មេរៀនទី ៧៦
គោលលទ្ធិ និង សេចក្តីសញ្ញា ៧២-៧៤
បុព្វកថា
ការពង្រីកសាសនាចក្រទៅក្នុងរដ្ឋ មិសសួរី និងការប្ដូរទីតាំងរបស់ប៊ីស្សព អែតវឹត ប៉ាទ្រិច នៅទីនោះ បានបង្កើតឲ្យមានតម្រូវការប៊ីស្សពម្នាក់ទៀត ត្រូវបានហៅនៅក្នុងរដ្ឋ អូហៃអូ ។ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៨៣១ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈចំនួនបី ដែលត្រូវបានបញ្ចូលនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧២។ វិវរណៈទាំងនេះ បានទទួលស្គាល់ការហៅរបស់នូវល ខេ វីតនី ជាប៊ីស្សពថ្មី នៅរដ្ឋ អូហៃអូ បានបើកសម្ដែងអំពីកាតព្វកិច្ចរបស់ប៊ីស្សពវិតនី ខ្លះៗ ហើយបានប្រទានការណែនាំទាំងឡាយទាក់ទងនឹងការប្រមូលគ្នីគ្នាទៅកាន់ស៊ីយ៉ូន ។ វិវរណៈបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៣ ដែលបានប្រទានឲ្យនៅខែ មករា ឆ្នាំ ១៨៣២ ដែលមាននូវការដឹកនាំរបស់ព្រះអម្ចាស់ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ដើម្បីចាប់ផ្ដើមការងាររបស់ពួកគាត់នៅក្នុងការបកប្រែព្រះគម្ពីរប៊ីប ។ វិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៤ត្រូវបានទទួលនៅឆ្នាំ ១៨៣០ ពីមុនសាសនាចក្រត្រូវបានស្ដារឡើងវិញ ។ វាមាននូវការពន្យល់របស់ព្រះអម្ចាស់អំពីកូរិនថូសទី ១ ៧:១៤ខគម្ពីរមួយ ដែលត្រូវបានប្រើដោយមនុស្សមួយចំនួនដើម្បីដោះសារអំពីរឿងពិធីបុណ្យជ្រមុជទឹកដល់ទារក ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:១-៨
ព្រះអម្ចាស់ហៅ នូវល ខេ វីតនី ជាប៊ីស្សពនៅរដ្ឋ អូហៃអូ
សូមសួរដល់សិស្សថាតើការហៅបម្រើមួយណា ដែលពួកគេគិតថាលំបាកខ្លាំង ។
-
តើអ្នកធ្លាប់ទទួលការហៅបម្រើមួយ ឬត្រូវបានសុំឲ្យធ្វើអ្វីមួយដែលពិបាកនៅក្នុងសាសនាចក្រ ឬមានអារម្មណ៍ថាវាលើសលប់ ឬអសមត្ថភាពក្នុងការធ្វើវាដែរឬទេ ? បើធ្លាប់ ហេតុអ្វី ?
សូមឲ្យសិស្សស្រាវជ្រាវក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:១-២ដោយស្ងាត់ស្ងៀម ហើយប្រាប់អំពីការហៅដែលចាំបាច់ត្រូវធ្វើនៅក្នុងសាសនាចក្រ ។ ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ឃ្លា « នៅក្នុងផ្នែកនេះនៃចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ » បានសំដៅទៅលើរដ្ឋ អូហៃអូ ) ។
-
តើការហៅអ្វីខ្លះ ដែលចាំបាច់ត្រូវហៅនៅរដ្ឋ អូហៃអូ ?
ដើម្បីជួយសិស្សយល់ពីមូលហេតុដែលប៊ីស្សពថ្មី ត្រូវការនៅក្នុងរដ្ឋ អូហៃអូ សូមឲ្យពួកគេរកនឹកថានរណាត្រូវបានហៅជាប៊ីស្សពដំបូងគេនៅក្នុងសាសនាចក្រ ( អែតវឹត ប៉ាទ្រិច សូមមើលគ. និង ស. ៤១:៩) ។ សូមពន្យល់ថា ជាមួយនឹងការពង្រីកសាសនាចក្រនៅរដ្ឋ មិសសួរី និងការប្ដូរទីតាំងរបស់ប៊ីស្សព ប៉ាទ្រិច ទៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋមីសសួរី ( មានចម្ងាយជិតស្មើនឹង ១០០០ ម៉ែលពីទីក្រុងខឺតឡង់ ) ព្រះអម្ចាស់បានប្រកាសថា ប៊ីស្សពថ្មី គឺចាំបាច់ត្រូវមាននៅរដ្ឋ អូហៃអូ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យផ្លាស់វេនគ្នាអានឲ្យឮៗដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៣-៦ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលឃ្លា ដែលពន្យល់ពីមូលហេតុដែលពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ត្រូវការប៊ីស្សព ។
-
ស្របតាមខ ៣និងខ ៥ ហេតុអ្វីក៏ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ត្រូវការប៊ីស្សព ? ( ដូច្នេះពួកគេអាចមានទំនួលខុសត្រូវចំពោះប៊ីស្សព សម្រាប់ការកាន់កាប់ត្រួតត្រារបស់ពួកគេ ) ។
-
តើការណ៍នេះស្រដៀងគ្នាទៅនឹងទំនួលខុសត្រូវរបស់យើងចំពោះប៊ីស្សព ឬប្រធានសាខាសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៧-៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ថានរណាត្រូវបានហៅជាប៊ីស្សពថ្មីនៅរដ្ឋ អូហៃអូ ហើយនរណាបានជ្រើសរើសគាត់ឲ្យបំពេញការហៅបម្រើនេះ ។
-
តើនរណាត្រូវបានហៅជាប៊ីស្សពថ្មីនៅរដ្ឋ អូហៃអូ ?
-
តើនរណាបានជ្រើសរើស នូវល ខេ វីតនីជាប៊ីស្សពថ្មី ?
-
តើគោលលទ្ធិអ្វីខ្លះ ដែលយើងអាចរៀនមកពីខ ៨ស្ដីអំពីការហៅបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ? ( ចម្លើយរបស់សិស្សអាចនឹងឆ្លុះបញ្ចាំងអំពីគោលលទ្ធិដូចខាងក្រោម ៖ការហៅបម្រើនៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ កើតមកពីព្រះអង្គសង្គ្រោះ )។
សូមឲ្យសិស្សពិចារណាអំពីរបៀបដែលពួកគេអាចនឹងទទួលអារម្មណ៍ដឹង បើពួកគេត្រូវបានហៅទៅក្នុងការបម្រើក្នុងសាសនាចក្រដ៏លំបាកមួយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានរឿងដូចខាងក្រោមឲ្យឮៗ ដែលបានប្រាប់ដោយចៅប្រុសរបស់នូវល ខេ វីតនី ឈ្មោះ អែលឌើរ អួរសុន អែហ្វ វិតនី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់អំពីរបៀបដែលបងប្រុស វិតនី ទទួលអារម្មណ៍យ៉ាងណា នៅពេលគាត់ត្រូវបានហៅជាប៊ីស្សពម្នាក់ និងអ្វីដែលគាត់បានរៀនថា ការហៅរបស់គាត់បានចេញមកពីណា ។
« គំនិតនៃការស្មានអំពីទំនួលខុសត្រូវសំខាន់នេះ ( តំណែងនៃប៊ីស្សព ) គឺស្ទើរតែមានច្រើនជាងដែល [ នូវល ខេ វីតនី ] អាចទ្រាំទ្របាន ។… គាត់ … មិនទុកចិត្តលើសមត្ថភាពរបស់គាត់ ហើយបាន [ មានអារម្មណ៍ ] ថាអសមត្ថភាពក្នុងការធ្វើកិច្ចការដែលផ្ដល់នូវការទុកចិត្តដ៏ខ្ពស់ និងបរិសុទ្ធនោះ ។ នៅក្នុងភាពវិលវល់របស់គាត់ គាត់បានទៅប្ដឹងព្យាការី ៖
« ‹ ខ្ញុំមើលពុំឃើញថារូបខ្ញុំសមជាប៊ីស្សពសោះ បងប្រុស យ៉ូសែប ប៉ុន្តែបើលោកនិយាយថា វាគឺជាព្រះឆន្ទៈរបស់ព្រះអម្ចាស់ ខ្ញុំនឹងព្យាយាម › ។
ព្យាការីបានតបដោយសណ្ដានចិត្តថា «‹ អ្នកពុំចាំបាច់យកតាមពាក្យខ្ញុំនោះទេ សូមទៅទូលដល់ព្រះបិតាដោយខ្លួនអ្នកផ្ទាល់ចុះ › ។
« នូវល … បានតាំងចិត្តធ្វើដូចដែល [ ព្យាការី ] បានទូន្មាន ។… ការអធិស្ឋានដ៏រាបសា និង ស្មោះអស់ពីចិត្តរបស់គាត់ត្រូវបានឆ្លើយតប ។ នៅក្នុងបន្ទប់តែម្នាក់ឯងក្នុងយប់ស្ងាត់ គាត់បានស្ដាប់ឮសំឡេងពីស្ថានសួគ៌ថា ៖‹ កម្លាំងរបស់អ្នកគឺនៅនឹងយើង › ។ ពាក្យតែពីរបីម៉ាត់ និងសាមញ្ញនេះ មានអត្ថន័យដ៏សំខាន់បំផុត ។ ការសង្ស័យរបស់គាត់ ត្រូវបានរលត់បាត់ ដូចជាទឹកសន្សើមមុនពេលអរុណរះ ។ គាត់បានស្វែងរកព្យាការីដោយផ្ទាល់ បានប្រាប់លោកថា គាត់ស្កប់ស្កល់ចិត្ត ហើយមានឆន្ទៈនឹងទទួលយកតំណែងដែលគាត់ត្រូវបានហៅ » ( « The Aaronic Priesthood »Contributorខែមករា ឆ្នាំ១៨៨៥ ទំព័រ ១២៦ ) ។
-
តើអ្វីខ្លះ ដែលបានជួយ នូវល ខេ វិតនី ទទួលយកការហៅរបស់គាត់ដើម្បីបម្រើជាប៊ីស្សពដោយស្ម័គ្រចិត្ត ?
-
តើយើងអាចរៀនអ្វីខ្លះមកពីបទពិសោធន៍របស់គាត់ ដើម្បីអាចជួយយើង បើយើងមានអារម្មណ៍ថាវាលើសលប់ ដោយការហៅបម្រើ ឬការចាត់តាំងមួយនៅក្នុងសាសនាចក្រនោះ ?
-
តើការយល់ថា ការហៅបម្រើនៅក្នុងសាសនាចក្រមកពីព្រះអង្គសង្គ្រោះ ជួយអ្នកឲ្យទទួលយក ហើយព្យាយាមដោយឧស្សាហ៍ដើម្បីបំពេញការហៅរបស់អ្នកយ៉ាងដូចម្ដេច ?
សូមពិចារណាធ្វើការចែកចាយបទពិសោធន៍មួយ ដែលបានពង្រឹងដល់ទីបន្ទាល់របស់អ្នកថា ការហៅបម្រើទាំងឡាយនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ គឺមកពីទ្រង់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៩-២៦
ព្រះអម្ចាស់ពន្យល់អំពីកាតព្វកិច្ចទាំងឡាយរបស់ប៊ីស្សពម្នាក់
សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ ប៊ីស្សព និងប្រធានសាខា គ្រប់គ្រងកិច្ចការខាងវិញ្ញាណ និងខាងសាច់ឈាមរបស់សាសនាចក្រនៅក្នុងវួដ ឬសាខារបស់ពួកគាត់ ។ ( អ្នកអាចនឹងចង់ពន្យល់ថាខាងសាច់ឈាមសំដៅទៅលើអ្វីៗដែលទាក់ទងនឹងជីវិតខាងសាច់ឈាម ។ ឧទាហរណ៍ ប៊ីស្សព និងប្រធានសាខា គ្រប់គ្រងលើទ្រព្យសម្បត្តិសាសនាចក្រ មូលនិធិសាសនាចក្រ និងការប្រើប្រាស់សម្ភារនៅក្នុងឃ្លាំងរបស់ប៊ីស្សព ) ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:៩-២៦ដោយពន្យល់ថា ខគម្ពីរទាំងនេះ ពិពណ៌នាអំពីកាតព្វកិច្ចមួយចំនួនរបស់ប៊ីស្សព វិតនី ។ សូមពន្យល់ថា កាតព្វកិច្ចរបស់ប៊ីស្សពម្នាក់ បានពិពណ៌នាដោយព្រះអម្ចាស់នៅក្នុងវិវរណៈនេះជាចម្បង ទាក់ទងនឹងតួនាទីរបស់ប៊ីស្សពនៅក្រោមក្រឹត្យវិន័យនៃការថ្វាយ ។ អំឡុងគ្រានេះ សាសនាចក្រពុំបានបំបែកជាវួដដោយមានប៊ីស្សពធ្វើជាអធិបតីនៅក្នុងវួដនីមួយៗ ដូចឥឡូវនេះទេ ។ នៅគ្រានោះ មានប៊ីស្សពតែពីរនាក់ប៉ុណ្ណោះ ៖ ប៊ីស្សព វិតនី គឺជាប៊ីស្សពសម្រាប់ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ហើយប៊ីស្សព ប៉ាទ្រិច គឺជាប៊ីស្សពសម្រាប់អ្នកទាំងឡាយនៅរដ្ឋ មិសសួរី ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣
ព្រះអម្ចាស់ដឹកនាំ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ឲ្យបន្ដបកប្រែព្រះគម្ពីរប៊ីប
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៣:១-២ដោយពន្យល់ថា ព្រះអម្ចាស់បានណែនាំថា ពួកអែលឌើរ ដែលកំពុងផ្សាយ ត្រូវបន្ដធ្វើដូច្នោះទៀត រហូតដល់សន្និសីទលើកក្រោយ ដែលនឹងធ្វើឡើងនៅពីរសប្ដាហ៍ ។ ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានផ្សាយដើម្បីជួយលុបបំបាត់ចោលនូវព័ត៌មានខុសឆ្គងអំពីសាសនាចក្រ ដែលជាលទ្ធផលមកពីការបោះពុម្ពសំបុត្ររបស់ អ៊ែរ៉ាស ប៊ូត ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៣:៣-៤ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានផ្ដោតទៅលើ បន្ទាប់ពីសន្និសីទរួច ។
-
តើព្រះអម្ចាស់បានសុំឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនឲ្យផ្ដោតកិច្ចខិតខំរបស់ពួកគាត់ទៅលើអ្វីខ្លះ ? តើ « កិច្ចការនៃការបកប្រែ » គឺជាអ្វីដែលព្រះអម្ចាស់សំដៅទៅលើឬ ? ( កំណែថ្មីនៃព្រះគម្ពីរប៊ីប ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤
ព្រះអម្ចាស់ពន្យល់អំពីអត្ថន័យនៃកូរិនថូសទី ១ ៧:១៤
សូមអញ្ជើញសិស្សឲ្យនឹកស្រម៉ៃថា ពួកគេកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងសម្រាប់សាសនាចក្រ ។ ខណៈពេលកំពុងនិយាយនឹងគូស្វាមីភរិយាដែលបានរៀបការមួយគូ ដែលកំពុងសិក្សាពីសាសនាចក្រ នោះពួកគេបានដឹងថា ពួកគាត់មានកូនប្រុសម្នាក់ដែលបានស្លាប់ ពេលគាត់កើតមកទើបបានតែពីរបីខែប៉ុណ្ណោះ ។ គូស្វាមីភរិយានេះ ត្រូវបានអ្នកដឹកនាំខាងសាសនារបស់ពួកគេថា កូនប្រុសពួកគេពុំអាចឡើងទៅស្ថានសួគ៌បានទេ ដោយសារតែកូនតូចនោះពុំទាន់បានជ្រមុជទឹក ពីមុនគាត់ស្លាប់ ។ ឪពុកម្ដាយមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ដោយសារតែការបាត់បង់កូនរបស់ពួកគេ ហើយជំនឿរបស់ពួកគេប្រាប់ថា កូនរបស់ពួកគេបានបាត់បង់សេចក្ដីសង្គ្រោះរបស់ខ្លួន ។
សូមឲ្យសិស្សគិតអំពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនឹងស្ថានភាពនេះ ហើយប្រាប់ពួកគេថា ពួកគេនឹងមានឱកាសឆ្លើយតបនៅក្នុងមេរៀននៅពេលក្រោយ ។
សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៤មាននូវការពន្យល់របស់ព្រះអម្ចាស់អំពីកូរិនថូសទី ១ ៧:១៤។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៤:១ដែលជាពាក្យរបស់សាវកប៉ុលមកពីកូរិនថូសទី ១ ៧:១៤។ សូមប្រាប់សិស្សថា ខគម្ពីរនេះនៅក្នុង កូរិនថូសទី ១ ត្រូវបានប្រើដើម្បីគាំទ្រដល់ការអនុវត្តពិធីបុណ្យជ្រមុជទឹកដល់ទារកតូច ។ ( អ្នកក៏អាចនឹងចង់ពន្យល់ថា ពាក្យពុំជឿនៅក្នុងខ ១សំដៅទៅលើពួកយូដា ដែលពុំបានទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទេ ។ ប៉ុល ពុំថ្លែងថា មនុស្សម្នាក់អាចត្រូវបានសង្គ្រោះដោយសារសេចក្ដីសុចរិតរបស់ប្ដីឬប្រពន្ធរបស់គេនោះទេ ប៉ុន្ដែដោយការផ្លាស់ប្រែចិត្តជឿរបស់ប្ដី ឬប្រពន្ធ ដើម្បីអាចនាំមកនូវឥទ្ធិពលនៃការញែកចេញជាបរិសុទ្ធនៅក្នុងគ្រួសារ ) ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអានឲ្យឮៗដកស្រង់ចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:២-៦ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលបញ្ហានានា ដែលត្រូវបានបង្កើតឡើងនៅក្នុងជំនាន់របស់សាវក ប៉ុល នៅពេលប្ដី ឬប្រពន្ធម្នាក់ ដែលរៀបការនឹងគ្នា បានផ្លាស់ប្រែចិត្តជឿទៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយម្នាក់ទៀតនៅតែអនុវត្តតាមច្បាប់របស់ម៉ូសេ ។
-
តើមានភាពខុសគ្នាអ្វីខ្លះ ត្រូវបានជួបប្រទះនៅក្នុងអាពាហ៍ពិពាហ៍ប្រភេទនេះ ? ( ស្វាមីភរិយានឹងឈ្លោះគ្នា ថាតើកូនៗរបស់ពួកគេនឹងត្រូវបង្រៀនឲ្យជឿ ហើយគោរពតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ឬក្រឹត្យវិន័យរបស់ម៉ូសេ [សូមមើលខ ៣] កូនៗដែលចិញ្ចឹមបីបាច់ ក្រោមការគោរពតាមក្រឹត្យវិន័យនៃម៉ូសេ បានធំឡើងដោយពុំជឿដល់ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទេ [សូមមើលខ ៤])។
-
តើការជឿជំនឿសាសនាខុសគ្នានៅក្នុងអាពាហ៍ពិពាហ៍អាចមានឥទ្ធិពលលើគ្រួសាររបស់គូស្វាមីភរិយានោះយ៉ាងដូចម្ដេច ?
សូមពន្យល់ថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទបានបំពេញនូវក្រឹត្យវិន័យរបស់ ម៉ូសេ ហើយការកាត់ស្បែកឈប់តម្រូវឲ្យមានទៀតហើយ ។ ទោះជាយ៉ាងណាក៏ដោយ ពួកសាសន៍យូដាដែលធ្វើតាមក្រឹត្យវិន័យរបស់ ម៉ូសេ បានជឿថាកូនប្រុស គឺពុំស្អាតស្អំទេ លុះត្រាតែកូននោះត្រូវកាត់ស្បែកសិន ។ ជំនឿនេះ បានបណ្ដាលឲ្យមានបញ្ហាជាច្រើននៅក្នុងគ្រួសារដែលមានឪពុក ឬម្ដាយម្នាក់ដែលបានជឿទៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ហើយម្នាក់ទៀត ជឿលើក្រឹត្យវិន័យរបស់ម៉ូសេ ។ ជម្លោះស្រដៀងគ្នានេះនៅក្នុងជំនឿសាសនា និងការអនុវត្ត អាចកើតមាននៅសព្វថ្ងៃនេះ ក្នុងក្រុមគ្រួសារដែលមានស្វាមី ឬភរិយាម្នាក់ ជាសមាជិកនៃសាសនាចក្រ ហើយម្នាក់ទៀតពុំជឿ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៤:៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលព្រះអម្ចាស់បានបង្រៀនអំពីកុមារតូចៗ ។
-
តើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះស្ដីអំពីកុមារតូចៗ ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗ ប៉ុន្តែចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងដូចខាងក្រោម ៖កុមារតូចៗ បរិសុទ្ធ ត្រូវបានញែកឲ្យបរិសុទ្ធ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ( អ្នកអាចនឹងចង់ផ្ដល់យោបល់ដល់សិស្សឲ្យគូសចំណាំគោលលទ្ធិនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ) ។
សូមរំឭកសិស្សអំពីស្ថានភាពរបស់អ្នកផ្សព្វផ្សាយសាសនា ដែលបានបង្ហាញពីខាងដើមក្នុងមេរៀន ។ សូមអញ្ជើញសិស្សឲ្យសរសេរមរ៉ូណៃ ៨:៨--១២និងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៦--៥០ជាសេចក្ដីយោងបទគម្ពីរនៅជិតនឹងគោលលទ្ធិ និង សេចក្តីសញ្ញា ៧៤:៧។ សូមចាត់សិស្សឲ្យអានមរ៉ូណៃ ៨:៨--១២និងគោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៤៦--៥០ជាមួយនឹងដៃគូ បន្ទាប់មកពិភាក្សាអំពីសំណួរដូចខាងក្រោមជាមួយគ្នា ៖
-
សូមប្រើនូវអ្វីដែលអ្នកបានរៀន អំពីសេចក្ដីសង្គ្រោះរបស់កុមារតូចៗ នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៤:៧និងមរ៉ូណៃ ៨:៨--១២តើអ្នកនឹងបង្រៀនអ្វីខ្លះ ដល់គូរស្វាមីភរិយាដែលបានរៀបការ ដែលមានអារម្មណ៍ថា កូនដែលបានស្លាប់ទៅរបស់ពួកគេពុំអាចចូលក្នុងស្ថានសួគ៌នោះ ?
សូមអញ្ជើញដៃគូមួយ ឬពីរ ឲ្យពន្យល់ពីអ្វីដែលពួកគេនឹងបង្រៀន ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីព្រះចេស្ដានៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដើម្បីប្រោសលោះដល់កុមារតូចៗ ។