មេរៀនទី ១៥៦
កម្មវិធី និងអង្គការសាសនាចក្រ
បុព្វកថា
នៅពេលសាសនាចក្របន្ដរីកចម្រើន ព្រះអម្ចាស់បានបំផុសគំនិតដល់អ្នកដឹកនាំសាសនាចក្រ និងសមាជិកឲ្យអនុវត្តនូវអង្គការ និងកម្មវីធនៅក្នុងសាសនាចក្រដើម្បីប្រទានពរដល់ពួកបរិសុទ្ធ ។ នៅពេលអង្គការ និងកម្មវិធីមួយចំនួនទាំងនេះ ត្រូវបានស្ថាបនាជាលើកដំបូង នោះវាពុំមែនជាតម្រូវការចាំបាច់ទេ ប៉ុន្តែខណៈពេលសាសនាចក្រលូតលាស់ នោះវាក្លាយទៅជាផ្នែកដ៏សំខាន់នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ដើម្បីសេចក្ដីសង្គ្រោះនៃកូនចៅរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
អង្គការ និងកម្មវិធីសាសនាចក្រ ជួយយើងរៀបចំខ្លួន និងលូតលាស់ឆ្ពោះទៅរកជីវិតដ៏អស់កល្បជានិច្ច
សូមចាប់ផ្ដើមថ្នាក់រៀនដោយសុំឲ្យសិស្សស្រមៃគិតអំពីមិត្តម្នាក់ដែលពុំចង់ទៅក្នុងការប្រជុំ ឬសកម្មភាពថ្នាក់យុវនារីរបស់នាង ។ នាងបាននិយាយថា សប្បាយគួរសមដែរ តែពុំសូវមានប្រយោជន៍ចំពោះនាងទេ ។
បន្ទាប់ពីអ្នកបង្ហាញឧទាហរណ៍នេះ សូមអញ្ជើញឲ្យសិស្សគិតពិចារណាដោយស្ងាត់ស្ងៀមអំពីអ្វីដែលពួកគេអាចនិយាយ ដើម្បីជួយដល់មិត្តម្នាក់នេះ ឲ្យយល់ពីគោលបំណងនៃការប្រជុំ និងសកម្មភាពថ្នាក់យុវនារីរបស់នាង ។
-
តើអ្នកនឹងនិយាយអ្វីខ្លះ អំពីគោលបំណងនៃក្រុមយុវនារី និងអង្គការយុវនារី ?
-
តើការដឹងអំពីគោលបំណងនៃអង្គការមួយ អាចជួយដល់អស់អ្នកដែលចូលរួមចំណែកយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអានម៉ូសេ ១:៣៩ដោយស្ងាត់ស្ងៀម រកមើលគោលបំណងរបស់ព្រះវរបិតាសួគ៌ចំពោះអ្វីៗទាំងអស់ដែលទ្រង់ធ្វើ ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចនឹងចាំបាច់រំឭកដល់សិស្សថាអមតភាពសំដៅទៅលើស្ថានភាពនៃការរស់នៅជារៀងរហូត នៅក្នុងស្ថានភាពរស់ឡើងវិញមួយ ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់នឹងត្រូវបានរស់ឡើងវិញ ដោយមិនគិតអំពីអំពើទុច្ចរិត ឬសុចរិតរបស់ពួកគេនៅក្នុងជីវិតនេះទេ ។ ជីវិតដ៏នៅអស់កល្បជានិច្ចសំដៅទៅលើ ការរស់នៅជានិរន្តរ៍ជាមួយក្រុមគ្រួសារក្នុងវត្តមានរបស់ព្រះ និង ការប្រែក្លាយដូចជាទ្រង់ ។ ក៏ដូចជាជីវិតអមតផងដែរ ជីវិតដ៏នៅអស់កល្បជានិច្ច នឹងកើតមានឡើង តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ទោះជាយ៉ាងណាក៏ដោយវា ក៏តម្រូវឲ្យមាននូវ « ការគោរពតាមក្រឹត្យវិន័យ និងពិធីការទាំងឡាយនៃដំណឹងល្អ » របស់យើងផងដែរ (មាត្រានៃសេចក្ដីជំនឿ ១:៣) ។
-
បើគោលបំណងរបស់ព្រះវរបិតាសួគ៌ គឺដើម្បីនាំមកនូវអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់កូនចៅរបស់ទ្រង់ ចុះតើគោលបំណងនៃសាសនាចក្រនេះគឺជាអ្វី ?
បន្ទាប់ពីសិស្សបានឆ្លើយតប សូមសរសេរនូវសេចក្ដីពិតដូចខាងក្រោម នៅលើក្ដារខៀន ៖សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជួយព្រះវរបិតាសួគ៌នាំមកនូវជីវិតដ៏អស់កល្បជានិច្ចដល់កូនចៅរបស់ទ្រង់ ។ បន្ទាប់មកសូមសួរ ៖
-
តើវិធីមួយចំនួនណាខ្លះ ដែលសាសនាចក្រជួយនាំមកនូវអមតភាព និងជីវិតដ៏អស់កល្បជានិច្ចមកដល់កូនចៅរបស់ព្រះវរបិតាសួគ៌ ?
សូមពន្យល់ថា សាសនាចក្រមានអង្គការជាច្រើន--ដែលហៅថា អង្គការជំនួយចំពោះបព្វជិតភាព--ហើយនិងកម្មវិធីផ្សេងៗ ដែលជួយយើងឲ្យរីកចម្រើនឆ្ពោះទៅរកជីវិតអស់កល្បជានិច្ច ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ឈ្មោះអង្គការមួយចំនួននោះ ។ ( ចម្លើយអាចរួមមាន សមាគមសង្គ្រោះ យុវជន យុវនារី អង្គការបឋមសិក្សា និងថ្នាក់សាលាថ្ងៃអាទិត្យ ព្រមទាំងកម្មវិធីទាំងឡាយ ដូចជា រាត្រីជួបជុំក្រុមគ្រួសារ និងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ) ។
ដើម្បីជួយសិស្សយល់អំពីរបៀបដែលអង្គការសាសនាចក្រ និងកម្មវិធីទាំងឡាយជួយយើងឲ្យរៀន និងរីកចម្រើននៅក្នុងដំណឹងល្អ ដើម្បីយើងអាចទទួលបានជីវិតអស់កល្បជានិច្ច សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមពន្យល់ថា សេចក្ដីថ្លែងការណ៍នេះ គឺអំពីកម្មវិធីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ប៉ុន្តែគោលការណ៍ដែលវាបង្រៀនក៏អាចយកមកអនុវត្តចំពោះអង្គការជំនួយសាសនាចក្រដទៃទៀត និងកម្មវិធីទាំងឡាយផងដែរ។
រូបភាពប្រធាន ប៊យដ៏ ឃេ ផាកកឺ« កម្មវិធីទាំងនេះ ត្រូវបានចាប់ផ្ដើម វាល្អ ប៉ុន្តែវាពុំត្រូវការជាចាំបាច់នោះទេ ។ វាផ្ដល់នូវរដូវកាលមួយដើម្បីចម្រើន និងលូតលាស់ទៅជាបន្ទាយការពារសម្រាប់សាសនាចក្រ ។ ឥឡូវនេះ អង្គការទាំងនេះក្លាយទៅជាការបញ្ជូនមកពីព្រះ សម្រាប់សេចក្ដីសង្គ្រោះដល់សាសន៍អ៊ីស្រាអែលសម័យទំនើប នៅក្នុងម៉ោងពេលដ៏លំបាកបំផុតមួយ » (« Teach the Scriptures» [address to CES religious educators, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ១៩៧៧], ទំព័រ ៣, LDS.org) ។
-
តើថ្នាក់សិក្ខាសាលាបានជួយអ្នកត្រៀមខ្លួនសម្រាប់ឧបសគ្គមួយចំនួនក្នុងជីវិតយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ព្រះអម្ចាស់បានបំផុសគំនិតអំពីកម្មវិធី និងអង្គការជាច្រើននៅក្នុងសាសនាចក្រ ដើម្បីរៀបចំយើងសម្រាប់ឧបសគ្គនៃជីវិត និងដើម្បីជួយយើងរីកចម្រើនឆ្ពោះទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ។ ដើម្បីជួយសិស្សឲ្យពិភាក្សាអំពីជំនួយ ដែលពួកគេទទួលបានមកពីអង្គការ និងកម្មវិធីសាសនាចក្រមួយចំនួន សូមបំបែកថ្នាក់ទៅជាប្រាំមួយក្រុម ។ សូមផ្ដល់ដល់ក្រុមនិមួយៗនូវច្បាប់ចម្លងនៃសំណួរដូចខាងក្រោម(ឬសរសេរវានៅលើក្ដារខៀន ) និងឲ្យសេចក្ដីសង្ខេបខាងប្រវត្តិសាស្ត្រដូចខាងក្រោមមួយច្បាប់ផងដែរ ។ សូមឲ្យសិស្សសិក្សាសេចក្ដីសង្ខេបនៅក្នុងក្រុមរបស់ពួកគេ ហើយរៀបចំឆ្លើយនឹងសំណួរ ។
តើអង្គការ ឬកម្មវិធីនេះបានចាប់ផ្ដើមមានឡើងយ៉ាងដូចម្ដេច ?
តើអ្នកគិតថា វារៀបចំយើងដើម្បីប្រឈមមុខនឹងការសាកល្បង និងឧបសគ្គនានាក្នុងជំនាន់របស់យើងយ៉ាងដូចម្ដេច ?
តើអ្នកគិតថា វាជួយយើងរីកចម្រើនឆ្ពោះទៅរកជីវិតអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
ថ្នាក់សាលាថ្ងៃអាទិត្យ
នៅឆ្នាំ ១៨៤៩ សមាជិកសាសនាចក្រម្នាក់ ឈ្មោះ រីឆាដ បាឡាទីន មានអារម្មណ៍ថា កុមារតូចៗត្រូវការកន្លែងមួយដើម្បីរៀនអំពីដំណឹងល្អនៅថ្ងៃបរិសុទ្ធ ។ ពួកបរិសុទ្ធនៅចក្រភពអង់គ្លេស មានថ្នាក់សាលាថ្ងៃអាទិត្យរួចទៅហើយ ហើយបងប្រុស បាឡាទីន បានចាប់ផ្ដើមថ្នាក់សាលាថ្ងៃអាទិត្យដំបូងគេនៅរដ្ឋ យូថាហ៍ នៅក្នុងវួដទីក្រុងសលត៍ លេករបស់គាត់ នៅខែធ្នូ ឆ្នាំ ១៨៤៩ ។ មិនយូរប៉ុន្មានក្រោយមក វួដផ្សេងទៀត បានចាប់ផ្ដើមទទួលយកការអនុវត្តដូចគ្នានេះ ដោយវួដនិមួយៗប្រើកម្មវិធីសិក្សារៀងៗខ្លួន ។ ក្នុងឆ្នាំ ១៨៦៧ ថ្នាក់អ្នកដឹកនាំសាសនាចក្របានបង្កើតសហព័ន្ធសាលាថ្ងៃអាទិត្យដេសេរ៉ែត ដែលលើកទឹកចិត្តឲ្យមានភាពរួបរួមគ្នាក្នុងកម្មវិធីសិក្សាតែមួយ ។ ត្រឹមឆ្នាំ ១៨៧០ នោះមានថ្នាក់សាលាថ្ងៃអាទិត្យច្រើនជាង ២០០ ថ្នាក់ ត្រូវបានបង្កើតឡើង ។ សព្វថ្ងៃនេះ វួដ និងសាខាទាំងឡាយ មានថ្នាក់សាលាថ្ងៃអាទិត្យចម្រុះ ។
យុវនារី
ប្រធាន ព្រិកហាំ យ៉ង់ បានជួបនឹងកូនស្រីទាំងឡាយរបស់លោកនៅក្នុងផ្ទះរបស់លោកនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៨៦៩ ហើយបានសុំពួកគេឲ្យធ្វើជាអ្នកដឹកនាំ ដើម្បីជួយដល់មិត្តភក្ដិដែលមានអាយុប្រហាក់ប្រហែលនឹងពួកគេទទួលបានទីបន្ទាល់នៃដំណឹងល្អ ដើម្បីមានភាពរមទម្យនៅក្នុង ការស្លៀកពាក់ និងទង្វើរបស់ពួកគេ ហើយចៀសវាងពីទំនោរ និងអាកប្បកិរិយាខាងលោកិយ ។ នៅឆ្នាំ ១៨៧០ អង្គការយុវនារីជាផ្លូវការមួយ ត្រូវបានរៀបចំឡើងដើម្បីលើកស្ទួយដល់គោលបំណងទាំងនេះ ។ អង្គការនេះ នៅទីបំផុតបានត្រូវគេស្គាល់ថាជា សមាគមកែលម្អគ្នាទៅវិញទៅមករបស់ក្រុមយុវនារី (វ៉ាយ.ដបុលយូ.អិម.អាយ.អេ ) ដែលក្រោយមកបានផ្លាស់ប្ដូរទៅជាអង្គការយុវនារី ។ នៅដើមឆ្នាំ ១៩៧០ ពួកអ្នកដឹកនាំបានណែនាំអំពីកម្មវិធីអភិវឌ្ឍខ្លួន ។ នៅឆ្នាំ ១៩៨៥ ពួកគាត់បានណែនាំអំពីគុណសម្បត្តិ និងបាវចនាយុវនារី ។
យុវជន
សមាគមកែលម្អគ្នាទៅវិញទៅមករបស់ក្រុមយុវជន (វ៉ាយ.អិម.អិម.អាយ.អេ ) ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៨៧៥ នៅក្រោមការដឹកនាំរបស់ប្រធាន ព្រិកហាំ យ៉ង់ ។ អង្គការនេះ គឺមានបំណងដើម្បីជួយដល់ក្រុមយុវជនអភិវឌ្ឍខាងវិញ្ញាណ និងខាងបញ្ញាស្មារតី ក៏ដូចជាផ្ដល់ដល់ពួកគេនូវសកម្មភាពឆ្នៃប្រឌិតផងដែរ ។ នៅឆ្នាំ ១៩១៣ សាសនាចក្របានចូលសហការជាមួយនឹងក្រុមកាយឬទ្ធិអាមេរិកកាំងនៅក្នុងសហរដ្ឋអាមេរិក ។ ភាពជាដៃគូជាមួយនឹងកម្មវិធីក្រុមកាយឬទ្ធិផ្សេងទៀត ត្រូវបានបង្កើតឡើងជាអន្ដរជាតិ នៅកន្លែងណាដែលអាចធ្វើទៅបាន ។ ឈ្មោះរបស់អង្គការត្រូវបានផ្លាស់ប្ដូរផងដែរ ដែលដំបូងឡើងបានផ្លាស់ប្ដូរទៅជា បព្វជិតភាពអើរ៉ុន--អិម.អាយ.អេ បន្ទាប់មកក្លាយទៅជាបព្វជិតភាពអើរ៉ុន ហើយបន្ទាប់មកទៀតទៅជាក្រុមយុវជន ។ នៅឆ្នាំ ២០០១ ពួកអ្នកដឹកនាំសាសនាចក្រ បានណែនាំកម្មវិធីកាតព្វកិច្ចចំពោះព្រះ ។
អង្គការបឋមសិក្សា
នៅឆ្នាំ ១៨៧៧ អូរេលៀ ស្ពែនស៊ើរ រ៉ូជើរ « ទទួលអារម្មណ៍យ៉ាងខ្លាំងថា មានអ្វីមួយត្រូវធ្វើឡើង អំពីឥរិយាបទរបស់ក្មេងប្រុសនៅជិតខាងដែលរត់លេងដោយសេរីពេញទីក្រុងទាំងថ្ងៃទាំងយប់ ។ នាងមានអារម្មណ៍ថា កុមារទាំងនេះ ពុំត្រូវបានបង្រៀននូវគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាន [ដើម្បីរៀបចំពួកគេ] ទាំងខាងចំណេះដឹង ឬឥរិយាបទ ដើម្បីនាំយកដំណឹងល្អឆ្ពោះទៅមុខ ឬដើម្បីក្លាយជាឪពុកម្ដាយ ឬពលរដ្ឋល្អ » («History of Primary»lds.org/callings/primary/getting-started/history-of-primary) ។ នាងបានជួបនឹង អេលីស្សា អ ស្នូ ដែលពេលនោះបម្រើជាប្រធានសមាគមសង្គ្រោះទូទៅ ហើយពួកគេបានទទួលការអនុញ្ញាតមកពីប្រធាន យ៉ូហាន ថេលើរ ដើម្បីរៀបចំអង្គការបឋមសិក្សានៅក្នុងក្រុង ហ្វាមីងតុន រដ្ឋយូថាហ៍ នៅក្រោមការដឹកនាំរបស់ប៊ីស្សព យ៉ូហាន ហេស្ស ។ ការប្រជុំអង្គការបឋមសិក្សាដំបូង បានធ្វើឡើងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៨៧៨ ដែលមានកុមារ និងកុមារីចំនួន ២២៤ នាក់ ។ នៅឆ្នាំ ១៨៨០ ប្រធានអង្គការបឋមសិក្សាទូទៅត្រូវបានហៅ ហើយថ្នាក់អង្គការបឋមសិក្សាបានចាប់ផ្ដើមរៀបចំឡើងនៅក្នុងវួដជាច្រើន ។
ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននៃសាសនា
នៅឆ្នាំ ១៨៨៨ សាសនាចក្របានបង្កើតគណៈកម្មការអប់រំ និងវិទ្យាស្ថានសាសនាចក្រ ហើយបានបង្កើតថ្នាក់ខាងសាសនា ដើម្បីផ្ដល់គ្រឹះខាងវិញ្ញាណសម្រាប់ការរៀនសូត្រ ដែលមិនទាក់ទងនឹងសាសនាសម្រាប់អ្នកទាំងឡាយ ដែលពុំបានចូលរួមក្នុងវិទ្យាស្ថានសាសនាចក្រ ។ នៅឆ្នាំ ១៩១២ យ៉ូសែប អែហ្វ មើរីល សាស្ត្រាចារ្យម្នាក់ និងសមាជិកសាសនាចក្រ បានដាក់ស្នើសុំផែនការមួយ ដើម្បីអនុញ្ញាតឲ្យសិស្សនៅក្នុងសាលារដ្ឋមកចូលរួមថ្នាក់សាសនាជាផ្នែកមួយនៃ ការសិក្សារាល់ថ្ងៃរបស់ពួកគេ ។ វាហៅថាថ្នាក់សិក្ខាសាលា ហើយថ្នាក់ដំបូងត្រូវបានបង្រៀននៅជិតវិទ្យាល័យហ្គ្រែនិត នៅទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ហើយមានសិស្សចុះឈ្មោះចំនួន ៧០ នាក់ ។ នៅពេលកម្មវិធីថ្នាក់សិក្ខាសាលាបានរីកសុះសាយ នោះកម្មវិធីស្រដៀងគ្នាមួយត្រូវបានបង្កើតឡើងសម្រាប់យុវវ័យដែលស្ថិតក្នុងវ័យរៀននៅសាកលវិទ្យាល័យ ។ វាត្រូវបានដាក់ឈ្មោះថា វិទ្យាស្ថានសាសនាពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយថ្នាក់វិទ្យាស្ថានបានចាប់ផ្ដើមនៅក្នុងឆ្នាំ ១៩២៦ នៅក្នុងទីក្រុង ម៉ូស្កូ រដ្ឋ អៃដាហូ ។ នៅដើមឆ្នាំ ១៩៥០ កម្មវិធីថ្នាក់សិក្ខាសាលានៅពេលព្រឹកព្រលឹម បានចាប់ផ្ដើមនៅក្នុងរដ្ឋ កាលីហ្វូញ៉ា កម្មវិធីថ្នាក់សិក្ខាសាលាសិក្សានៅផ្ទះ បានចាប់ផ្ដើមនៅឆ្នាំ ១៩៦០ ហើយថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា បានចាប់ផ្ដើមនៅក្នុងអំឡុងបណ្តាឆ្នាំ ១៩៦០ ហើយថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា បានបន្ដពង្រីកនៅទូទាំងពិភពលោក ។
រាត្រីជួបជុំក្រុមគ្រួសារ
ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានបង្រៀនថាកម្មវិធីសាសនាចក្រ គប្បី « បន្ថែមទៅក្នុងការបង្រៀន និងការបំពាក់បំប៉នរបស់យើងនៅក្នុងគេហដ្ឋាន ។ បើបរិដ្ឋាន គំរូ និង ការបំពាក់បំប៉ននៅក្នុងគេហដ្ឋាន មានភាពចុះសម្រុងនឹងសេចក្ដីពិតនៅក្នុងដំណឹងល្អនៃព្រះគ្រីស្ទ នោះគឺគ្មានកុមារណាម្នាក់ក្នុងចំនួនមួយរយនាក់នឹងត្រូវវង្វេងឡើយ » («Worship in the Home,»Improvement Eraខែ ធ្នូ ឆ្នាំ ១៩០៣ ទំព័រ ១៣៨ ) ។ នៅក្នុងឆ្នាំ ១៩០៩ ស្ដេកហ្គ្រែនិតនៅក្នុងទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ បានចាប់ផ្ដើមកម្មវិធីរាត្រីជួបជុំក្រុមគ្រួសារប្រចាំសប្ដាហ៍ ដែលប្រសាសន៍របស់ប្រធាន ស្ម៊ីធ ត្រូវបានបំផុសគំនិត ។ នៅក្នុងឆ្នាំ ១៩១៥ គណៈប្រធានទីមួយ បានចេញអនុសាសន៍ថា រាត្រីជួបជុំក្រុមគ្រួសារប្រចាំខែ ត្រូវបានអនុវត្តទូទាំងសាសនាចក្រ ។ គណៈប្រធានទីមួយបានសន្យា ៖ « បើពួកបរិសុទ្ធគោរពតាមដំបូន្មាននេះ [ ដើម្បីរក្សារាត្រីជួបជុំក្រុមគ្រួសារ ] នោះយើងសន្យាថា ពរជ័យដ៏មហិមា នឹងកើតមានឡើង ។ សេចក្ដីស្រឡាញ់ក្នុងផ្ទះ និងការគោរពប្រតិបត្តិដល់ឪពុកមា្ដយនឹងកើនឡើង ។ សេចក្ដីជំនឿ នឹងបង្កើតឡើងនៅក្នុងដួងចិត្តរបស់យុវវ័យនៃអ៊ីស្រាអែល ហើយពួកគេនឹងទទួលបានអំណាចដើម្បីទប់ទល់នឹងឥទ្ធិពល និងការល្បួងរបស់អារក្សឡោមព័ទ្ធពួកគេ » ( នៅក្នុង James R. Clark, comp.,Messages of the First Presidency of The Church of Jesus Christ of Latter-day Saints,វ៉ុលទី ៦ [១៩៦៥–៧៥], ៤:៣៣៩) ។ ហាសិបឆ្នាំក្រោយមក សាសនាចក្របានបោះពុម្ពសៀវភៅសិក្សាសម្រាប់ក្រុមគ្រួសារឲ្យប្រើប្រាស់នៅក្នុងការបង្រៀនដំណឹងល្អប្រចាំសប្ដាហ៍ ។ នៅក្នុងឆ្នាំ ១៩៧០ អ្នកដឹកនាំសាសនាចក្រ បានជ្រើសរើសល្ងាចថ្ងៃចន្ទសម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ហើយបានប្រកាសថា សកម្មភាពសាសនាចក្រដទៃទៀត ពុំត្រូវធ្វើឡើងនៅល្ងាចនោះទេ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយនោះ សូមឲ្យសិស្សនៅក្នុងក្រុមនិមួយៗសង្ខេបប្រវត្តិនៃអង្គការ ឬកម្មវិធីដែលបានចាត់ទៅឲ្យពួកគេ ហើយពន្យល់ចម្លើយរបស់ពួកគេចំពោះសំណួរដែលពួកគេបានពិភាក្សា ។
សូមពន្យល់ថា អង្គការ និងកម្មវិធីសាសនាចក្រនីមួយៗ បានប្រតិបត្តិឡើងជាឯករាជ្យពីដំបូងឡើយ ។ នៅពេលសាសនាចក្រពង្រីកកាន់តែធំនៅក្នុងឆ្នាំ ១៩៥០ នោះពួកអ្នកដឹកនាំសាសនាចក្របានឃើញពីតម្រូវការដើម្បីធ្វើការវាយតម្លៃទៅលើរបៀបដែលអង្គការសាសនាចក្របំពេញតាមគោលបំណងរបស់សាសនាចក្រ ។ ពួកគាត់បានសម្រេចចិត្តដើម្បីរួបរួម ហើយសម្របសម្រួលគ្រប់អង្គការ និងកម្មវិធីសាសនាចក្រទាំងអស់ ទាំងនៅក្នុងការគ្រប់គ្រង និងនៅក្នុងការជ្រើសរើសកម្មវិធីសិក្សា ។ ការផ្លាស់ប្ដូរទាំងនេះ បានជួយអង្គការ និងកម្មវិធីនានា ឲ្យបំពេញតាមតម្រូវការនៃការលូតលាស់របស់សាសនាចក្រ និងដើម្បីពង្រឹងក្រុមគ្រួសារកាន់តែល្អប្រសើរ ។ នៅក្រោមកិច្ចខិតខំសហសម្ព័ន្ធនេះអង្គការសាសនាចក្រទាំងអស់ បានប្រតិបត្តិនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំបព្វជិតភាព ដែលកាន់កូនសោជាអធិបតី ។
សូមអញ្ជើញឲ្យសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពអែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី« សហសម្ព័ន្ធ គឺជាប្រព័ន្ធនៃការគ្រប់គ្រងរបស់សាសនាចក្រ ដែលនៅក្នុងនោះ យើងយកកម្មវិធីទាំងអស់របស់សាសនាចក្រមក ដាក់វានៅក្នុងចំណុចរួមមួយ រូចដាក់វាបញ្ចូលក្នុងប្រព័ន្ធតែមួយ ប្រតិបត្តិវាជាកម្មវិធីមួយ ដែលសមាជិកសាសនាចក្រទាំងអស់មានជាប់ទាក់ទងនៅក្នុងកិច្ចប្រតិបត្តិការ-- ហើយធ្វើវាទាំងអស់នៅក្រោមការដឹកនាំបព្វជិតភាព » (Let Every Man Learn His Duty [ កូនសៀវភៅ, ឆ្នាំ ១៩៧៦ ], ទំព័រ ២ ) ។
សូមសរសេរគោលការណ៍ដូចខាងក្រោមនៅលើក្ដារខៀន ៖នៅពេលយើងចូលរួមនៅក្នុងអង្គការ និងកម្មវិធីនានារបស់សាសនាចក្រ នោះយើងទទួលបានពរជ័យដែលមាននៅក្នុងកម្មវិធី និងអង្គការទាំងនោះ ។ បន្ទាប់មកសូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ។
តើអង្គការ និងកម្មវិធីនានារបស់សាសនាចក្រ បានប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ? តើកម្មវិធីកាតព្វកិច្ចចំពោះព្រះ ឬកម្មវិធីអភិវឌ្ឍខ្លួន បានប្រទានពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
តើអ្នកនឹងចូលរួមកាន់តែពេញលេញនៅក្នុងកម្មវិធីយុវជន ឬយុវនារីយ៉ាងដូចម្ដេច ? នៅក្នុងថ្នាក់សាលាថ្ងៃអាទិត្យ ? ក្នុងរាត្រីជួបជុំក្រុមគ្រួសារ ? នៅក្នុងថ្នាក់សិក្ខាសាលា ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។ អ្នកក៏អាចចែកចាយគំនិតយោបល់របស់អ្នកអំពីរបៀបដែលអង្គការនានារបស់សាសនាចក្រប្រទានពរដល់ជីវិតរបស់អ្នក ហើយជួយអ្នក និងគ្រួសារអ្នករីកចម្រើនឆ្ពោះទៅកាន់ជីវិតអស់កល្បជានិច្ច ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
សារៈសំខាន់នៃថ្នាក់សិក្ខាសាលា
ប្រធាន ថូម៉ាស អេស ម៉នសុន បានពិពណ៌នាអំពីសារៈសំខាន់នៃថ្នាក់សិក្ខាសាលា ថា៖
រូបភាពប្រធាន ថូម៉ាស អេស ម៉នសុន« ក្រៅពីការចូលរួមក្នុងការប្រជុំថ្ងៃអាទិត្យរបស់អ្នក និងសកម្មភាពក្នុងសប្ដាហ៍នាពេលយប់របស់អ្នក នៅពេលអ្នកមានឱកាសចូលរួមនៅក្នុងថ្នាក់សិក្ខាសាលា ទោះជានៅពេលព្រឹកព្រលឹម ឬនៅម៉ោងសម្រាក សូមឆ្លៀតយកប្រយោជន៍ពីឱកាសនោះ ។ អ្នករាល់គ្នាជាច្រើន កំពុងចូលរួមថ្នាក់សិក្ខាសាលាឥឡូវនេះ ។ ដូចគ្នានឹងអ្វីៗផ្សេងៗក្នុងជីវិត អ្វីៗជាច្រើនដែលអ្នកទាញចេញមកពីបទពិសោធន៍ថ្នាក់សិក្ខាសាលារបស់អ្នក គឺអាស្រ័យទៅលើឥរិយាបទរបស់អ្នក និងការស្ម័គ្រចិត្តរបស់អ្នកដើម្បីទទួលការបង្រៀនប៉ុណ្ណោះ ។ សូមឲ្យឥរិយាបទរបស់អ្នកមាននូវភាពរាបសា ហើយមានបំណងប្រាថ្នាដើម្បីរៀនសូត្រ ។ ឱ! ខ្ញុំមានអំណរគុណខ្លាំងណាស់ចំពោះឱកាសដែលខ្ញុំមាន ក្នុងពេលខ្ញុំនៅជាយុវវ័យម្នាក់ បានចូលរៀនថ្នាក់សិក្ខាសាលានៅពេលព្រឹកព្រលឹម ដ្បិតវាបានផ្តល់ជាអត្ថប្រយោជន៍យ៉ាងសំខាន់មួយនៅក្នុងការអភិវឌ្ឍខ្លួនខ្ញុំ និងការអភិវឌ្ឍទីបន្ទាល់របស់ខ្ញុំផងដែរ ។ ថ្នាក់សិក្ខាសាលាបានផ្លាស់ប្ដូរជីវិតរស់នៅ » («Believe, Obey, and Endure,»Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ១២៨ ) ។