មេរៀនទី ៤៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៤២
បុព្វកថា
នៅដើមឆ្នាំ ១៨៣១ ពួកបរិសុទ្ធភាគច្រើនដែលរស់នៅក្នុងរដ្ឋនូវយ៉ោក រួមទាំង យ៉ូសែប ស៊្មីធ បានផ្លាស់ទីលំនៅទៅកាន់រដ្ឋ ហូហៃអូ ដើម្បីចូលរួមនឹងក្រុមធំមួយ ដែលបានផ្លាស់ប្រែចិត្តជឿទទួលបុណ្យជ្រមុជទឹកថ្មីៗនៅទីនោះ ។ អ្នកដឹកនាំសាសនាចក្រ ស្វែងរកការដឹកនាំមកពីព្រះអម្ចាស់ ទាក់ទងនឹងការរីកចម្រើននៃសាសនាចក្រ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយ ដែលឥឡូវត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១-៧៣នៅក្នុងវត្តមាននៃពួកអែលឌើរ ១២ នាក់ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានណែនាំអំពីក្រឹត្យវិន័យខាងវិញ្ញាណ ខាងសេដ្ឋកិច្ច និងខាងសាច់ឈាម ដើម្បីដឹកនាំសមាជិកសាសនាចក្រ ឲ្យជួយដល់អ្នកក្រីក្រ ផ្ដល់ហិរញ្ញវត្ថុសម្រាប់បន្ទុកផ្សេងៗក្នុងសាសនាចក្រ ហើយជួយដល់ពួកបរិសុទ្ធផ្សេងទៀតដែលមកដល់រដ្ឋ អូហៃអូ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៤២
ព្រះអម្ចាស់បានដាក់ក្រឹត្យវិន័យនៃការថ្វាយ
មុនពេលចាប់ផ្ដើមថ្នាក់រៀន សូមប្រើបង់ស្អិត ឬហ្វឺត ដើម្បីគូសបន្ទាត់មួយ នៅលើកែវទឹកថ្លាចំនួនប្រាំមួយ ។ សូមគូសបន្ទាត់ក្នុងកម្រិតកម្ពស់ផ្សេងៗគ្នានៅលើកែវទឹកនិមួយៗ ។ សូមយកកែវទឹកមកថ្នាក់រៀន ។ សូមនាំយកថូទឹកមួយដែលមានទឹកច្រើនល្មមគ្រប់គ្រាន់ដើម្បីចាក់បំពេញក្នុងកែវទឹកទាំងអស់ត្រឹមបន្ទាត់ដែលបានគូសនៅលើកែវទឹកទាំងនោះ ។ ( អ្នកអាចនឹងចង់លាយពណ៌នៅក្នុងទឹក ដើម្បីសិស្សនឹងអាចមើលឃើញវាដោយងាយ ) ។
នៅដើមមេរៀន សូមបង្ហាញថូទឹក ។ សូមប្រាប់ដល់សិស្សថា ទឹកតំណាងឲ្យទ្រព្យសម្បត្តិ និងធនធានទាំងអស់ក្នុងសហគមន៍មួយ ។
សូមពន្យល់ថា នៅក្នុងខែកុម្ភៈ ឆ្នាំ ១៨៣១ សមាជិកនៃសាសនាចក្រនៅទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ បានត្រូវការជំនួយដើម្បីមើលថែដល់អ្នកទាល់ក្រ ជួយដល់អ្នកមកតាំងលំនៅថ្មី ដែលបានលះបង់យ៉ាងច្រើន ដើម្បីមកប្រមូលផ្ដុំនៅរដ្ឋ អូហៃអូ ហើយជួយផ្នែកហិរញ្ញវត្ថុដើម្បីប្រតិបត្តិការលើសាសនាចក្រផងដែរ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលបទបញ្ញតិ្ត ដែលព្រះអម្ចាស់បានបើកសម្ដែងទាក់ទងនឹងអ្នកទាល់ក្រ ។
-
តើអ្នកគិតថា « សូមនឹកដល់មនុស្សទាល់ក្រ » មានន័យយ៉ាងណា ?
សូមចង្អុលបង្ហាញថា ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធឲ្យថ្វាយទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីគាំទ្រដល់មនុស្សទាល់ក្រ ។ សូមសរសេរពាក្យការថ្វាយនៅលើក្ដារខៀន ។ សូមឲ្យសិស្សសញ្ជឹងគិតចំពោះសំណួរខាងក្រោម ៖
-
តើអ្នកគិតថា ការថ្វាយមានន័យដូចម្ដេច ?
សូមសរសេរនៅលើក្ដារខៀននូវនិយមន័យដូចខាងក្រោមនៃពាក្យការថ្វាយ ដែលបានផ្ដល់ឲ្យដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ អ្នកអាចនឹងចង់ស្នើរឲ្យសិស្សសរសេរនិយមន័យនេះនៅក្នុងគែមទំព័រនៃបទគម្ពីររបស់ពួកគេ នៅជិតនឹង ខ ៣០ ។
« ដើម្បីថ្វាយ គឺញែកចេញ ឬលះបង់អ្វីមួយដើម្បីគោលបំណងបរិសុទ្ធ ពិសិដ្ឋ ដោយលះបង់ » (Reflections on a Consecrated Life, » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ១៦ ) ។
-
តើអ្នកគិតថានិយមន័យនេះ ទាក់ទងនឹងទង្វើនៃការផ្ដល់អ្វីមួយដើម្បីជួយដល់មនុស្សដែលខ្វះខាតយ៉ាងដូចម្ដេច ?
-
តើអ្នកអាចសង្ខេបបទបញ្ញត្តិរបស់ព្រះអម្ចាស់ នៅក្នុងខ ៣០ ទាក់ទងនឹងមនុស្សទាល់ក្រយ៉ាងដូចម្ដេច ? ( ទោះជាសិស្សអាចប្រើពាក្យផ្សេងក្ដី ក៏ចម្លើយរបស់ពួកគេ គួរតែបង្ហាញពីគោលលទ្ធិដូចខាងក្រោម ៖ ព្រះអម្ចាស់ បញ្ជាឲ្យយើងមើលថែដល់អ្នកទាល់ក្រ និងអ្នកខ្វះខាត ។ ជាចំណែកនៃការពិភាក្សានេះ អ្នកនឹងចង់អាចអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨: ១៦, ៣៤-៣៦ ) ។
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២មានគោលការណ៍នៃក្រឹត្យវិន័យមួយ ដែលហៅថា ក្រឹត្យវិន័យនៃការថ្វាយ ។ ដើម្បីជួយសិស្សយល់អំពីគោលការណ៍មូលដ្ឋានគ្រឹះទាំងនេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវការពន្យល់ដូចខាងក្រោម ដោយប្រធាន ម៉ារុន ជី រ៉ូមនី នៃគណៈប្រធានទីមួយ ។
« គោលការណ៍គ្រឹះ និងការកែសម្រួលសម្រាប់ក្រឹត្យវិន័យនៃការថ្វាយ ‹ គឺថាអ្វីៗគ្រប់យ៉ាងដែលយើងមានជារបស់ផងព្រះអម្ចាស់ ហេតុដូច្នោះហើយ ព្រះអម្ចាស់អាចហៅឲ្យយើងលះបង់រាល់ទ្រព្យសម្បត្តិដែលយើងមាន ដោយសារវាជារបស់ផងទ្រង់ ។ គ. និង ស. ១០៤:១៤–១៧, ៥៤–៥៧J. Reuben Clark, Jr., in Conference Report, ខែ តុលា ឆ្នាំ ១៩៤២, ទំព័រ ៥៥ » ) (Living the Principles of the Law of Consecration, »Ensignខែ កុម្ភៈ ឆ្នាំ ១៩៧៩, ទំព័រ ៣ ) ។
កំណត់ចំណាំ ៖ ឧបករណ៍សម្រាប់មេរៀនដូចខាងក្រោម គឺជាការសម្រាយមួយអំពីក្រឹត្យវិន័យនៃការថ្វាយ ដូចដែលមាននៅក្នុងសាសនាចក្រប្រហែលនៅឆ្នាំ ១៨៣៣ ។ បន្ទាប់ពីគ្រានេះមក សាសនាចក្របានកែការអនុវត្តនេះ ។ មានឃ្លាមួយចំនួននៃការអនុវត្តក្រឹត្យវិន័យនៃការថ្វាយ និងការកែសម្រួលការអនុវត្តនៅក្នុងឆ្នាំក្រោយៗមកទៀត ។
សូមអញ្ជើញឲ្យសិស្សប្រាំមួយនាក់ឡើងមកខាងមុខថ្នាក់ ។ សូមឲ្យពួកគេម្នាក់ៗកាន់កែវទឹកទំនេរមួយ ។ សូមចាក់ទឹកពីក្នុងថូចូលក្នុងកែវ ។ សូមបំពេញកែវទឹកមួយដល់ត្រឹមខ្សែបន្ទាត់ ដែលអ្នកបានគូស ហើយសូមបំពេញកែវទឹកបីទៀតនៅខាងលើបន្ទាត់ដែលអ្នកបានគូស ហើយបំពេញកែវទឹកពីរទៀតនៅខាងក្រោមបន្ទាត់ដែលអ្នកបានគូស ។ សូមពន្យល់ថា កែវទឹកនិមួយៗតំណាងឲ្យគ្រួសារមួយ ហើយថាបន្ទាត់នៅលើកែវទឹកនិមួយៗតំណាងឲ្យសេចក្ដីត្រូវការ និងបំណងប្រាថ្នាសុចរិតរបស់គ្រួសារនោះ ។ កែវទឹកដែលមានទឹកនៅខាងក្រោមបន្ទាត់ តំណាងឲ្យគ្រួសារដែលពុំមានប្រាក់កាសគ្រប់គ្រាន់ ឬសម្ភារដើម្បីផ្គត់ផ្គង់តម្រូវការរបស់ពួកគេ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣១ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលជំហានទីមួយ ដែលពួកបរិសុទ្ធទាំងនេះ បានចាប់ផ្ដើមដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។
-
សម្រាប់ពួកបរិសុទ្ធទាំងនេះ តើជំហានទីមួយនៅក្នុងការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយគឺជាអ្វី ? ( សម្ភាររបស់ពួកគេ គឺត្រូវបាន « ដាក់ទ្រព្យទាំងនោះនៅចំពោះមុខប៊ីស្សពនៃសាសនាចក្រ និងទីប្រឹក្សាទាំងឡាយរបស់គាត់ » ។ ជាពាក្យម្យ៉ាងទៀតថា ពួកគេត្រូវបង្ហាញនូវការស្ម័គ្រចិត្តរបស់ពួកគេដើម្បីថ្វាយប្រាក់ និងទ្រព្យសម្បត្តិរបស់ពួកគេដល់សាសនាចក្រ ) ។
-
តើប៊ីស្សពតំណាងឲ្យនរណា ? ( ព្រះអម្ចាស់ ) ។
ដើម្បីជាតំណាងឲ្យសាសនាចក្រ នោះសមាជិកបានថ្វាយទ្រព្យរបស់ខ្លួនដល់សាសនាចក្រ សូមឲ្យសិស្សប្រាំមួយនាក់មកចាក់ទឹកចេញពីកែវរបស់ពួកគេចូលទៅក្នុងថូ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣២ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលជំហានទីពីរ ដែលពួកបរិសុទ្ធទាំងនេះ ត្រូវធ្វើដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។
សូមពន្យល់ថា គ្រប់គ្រួសារបានធ្វើការជាមួយប៊ីស្សព និងបានទទួលនូវអ្វីដែលហៅថា « ការកាន់កាប់ត្រួតត្រា » (គ. និង ស. ៤២:៧២) ។ នេះមានន័យថា គ្រួសារនិមួយៗត្រូវបានប្រគល់ទ្រព្យ និងធនធាននានាមកពីព្រះអម្ចាស់ ។ ក្រុមគ្រួសារ មានឯកសិទ្ធិធ្វើជាម្ចាស់លើទ្រព្យសម្បត្តិ និងធនធាននានា ដែលពួកគេបានទទួល ហើយពួកគេត្រូវប្រើសិទ្ធិជ្រើសរើសរបស់ពួកគេ ដើម្បីគ្រប់គ្រងលើការកាន់កាប់ត្រួតត្រារបស់ពួកគេ ។ ក្នុងនាមជាអ្នកកាន់កាប់ត្រួតត្រាទ្រព្យសម្បត្តិ និងធនធាននានារបស់ព្រះអម្ចាស់ នោះពួកគេមានទំនួលខុសត្រូវចំពោះទ្រង់ ហើយទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលទ្រង់បានប្រគល់ដល់ពួកគេ ។
សូមចាក់ទឹកចេញពីថូ បំពេញក្នុងកែវទឹកនិមួយៗត្រឹមបន្ទាត់ដែលគូសនោះ ។
ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដែលប៊ីស្សពចែកធនធានដល់ក្រុមគ្រួសារ សូមឲ្យសិស្សម្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:៣ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលប៊ីស្សព ( ដែលនៅក្នុងករណីនេះ គឺជា អែតវឹត ប៉ាទ្រិច ) បានប្រគល់ចំណែកមួយដល់គ្រួសារនិមួយៗ ។ អ្នកក៏អាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យសរសេរគ. និង ស. ៥១:៣នៅក្នុងគម្ពីររបស់ពួកគេជិតនឹងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៣ ។
-
តើប៊ីស្សពប្រគល់ចំណែកមួយដល់គ្រប់ក្រុមគ្រួសារយ៉ាងដូចម្ដេច ? ( ការចែកចំណែក គឺអាស្រ័យទៅលើស្ថានភាព ចំណង់ និងតម្រូវការរបស់គ្រួសារនិមួយៗ ) ។
សូមអញ្ជើញសិស្សម្នាក់ទៀតឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១៧ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលព្រះអម្ចាស់កំណត់អំពីចំណង់ និងតម្រូវការរបស់មនុស្សតាមរបៀបណា ។ អ្នកក៏អាចនឹងចង់ឲ្យយោបល់ដល់សិស្សឲ្យសរសេរគ. និង ស. ៨២:១៧ នៅក្នុងបទគម្ពីររបស់ពួកគេ ជិតនឹងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៣។
-
យោងតាមខនេះ តើព្រះអម្ចាស់មានតម្រូវការអ្វីខ្លះពីរាស្ត្រ ដែលប្រកាសពីបំណងប្រាថ្នា និងតម្រូវការរបស់ពួកគេចំពោះប៊ីស្សពនោះ ? ( ពួកគេត្រូវមានយុត្តិធម៌ ឬជាពាក្យម្យ៉ាងទៀតថា ស្មើភាព និងទៀងត្រង់ ) ។
សូមបង្ហាញទឹកដែលនៅសល់ក្នុងថូដល់សិស្ស ។ សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៣-៣៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានណែនាំដល់ពួកបរិសុទ្ធឲ្យធ្វើជាមួយនឹងទ្រព្យសម្បត្តិដែលបានថ្វាយ ដែលនៅសេសសល់បន្ទាប់ពីចែកឲ្យកាន់កាប់ត្រួតត្រាហើយនោះ ។
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលណែនាំពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ ជាមួយនឹងទ្រព្យសម្បត្តិដែលនៅសល់ ឬ « របស់ដែលនៅសល់ទាំងប៉ុន្មាន » នោះ ? ( ពួកគេគឺត្រូវប្រើដើម្បីជួយដល់អ្នកទាល់ក្រ ផ្ដល់ហិរញ្ញវត្ថុដល់ការសាងសង់សាសនាចក្រ និងជួយសមាជិកដែលខ្វះខាត ) ។ តើអ្នកគិតថា ថូ តំណាងឲ្យអ្វី នៅក្នុងខទាំងនេះ ? ( ឃ្លាំង ) ។
-
តើការថ្វាយជួយក្នុងការមើលថែដល់មនុស្សទាល់ក្រ និងអ្នកទាំងឡាយដែលខ្វះខាតយ៉ាងដូចម្ដេច ?
-
តើក្រឹត្យវិន័យនៃការថ្វាយ អាចជាពរជ័យមួយដល់សាសនាចក្រយ៉ាងដូចម្ដេច ?
-
តើវានឹងលំបាកយ៉ាងណា ដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលគោលការណ៍មួយ ដែលព្រះអម្ចាស់បង្រៀនទាក់ទងនឹងការធ្វើល្អចំពោះអ្នកដទៃ ។
-
តើគោលការណ៍អ្វីខ្លះដែលព្រះអម្ចាស់បានបង្រៀនអំពីការធ្វើល្អដល់អ្នកដទៃ ? ( សិស្សគួរតែបង្ហាញថានៅពេលយើងធ្វើល្អដល់អ្នកដទៃ ក៏ដូចជាយើងធ្វើល្អដល់ព្រះអម្ចាស់ដែរ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើសេចក្ដីពិតនេះ បានជួយដល់ពួកបរិសុទ្ធ មានឆន្ទៈដើម្បីលះបង់ទ្រព្យសម្បត្តិរបស់ពួកគេយ៉ាងដូចម្ដេច ? តើការចងចាំសេចក្ដីពិតនេះ ជួយអ្នកយ៉ាងដូចម្ដេច ?
-
តើនៅពេលណា ដែលអ្នកបានដឹងថា អ្នកកំពុងបម្រើព្រះអម្ចាស់ នៅពេលអ្នកបានធ្វើអ្វីមួយដើម្បីជួយដល់អ្នកដទៃនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤០-៤២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលលក្ខណៈរបស់មនុស្សម្នាក់ ត្រូវតែមាន ដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ ( ដើម្បីជួយសិស្សយល់អំពីរបៀបដែលខ ៤០ អនុវត្តនៅក្នុងជីវិតរបស់ពួកគេ នោះអ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ព្រះអម្ចាស់ ពុំរំពឹងឲ្យយើងដេរខោអាវខ្លួនយើងទេ ។ ទោះជាយ៉ាងណាក៏ដោយ ទ្រង់ចង់ឲ្យយើងមានភាពស្អាតបាត និងស្អាតខាងរាងកាយរបស់យើងផង ) ។
-
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤២ពាក្យខ្ជិលច្រអូសមានន័យថាខ្ជិល ។ ហេតុអ្វីក៏វាពិបាកសម្រាប់មនុស្សខ្ជិលម្នាក់រស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ?
សូមបែងចែកសិស្សជាក្រុមៗ ដែលមានគ្នាពីរ ឬបីនាក់ក្នុងមួយក្រុមៗ ។ សូមពន្យល់ថា ទោះបីជាយើងពុំបានបញ្ជាឲ្យរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយតាមរបៀបដូចគ្នានឹងពួកបរិសុទ្ធជំនាន់មុនក្ដី ក៏ក្រឹត្យវិន័យគឺនៅតែមានសម្រាប់ពេលសព្វថ្ងៃនេះផងដែរ ។ សូមអញ្ជើញក្រុមនិមួយៗអាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអេលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឲ្យឮៗ ហើយស្ដាប់នូវអត្ថន័យដែលវាមានចំពោះយើងនាសព្វថ្ងៃនេះ ដើម្បីរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ បន្ទាប់មកអញ្ជើញសមាជិកក្រុមនិមួយៗពិភាក្សាចម្លើយរបស់ពួកគេចំពោះសំណួរដែលមានតាមក្រោយសេចក្ដីថ្លែងការណ៍នោះ ។ ( អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សសរសេរសេចក្ដីថ្លែងការណ៍នេះនៅគែមព្រះគម្ពីររបស់ពួកគេជិតខ ៣០ ) ។
« ការថ្វាយគឺជាការផ្ដល់ពេលវេលា ទេពកោសល្យ និងធម្យោបាយនានារបស់មនុស្សម្នាក់ ដើម្បីមើលថែដល់អ្នកទាំងឡាយដែលខ្វះខាត-- ទោះជាខាងវិញ្ញាណ ឬខាងសាច់ឈាមក្ដី-- ហើយនៅក្នុងការស្ថាបនានគររបស់ព្រះអម្ចាស់ » (Welfare Services: The Gospel in Action, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៧, ទំព័រ ៧៨ ) ។
-
តើមនុស្សម្នាក់ដែលនៅជិតអ្នក អាចនឹងខ្វះខាតតាមមធ្យោបាយមួយចំនួន ( ក្រៅពីហិរញ្ញវត្ថុ ) មានអ្វីខ្លះ ?
-
តើពេលវេលា ទេពកោសល្យ និងមធ្យោបាយ នានាអ្វីខ្លះ ដែលអ្នកមាន ដែលអាចប្រើដើម្បីជួយដល់អ្នកទាំងឡាយដែលខ្វះខាត ?
-
តើពេលណាដែលអ្នកត្រូវបានប្រទានពរ ដោយមនុស្សម្នាក់ផ្សេងទៀត ដែលបានលះបង់ពេលវេលា ទេពកោសល្យ ឬមធ្យោបាយរបស់ពួកគេដើម្បីជួយអ្នកនោះ ?
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ទាំងឡាយដែលបានពិភាក្សានៅក្នុងមេរៀននេះ ។