មេរៀនទី ១១០
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥
សេចក្ដីផ្ដើម
ក្នុងការគោរពតាមការណែនាំរបស់ព្រះអម្ចាស់ ព្យាការីយ៉ូសែប ស្ម៊ីធ និងអ្នកស្ម័គ្រចិត្ត និងសមាជិកប្រមាណ២០០នាក់ផ្សេងទៀត បានរៀបចំជាជំរុំស៊ីយ៉ូនដើម្បីជួយដល់ពួកបរិសុទ្ធ ដែលបាននិរទេសចេញពីឃុំ ចាកសុន រដ្ឋ មិសសួរី ។ នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ ពេលកំពុងបោះជំរុំនៅជិតទន្លេ ហ្វ៊ីស៊ីង ក្នុងរដ្ឋ មិសសួរី យ៉ូសែប ស៊្មីធបានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បញ្ជាក់ប្រាប់ពួកបរិសុទ្ធថា ដែនដីស៊ីយ៉ូននឹងមិនត្រូវបានប្រោសលោះ នៅពេលនោះទេ ។ ព្រះអម្ចាស់ក៏បានផ្ដល់ការណែនាំ អំពីអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យទីក្រុងស៊ីយ៉ូនត្រូវបានប្រោសលោះឡើងវិញនាពេលអនាគត ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១-១៩
ព្រះអម្ចាស់ណែនាំឲ្យពួកបរិសុទ្ធរង់ចាំការប្រោសលោះនៃទីក្រុងស៊ីយ៉ូន
មុនពេលចាប់ផ្ដើមរៀន សូមយក ពែងក្រដាសមួយ កៅស៊ូកងមួយ និងខ្សែបីសរសៃ ។ បរិមាត្ររបស់កៅស៊ូកង ត្រូវតែតូចជាងបរិមាត្ររបស់ពែង ។ សូមចងខ្សែទាំងនោះជាប់នឹងកៅស៊ូកងដោយប្រវែងស្មើគ្នា ។
សូមចាប់ផ្ដើមមេរៀនដោយសូមអ្នកស្ម័គ្រចិត្តបីនាក់ ។ សូមដាក់ពែងនៅលើផ្ទៃរាបស្មើ ហើយបង្គាប់ឲ្យអ្នកស្ម័គ្រចិត្តទាំងនោះចាប់លើកពែងឡើងដោយប្រើតែកៅស៊ូកង និង ខ្សែនោះប៉ុណ្ណោះ ។ សូមប្រាប់ពួកគេថាពួកគេពុំអាចបះកៅស៊ូកងឡើយ ពួកគេត្រូវតែកាន់តែខ្សែ ។ ( ដើម្បីសម្រេចបានកិច្ចការនេះ សិស្សនឹងត្រូវធ្វើការរួមគ្នា ហើយទាញខ្សែស្រុះគ្នា ដោយប្រើកម្លាំងស្មើដើម្បីទាញឲ្យកៅស៊ូកងនោះយឺតល្មម ដើម្បីដាក់ពែងចូលកណ្តាល ហើយបន្ទាប់មកលើកវាឡើង ) ។
បន្ទាប់ពីសិស្សបានបំពេញសកម្មភាពនេះរួចហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើភាពសាមគ្គីមានតួនាទីអ្វីនៅក្នុងការសម្រេចកិច្ចការនេះ ?
សូមរំឭកសិស្សថា នៅខែ កុម្ភៈ ឆ្នាំ ១៨៣៤ ព្រះអម្ចាស់បានណែនាំព្យាការី យ៉ូសែប ស៊្មីធ និងអ្នកផ្សេងទៀតឲ្យប្រមូលធនធានបណ្ណោះអាសន្ន និងក្រុមអ្នកស្ម័គ្រចិត្តឲ្យជួយពួកបរិសុទ្ធ ដែលត្រូវបានបណ្ដេញចេញពីឃុំ ចាកសុន រដ្ឋ មិសសួរី ដើម្បីទាមទារដីពួកគេមកវិញ ។ នៅពេលសិស្សចាប់ផ្ដើមការពិភាក្សាថ្ងៃនេះនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៥សូមលើកទឹកចិត្តដល់ពួកគេឲ្យរកមើលតួនាទីរបស់ភាពសាមគ្គី ដែលដើរតួក្នុងការទាមទារដែនដីនៃទីក្រុងរបស់ពួកបរិសុទ្ធមកវិញ ។
សូមសូមឲ្យសិស្សរំឭកពីការសិក្សារបស់ពួកគេនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៣ ពីចំនួនអ្នកស្ម័គ្រចិត្តដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យចូលរួមក្នុងជុំរុំស៊ីយ៉ូន ( ៥០០នាក់ ) និងចំនួនអប្បរិមាដែលទ្រង់ចង់បាន ( ១០០ នាក់ ) ។ សូមឲ្យសិស្សម្នាក់អានកថាខណ្ឌដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលចំនួនមនុស្ស ដែលបានស្ម័គ្រចិត្តក្នុងជុំរុំស៊ីយ៉ូននៅពេលដែលក្រុមនោះបានចេញដំណើរជាលើកដំបូង ។
ចម្លើយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ព្យាការី យ៉ូសែប ស៊្មីធ និងក្រុមអ្នកស្ម័គ្រចិត្ត និងធនធានសម្រាប់ជុំរុំស៊ីយ៉ូន គឺមិនជោគជ័យដូចដែលបានសង្ឃឹមទុកនោះទេ ។ ទំរាំដល់ពេលដែលជុំរុំ ឬពលទាហានបានចាប់ផ្ដើមក្បួនដើរដង្ហែនៅដើមខែ ឧសភា ឆ្នាំ ១៨៣៤ មានតែមនុស្សចំនួន ១២២នាក់ប៉ុណ្ណោះដែលបានស្ម័គ្រចិត្តទៅ ។ ការប្រមូលអ្នកស្ម័គ្រចិត្តបន្ថែមសម្រាប់ជុំរុំស៊ីយ៉ូន នៅតាមផ្លូវទៅរដ្ឋ មិសសួរី ។ នៅពេលក្រុមដែល ហៃរ៉ុម ស្ម៊ីធ និង ឡៃម៉ាន វ៉ៃត បានប្រមូលពីទឹកដីរដ្ឋ មីឈីហ្គែន បានមកជួបជាមួយក្រុមរបស់ យ៉ូសែប ស៊្មីធ នៅដើមខែ មិថុនា ឆ្នាំ ១៨៣៤ ជុំរុំស៊ីយ៉ូនមានបុរស ២០០នាក់ ស្រ្តី ១២នាក់ និងកុមារ ៩នាក់ប៉ុណ្ណោះ ( សូមមើល Alexander L. Baugh, Joseph Smith and Zion’s Camp » Ensign, ខែមិថុនា ឆ្នាំ ២០០៥,ទំព័រ ៤៥ ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៧-៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលហេតុផលមួយដែលសមាជិកសាសនាចក្រមួយចំនួន មិនបានជ្រើសរើសជួយពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។ រួចហើយឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
សូមឲ្យសិស្សពីរបីនាក់ឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១-៦ឲ្យឮៗ ។ សូមសូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលការមិនស្ដាប់បង្គាប់ និងការខ្វះសាមគ្គី បណ្តាលឲ្យមានឥទ្ធិពលលើសមាជិកនៃសាសនាចក្រ ។ ( ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់ពីអត្ថន័យនៅក្នុង ខ ៥វាអាចមានប្រយោជន៍ក្នុងការពន្យល់ថា « ក្រឹត្យវិន័យនៃនគរសេឡេស្ទាល » រួមមានក្រឹត្យវិន័យ និងគោលការណ៍ទាំងអស់ដែលយើងត្រូវគោរពតាម ពិធីបរិសុទ្ធនានាដែលយើងត្រូវទទួល និងសេចក្ដីសញ្ញាដែលយើងត្រូវរក្សា ដើម្បីស្នងនគរសេឡេស្ទាលទុកជាមរតក ) ។
-
តើសមាជិកសាសនាចក្របរាជ័យក្នុងការសាមគ្គី និងស្ដាប់បង្គាប់តាមរបៀបណា ?
-
ស្របតាមខគម្ពីរទាំងនេះ តើយើងត្រូវធ្វើអ្វី ដើម្បីជួយស្ថាបនាទីក្រុងស៊ីយ៉ូន ? ( នៅពេលសិស្សឆ្លើយតប សូមជួយពួកគេឲ្យរកគោលការណ៍ដូចខាងក្រោម ៖ ដើម្បីជួយស្ថាបនាទីក្រុងស៊ីយ៉ូន យើងត្រូវតែសាមគ្គី ហើយគោរពតាមអ្វីដែលព្រះអម្ចាស់បានសូមឲ្យយើងធ្វើទាំងអស់ ) ។
-
តើអ្នកគិតថាហេតុអ្វីបានជាការរួបរួមគ្នា និង ការគោរពប្រតិបត្តិ ត្រូវបានតម្រូវឲ្យមានដើម្បីឲ្យស៊ីយ៉ូនត្រូវបានស្ថាបនាឡើង ?
-
តើបទពិសោធន៍អ្វីខ្លះ ដែលបាន ជួយអ្នកឲ្យយល់ ពីសារៈសំខាន់នៃភាពសាមគ្គីរបស់សមាជិកសាសនាចក្រ ?
សូមពន្យល់ថា អ្នកដែលបានស្ម័គ្រចិត្តចូលជុំរុំស៊ីយ៉ូន បានជួបឧបសគ្គ និងអព្ភូតហេតុជាច្រើនពេញបេសកកម្មរបស់ពួកគេ ។ សូមឲ្យសិស្សម្នាក់អានកថាខណ្ឌដូចខាងក្រោមឲ្យឮៗ ។ សូមសូមឲ្យសិស្សនៅក្នុងថ្នាក់គិតពីរបៀបដែលពួកគេអាចឆ្លើយតបទៅនឹងបញ្ហាមួយចំនួន ។
ជុំរុំស៊ីយ៉ូន បានដើរប្រហែលជា ១៤៥០គីឡូម៉ែត្រកាត់តាមរដ្ឋ៤ ធ្វើដំណើរប្រហែល ៣០-៦០គីឡូម៉ែត្រក្នុងមួយថ្ងៃ អស់រយៈពេល៤៥ថ្ងៃ ។ សមាជិកក្នុងជុំរុំបានមានពងបែកជើង អាកាសធាតុក្ដៅហើយសើម ខ្វះស្បៀងអាហារ និងអាហារគ្មានគុណភាព ។ នៅពេលខ្លះ ការស្រេកទឹកខ្លាំង បាននាំឲ្យសមាជិកជុំរុំផឹកទឹកភក់ដែលបានត្រងពងមុសចេញ ( ពេលខ្លះប្រើធ្មេញរបស់ពួកគេធ្វើជាតម្រង ) ឬផឹកទឹកថ្លុកដក់តាមដានក្រចកសេះបន្ទាប់ពីភ្លៀងរួច ។ ពេញមួយបេសកកម្មនោះ ជំរុំស៊ីយ៉ូនត្រូវបានគំរាមកំហែងដោយអំពើហឹង្សាពីអ្នកដទៃជាញឹកញយ ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពលើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១៤៣-៤៥ ) ។
-
តើអ្នកគិតថា អ្នកនឹងឆ្លើយតបទៅនឹងបញ្ហាទាំងនោះដោយរបៀបណាដែរ ?
សូមពន្យល់ថា បន្ទាប់ពីសមាជិកជុំរុំស៊ីយ៉ូនបានមកដល់រដ្ឋ មិសសួរី ពួកគេបានដឹងថា ដានីយ៉ែល ដាក់គ្លីន ជាអភិបាលរដ្ឋ មិសសួរី មិនបានរក្សាការសន្យារបស់លោកថាជួយពួកបរិសុទ្ធឲ្យត្រឡប់ទៅដីធ្លីនៅក្នុងឃុំ ចាកសុនវិញទេ ។ ទោះបីជាមានដំណឹងមិនល្អនេះក្តី ជុំរុំស៊ីយ៉ូនបានបន្តធ្វើដំណើរទៅឃុំ ចាកសុន រង់ចាំការដឹកនាំបន្ថែមទៀតពីព្រះអម្ចាស់ ។
សូមប្រាប់សិស្សថា ការដឹកនាំដែលត្រូវការនោះមានក្នុងវិវរណៈដែលមកពីព្រះអម្ចាស់នៅ ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ បន្ទាប់ពីជុំរុំស៊ីយ៉ូនបានធ្វើដំណើរជិតប្រាំពីរសប្ដាហ៍ ហើយនៅសល់តែចម្ងាយប្រហែលតែ ១៥-៣០គីឡូម៉ែត្រពីឃុំ ចាកសុន ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៩-១៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានបន្ទូលថាពួកគេត្រូវធ្វើអ្វី ដើម្បីប្រោសលោះទីក្រុងស៊ីយ៉ូន ។
-
តើព្រះអម្ចាស់បានណែនាំឲ្យជុំរុំឲ្យធ្វើអ្វី ដើម្បីប្រោសលោះទីក្រុងស៊ីយ៉ូន ?
-
បើអ្នកជាសមាជិកនៅក្នុងជុំរុំស៊ីយ៉ូន តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលបានឮវិវរណៈមុនទៅដល់គោលដៅតែបន្តិចបែបនេះ ?
-
តើហេតុផលអ្វីខ្លះ ដែលព្រះអម្ចាស់ទុកឲ្យទីក្រុងស៊ីយ៉ូនមិនត្រូវបានប្រោសលោះនៅពេលនោះ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:១៨-១៩ ឲ្យឮៗ ។ សូមឲ្យសមាជិកក្នុងថ្នាក់រកមើលពីមូលហេតុ ដែលព្រះអម្ចាស់បានដឹកនាំជុំរុំស៊ីយ៉ូនឲ្យធ្វើដំណើរដ៏សែនឆ្ងាយទៅកាន់រដ្ឋ មិសសួរី ហើយបន្ទាប់មកបានបើកសម្ដែងថាពួកគេមិនត្រូវជួយពួកបរិសុទ្ធឲ្យទៅកាន់ដីធ្លីរបស់ខ្លួននៅទីក្រុងស៊ីយ៉ូនវិញនៅពេលនោះទេ ។
-
យោងតាមខគម្ពីរទាំងនេះ តើហេតុអ្វីបានជាព្រះអម្ចាស់បញ្ជាឲ្យជុំរុំស៊ីយ៉ូនធ្វើដំណើររហូតដល់រដ្ឋ មិសសួរី ហើយបន្ទាប់មកបើកសម្ដែងថាទីក្រុងស៊ីយ៉ូនពុំទាន់អាចប្រោសលោះបានទៅវិញ ? ( វាគឺជាការសាកល្បងនៃសេចក្ដីជំនឿ ។ វាអាចមានប្រយោជន៍ក្នុងការពន្យល់ថា ការសាកល្បងនៃសេចក្ដីជំនឿអាចសំដៅលើការល្បងថាតើយើងនឹងជ្រើសរើសទុកចិត្ត និងគោរពតាមព្រះអម្ចាស់មិនថានៅក្នុងស្ថានភាពបែបណា ) ។
-
តើតាមវិធីណាខ្លះដែលសេចក្ដីជំនឿរបស់សមាជិកនៃជុំរុំស៊ីយ៉ូន ត្រូវបានសាកល្បងតាមរយៈបទពិសោធន៍របស់ពួកគេ ?
-
តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ ? ( គោលការណ៍មួយដែលសិស្សអាចរកឃើញគឺ ព្រះបានរៀបចំពរជ័យដ៏អស្ចារ្យសម្រាប់អ្នកដែលស្មោះត្រង់តាមរយៈការសាកល្បងរបស់ពួកគេ ) ។
-
តើពេលណាដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ បានជួបប្រទះការសាកល្បងនៃសេចក្ដីជំនឿ ? តើការសាកល្បងនៃសេចក្ដីជំនឿរបស់អ្នក បានរៀបចំអ្នកសម្រាប់ពរជ័យដ៏អស្ចារ្យដូចម្ដេច ?
សូមប្រាប់សិស្សថា បុរសជាច្រើនដែលបានបម្រើក្នុងជុំរុំស៊ីយ៉ូន ត្រូវបានប្រទានពរនូវឱកាសដើម្បីបម្រើនៅក្នុងនគររបស់ព្រះអម្ចាស់ ។ នៅខែ កុម្ភៈ ឆ្នាំ ១៨៣៥ កូរ៉ុមនៃពួកដប់ពីរនាក់ និងកូរ៉ុមទីមួយនៃពួកចិតសិបនាក់ ត្រូវបានរៀបចំឡើង ។ សាវក៩នាក់ និងសមាជិកទាំងអស់ក្នុងកូរ៉ុមនៃពួកចិតសិបនាក់បានបម្រើនៅក្នុងជុំរុំស៊ីយ៉ូន ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៥១ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយព្យាការី យ៉ូសែប ស៊្មីធ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលតួនាទីរបស់ជុំរុំស៊ីយ៉ូននៅក្នុងការរៀបចំបុរសទាំងឡាយសម្រាប់តំណែងដឹកនាំនានា ៖
« ព្រះមិនចង់ឲ្យអ្នកឈ្លោះគ្នានោះទេ ។ ទ្រង់មិនអាចរៀបចំនគររបស់ទ្រង់ដោយមនុស្សតែដប់ពីរនាក់ដើម្បីបើកផ្លូវដំណឹងល្អដល់ប្រជាជាតិនានានៃពិភពលោក និងបុរសចិតសិបនាក់នៅក្រោមឱវាទរបស់ពួកគេ ដើម្បីធ្វើតាមគំរូរបស់ពួកគេឡើយ លើកលែងតែទ្រង់បានរើសពួកគេក្នុងចំណោមអ្នកដែលបានប្ដូរជីវិតរបស់ខ្លួន និងអ្នកដែលមានការលះបង់យ៉ាងធំដូចជាអ័ប្រាហាំបានធ្វើដែរ » ( នៅក្នុង History of the Church, ២ : ១៨២សូមមើលផងដែរ Church History in the Fulness of Times, ទំព័រ ១៥១ ) ។
សូមចែកចាយទីបន្ទាល់របស់អ្នកអំពីសារៈសំខាន់នៃការទុកចិត្ត និងគោរពតាមព្រះអម្ចាស់ នៅពេលសេចក្ដីជំនឿយើងត្រូវបានសាកល្បង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:២០-៤១
ព្រះអម្ចាស់បង្រៀនពួកបរិសុទ្ធនូវអ្វីដែលពួកគេត្រូវធ្វើ មុនពេលដែលទីក្រុងស៊ីយ៉ូនត្រូវបានប្រោសលោះ
សូមសង្ខេប គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៥:២០-៣៧ ដោយពន្យល់ថា ព្រះអម្ចាស់បានប្រាប់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ពីរបៀបដែលពួកគេត្រូវឆ្លើយតបទៅនឹងការបៀតបៀន ដែលពួកគេនឹងជួបប្រទះពេលកំពុងរង់ចាំការប្រោសលោះទីក្រុងស៊ីយ៉ូននាថ្ងៃខាងមុខ ។ ទ្រង់បានទូន្មានពួកគេឲ្យបន្ទាប់ខ្លួន ហើយចៀសវាងការបង្កជម្លោះ ។ ទ្រង់បានពន្យល់ថាពួកគេត្រូវលះបង់ ក្នុងការរៀបចំខ្លួនសម្រាប់ការប្រោសលោះទីក្រុងស៊ីយ៉ូននៅទីបញ្ចប់ ។ ទ្រង់បានមានបន្ទូលនៅក្នុងវិវរណៈដូចគ្នាពីមុនមកថា ពួកគេត្រូវ « បានបង្រៀនឲ្យបានល្អឥតខ្ចោះទៅទៀត ហើយមានការពិសោធន៍ ហើយចេះឲ្យបានល្អឥតខ្ចោះអំពីកាតព្វកិច្ចរបស់ពួកគេ និងអ្វីៗដែលយើងតម្រូវពីស្នាដៃរបស់ពួកគេ » ( គ. និង ស. ១០៥:១០ ) ។
-
តើយើងគួរឆ្លើយតបនឹងការបៀតបៀនតាមរបៀបណាខ្លះ ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៣៨-៤១ ដោយស្ងាត់ស្ងៀម ហើយជ្រើសរើសឃ្លាពីខគម្ពីរដែលសង្ខេបនូវអ្វី ដែលព្រះអម្ចាស់បានដឹកនាំពួកបរិសុទ្ធឲ្យធ្វើ ក្នុងការឆ្លើយតបទៅនឹងសង្កត់សង្កិនលើពួកគេ ។
-
ស្របតាម ខ ៤០តើពរជ័យអ្វីខ្លះនឹងកើតមានដល់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បើពួកគេព្យាយាមបង្កើតសន្តិភាពជាមួយអ្នកដទៃនោះ ? ( ចម្លើយរបស់សិស្សគួរតែឆ្លុះបញ្ចាំងអំពីគោលការណ៍ដូចខាងក្រោម ៖ បើយើងព្យាយាមបង្កើតសន្តិភាពជាមួយអ្នកដទៃ នោះអ្វីគ្រប់យ៉ាងនឹងសម្រេចទៅបានសម្រាប់ការល្អរបស់យើង ) ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយបង្កើតសន្តិភាពជាមួយអ្នកដទៃ ?
-
តើអ្នកធ្លាប់បានទទួលពរជ័យយ៉ាងដូចម្ដេច ពេលអ្នកព្យាយាមបង្កើតសន្តិភាព រួមទាំងជាមួយអ្នកដែលបៀតបៀនអ្នកនោះ ?
សូមឲ្យសិស្សពិចារណាពីរឿងមួយ ដែលពួកគេអាចធ្វើបានក្នុងការព្យាយាមបង្កើតសន្តិភាពជាមួយអ្នកនៅក្នុងជីវិតពួកគេឲ្យកាន់តែប្រសើរឡើង ជាពិសេសនៅពេលដែលពួកគេអាចត្រូវបានគេជិះជាន់ ហើយសរសេរគោលដៅមួយនៅក្នុងសៀវភៅសរសេរ ឬក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ដើម្បីធ្វើតាមគោលការន៍នេះ ។