម្ចាស់ទុកឲ្យពួកបរិសុទ្ធដែលសុចរិតរងទុក្ខ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចពន្យល់ថា ពាក្យ ការវាយផ្ចាល មានន័យថាត្រូវណែនាំ ឬ កែតម្រូវ ពាក្យការល្បង មានន័យថាត្រូវសាកល្បង ហើយពាក្យ ការញែកចេញជាបរិសុទ្ធ មានន័យថាត្រូវធ្វើឲ្យនរណាម្នាក់ ឬអ្វីមួយបានបរិសុទ្ធ និងពិសិដ្ឋ។
-
ស្របតាមខគម្ពីរទាំងនេះ តើហេតុអ្វីបានជាព្រះអម្ចាស់វាយផ្ចាល និងល្បងប្រជាជនរបស់ទ្រង់ ? ( សិស្សគួរតែបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ បើយើងមិនស៊ូទ្រាំនឹងការវាយផ្ចាលទេ នោះយើងមិនអាចត្រូវបានញែកចេញជាបរិសុទ្ធទេ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើការវាយផ្ចាល អាចជួយយើងឲ្យត្រូវបានញែកចេញជាបរិសុទ្ធយ៉ាងដូចម្ដេច ?
-
តើសារលិខិតនៅក្នុងខគម្ពីរទាំងនេះ មានឥទ្ធិពលយ៉ាងណាចំពោះពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ?
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលត្រូវវាយផ្ចាល និងសាកល្បង ជួយយើងឲ្យបានញែកចេញជាបរិសុទ្ធ សូមឲ្យសិស្សអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« បន្ថែមពីលើការជម្រុញការប្រែចិត្តរបស់យើង បទពិសោធន៍នៃការការស៊ូទ្រាំនឹងការវាយផ្ចាល អាចសម្រាំង និងរៀបចំយើងសម្រាប់ឯកសិទ្ធខាងវិញ្ញាណអស្ចារ្យជាងនេះ » ( As Many as I Love, I Rebuke and Chasten » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៨ ) ។
សូមចង្អុលបង្ហាញថា ព្រះអម្ចាស់សំដៅទៅ អ័ប្រាហាំ ជាគំរូមួយនៃមនុស្សម្នាក់ដែលត្រូវបានវាយផ្ចាល និងត្រូវបានសាកល្បង ។ អ្នកអាចសូមឲ្យសិស្សសង្ខេបយ៉ាងខ្លីនូវរឿងដែលព្រះអម្ចាស់បញ្ជារឲ្យ អ័ប្រាហាំ បូជាកូនប្រុសរបស់លោក គឺអ៊ីសាក ធ្វើជាយញ្ញបូជា ( សូមមើល លោកុប្បត្តិ ២២:១-១៤ ) ។ សូមពន្យល់ថា ការស្មោះត្រង់របស់ អ័ប្រាហាំ ក្នុងពេលសាកល្បងនោះ និងក្នុងពេលសាកល្បងដទៃទៀត បានរៀបចំលោកឲ្យទទួលបានពរជ័យខាងវិញ្ញាណយ៉ាងអស្ចារ្យ ( សូមមើល លោកុប្បត្តិ ២២:១៥-១៨ ) ។ សូមឲ្យសិស្សមើលគោលការណ៍ ដែលអ្នកបានសរសេរនៅលើក្ដារខៀន ។
-
តើសេចក្ដីពិតនេះ អាចជួយយើងក្នុងពេលលំបាកយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៦-៨ ដោយស្ងៀមស្ងាត់ រកមើលអំពើបាបដែលបានធ្វើដោយពួកបរិសុទ្ធមួយចំនួននៅរដ្ឋ មិសសួរី ដែលបានដឹកនាំទៅរកការរងទុក្ខសម្រាប់ពួកគេគ្រប់គ្នា ។ សូមឲ្យសិស្សរាយការណ៍អំពីការរកឃើញរបស់ពួកគេ ដល់សិស្សក្នុងថ្នាក់ ។
-
តើយើងរៀនអ្វីខ្លះពី ខ ៧-៨ ?
-
យោងតាម ខ ៨ តើមនុស្សមួយចំនួនចង់ធ្វើអ្វី ពេលជីវិតពួកគេមានភាពសុខសាន្ត ?
-
ស្របតាម ខ ៨ តើមនុស្សមួយចំនួនចាប់ផ្ដើមធ្វើអ្វី នៅក្នុងការរងទុក្ខរបស់ពួកគេ ? តើអ្នកគិតថាការ « រាវរក » ព្រះអម្ចាស់មានន័យយ៉ាងណា ?
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីបទពិសោធន៍ ពេលការសាកល្បងរបស់ពួកគេបាននាំគេឲ្យបែរដួងចិត្តពួកគេមករកព្រះអម្ចាស់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៩-១៦
ព្រះអម្ចាស់បានប្រឹក្សា និងលួងលោមចិត្តដល់ពួកបរិសុទ្ធ
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៩ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ រកមើលសារលិខិតនៃសេចក្ដីសង្ឃឹមដែលព្រះអម្ចាស់បានប្រទានឲ្យពួកបរិសុទ្ធ ដែលរងទុក្ខនៅរដ្ឋ មិសសួរី ។
-
តើសារលិខិតអ្វីដែលព្រះអម្ចាស់បានប្រទាននៅ ខ ៩ ដែលអាចជួយយើងពេលយើងទទួលរងលទ្ធផលនៃអំពើបាបរបស់យើង ? ( ចម្លើយរបស់សិស្សអាចនឹងមានខុសៗគ្នា ប៉ុន្តែពួកគេបានកំណត់ពីសេចក្ដីពិតដូចខាងក្រោមនេះ ៖ ទោះជានៅពេលដែលយើងបានធ្វើអំពើបាប ក៏ព្រះអម្ចាស់នៅតែមានសេចក្ដីមេត្តាចំពោះយើងដែរ ។ សូមសរសេរសេចក្ដីពិតនេះនៅលើក្ដារខៀន ។ អ្នកក៏អាចផ្ដល់យោបល់ដែរថា សិស្សគួរតែកត់ត្រាវានៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
-
តើសេចក្ដីពិតនេះ អាចនាំមកនូវសេចក្ដីសង្ឃឹមដល់យើងដោយរៀបណា ?
សូមឲ្យសិស្សសរសេរនៅក្នុងសៀវភៅសរសេរ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ អំពីអ្វីមួយដែលពួកគេអាចធ្វើដើម្បីបង្វែរដួងចិត្តរបស់ពួកគេទៅព្រះអម្ចាស់ និងទទួលបទពិសោធន៍ពីសេចក្ដីមេត្តារបស់ទ្រង់ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១០-១១ ដោយពន្យល់ថា ទោះជាព្រះអម្ចាស់បានទុកឲ្យពួកបរិសុទ្ធត្រូវបានបៀតបៀនក្តី តែទ្រង់បានមានព្រះបន្ទូលថា ទ្រង់នឹងផ្ដន្ទាទោសអ្នកដែលបៀតបៀនពួកគេ ។ សូមឲ្យសិស្សម្នាក់អានឃ្លាខាងក្រោមឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលការសាកល្បងបន្ថែម ដែលពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បានជួបប្រទះ ។ អ្នកអាចអញ្ជើញសិស្សឲ្យនឹកស្រមៃថាតើពួកគេមានអារម្មណ៍យ៉ាងណា បើបានធ្វើជាសាក្សី ឬជួបប្រទះការសាកល្បងទាំងនោះ ។
ក្រុមពួកមនុស្សកំណាចនៅឃុំ ចាកសុន បានបន្តបៀតបៀនពួកបរិសុទ្ធរហូតដល់សមាជិកទាំងអស់ក្នុងសាសនាចក្រ ត្រូវបានបណ្ដេញចេញពីភូមិនោះ ។ ឡៃម៉ាន វ៉ៃត បានរាយការណ៍ថា « ខ្ញុំបានឃើញស្រ្តី និងកុមារមួយរយកៅសិបនាក់បានដើរឆ្លងកាត់វាលស្មៅចម្ងាយ៤៨ គីឡូម៉ែត្រ ជាមួយនឹងបុរសចំណាស់បីនាក់គ្រាន់បានជាគ្នា នៅក្នុងខែវិច្ឆិកា ភ្លៀងលាយព្រិលបានកកជាប់នៅលើផ្លូវយ៉ាងស្ដើង ហើយខ្ញុំអាចរកផ្លូវដែលពួកគេដើរបានយ៉ាងងាយ ដោយឈាមដែលហូរចេញពីជើងដែលរបួសរបស់ពួកគេ នៅលើជញ្ជ្រាំងដែលបានឆេះ ។ ( នៅក្នុង History of the Church ៣:៤៣៩ ) ។
ពួកបរិសុទ្ធស្ទើតែទាំងអស់បានភៀសខ្លួនទៅភាគខាងជើង ហើយពួកគេត្រូវឆ្លងទន្លេមិសសួរី ។ ឆ្នេរទន្លេនៅជិតសាឡាង ត្រូវបានតម្រង់ជួរដោយអ្នកភៀសខ្លួន ។ មនុស្សមួយចំនួនមានសំណាងដែលបានភៀសខ្លួនជាមួយនឹងរបស់របរនៅក្នុងផ្ទះ ប៉ុន្តែមនុស្សជាច្រើនទៀតបានបាត់បង់អ្វីគ្រប់យ៉ាង ។ ប៉ាលី ភី ប្រាត្ត បានសរសេរថា ៖ « មនុស្សជាច្រើនរយនាក់ ត្រូវបានឃើញបែកខ្ញែកទៅគ្រប់ទិសទី មនុស្សខ្លះនៅក្នុងតង់ ហើយមនុស្សខ្លះទៀតនៅខាងក្រៅនៅជុំវិញភ្នក់ភ្លើង ពេលដែលភ្លៀងធ្លាក់យ៉ាងជោកជាំ ។ ស្វាមីជាច្រើនកំពុងមើលថែដល់ភរិយាខ្លួន ភរិយាជាច្រើនកំពុងមើលថែស្វាមីខ្លួន ឪពុកម្ដាយជាច្រើនកំពុងមើលថែកូនៗខ្លួន និង កូនៗជាច្រើនកំពុងមើលថែឪពុកម្ដាយខ្លួន ។… ទិដ្ឋភាពនេះគឺគួរឲ្យខ្លោចផ្សាបំផុត ខ្ញុំប្រាកដណាស់ថា ការណ៍នេះបានធ្វើឲ្យមនុស្សនៅលើផែនដីមានចិត្តអាណិតអាសូរ លើកលែងតែជនគៀបសង្កត់ដ៏ងងឹតងងល់ និង ក្រុមមនុស្សដែលល្ងង់ខ្លៅ និង អវិជ្ជាប៉ុណ្ណោះ » (Autobiography of Parley P. Pratt,ការបោះពុម្ពនៃ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ឆ្នាំ ១៩៣៨ ] ទំព័រ ១០២ ) ។
-
តើផ្នែកមួយណានៃការសាកល្បងទាំងនេះ នឹងមានការពិបាកបំផុតសម្រាប់អ្នកធ្វើជាសាក្សី ឬជួបប្រទះ ?
-
តើអ្នកគិតថាអ្នកអាចឆ្លើយតបយ៉ាងណា បើអ្នកបានជួបប្រទះការរងទុក្ខបែបនោះ ? ( អ្នកអាចទុកពេលឲ្យសិស្សសញ្ជឹងគិតពីសំណួរនេះ ដោយមិនចាំបាច់ឆ្លើយឮៗទេ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១២-១៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលការសន្យារបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធដ៏ស្មោះត្រង់ទាំងនេះ ។ សូមឲ្យសិស្សរាយការណ៍អំពីការរកឃើញរបស់ពួកគេ។ សូមពន្យល់ថានៅក្នុង ខ ១២ ឃ្លា« អស់ទាំងពួកសាសន៍អ៊ីស្រាអែល » សំដៅទៅលើពួកអ្នកដែលស្មោះត្រង់ទៅនឹងសេចក្ដីសញ្ញានៃដំណឹងល្អ ។
-
តើគោលការណ៍អ្វីដែលអ្នករៀនពី ខ ១២-១៦ ? ( សូមសង្ខេបចម្លើយរបស់សិស្សជាប្រយោគមួយ ហើយសរសេរនៅលើក្ដារខៀន ។ ចម្លើយរបស់ពួកគេ គួរតែបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖ នៅពេលយើងរស់នៅដោយសុចរិត យើងអាចស្វែងរកការលួងលោមនៅក្នុងការដឹងថា មនុស្សទាំងអស់គឺនៅក្រោមការគ្រប់គ្រងរបស់ព្រះអម្ចាស់) ។
-
នៅក្នុង ខ ១៦, តើអ្នកគិតថាអ្វីទៅដែលជានិយមន័យរបស់ព្រះបញ្ញត្តិឲ្យ « សូមបង្អង់សិន ឲ្យបានដឹងថាយើងជាព្រះ » ?
-
តើ « តើការបង្អង់ » អាចជួយយើងឲ្យទទួលបានការលួងលោមដោយរបៀបណា ?
សូមឲ្យសិស្សគិតអំពីពេលវេលា ដែលពួកគេមានអារម្មណ៍សុខសាន្ត ហើយដឹងថាពួកគេនៅក្រោមការគ្រប់គ្រងរបស់ព្រះ ។ សូមឲ្យសិស្សពីរបីនាក់ចែកចាយនូវបទពិសោធន៍របស់ពួកគេ ។ អ្នកអាចចែកចាយបទពិសោធន៍មួយ ដែលអ្នកមាន នៅពេលអ្នកត្រូវបានប្រសិទ្ធិពរដោយភាពសុខសាន្ត នៅក្នុងពេលនៃការរងទុក្ខ ។
សូមលើកទឹកចិត្តសិស្សឲ្យបន្តបែរទៅរកព្រះអម្ចាស់ និងទុកចិត្តថាទ្រង់នឹងធ្វើអ្វីដែលប្រសើរបំផុតសម្រាប់ពួកគេ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:២ ។ « ព្រោះតែអំពើរំលងទាំងឡាយរបស់ពួកគេ »
មុនពេលដែលពួកបរិសុទ្ធត្រូវបានបណ្ដេញចេញពីឃុំ ចាកសុន រដ្ឋ មិសសួរី ពួកគេបានទទួលការព្រមានមួយចំនួនដែលថា ពួកគេនឹងរងទុក្ខបើពួកគេមិនប្រែចិត្តទេនោះ ។ ឧទាហរណ៍ នៅខែ មករា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បានផ្ចាញ់ផ្ចាល វិលលាម ដ័បុលយូ ហ្វែប្ស និង ស៊ីឌនី ហ្គីលប៊ើត សម្រាប់ « ការបង្ហាញពីអារម្មណ៍ខ្លួន » នៅក្នុងសំបុត្រដែលពួកគេបានសរសេរ ដោយបាននិយាយថា « បង្ហិនកម្លាំងរបស់ពួកបរិសុទ្ធ » ហើយនឹង « បំផ្លាញទីក្រុងស៊ីយ៉ូនដោយសារការវិនិច្ឆ័យរបស់ព្រះ » ។ អួរសុន ហៃឌ និង ហៃរ៉ុម ស្ម៊ីធ បានសរសេរសំបុត្រទៅប៊ីស្សព អែតវើត ប៉ាទ្រិច ជាទីប្រឹក្សារបស់លោក និងក្រុមសង្ឃជាន់ខ្ពស់ឲ្យផ្ញើសំបុត្រទៅព្រមានពួកអ្នកដឹកនាំសាសនាចក្រនៅរដ្ឋ មិសសួរី ។ ពួកគេបានចាត់ទុកសំបុត្ររបស់ ស៊ីឌនី ហ្គីលប៊ើត ថា « ថោកទាប ស្រពិចស្រពិល និងជាការបញ្ឆិតបញ្ឆៀងដ៏ងងឹតងងល់ » ។ ពួកគេក៏ថ្កោលទោសសំបុត្រមួយទៀតដែលនិយាយថា ព្យាការីកំពុងតែ « ព្យាយាមរកអំណាច និងសិទ្ធគ្រប់គ្រង » ។ ដោយសារការរំលងទាំងនេះ និងការរំលងដទៃទៀត អួរសុន ហៃឌ និង ហៃរ៉ុម ស្ម៊ីធ បានព្រមានថា ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី នឹងជួបប្រទះ « ការវាយនឹងរំពាត់ និងការកាត់ទោស » ( សូមមើលDocuments, Volume 2: ខែ កក្កដា ឆ្នាំ ១៨៣១–ខែ មករា ឆ្នាំ ១៨៣៣,វ៉ុលទី ២ នៃ the Documents series ofThe Joseph Smith Papers[ឆ្នាំ ២០១៣],ទំព័រ ៣៦៧, ៣៧៣-៧៤ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៥ ។ គោលបំណងនៃ « ការវាយផ្ចាលពីស្ថានសួគ៌ » ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« ការវាយផ្ចាលពីស្ថានសួគ៌មានគោលបំណងយ៉ាងហោចណាស់បីយ៉ាង ៖ (១) ដើម្បីបញ្ចុះបញ្ចូលយើងឲ្យប្រែចិត្ត (២) ដើម្បីបន្សុទ្ធ ហើយញែកយើងចេញ និង (៣) នៅពេលខ្លះតម្រង់ផ្លូវយើងជាថ្មីនៅក្នុងជីវិតឲ្យទៅរកអ្វីដែលព្រះដឹងថាជាផ្លូវដ៏ប្រសើរមួយ » ( As Many as I Love, I Rebuke and Chasten »Ensignឬ លីអាហូណា,ខែ ឧសភា ឆ្នាំ ២០១១,ទំព័រ ៩៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៦ ។ « មានការរង្កៀសចិត្ត និងការទាស់ទែងគ្នា »
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា នៅពេលយើងព្យាយាមស្ថាបនាទីក្រុងស៊ីយ៉ូន យើងអាចរៀនពីកំហុសរបស់ពួកបរិសុទ្ធក្នុងរដ្ឋ មិសសួរី ពីសម័យមុន ៖
រូបភាពអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន« នៅក្រោមការដឹកនាំរបស់ព្យាការី យ៉ូសែប ស៊្មីធ នោះសមាជិកសាសនាចក្រជំនាន់មុន បានប៉ងដើម្បីស្ថាបនាទីកន្លែងកណ្ដាលនៃស៊ីយ៉ូននៅក្នុងរដ្ឋ មិសសួរី ប៉ុន្តែពួកគេពុំមានលក្ខណៈសក្ដិសមគ្រប់គ្រាន់ដើម្បីស្ថាបនានគរបរិសុទ្ធ ។ ព្រះអម្ចាស់ បានពន្យល់អំពីមូលហេតុមួយចំពោះការបរាជ័យរបស់ពួកគេថា ៖
« ‹ ពួកគេពុំបានរៀនដើម្បីគោរពតាមអ្វីៗ ដែលយើងតម្រូវពីដៃរបស់ពួកគេទេ ប៉ុន្តែបានពោរពេញទៅដោយអំពើអាក្រក់ ហើយមិនរំលែកនូវទ្រព្យរបស់ខ្លួន តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើ ដល់មនុស្សទាល់ក្រ និងមនុស្សកំសត់ទុគ៌ត នៅក្នុងចំណោមពួកគេ
« ‹ ហើយមិនបានសាមគ្គីគ្នា តាមការរួបរួមគ្នាដែលតម្រូវដោយក្រឹត្យវិន័យនៃនគរសេឡេស្ទាល › (គ. និង ស. ១០៥:៣-៤) ។
« ‹ មានការរង្កៀសចិត្ត និងការទាស់ទែងគ្នា និងការច្រណែនគ្នា និងការប្រឆាំងគ្នា និងការប៉ងប្រាថ្នាខាងតណ្ហា និងខាងលោភលន់ នៅក្នុងចំណោមពួកគេទាំងឡាយ ហេតុដូច្នេះហើយ ដោយសាររបស់ទាំងនេះ ទើបពួកគេបានបង្ខូចកេរ្តិ៍មរតកទាំងឡាយរបស់ខ្លួនចោល › ( គ. និង ស. ១០១:៦) ។
« ជាជាងធ្វើការវិនិច្ឆ័យដល់ពួកបរិសុទ្ធជំនាន់មុនរហ័សពេក នោះយើងគួរតែមើលខ្លួនយើង ដើម្បីឃើញថា តើយើងកំពុងធ្វើអ្វីឲ្យល្អជាងពួកគេឬទេ ។
« ស៊ីយ៉ូន គឺជាស៊ីយ៉ូនមួយ ដោយសារតែចរិត លក្ខណៈ និងភាពស្មោះត្រង់របស់ពលរដ្ឋនៃស៊ីយ៉ូន ។ សូមចងចាំថា ‹ ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និង គំនិតតែមួយ រស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ › (ម៉ូសេ ៧:១៨) ។ ប្រសិនបើយើងនឹងស្ថាបនាស៊ីយ៉ូននៅក្នុងគេហដ្ឋានសាខា វួដ និង ស្ដេករបស់យើង នោះយើងត្រូវតែចាប់យកបទដ្ឋាននេះ ។ វានឹងចាំបាច់ (១) ដើម្បីក្លាយជាមានសាមគ្គីភាពក្នុងដួងចិត្ត ហើយគំនិតតែមួយ (២) ដើម្បីប្រែក្លាយជារាស្ត្រដ៏បរិសុទ្ធ ទាំងជាបុគ្គល និងជារួម និង (៣) ដើម្បីមើលថែដល់អ្នកទាល់ក្រ និងទុគ៌តជន ដោយមានប្រសិទ្ធភាពដូច្នេះ ដើម្បីយើងលុបបំបាត់ភាពក្រីក្រនៅក្នុងចំណោមពួកយើង ។ យើងពុំអាចរង់ចាំរហូតដល់ស៊ីយ៉ូនមកដល់ ដើម្បីមានអ្វីៗទាំងនេះកើតឡើងនោះទេ--ស៊ីយ៉ូន នឹងមកដល់តែពេលដែលអ្វីៗទាំងនេះកើតឡើងហើយប៉ុណ្ណោះ » (« Come to Zion »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨, ទំព័ឬ ៣៧-៣៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៦ ។ « ដ្បិតសាច់ឈាមទាំងអស់នៅ ក្នុងព្រះហស្តរបស់យើងហើយ សូមបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ »
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានប្រាប់ពីពេលមួយដែលលោកត្រូវបានលួងលោមចិត្តដោយគោលការណ៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១៦ ៖
រូបភាពប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី« ថ្មីៗនេះ ពេលខ្ញុំរសាប់រសល់ក្នុងគំនិតរបស់ខ្ញុំជាមួយនឹងបញ្ហាមួយ ខ្ញុំបានគិតពីលទ្ធផលដ៏ធ្ងនធ្ងរ ខ្ញុំបានលុតជង្គង់ចុះអធិស្ឋាន ។ ស្រាប់តែមានអារម្មណ៍សុខសាន្ត និងព្រះបន្ទូលរបស់ព្រះអម្ចាស់បានមាននៅក្នុងគំនិតខ្ញុំ ‹ សូមបង្អង់សិន ឲ្យបានដឹងថាអញជាព្រះ › ។ ខ្ញុំបានបើកព្រះគម្ពីរ ហើយអានសេចក្ដីថ្លែងការណ៍អះអាងដែលបានថ្លែងដោយព្យាការី យ៉ូសែប ស៊្មីធ កាលពី១៥០ឆ្នាំមុន ៖ ‹ សូមឲ្យចិត្តអ្នកបានក្សាន្តអំពីស៊ីយ៉ូនចុះ ដ្បិតសាច់ឈាមទាំងអស់នៅក្នុងព្រះហស្តរបស់យើង ហើយសូមបង្អង់សិន ឲ្យបានដឹងថា យើងជាព្រះ › ។ ( គ. និង ស. ១០១:១៦ ) ។
« ព្រះតម្រង់ផ្លូវស្របតាមព្រះហឫទ័យរបស់ទ្រង់ ។ សាច់ឈាមទាំងអស់ គឺនៅក្នុងព្រះហស្តរបស់ទ្រង់ ។ វាពុំមែនជាសិទ្ធិរបស់យើងដើម្បីទូន្មានទ្រង់នោះទេ ។ វាជាទំនួលខុសត្រូវ និងឱកាសរបស់យើងក្នុងការមានភាពសុខសាន្តក្នុងគំនិត និងដួងចិត្តយើង ហើយដឹងថាទ្រង់គឺជាព្រះ ហើយការណ៍នេះជាកិច្ចការទ្រង់ ហើយថាទ្រង់នឹងមិនបណ្ដោយឲ្យវាបរាជ័យឡើយ ។
« យើងមិនចាំចាច់ខ្លាចទេ ។ យើងមិនចាំចាច់បារម្ភទេ ។ យើងមិនចាំចាច់ប៉ាន់ស្មានឡើយ ។ តម្រូវការដ៏ចាំបាច់របស់យើង គឺត្រូវធ្វើកាត្វកិច្ចរបស់យើងម្នាក់ៗនៅក្នុងហៅបម្រើដែលបានហៅដល់យើង ។ ហើយភាគច្រើន ដោយសារពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងដើរនៅក្នុងសេចក្ដីជំនឿ និងដើរដោយការជឿជាក់ សាសនាចក្របន្តរីកចម្រើនខ្លាំងជាងពេលណាទាំងអស់ » ( He Slumbers Not, nor Sleeps » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣,ទំព័រ ៦ ) ។
អែលឌើរ ដបុលយូ ហ្គ្រេក ស្វីក នៃកូរ៉ុមនៃពួកចិតសិបនាក់បានពន្យល់ពីអត្ថន័យនៃការនៅក្នុងការគ្រប់គ្រងរបស់ព្រះថា ៖
រូបភាពអែលឌើរ ដបុលយូ ហ្គ្រេក ស្វីក« ការស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះ នឹងផ្តល់ជាយោបល់ថាយើងមិនត្រឹមតែស្ថិតនៅក្រោមការថែទាំដ៏ប្រុងប្រយ័ត្នរបស់ទ្រង់ប៉ុណ្ណោះទេ យើងថែមទាំងត្រូវបានយាម និងការពារដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ផងដែរ ។
« ទូទាំងព្រះគម្ពីរ ផ្ដោតលើព្រះហស្តរបស់ព្រះអម្ចាស់ ។ ជំនួយដ៏ទេវភាពរបស់ទ្រង់ គឺជាភស្ដុតាងម្ដងហើយម្ដងទៀត ។ ព្រះហស្តដ៏មានអានុភាពរបស់ទ្រង់ បានបង្កើតពិភពលោក ប៉ុន្តែព្រះហស្តរបស់ទ្រង់មានភាពទន់ភ្លន់ល្មមដើម្បីប្រទានពរដល់កូនចៅតូចៗរបស់ទ្រង់ » ( The Lord Thy God Will Hold Thy Hand » Ensign ឬ លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០០៣,ទំព័រ ៣៤ ) ។