មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០; ៣០–៣៥ ( មេរៀនទី ៨ )
សេចក្តីផ្ដើម
មេរៀននេះផ្តោតជាពិសេសលើព្រះឱវាទរបស់ព្រះអម្ចាស់ចំពោះ ដាវីឌ និង ពេត្រុស វិតមើរ បន្ទាប់ពីសន្និសីទមួយរបស់សាសនាចក្រនៅក្នុងខែ កញ្ញា ឆ្នាំ ១៨៣០ ។ អំឡុងពេលនៃសន្និសីទនោះ ព្រះអម្ចាស់បានបើកបង្ហាញនូវវិវរណៈនានាមកពី ហៃរាំ ភេច ថាគឺជាការបោកបញ្ឆោត ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣០, ព្រះអម្ចាស់ស្តីបន្ទោសដល់ ដាវីឌ វិតមើរ ចំពោះសេចក្តីជំនឿរបស់គាត់លើត្បូង ហើយបានហៅពេត្រុត វិតមើរឲ្យអមដំណើរជាមួយ អូលីវើរ ខៅឌើរីទៅបេសកកម្មរបស់លោក ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:១-៤
ដាវីឌ វិតមើរ ត្រូវបានស្តីបន្ទោសចំពោះការស្តាប់តាមការបញ្ចុះបញ្ចូលរបស់មនុស្ស
សូមឲ្យសិស្សពិចារណាដោយស្ងៀមស្ងាត់ចំពោះសំណួរខាងក្រោម ៖
-
យុវជនម្នាក់បានស្ដាប់តន្ត្រី ដែលពុំត្រូវតាមបទដ្ឋានដូចមានចែងនៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន។ ទោះជាគាត់ចូលចិត្តស្ដាប់តន្ត្រីនេះក្ដី ក៏គាត់បានចាប់ផ្ដើមដឹងថា សាររបស់ចម្រៀងនោះ បានបណ្ដាលឲ្យគាត់បាត់បង់ព្រះវិញ្ញាណ ហើយឃ្លាតឆ្ងាយពីគ្រួសារ មិត្តភក្ដិ និងសាសនាចក្ររបស់ខ្លួន។
-
បន្ទាប់ពីមានការដើរលេងជាគូជាមួយនឹងយុវជនម្នាក់ជាច្រើនដងមក យុវនារីម្នាក់នោះបានដឹង តាមរយៈការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធថា យុវជននោះបានប៉ុនប៉ងដើម្បីបញ្ចុះបញ្ចូលនាងឲ្យរំលងច្បាប់ព្រហ្មចារីយភាពបន្ដិចម្ដងៗ ។
បន្ទាប់មក សូមសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើយើងអាចដឹងដោយរបៀបណាថា នៅពេលណាដែលយើងត្រូវបានបោកបញ្ឆោតដូចជាបុគ្គលទាំងឡាយនៅក្នុងស្ថានភាពទាំងនោះ ?
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០ មានសេចក្តីពិតនានាដែលអាចជួយយើងរៀបចំខ្លួនដើម្បីទទួល និងធ្វើតាមការព្រមានមកពីព្រះវិញ្ញាណ ហើយជួយយើងឲ្យចៀសផុតពីការបោកបញ្ឆោត ។ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្តីពិតទាំងនេះ នៅពេលពួកគេសិក្សាកណ្ឌនេះនៅថ្ងៃនេះ ។
ដើម្បីជួយសិស្សឲ្យយល់បរិបទនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០សូមឲ្យពួកគេរំឭកពីអ្វីដែលពួកគេបានរៀនអំពី ដាវីឌ វិតមើរ តាំងតែពីពួកគេបានសិក្សានៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា និង ប្រវត្តិសាសនាចក្រមក ។ ( គាត់គឺជាសាក្សីម្នាក់នៃសាក្សីបីនាក់អំពីព្រះគម្ពីរមរមន ហើយបានជួយផ្តល់គ្រឿងបរិក្ខារនានាអំឡុងពេលនៃការបកប្រែព្រះគម្ពីរមរមន ) ។
សូមប្រាប់សិស្សថា បងប្រុសថ្លៃរបស់ដាវីឌ វិតមើរ គឺ ហៃរាំ ភេច ។ អ្នកអាចសួរសិស្សពីអ្វីដែលពួកគេបានចាំអំពី ហៃរាំ ភេច មកពីការសិក្សារបស់ពួកគេនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨ ។ ( គាត់គឺជាសាក្សីម្នាក់នៃសាក្សីប្រាំបីនាក់អំពីព្រះគម្ពីរមរមន ហើយបានរកឃើញត្បូងមួយគ្រាប់ ដែលតាមរយៈត្បូងនោះ គាត់បានប្រកាសថាគាត់អាចទទួលវិវរណៈបាន ) ។ សូមពន្យល់ថា នៅពេល ហៃរាំ ភេច ណែនាំត្បូងអ្នកមើលឆុតក្លែងក្លាយរបស់ខ្លួន ហើយបានប្រកាសថាវិវរណៈនានាត្រូវបានទទួលមកពីត្បូងនោះ នោះ អូលីវើរ ខៅឌើរី គ្រួសារ វិតមើរ និង មនុស្សដទៃទៀតនៅតំបន់ ហ្វាយែត បានចាប់ផ្តើមជឿលើការប្រកាសរបស់ហៃរាំ ។
-
ហេតុអ្វីបានជាដាវីឌ វិតមើរ ត្រូវបានបញ្ចុះបញ្ចូលដោយ ហៃរាំ ភេច យ៉ាងងាយស្រួលបែបនេះ ?
សូមឲ្យសិស្សស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ៣០:១-២ រួចឆ្លើយនឹងសំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលថា ដាវីឌ វិតមើរបានធ្វើអ្វីខ្លះ ដែលអាចធ្វើឲ្យគាត់ទន់ខ្សោយចំពោះការបោកបញ្ឆោតនោះ ?
-
តើព្រះអម្ចាស់បានមានបន្ទូលថាដាវីឌពុំបានធ្វើអ្វីខ្លះ ?
សូមអញ្ជើញសិស្សឲ្យផ្ដល់យោបល់នូវគោលការណ៍ ដែលយើងអាចរៀនមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:១–២ ។ ពួកគេអាចផ្ដល់យោបល់មួយចំនួន ឬទាំងអស់ខាងក្រោមនេះ ៖
ជាជាងភ័យខ្លាចដល់មនុស្ស យើងគួរតែពឹងផ្អែកលើព្រះអម្ចាស់សម្រាប់កម្លាំង។
យើងគួរតែដាក់គំនិតរបស់យើងទៅលើរបស់ផងទាំងឡាយនៃព្រះ ច្រើនជាងទៅលើរបស់ផងទាំងឡាយខាងលោកិយ។
យើងគួរតែធ្វើតាមព្រះវិញ្ញាណ និងពាក្យទូន្មានរបស់ថ្នាក់ដឹកនាំសាសនាចក្រ ជាជាងត្រូវបានបញ្ចុះបញ្ចូលដោយមនុស្សដែលព្រះអម្ចាស់ពុំបានហៅឲ្យបម្រើ ។
សូមសួរសំណួរខាងក្រោម ៖
-
តើអ្នកគិតថា វាមានន័យដូចម្តេច ដែលដាក់ឲ្យគំនិតរបស់យើងផ្ដោតទៅលើរបស់ផងទាំងឡាយនៃលោកិយ ច្រើនជាងផ្ដោតទៅលើរបស់ផងទាំងឡាយនៃព្រះអម្ចាស់? តើមានមធ្យោបាយណាខ្លះ ដែលយើងអាចត្រូវបានល្បួងឲ្យធ្វើការណ៍នេះ ?
-
តើការផ្តោតលើរបស់ផងខាងលោកិយច្រើនជាងរបស់ផងនៃព្រះអម្ចាស់នោះ អាចបណ្តាលឲ្យយើងងាយនឹងត្រូវបានបោកបញ្ឆោតដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់អាន សេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធឲ្យឮៗ ៖
« វាហាក់ដូចជាចម្លែកបន្តិចថា មិនយូរប៉ុន្មានបន្ទាប់ពីការបើកសម្ដែងដ៏អស្ចារ្យដែល [ ដាវីឌ វិតមើរ ] បានទទួល និង សាក្សីនៃការចាក់ស្រោចនៃព្រះវិញ្ញាណនៅពេលក្រោយៗទៀតនោះ គាត់បានភ្លេច ប៉ុន្តែធម្មជាតិនៃមនុស្សគឺថាពួកយើងគ្រប់គ្នាត្រូវតែ រំឭកចាំឲ្យខ្ជាប់ខ្ជួនអំពីទំនួលខុសត្រូវរបស់យើង ឬ យើងទំនងជាភ្លាត់ចូលទៅក្នុងភាពព្រងើយកន្តើយមួយចំនួននោះ ។ តម្រូវការនៃការអធិស្ឋានយ៉ាងខ្ជាប់ខ្លួន និង ការផ្ចង់គំនិតរបស់យើង លើរបស់ផងនៃនគរព្រះ និង ការផ្តោតអារម្មណ៍ដោយស្មោះសរចំពោះកាតព្វកិច្ច គឺភាគច្រើនវាអាចមើលឃើញជាមួយនឹងយើង ក្រែងលោយើងបានប្រព្រឹត្តខុស ។ ព្រះអម្ចាស់បានព្រមានប្រជារាស្ត្រទ្រង់ជាញឹកញាប់ជំទាស់នឹងភាពកំសោយនៃសាច់ឈាមនោះ ! » (Church History and Modern Revelation, ភាគ ២. [ ឆ្នាំ ១៩៥៣ ] ១:១៤៦ ) ។
-
យោងតាមប្រធាន ស្ម៊ីធ តើយើងត្រូវតែធ្វើអ្វីដើម្បីប្រាកដថា យើងនឹងមិនភ្លេចទំនួលខុសត្រូវខាងវិញ្ញាណរបស់យើងដូចជា ដាវីឌ វិតមើរ បានធ្វើនោះ ?
អ្នកអាចប្រើឱកាសនេះដើម្បី រំឭកសិស្សអំពី ភាពចាំបាច់នៃការសិក្សាព្រះគម្ពីរប្រចាំថ្ងៃរបស់ពួកគេ—មិនមែនគ្រាន់តែបំពេញតាមការចាត់ឲ្យអានប៉ុណ្ណោះទេ ប៉ុន្តែជួយពួកគេឲ្យរៀនដំណឹងល្អ បង្កើនទីបន្ទាល់នៃដំណឹងល្អ ហើយស្តាប់សំឡេងរបស់ព្រះអម្ចាស់ ។ អ្នកក៏អាចសូមឲ្យសិស្សចែកចាយពី អ្វីដែលបានជួយពួកគេឲ្យសិក្សាព្រះគម្ពីរតាមរបៀបមួយដ៏មានអត្ថន័យផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៣-៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលការណែនាំរបស់ព្រះអម្ចាស់ដល់ ដាវីឌ វិតមើរ ។
-
បន្ទាប់ពីត្រូវបានបោកបញ្ឆោតដោយហៃរាំ ភេច មក តើព្រឹត្តិការណ៍នេះអាចជួយដាវីត វិតមើរ ដោយរបៀបណា ឲ្យពិចារណាពីរឿងៗនានាដែលព្រះអម្ចាស់បានបើកសម្តែងដល់គាត់នោះ ?
សូមលើកទឹកចិត្តសិស្សឲ្យពិចារណា ប្រសិនបើមានស្ថានភាពនានានៅក្នុងជីវិតរបស់ពួកគេដែលពួកគេអាចផ្អែកលើ ឬ ផ្តោតចិត្តច្រើនលើ « របស់ផងទាំងឡាយលើផែនដី » ជាជាងរបស់ផងទាំងឡាយនៃព្រះ និង របៀបដែលការធ្វើបែបនោះអាចធ្វើឲ្យពួកគេងាយនឹងត្រូវបានបោកបញ្ឆោត ។ សូមអញ្ជើញពួកគេឲ្យសម្រេចចិត្តពីអ្វីដែលពួកគេនឹងធ្វើ ដើម្បីពឹងផ្អែកលើព្រះអម្ចាស់ឲ្យកាន់តែច្រើននៅក្នុងគ្រប់ស្ថានភាពទាំងនោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៥-៨
ពេត្រុស វិតមើរ ត្រូវបានហៅឲ្យទៅជាមួយ អូលីវើរ ខៅឌើរី ក្នុងបេសកកម្មទៅកាន់ពួកសាសន៍លេមិន
សូមបង្ហាញវត្ថុដែលធ្ងន់មួយ ឬកាបូបមួយដែលដាក់ឥវ៉ាន់ធ្ងន់ៗ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យមកមុខក្តារខៀន ហើយលើកវត្ថុនោះចេញមកដាក់ខាងមុខខ្លួន ។ ខណៈដែលសិស្សនោះ កំពុងលើកវត្ថុនោះ សូមអញ្ជើញសិស្សផ្សេងទៀតឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៥ដោយស្ងាត់ស្ងៀម ហើយរកមើលអ្វីដែលព្រះអម្ចាស់បានហៅឲ្យពេត្រុស វិតមើរ ឲ្យធ្វើ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
-
តើនរណាជាអ្នកដឹកនាំអធិបតីលើបេសកកម្មរបស់ពេត្រុស វិតមើរទៅកាន់សាសន៍លេមិននោះ ?
សូមអញ្ជើញសិស្សទីពីរ ឲ្យជួយសិស្សដែលកំពុងកាន់វត្ថុធ្ងន់នោះ ។ សូមឲ្យសិស្សទីមួយពិពណ៌នាអំពីភាពខុសគ្នា ដែលគាត់បានទទួលអារម្មណ៍ពីការមានការគាំទ្រពីមនុស្សម្នាក់ទៀត ។ សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៥-៧ កត់ត្រាអំពីព្រះឱវាទរបស់ព្រះអម្ចាស់ចំពោះពេត្រុស វិតមើរ អំពីរបៀបដែលពេត្រុសគាំទ្រដល់អូលីវើរ ខៅឌើរីនៅក្នុងតំណែងនៃថ្នាក់ដឹកនាំរបស់លោក ។ សូមឲ្យសិស្សស្រាវជ្រាវខគម្ពីរទាំងនេះ ហើយស្វែងរកឃ្លាជាក់លាក់នានាដែលពិពណ៌នាអំពីរបៀបដែលពេត្រុសគាំទ្រដល់អូលីវើរ ។
-
តើព្រះអម្ចាស់បានប្រើឃ្លាអ្វីខ្លះ ដើម្បីបង្រៀនពេត្រុសពីរបៀបដែលលោកគួរតែគាំទ្រដល់អូលីវើរ ? ( សូមមើល ខ ៦; ពេត្រុសត្រូវរួមសុខ រួមទុក្ខជាមួយនឹងអូលីវើរ អធិស្ឋានឲ្យអូលីវើរ និង ទទួលស្គាល់សិទ្ធិអំណាចរបស់អូលីវើរ ) ។
-
តើអ្នកគិតថា « នៅក្នុងគ្រប់សេចក្តីទុក្ខវេទនារបស់គាត់ » មានន័យដូចម្ដេច ( គ. និង ស. ៣០:៦ ? )
-
តើមេរៀនអ្វីដែលយើងអាចរៀនពីព្រះឱវាទរបស់ព្រះអម្ចាស់ ចំពោះពេត្រុស ដែលអនុវត្តចំពោះយើងផងដែរនោះ ?
សេចក្តីពិតមួយដែលសិស្សអាចបង្ហាញនោះគឺថា យើងត្រូវគាំទ្រ ហើយទ្រទ្រង់ អ្នកទាំងឡាយណា ដែលព្រះអម្ចាស់បានហៅឲ្យដឹកនាំកិច្ចការរបស់ទ្រង់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរគោលការណ៍នេះនៅលើក្ដារខៀន ។
សូមឲ្យសិស្សពន្យល់ ពីរបៀបដែលពួកគេអាចអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់ខ្លួន ប្រហែលនៅក្នុងការគាំទ្រអ្នកដឹកនាំនៅក្នុងវួដ ឬ សាខារបស់ខ្លួន ។ សូមអញ្ជើញឲ្យសិស្សចែកចាយទីបន្ទាល់របស់ខ្លួនអំពីពរជ័យនានា ដែលបានទទួលពីការគាំទ្រដល់អស់អ្នកដែលព្រះអម្ចាស់បានហៅបម្រើ ។ សូមលើកទឹកចិត្តពួកគេឲ្យបន្តរស់នៅតាមគោលការណ៍នេះ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៣៦-៤០)
សូមសួរសិស្ស ប្រសិនបើពួកគេធ្លាប់ត្រូវបានសុំឲ្យធ្វើតាមព្រះបញ្ញត្តិមួយ ប៉ុន្តែពួកគេពុំយល់ពីមូលហេតុនោះទាំងស្រុងឡើយ ។ តើវាយ៉ាងម៉េចដែរ ប្រសិនបើអ្នកត្រូវបានសន្យានូវពរជ័យនានា ផ្តោតលើការគោរពប្រតិបត្តិរបស់អ្នក ប៉ុន្តែក្រោយមកអ្នកពុំបានរស់នៅតាមព្រះបញ្ញត្តិនោះទៅវិញ ? នៅក្នុងមេរៀនក្រោយ សិស្សនឹងរៀនអំពីសមាជិកសាសនាចក្រ ដែលបានឃើញថាពួកគេនៅក្នុងស្ថានភាពនេះ និង អ្វីដែលព្រះអម្ចាស់បានបង្រៀនពួកគេ ។