មេរៀនសិក្សានៅផ្ទះ
ការស្នងតំណែងបន្តនៅក្នុងគណៈប្រធាន ការចាកចេញពីទីក្រុងណៅវូ និង ការធ្វើដំណើរទៅទិសខាងលិច ( មេរៀនទី ៣០ )
សេចក្តីផ្ដើម
តាមរយៈមេរៀននេះ សិស្សនឹងយល់ថាពួកគេអនុវត្តសេចក្តីជំនឿ នៅពេលពួកគេធ្វើតាមការទូន្មាន និង ការណែនាំនៃថ្នាក់ដឹកនាំសាសនាចក្ររបស់យើង ។ ពួកគេនឹងរៀនផងដែរថា ព្រះអម្ចាស់នឹងប្រទានពរពួកគេនៅពេលពួកគេជួយមនុស្សដទៃដែលខ្វះខាត ហើយរៀបចំផ្លូវដល់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១-១៨
ព្រះអម្ចាស់ប្រទានព្រះឱវាទដល់ពួកបរិសុទ្ធឲ្យរៀបចំខ្លួនពួកគេ និង រៀបចំបន្តដំណើររបស់ពួកគេទៅទិសខាងលិច
សូមបិទមុខសិស្សម្នាក់ ហើយយកគាត់ទៅដាក់នៅជ្រុងម្ខាងនៃបន្ទប់ ។ បន្ទាប់មកសូមរៀបចំរបស់របរមួយចំនួននៅក្នុងថ្នាក់ឡើងវិញ សូមធ្វើវាឲ្យឮសំឡេងដូច្នេះសិស្សអាចប្រាប់ថាឥវ៉ាន់នោះត្រូវបានផ្លាស់ប្តូរទីតាំង ។ សូមឲ្យសិស្សដែលត្រូវបានបិទមុខនោះជ្រើសរើសមិត្តរួមថ្នាក់ម្នាក់ឲ្យនិយាយប្រាប់ ដើម្បីជួយគាត់ដើរទៅដល់ជ្រុងម្ខាងទៀតនៃបន្ទប់ ។ នៅពេលសិស្សជ្រើសរើសនរណាម្នាក់ហើយនោះ សូមសួរ ៖
-
ហេតុអ្វីអ្នកជ្រើសរើសបុគ្គលម្នាក់នោះ ?
-
តើការទុកចិត្តរបស់យើងលើបុគ្គលផ្សេងទៀតជះឥទ្ធិពលលើរបៀប ដែលយើងធ្វើតាមការណែនាំរបស់ពួកគេយ៉ាងដូចម្តេច ?
សូមឲ្យសិស្សដែលនាំផ្លូវដល់សិស្សដែលត្រូវបានបិទមុខនោះ និយាយប្រាប់ផ្លូវដែលនឹងជួយឲ្យគាត់ដើរទៅដល់ជ្រុងម្ខាងទៀតនៃបន្ទប់ ។ ក្រោយមកសូមបង្គាប់សិស្សទាំងពីរនោះឲ្យត្រឡប់ទៅអង្គុយវិញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោម អំពីការធ្វើដំណើររបស់ពួកបរិសុទ្ធចេញពីទីក្រុងណៅវូ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់អំពីរបៀបនានានៃបទពិសោធន៍របស់ពួកបរិសុទ្ធអាចមាន ដែលស្រដៀងនឹងបទពិសោធន៍នៃសិស្សដែលត្រូវបានដឹកនាំឲ្យដើរឆ្លងក្នុងបន្ទប់រៀននោះ ។
ក្រោមការគម្រាមកំហែងដ៏សាហាវព្រៃផ្សៃមកពីពួកជនកំណាចក្នុងមូលដ្ឋាន នោះពួកបរិសុទ្ធបានចាប់ផ្តើមចាកចេញពីទីក្រុងណៅវូ នៅខែ កុម្ភៈ ឆ្នាំ ១៨៤៦ ធ្វើដំណើរទៅទិសខាងលិចដោយឆ្លងកាត់រដ្ឋអៃអូវ៉ា ។ « ការចាកចេញពីទីក្រុងណៅវូគឺជា ទង្វើមួយនៃសេចក្តីជំនឿរបស់ពួកបរិសុទ្ធ ។ ពួកគេបានចាកចេញទៅដោយពុំដឹងពីទីកន្លែងពិតប្រាកដថានឹងទៅទីណា ឬ នៅពេលណាពួកគេនឹងទៅដល់កន្លែងមួយដែលពួកគេអាចបោះទីតាំងរស់នៅបានឡើយ ។ ពួកគេគ្រាន់តែដឹងថាពួកគេត្រូវបានបណ្តេញចេញពីរដ្ឋអិលលីណោយ ដោយសារមារសត្រូវរបស់ខ្លួន ហើយថាថ្នាក់ដឹកនាំរបស់ពួកគេបានទទួលវិវរណៈដើម្បីបោះទីតាំងនៃជនភាសខ្លួននៅកន្លែងមួយនៅក្នុងតំបន់ រ៉កគី ម៉ោនធីន » (Church History in the Fulness of Times Student Manual, ការបោះពុម្ពលើកទី ២ [ Church Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ៣០៩ ) ។
-
បទពិសោធន៍របស់ពួកបរិសុទ្ធដែលចាកចេញពីទីក្រុងណៅវូ ស្រដៀងទៅនឹងបទពិសោធន៍នៃសិស្សដែលត្រូវបានដឹកនាំឲ្យដើរឆ្លងក្នុងបន្ទប់រៀននោះយ៉ាងដូចម្តេច ?
-
តើយើងអាចរៀនអ្វីខ្លះចេញពីបទពិសោធន៍របស់ពួកបរិសុទ្ធដែលចាកចេញពីទីក្រុងណៅវូ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែប្រាប់គោលការណ៍ខាងក្រោម ៖ យើងអនុវត្តសេចក្តីជំនឿនៅពេលយើងធ្វើតាមការទូន្មាន និង ការណែនាំរបស់ថ្នាក់ដឹកនាំសាសនាចក្រ) ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សឲ្យបើកទៅផែនទីទី ៦ (« ដំណើរនៃសាសនាចក្រទៅទិសខាងលិច ») នៅក្នុងផ្នែកផែនទីប្រវត្តិសាសនាចក្រនៃព្រះគម្ពីររបស់ពួកគេ និង ប្រាប់ពីទីតាំងនៃទីក្រុងណៅវូ និង វិនធើរ ខ្វតធើរ ។ សូមពន្យល់ថា ដោយសារតែភ្លៀងធ្លាក់យ៉ាងខ្លាំង និងការផ្គត់ផ្គង់មិនគ្រប់គ្រាន់ នោះពួកបរិសុទ្ធដែលបានចាកចេញពីទីក្រុងណៅវូនៅខែ កុម្ភៈ ឆ្នាំ ១៨៤៦ បានចំណាយពេលបួនខែធ្វើដំណើរឆ្លងកាត់រដ្ឋអៃអូវ៉ាចម្ងាយ ៤៨០គីឡូម៉ែត្រ ។ ល្បឿននៃការធ្វើដំណើររបស់ក្រុមនេះមានការយឺតយ៉ាវ ដោយសារតែលក្ខខណ្ឌទាំងនេះ និង ដោយសារពួកគេបានបាត់បង់ការបម្រើពីបុរសៗនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជាង ៥០០ នាក់ ។ បុរសទាំងនេះ ដែលបានស្គាល់ថាជាកងវរសេនាតូចមរមន បានស្តាប់តាមការអំពាវនាវរបស់ប្រធាន យ៉ង់ឲ្យចូលបម្រើកងទ័ពសហរដ្ឋ ដើម្បីរកប្រាក់ជួយដល់សមាជិកសាសនាចក្រដែលក្រីក្រឲ្យធ្វើដំណើរទៅទិសខាងលិច ។ ការបូជានេះបានជួយយ៉ាងច្រើន ប៉ុន្តែវាក៏បានបន្សល់ទុកនូវក្រុមគ្រួសារជាច្រើនឲ្យគ្មានស្វាមី និង ឪពុកក្នុងការធ្វើដំណើរជាមួយពួកគេផងដែរ ។ ដោយគិតពីការធ្វើដំណើរយ៉ាងយឺតនោះ អ្នកដឹកនាំសាសនាចក្របានសម្រេចចិត្តមិនបន្ដដំណើរទៅភាគខាងលិចនៃភ្នំរ៉កគី ម៉ោនធីនឡើយរហូតដល់រដូវផ្ការីកឆ្នាំ ១៨៤៧ ។ ពួកលោកបានទូន្មានដល់ពួកបរិសុទ្ធ ឲ្យបោះទីលំនៅសម្រាកសម្រាប់រដូវរងានោះ ។ ការបោះទីលំនៅដ៏ធំបំផុតមួយ ត្រូវបានធ្វើឡើងនៅវិនធើរ ខ្វតធើរនៅភាគខាងលិចនៃដងទន្លេមិសសួរី ដែលបច្ចុប្បន្ននេះគឺជារដ្ឋណេប្រាស្កា ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីសង្ខេបខាងក្រោមដែលពិពណ៌នាអំពីវិនធើរ ខ្វតធើរ និង ការបោះទីលំនៅបណ្តោះអាសន្នផ្សេងៗទៀត ៖
ពួកបរិសុទ្ធជាច្រើនបានរស់នៅក្នុងផ្ទះដាច់ៗពីគ្នា និង នៅក្នុងខ្ទមដែលធ្វើពីឈើ និង ដី ។ មានមនុស្សជាច្រើនដែលខ្វះជម្រកជ្រកពីអាកាសធាតុត្រជាក់នេះ ។ ជំងឺជាច្រើនដូចជា គ្រុនចាញ់ រលាកសួត របេង អាសន្នរោគ និង ជំងឺខ្វះវីតាមីនសេ ដែលធ្វើឲ្យមានការរងទុក្ខ និង ស្លាប់ជាច្រើននាក់ ។ មានមនុស្សជាង ៧០០នាក់បានស្លាប់នៅក្នុងជំរំនៅចុងរដូវរងាដំបូងនោះ ។ ( សូមមើល Our Heritage: A Brief History of The Church of Jesus Christ of Latter-day Saints [ ឆ្នាំ ១៩៩៦ ] ទំព័រ ៧១–៧២;Church History in the Fulness of Times Student Manual, ទព័រ ៣១៩–២០ ) ។
-
ប្រសិនបើអ្នកបាននៅជាមួយពួកបរិសុទ្ធនៅឯវិនធើរ ខ្វតធើរ តើអ្នកនឹងមានអារម្មណ៍បែបណា ដោយដឹងថាអ្នកនឹងនៅតែត្រូវធ្វើដំណើរទៅមុខរាប់រយគីឡូម៉ែត្រទៀតដូច្នេះនោះ ?
អ្នកអាចបង្ហាញថា ទោះបីជាអំឡុងពេលនៃការរងទុក្ខ និង សេចក្តីស្លាប់នោះ ពួកបរិសុទ្ធដ៏សុចរិតត្រូវបានប្រទានពរ ដោយសារសេចក្តីសញ្ញាដែលពួកគេបានធ្វើ ។ អ្នកក៏អាចពន្យល់ផងដែរថា ព្រះអម្ចាស់បានសន្យានូវពរជ័យដ៏មហិមាដល់អស់អ្នកដែលស្លាប់នៅក្នុងការបម្រើរបស់ទ្រង់ ( សូមមើល អាលម៉ា ៤០:១១–១២; ៦០:១៣; គ. និង ស. ៤២:៤៦) ។
សូមឲ្យសិស្សមើលសារចុះសារឡើងនៅក្នុងសេចក្ដីណែនាំកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦រកមើលទីកន្លែងដែលវិវរណៈនេះបានប្រទានឲ្យ និង នរណាបានទទួលវា ។ សូមឲ្យពួកគេរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:១ ឲ្យឮៗ ។
-
តើអ្នកគិតថាខគម្ពីរអាចជួយពួកបរិសុទ្ធដឹងឲ្យថា ព្រះអម្ចាស់បានបន្តបើកសម្តែងព្រះឆន្ទៈរបស់ទ្រង់ចំពោះពួកគេតាមរបៀបណា ?
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានពី គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:២-៥ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះអម្ចាស់បានណែនាំឲ្យពួកបរិសុទ្ធធ្វើ ដើម្បីរៀបចំបន្ដការធ្វើដំណើរទៅភាគខាងលិចរបស់ពួកគេ ។
-
តើក្រុមនិមួយៗត្រូវបានរៀបចំយ៉ាងដូចម្ដេច ?
-
ហេតុអ្វីអ្នកគិតថា វាមានប្រយោជន៍ដើម្បីរៀបចំពួកបរិសុទ្ធជាក្រុមៗជាមួយនឹងអ្នកដឹកនាំដែលបានជ្រើសតាំងដូច្នេះ ? តើការណ៍នេះស្រដៀងគ្នាទៅនឹង របៀបដែលសាសនាចក្រត្រូវបានរៀបចំឡើងនៅសព្វថ្ងៃយ៉ាងដូចម្ដេច ? ( នៅពេលសិស្សឆ្លើយសំណួរទាំងនេះ អ្នកអាចសរសេរសេចក្ដីពិតដូចតទៅនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់រៀបចំពួកបរិសុទ្ធរបស់ទ្រង់ទៅជាក្រុមៗ ដើម្បីឲ្យបុគ្គលម្នាក់ៗអាចត្រូវបានដឹកនាំ និង ត្រូវបានយកចិត្តទុកដាក់ដល់ពួកគេ ) ។
សូមពន្យល់ថាដោយសារតែជំងឺ និង សេចក្តីស្លាប់នៅវិនធើរ ខ្វតធើរ និង នៅជំរំជុំវិញនោះ មានក្រុមគ្រួសារ និង មនុស្សជាច្រើននាក់ត្រូវការជំនួយហិរញ្ញវត្ថុ ដូច្នេះពួកគេអាចបន្តដំណើររបស់ខ្លួនទៅទិសខាងលិចទៀត ។
សូមចែកសិស្សជាគូៗ ។ សូមឲ្យពួកគេសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:៦-១១ ជាមួយគ្នា ដោយស្វែងរកមើលរបៀបនានា ដែលពួកបរិសុទ្ធបានថែទាំដល់អស់អ្នកដែលខ្វះខាត ។ ( អ្នកអាចផ្ដល់យោបល់ឲ្យ សិស្សគូសចំណាំអ្វីដែលពួកគេរកឃើញ ) ។ ពីមុនសិស្សអានវគ្គព្រះគម្ពីរនេះ សូមពន្យល់ថាពួកបរិសុទ្ធទាំងអស់គ្នាពុំបានចាកចេញពីវិនធើរ ខ្វតធើរនៅពេលតែមួយជាមួយគ្នានោះឡើយ ។ ឃ្លា « អស់អ្នកដែលត្រូវនៅ » នៅក្នុង ខ ៦ សំដៅលើពួកបរិសុទ្ធដែលបន្តនៅមួយរយៈពេលទៀតនៅវិនធើរ ខ្វតធើរ និង ជំរំជុំវិញនោះ ។
-
តើពាក្យ ឬឃ្លាណាខ្លះនៅក្នុង ខ ៦–១១ ដែលបង្ហាញពីរបៀបដែលពួកបរិសុទ្ធត្រូវមើលថែទាំដល់អស់អ្នកដែលខ្វះខាតនោះ ?
-
តើមានពាក្យអ្វីនៅក្នុង ខ ៧ ដែលសំដៅទៅលើមនុស្សដែលរៀបចំផ្លូវសម្រាប់មនុស្សដទៃនោះ ? ( ពួកអ្នកត្រួសត្រាយ ) ។
សូមសរសេរ និយមន័យខាងក្រោមនេះ នៅលើក្តារខៀន ។ ( វាត្រូវបានដកស្រង់ចេញពី Oxford English Dictionary, ការបោះពុម្ពលើកទីពីរ [ ឆ្នាំ ១៩៨៩ ] « pioneer » ) ។
-
យោងតាម ខ ១១, តើព្រះអម្ចាស់បានសន្យាអ្វីខ្លះដល់អស់អ្នកដែលនឹងជួយមនុស្សដទៃដែលខ្វះខាត និង រៀបចំផ្លូវសម្រាប់ពួកគេ ? តើយើងអាចរៀនអ្វីចេញពីការណ៍នេះ ? ( បន្ទាប់ពីសិស្សឆ្លើយហើយ អ្នកអាចសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់នឹងប្រទានដល់យើង នៅពេលយើងជួយដល់អ្នកដទៃដែលទីទ័លគ្រ និងរៀបចំផ្លូវសម្រាប់ពួកគេ) ។
-
តើនរណាបានរៀបចំផ្លូវសម្រាប់អ្នក ដើម្បីឲ្យអ្នកបានរីករាយនឹងពរជ័យនៃដំណឹងល្អ ?
សូមឲ្យសិស្សពិចារណាពីសំណួរខាងក្រោម ។ បន្ទាប់មកសូមអញ្ជើញសិស្សពីរបីនាក់ ឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
-
តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីក្លាយជាអ្នកត្រួសត្រាយផ្លូវ—ជួយដល់អ្នកដទៃដែលទីទ័លក្រ និង រៀបចំផ្លូវសម្រាប់ពួកគេឲ្យរីករាយនឹងពរជ័យនៃដំណឹងល្អ ?
សូមបញ្ចប់មេរៀន ដោយថ្លែងទីបន្ទាល់អំពីសេចក្ដីពិត ដែលអ្នកបានពិភាក្សា ហើយលើកទឹកចិត្តអញ្ជើញដល់សិស្សឲ្យធ្វើតាមសេចក្ដីពិតទាំងនោះ ។
មេរៀនបន្ទាប់ ( សង្គ្រាមនៅយូថាហ៍ និង ការសម្លាប់រង្គាលនៅភ្នំម៉េដូ ការលេចចេញមកនៃព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា សេចក្ដីប្រកាសជាផ្លូវការទី ១, និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨)
ដើម្បីជួយសិស្សរៀនចំខ្លួនសម្រាប់ ការសិក្សារបស់ពួកគេអំឡុងពេលនៃសប្តាហ៍នេះ សូមឲ្យ ពួកគេពិចារណាសំណួរខាងក្រោមនេះ ៖ តើលទ្ធផលអ្វីខ្លះនឹងកើតឡើងតាមរយៈការលាក់បាំងអំពើបាប ? នៅក្នុងមេរៀនបន្ទាប់សិស្សនឹងរៀន អំពីព្រឹត្តិការណ៍ដ៏សោកនាដកម្មមួយដែលបានហៅថាការសម្លាប់រង្គាលនៅភ្នំម៉េដូ ដែលបានកើតឡើងនៅពេលសមាជិកសាសនាចក្រមួយចំនួន បានព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន ។ ពួកគេក៏នឹងរៀនផងដែរអំពីវឌ្ឍនៈភាពរបស់សាសនាចក្រ នៅពេលពួកបរិសុទ្ធបានបោះទីលំនៅក្នុងជ្រលងភ្នំសលត៍ លេក ។