មេរៀនសិក្សានៅផ្ទះ
សង្គ្រាមនៅយូថាហ៍ និង ការសម្លាប់រង្គាលនៅភ្នំម៉េដូ ការលេចចេញមកនៃព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា សេចក្ដីប្រកាសជាផ្លូវការទី ១, និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ ( មេរៀនទី ៣១ )
សេចក្តីផ្ដើម
មេរៀននេះនឹងជួយសិស្សឲ្យយល់ ពីរបៀបដែលវិញ្ញាណនានានៅក្នុងពិភពវិញ្ញាណត្រូវបានបង្រៀនដំណឹងល្អ ។ វាក៏អាចជួយសិស្សឲ្យយល់របៀប ដែលពួកគេអាចក្លាយជាផ្នែកមួយនៃកិច្ចការដ៏មហិមានៃសេចក្តីសង្គ្រោះ សម្រាប់មរណជននេះផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ពីមុនបង្រៀនមេរៀននេះអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨ អ្នកក៏អាចសួរសិស្សប្រសិនបើ ពួកគេមានសំណួរអំពីអ្វីៗដែលពួកគេបានសិក្សាអំឡុងសប្តាហ៍នេះ ។ ឧទាហរណ៍ ពួកគេអាចមានសំណួរអំពីការសម្លាប់រង្គាលនៅភ្នំម៉េដូ ឬ សេចក្ដីប្រកាសជាផ្លូវការទី ១ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨
ប្រធានយ៉ូសែប អែហ្វ ស្ម៊ីធ រៀនពីរបៀបដែលដំណឹងល្អត្រូវបានផ្សព្វផ្សាយនៅក្នុងពិភពវិញ្ញាណ
សូមប្រាប់សិស្សថាមនុស្សនៅទូទាំងពិភពលោកប្រកាន់ជំនឿផ្សេងៗគ្នា អំពីអ្វីដែលកើតឡើងចំពោះពួកយើងបន្ទាប់ពីយើងស្លាប់ ។ សូមសួរ ប្រសិនបើសិស្សធ្លាប់ជួបនរណាម្នាក់ដែលមានជំនឿផ្សេង ដែលទាក់ទងនឹងអ្វីដែលកើតឡើងចំពោះពួកយើងបន្ទាប់ពីយើងស្លាប់ ។ សូមអញ្ចើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ខ្លួន ។ ( សូមប្រយ័ត្នកុំនិយាយអវិជ្ជមាន ឬ និយាយមើលងាយដល់ជំនឿរបស់សាសនាដទៃឡើយ ) ។
-
តើយើងអាចដឹងថាជំនឿណាមួយអំពីជីវិតក្រោយពីស្លាប់នោះត្រឹមត្រូវ ? ( អ្នកអាចនឹងពន្យល់ថា សូម្បីតែពួកបរិសុទ្ធមួយចំនួនអាចមានជំនឿពុំប្រាកដប្រជាឡើយអំពីជីវិតក្រោយពីស្លាប់ ) ។
ដើម្បីបន្ថែមលើចម្លើយរបស់សិស្សសូមឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ឲ្យឮៗ ៖
« ព្រះគម្ពីរគឺជាប៉ាន់គំរូ [ បទដ្ឋាន ] សម្រាប់វាស់វែងភាពត្រឹមត្រូវ និង សេចក្តីពិត » (The Blessing of Scripture » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ ) ។
សូមបញ្ជាក់ថាយើងអាចដឹងពីភាពត្រឹមត្រូវនៃជំនឿផ្សេងៗគ្នាទាក់ទងនឹងជីវិតក្រោយពីស្លាប់ តាមរយៈការប្រៀបធៀបជំនឿទាំងនោះជាមួយសេចក្តីពិតដែលព្រះអម្ចាស់បានបើកសម្តែងនៅក្នុងព្រះគម្ពីរដូចជានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨។
សូមគូស រូបដែលអមមកជាមួយ ខាងក្រោមនេះនៅលើក្ដារខៀន ។ អ្នកអាចពន្យល់ខ្លីៗថា តាមរបៀបមួយចំនួននៅក្នុងពិភពវិញ្ញាណទាំងមូលអាចចាត់ទុកថាជាស្ថានឃុំវិញ្ញាណ ដោយសារសូម្បីតែពួកសុចរិតបានគិតថាការបែកចេញពីរាងកាយរបស់ខ្លួននោះគឺជាសេវកភាព ( សូមមើល គ. និង ស. ១៣៨:៤៩–៥០) ។
ដើម្បីជួយសិស្សរំឭកខ្លីៗអំពីសេចក្តីពិតដែលពួកគេបានសិក្សានៅក្នុង កណ្ឌ ១៣៨ សូមចាត់ឲ្យសិស្សពាក់កណ្តាលថ្នាក់ស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១២–១៥, ២២ សម្រាប់សេចក្តីលម្អិតទាក់ទងនឹងជនមួយចំនួនដែលទៅស្ថានបរមសុខនៅពេលស្លាប់ និង លក្ខខណ្ឌនានាដែលពួកគេនឹងទទួលបទពិសោធន៍នៅទីនោះ ។ សូមចាត់សិស្សពាក់កណ្តាលថ្នាក់ទៀតឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២០–២២ សម្រាប់សេចក្តីលម្អិតទាក់ទងនឹងជនមួយចំនួនដែលទៅស្ថានឃុំវិញ្ញាណនៅពេលស្លាប់ និង លក្ខខណ្ឌនានាដែលពួកគេនឹងទទួលបទពិសោធន៍ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមចង្អុលបង្ហាញថាមិនគ្រាន់តែពួកទុច្ចរិត និង ពួកបះបោរប៉ុណ្ណោះទេដែលទៅស្ថានឃុំវិញ្ញាណនៅពេលពួកគេស្លាប់ឡើយ ប៉ុន្តែអស់អ្នកដែលស្លាប់ទៅក្នុងអំពើបាបរបស់ខ្លួនដោយគ្មានការចេះដឹងអំពីដំណឹងល្អផងដែរ ( សូមមើល គ. និង ស. ១៣៨:៣២) ។ សូមរំឭកសិស្សថាខណៈដែលប្រធាន យ៉ូសែប អ្វែស ស្ម៊ីធកំពុងពិចារណាអំពីវគ្គបទគម្ពីនៅក្នុង ពេត្រុសទី ១, ព្រះអម្ចាស់បានបើកសម្តែងដល់លោកនូវរបៀប ដែលមនុស្សនៅក្នុងស្ថានឃុំវិញ្ញាណនឹងមានឱកាសដើម្បីទទួលពរជ័យនានានៃដំណឹងល្អ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២៩-៣២ ឲ្យឮៗ ហើយសូមឲ្យសិស្សក្នុងថ្នាក់ឲ្យរកមើល របៀបដែលដំណឹងល្អត្រូវបានបង្រៀននៅក្នុងពិភពវិញ្ញាណ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ពួកគេគួរតែរកឃើញសេចក្តីពិតស្រដៀងខាងក្រោមនេះ ៖ នៅក្រោមការដឹកនាំរបស់ព្រះយេស៊ូវគ្រីស្ទ សារទូតសុចរិតបង្រៀនដំណឹងល្អដល់អស់អ្នកដែលស្ថិតនៅក្នុងស្ថានឃុំវិញ្ញាណ ។
លើរូបនៅលើក្តារខៀន សូមគូរសញ្ញាព្រួញមួយចេញពីស្ថានបរមសុខទៅស្ថានឃុំវិញ្ញាណ ដើម្បីតំណាងពីរសារទូតសុចរិតរបស់ព្រះអម្ចាស់ប្រកាសដំណឹងល្អនៅក្នុងស្ថានឃុំវិញ្ញាណ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣៣-៣៧ ដោយពន្យល់ថា កូនចៅរបស់ព្រះវរបិតាសួគ៌ទាំងអស់នឹងមានឱកាសដើម្បីទទួលយកគោលការណ៍ និង ពិធីបរិសុទ្ធនៃដំណឹងល្អរបស់ព្រះវិញ្ញាណបរិសុទ្ធ ទោះជានៅលើផែនដី ឬ នៅពិភពវិញ្ញាណក្តី ។
ដើម្បីជួយសិស្សឲ្យយល់ពីរបៀបដែលមនុស្សគ្រប់គ្នានឹងស្តាប់ដំណឹងល្អ សូមពន្យល់ថា ទោះបីជាព្រះអង្គសង្គ្រោះបានយាងទៅពិភពវិញ្ញាណ សម្រាប់មួយរយៈពេលខ្លីបន្ទាប់ពីការសុគតរបស់ទ្រង់ ទ្រង់បានរៀបចំវិញ្ញាណសុចរិត ដើម្បីផ្សព្វផ្សាយដំណឹងល្អដល់អស់អ្នកដែលនៅស្ថានឃុំវិញ្ញាណ ។ កិច្ចការនេះនៅតែបន្តនាពេលបច្ចុប្បន្ននេះ ។ នៅពេលមនុស្សដែលពុំធ្លាប់ឮដំណឹងល្អ ឬ ទទួលយកដំណឹងល្អ នៅក្នុងជីវិតរបស់យើង នៅពេលស្លាប់ទៅពួកគេក៏នឹងមានឱកាសដើម្បីស្តាប់ និង ទទួលយកដំណឹងល្អនៅក្នុងពិភពវិញ្ញាណ ។
សូមរំឭកសិស្សថានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣៨–៤៩, ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានធ្វើបញ្ជីឈ្មោះជាច្រើននៃវិញ្ញាណ « អ្នកធំ និង អ្នកពូកែទាំងឡាយ » ដែលលោកបានឃើញនៅក្នុងពិភពវិញ្ញាណ ដែលកំពុងរង់ចាំព្រះអង្គសង្គ្រោះបង្ហាញព្រះកាយដល់ពួកគេបន្ទាប់ពីការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ។ វិញ្ញាណមួយចំនួនដែលព្រះអង្គសង្គ្រោះបានជួបគឺជាព្យាការីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ និង ព្រះគម្ពីរមរមន ។ ដោយចាប់ផ្តើមនៅក្នុង ខ ៥៣, យើងបានអានថាប្រធាន ស្ម៊ីធ ក៏បានឃើញវិញ្ញាណជម្រើសនានាដែលនឹងកើតមក នៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ រួមមាន ព្យាការីយ៉ូសែប ស្ម៊ីធ ( ឪពុកមារបស់លោក ) និង ហៃរ៉ុម ស្ម៊ីធ ( ឪពុករបស់លោក ) ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៣-៥៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលបុគ្គលទាំងនេះបានរួមចំណែក អំឡុងពេលពួកគេបានមានជីវិតនៅលើផែនដីដើម្បីសេចក្តីសង្គ្រោះ នៃអស់អ្នកដែលនៅក្នុងស្ថានឃុំវិញ្ញាណ ។
-
តើថ្នាក់ដឹកនាំសាសនាចក្រថ្ងៃចុងក្រោយនេះ បានជួយវិញ្ញាណនៅក្នុងស្ថានឃុំវិញ្ញាណដោយរបៀបណា ?
បន្ទាប់ពីសិស្សឃើញថាព្យាការីថ្ងៃចុងក្រោយនេះ ជួយនៅក្នុងសេចក្តីប្រោសលោះដល់មនុស្សស្លាប់ តាមរយៈការសាងសង់ព្រះវិហារបរិសុទ្ធ និង ការធ្វើពិធីបរិសុទ្ធនានានៅក្នុងព្រះវិហារបរិសុទ្ធសម្រាប់មរណជន សូមដាក់ ឬ គូសរូបព្រះវិហារបរិសុទ្ធនៅជាប់នឹងរូបនៅលើក្តារខៀន ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៨-៥៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើល អ្វីដែលមរណជនត្រូវតែធ្វើដើម្បីត្រូវបានប្រោសលោះ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើមានអ្វីខ្លះនឹងកើតឡើងចំពោះអ្នកទាំងឡាយដែលប្រែចិត្តនៅក្នុងពិភពវិញ្ញាណ ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលលទ្ធិខាងក្រោម ៖ វិញ្ញាណដែលប្រែចិត្តនឹងត្រូវបានប្រោសលោះ តាមរយៈការគោរពប្រតិបត្តិតាមពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ត្រូវបានជ្រះស្អាតតាមរយៈដង្វាយធួន ហើយបានទទួលរង្វាន់របស់ខ្លួន) ។
-
តើយើងអាចជួយក្នុងកិច្ចការនៃសេចក្តីសង្គ្រោះដល់អ្នកស្លាប់ អំឡុងពេលដែលយើងរស់នៅលើផែនដីនេះដោយរបៀបណា ? ( តាមរយៈការបំពេញកិច្ចការពង្សប្រវត្តិ និង ការចូលរួមនៅក្នុងពិធីបរិសុទ្ធនានាក្នុងព្រះវិហារបរិសុទ្ធសម្រាប់អ្នកស្លាប់ ) ។
សូមចង្អុលទៅរូបភាពនៃព្រះវិហារបរិសុទ្ធនៅលើក្តារខៀន ។ សូមថ្លែងទីបន្ទាល់ថានៅពេលយើងទៅព្រះវិហារបរិសុទ្ធ ដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អស់អ្នកដែលបានចែកឋានទៅ នោះយើងជួយពួកគេ—ប្រសិនបើពួកគេជ្រើសរើសទទួលពិធីបរិសុទ្ធទាំងនោះ—ដើម្បីត្រូវបានប្រោសលោះចេញពីស្ថានឃុំវិញ្ញាណ ហើយចូលរួមជាមួយវិញ្ញាណសុចរិតនៅស្ថានបរមសុខ ។
លើរូបនៅលើក្តារខៀន សូមគូរសញ្ញាព្រួញមួយចេញពីស្ថានឃុំវិញ្ញាណទៅស្ថានបរមសុខ ដើម្បីតំណាងពីការប្រោសលោះនៃវិញ្ញាណដែលប្រែចិត្តពីស្ថានឃុំវិញ្ញាណ ។
-
តើការចេះដឹងនេះអាចជះឥទ្ធិពលយ៉ាងដូចម្តេចលើបទពិសោធន៍របស់អ្នកជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ ?
-
តើអ្នកបានទទួលពរជ័យដោយសារការចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធយ៉ាងដូចម្តេច ? ( អ្នកក៏អាចចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកផងដែរ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៦០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្អៀងតាម រកមើលទីបន្ទាល់របស់ប្រធានយ៉ូសែប អែហ្វ ស្ម៊ីធអំពីសេចក្តីពិតដែលលោកបានកត់ត្រា ។
សូមលើកទឹកចិត្តសិស្សឲ្យដាក់កាលវិភាគធ្វើកិច្ចការពង្សប្រវត្តិ ឬ កិច្ចការព្រះវិហារបរិសុទ្ធនៅពីរបីសប្តាហ៍ខាងមុខទៀត ។
សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នក អំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និង ពរជ័យនានានៃដង្វាយធួនដែលមានដល់អ្នកនៅរស់ និង អ្នកស្លាប់ ។
មេរៀនបន្ទាប់ ( កម្មវិធី និង អង្គការសាសនាចក្រ សេចក្តីប្រកាសជាផ្លូវការទី ២ការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ ការប្រកាសអំពីក្រុមគ្រួសារ និង ព្យាការីនៅរស់ )
សូមសួរសិស្សពីរបៀបដែលពួកគេដឹងថា ព្រះអម្ចាស់កំពុងដឹកនាំសាសនាចក្រទ្រង់សព្វថ្ងៃនេះ ។ ហេតុអ្វីវាសំខាន់ដើម្បីមានព្យាការីដែលកំពុងនៅរស់ ? ហេតុអ្វីក្រុមគ្រួសារមានសារៈសំខាន់ ? សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលចម្លើយចំពោះសំណួរទាំងនេះ នៅពេលពួកគេសិក្សាមេរៀននានានៅក្នុងសប្តាហ៍ក្រោយ ។