មេរៀនទី ២៩
គោលលទ្ធិ និង សេចក្ដីសញ្ញា ២១
បុព្វកថា
នៅក្រោមការដឹកនាំរបស់ព្យាការី យ៉ូសែប ស៊្មីធ សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានរៀបចំឡើងជាផ្លូវការនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ នៅផ្ទះរបស់ ពេត្រុស វិតមើរ ស៊ីញ្ញ័រ ក្នុងហ្វាយ៉ែត រដ្ឋនូវយ៉ោក ។ មានមនុស្សជិត ៦០ នាក់បានមកចូលរួមការប្រជុំ ដែលមានការអធិស្ឋាន ការគាំទ្រ ការតែងតាំង ការបម្រើសាក្រាម៉ង់ និងពិធីបញ្ជាក់ ។ នៅក្នុងការប្រជុំនេះ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលឥឡូវ បានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២១ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រកាសអំពី ការហៅបម្រើ និងទំនួលខុសត្រូវរបស់ យ៉ូសែប ស៊្មីធ ហើយបានណែនាំដល់សមាជិកសាសនាចក្រឲ្យស្ដាប់តាមពាក្យសម្ដីរបស់លោក ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:១-៣
យ៉ូសែប ស៊្មីធ ត្រូវបានតាំងឲ្យធ្វើជាព្យាការី និងអ្នកមើលឆុតនៃសាសនាចក្រ
សូមគិតសុំសិស្សក្នុងថ្នាក់ឲ្យច្រៀងបទ « យើងសូមអរគុណទ្រង់ចំពោះព្យាការី » ( ទំនុកតម្កើង លេខ ១៩ ) ជាផ្នែកនៃការប្រជុំធម្មនិដ្ឋានប្រចាំថ្ងៃ ។ នៅពេលអ្នកចាប់ផ្ដើមមេរៀន សូមប្រាប់អំពីទំនុកតម្កើងនេះ ហើយសួរសំណួរដូចខាងក្រោម ៖
-
តើមូលហេតុមួយចំនួនអ្វីខ្លះ ដែលអ្នកមានអារម្មណ៍ថ្លែងអំណរគុណចំពោះព្យាការីម្នាក់ ?
សូមពន្យល់ដល់សិស្សថា នៅក្នុងការសិក្សារបស់ពួកគេអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា ២១ ពួកគេនឹងរៀនពីសេចក្ដីពិត ដែលអាចបង្កើនការយល់ដឹងរបស់ពួកគេអំពីតួនាទីរបស់ពួកព្យាការី ។ ដើម្បីផ្ដល់ដល់សិស្សនូវបរិបទជាប្រវត្តិសាស្ត្រមួយចំនួនសម្រាប់វិវរណៈនេះ សូមសង្ខេបព័ត៌មានដែលបានផ្ដល់ឲ្យនៅក្នុងបុព្វកថាមេរៀននេះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:១ ឮៗ ។ សូមឲ្យសិស្សផ្ទៀងតាម រកមើលតំណែង ដែល យ៉ូសែបស៊្មីធ នឹងត្រូវបានគេស្គាល់ ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យរាយការណ៍នូវអ្វីដែលពួកគេរកឃើញ ។
-
តើវាមានន័យយ៉ាងណា ដែលព្រះអម្ចាស់បានហៅយ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាអ្នកមើលឆុតនោះ ?
-
តើវាមានន័យយ៉ាងណា ដែលព្រះអម្ចាស់បានហៅយ៉ូសែប ស្ម៊ីធ ឲ្យធ្វើជាព្យាការីនោះ ?
ដើម្បីជួយសិស្សយល់នូវតំណែងទាំងនេះ និងទំនួលខុសត្រូវដែលមានក្នុងនោះ សូមអញ្ជើញសិស្សពីរនាក់ឲ្យអានការពិពណ៌នាអំពីអ្នកមើលឆុត និងព្យាការីម្នាក់ ដូចខាងក្រោមនេះឲ្យឮៗ ។ សូមឲ្យពួកគេអានសេចក្ដីថ្លែងការណ៍និមួយៗយឺតៗ ឈប់បន្ដិចនៅពេលបញ្ចប់ប្រយោគនីមួយៗ ។ សូមសិស្សផ្សេងទៀតក្នុងថ្នាក់ឲ្យស្ដាប់មើលប្រយោគទាំងឡាយ ដែលមានអត្ថន័យដល់ពួកគេ ហើយត្រៀមខ្លួនដើម្បីពន្យល់ពីមូលហេតុ ។
« អ្នកមើលឆុត គឺជាអ្នកដែលមើលឃើញដោយភ្នែកខាងវិញ្ញាណ ។ លោកដឹងពីអត្ថន័យនៃអ្វីដែលហាក់ដូចជា [ ស្រពិចស្រពិល ឬលាក់កំបាំង ] ចំពោះអ្នកដទៃ ហេតុដូច្នេះហើយលោកគឺជាអ្នកបកប្រែ និង អ្នកបញ្ជាក់ពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ។ គាត់ព្យាករណ៍អនាគតកាលពីអតីតកាល និង បច្ចុប្បន្នកាល ។ ការណ៍នេះ គាត់ធ្វើដោយអំណាចនៃព្រះអម្ចាស់ដែលប្រតិបត្តិការតាមរយៈគាត់ដោយផ្ទាល់ ឬ មិនផ្ទាល់ជាមួយនឹងជំនួយនៃឧបករណ៍ដ៏ទេវភាពដូចជា យូរីម និង ធូមីម ។ និយាយរួម លោកគឺជាមនុស្សម្នាក់ដែលមើលឃើញ ដែលដើរនៅក្នុងពន្លឺរបស់ព្រះអម្ចាស់ ទាំងបើកភ្នែក » ( John A. Widtsoe, Evidences and Reconciliations, arr. G. Homer Durham, ៣ vols. in ១ [ ១៩៦០ ], ២៥៨ ) ។
ព្យាការី គឺជា « បុរសម្នាក់ដែលត្រូវបានហៅដោយព្រះ ដើម្បីនិយាយជំនួស ព្រះ ។ ក្នុងនាមជាសារទូតរបស់ព្រះ ព្យាការីម្នាក់ ទទួលបទបញ្ញត្តិ ព្យាករ ហើយទទួលវិវរណៈមកពីព្រះ ។ ទំនួលខុសត្រូវរបស់លោក គឺដើម្បីបង្ហាញពីព្រះហឬទ័យរបស់ព្រះ និងលក្ខណៈពិតរបស់ព្រះចំពោះមនុស្សលោក ហើយបង្ហាញពីអត្ថន័យនៃការទំនាក់ទំនងរបស់ទ្រង់ជាមួយពួកគេ ។ ព្យាការីម្នាក់ ប្រកាសបដិសេធអំពើបាបទាំងស្រុង ហើយទាយទុកពីផលវិបាករបស់វា ។ លោកគឺជាអ្នកផ្សាយអំពីសេចក្ដីសុចរិត ។ ក្នុងឱកាសខ្លះ ពួកព្យាការីអាចនឹងត្រូវបានបំផុសគំនិតឲ្យទាយទុកជាមុនអំពី អនាគតកាលសម្រាប់ជាប្រយោជន៍ដល់មនុស្សលោក ។ ទោះជាយ៉ាងណា ទំនួលខុសត្រូវចម្បងរបស់លោក គឺត្រូវថ្លែងជាសាក្សីអំពីព្រះគ្រីស្ទ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ព្យាការី » scriptures.lds.org ) ។
បន្ទាប់ពីនិយមន័យនីមួយៗបានអានហើយ សូមអញ្ជើញសិស្សមួយចំនួនឲ្យពន្យល់ថាប្រយោគណាដែលពួកគេមានចំណាប់អារម្មណ៍ ។
មុនពេលបន្ដ វាអាចនឹងជាប្រយោជន៍ដើម្បីពិភាក្សាជាមួយសិស្សដោយសង្ខេបអំពីនិយមន័យនៃតំណែងផ្សេងៗទៀតដូចខាងក្រោម ដែលបានផ្ដល់ឲ្យនៅក្នុងខទីមួយនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ២១ ៖
អ្នកបកប្រែ ៖ ជាមនុស្សម្នាក់ដែល (១) បកប្រែពាក្យសម្ដីក្នុងការសរសេរ ឬការនិយាយ ទៅជាភាសាផ្សេងទៀត ឬ (២) ផ្ដល់អត្ថន័យកាន់តែច្បាស់ចំពោះការបកប្រែរួចហើយ តាមរយៈការកែលម្អ ឬការកែតម្រូវបា ឬដោយការស្ដារនូវឯកសារដែលបានបាត់បង់ទៅ ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ,« ការបកប្រែ »scriptures.lds.org ) ។
ពួកសាវក ៖ ជាសាក្សីពិសេសម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ដល់ពិភពលោក ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ« សាវក » ) ។
អែលឌើរ ៖ « ជាតំណែងត្រឹមត្រូវ ដែលបានផ្ដល់ទៅឲ្យអ្នកកាន់បព្វជិតភាពមិលគីស្សាដែកទាំងអស់ » និងផ្ដល់ចំពោះនរណាម្នាក់ ដែលត្រូវបានហៅឲ្យបម្រើកិច្ចការព្រះយេស៊ូវគ្រីស្ទពេញម៉ោង ( សូមមើល សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « អែលឌើរ » ) ។
-
តើតំណែងដែលបានផ្ដល់ទៅឲ្យ យ៉ូសែប ស៊្មីធ ជួយអ្នកយល់អំពីតួនាទីសំខាន់របស់លោកក្នុងការស្ដារឡើងវិញយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:២–៣ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលព្រះបានបំផុសគំនិតដល់ យ៉ូសែប ស៊្មីធ ឲ្យធ្វើ ។ សូមសិស្សឲ្យប្រាប់ពីអ្វីដែលពួកគេបានរៀន ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេបានរៀន ។ ( សិស្សគួរតែបង្ហាញពីសេចក្ដីពិតថា ព្រះបានដឹកនាំ យ៉ូសែប ស៊្មីធ ឲ្យស្ដារសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទឡើងវិញ ) ។
-
ហេតុអ្វីក៏អ្នកគិតថា វាសំខាន់សម្រាប់យើងដើម្បីដឹងថា យ៉ូសែប ស៊្មីធ ត្រូវបានហៅដោយព្រះ ដើម្បីស្ដារឡើងវិញ និងដឹកនាំសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទដូច្នេះ ?
សូមបង្ហាញដល់សិស្សនូវរូបភាព បងប្រុស យ៉ូសែប ( សៀវភៅសិល្បៈនៃដំណឹងល្អ [ ឆ្នាំ ២០០៩ ], លេខ ៨៦; សូមមើលផងដែរ LDS.org) ហើយថ្លែងទីបន្ទាល់អំពី សេចក្ដីពិត ដែលអ្នកបានពិភាក្សាខាងលើ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤-៩
សមាជិកនៃសាសនាចក្រ គួរតែស្ដាប់តាមពាក្យសម្ដីរបស់ យ៉ូសែប ស៊្មីធ
សូមរំឭកសិស្សថា ព្រះអម្ចាស់ បានប្រទានវិវរណៈនេះនៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ។ វិវរណៈនេះ ត្រូវបានប្រគល់ឲ្យនៅថ្ងៃពិសេសនេះ គឺផ្ដល់នូវភាពសំខាន់ជាពិសេសអំពីវា ។
សូមសរសេរនូវពាក្យ ឬឃ្លាទាំងឡាយដូចខាងក្រោមដកស្រង់ពី គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤–៥ នៅលើក្ដារខៀន ( សូមកុំដាក់បញ្ចូលទាំងនិយមន័យនៅក្នុងវង់ក្រចកនោះឡើយ)៖
សាសនាចក្រ ( សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅក្នុងជំនាន់របស់ យ៉ូសែប ស៊្មីធ ក៏ដូចជានៅក្នុងជំនាន់យើងផ្ទាល់ផងដែរ ) ។
របស់លោក ( ជាពិសេសចំពោះ យ៉ូសែប ស៊្មីធ ប៉ុន្តែក៏អាចសំដៅទៅលើប្រធានសាសនាចក្របច្ចុប្បន្នផងដែរ )
ពាក្យសម្ដី និងបញ្ញត្តិទាំងឡាយ ( អាចសំដៅទៅលើការបង្រៀន និងដំបូន្មានរបស់ព្យាការីម្នាក់ រួមមានទាំងការណែនាំជាក់លាក់ ដែលត្រូវបានប្រទានឲ្យដោយព្រះអម្ចាស់ តាមរយៈព្យាការី ផងដែរ)
ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង ( អាចមានន័យថា យើងអាចទុកចិត្តទាំងស្រុងទៅលើការបង្រៀនរបស់ព្យាការី ថាយើងពុំគួររិះគន់លោក ថាយើងគួរតែធ្វើតាមដំបូន្មានរបស់លោក ដោយពុំគិតអំពីការធ្លាក់ចុះផ្ទាល់ខ្លួន ដែលលោកអាចមាន ហើយថាយើងគួរតែរង់ចាំពរជ័យដែលបានសន្យាដោយអត់ធន់ )
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤–៥ ដោយស្ងាត់ស្ងៀម ហើយពិចារណាអំពីអត្ថន័យនៃពាក្យ ឬឃ្លានៅលើក្ដារខៀន ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមសួរដល់សិស្សថា តើពួកគេនឹងកំណត់ពាក្យ និងឃ្លាទាំងនេះយ៉ាងដូចម្ដេច ។ អ្នកអាចនឹងចង់ប្រើនិយមន័យនៅក្នុងរង្វង់ក្រចកដើម្បីដឹកនាំការពិភាក្សា ។ បន្ទាប់មក សូមសួរសំណួរដូចខាងក្រោមនេះ ៖
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤–៥ តើការបង្រៀនរបស់ព្យាការីណាមួយ ដែលយើងត្រូវស្ដាប់ ? ( យើងត្រូវស្ដាប់ « រាល់ពាក្យសម្ដីរបស់លោក និងបទបញ្ញត្តិទាំងឡាយ » ) ។
-
ហេតុអ្វីពេលខ្លះវាតម្រូវឲ្យមានការអត់ធន់ និងសេចក្ដីជំនឿដើម្បីស្ដាប់ពាក្យសម្ដីរបស់ព្យាការី ?
-
តើការដឹងថា ព្យាការី ទទួលបានដំបូន្មាន និងបទបញ្ញត្តិមកពីព្រះអម្ចាស់ ជួយដល់អ្នកទទួលយកពាក្យសម្ដីរបស់លោក « ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង » តាមរបៀបណា ? ( គ. និង ស. ២១:៥ ) ។
សូមអញ្ជើញសិស្សម្នាក់ៗឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:6 ដោយស្ងាត់ស្ងៀម រកមើលពរជ័យបីយ៉ាងដែលបានផ្ដល់ដល់អ្នកទាំងឡាយ ដែលទទួលបានពាក្យសម្ដីរបស់ព្យាការីដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿ ។ ( អ្នកអាចពន្យល់ថា អត្ថន័យមួយនៃពាក្យ ញាប់ញ័រ គឺធ្វើឲ្យរបូត ឬដាច់ចេញពីអ្វីមួយដែលទ្រទ្រង់វា ឬដាច់ចេញពីប្រអប់មួយ ។ ដូច្នេះការបកប្រែមួយនៃខគម្ពីរនេះ អាចថា នៅពេលស្ថានសួគ៌ញាប់ញ័រ « ដើម្បីសេចក្ដីល្អដល់ [ យើង ] » នោះវិវរណៈ និងពរជ័យទាំងឡាយ គឺត្រូវបាន « ដាច់ចេញមក » ហើយចាក់ស្រោចមកលើអ្នកទាំងឡាយដែលធ្វើតាមពួកព្យាការីនៅរស់ ) ។
-
តើអ្នកនឹងសង្ខេបការសន្យាដែលបានប្រទានឲ្យដល់អ្នកទាំងឡាយណាដែលបានស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីយ៉ាងដូចម្ដេច ? ( សិស្សអាចប្រើពាក្យផ្សេងគ្នា ប៉ុន្តែពួកគេគួរតែបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖ បើយើងស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី នោះយើងនឹងត្រូវបានការពារទាស់នឹងមារសត្រូវ ។ អ្នកអាចនឹងចង់សរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើការស្ដាប់តាមពាក្យសម្ដីរបស់ព្យាការី « កម្ចាត់អំណាចនៃសេចក្ដីងងឹតចេញ » យ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សយល់គោលការណ៍ ដែលពួកគេទើបនឹងបានប្រាប់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ នូវការដកស្រង់ដូចខាងក្រោមនេះ ស្ដីអំពី ការដើរលេងជាគូ ( ឬការដកស្រង់មួយទៀត អំពី ជម្រើសរបស់អ្នក ) ចេញមកពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ សូមឲ្យសិស្សផ្សេងទៀតក្នុងថ្នាក់ស្ដាប់ដោយយកចិត្តទុកដាក់ ហើយប្រាប់អំពីដំបូន្មានរបស់ព្យាការី និងពរជ័យដែលបានសន្យា ។ បន្ទាប់ពីសិស្សបានបញ្ចប់ការអានរួចហើយ សូមអញ្ជើញសិស្សឲ្យរាយការណ៍នូវអ្វីដែលពួកគេបានប្រាប់ ។
« ការដើរលេងជាគូ គឺជាសកម្មភាពមួយដែលបានដាក់ ដើម្បីអនុញ្ញាតឲ្យយុវជនម្នាក់ និង យុវនារីម្នាក់ ចាប់ផ្តើមស្គាល់គ្នាបានប្រសើរជាង ។ នៅក្នុងវប្បធម៌ ដែលការដើរលេងជាគូ អាចទទួលយកបាន វាអាចជួយអ្នកឲ្យរៀន និង អនុវត្តនូវជំនាញខាងសង្គម អភិវឌ្ឍមិត្តភាព មានភាពសប្បាយរីករាយ និង ទីបំផុតរកឃើញដៃគូដ៏អស់កល្បជានិច្ចម្នាក់ ។
« អ្នកមិនគួរដើរលេងជាគូឡើយ រហូតដល់អ្នកមានអាយុយ៉ាងតិច ១៦ ឆ្នាំសិន ។ នៅពេលដែលអ្នកចាប់ផ្តើមដើរលេងជាគូ សូមទៅជាមួយនឹងគូផ្សេងទៀត ។ សូមចៀសវាងពីការដើរលេងជាគូ ញឹកញាប់ជាមួយនឹងដៃគូដដែលៗ ។ ការអភិវឌ្ឍន៍ទំនាក់ទំនងស៊ីជម្រៅតាំងពីវ័យក្មេងពេក អាចរារាំងអ្នកមិនឲ្យមានឱកាសស្គាល់មនុស្សផ្សេងទៀត ដែលអ្នកជួប ហើយប្រហែលជាអាចនាំទៅរកភាពអសីលធម៌ ។ សូមអញ្ជើញឪពុកម្តាយរបស់អ្នកឲ្យស្គាល់មនុស្ស ដែលអ្នកដើរលេងជាគូជាមួយ ។
« សូមជ្រើសរើសដើរលេងតែជាមួយអ្នកទាំងឡាយណា ដែលមានបទដ្ឋានសីលធម៌ខ្ពស់ ហើយនឹងនៅក្នុងក្រុម ដែលអ្នកអាចរក្សានូវបទដ្ឋានរបស់អ្នកបាន ។ សូមចងចាំថា យុវជនម្នាក់ និងយុវនារីម្នាក់ដើរលេងជាគូ គឺមានទំនួលខុសត្រូវដើម្បីការពារកិត្តិយស និងគុណធម៌ឲ្យគ្នាទៅវិញទៅមក » ( ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ], ៤; សូមមើលផងដែរ LDS.org) ។
-
តើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់ ទទួលបានពរជ័យពីការស្ដាប់តាមពាក្យសម្ដី និងបទបញ្ញត្តិទាំងឡាយនៃព្យាការីនៅរស់នៅពេលណា ?
សូមលើកទឹកចិត្តសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេត្រូវធ្វើ ដើម្បីប្រកាសអំពីពរជ័យដែលបានសន្យានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៦ ។ សូមអះអាងនឹងពួកគេថា នៅពេលពួកគេស្ដាប់តាមពាក្យសម្ដីរបស់ព្យាការីដោយយកចិត្តទុកដាក់ នោះពួកគេនឹងទទួលបានពរជ័យដ៏អស្ចារ្យក្នុងពេលនេះ និងដ៏អស់កល្បជានិច្ច ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៧-៩ ឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវបំណងប្រាថ្នា និងឥរិយាបទសុចរិតរបស់ព្យាការី យ៉ូសែប ស៊្មីធ ។
-
តើយើងរៀនបានអ្វីខ្លះអំពីព្យាការី យ៉ូសែប ស៊្មីធ ចេញមកពីខគម្ពីរទាំងនេះ ?
-
តើអ្នកគិតថា ខគម្ពីរទាំងនេះក៏អាចអនុវត្តចំពោះប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយបច្ចុប្បន្ននេះយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១០–១២
អូលីវើរ ខៅឌើរី ត្រូវបានទទួលស្គាល់ជាអែលឌើរ និងអ្នកផ្សាយម្នាក់
សូមប្រាប់សិស្សថា នៅក្នុងការប្រជុំដំបូងរបស់សាសនាចក្រ អូលីវើរ ខៅឌើរី ត្រូវបានតែងតាំងជាអែលឌើរម្នាក់ ដោយព្យាការី យ៉ូសែប ស៊្មីធ ហើយព្យាការី ត្រូវបានតែងតាំងជាអែលឌើរ ដោយអូលីវើរ ខៅឌើរី ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យផ្លាស់វេណគ្នាអានឮៗគោលលទ្ធិ និង សេចក្ដីសញ្ញា ២១:១០-១២ ។
អ្នកក៏អាចចង់ចង្អុលបង្ហាញថា នៅក្នុងខ ១០ ព្រះអម្ចាស់សំដៅទៅលើ អូលីវើរ ខៅឌើរី ថាជា «សាវករបស់យើង » ( សូមមើលផងដែរគ. និង ស. ២០:២–៣ ) ។ សូមពន្យល់ថា នៅក្នុងភាសាក្រិច ពាក្យថា សាវក មានន័យថា « ជាមនុស្សម្នាក់ដែលត្រូវបានបញ្ជូន » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ« សាវក » scriptures.lds.org ) ។ អូលីវើរ ខៅឌើរី ត្រូវបានបញ្ជូនមកដោយព្រះយេស៊ូវគ្រីស្ទ ហើយបានបញ្ជាឲ្យថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។ ទោះបីជាអូលីវើរ ត្រូវបានផ្ដល់ឲ្យនូវទំនួលខុសត្រូវជាសាវកក្ដី ក៏លោកពុំមែនជាសមាជិកនៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ដែរ ។ ទោះជាយ៉ាងណាក៏ដោយ លោកបានជួយនៅក្នុងការស្វែងរកបុរស ដែលត្រូវបានហៅថាជាសមាជិកនៃកូរ៉ូមនោះ ពេលវាត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ ១៨៣៥ ។
-
យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:១១ តើអូលីវើរ ខៅឌើរី ត្រូវបានសុំឲ្យធ្វើអ្វីខ្លះ ? ( ថ្លែងពីព្រះនាមរបស់ព្រះអម្ចាស់ ) ។
-
តើការថ្លែងអំពីព្រះនាមរបស់ព្រះអម្ចាស់ មានន័យយ៉ាងណាចំពោះអ្នក ?
សូមបញ្ចប់មេរៀនថ្ងៃនេះ ដោយការលើកទឹកចិត្តសិស្សឲ្យធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលស្ដីអំពីរបៀប ដែលពួកគេអាចថ្លែងពីព្រះនាមរបស់ព្រះអម្ចាស់ ហើយធ្វើជាតំណាងឲ្យសាសនាចក្រ នៅក្នុងគ្រួសាររបស់ពួកគេ សហគមន៍របស់ពួកគេ និងពិភពលោក ។